Monday, April 05, 2021

លោក ជាវ តាយ ចុះសួរសុខទុក្ខ ​និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ​ចំនួន១០៩គ្រួសារ នៅស្រុកឈូក ​និងស្រុកជុំគិរី

 កំពត៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០៩គ្រួសារ នៅស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីនោះ លោក ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ក្នុងនោះ លោកក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយកាកបាទក្រហម ដែលចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះ៖
-ម៉ោង ៨.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវត្តសុវណ្ណមិគា ស្រុកឈូក ប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូន
ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៤៥ម៉ឺនរៀល
-ម៉ោង ៩.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវត្តគីរីបរព័ត ស្រុកជុំគីរី ប្រជាពលរដ្ឋចំនួន៥១គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន ៣៣ម៉ឺនរៀលផងដែរ៕




លោក ថោង រស់ ​នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​ ក្នុងស្រុកស្វាយជ្រំ​

 ស្វាយរៀង៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោក ថោង រស់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងផ្តល់ជូន ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន១ខ្នង មធ្យមចំនួន១ខ្នង ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ ។

ក្នុងឱកាសនោះ លោក ថោង រស់ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ជាមួយគ្នានោះ លោកក៏បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកប្រធានគណៈកម្មាធិការអនុសាខាស្រុក សូមផ្ដាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ។

ក្នុងនោះក៏ត្រូវចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ ។

អំណោយដែលបានផ្តល់ជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម កន្ទេលបត់ ១ មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រម៉ា) និងថវិកា ៥០,០០០ រៀល ។ ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានសម្ភារៈបន្ថែមរួមមាន៖ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ថវិកា ២០០,០០០ រៀល៕




សាលារាជធានីភ្នំពេញ អំពាវនាវឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សី ទៅយកសំណាកជាបន្ទាន់, បើអាជីវករណា គេចវេសទៅយកសំណាក មិនឲ្យចូលលក់ឡើយក្រោយបើកផ្សារឡើងវិញ

 អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យអាជីវករទាំងអស់ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សី សូមមេត្ដាទៅយកសំណាកជាបន្ទាន់ ក្រោយរកឃើញអាជីវករ និងសន្ដិសុខ នៅក្នុងផ្សារ មានកូវីដ-១៩។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ពេលផ្សារអូរឬស្សីបើកឡើងវិញ ក្រោយបានបិទរយៈពេល១៤ថ្ងៃ អាជីវករណា ដែលមិនមានលិខិត បញ្ជាក់អំពីការសំណាកនោះ ប្រធានគណៈកម្មាធិការផ្សារ នឹងមិនឲ្យអាជីវករនោះ ចូលលក់ក្នុងផ្សារនោះឡើយ។

លោក ម៉េត មាសភក្ដី បានឲ្យដឹងថា ការឲ្យអាជីវករទៅពិនិត្យសំណាកនេះ មិនមែនជាការបង្ខិតបង្ខំ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពនោះឡើយ ប៉ុន្ដែពាក់ព័ន្ធនឹងបញ្ហា សុខភាពចំបងរបស់បងប្អូន ដើម្បីឲ្យដឹងច្បាស់ថា អាជីវករណា មានផ្ទុកជំងឺកូវីដ-១៩ និងអាជីវករណា មិនមានផ្ទុកជំងឺកូវីដ-១៩។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះ មានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះ ហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សី ទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេស មិនព្រមទៅយកសំណាក។

ក្រោយមានករណីនេះភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក។

ក្រោយមានការអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ គេសង្កេតឃើញថា មានអ្នកប៉ះពាល់ទាំងផ្ទាល់ និងប្រយោលបានទៅយកសំណាក ប៉ុន្តែទន្ទឹមគ្នានោះ ក៏មានអ្នកខ្លះទៀតដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរបានព្រមានប្រើផ្លូវច្បាប់ ចំពោះអ្នកគេចវេស ទាំងនោះ បើនៅតែមិនព្រមទៅយកសំណាក នៅពេលដែលខ្លួនបានដឹងថា ធ្លាប់មានការប៉ះពាល់ជាមួយអ្នកកើតកូវីដកន្លងមកនោះ។

លោក លឹម សុភា អភិបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកទាំងឡាយ ដែលបានឃើញឈ្មោះអ្នកកើតកូវីដ នៅផ្សារអូរឬស្សី សូមទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ហើយបើមិនព្រម និងបន្តគេចវេសទៀតនោះ អាជ្ញាធរនឹងប្រើវិធានការតាមច្បាប់ នៅពេលរកឃើញថា បុគ្គលទាំងនោះបានឆ្លងកូវីដ ដោយសារបានប៉ះពាល់ជាមួយអ្នកជំងឺមុនៗ។

លោក លឹម សុភា បានបញ្ជាក់ថា «រហូតមកដល់ថ្ងៃនេះ ពោលគិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានបងប្អូនអាជីវករ (១២នាក់) និងសន្តិសុខ (៤នាក់) សរុបចំនួន១៦នាក់ហើយ ដែលរកឃើញវិជ្ជមានកូវីដ១៩។ ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករ ទាំងអស់ នៅក្នុងផ្សារទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាក ជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖

*ទី១៖ Hotline 1299
*ទី២៖ 098 379 777
*ទី៣៖ 077 856 966
*ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ១៩។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបន្ថែមថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។

បន្ថែមពីលើសេចក្តីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ផ្អាកការចេញចូលផ្សារទៅ លោកក៏បានចាត់ចែងឱ្យលាង និងបាញ់ថ្នាំនៅក្នុងផ្សារនេះផងដែរ៕



លោក អ៊ុ រាត្រី ​ចុះដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ ​ទទួលរងគ្រោះធម្មជាតិ ​ដោយសារខ្យល់កន្ត្រាក់​

 បន្ទាយមានជ័យ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គាត ហ៊ុល អភិបាលក្រុង មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងផ្សារ ចំនួន២ផ្សារ ក្នុងភូមិក្បាលស្ពាន១ ត្រូវខ្យល់កន្ត្រាក់រលំប៉ើងដួល ។

កិច្ចការដោះស្រាយបន្ទាន់ ជូនដល់បងប្អូនប្រជាពលរដ្ឋ បានជម្រកផ្ទះសម្បែងរស់នៅ ដោយបានផ្តល់សង្ក័សី ជូនកងកម្លាំងទាំង៣ មានយោធា នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ដើម្បីរៀបចំជួសជុលឡើងវិញ លើផ្ទះខូចខាតធ្ងន់ស្រាល ចំនួន ១៩ខ្នងផ្ទះ អស់សង្ក័សី ចំនួន២១៧ សន្លឹក និងឈើមួយចំនួន។ ដោយឡែកផ្សារដែលបងប្អូនអាជីវករលក់ដូរ ខាងម្ចាស់ក្រុមហ៊ុនទាំង២ បាននឹងកំពុងជួសជុលរៀបចំឲ្យបានរឹងមាំឡើងវិញ។

ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុ រាត្រី បានធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីបង្ករជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង៕




ក្រសួងសុខាភិបាល ប្រកាសអំពីករណីជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ ១៩

 ជនជាតិចិនម្នាក់ អាយុ៤២ឆ្នាំ រស់នៅក្នុងអគារ Prince Tower សង្កាត់វាលវង់ រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ នេះបើតាមការប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺម្នាក់នេះ ត្រូវបានរកឃើញវិជ្ចមានជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយសារតែស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង ទោះបីជាំក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យគាត់ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២៖០០នាទី។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមទៀតថា៖ «ការសន្និដ្ឋានរប់សក្រុមគ្រូពេទ្យ៖ បុរសជនជាំតិចិន អាយុ៤២ឆ្នាំ ខាងលើនេះ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ១៩»៕



ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែករកឃើញនៅប្រាសាទត្រពាំងផុង

 សៀមរាប៖ ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។

លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់សម្គាល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។

លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។

ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។

ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ ដោយមានស្ថាបន័នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍រួចមក បំណែកចម្លាក់នោះបានដឹកយកទៅរក្សាទុកជាបណ្តោះអាសន្តនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរកទិន្នន័យបំណែកផ្សេងៗទៀតផង ក្រែងលោមាន និងធ្វើការជួសជុលនៅថ្ងៃខាងមុខ៕





៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ១៤ម៉ឺននាក់

 យោតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេស បានជាង ១៤ម៉ឺននាក់។

របាយការណ៍បានបង្ហាញ រយៈពេលពីរថ្ងៃនេះ អ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង មានចំនួន ១៤៧,០៧៣នាក់ ក្នុងនោះអ្នកអនុញ្ញាតឱ្យចាក់មានចំនួន ១៤០,៧៧៣នាក់ និងអ្នកមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦,២៣៦នាក់។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា ការចាក់វ៉ាក់សាំងទាំង៣ប្រភេទ (ស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់) ចាក់បានជិត ៤២ម៉ឺននាក់ហើយ។

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។ ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះរួមមាន៖
១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)
៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)
៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)
៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច។

ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំងចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួងស្ថាប័ននានាផ្ទាល់តែម្តង។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះមានប្រមាណ ១០៩កន្លែង ហើយគ្រោងពង្រីកឱ្យបានរហូតដល់ទៅ ២៥០កន្លែង។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ នឹងធ្វើឡើងសម្រាប់បុគ្គលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមិនកំណត់ត្រឹម ៥៩ឆ្នាំនោះទេ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាទិញបានវ៉ាក់សាំងចំនួន ១.៥លានដូសពីក្រុមហ៊ុនចិន ហើយដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ លោកស្រី បានបញ្ជាក់ទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងតែដំណើរការចាក់រាប់សិបលាននាក់រួចមកហើយ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ជនគោលដៅដែលបានកំណត់ចាក់វ៉ាក់សាំង អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពាសហគមន៍ កុំឱ្យមេរោគកូវីដ១៩ វាយលុកចូលទៅក្នុងខ្លួន ចូលទៅក្នុងផ្ទះ និងចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕






លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ង្វៀង សួនហ៊្វុក ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយសម្តែងការអបអរសាទរជូន លោក ង្វៀង សួនហ៊្វុក ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម។

ក្នុងសារលិខិតដែលទទួលបាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្តសមបំផុតសម្រាប់ ឯកឧត្តម បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាមទាំងមូល មកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម»។

លោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) អតីតនាយករដ្ឋមន្រ្តវៀតណាម ត្រូវបានសភាវៀតណាម បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីវៀតណាម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកបានបញ្ចប់តំណែងជានាយករដ្ឋមន្រ្តីប៉ុន្មានថ្ងៃ។ ការបោះឆ្នោតនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី១៤ នៃរដ្ឋសភាវៀតណាម។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានការជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោក ង្វៀង សួនហ៊្វុក សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តទទួលបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវអំណរដ៏ស្មោះជូនចំពោះ លោក ង្វៀង សួនហ៊្វុក ដែលបានថែរក្សាពូនជ្រុំនូវចំណងមិត្តភាពជាប្រពៃណី និងធ្វើឱ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា-វៀតណាម នៅក្នុងអាណត្តិលោកជានាយករដ្ឋមន្រ្តី។

លោកបានបន្តថា៖ «ខ្ញុំជឿជាក់ថា ទោះបីជាក្នុងពេលបច្ចុប្បន្ននេះ យើងមានតួនាទីផ្សេងគ្នាក៏ដោយ ទំនាក់ទំនងដ៏ជិតស្និទ្ធស្នាលរបស់យើង នឹងនៅតែរឹងមាំ និងបន្តជាកត្តាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេងជាងមុន»។

ក្នុងនាមនាយករដ្ឋមន្រ្តីកម្ពុជា, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអះអាងនូវការប្តេជ្ញាចិត្តជាមួយនឹងអ្នកបន្តវេនពី លោក ង្វៀន សួនហ៊្វុក ដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែង ផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាប ការយោគយល់ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានា ដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីរួមចំនែកដល់សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់ប្រជាជនប្រទេសទាំងពីរ តំបន់ និងសាកលលោកទាំងមូល៕

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖




ក្រសួងសុខាភិបាល ចេញប្រកាសពីការស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ ដោយសារជំងឺកូវីដ១៩

 ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ អាយុ៧២ឆ្នាំ ដោយសារជំងឺកូវីដ១៩។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅល្ងាចថ្ងៃទី០៤ បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ដែលរស់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។

ក្រសួងបន្តថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទីព្រឹក ស្ត្រីខាងលើបានចូលមកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានស្ថានភាពហត់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យយកអ្នកជំងឺទៅ សម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងបានយកសំណាកទៅវិភាគភ្លាមៗ។

រហូតដល់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ហើយក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។

លទ្ធផលពិនិត្យសំណាករបស់គាត់ ដែលទទួលបានពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។

យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៤ ខែមេសនេះ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតមានចំនួនសរុប ២៥នាក់ហើយ។ ក្នុងនោះ ២០នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងអ្នកជំងឺ ៥នាក់ ស្លាប់ដោយសារអាការៈនៃជំងឺផ្សេង៕



លោក ទូ សាវុធ ដឹកនាំក្រុមការងារ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងតែមួយគត់មានករណីផ្ទុះជំងឺកូវីដ-១៩

 កោះកុង៖ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្រ្តីសុខាភិបាល ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំណាងរដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ ចុះពិនិត្យអគារក្រុមហ៊ុន LONG BAY ស្ថិតក្នុងតំបន់វិស្សមកាលតារាសាគរ ស្រុកគិរីសាគរ ដែលជាទីតាំងតែមួយគត់មានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង ដោយមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣០នាក់ ស្រី០៧នាក់ គិតចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន និងមានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ១.២១១នាក់ ស្រី៣៨០នាក់។ ការចុះពិនិត្យទីតាំងនាពេលនេះគឺដើម្បីពិភាក្សាគ្នា និងកំណត់វិធានការច្បាស់លាស់មួយដើម្បីគ្រប់គ្រងអ្នកកំពុងចត្តាឡីស័ក ឱ្យមានប្រសិទ្ធភាពស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

– វិធានការដែលបានឯកភាពគ្នាគឺ៖

១. បន្តបិទការចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY ទាំងមូល ដែលមាន២២អគារ។
២. បិទអគារប្លុក៨ ពិសេសជាន់ទី៤ និងទី៥ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ១៩ (អ្នកវិជ្ជមានចំនួន៨នាក់ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១) និងមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន ៥៦នាក់កំពុងដាក់ឱ្យធ្វើចត្តាឡីស័ក និងចាក់សោមិនអនុញ្ញាតឱ្យមានការចេញចូល។
៣. ប្រើកម្លាំងនៃស្នងការនគរបាល និងអាវុធហត្ថខេត្ត ដោយដាក់ឱ្យយាមទាំងក្នុង និងក្រៅបរិវេណអគារ LONG BAY ដើម្បីគ្រប់គ្រងការចេញចូល និងតាមដានអ្នកកំពុងចត្តាឡីស័ក។

សូមបញ្ជាក់ថា កន្លងមកការគ្រប់គ្រងកាចេញចូលក្នុងអគារក្រុមហ៊ុន LONG BAY គឺប្រើប្រាស់កម្លាំងសន្តិសុខឯកជនរបស់ក្រុមហ៊ុន និងគណៈបញ្ជាការឯកភាពស្រុក តែដោយសារកម្លាំងសន្តិសុខមិនគ្រប់គ្រាន់ ទើបគណៈបញ្ជាការឯកភាពខេត្តសម្រេចប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចខេត្តក្នុងការអន្តរាគមន៍៕




អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីនៅស្រុកស្រែអំបិលដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី

 កោះកុង÷ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ រួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រដ្ឋបាលស្រុកស្រែអំបិល ចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ​ ចំនួន២ទីតាំងដូចខាងក្រោម៖

១. ទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលស្នើសុំចុះបញ្ជីដីធ្លីដោយប្រជាពលរដ្ឋឈ្មោះ ហ៊ុន សុភក្តិ និងឈ្មោះ សេង សុខចេង
២. ទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលស្នើសុំចុះបញ្ជីដីធ្លីដោយប្រជាពលរដ្ឋឈ្មោះ វង្ស ចំរើន បន្ទាប់ពីចុះពិនិត្យទីតាំងដីទាំងពីរទីតាំងនេះរួច លោក សុខ សុទ្ធី បានណែនាំឱ្យមន្ត្រីជំនាញចុចយកនិយាមកា និងរៀបចំតំឡើងផែនទី ទីតាំដីស្នើសុំចុះបញ្ជីដីធ្លីនេះ ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់ថាតើ ទីតាំងដីដែលស្នើសុំចុះបញ្ជីដីនេះមានប៉ះចំតំបន់ការពារធម្មជាតិ ឬមានទំនាស់ ឬស្ថិតនៅក្នុងតំបន់ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យកាត់ឆ្វៀលឬទេ(អនុក្រឹត្យលេខ៣០អនក្រ.បក និងអនុក្រឹត្យលេខ៤៦អនក្រ.បក) ហើយអាចចុះបញ្ជីជូនបានឬអត់ បើអាច អាចចុះបញ្ជីបានទំហំប៉ុណ្ណា? ហើយពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនេះ ត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធឱ្យបានហ្មត់ចត់៕