Monday, April 05, 2021

លោក ជាវ តាយ ចុះសួរសុខទុក្ខ ​និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ​ចំនួន១០៩គ្រួសារ នៅស្រុកឈូក ​និងស្រុកជុំគិរី

 កំពត៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០៩គ្រួសារ នៅស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត ដោយមានការចូលរួមពី សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីនោះ លោក ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ក្នុងនោះ លោកក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

អំណោយកាកបាទក្រហម ដែលចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះ៖
-ម៉ោង ៨.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវត្តសុវណ្ណមិគា ស្រុកឈូក ប្រជាពលរដ្ឋចំនួន៥៨គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូន
ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន៤៥ម៉ឺនរៀល
-ម៉ោង ៩.០០ព្រឹក ប្រារព្ធធ្វើនៅបរិវេនវត្តគីរីបរព័ត ស្រុកជុំគីរី ប្រជាពលរដ្ឋចំនួន៥១គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្មគ្រ័ចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន ៣៣ម៉ឺនរៀលផងដែរ៕




No comments:

Post a Comment