Monday, March 16, 2020

សន្និសិទ្ធសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

លោកស្រី ម៉ែន សំអន ផ្តល់អនុសាសន៍សំខាន់ៗក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តពោធិ៍ឧត្តម

ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនៅក្នុងវត្តពោធិ៍ឧត្តម (ហៅវត្តអណ្តូងត្របែក) ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ១០០០នាក់។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពាំនាំនូវការផ្តាំផ្ញើពីសំណាក់លោក សាយ ឈុំ និងលោកស្រី អ៊ូ សាន នូវការសាកសួរសុខទុក និងសេចក្តីនឹករលឹកចំពោះបងប្អូនទាំងអស់គ្នាដែលមានវត្តមាននាថ្ងៃនេះ។
ជាមួយគ្នានោះលោកស្រី ក៏បានថ្លែងអំណរព្រះគុណចំពោះ ព្រះមុន្នីចន្ទធម្មោ នេត សែម ព្រះចៅអធិការវត្តពោធិ៍ឧត្តម និងអតីតគណៈកម្មការ និងព្រះចៅអធិការវត្តគ្រប់ជំនាន់ លោក សាយ ឈុំ និងលោកស្រី អ៊ូ សាន (លោក និងលោកស្រី គឺជាអ្នកផ្តើមបុណ្យ) ព្រមទាំងសប្បុរសជនជាច្រើនទៀត រួមជាមួយ នឹងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងអង្គភាពជុំវិញខេត្តស្វាយរៀង ដែលបានរួមសាមគ្គីគ្នាដោយបានចលនាគៀងគរថវិកាមកកសាងព្រះវិហារ ដងទង់ សាលាបាលី វច្ចកុដ្ឋ និងចាក់ដីបំពេញក្នុងវត្ត ដែលបានចំណាយអស់ថវិកា ៣៥០.០០០$ ដូចដែលយើងទាំងអស់ គ្នាបាននឹងកំពុងរៀបចំពិធីនាពេលនេះ។
លោកស្រីបន្តថា ប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរប្រាក់ខែដល់កម្មករ-កម្មការិនីរោងចក្រ ដែលជាប់គាំងពុំមានដំណើរការក្នុងអំឡុងពេលវត្ថុធាតុដើមផ្គត់ផ្គង់មិនទាន់ នៅពេលដែលមានការវាយលុកពី វីរុសកូរូណា COVID-19 នេះ គឺរដ្ឋាភិបាលបានចេញ២០ភាគរយ ចំណែកឯម្ចាស់រោងចក្របានចេញ៤០ភាគរយរួមជាមួយនឹងការទទួលបាននូវការបណ្តុះបណ្តាលជំនាញពីមន្ទីរការងារខេត្តស្វាយរៀងផងដែរ។

ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
១- ការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ដែលការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ ខណៈពេលដែល១៤៤ប្រទេស នៅលើពិភពលោកកំពុងតែជួបនឹងបញ្ហាដោយសារការឆ្លងរាលដាលវីរ៉ុសកូរ៉ូណា ឬ COVID-19 នេះ ដែលមានអ្នកបានឆ្លងដល់ទៅជិត ១៦ម៉ឺននាក់ និងមានអ្នកស្លាប់ដល់ទៅជាង ៦ពាន់នាក់។
២- ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
៣- មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៤- ដោយសារតែការកើនឡើងនៃកម្តៅផែនដី និងបាតុភូតធម្មជាតិនានា ដែលអាចកើតឡើងជាយថាហេតុ លោកស្រីស្នើឲ្យបងប្អូនទាំងអស់គ្នាត្រូវថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៕







ពិធីបើកសមយុទ្ធនាគមាសរវាងកម្ពុជា-ចិន ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»

សមយុទ្ធយោធារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលបានរៀបចំធ្វើឡើងនៅរៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងខ.ភ.ម ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើសមយុទ្ធរួមគ្នាលើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភារវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងគ្រប់ប្រភេទទ័ព ស្របតាមកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថា៖ (សមយុទ្ធនាគមាស២០២០) លើប្រធានបទ៖ (រួមគ្នាប្រឆាំងភារវកម្ម និងការងារមនុស្សធ៌ម) បានចាប់ផ្តើមបើកប្រតិបត្តិការរបស់ខ្លួនហើយនៅលើទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ប្រជុំជួរភ្នំព្រះ ក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ ខ.ភ.ម និងលោក វ៉ាង វិន ធៀន (WANG WEN TIAN) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃខ.ភ.ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២០ លើកទី៤នេះ។
បើតាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការរដ្ឋានសេនាធិការចម្រុះ និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស២០២០ ភាគីកម្ពុជា និងលោកវរសេនីយ៍ឯកពិសេស ចាង ធី រិន (Zhang Ti Ren) ប្រធានក្រុមការងារដឹកនាំសមយុទ្ធនាគមាស ២០២០ ភាគីកងទ័ពរំដោះប្រជាជនចិន បានគូសបញ្ជាក់ថា៖ សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការនៅថ្ងៃនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»។
ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯអគ្គបញ្ជាការដ្ឋាននាទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពិធីបើកជាផ្លូវការ នូវសមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពចិនដែរថា៖ ការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០នេះ គឺដើម្បីវាស់ស្ទុងសមត្ថភាព គុណភាពកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងន័យមួយ ដើម្បីបង្កើនសមត្ថភាព គុណភាពដល់កងទ័ពកម្ពុជា ហើយសមយុទ្ធនេះ នឹងធ្វើឲ្យកងទ័ពកម្ពុជា ចំណេញច្រើន ដោយទទួលបានបទពិសោធន៍ជាច្រើន ពីខាងភាគីកងទ័ពរំដោះប្រជាជនចិន ទាក់ទងនឹងការប្រឆាំងអំពើភេរវកម្ម ការសង្គ្រោះគ្រោះមហន្តរាយ និងរបៀងវារៈជាច្រើនទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានថ្លែងយ៉ាងដូច្នេះថា៖ «ការធ្វើសមយុទ្ធនាគមាសនេះ គឺមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយ ឬបុគ្គលណាឡើយ ខណៈដែលប្រទេសជិតខាង ក៏មានការធ្វើសមយុទ្ធដែរ ដូចជាការធ្វើរវាងអាមេរិក-ថៃជាដើម»។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ សមយុទ្ធនាគមាស២០២០នេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ និងមានលក្ខណៈទ្រង់ទ្រាយកាន់តែធំទៅៗ ជាបន្តបន្ទាប់ ចំពោះសម្ភារ:យោធា ដែលកំពុងដាក់តាំង នៅទីលានសមយុទ្ធនាគមាសឆ្នាំ២០២០នេះ មានឧទ្ធម្ភាគចក្ររបស់កងទ័ពចិនចំនួន៦គ្រឿង កាំភ្លើងធំ ១២២ ម.ម ដេកា៣០ចល័ត ចំនួន៣គ្រឿង រថពាសដែក ចំនួន៩គ្រឿង រួមជាមួយគ្រឿងយន្តដទៃទៀត សម្រាប់បម្រើឱ្យសកម្មភាពសមយុទ្ធនាគមាស ២០២០នេះ ចំនួន២៨គ្រឿង ព្រមទាំងសព្វាវុធ និងឧបករណ៍ជាច្រើនទៀត ដើម្បីធ្វើការបាញ់រួមគ្នា។
លោក វ៉ាង វិន ធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយ ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាព នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត។
ថ្លែងក្នុងពិធីបើកប្រតិបត្តិការសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០២០ នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។ ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងទៀតថា កម្ពុជា និងចិន រៀបចំសមយុទ្ធនេះ ក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញគឺជាការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់អាយុជីវិតប្រជាជនចិន ជាច្រើនពាន់នាក់ ព្រមទាំងការប៉ះពាល់ដល់ផលប្រយោជន៍ ខាងវិស័យសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្ដាលមកពីមេរោគជម្ងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ នាពេលកន្លងមក។ ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលនៅតែមានគោលជំហរមិនងាករេក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយពុំមានការរើសអើង ហើយសង្ឃឹមថាជម្ងឺដ៍កាចសាហាវមួយនេះ នឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៍ឆាប់ខាងមុខនេះ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរំលឹកដល់នាយ ពលទាហានជំនាញ ដែលកំពុងត្រៀមប្រតិបត្តិការសមយុទ្ធ ទាំងអស់ឱ្យខិតខំថែរក្សានូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន យុទ្ធនារី ជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដើម្បីសន្តិភាព ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក និងសូមគាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ និងការពារឲ្យខានតែបាននូវសុខសន្តិភាព ជារៀងរហូត។

លើសពីនោះ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់យោធិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវគោរព ប្រតិបត្តិ ឱ្យបានម៉ឹងម៉ាត់ នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះត្រូវរួមសហការស្អិតរមួតជាមួយកងទ័ពមិត្ត ហើយត្រូវបង្កើនកិច្ចសហការក្នុងនាមជាម្ចាស់ផ្ទះ មានតួនាទីឈានមុខក្នុងការបង្កឱ្យមានភាពស្និទ្ធស្នាល បង្កើតនូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឱ្យភាគីមិត្តបានយល់ និងជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជាតិយើង។ ក្នុងករណីចាំបាច់ត្រូវចេះជួយសម្របសម្រួលដល់កម្លាំងភាគីមិត្ត ផ្តល់បទពិសោធន៍ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយក្តីស្មោះត្រង់ ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ៕



ពិធីចែកអំណោយជូនដល់សិស្សានុសិស្សចំនួន ៥១២ នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រះផុស

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត និងភរិយា ព្រមទាំងគណៈប្រតិភូអមដំណើរ នាំយកអំណោយ លោកស្រី ញ៉ែម សាខន ស ខេង ចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋសិក្សាព្រះផុស ដែលមានការអញ្ជើញចូលរួមពីអ្នកទីប្រឹក្សារបស់លោក ស ខេង លោក ប្រធានមន្ទីរ អនុប្រធាន លោកស្រី ដែលជាក្រុមអ្នកម្តាយ លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ។
បន្ទាប់ពីលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ ឡើងធ្វើរបាយការណ៍ស្វាគមន៍រួចមក និងលោកស្រី ស ផាណា តំណាងឲ្យក្រុមអ្នកម្តាយខេត្តបាត់ដំបងបានឡើងរាយការណ៍សង្ខេបដោយបានបញ្ជាក់ថា ក្រុមអ្នកម្តាយ នេះដែលមាន លោកស្រី ញ៉ែម សាខន ស ខេង ជាប្រធានកិត្តិយស និងអភិបាលខេត្តជាប្រធានកិត្តិយសខេត្តបាត់ដំបង។
លោក ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តបានថ្លែអំណរគុណដល់សប្បុរសជន ដែលចូលរួមចំណែកជួយដល់វិស័យអប់រំ ជាពិសេសបានចូលរួមនិងបានស្ថាបនិកក្រុមក្រុមអ្នកម្តាយមនុស្សធម៌នេះឡើងសម្រាប់ជួយដល់សិស្សានុសិស្សក្រីក្រខ្លាំងនិងសិស្សទូទៅក្នុងខេត្តយើងនេះផងដែរ។ លោក បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ចូល រួមត្រួតពិនិត្យនិងអប់រំដល់សិស្សពីរក្សាអនាម័យល្អ ការលក់និងទិញចំណីអាហារ ត្រូវមានអនាម័យល្អ ព្រមទាំងទឹកបរិសុទ្ធដបជ័រថាជាទឹកស្អាតនោះ តែដាក់ហាលក្តៅវាអាចទៅជាទឹកមិនស្អាតវិញដោយសារចេញជ័រពីសំបកដបជ័រនោះ។
លោក បានបន្តថា ក៏បានផ្សព្វផ្សាយអំពីស្ថានភាពជម្ងឺ Covid19 កំពុងវាយលុកលើពិភពលោក បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវរស់នៅស្អាត ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬអាកុល ដើម្បីការពារអំពីការឆ្លង Virus Covid19 ផងដែរ។
នាក្នុងឱកាសនោះដែរ គណ:អធិបតីនិងសប្បុរសជនបានចែកអំណោយដល់សិស្សទាំង៥១២ នាក់ ក្នុងនោះសិស្សក្រីក្រ១៥០នាក់ម្នាក់ៗទទួលបាន កង់១ កាបូប១ សៀវ ភៅ៥ក្បាល សម្លៀកបំពាក់១កំប្លេ និងថវិកា ៥ពាន់រៀល ។ ឯសិស្ស៣៦២នាក់ទៀត ម្នាក់ៗទទួលបាន កាបូប១ សៀវភៅ៥ក្បាល សម្លៀកបំបំពាក់១កំប្លេមនិងថវិកា៥ ពាន់រៀលលោកគ្រូ អ្នកគ្រូ១៥នាក់ ប្រជាការពារ ១៥នាក់ ម្នាក់ៗទទួលបានក្រមា១ ថវិកា៤ម៉ឺនរៀល។

សូមជម្រាបបញ្ជាក់បន្ថែមទៀតថា ការអំណោយនេះធ្វើសាលាបឋមសិក្សាព្រះផុស ស្ថិតនៅភូមិព្រៃផ្តៅ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕



កម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងរិតចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ

នៅក្នុងពិធីបើកប្រតិបត្តិការសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធរួមគ្នា ដែលសមយុទ្ធនីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ ការចេះសម្របសម្រួលរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើនទៀត។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងទៀតថា កម្ពុជា និងចិន រៀបចំសមយុទ្ធនេះ ក៏មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញ គឺជាការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវរួមគ្នាសហការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតប្រជាជនចិនជាច្រើនពាន់នាក់ ព្រមទាំងការប៉ះពាល់ដល់ផលប្រយោជន៍ ខាងវិស័យសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបណ្ដាលមកពីមេរោគជម្ងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ នាពេលកន្លងមក។ ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល នៅតែមានគោលជំហរមិនងាករេ ក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយពុំមានការរើសអើង ហើយសង្ឃឹមថាជម្ងឺដ៍កាចសាហាវមួយនេះ នឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៍ឆាប់ខាងមុខនេះ។
ជាមួយនេះដែរ នាយឧត្តមសេនីយ៍ ក៏បានរំលឹកដល់នាយ ពលទាហានជំនាញ ដែលកំពុងត្រៀមប្រតិបត្តិការសមយុទ្ធ ទាំងអស់ឱ្យខិតខំថែរក្សានូវគំរូវីរភាពដ៏អង់អាចក្លាហាន របស់វីរៈយុទ្ធជន យុទ្ធនារី ជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ ដើម្បីសន្តិភាព ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក និងសូមគាំទ្រជានិច្ច ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ និងការពារឲ្យខានតែបាននូវសុខសន្តិភាព ជារៀងរហូត។
ក្នុងនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់យោធិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវគោរព ប្រតិបត្តិឱ្យបានម៉ឹងម៉ាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះត្រូវរួមសហការស្អិតរមួតជាមួយកងទ័ពមិត្ត ហើយត្រូវបង្កើនកិច្ចសហការក្នុងនាមជាម្ចាស់ផ្ទះ មានតួនាទីឈានមុខក្នុងការបង្កឱ្យមានភាពស្និទ្ធស្នាល បង្កើតនូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឱ្យភាគីមិត្តបានយល់ និងជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជាតិយើង។

ក្នុងករណីចាំបាច់ ត្រូវចេះជួយសម្របសម្រួលដល់កម្លាំងភាគីមិត្ត ផ្តល់បទពិសោធន៍ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយក្តីស្មោះត្រង់ ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ និងត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ចំណេះធ្វើថ្មីៗ ល្អៗ សម្រាប់បំពេញភារកិច្ចការពារជាតិ និងកសាងមាតុភូមិ ក៏ដូចជាការចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថេរភាពពិភពលោក ឱ្យស្ថិតស្ថេរគង់វង្ស៕



កម្ពុជារកឃើញករណីកូវីដ ៤ករណីទៀត លើខ្លួនជនជាតិខ្មែរ៣នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំ, សរុបអ្នកឆ្លង១២នាក់ហើយ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយបញ្ជាក់អំពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីទៀត ដោយបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងមួយនាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់ហើយ។

សូមអានសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល៖


អាជ្ញាធរអប្សរា ចេញបំភ្លឺពាក់ព័ន្ធបញ្ហាអតីតកម្មករ ១២៦នាក់ ដែលបម្រើការងារនៅការដ្ឋានប្រាសាទមេបុណ្យខាង លិច

អាជ្ញាធរជាតិអប្សរា បានបន្តថា នៅក្នុងដំណើរការគ្រប់ គ្រងកម្មករការដ្ឋានប្រាសាទមេបុណ្យខាងលិច សាលាបារាំងចុងបូព៌ាបានចុះអនុសញ្ញារួមមួយជាមួយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើអន្តរជាតិ នៅឆ្នាំ ២០១៣ ដើម្បីការពារសិទ្ធិកម្មករ ស្របតាមច្បាប់ការងារនៃវិស័យឯកជន ដោយពុំបានផ្តល់ដំណឹងជាផ្លូវការមកអាជ្ញាធរជាតិអប្សរាឡើយ។ បន្ទាប់ពីនេះទៀត នៅដើមឆ្នាំ២០១៨ សាលាបារាំងចុងបូព៌ា បានជូនដំណឹងទៅសហជីពកម្មករមេបុណ្យអំពីការសម្រេចចិត្តបញ្ឈប់គម្រោងជួសជុលដោយមូលហេតុវិបត្តិហិរញ្ញវត្ថុរបស់ក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង។
តាមរយៈនេះ ស្ថានទូតបារាំងបានប្រគល់ទាំងស្រុងនូវសម្ភារៈ ឧករណ៍ និងទំនួលខុសត្រូវនៃការដ្ឋានមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។
ក្រោយពីទទួលបានការផ្ទេរ ក្រុមការងាររដ្ឋបាល និងនាយកដ្ឋានជំនាញអាជ្ញាធរជាតិអប្សរា បានចុះទៅជួបផ្ទាល់នៅការដ្ឋានជាមួយតំណាង EFEO តំណាងសហជីព និងកម្មករទាំងអស់ ដើម្បីស្វែងរកដំណោះ ស្រាយ ដោយស្នើការស្ម័គ្រចិត្តចូលបំពេញការងារវិញ និងក្រោយពីមានការពន្យល់ពីគោលការណ៍គ្រប់គ្រងថ្មីស្របទៅតាមច្បាប់មុខងារសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋ ក៏ដូចជាប្រាក់បៀវត្ស និងអត្ថប្រយោជន៍នានាដែលទទួលបាន។
ឆ្លើយតបនឹងការស្នើសុំរបស់អាជ្ញាធរជាតិអប្សរា សហជីព និងកម្មករទាំង ១២៦នាក់ បានសម្រេចបដិសេធមិនចូលបំរើការងារជូនអាជ្ញាធរជាតិអប្សរា ដោយមូលហេតុប្រាក់ ខែតិចជាង និងមិនមានអត្ថប្រយោជន៍ដូចច្បាប់ការងារវិស័យឯកជន ហើយសម្រេចចិត្តស្វែងរកការងារខាងក្រៅវិញ។ តាមរយៈនេះ ដោយមិនអាចទុកការដ្ឋានជួសជុលមិនដំណើរការ អាជ្ញាធរជាតិអប្សរា បានសម្រេចជ្រើស រើសពលករសប្តាហ៍ចំនួន ១១២នាក់ បំពេញការងារជួសជុលជាថ្មី ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ និងក្រោមការគ្រប់គ្រងទាំងស្រុងរបស់អាជ្ញាធរជាតិអប្សរា ពោលគឺមិនទាក់ទងនឹងសាលាបារាំងចុងបូព៌ាទៀតទេ។
ប៉ុន្តែ ក្រោយមកទៀតសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើអន្តរជាតិ ក៏ដូចជាសាខាសហព័ន្ធសហជីពនៅកម្ពុជា បានបង្ហាញភាពមិនសុខចិត្តរបស់ខ្លួន ហើយបានផ្ញើការតវ៉ាទៅគ្រប់ភាគីពាក់ព័ន្ធ ដោយបញ្ជាក់នូវមូលហេតុដដែលៗ ដូចជាអាជ្ញាធរជាតិអប្សរាបានបំពានសិទ្ធិកម្មករ និងសិទ្ធិសហជីព ជ្រើសរើសកម្មករគ្មានជំនាញ និងពាក់កណ្តាលជំនាញ កម្ពុជាត្រូវបានគេដកសិទ្ធិអនុគ្រោះ ២០% ដោយសារការរំលោភសិទ្ធិនេះ ហើយស្នើសុំផ្តល់ការងារជូនកម្មករទាំង ១២៦នាក់វិញ ដោយផ្តល់អត្ថប្រយោជន៍មិនតិចជាងអនុសញ្ញារួមដើមចុះជាមួយ EFEO ទទួលបានសិទ្ធិបង្កើតសហជីព និងសំណងសមរម្យសម្រាប់រយៈពេលខកខានបំពេញការងារជាដើម ដែលមូលហេតុទាំងអស់នេះ សុទ្ធតែមិនអាចទទួលយកបាន ក្នុងនាមជាស្ថាប័នសាធារណៈរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់រដ្ឋ និងមិនស្ថិតក្រោមច្បាប់ការងារ នៃវិស័យឯកជន។

អាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានអញ្ជើញសហព័ន្ធសហជីពសាខាកម្ពុជាមកពន្យល់ម្តងមកហើយ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយបញ្ជាក់ថា ករណីនេះ គឺជាបញ្ហារវាងសហព័ន្ធសហជីព និងសាលាបារាំងចុងបូព៌ាប៉ុណ្ណោះ (ប៉ុន្តែជាក់ស្តែង EFEO បានបើកផ្តល់នូវប្រាក់ សំណងជូនកម្មករអស់ហើយ ក្រោយពីសម្រេចបញ្ចប់ការងារខ្លួនក្រោមមូលហេតុហិរញ្ញវត្ថុដូចមានជម្រាបជូនខាងលើ) ប៉ុន្តែសហព័ន្ធសហជីពនៅតែមិនព្រមយល់ ហើយថ្មីៗនេះ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋបាលខេត្ត សៀមរាប ស្នើសុំសិទ្ធិជួបជុំគ្នារហូតដល់មានដំណោះ ស្រាយផងដែរ៕


ក្រសួងអប់រំសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ថ្ងៃនេះរហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការទប់ស្កាត់ Covid-19

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។
ការសម្រេចរបស់ក្រសួងអប់រំនេះធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19។

សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំទាំងស្រុង៖


សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់។

វិធានការនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញនៅករណីកូវីដ១៩ ចំនួន ៤ករណីទៀត នៅលើខ្លួនជនជាតិខ្មែរឥស្លាម ២នាក់ ជនជាតិខ្មែរដែលមកពីប្រទេសបារាំង១នាក់ និងកូនបុរសជនជាតិបារាំងអាយុ ៣៥ឆ្នាំមួយនាក់ ដែលធ្វើឲ្យករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកើនឡើងដល់ ១២នាក់ ដែលភាគច្រើននៃអ្នកឆ្លងជាពលរដ្ឋមកពីប្រទេសលោកខាងលិច។
ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការដូចខាងក្រោម៖
១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕
ខាងក្រោមនេះគឺជាសារាចរណែនាំ ដែលដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន៖


ផ្សាយបន្តផ្ទាល់ (Live) សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់»

ពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបញ្ចប់ដែលដឹកនាំដោយសម្តេច សាយ ឈុំ និងសម្តេច គង់ សំអុល

(ភ្នំពេញ)៖ ពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដង្ហែរដោយថ្មើជើង ត្រូវបានបញ្ចប់ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជរាំង។ ពិធីនេះ ក៏មានការរួមពីសំណាក់លោក លោកស្រី ដែលជាឥស្សរជនជាន់ខ្ពស់របស់ជាតិ លោកឧកញ៉ា ភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការតាមក្រសួង-ស្ថាប័ន និងមន្ត្រីរាជការអញ្ជើញមកពីតាមបណ្តាស្រុក-ក្រុង នៃខេត្តតាកែវ ជាពិសេសស្រុកគិរីវង់ និងស្រុកទ្រាំង ដែលជាស្រុកកំណើតរបស់សម្តេចវិបុលបញ្ញាជាច្រើនរូប ដើម្បីយកអដិ្ឋធាតុសម្តេចវិបុលបញ្ញា ទៅតម្កល់នៅប្រាង្គចេតិយក្នុងវត្តសារ៉ាវ័នតេជោ រាជធានីភ្នំពេញ តាមគន្លងព្រះពុទ្ធសាសនា។ កម្មវិធីបុណ្យបានចាប់ផ្តើមនៅម៉ោង៦ព្រឹក ជួបជុំភ្ញៀវកិត្តិយស និងសាច់ញាតិទាំងអស់ ធ្វើពិធីខមាទោសអដ្ឋិធាតុ សម្តេចវិបុលបញ្ញា និងព្រះសង្ឈស្វាធ្យា នូវព្រះសត្កប្បករណាធិធម្ម (បង្សុកូល) មុននឹងចាប់ផ្តើមពិធីដង្ហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ឆ្ពោះទៅកាន់វត្តសារ៉ាវ័នតេជោ រាជធានីភ្នំពេញ ដោយថ្មើជើង។ ដើម្បីឱ្យសាកសមទៅនឹងស្នាដៃ ការលះបង់ដ៏ធំធេង និងកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសហការរៀបចំក្បួនដង្ហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន យ៉ាងអធិកអធម ដោយឱ្យមានក្បួនដង្ហែ រួមមាន៖ ក្បួនទី១ រថយន្តកូរោនរូបថត, ក្បួនទី២ រថយន្តព្រះពុទ្ធរូប និងព្រះអភិធម្ម១ព្រះអង្គ និងក្បួនទី៣ រថយន្តបុស្សុក តម្កល់អដ្ឋិធាតុ ដោយបានរៀបចំជាផែនៗរួមមាន៖ ផែនមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ផែនយុវជនកាយរឹទ្ធិ ផែនយុវជនកាកបាទក្រហម ផែនយុវជន ស.ស.យ.ក ផែនភ្លេងក្លងឆ្នៈ អាចារ្យ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ សរុបប្រមាណ ៨០០នាក់។ ភាពជោគជ័យដ៏ធំធេងលើការងារបម្រើប្រជាជាតិ និងមាតុភូមិ និងភាពជោគជ័យលើការកសាងជីវិតគ្រួសារប្រកបដោយសុខដុមភាព ជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ថា សម្តេចវិបុលបញ្ញា សុខ អាន ពិតជាបុគ្គលមួយរូបដែលទទួលបានជោគជ័យយ៉ាងពិតប្រាកដ ក្នុងដំណើរជីវិតរបស់លោក។ គួរបញ្ជាក់ផងដែរថា ប្រាង្គចេតិយតម្កល់អដិ្ឋធាតុ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានសាងសង់ឡើងដោយគោរពតាមរចនាបថ និងក្បួនខ្នាតនៃសំណង់ ក្នុងវិស័យព្រះពុទ្ធសាសនា និងក្រឹត្យក្រមស្ថាបត្យកម្មបុរាណខ្មែរសុទ្ធសាធ ដោយត្រូវបានគូសប្លង់រចនាទាំងស្រុង ស្ថាបត្យករកូនខ្មែរ ប្រកបដោយភាពផ្ចិតផ្ចង់បំផុត។ បន្ថែមពីលើក្បាច់រចនាដ៏ស្រស់ស្អាត និងលក្ខណៈខ្មែរ ប្រាង្គចេតិយនេះក៏មានបិទនូវបន្ទះម៉ូសេអិកពណ៌ទឹកមាសភ្លឺស្រស់ ដែលរឹតតែរំលេចនូវវិចិត្រភាព និងប្រណីតភាពនៃសំណង់ ប្រកបរចនាបថស្អាតប្លែកសមស្របតាមការវិវឌ្ឍនៃសង្គមបច្ចុប្បន្ន។ ប្រាង្គចេតិយ ត្រូវបានរៀបចំពិធីលើកឆ័ត្ររួត និងអភិសេកឆ្លង កាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។ គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង០៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕