Friday, June 11, 2021

គម្រោងសាងសង់ទឹកស្អាតដែលជាជំនួយរបស់គម្រោង ADB នៅក្នុងភូមិវត្ត ត្រូវបានក្រុមការងារចុះពិនិត្យរកទីតាំងដី ដើម្បីសាងសង់

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យរកទីតាំងដីដើម្បីសាងសង់គម្រោងទឹកស្អាតដែលជាជំនួយរបស់គម្រោង ADB   នៅក្នុងភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីចែកចាយទឹកស្អាតក្នុងសហគមន៍។ ដោយមានការចូលរួមពីសុរិយោដីស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំខ្នាឆ្មារ ប៉ុស្តិ៍រដ្ឋបាល មេភូមិ  សរុបចូលរួម ១១នាក់ ស្រី០១នាក់។

លោក វន ស៊ីផា បានប្រសាសន៍ថា គម្រោងនេះគឺចាំបាច់បំផុត ដូចនេះក្រុមប្រឹក្សាឃុំ ត្រូវសម្របសម្រួលជាមួយប្រជាពលរដ្ឋណាដែលមានដីអាស្រ័យផលជាប់ចំណីបឹងដែលត្រូវដាក់ទីតាំងគម្រោងឱ្យបានរួចរាល់ជាមុនសិន។ ហើយទីតាំងដែលត្រូវពិនិត្យនោះគឺមាន ០៣កន្លែង ហើយលោកបានឱ្យលោកប្រធានសុរិយោដីស្រុក ចុចប្លង់ជាបណ្តោះសន្នសិន ចាំក្រុមប្រឹក្សាឃុំសម្របសម្រួលជាមួយប្រជាពលរដ្ឋរួចរាល់ត្រង់ចំនុចណាមួយហើយនោះ ទើបឱ្យសុរិយោដីស្រុក ចុះចុចសម្រេចយកពិតប្រាកដតែម្តង។ ជាលទ្ធផលអង្គប្រជុំទាំងអស់មិនមានការជំទាល់ ឬមានបញ្ហាអ្វីទេ ៕





សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ

ស្វាយរៀង៖ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩

បុរសឈ្មោះ នាង កៅ អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រលូថៃ រស់នៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

បុរសឈ្មោះ ចាន់ សុខ អាយុ ៧០ឆ្នាំ រឹ់នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង

បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ វេជ្ជបណ្ឌិត ជា រក្សាពង្ស រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១

ឱសថស្ថាន កែវ ប៉ិច ឱសថការីឧត្ដម វង្ស ចាន់សូរិយា រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ៕




អភិបាលរងខេត្តកំពង់ឆ្នាំង ណែនាំឱ្យម្ចាស់រោងចក្រ និងកម្មករ បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកសោម ស៊ីណាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អាជ្ញាធរក្រុង ចុះណែនាំឱ្យ ម្ចាស់រោងចក្រ និងកម្មករ នៅរោងចក្រ អឹម និងវ៉េ ស្ថិតនៅក្រុងកំពង់ឆ្នាំង បង្កើននូវវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

លោកបានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួឱ្យព្រួយបារម្មណ៍បំផុត ហើយដើម្បីចៀសផុតពីជំងឺ ដ៏កាចសាហាវនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នា ទប់ស្កាត់ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍និងក្រុមគ្រួសាររបស់ខ្លួន។

លោកបានបញ្ជាក់បន្ថែមដល់តំណាងកម្មករ កម្មការនី ត្រូវតែធ្វើការផ្សព្វផ្សាយបន្តដល់កម្មករ កម្មការនី នៅក្នុងក្រុមរបស់ខ្លួន អំពីវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងជម្រុញឱ្យចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត នោះយើងនឹងទប់ស្កាត់បាននូវការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគម៍របស់យើង ៕







លោក ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅ ការដឹកជញ្ជូនបៃតង

 (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាចង់រៀនសូត្របទពិសោធន៍របស់វេទិកាដឹកជញ្ជូនអន្តរជាតិ ទាក់ទងនឹងគោលនយោបាយយុទ្ធសាស្ត្រ ការដឹកជញ្ជូនបៃតង ដោយសារកម្ពុជាសព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនី (Electric Vehicle) នៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកា ដឹកជញ្ជូនអន្តរជាតិ (International Transport Forum) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេក ទេសពាក់ព័ន្ធដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាអាស៊ាន និងវេទិកាដឹកជញ្ជូនអន្តរជាតិ។

ជំនួបនេះបានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន ការចូលរួមរបស់វេទិកាដឹកជញ្ជូនអន្តរជាតិនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ២០២០-២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បច្ចុប្បន្នភាពសមាជិកភាពរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ និងការចែករំលែកព័ត៌មានរបស់វេទិកាដឹកជញ្ជូនអន្តរជាតិជាមួយនឹងកម្ពុជា និងអាស៊ាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំការចែករំលែកព័ត៌មានពីវេទិកាដឹកជញ្ជូនអន្តរជាតិ លើការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីតាមដាន ស្ថានភាពយានយន្ត ដែលកំពុងបើកបរលើដងផ្លូវ ដោយសារបច្ចុប្បន្ននេះមានប្រព័ន្ធច្រើនមិនដឹងថា ប្រព័ន្ធណាមួយល្អអាចទទួលយកបានសម្រាប់កម្ពុជា ក៏ដូចជាបណ្តា ប្រទេសអាស៊ាន ដើម្បីយកបញ្ហានេះទៅសិក្សាស្វែងយល់ និងពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានសំដៅអនុម័តយកបទដ្ឋាន រួមមួយសម្រាប់ប្រើប្រាស់ ទាំងអស់គ្នា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា បញ្ហាសុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតរបស់កម្ពុជា និងអាស៊ានទាំងមូល ដោយហេតុថា បច្ចុប្បន្ននេះមានមនុស្សចំនួនពី៤ ទៅ ៥នាក់ គិតជាមធ្យមបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ហើយបើតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក បញ្ហាគ្រោះថ្នាក់ចររាចរណ៍នេះបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ៣០០លានដុល្លារក្នុងមួយឆ្នាំ ខាតបង់ពេលវេលា និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានសម្តែងនូវការស្វាគមន៍ ចំពោះការចូលរួមដោយផ្ទាល់របស់វេទិកាដឹកជញ្ជូន អន្តរជាតិ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលទទួលបានការយល់ព្រមជាទូទៅពី រដ្ឋសមាជិកអាស៊ានទាំងអស់នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។

ជាមួយគ្នានោះលោក Young Tae Kim ក៏បានធ្វើបច្ចុប្បន្នភាពអំពីសមាជិកភាពនៃវេទិកាដឹក ជញ្ជូនអន្តរជាតិ (ITS) ដោយក្នុងនោះលោកបានបញ្ជាក់ថា ប៉ុន្មានឆ្នាំ កន្លង ទៅនេះ ITF ទទួលបានសមាជិកថ្មីមួយចំនួនទៀតរួមមាន ប្រទេសMongolia ប្រទេសObekistan និងបណ្តាប្រទេសចំនួន៧ទៀតមកពីទ្វីបអាស៊ី និងបានសម្តែងនូវការ ស្វាគមន៍ ចំពោះទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសកម្ពុជា ដែលមានបំណងចង់ចូលជាសមាជិករបស់វេទិកាដឹកជញ្ជូនអន្តរជាតិ តាមរយៈអង្គការ UNSCAP និងធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ានផងដែរ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ ៣តោនក្នុងមួយឆ្នាំ

 (ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។

លោកនាយករដ្ឋមន្ត្រី បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

លោកនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជាអាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម។

ក្នុងសារលិខិតនេះ លោកនាយករដ្ឋមន្ត្រី បានក្រើនរំលឹកផងដែរថា មិនឱ្យមានការធ្វើអាជីវកម្មមិនមានវិជ្ជាជីវៈ រួមទាំងរ៉ែមាសលក្ខណៈគ្រួសារដែលប្រឈមនឹងគ្រោះថ្នាក់។

លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង»

លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕








លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថា គិតត្រឹមដើមខែមិថុនានេះ ក្រសួងសុខាភិបាលបានធ្វើតេស្តរកកូវីដ១៩ចំនួន ១,២១៤,៨៩៤សំណាក រកឃើញវិជ្ជមានជាង ៣ម៉ឺននាក់

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបចំនួន ១,២១៤,៨៩៤សំណាក ក្នុងនោះវិជ្ជមាន សរុបចំនួន ៣៦,៦៦៦នាក់។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ដែលមានការអញ្ជើញចូលរួមដោយ លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាង UNICEF

លោកស្រី ឱ វណ្ណឌីន បានថ្លែង បន្ដថា «បច្ចុប្បន្ននេះ វីរុសកូវីដ១៩ កំពុងតែចរាចរណ៍នៅក្នុងកម្ពុជា ហើយយើងឃើញថា អ្នកវិជ្ជមានជំងឺកូវីដ១៩នេះ គឺបានរកឃើញជារៀងរាល់ថ្ងៃ ស្ទើរតែគ្រប់ខេត្ដក្រុង។ ដូច្នេះសូមប្រជាពលរដ្ឋ បន្ដអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ និងអញ្ជើញមកចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ដ»

លោកស្រីថ្លែងបន្ដថា ក្នុងនោះ «៣ការពារ» ប្រជាពលរដ្ឋយើង អនុវត្ដបានច្រើនហើយ នៅឡើយ «៣កុំ» ពលរដ្ឋយើងអនុវត្ដមិនទាន់បានល្អនៅឡើយទេ ដោយឃើញថា មានការប្រមូលផ្ដុំជួបជុំមនុស្សច្រើន នៅកន្លែងដែលបិទជិត និងចាប់ដៃគ្នា ឬនៅក្បែរគ្នាជាដើម។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦,៦៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,៨០៧នាក់ និងស្លាប់សរុបចំនួន ៣០០នាក់៕







ផ្សាយឡើងវិញ៖ សន្និសីទសារព័ត៌មាន ស្តីពី សេចក្តីណែនាំនីតិវិធី និងយន្តការនៃការបើកផ្តល់សម្រាប់ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់និងជំនួយសង្គមជាសាច់ប្រាក់

ផ្សាយឡើងវិញ៖ សន្និសីទសារព័ត៌មាន ស្តីពី សេចក្តីណែនាំនីតិវិធី និងយន្តការនៃការបើកផ្តល់សម្រាប់ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់និងជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១