Thursday, March 15, 2018

ក្រោយតុលាការរំលោយបក្សសង្គ្រោះជាតិ សភាពការណ៍ស្ងប់ស្ងាត់ល្អ បង្ហាញថាប្រជាជនគ្មានបំណងប្រាថ្នាចង់ផ្លាស់ប្ដូររបបតាមរយៈបដិវត្ដន៍ពណ៌ឡើយ!

ថ្លែងប្រាប់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិរួចមកនោះ សភាពការណ៍នៅកម្ពុជាមានភាពស្ងប់ស្ងាត់ល្អដែលនេះបង្ហាញយ៉ាងច្បាស់ពីការយល់ឃើញរបស់ប្រជាជនកម្ពុជាថាពួកគាត់គ្មានបំណងប្រាថ្នាចង់ផ្លាស់ប្តូររបបដឹកនាំតាមរយៈការធ្វើបដិវត្តន៍ ពណ៌ឡើយ។ លោកបានថ្លែងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី រ៉ូណា ស្មីត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងទីស្ដីការក្រសួងការបរទេស។

លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានចាត់ទុកថាជំនួបនេះជាឱកាសមួយដែលធ្វើឱ្យភាគីទាំងពីរអាចបង្កើននូវការយល់ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀតទៅលើបញ្ហាការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាក្នុងរយៈកាលកន្លងមកនេះ ហើយការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ វាជាកត្ដាចម្បង និងជាកត្ដាសំខាន់បំផុត ក្នុងការធានានូវសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ព្រោះថាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍គឺជាលក្ខខណ្ឌចាំបាច់ដំបូងបំផុតនៅកម្ពុជា ដើម្បីធានាឱ្យមានការរីកចម្រើននៅលើផ្នែកសិទ្ធិផ្សេងៗទៀត ពិសេសគឺសិទ្ធិនយោបាយ ដែលរាជរដ្ឋាភិបាលមានការទទួលខុសត្រូវ ក្នុងការថែរក្សាឱ្យបាននូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយប្រការនេះហើយដែលកម្ពុជាមិនអាចទទួលយកបាននូវសកម្មភាពណា ឬក៏ការថ្លែងណាមួយដែលមានលក្ខណៈជាការបំពានទៅដល់ឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា។

ប្រមុខការទូតកម្ពុជា ក៏បានលើកឡើងអំពីក្នុងការខិតខំនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការរៀបចំការបោះឆ្នោត ក្នុងពេលខាងមុខឱ្យប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ និងតម្លាភាព ជម្រាបជូនលោកស្រី រ៉ូណា ស្មីត ផងដែរ។

នៅក្នុងជំនួបនោះដែរ បើទោះបីមានការយល់ខុសគ្នាលើបញ្ហាខ្លះក៏ដោយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានសម្ដែងនូវការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសការរីកចម្រើន ខាងផ្នែកសេដ្ឋកិច្ច ក្នុងរយៈកាលកន្លងមកនេះ។ លោកស្រីបានគូសបញ្ជាក់ពីការទទួលស្គាល់ របស់លោកស្រី អំពីសារៈសំខាន់នូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា និងសារៈសំខាន់ នៃសន្ដិភាព និងស្ថិរភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីបានបញ្ជាក់អំពីសារៈសំខាន់ នៃសិទ្ធិមនុស្សក្នុងការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ៕











ស្រី្តជាពលរដ្ឋខ្មែររស់នៅទីក្រុង Perth ប្រទេសអូស្ត្រាលី បង្ហាញអារម្មណ៍រីករាយខ្លាំង ចំពោះវត្តមានសម្តេចដែលអញ្ជើញទៅអូស្ត្រាលីឆាប់ៗនេះ (មានវីដេអូ)



Facebook ពលរដ្ឋខ្មែរអូស្ត្រាលី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហោះផ្សាយនូវអត្ថបទ អមដោយវីដេអូ១ ក្រោមចំណងជើងថា «ស្រី្តជាពលរដ្ឋខ្មែររស់នៅទីក្រុង Perth ប្រទេសអូស្ត្រាលី បង្ហាញអារម្មណ៍រីករាយខ្លាំង ចំពោះវត្តមានសម្តេចដែលអញ្ជើញទៅអូស្ត្រាលីឆាប់ៗនេះ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង ដែលFacebook ពលរដ្ឋខ្មែរអូស្ត្រាលី បានចុះផ្សាយ៖

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ស្រី្តម្នាក់ដែលកំពុងរស់នៅ ទីក្រុង Perth ប្រទេសអូស្ត្រាលី បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង អំពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលលោកនឹងអញ្ជើញមកប្រជុំអាស៊ាន នៅទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗខាងមុខនេះ។

ស្រី្តជាពលរដ្ឋខ្មែរ-អូស្ត្រាលីរូបនេះបានលើកឡើងថា «ទោះបីជាខ្ញុំមិនបានចូលរួមគាំទ្រដោយផ្ទាល់ ក៏ខ្ញុំសូមធ្វើការគោរពគាំទ្រពីចម្ងាយ និងសូមធ្វើការលើកទឹកចិត្តសម្តេច មិនថាសម្តេចអញ្ជើញទៅទីណា កន្លែងណា ក៏នៅតែមានអ្នកគាំទ្រសម្តេចជានិច្ច»។

ពលរដ្ឋខ្មែរ-អូស្រ្តាលីរូបនេះ ថែមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងពួង សូមតាមថែរក្សាសម្តេចឱ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវក្នុងលោក និងនៅជាម្លប់ដល់ប្រជាពលរដ្ឋដែលត្រូវការសម្តេច៕

ប្រធានក្រុមការងារថ្នាកជាតិចុះជួយមូលដ្ឋានស្រុកស្វាយជ្រំ ដឹកនាំវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ

ស្វាយរៀង៖ នៅរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី ពៅ សុភាព ប្រធានក្រុមការងារថ្នាកជាតិចុះជួយមូលដ្ឋានស្រុកស្វាយជ្រំ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ជួបជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិគឺភូមិព្រៃដំឡូង ភូមិត្រពាំងធ្លក និងភូមិចិន្សា ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហែម សារិទ្ធ អភិបាលរងស្រុក តំណាងការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងក្រុមការងារចុះជួយសរុបវត្តមានចំនួន២២៥ នាក់ ។

ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហានៅក្នុងវេទិកានេះដូចខាងក្រោម៖

– ស្នើសុំផ្លូវក្រាលខ្សាច់ភ្នំក្នុងភូមិព្រៃដំឡូង

– ស្នើសុំស្តារប្រឡាយកូនភ្លោះ

– ស្នើសុំធ្វើផ្លូវក្នុងភូមិចិន្សា

– ស្នើសុំស្តារប្រឡាយចាស់

– ស្នើសុំសាលាមតេយ្យសហគមន៍

– បាត់អត្តសញ្ញាណប័ណ្ណ

– បាត់សំបុត្រកំណើត

– ស្នើសុំភ្លើងអគ្គិសនី ប្រើប្រាស់នៅភូមិត្រពាំងធ្លក។

គ្រប់បញ្ហាប្រឈម និងសំណូមពរខាងលើត្រូវបានលោកស្រីគណៈអធិបតី និងមន្ត្រីជំនាញឆ្លើយបំភ្លឺ និងបានជួយដោះស្រាយបញ្ហាប្រឈមមួយចំនួននៅនឹងកន្លែងផ្ទាល់ និងទទួលយកសំណូមពរចាំបាច់មួយចំនួន មកពិនិត្យ និងសិក្សាដើម្បីដោះស្រាយផងដែរ៕




សាខាកាកបាទក្រហមខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ជនចាស់​ជរាគ្មានទីពឹង និងមានជម្ងឺ

ស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាក នៅថ្ងៃពុធ ១៣​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៨ ក្រុមការ​ងារ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈ​កម្មាធិការសាខា មន្ត្រីអនុសាខាស្រុកកំពង់រោទិ៍ បាននាំយកអំណោយមនុស្សធម៌ របស់សាខា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ជនចាស់ជរាគ្មានទីពឹង មានជម្ងឺ​៥​គ្រួសារ អ្នក​រស់​នៅ​ជា​​មួយ​​មេរោគអេដស៍ម្នាក់ និងស្ត្រីទើបសម្រាលកូនម្នាក់ សរុប​៧​គ្រួសារ មកពីឃុំ​ព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

ក្នុងឱកាសនោះលោកស្រី ពៅ សុភាព បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក​​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ ដោយ​ក្តីនឹករលឹក ហើយ​ជានិច្ចកាល លោកស្រីតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា។

លោកស្រី ពៅ សុភាព បានបញ្ជាក់បន្ថែមដល់អ្នកទទួលអំណោយទាំង៧គ្រួសារ ដោយសង្ខេបអំពីសកម្ម​ភាពនានា របស់កាកបាទក្រហមកម្ពុជានៅថ្នាក់សាខា និងអនុសាខា ដែលបានយកចិត្តទុក​ដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់​ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះ បានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូរដល់លោកតា លោកយាយ ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិកា និងកុមារកំព្រា ព្រោះមិនមែនតែស្រុកកំពង់រោទិ៍ មួយទេ ដែល​សាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយ​ដល់ស្រុកផ្សេងទៀត តាមលទ្ធភាពដែលសាខាមាន។

អំណោយមនុស្សធម៌រួមមានស្បៀង និងសម្ភារៈ ដែលបានចែកជូនចាស់ជរា និងមានជម្ងឺ ៦​គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ៣០គីឡូក្រាម, កន្ទេលបត់១, មី១កេស, ត្រីខ​១០​កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, មុង​១, ភួយ១, ក្រមា១, សារុង១ ឧបត្ថម្ភស្ត្រីទើបសម្រាលកូនមាន ឃីត​មួយ​​កញ្ចប់ (ភួយ១ ក្រមា១ សារុង​១) អង្ករ៣០គ.ក្រ កន្ទេលបត់១, មី១កេស, ត្រីខ​១០​កំប៉ុង, ទឹក​ស៊ីអ៊ីវ៦ដប, ទឹកដោះគោខាប់​៥​កំប៉ុង, ស្ករស២គីឡូក្រាម និងសម្រាប់ទារកមាន អាវ​២​កំប្លេ, មួក​១, មុងសម្រាប់ទារក១, កន្សែងត្រី​កោណ​១ដុំ, កន្សែងធំ១, ស្រោមដៃស្រោមជើង​១​កំប្លេ, សាប៊ូដុសខ្លួន១ដប និងសាប៊ូ១ដប៕





ខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរទីក្រុង​ស្អាត​លើក​ទី​៦ និង​ដង្ហែ​ពាន​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១

បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀប​ចំ​ពិធី​អប​អរ​សាទរ​ទិវា​ជាតិ​ទី​ក្រុង​ស្អាត​លើក​ទី​៦ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ និង​ដង្ហែ​ពាន​ជ័យ​លាភី​ឡា​បែល​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន ​លើក​ទី​១ និង​ពាន​រង្វាន់​ជ័យ​លា​ភី​ទី​ក្រុង​ស្អាត​ផ្កា​រំដួល​៣​ទង​លើក​ទី២ សម្រាប់​ឆ្នាំ​២០១៨​-​២០២១ និង​ពាន​ជ័យ​លាភី​លេខ​១ “វិញ្ញា​សា​ល្ខោន​អប់​រំ​ថ្នាក់​មធ្យម” ពាន​រង្វាន់​ជ័យ​លាភី​លេខ​២ “វិញ្ញា​សា​របាំ​សហ​សម័យ​ខ្មែរ” របស់​ខេត្តបាត់​ដំបង​ប្រចាំ​ឆ្នាំ​២០១៨។

រសៀស​ថ្ងៃ​ពុធ ១៣​រោច ខែ​ផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិ​ធី​អប​អរ​សា​ទរ​ទិ​វា​ជាតិ​ទី​ក្រុង​ស្អាត​លើក​ទី៦ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ក្រោម​ប្រធាន​បទ “ទី​ក្រុង​ស្អាត​ដើម្បី​ទាំង​អស់​គ្នា” និង​អប​អរ​សាទរ​ក្រុង​បាត់ដំបង ទទួល​បាន​ជ័យ​លាភី​ឡាបែល​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​១ និង​ពាន​រង្វាន់​ជ័យ​លាភី​ទី​ក្រុង​ស្អាត​ផ្កា​រំដួល​៣​ទង​ លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨​-​២០២១ និង​ពាន​ជ័យ​លាភី​លេខ​១ “វិញ្ញា​សា​ល្ខោន​អប់​រំ​ថ្នាក់​មធ្យម” ពាន​រង្វាន់​ជ័យ​លាភី​លេខ​២ “វិញ្ញា​សារ​បាំ​សហ​សម័យ​ខ្មែរ”​ របស់​ខេត្ត​បាត់​ដំបង​ប្រចាំ​ឆ្នាំ​២០១៨ នៅ​បរិ​វេណ​នាគ​សន្តិភាព ក្រុង​បាត់ដំបង។ ក្នុង​ពិធី​នេះ​ក៏​មាន​វត្ត​មាន​អញ្ជើញ​ចូល​រួម​ពី លោក លោក​ស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមា​ជិក​រាជ​រដ្ឋា​ភិបាល ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក​អភិបាល​ខេត្ត លោក លោក​ស្រី​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលរងខេត្ត លោក​អភិបាល​ក្រុង មន្ទីរ​អង្គ​ភាព កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រាជ​ការ លោក​គ្រូ អ្នក​គ្រូ បង​ប្អូន​ប្រជា​ពល​រដ្ឋ សិស្សា​នុសិស្ស យុវជន បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

សូមបញ្ជាក់ថាក្រុង​បាត់ដំបង នៃ​ខេត្ត​បាត់ដំបង ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ជ័យ​លាភី​ចំនួន​០៣​លើក​រួច​មក​ហើយ លើក​ទី១ គឺ​ទី​ក្រុង​ជ័យ​លាភី​និរន្តរ​ភាព​បរិស្ថាន​ទី​ក្រុង​អាស៊ាន ដែល​ពិធី​ទទួល​ធ្វើ​នៅ​ទី​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ (២០១៥ ) លោក​ទី២ គឺ​ទី​ក្រុង​ស្អាត​ជ័យ​លាភី​លេខ​១ ផ្កា​រំដួល​៣​ទង (២០១៥-២០១៨) ដែល​ពិធី​ទទួល​ធ្វើ​នៅ​រាជ​ធា​នី​ភ្នំពេញ ​លើក​ទី៣ គឺ​ជ័យ​លាភី​ទី​ក្រុង​ទេស​ចរណ៍​ស្អាត​អាស៊ាន (២០១៨) នៅ​ទី​ក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ និងនេះ​ជា​លើក​ទី​៤ គឺ​ជ័យ​លាភី​ទី​ក្រុង​ស្អាត​ផ្កា​រំដួល​៣ទង (ជា​លើក​ទី​២) (២០១៨-២០២១) ដែល​បាន​ប្រារព្វ​ពិធី​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់របស់​លោក ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី នៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា នៅ​សណ្ឋា​គាររ៉េស៊ីដង់​សុខា​ភ្នំពេញ។

ចលនា​ប្រឡង​ប្រណាំង​ទី​ក្រុង​ស្អាត រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​សោភ័ណ​ភាព​បរិស្ថាន​អនាម័យ និង​សណ្តាប់​ធ្នាប់​ទី​ក្រុង​-​ខណ្ឌ (២៦​ទីក្រុង​-​១២​ខណ្ឌ នៃ​រាជ​ធានី​ភ្នំពេញ) នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ចូល​រួម​ក្នុង​កម្ម​វិធី​នយោ​បាយ និង​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​​នា​​នា​របស់​រាជ​រដ្ឋា​ភិបាល។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត រាជ​រដ្ឋា​ភិបាល​នឹង​ផ្តល់​រង្វាន់​ដល់​ទីក្រុង​-​ខណ្ឌ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​រៀប​ចំ និង​អភិវឌ្ឍន៍​ទី​ក្រុង​ខ្លួន ពិសេស​ថែ​រក្សា​ការ​ពារ​បរិស្ថាន និង​បាន​ជំរុញ​ឲ្យ​តួ​អង្គ​សំខាន់​ៗ​ក្នុង​វិស័យ​ទេសចរណ៍ បង-ប្អូន​ប្រជា​ពល​រដ្ឋ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​នៅ​តាម​បណ្តា​ទី​ក្រុង។

ទីក្រុង-ខណ្ឌបេក្ខភាព​ដែល​បំពេញ​បានតាម​សូចនាករ និង​លក្ខណ​វិនិច្ឆ័យ ដែល​បាន​ចែង​ក្នុង​ស្តង់ដា​ទី​ក្រុង​ស្អាត នឹង​ទទួល​ពាន​រង្វាន់ និង​ស្លាក​សញ្ញា​ទីក្រុង​ស្អាត ដែល​មាន​ឡាបែល​រូប​ផ្កា​រំដួល​សម្រាប់​រយៈ​ពេល ០៣​ឆ្នាំ​។ ពាន​រង្វាន់ និង​ស្លាក​សញ្ញា​ទី​ក្រុង​ស្អាត ដែល​នឹង​ទទួល​បាន​ជា​អនុគមន៍​នឹង​ពិន្ទុ ដូច​ខាង​ក្រោម៖

១-ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនទីក្រុង​-​ខណ្ឌ ដែល​បាន​ពិន្ទុ​ចន្លោះ​ពី ៥៨ ទៅ ៧៧ នៃ​លក្ខណ​វិនិច្ឆ័យ (យ៉ាង​ហោច​ណាស់​ស្មើ​នឹង ៧៥% នៃ​ពិន្ទុ​សរុប)។

២-ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនទីក្រុង​-​ខណ្ឌដែលបានពិន្ទុចន្លោះពី ៤៦ ទៅ ៥៧ នៃលក្ខណវិនិច្ឆ័យ (យ៉ាងហោច​ណាស់​ស្មើ​នឹង ៦០% នៃ​ពិន្ទុ​សរុប)។

៣-ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនទីក្រុង​-​ខណ្ឌ ដែល​បាន​ពិន្ទុ​ចន្លោះ​ពី ៣១ ទៅ​ ៤៥ នៃលក្ខណ​វិនិច្ឆ័យ (យ៉ាង​ហោច​ណាស់​ស្មើ​នឹង ៤០% នៃ​ពិន្ទុ​សរុប)។

មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖
១) សូចនាករ​គោល​នៃ​កា​ររៀប​ចំ និង​គ្រប់​គ្រង​បរិស្ថាន
២) សូចនាករគោលនៃភាពស្អាត
៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់
៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង
៥) សូចនាករគោលនៃតំបន់បៃតង
៦) សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់- ធ្នាប់ទីក្រុង និង
៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍

ដែល​ត្រូវ​​បាន​បែង​ចែក​ជា​សូចនាករ​លម្អិត​ចំនួន​៣៣ និង​ត្រូវ​បាន​ដាក់​ពិន្ទុ​តាម​លក្ខណ​វិនិច្ឆ័យ ចំនួន​៧៧ សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ និង​សម្រេច​ផ្តល់​ជ័យ​លាភី​ជូន​ទីក្រុង​-​ខណ្ឌ​បេក្ខ​ភាព៕







អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពាក្យប្តឹង លោក សម រង្ស៊ី ពីបទ «ក្បត់ជាតិ» ករណីកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម

នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិមួយករណីទៀត ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

សូមជម្រាបផងដែរថា ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីវីដេអូអំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពី៥ឆ្នាំមុន ត្រូវបានបណ្តាញទំនាក់ទំនង Facebook ដែលជាសកម្មជនអតីតបក្សប្រឆាំងទម្លាយកាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ នៅក្នុងវីដេអូនោះលោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន នៅសហរដ្ឋអាមេរិក។ ក្នុងវីដេអូរបស់ទណ្ឌិត សម រង្ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិវៀតណាមភាគតិចម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។

នាយកដ្ឋានប្រឆាំងភេរវកម្ម បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៊ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ អង្គភាពមានសមត្ថកិច្ចមួយនេះ ក៏បានស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះ អំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៊ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់។

បើតាមលោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា រហូតដល់ពេលនេះ ស្ថាប័នរបស់លោក បានទទួលពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចហើយ។
លោកអះអាងថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿង ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលពាក់ពន្ធ័នឹងអំពើក្បត់ជាតិ និងប៉ះពាល់ដល់អធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ដោយការឃុបឃិតកាត់ទឹកដីឱ្យទៅជនបរទេស ហើយបានកំពុងរៀបចំសំណុំរឿងទៅតាមនីតិវិធី»៕






តុលាការកំពូល កាត់ទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យប្រាក់១០លានរៀល ករណីបរិហារកេរ្តិ៍ និងញុះញង់លើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតម្កល់ សេចក្តីសម្រេចរបស់សាលាឧទ្ធ​រណ៍ ទុកជាបានការដដែល ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់លើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ដោយគ្មានមូលដ្ឋាន។ សាលដីកាចុងក្រោយនេះ គឺបានចូលជាស្ថាពរហើយ មិនឱ្យមានការតវ៉ាទៀតទេ។ នេះបើតាមការអះអាងរបស់ លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

ចំពោះសំណុំរឿងមួយនេះ សាលាឧទ្ធរណ៍ កាលពីថ្ងៃទី​១១​ ខែ​សីហា​ ឆ្នាំ២០១៧ បានចេញសាលដីកាផ្តន្ទាទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ដាក់ចូលជាថវិការដ្ឋ ព្រមទាំងបង្គាប់ឱ្យទណ្ឌិតរូបនេះ សងសំណងជំងឺចិត្តចំនួន១០០រៀល ជូនដើមបណ្តឹងរដ្ឋប្បវេណី។ លោក គី តិច បានបញ្ជាក់ថា សាលដីកាជនជាប់ចោទ សម រង្ស៊ីនេះ ត្រូវបានចូលជាស្ថាពរ រួមជាមួយនឹងសាលដីការបស់ជនជាប់ចោទ ថាក់ ឡានី ដែរហើយសុទ្ធតែអាចអនុវត្តបាន។

សូមបញ្ជាក់ថា លោក​ សម​ រង្ស៊ី​ ត្រូវបានតុលាការ​ចោទ​​ប្រកាន់ពីបទបរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឱ្យប្រព្រឹត្ត​អំពើបង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ តាម​មា​ត្រា​៣០៥​,​ មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ បន្ទាប់ពីកេងចំណេញករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី មកធ្វើជានយោបាយវាយប្រហារលើរាជរដ្ឋាភិបាល៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាចំណែកសំខាន់ ផ្សាភ្ជាប់យ៉ាងជិតស្និទជាមួយ យុទ្ធសាស្រ្តកំណើនថ្មី និងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលអនាគត លោកអាចមើលឃើញពីមធ្យោបាយគាំទ្រជាច្រើនចំពោះការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ហើយក្នុងនោះវិទ្យាសា​ស្រ្តនិងបច្ចេកវិទ្យា ជាចំណែកសំខាន់មួយដែលមានការផ្សាភ្ជាប់យ៉ាងជិតស្និទជាមួយ យុទ្ធសាស្រ្តកំណើនថ្មី និងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃ ព្រហ​ស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការកោតសរសើរដល់វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវអភិវឌ្ឍកម្ពុជា និងធនាគារ ANZ Royal ដែលបានបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីពិនិត្យពីសមិទ្ធផល បញ្ហាប្រឈមផ្សេងៗ និងវិធីសាស្រ្តដែលយើងអាចធ្វើការជាមួយគ្នាឈានទៅដោះស្រាយបញ្ហាប្រឈម និងការផ្លាស់ប្តូរមតិគ្នាអំពីអនា​គតនៃប្រទេសកម្ពុជាដើម្បីបានជាប្រយោជន៍ដល់ប្រជាជាតិយើង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រធានបទសន្និសីទនាថ្ងៃនេះ ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា យកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រ ដល់ការរីកលូតលាស់ក្នុងរយៈពេលវែងខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស ការពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងជំរុញការសាងសង់ និងបង្កើតប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ជាការពិតចរន្តនៃការរីកចម្រើននៃសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងសាកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលក្នុងនោះ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងមានសន្ទុះខ្លាំងក្នុងរង្វង់បួនផ្នែក រួមមាន៖ ផ្នែកឌីជីថល ផ្នែកជីវៈវិទ្យាបច្ចេកវិទ្យា ផ្នែកសម្ភារៈរូបធាតុ និងផ្នែកថាមពល។  ជាងនេះទៅទៀត បន្សំនៃផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទាំងបួនផ្នែក នឹងជំរុញល្បឿននិងជម្រៅនៃស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្តូរក្នុងវិសាលភាពមួយដែលមិនធ្លាប់មានពីមុនមក និងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពរស់នៅរបស់មនុស្ស៕






មន្ទីរសុខាភិបាលខេត្តកែប រៀបចំពិធីបិទសន្និបាតបូកសរុបសមិទ្ធផលឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨

កែប៖ នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តកែប មានរៀបចំពិធី បិទសន្និបាតបូកសរុបសមិទ្ធផលឆ្នាំ២០១៧ និងលើកទិសដៅ ការងារឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តកែប អង្គពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។

កិច្ចប្រជុំនេះក៏បានអញ្ចើញចូលរួមជាវត្តមានពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក មេបញ្ជាការ មេបញ្ជាការរង លោក លោកស្រី ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តកែប បានចូលរួមជាច្រើនផងដែរ ៕










ខេត្តកែបរៀបចំយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ” ឆ្នេរកែបប្រឆាំងនឹងសំណល់ប្លាស្ទិក “

កែប៖ ខេត្តកែបបានរៀបចំយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ” ឆ្នេរកែបប្រឆាំង នឹងសំណល់ប្លាស្ទិក ” នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមជាអធិបតី ដោយលោក កែន សត្ថា អភិបាលនៃគណអភិបាលខេត្តកែប លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំតាមបណ្ដា មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាយរឹទ្ធិ កាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត និងបងប្អូនប្រជាពលរដ្ឋ ជាអាជីវករជាច្រើនកុះករផងដេរ។

ក្នុងឱកាសនោះ លោក កែន សត្ថា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែសម្អាតឆ្នេរប៉ុណ្ណោះទេ គឺចង់បង្ហាញពីការចូលរួមថែទាំអនាម័យ ដើម្បីបរិស្ថានយើងទាំងអស់គ្នាផងដែរ ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៤ចំណុចដើម្បីសម្រេចគោលដៅនៃវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Te​ch​no​lo​gy for Industrialization, Economic growth and Development in Cambodia) នៅស​ណ្ឋាគារ Sofitel រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ព្រហ​ស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២​៥​៦​១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍៤ចំណុចដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ឱ្យខ្លាំងក្លានូវវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អនុសាសន៍ទាំង៤ចំណុចនោះ គឺកម្ពុជាត្រូវខិតខំកសាងមូលដ្ឋានគាំទ្រនានា ដែលធានាដល់ការរីកលូតលាស់នៃវិស័យនេះ រួមមាន៖

១- ការជំរុញកម្លាំងពលកម្មមានជំនាញខ្ពស់៖ កម្ពុជា នឹងយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយជួយគាំទ្រការផ្សាភ្ជាប់គ្នារវាងវិស័យអប់រំ និងសហគ្រាសអាជីវកម្មផងដែរ។ ក្នុងនោះកម្ពុជា ក៏នឹងបង្កើតប្រព័ន្ធទទួលស្គាល់ថ្នាក់ជាតិមួយ សម្រា​ប់ផ្តល់រង្វាន់ដល់បុគ្គល និងក្រុមនានា ដែលបានចូលរួមចំណែកលើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

២- ការលើកកម្ពស់បណ្តាញស្រាវជ្រាវ និងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់៖ កម្ពុជា នឹងបន្តជំរុញយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជួយទ្រទ្រង់ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់បម្រើឱ្យការស្រាវជ្រាវ និងអភិវឌ្ឍ និងជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងការចូលទីផ្សាររបស់វិស័យបច្ចេកវិទ្យា។ ក្នុងនោះកម្ពុជានឹងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគកាន់តែច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មបែបថ្មី, លើកទឹកចិត្តដល់កិច្ចសហការ ស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិរវាងសហគ្រាសឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា ដើម្បីញ៉ាំងឱ្យមានការចែករំលែក និងការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា និងការចូលក្នុងទីផ្សារ។

៣- ការបន្តពង្រឹងក្របខ័ណ្ឌស្ថាប័ន គោលនយោបាយ និងច្បាប់ដ៏រឹងមាំ៖ កម្ពុជា នឹងពង្រឹងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា បទប្បញ្ញត្តិពាក់ព័ន្ធ និងការកែលម្អក្របខ័ណ្ឌច្បាប់នានា ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យសហគ្រិន និងអ្នកវិទ្យាសាស្ត្រនានា បង្កើត និងដាក់លក់ផលិតផលបច្ចេកវិទ្យា និងសេវាថ្មីៗទៀត កាន់តែច្រើន និងកាន់តែសកម្មផុលផុស។

៤- បំផុសការចូលរួមរបស់សធារណជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ការបំផុសឱ្យមានការយល់ដឹងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាទូទៅ តាមរយៈការបណ្តុះបណ្តាលទេពកោសល្យ ចំណេះដឹងអំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយលើកស្ទួយ និងការបង្កើនតម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យអង្គសន្និសីទទាំងអស់ធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅប្រកប ដោយមហិច្ឆតារបស់យើងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្លាយជាការពិត និងទប់ស្កាត់ផលអវិជ្ជមាននានាដើម្បីធានាសុខសន្តិភាព ស្ថិរភាព ការអភវិឌ្ឍ និងវិបុលភាពក្នុងប្រទេសកម្ពុជាយើងប្រកបដោយចីរភាព៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ពីចំណងទាក់ទងសំខាន់ចំនួនបីពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចពីចំណងទាក់ទងចម្បងចំនួនបីពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារួមមាន៖ ការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងនិន្នាការធំៗជាច្រើនទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃ ព្រហ​ស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

ចំណងទាក់ទងចម្បងទាំងបីពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានោះរួមមានដូចជា៖

ទី១-  ការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងជួយជំរុញផលិតភាព កំណើន ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេស ដែលនឹងជួយកម្ពុជាកសាងបានមូលដ្ឋានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដូចបណ្តាប្រទេសអភិវឌ្ឍនានា។ នេះជាចំណុចសំខាន់មួយខណៈកម្ពុជាមានប្រជាជនប្រមាណ ៦៥ភាគរយ មានអាយុក្រោម ៣០ឆ្នាំ ដែលកម្ពុជាត្រូវតែរហ័សចាប់ច្បាមយកឱកាសល្អផ្នែកផលលាភប្រជាសាស្ត្រនេះ ដើម្បីសម្រេចគោលដៅទាំងឡាយរបស់ខ្លួន។ ក្នុងន័យនេះ កម្ពុជានឹងគូរឲ្យមានគោលនយោបាយ និងវិធានការដ៏ចាំបាច់នានា ដើម្បីធានាឱ្យយុវជនមានសមត្ថភាពពេញលេញចាប់យកអត្ថប្រយោជន៍ដ៏មហាសាលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

ទី២- ការអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធរូបវ័ន្តសំខាន់ខ្លាំងណាស់សម្រាប់គាំទ្រកំណើន និងការអភិ​វឌ្ឍប្រទេស ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍រឹតតែសំខាន់ថែមទៀតសម្រាប់ឱ្យកម្ពុជាបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងពេលអនាគត។ ជាក់ស្តែងប្រទេសចិន ឥណ្ឌា ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី គឺជាឧទាហរណ៍នៃប្រទេសដែលបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការបើកចំហសម្រាប់ពា​ណិ​ជ្ជកម្មក្នុងវិស័យនេះ។

ទី៣- និន្នាការធំៗជាច្រើន ជាពិសេសបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលថ្មីដែលតែងតែហៅថា បដិវត្តន៍ឧស្សាហកម្ម ៤.០ ឬរោងចក្រឆ្លាត ដើម្បីជំរុញផលិតករក្នុងឧស្សាហកម្មនានាឱ្យផ្តោតការយកចិត្តទុកដាក់ទៅលើគ្រឿងបរិក្ខារ តភ្ជាប់អ៊ិនធើណេត ក្នុងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីអាចបញ្ជូន និងទទួលបានទិន្នន័យពីដំណើរការផលិតកម្មនិងខ្សែចង្វាក់តម្លៃសាកល ងាយស្រួលក្នុងការទទួលបានព័ត៌មានលឿន និងមានការឆ្លើយតបយ៉ាងឆាប់រហ័ស។ ជាក់ស្តែងទិន្នន័យមហាសាលនេះអាចនឹងបង្កើនការសម្រេចចិត្តកាន់តែប្រសើរជាងមុន និងបង្កើនផលិតភាពលើគ្រប់វិស័យ ព្រមទាំងមានបញ្ហាសិប្បនិម្មិត ដែលម៉ាស៊ីនអាចបំពេញការងារជំនួសមនុស្សបានរួមមាន៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់កាន់តែងាយស្រួល និងមានប្រសិទ្ធភាព៕





កង​វិស្វកម្ម​តេជោ ហ៊ុន សែន ​ប្រកាស​សាង​សង់​អាគារ​សិក្សា បន្ទាប់​ពី​ពិធី​សម្ពោធ “ស្ពាន​កោះ​ប៉ែន”

កំពង់ចាម៖ នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ “ស្ពាន​កោះ​ប៉ែន” ត្រូវ​បាន​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ​(ស្ពានឆ្លង​​ទន្លេ​ទៅ​កោះប៉ែន) ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់ត្រុំ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្ត​​កំពង់​ចាម។

បន្ទាប់​ពី​ពិធី​សម្ពោធ​នោះ​ចប់​សព្វគ្រប់ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ​លោក​ គួច​ ចំរើន​ អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ រួម​ជា​មួយ​នាយ​ឧត្តម​សេនីយ៍ គីម ប៊ុនថាន នាយ​រង​ខុទ្ទ​កាល័យលោក​នាយក​រដ្ឋ​​មន្ត្រី​ និង​នាយ​​ឧត្តម​សេនីយ៍ ខេង សុមេធ​ មេ​បញ្ជា​ការកង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន ក៏បាន​ចូល​រួម​ប្រកាស​សាង​សង់​អាគារ​សិក្សាតែម្ដង។

នេះ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​លោកនា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និងលោក​ស្រី​ ជូន​សិស្សា​នុសិស្ស លោក​គ្រូ​ អ្នក​គ្រូ សា​លា​បឋម​សិក្សា​​មេស​ជ្រៃ​  អនុ​វិទ្យា​ល័យ​មេសជ្រៃ អនុ​វិទ្យា​ល័យ​​អូរពីរ និង​អនុវិទ្យា​ល័យ​ដង​ក្តារ​ ដែល​ក្នុង​សា​លា​រៀន​នីមួយ​ៗ​ទទួល​បាន៖ ១​-​អា​គារ​១​ខ្នង​​បី​ជាន់ ២៤បន្ទប់ ២​-​អាគារ​ទី​ចាត់​ការ​១​ខ្នង​ ៣​បន្ទប់ ៣​-​ដង​ទង់​ជាតិ របង ក្ខោងទ្វារ ផ្លូវ​បេ​តុង​​ចូល​ក្នុង​សា​លា និង​ទីលាន​កីឡា​៕