Thursday, March 15, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ពីចំណងទាក់ទងសំខាន់ចំនួនបីពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចពីចំណងទាក់ទងចម្បងចំនួនបីពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារួមមាន៖ ការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងនិន្នាការធំៗជាច្រើនទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃ ព្រហ​ស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

ចំណងទាក់ទងចម្បងទាំងបីពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានោះរួមមានដូចជា៖

ទី១-  ការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងជួយជំរុញផលិតភាព កំណើន ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេស ដែលនឹងជួយកម្ពុជាកសាងបានមូលដ្ឋានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដូចបណ្តាប្រទេសអភិវឌ្ឍនានា។ នេះជាចំណុចសំខាន់មួយខណៈកម្ពុជាមានប្រជាជនប្រមាណ ៦៥ភាគរយ មានអាយុក្រោម ៣០ឆ្នាំ ដែលកម្ពុជាត្រូវតែរហ័សចាប់ច្បាមយកឱកាសល្អផ្នែកផលលាភប្រជាសាស្ត្រនេះ ដើម្បីសម្រេចគោលដៅទាំងឡាយរបស់ខ្លួន។ ក្នុងន័យនេះ កម្ពុជានឹងគូរឲ្យមានគោលនយោបាយ និងវិធានការដ៏ចាំបាច់នានា ដើម្បីធានាឱ្យយុវជនមានសមត្ថភាពពេញលេញចាប់យកអត្ថប្រយោជន៍ដ៏មហាសាលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

ទី២- ការអភិវឌ្ឍន៍ហេដ្ឋារចនសម្ព័ន្ធរូបវ័ន្តសំខាន់ខ្លាំងណាស់សម្រាប់គាំទ្រកំណើន និងការអភិ​វឌ្ឍប្រទេស ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍រឹតតែសំខាន់ថែមទៀតសម្រាប់ឱ្យកម្ពុជាបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងពេលអនាគត។ ជាក់ស្តែងប្រទេសចិន ឥណ្ឌា ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី គឺជាឧទាហរណ៍នៃប្រទេសដែលបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការបើកចំហសម្រាប់ពា​ណិ​ជ្ជកម្មក្នុងវិស័យនេះ។

ទី៣- និន្នាការធំៗជាច្រើន ជាពិសេសបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលថ្មីដែលតែងតែហៅថា បដិវត្តន៍ឧស្សាហកម្ម ៤.០ ឬរោងចក្រឆ្លាត ដើម្បីជំរុញផលិតករក្នុងឧស្សាហកម្មនានាឱ្យផ្តោតការយកចិត្តទុកដាក់ទៅលើគ្រឿងបរិក្ខារ តភ្ជាប់អ៊ិនធើណេត ក្នុងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីអាចបញ្ជូន និងទទួលបានទិន្នន័យពីដំណើរការផលិតកម្មនិងខ្សែចង្វាក់តម្លៃសាកល ងាយស្រួលក្នុងការទទួលបានព័ត៌មានលឿន និងមានការឆ្លើយតបយ៉ាងឆាប់រហ័ស។ ជាក់ស្តែងទិន្នន័យមហាសាលនេះអាចនឹងបង្កើនការសម្រេចចិត្តកាន់តែប្រសើរជាងមុន និងបង្កើនផលិតភាពលើគ្រប់វិស័យ ព្រមទាំងមានបញ្ហាសិប្បនិម្មិត ដែលម៉ាស៊ីនអាចបំពេញការងារជំនួសមនុស្សបានរួមមាន៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់កាន់តែងាយស្រួល និងមានប្រសិទ្ធភាព៕





No comments:

Post a Comment