Thursday, March 15, 2018

សាខាកាកបាទក្រហមខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ជនចាស់​ជរាគ្មានទីពឹង និងមានជម្ងឺ

ស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាក នៅថ្ងៃពុធ ១៣​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៨ ក្រុមការ​ងារ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈ​កម្មាធិការសាខា មន្ត្រីអនុសាខាស្រុកកំពង់រោទិ៍ បាននាំយកអំណោយមនុស្សធម៌ របស់សាខា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ ជនចាស់ជរាគ្មានទីពឹង មានជម្ងឺ​៥​គ្រួសារ អ្នក​រស់​នៅ​ជា​​មួយ​​មេរោគអេដស៍ម្នាក់ និងស្ត្រីទើបសម្រាលកូនម្នាក់ សរុប​៧​គ្រួសារ មកពីឃុំ​ព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

ក្នុងឱកាសនោះលោកស្រី ពៅ សុភាព បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក​​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ ដោយ​ក្តីនឹករលឹក ហើយ​ជានិច្ចកាល លោកស្រីតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា។

លោកស្រី ពៅ សុភាព បានបញ្ជាក់បន្ថែមដល់អ្នកទទួលអំណោយទាំង៧គ្រួសារ ដោយសង្ខេបអំពីសកម្ម​ភាពនានា របស់កាកបាទក្រហមកម្ពុជានៅថ្នាក់សាខា និងអនុសាខា ដែលបានយកចិត្តទុក​ដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់​ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះ បានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូរដល់លោកតា លោកយាយ ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិកា និងកុមារកំព្រា ព្រោះមិនមែនតែស្រុកកំពង់រោទិ៍ មួយទេ ដែល​សាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយ​ដល់ស្រុកផ្សេងទៀត តាមលទ្ធភាពដែលសាខាមាន។

អំណោយមនុស្សធម៌រួមមានស្បៀង និងសម្ភារៈ ដែលបានចែកជូនចាស់ជរា និងមានជម្ងឺ ៦​គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ៣០គីឡូក្រាម, កន្ទេលបត់១, មី១កេស, ត្រីខ​១០​កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, មុង​១, ភួយ១, ក្រមា១, សារុង១ ឧបត្ថម្ភស្ត្រីទើបសម្រាលកូនមាន ឃីត​មួយ​​កញ្ចប់ (ភួយ១ ក្រមា១ សារុង​១) អង្ករ៣០គ.ក្រ កន្ទេលបត់១, មី១កេស, ត្រីខ​១០​កំប៉ុង, ទឹក​ស៊ីអ៊ីវ៦ដប, ទឹកដោះគោខាប់​៥​កំប៉ុង, ស្ករស២គីឡូក្រាម និងសម្រាប់ទារកមាន អាវ​២​កំប្លេ, មួក​១, មុងសម្រាប់ទារក១, កន្សែងត្រី​កោណ​១ដុំ, កន្សែងធំ១, ស្រោមដៃស្រោមជើង​១​កំប្លេ, សាប៊ូដុសខ្លួន១ដប និងសាប៊ូ១ដប៕





No comments:

Post a Comment