Monday, April 26, 2021

TOP NEWS: រាជរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍បន្ថែមទៀត និងបែងចែក តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។
ប្រការ២៖ ភូមិសាស្រ្តដែលត្រូវបានបិទ ត្រូវបានបែងចែកជា «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។
«តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ «តំបន់លឿង» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលក្នុងសហគមន៍។
















ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ដោះស្រាយការលំបាករបស់ពលរដ្ឋនៅតំបន់បិទខ្ទប់

(កណ្ដាល)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទាននូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ជួយស្រោចស្រង់ ដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់រស់នៅក្នុងតំបន់បិទខ្ទប់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល។



អំណោយដ៏ថ្លៃថ្លានេះប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល តាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ដែលធ្វើការប្រគល់-ទទួល នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅឯសាលាខេត្តកណ្ដាល។

ក្នុងពិធីទទួលអំណោយនេះដែរ មានវត្តមានចូលរួមផងដែរ ពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ខេត្តកណ្ដាល ជាច្រើននាក់ផ្សេងទៀតផងដែរ។

លោកបណ្ឌិត ម៉ៅ ភិរុណ រួមនឹងលោក គង់ សោភ័ណ្ឌ បានលើកម្រាមដៃ១០ គោរពថ្វាយអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសង្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានគិរគូរជួយមកដល់កូនចៅ ចៅទួត ដែលកំពុងរងគ្រោះដោយសារវិបត្តិកូវីដ-១៩នេះ។

សូមជម្រាបថា ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រគល់ជូនរួមមាន៖ អង្ករចំនួន៣០តោន, មីចំនួន ១,០០០កេសតូច ត្រីខកំប៉ុងចំនួន ១,០០០យួរ ទឹកសុទ្ធចំនួន ៣០០កេស សម្រាប់ប្រទានជូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម។

* អង្ករចំនួន ៥តោន មីចំនួន ៣០០កេសតូច ត្រីខកំប៉ុងចំនួន ៣០០យួរ និងទឹកសុទ្ធចំនួន ៥០កេស ប្រទានជូនកងកម្លាំងនគរបាល និងកងកម្លាំងរាជអាវុធហត្ថ នៃខេត្តកណ្តាល។

រីឯព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសង្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រគល់ជូនរួមមាន៖ អង្ករចំនួន ៣០តោន មីចំនួន ១,០០០កេសតូច ត្រីខកំប៉ុង ១,០០០យួរ ទឹកសុទ្ធ ៣០០កេស សម្រាប់ប្រទានជូនប្រជាពលរដ្ឋស្ថិតនៅតំបន់ក្រហម នៃខេត្តកណ្តាល៕

















ព្រះមហាក្សត្រនិងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជាច្រើនមុខ ផ្ដល់ជូនរដ្ឋបាលរាជធានី ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ពាក់ព័ន្ធកូវីដ-១៩

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមនៅរាជធានីភ្នំពេញ ពាក់ព័ន្ធជម្ងឺកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនៅពេលនេះ។



ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ មេសានេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល និងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមថ្លែងអំណរព្រះរាជគុណយ៉ាង ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមមានអង្ករ៥០តោន មី ចំនួន ២.០០០កោសតូច, ២ត្រីខចំនួន២,០០០យួរ ទឹកសុទ្ធ៣០០កេស និងមាស់៤កេសធំ (ស្មើ១២,០០០បន្ទះ) សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុង តំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកបន្តថា ៖ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើ ពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១នៅរាជធានី ភ្នំពេញ និងបានបង្ហាញឱ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចជាកាល ព្រះអង្គតែងតែបរិច្ចាគនូវទ្រព្យធន និងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋ ទីទ័លក្រនៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដំ សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែង តរៀងទៅ។

លោកឃួង ស្រេង ជាមួយគ្នានោះក៏បានថ្លែងអំណរព្រះរាជគុណយ៉ាង ជ្រាលជ្រៅបំផុតផងដែរថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងផងដែរ ដោយរួមមាន៖ ១. អង្ករ៥០តោន, មី ២.០០០កេសតូច, ត្រីខ ២,០០០យូរ ទឹកសុទ្ធ៣០០កេស សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុង តំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ និងអង្ករ៥តោន, មី ៣០០កេសតូច, ត្រីខ៣០០យួរ ទឹកសុទ្ធ៥០កេស សំរាប់ចែកជូនកងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថដែលកំពុងបំពេញភារកិច្ចតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដ៏សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែងតរៀងទៅ។

សូមករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួល នូវអភិវន្ទនកិច្ច និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕