Wednesday, November 06, 2013

សម្តេច​​តេជោ​​នាយក​រដ្ឋមន្ត្រី​ បង្ហាញ​​ជំហរ​​របស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ទាក់​ទង​​នឹង​កិច្ច​​​ការ​ពារ​ប​រិ​ស្ថាន​

សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពីគោល​នយោបាយ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ថា «​នៅក្នុង​អាណត្ដិ​ថ្មី​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ដ​យកចិត្ដទុកដាក់​ខ្ពស់​បន្ថែមទៀត លើ​កិច្ច​ការពារ​បរិស្ថាន ដែល​ជា​វិធានការដ៏​ចាំបាច់​បំផុត ហើយ​ចាត់​ទុក​និរន្ដរភាព​បរិស្ថាន​ជា​អាទិភាព​នាំ​ផ្លូវ​ដ៏​ត្រឹមត្រូវ សម្រាប់​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព និង​ការលុបបំបាត់​ភាព ក្រីក្រ​» ។

​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​វិមានសន្តិភាព ក្នុង​ពិធី​បើក​វេទិកា​ជាតិ​លើក​ទី​៣ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ក្រោមប្រធានបទ «​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​ការអភិវឌ្ឍ​ដោយ​ចីរភាព ក្នុង​បរិបទ​ប្រែប្រួល អាកាសធាតុ​» សម្ដេច​តេជោ​មាន​ប្រសាសន៍បញ្ជាក់​ថា «​រាជរដ្ឋាភិបាល នឹង​ប្រឹងប្រែ​ងអនុវត្ដ​គំនិត​ផ្ដួចផ្ដើម​នៃ​ការអភិវឌ្ឍ​បៃតង​ជាតិ ដែល​អាច​ពង្រឹង​នូវ​កំណើន សេដ្ឋកិច្ច, ការប្រើប្រាស់, ការផលិត និងធុរកិច្ច ដែល​មាន​លក្ខណៈ​បៃតង ដើម្បី​រក្សា​តុល្យភាព​នៃ​ការអភិវឌ្ឍ​ឱ្យ​ប្រកបដោយ ចីរភាព​លើ​ទិដ្ឋភាព​ធំ​ទាំង​បួន គឺ​សង្គម វប្បធម៌ បរិស្ថាន និងសេដ្ឋកិច្ច​»។
​​
ទាក់ទិន​នឹង​ប្រធានបទនៃ​វេទិកា​ជាតិ​បរិស្ថាន​នេះ ​សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា «​ជា​ការពិត ការប្រែប្រួល​អាកាសធាតុ​លែង​ជា​អ្វីដែល ស្ថិតនៅ​ឆ្ងាយ​ពី​យើង​ទៀតហើ​យ ហើយ​កំពុង​បង្ក​ឥទ្ធិពល​មកលើ​យើងទាំងអស់គ្នា ក្នុងពេល​បច្ចុប្បន្ន និង​ជា​បញ្ហា​ប្រឈម​មួយ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ធំៗ​បំផុត​ដែល មនុស្ស​ជាតិ​ត្រូវ​ប្រឈម​នៅ​ក្នុង​សតវត្សរ៍​​ទី​ ២១​នេះ​ដោយសារ​តែ​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​ហើយ​មាន​វិសាលភាព​កាន់តែធំ​ជាង​មុន​»​។ សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា «​បើ​ពិនិត្យ​តាម របកគំហើញ​ពី​ការស្រាវជ្រាវ​ថ្មីៗ បាន​អះអាងយ៉ាងច្បាស់​អំពី​កំណើន​នៃ​ផល​ប៉ះពាល់​ពីការប្រែប្រួល​អាកាស​ធាតុ​គឺ​កាន់តែ​ខ្លាំងក្លា និង​ញឹកញាប់​ជាង​មុន​ខណៈ​ដែល​កំណើន នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​បន្ដ​ធ្វើឱ្យ​សីតុណ្ហ​ភាព​មធ្យម​លើ​ពិភពលោក​កើនឡើង​ជា​ខ្លាំង។ ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំនេះ ពិភពលោក​ត្រូវ​បាន​សង្កេតឃើញថា កំ​ហាប់ឧស្ម័ន​កាបូ​និក​នៅ​ក្នុង​បរិយាកាស​កើន​ដល់ ៤០០​ភាគ​លាន​ដែល​ជា​កម្រិត​ខ្ពស់​បំផុត លើកដំបូង​គិត​ចាប់តាំងពី​ពេល​មានការវា​ស់​ដោយ​ប្រើប្រាស់​ឧបករណ៍​​ទំនើប​មក​។ នៅ​ចំពោះមុខ​កំហាប់​ឧស្ម័ន​កាបូនិច​ក្នុងបរិយាកាស​កម្រិត​ខ្ពស់​បំផុត​ជា​ប្រវត្ដិសាស្ដ្រនេះ​បាន​បង្ហាញថា យើង​កំពុង​ឈានចូលទៅក្នុង​ស្ថានភាព​មួយ​ប្រកបដោយ​គ្រោះថ្នាក់​។ ក្នុងនោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន ពើបប្រទះ​នូវ​និន្នាការ​ដែល​ត្រូវ​ប្រកាស អាសន្ន​​នៃ​ទឹកជំនន់, គ្រោះរាំងស្ងួត និង​ព្រឹត្ដិការណ៍​អាកាសធាតុ​មិន​ប្រក្រតី​ដែល​កើត មាន​កាន់តែ​ញឹកញាប់ និង​ធ្ងន់ធ្ងរ​ជាង​មុន ជាពិសេស​ក្នុង​អំឡុង​នៃ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ លើសពីនេះ​ទៀត​ភាព​ងាយ​រងគ្រោះ នៃ​ទឹកជំនន់​នៅ​អាស៊ី​នឹង​បន្ដ​កើន​ឡើង​ហើយ រហូតដល់​ឆ្នាំ​២០២៥​ប្រជាជន​ច្រើន​ជាង ៤១០​លាន​នាក់​ដែល​តំណាង​ឱ្យ​លើសពី ៨៥​ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ជន់​លិច នៅតាម​តំបន់ឆ្នេរ​ដោយសារ​ប្រឈម​នឹង ផលប៉ះពាល់​នៃ​ព្យុះ​ស៊ីក្លូន និង​តំបន់​ទំនាប លិច​ទឹក​ដែល​ងាយ​ពើបប្រទះ​នឹង​ព្យុះ​ទី​ហ្វុង​។ គ្រោះមហន្ដរាយ​ជា​ញឹកញាប់ទាំងនេះ រួមផ្សំ​ជាមួយ​ឥទ្ធិពល​ដទៃទៀត ដែល​បណ្ដាល​ពី​ការប្រែប្រួល​អាកាសធាតុ​ដូច​ជា​ការ​ជ្រាបចូល​នៃ​ទឹកប្រៃ​ នៅតាម​តំបន់ឆ្នេរ ឬ​ផលប៉ះពាល់​បណ្ដាល​ពី​សត្វ​ចង្រៃ និង​ការ​រាតត្បាត​នៃ​ជំងឺ​បានធ្វើឱ្យ​ការប្រែប្រួល​អាកាសធាតុ​ក្លាយជា​បញ្ហា ​ប្រឈម​ដែល​ទាមទារ​ឱ្យ​មាន​ការ​យកចិត្ដទុកដាក់​ជាប​ន្ទា​ន់​។ ទន្ទឹម​នេះ​ទឹក ជំនន់​នាពេល​ថ្មីៗ នេះ​នៅ​កម្ពុជា​ក៏​បាន​បង្ក​ឱ្យ​មាន​ការបាត់បង់​អាយុជីវិ​តមនុស្ស,​ផល ប៉ះពាល់​ដល់​ដំណាំ កសិកម្ម, ហេ​ដ្ឋា​រចនា សម្ព័ន្ធ និង​ការ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​នៅ​សហគមន៍​ដែល​បញ្ហា​នេះ​ជា​ភស្ដុតាង​ថ្មី​បន្ថែម​ទៀត​បង្ហាញ​ពី​សញ្ញា​បន្ទាន់ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ។
​​​
សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍ផ្តល់​ជាអនុសាសន៍​ ដោយ​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ធ្វើការ​ពិចារណា​ជា​លក្ខណៈ​ប្រព័ន្ធ​អំពី​ ការងារ​ប្រែប្រួល​អាកាសធាតុ​នៅពេល​លើក​ផែនការ​អន្ដរាគមន៍​លើ​ការងារ អភិវឌ្ឍ​ដើម្បី​ធានាថា ការចំណាយ​វិនិយោគ នានា​មាន​ប្រសិទ្ធភាព និង​ផ្ដល់​ផល​ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ។ ក្នុង​នេះ​សម្ដេច​ជំរុញ​ឱ្យ​ផ្ដោត​ការយកចិត្ដ ទុកដាក់​ខ្លាំង​ថែម​ទៀត​លើ​ការប្រើប្រាស់​ប្រភព​ថាម​ពល​​កកើត​ឡើងវិញ​ដូចជា​ ថាមពល​វា​រី​អគ្គិសនី,​សំណល់​កំដៅ​ពី​ឧស្សាហកម្ម, សំណល់​កសិកម្ម និង​សំណល់​ពី​ការចិញ្ចឹម សត្វ​ជាដើម​។ ទន្ទឹម​នេះ​សម្ដេច​ក៏​ជំរុញ​ឱ្យបន្ដ​អនុវត្ដ​នូវ​គំនិត​ផ្ដួចផ្ដើម​ការអភិវឌ្ឍ​បៃតង​ជាតិ​នៅ​កម្ពុជា​ ដើម្បី​គាំទ្រ​បន្ថែមទៀត​ដល់ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ហើយ​បន្ដ​យកចិត្ដទុកដាក់​លើ​ការអនុវត្ដ​បណ្ដាគ​ម្រោង យន្ដការ​អភិវឌ្ឍ​ស្អាត, ​ការ​ជំរុញ​​យុទ្ធនាការ​សន្សំសំចៃ​ថាមពល​អគ្គិសនី និង​ប្រេងឥន្ធនៈ, សកម្មភាព​ការពារ និង​អភិរក្ស​ព្រៃឈើ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ, ព្រៃ​បម្រុង និងព្រៃ​ការពារ​ជាដើម​។ បន្ថែម​លើ​នេះ​សម្ដេច តេជោ​បាន​ស្នើ​ឱ្យ​ក្រសួង​អប់រំយុវជន និងកីឡា​គួរ​ពិនិត្យ​ពិចារណា​ដាក់បញ្ចូល​មុខវិជ្ជា ការប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​កម្មវិធីអប់រំ និង​បណ្ដុះបណ្ដាល​នានា​ទាំង​កម្មវិធីសិក្សា​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។
សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​​បញ្ជាក់​អះអាងថា រាជរដ្ឋាភិបាល​នឹង​បន្ដ​បង្កើត​​​បរិយាកាស​អំណោយ​ផល និង​លើក​ទឹកចិ​ត្ដ​សម្រាប់​ការចូ​ល​រួម​របស់​វិស័យ​ឯកជន​នៅ ក្នុង​ការវិនិយោគ​ដែល​នឹង​ជួយ​ដោះស្រាយ​ដល់​ការងារ​ប្រែប្រួល​អាកាសធាតុ​ ទាំង​លើវិធាន​ការ​​​បន្ស៊ាំ និង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាដើម។
សម្រាប់​ក្របខ័ណ្ឌ​ពិភពលោក​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីបានមាន​ប្រសាសន៍​បញ្ជាក់ថា «​ពិត​មែន​​តែ​សមត្ថភាព និង​ធនធាន​មាន​កម្រិត ក៏​ប៉ុន្ដែ​កម្ពុជា​បាន​ប្ដេជ្ញា​ក្នុង​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុងការត្រៀមខ្លួន និងរួមចំណែក​ជា​និច្ច​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ក្នុង​ ការទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនានៃ​មនុស្សជាតិ ក្នុង​ការរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ដោយ​ឈរ​លើ​ស្មារតីនៃ​គោលការណ៍​ចម្បងៗ របស់​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ។
ទាក់​ទង​ទៅនឹង​ការ​បម្រែ​បម្រួល​ធាតុ​អាកាស​នេះ ឯកឧត្តម សាយ សំ​អាល់  រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ការប្រែប្រួល​អាកាសធាតុ​បានបញ្ជាក់​ថា​៖ តាម​ការព្យាករណ៍​បានឱ្យដឹង ថា កំដៅ​ភពផែនដី​នឹង​កើនឡើង​ពី​១,៥ °C ដល់​២°C នៅ​ចុង​សតវត្សរ៍​ទី​២១ បើ​ធៀប នឹង​សីតុណ្ហភាព​នៅ​ចុង​សតវត្សរ៍​ទី​១៩​។ ​
ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​កម្ពុជា​អាច​នឹង​ងាយ​រង​ផល ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស ​យើង​មាន​ភាព​អាស្រ័យ​យ៉ាង​ផ្ទាល់​លើ​វិស័យ​កសិកម្ម​ហើយ​ធន​ធាន​មនុស្ស និងហិរញ្ញវត្ថុ​ក៏​នៅមានកម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ក៏​នៅ​មិនទាន់​ ឆ្លើយតប​តាម​តម្រូវ​ការ​ជាពិសេស​យើង​ក៏​នៅ​ខ្វះខាត​បច្ចេកវិទ្យា​សម​ស្រប​ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រែ​ប្រួល​​អាកាសធាតុ​នៅឡើយ​។ ​​​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​ទឹកប្រាក់ប្រមាណ ២៥០លាន​ដុល្លារ​អាមេរិក ​ត្រូវបាន​កៀរគរ​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង ​ប្រែ​ប្រួល​អាកាសធាតុ​នានា។

សូម​បញ្ជាក់​ថា វេទិកា​ជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ត្រូវបាន​រៀបចំឡើង នៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ដោយ​ក្រសួង​បរិស្ថាន និង​ដោយ​សហការ​ជាមួយ​ស្ថាប័ន និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​ អាកាសធាតុ​។ ឆ្នាំ​នេះ​វេទិកា​ជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ប្រារព្ធ ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៣៕

ឯកអគ្គ​រដ្ឋ​ទូត​​ថ្មី​​សិង្ហ​បុរី​ស​រសើ​ចំពោះ​ការ​​រីក​​ចម្រើន​​របស់​​កម្ពុជា​

នៅ​ក្នុង​ជំនួប​សំដែង​ការគួរសម​ចំពោះ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្តម Kevin Cheok ឯកអគ្គរដ្ឋទូត​ថ្មី​ប្រទេស​សិង្ហ​បុរី បានមានប្រសាសន៍​ ស​សើរ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​សោភ័ណភាព​ដ៏​ត្រចះត្រចង់ និង​ពោរពេញ​ដោយ​ភាពកក់ក្តៅ ហើយក្នុង​នេះដែរ លោក​ក៏​បាន​ជូនពរចំពោះសម្តេច​តេជោ ហ៊ុន សែន ដែល​ត្រូវបាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី។

ឯកឧត្តម Kevin Cheok ឯកអគ្គ រដ្ឋទូត​ថ្មី​ប្រទេស​សិង្ហ​បុរីក៏​បាន​ឲ្យ​ដឹង​អំពី​មនោសញ្ចេតនា​របស់​ឯកឧត្តម​ថា ឯកឧត្តម​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​ត្រូវ​បានតែងតាំង​ជា​ឯកអគ្គ​រដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​ព្រះរាជាណាចក្រ​កម្ពុជា​នោះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ឯកឧត្តម Kevin Cheok មាន​ប្រសាសន៍​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​សោភ័ណភាព​ដ៏​ល្អ​ត្រចះត្រចង់ និង​ពោរពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​បំផុត ហើយ​លោក​សូម​គោរព និង​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តង​ទៀត​ក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា សឹង្ហ​បុរី កំពុង​តែ​មាន​ការវិវត្តន៍​​​រីកចម្រើន​ជា​រៀងរាល់ថ្ងៃ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​ក៏មាន​កំណើន​ខ្លាំង​ណាស់​ដែរ។ ឯកឧត្តម​បន្ត​ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​នៅកម្ពុជា ឯកឧត្តម នឹង​ជំរុញ​យកចិត្តទុកដាក់​ឲ្យ​កាន់​តែ​ខ្លាំង​ថែមទៀត លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​កម្ពុជា ដើម្បី​ជា​កត្តា​ជំរុញ​នូវ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​ពីរ​​ឲ្យ​កាន់តែ​រឹងមាំ​និង​ស៊ី​ជម្រៅ​ថែមទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​យល់ស្រប​ទៅនឹង​ឯកឧត្តម Kevin Cheok ពាក់ព័ន្ធ ទៅ​នឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។ ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​​ក៏បាន​សំដែង​នូវ​ការ​រីករាយ​ផង​ដែរ​ចំពោះ​ការ ​កើនឡើង​លើ​វិស័យ​វិនិយោគ​របស់​សិង្ហ​បុរី​ក្នុង​ប្រទេស​កម្ពុជា ពិសេស​បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សិង្ហ​បុរី ដែល​​បាន​ជួយ​ដល់​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស។ សម្តេច​តេ​ជោ​មាន​ប្រសាស​ន៍​​​សង្កត់ធ្ងន់​ថា សិង្ហ​បុរី​គឺជា​តួអង្គ​ដ៏​មាន​សារៈសំខាន់​មួយ នៅក្នុង​ការអភិវឌ្ឍន៍​ធន​ធានមនុស្ស ក្នុង​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ៕

គោល​ដៅ​​របស់​​ឯកអគ្គ​រដ្ឋ​ទូត​ថ្មី នៃសហព័ន្ធ​អាល្លឺម៉ង់​ គឺជំរុញ​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​ពីរ

ឯកឧត្តម Jaochim Baron Von Marschall ឯកអគ្គរដ្ឋទូតថ្មីរបស់សហព័ន្ធអាល្លឺម៉ង់ ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បានជម្រាប​ជូន​សម្តេច​តេជោអំពី​ជំហរ​រដ្ឋាភិបាល​​នៃសហ​ព័ន្ធអាល្លឺម៉ង់​តាម​រយៈបេសកកម្ម​ការទូត​ថា ​ទិស​ដៅនៃអាណត្តិ​បេស​ក​​កម្ម​របស់​ឯកឧត្តម​នៅ​ពេល​នេះ គឺដើម្បីពង្រឹង​បន្ថែមទៀតនូវទំនាក់ទំនងនៃប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹ​ងមាំថែមទៀត ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​សំដែង​ការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ឯកឧត្តម Jaochim Baron Von Marschall បានជម្រាបជូនសម្តេចតេ ជោដែរថា កម្ពុជា និង​សហ​អាល្លឺម៉ង់​មានជំនួយសហប្រតិបត្តិការលើវិស័យជាច្រើន ប៉ុន្តែអ្វីដែល​រូប​លោក​មើល​ឃើញ ដែលជាសក្តានុពលដ៏សំខាន់បំផុតនៅកម្ពុជានាពេលនេះ គឺយុវវ័យរបស់កម្ពុជា ហើយ​ការ​ដាក់ទុនវិនិយោគបណ្តុះបណ្តាលយុវវ័យកម្ពុជា គឺអាចធ្វើឲ្យកម្ពុជាមិនមានការលំបាក និង​ការ​​ព្រួយបារម្ភអំពីអនាគត របស់កម្ពុជានោះឡើយ។

ឯកឧត្តម Jaochim Baron Von Marschall បានថ្លែងថា ឪពុកម្តាយរបស់ឯកឧត្តម​បានមកកាន់ ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៦១ ដោយបានយកទៅប្រទេស​អាល្លឺម៉ង់​វិញជាមួយ​នឹង​រូប​ភាព​ដ៏ល្អ​ៗ​​ពី​ប្រទេសកម្ពុជា និងចាប់តាំងពីនោះមកឈ្មោះកម្ពុជា គឺជាពាក្យដ៏ពិរោះ និងកន្រ្តាក់ អារម្មណ៍​​សម្រាប់រូបលោកជានិច្ច។ ឯកឧត្តមមានប្រសាសន៍បន្តថា នៅពេល​ត្រូវ​បាន​តែង​តាំង​ជា​​ឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ប្រចាំកម្ពុជា នៅពេលនេះសុបិនបានក្លាយជាការពិត​សម្រាប់​រូប​ឯកឧ​ត្តមនោះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្វាគមន៍ចំពោះ ឯកឧត្តម Jaochim Baron Von Marschall ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ សម្តេចតេជោ​បន្តថា វត្តមាន​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូតអាល្លឺម៉ង់ដ៏ឆាប់រហ័សបំផុតនៅ កម្ពុជា​នាពេល​នេះ​គឺ​បង្ហាញ​ពីការយក​ចិត្តទុក​ដាក់នៃទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ក៏បាន​ថ្លែងនូវ​អំណរគុណ​ជូនចំពោះ រដ្ឋាភិបាល និង​ប្រជា​ជន​អាល្លឺ​ម៉ង់ ដែលជានិច្ចកាល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា កាល​ពីពេល​កន្លងទៅ ដោយ​សម្តេច​​បាន​ចាត់​ទុក​ ជំនួយ​ទាំងអស់​នោះ​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​កាត់​​បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសជំនួយ​លើការ​បោស​សម្អាត​គ្រាប់មីន តុលាការ​កាត់ក្តី​អតីតមេដឹកនាំខ្មែរ​ក្រហមការ​បណ្តុះបណ្តាល​ធនធានមនុស្ស គឺសុទ្ធសឹង​តែជាការ​ចូលរួម​ចំណែក​ដល់ការអភិវឌ្ឍកម្ពុជា។

សម្តេច​បាន​ផ្តោត​នូវ​សេចក្តី​សង្ឃឹម​ថា សហព័ន្ធ​អាល្លឺម៉ង់​នឹង​បន្ត​ជួយដល់​ការអភិវឌ្ឍប្រទេស​កម្ពុជា​បន្តទៀត។ សម្តេចតេជោបន្តថា ពីដើមឡើយ​អាទិភាព​របស់​កម្ពុជា​កាលពី​ទសវត្ស៨០ គឺ​មាន​ផ្លូវ ទឹក ភ្លើង និងមនុស្ស ប៉ុន្តែ​នៅអាណត្តិ​ទី៥ នេះអាទិភាព​ចម្បង​របស់​កម្ពុជា គឺការ​អភិវឌ្ឍ​ធន​ធានមនុស្ស៕

បទអត្ថា​ធិប្បាយ៖ សហរដ្ឋ​អាមេរិក ធ្វើឲ្យ​បក្ស​សង្គ្រោះ​ជាតិ ចុក​ឈាម

នៅទីបំផុត សហរដ្ឋអាមេរិក បានឆ្លើយតបចំពោះគណបក្សប្រឆាំងនៅកម្ពុជា យ៉ាងជូរចត់​បំផុត និង ជាការកាច់បំបាក់អំណួតអួតអាងបរទេសនិយមរបស់បក្សនេះ។ ជាក់ស្តែងកាលពីថ្ងៃទី០៤​ ខែវិច្ឆិកានេះ លោក Scot Marciel ឧបការីរងជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកអា​ស៊ីខាងកើត និង អាស៊ីប៉ា​ស៊ីហ្វិក បានថ្លែងបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិកថា “រដ្ឋាភិបាលអាមេរិក មិនលូកដៃ​ចូលក្នុងកិច្ចការដោះ​ស្រាយ​វិបត្តិ​នយោ​បាយរបស់កម្ពុជាឡើយ”។

មូលហេតុដែលនាំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ថ្លែងបញ្ជាក់បែបនេះ យើងអាចកត់សំគាល់​ឃើញ​នូវ​គោលនយោបាយ​ការ​បរទេស​របស់គេ ចំពោះកម្ពុជា លើ៥ ចំណុចគឺ ១.គោរពអធិបតេយ្យ​របស់​កម្ពុជា ២.គោរព​ស្វ័យ​សម្រេច​​របស់​ប្រជាពលរដ្ឋខ្មែរ លើបញ្ហាខ្មែរ ដោយខ្មែរខ្លួនឯង ៣.ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុ​​បក្ស និង ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានភាពរីកចំរើន និង ទទួល​យក​បានជាទូទៅ ៤.សហ​រដ្ឋ​អាមេ​រិក បានយកកម្ពុជា ជាដៃគូស្មើមុខ ស្មើសិទ្ធិ និង ៥. បង្ហាញឲ្យប្រជា​ពល​រដ្ឋខ្មែរ បានជ្រាបថា គោល​ជំហរ​​របស់​​រដ្ឋាភិបាលសហរដ្ឋអាមេរិក ខុសគ្នាពីអ្នកនយោបាយ​អាមេរិកាំងមួយចំនួន ចំពោះប្រទេសកម្ពុជា ក៏ដូច​ជា​គណ​​បក្សប្រឆាំងនៅកម្ពុជា ដែលតែងតែយក “អាមេរិក” ធ្វើជាបង្អែកនយោបាយរបស់ខ្លួននោះ។

នេះ ជាការវាយបំបាក់ត្រង់ៗតែម្តង និង យ៉ាងចាស់ដៃបំផុត ចំពោះនយោបាយ និង សកម្មភាព​ប្រកប​ដោយ​ភាពក្រអើតក្រទម និងអំនួត របស់គណ​បក្ស​សង្គ្រោះ​ជាតិ គឺនយោបាយបរទេសនិយម។ បរទេស​និយម នៅត្រង់ថា គណ​បក្ស​មួយ​នេះ តែងតែ​ធ្វើ​សកម្មភាព និង ថ្លែងសារនយោ​បាយ ទាំង​មុន និង ក្រោយ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណ​ត្តិទី៥ ខែ​កក្កដា ឆ្នាំ២០១៣​នេះ ថា សហរដ្ឋអាមេរិក និង ប្រទេស​​មហាអំណាច​ប្រជាធិបតេយ្យ​សេរីដ៏ដៃទៀត បានគាំទ្រ គណបក្សរបស់ខ្លួន។

ជាក់ស្តែង លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងមួយនេះ ក៏តែង​តែ​​​ចេញ​ចូលស្ថានទូតសហរដ្ឋអាមេរិកនៅ​ទី​ក្រុង​ភ្នំពេញ យ៉ាងទៀងទាត់ ថ្ងៃខ្លះ ក្នុងមួយថ្ងៃពីរ ឬបីដង​ក៏​មាន នេះនៅ​មិន​​ទាន់​និយាយដល់ស្ថានទូតនៃប្រទេសនានា របស់សហគមន៍អ៊ឺរ៉ុបប្រចាំនៅ​កម្ពុជា​ឡើយ​។ សកម្មភាព​ទាំង​នេះ គឺដើម្បី​សម្ញែងប្រជាជន និង អ្នកគាំទ្ររបស់ខ្លួន ថា គណបក្សនេះ មានសហរដ្ឋ​អាមេរិក និង សហគមន៍​អ៊ឺរ៉ុប​ដែល​គេអះអាងថា ជាបិតាប្រជាធិបតេយ្យនោះ ពិតជា​ប្រទេស​បង្អែក​ប្រាកដ​មែន។

នេះជាមេរៀនមួយសម្រាប់លោក សម រង្ស៊ី និង លោក កឹម សុខា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ​និយម​បស្ចឹម​ប្រទេសដែរ ហើយវាក៏ជាមេរៀនចាស់មួយ សម្រាប់ប្រជាពលរដ្ឋខ្មែរ​ ដែលបានកើត​មាន​នៅ​​ក្នុង​របប​សាធា​រណៈរដ្ឋខ្មែររបស់លោក លន់ នល់ និង បក្ខពួក ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៧០។ នៅពេលរបបនេះ ត្រូវបានរលត់នៅឆ្នាំ១៩៧៥ មុនពួកខ្មែរក្រហម ចូលក្រុងភ្នំពេញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាសម័យនោះ បានសរសេរ​លិខិតថ្វាយ ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ ដើម្បីយាងចេញពីប្រទេស តែត្រូវបានព្រះអង្គម្ចាស់ សិរិមតៈ ឆ្លើយ​តប​ដោយ​សម្តែង​​ការ​សោក​ស្តាយ និង ខកចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលបក្ខពួកគាត់ បានជឿ និង មានទំនុកចិត្តលើ​សហរដ្ឋអា​មេ​រិក។ ខកចិត្តក៏ព្រោះតែសហរដ្ឋអាមេរិក សម្រេចចិត្តទុកឲ្យរបបសាធារ​ណៈរដ្ឋដួលរលំ និង ប្រជា​ជនខ្មែរទាំង​មូល​រស់​ក្នុងរបប​ប្រល័យពូជសាសន៍ខ្មែរខ្លួនឯង របស់របបកម្ពុជា​ប្រជាធិបតេយ្យ ដែលដឹកនាំ​ដោយ ប៉ុល ពត។

ដូច្នេះ គណបក្សសង្គ្រោះជាតិ ជាពិសេស លោក សម រង្ស៊ី លោក កឹម សុខា និង ប្រជាពលរដ្ឋខ្មែរ​ដែល​និយម​​​​អាមេរិកនោះ គួរគិតពិចារណា និង រៀនដោះស្រាយបញ្ហាប្រទេសជាតិ បញ្ហានយោបាយ​ ដោយ​ខ្មែរ​ខ្លួន​ឯង ដើម្បីបង្ហាញវីរភាពក្នុងការជួយពូនជ្រុំមហាសាមគ្គីខ្មែរ សេចក្តីថ្លៃថ្នូរ និង កិត្យានុភាព​នៃប្រជាជាតិខ្មែរ ដែល​ជាជាតិសាសន៍មួយមានអរិយធម៌សម្បូរណ៍បែប និង ដែលធ្លាប់ជាចក្រភព​មួយក្នុង​លោកដែរនោះ។

ប្រសិនបើ គណបក្សប្រឆាំងមួយនេះ នៅតែបន្តប្រកាន់យកនយោបាយបរទេសនិយម​តទៅទៀត​នោះ គឺ​មាន​​ន័យស្មើនឹងការបំបែបបំបាក់សាមគ្គីផ្ទៃក្នុងជាតិ ធ្វើឲ្យខ្មែរ គ្មាន​ទំនុកចិត្តរវាងខ្មែរ និង ធ្វើឲ្យ​សាសន៍​​ដទៃ​មើល​ឃើញថា ខ្មែរមិនចេះដោះស្រាយបញ្ហាខ្លួនឯង ដោយ​ខ្លួននោះ។

ដោយ ស្វាយ សុវណ្ណរិទ្ធ
ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី
អនុប្រធានអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​​ និង​លោក​ជំទាវ អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិធីបើក​​សប្តាហ៏​សិល្បៈ​ប្រទេស​ចិន

នារាត្រីថ្ងៃទី០៤ ខែវិច្ឆការ ឆ្នាំ២០១៣ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគ​ណៈ​រដ្ឋមន្ត្រី និងលោក​ជំទាវ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​​​សម្តែងសិល្បៈ​បើក​សប្តាហ៏​សិល្បៈ​ប្រទេសចិន​ នៅសាល​សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​អប​អរសាទរទិវា​មិត្ត​​​ភាព​កម្ពុជា​ចិន និងខួប​អនុស្សាវរីយ៏ ៥៥​ឆ្នាំ នៃទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំងពីរ​(កម្ពុជា ចិន)។

លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ បានមាន​ប្រសាសន៏​ចាត់​ទុក​ការ​រៀប​ចំសប្តាហ៏​សិល្បៈចិន​នៅកម្ពុជា​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៏​លើ​វប្បធម៌ និង​សិល្បៈ​រវាង​ប្រទេស​ទាំង​ពីរ(កម្ពុជា ចិន)។ លោក​ជំទាវ ភឿង សក្កណា​ បានមាន​ប្រសាសន៏​ឲ្យដឹង​ថា យោង​តាម​កិច្ច​ព្រម​ព្រៀងរវាងប្រ​ទេស​ទាំងពីរ ដើម្បី​អប​អរ​សាទរទិវា​មិត្តភាព​កម្ពុជា ចិន និង​ខួប​លើក​ទី៥៥ នៃទំនាក់​ទំនង​ការ​​ទូត​ប្រទេស​ទាំងពីរ​គណៈ​ប្រតិ​ភូសិល្បះ​កម្ពុជា​មួយ​ក្រុម​ចំនួន​៣៦នាក់​នឹងទៅ​ចូលរួម​ក្នុង​ទិវា​វប្បធម៌​ចិន​ដែល​នឹង​ប្រារព្ធធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់ថ្ងៃទី២១ វិច្ឆការ ឆ្នាំ២០១៣ ក្នុង​ប្រទេស​ចិន។
លោកជំទាវ ពូជៀងហ្គ័រ ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណៈ​ប្រជាមា​និតចិន​ប្រចាំ​នៅកម្ពុជា បាន​មាន​ប្រសាសន៏​​​​​ឲ្យដឹងថា​​ការប្រារព្ធ​សប្តាហ៏​សិល្បះ​ចិននៅ​ក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជា​ក្រៅពីការ​បង្ហាញ​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ឃើញ និងយល់​ដឹងអំពី​ភាព​សម្បួរ​បែប​នៃវប្បធម៌​របស់​ប្រជាជន​ចិន ក្នុង​ការ​កសាង និង​អភិវឌ្ឍន​ប្រទេស​ដោយ​សន្តិវិធី សប្តាហ៏​សិល្បៈ​ចិន​នៅ​កម្ពុជា គឺជាការ​ជួយ​ជំរុញ និងលើក​កំពស់​នៃ​ទំនាក់​ទំនង​មិត្ត​ភាព​ជា​យុទ្ធសាស្ត្រ​ និងគ្រប់​ជ្រុង​ជ្រោយរ​វាង​ប្រទេស​ទាំង​ពី​(កម្ពុជា ចិន)។ លោក​ជំទាវ​ឯកអគ្គរ​ដ្ឋទូត​នៃ​សាធារណៈ​ប្រជាមានិតចិន​ បាន​អះអាងថា រវាង​ទំនាក់​ទំនង​មិត្តភាព​កម្ពុជា ចិននឹងស្ថិត​ស្ថេរចិរកាល​យូអង្វែង។

តំណាង​គណៈ​ប្រតិ​ភូសិល្បៈ​នៃ​សាធារណៈ​រដ្ឋប្រជា​មានិត​ចិន​ បានឲ្យ​ដឹង​ថាសប្តាហ៏​សិល្បៈ​ប្រទេស​ចិន​បច្ចុប្បន្ន​គឺជា​សកម្មភាព​នៃការ​ដាក់​បង្ហាញ និងការ​សម្តែង​ខាងផ្នែក​សិល្បៈ និង​វប្បធម៏​ចិន​បច្ចុប្បន្ន​ដែល​រៀប​ចំ​ដោយ​សហព័ន្ធ​មជ្ឈដ្ឋាន​សិល្បៈ និងអក្ស​រសាស្ត្រ​ប្រទេស​ចិន ហើយជា​សកម្មភាព​ដែល​មាន​លក្ខណៈ​ចំរុះ និងមិន​យក​កម្រៃ ក្នុងគោល​បំណង​ធ្វើកា​រផ្លាស់ប្តូរ​ខាងផ្នែក​សិល្បៈ និងវប្បធម៏​សម្រាប់​ជំរុញឲ្យ​ទស្សនិក​ជន​បរទេស​មានការ​ស្វែង​យល់​ពីទស្សនៈ​នៃការ​ច្នៃប្រឌិត​ផ្នែក​សិល្បៈ និងវប្បធម៏​ចិន​បច្ចុប្បន្ន ព្រមទាំង​ចែក​រំលែក​សមិទ្ធផល​ច្នៃប្រឌិត និង​កំលាំង​ទាក់ទាញ​នៃសិល្បៈ និងវប្បធម៏​នៅក្នុង​អរិយ​ធម៏​ប្រជាជន​ចិន ដើម្បីប​ង្កើន​ចំណង​មិត្តភាព និង​ការ​ស្វែង​យល់រវាង​គ្នា និង​គ្នានៃ​ប្រជាជន និង​សិល្បៈ​ករមក​ពីប្រទេស​ទីទៃគ្នា។

តំណាង​ប្រតិភូ​សិល្បៈ​ចិន​បាន​ថ្លែង​អំណរ​គុណ​ចំពោះរាជ​រដ្ឋភិបាល​កម្ពុជា និង​អគ្គស្ថាន​ទូតនៃ​សា​ធារ​ណៈ​ចិនប្រចាំ​កម្ពុជា​ដែល​បាន​ជួយស​ម្រួល និងរៀប​ចំកម្ម​វិធីសប្តាហ៏​សិល្បៈ​ចិនលើក​ដំបូង​២០១៣​នេះ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​អបអរសាទរ​ទិវា​មិត្តភាព​កម្ពុជា និងខួប​លើក​ទី៥៥ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​(កម្ពុជា ចិន)។