Tuesday, March 06, 2018

លោក ហេង សំរិន ជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨

លោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីមួយក្រុមដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីដើម្បីអបអរសាទរខួបទី១០៧ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

លោក ហេង សំរិន បានគូសបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះគឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏មហិមារបស់ស្រ្តីនៅលើពិភពលោកដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូ លះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ។ លោក ហេង សំរិន បានបន្ថែមថា ថ្ងៃទី៨ មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្តជំរុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាយើងឱ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។

លោក ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈយ៉ាងមោះមុត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងលើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាពនៃទីក្រុងប៉េកាំងដែលបានដាក់ចេញនៅក្នុងសន្និសីទស្រ្តីពិភពលោកលើកទី៤ ឆ្នាំ១៩៩៥ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើកទី៨របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី «ស្ត្រី សុខសន្តិភាព និងសន្តិសុខ» ហើយការជ្រើសរើសប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍជាតិ» សម្រាប់ទិវា៨ មីនា ឆ្នាំ២០១៨ នេះ ពិតជាមានសារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកលជាពិសេសសម្រាប់កម្ពុជាយើងដែលជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍសង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម។

លោក ហេង សំរិន ជាការពិតណាស់ សន្តិភាពពិតមានសារៈសំខាន់ និងមិនអាចខ្វះបាន ហើយវាគឺជាបំណងប្រាថ្នារបស់ទាំងអស់គ្នា ព្រោះបើមានសុខសន្តិភាព គឺមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែងក៏ជាកាលានុវត្តភាពរបស់ស្រ្តីចូលអភិវឌ្ឍសង្គមជាតិ។ ផ្ទុយទៅវិញ ជម្លោះ និងអំពើហិង្សា គឺជាឧបសគ្គដ៏ចម្បងនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ហើយធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តបុគ្គលជាពិសេសអំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលជាការរំលោភសិទ្ធិមនុស្ស ហើយផ្តល់ផលប៉ះពាល់អវិជ្ជមានខ្លាំងទៅលើស្ត្រី និងកូនរបស់ពួកគេ។ ជាក់ស្តែង សង្គ្រាមនៅកម្ពុជាយើងដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ បានបង្កនូវសោកនាដកម្មយ៉ាងជូរចត់ និងបន្សល់ទុកនូវក្តីទុក្ខវេទនា និងការលំបាកដ៏ធ្ងន់ធ្ងរចំពោះស្រ្តីកម្ពុជា ដោយធ្វើឱ្យស្រ្តីជាច្រើនសែននាក់ត្រូវវិនាស ព្រាត់ប្រាសគ្រួសារ សាច់ញាតិ បងប្អូន និងមិត្តភ័ក្រ្ត ហើយបានក្លាយខ្លួនជាស្រ្តីមេម៉ាយ និងរស់ក្នុងសភាពក្រីក្រទុរគត និងភ័យខ្លាចរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕

អត្ថបទ៖ សាវឿន





ថ្នាក់ដឹកនាំជាស្រ្តីនៅខេត្តកំពង់ឆ្នាំង ចុះសួរសុខទុកកងទ័ពថ្មីចំនួន៣០០នាក់ កំពុងហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅភ្នំជើងលានស្រុកទឹកផុស

(កំពង់ឆ្នាំង)៖នៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៨នេះ ក្នុងនាមស្ត្រីជាថ្នាក់ដឹកនាំ ប្រៀបធៀបដូចជាម្តាយនៅសមរភូមិក្រោយដោយមានសេចក្តីនឹករលឹក និងគិតគូរអំពីកូនៗកំពុងសិក្សារៀនសូត្របច្ចេកទេសយោធា លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងលោកស្រីដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូតំណាងអោយនារីនៅក្នុងខេត្ត សហការជាមួយលោកសេនីយទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស និងជាមេញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានមកចុះសួរសុខទុក្ខសិក្ខាកាមជាកងទ័ពថ្មីចំនួន៣០០នាក់ របស់សាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសដែលកំពុងរៀនសូត្រហ្វឹកហាត់បាញ់គ្រាប់ពិត នៅភ្នំជើងលាន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ។
នៅក្នុងឱកាសនេះ លោកស្រី កែ ច័ន្ទមុនី តំណាងអោយលោកស្រីទាំងអស់ជាថ្នាក់ដឹកនាំខេត្ត បានថ្លែងទៅកាន់សិក្ខាកាមជាកងទ័ពថ្មីដែលកំពុងហ្វឹកហាត់បាញ់គ្រាប់ពិតជាក់ស្តែងថា ក្នុងនាមជាកងទ័ពដែលមានតួនាទីការពារជាតិការពារទឹកដី ត្រូវតែខិតខំហ្វឹកហាត់យុទ្ធវិធី បច្ចេកទេស និងយុទ្ធសាស្ត្រប្រយុទ្ធរបស់កងទ័ពអោយបានចេះចាំស្ទាត់ជំនាញ ដូចសុភាសិតមួយឃ្លានិយាយថា កងទ័ពស៊ូបង្ហូរញើសក្នុងទីលានហ្វឹកហាត់ វាប្រសើរជាងការបង្ហូរឈាមនៅក្នុងសមរភូមិ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមនារីជាម្តាយនៅក្នុងទិវានារីអន្តរជាតិថ្ងៃនេះ គ្មានអ្វីក្រៅពីការនឹករលឹកចុះមកសួរសុខទុក្ខកូនៗ និងប្អូនៗដល់ទីលានហ្វឹកហាត់ជាក់ស្តែងនេះឡើយ ដើម្បីយកអំណោយតិចតួចមកលើកទឹកចិត្តកូនៗ និងប្អូនៗ និងក៏សូមប្រសិទ្ធពរជ័យអោយប្អូនៗនិងកូនៗទាំងអស់ហ្វឹកហាត់អោយទទួលបានជោគជ័យ ដើម្បីការពារជាតិការពារបូរណភាពទឹកដីអោយបានគង់វង្ស និងបន្តការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់របស់យើង ដែលប្រសូតឡើងដោយការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ។
នៅក្នុងពេលនោះដែរ លោកស្រីជាថ្នាក់ដឹកនាំទាំងអស់ក៏បានផ្តល់អំណោយនូវក្រម៉ាចំនួន៤០០ ទឹកសុទ្ធ១០០កេះ និងថវិកាចំនួន១ពាន់ដុល្លា ផងដែរដល់កងទ័ពជាសិក្ខាកាមទាំង៣០០
នាក់ និងបានបំ ពាក់ក្រម៉ាបង់កដល់កងទ័ពទាំងអស់ផ្ទាល់ដៃ ក្នុងទឹកចិត្តសប្បាយរីករាយនិងស្និតស្នាលក្រៃលែង។
ដោយឡែកលោកឧត្តមនេនីយទោ ធន ធឿន នៅក្នុងពិធីនេះក៏បានផ្តាំផ្ញើរផងដែរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំថែទាំសុខភាពអោយបានល្អ និងគោរពអោយបានវិន័យកងទ័ព ក្រមសីលធម៌ និងបទបញ្ជាររបស់មេបញ្ជាការ ដោយខិតខំហ្វឹកហាត់រៀនសូត្រអោយទទួលបានលទ្ធផលល្អប្រសើរ និងក៏ត្រូវតែគោរពអោយបានល្អនូវទំនៀមទំលាប់ប្រពៃណីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមពាក្យស្លោកនៅអោយប្រជាជនស្រឡាញ់ និងទៅអោយប្រជាជននឹករលឹក ទើបបំពេញភារកិច្ចទទួលបានជោគជ័យ។
នៅក្នុងពេលនេះដែរ លោកមេបញ្ជាការសាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសបានអោយដឹងថា កងទ័ពថ្មីជាសិក្ខាកាមដែលត្រូវហ្វឹកហ្វឺនក្នុងវគ្គនេះសរុបមានចំនួន៣០០នាក់ មកពីខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលត្រូវហ្វឹកហ្វឺនរៀនសូត្ររយះពេល៤ខែ ហើយមកដល់ពេលនេះរៀនសូត្របាន២ខែហើយ។ ដោយឡែកក្នុងពេលនេះជាវគ្គហ្វឹកហ្វឺនប្រឡងបាញ់គ្រាប់ពិតរយះពេល៧ថ្ងៃ ដោយត្រូវស្នាក់នៅក្នុងព្រៃជើងភ្នំជើងលាននេះតែម្តង។ ក្នុងនាមសិក្ខាកាមទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវទាំងអស់ជាថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ចុះមកសួរសុខទុក្ខដោយផ្ទាល់ដល់ទីលានបាញ់គ្រាប់ពិត និងសូមជូនពរដល់ថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះតែនិងសេចក្តីសុខ និងមានជោគជ័យគ្រប់ទួនាទីនិងភារកិច្ចជារៀងរហូត ៕






ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨

នៅថ្ងៃច័ន្ទ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាថ្នាក់ដឹកនាំផ្ទាល់របស់ក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ មេធាវីរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ប្រមាណ១០០នាក់ផងដែរ។

ការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយនូវលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមកក្នុងឆ្នាំ២០១៧ និងបានរកឃើញនូវចំណុចអវិជ្ជមានមួយចំនួន ដែលជាមូលដ្ឋានសម្រាប់កែលម្អ និងដាក់ទិស​ដៅនាពេលខាងមុខ ក្នុងគោលបំណងចូលរួមចំណែកលើវិស័យប្រព័ន្ធយុត្តិធម៌ ឱ្យបានល្អប្រសើរក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ជាស្ថាប័នដ៏សំខាន់មួយក្នុងការចូលរួមកសាងច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្តផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការធានាបាននូវសន្តិសុខគតិយុត្ត និងរក្សាបាននូវសណ្តា​ប់​ធ្នាប់សង្គម ស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីនៅកម្ពុជា៕








នៅទីស្តីការក្រសួងធនធានទឹក មានរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ ​ដើម្បីពិនិត្យ​ វាយតម្លៃលើលទ្ធផល​ការងារដែល​អនុគណៈកម្មការទាំង៤​ សម្រេចបាន​

នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៨នេះ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ ដោយមានការចូលរួមពីលោក លោកស្រី អស់លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៦០ នាក់។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ វាយតម្លៃលើលទ្ធផលការងារដែលអនុគណៈកម្មការទាំង៤ (អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន និងសិល្បៈ, អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ និងអនុគណៈកម្មការឯកសារ និងផ្សព្វផ្សាយព័ត៌មាន) សម្រេចបាន។

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអនុគណៈកម្មការនីមួយៗសម្រេចបាន (ពី ៧០-៨០%) និងផ្តល់អនុសាសន៍បន្ថែមលើការងារដែលនៅសេសសល់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំកិច្ចប្រជុំកំពូលមេគង្គលើកទី៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៤-០៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នាទីក្រុងសៀមរាប ទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។

សូមបញ្ជាក់ជូនថា៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលខាងលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកទន្លេមេគង្គ ឡាវ ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេសជាដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីបណ្តាប្រទេសដែលជាដៃគូអភិវឌ្ឍន៍របស់មេគង្គ ព្រមទាំងអ្នកជំនាញ អ្នកបច្ចេកទេស សង្គមស៊ីវិល ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក សរុបប្រមាណ៣៥០ នាក់៕


វាគ្មិនអន្តរជាតិ៣៥០នាក់ ចូលរួមក្នុងសន្និសីទអាស៊ានបូកបី និងកិច្ចប្រជុំអន្តរជាតិ នៅខេត្តសៀមរាប

សៀមរាប៖ វាគ្មិនអន្តរជាតិល្បីៗប្រមាណ ៣៥០នាក់ កំពុងចូលរួមចែករំលែកបទពិសោធន៍ក្នុងសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និងធ្វើឲ្យទេសចរណ៍ពេញចិត្ត នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប។

ពិធីបើកសន្និសីទនេះធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO សកលវិទ្យាល័យ USC លេខាធិការដ្ឋានអាស៊ាន និងសាកលវិទ្យាល័យរដ្ឋរុស្សីផ្នែកទេសចរណ៍ និងសេវាកម្ម។

គួរបញ្ជាក់ថា ក្រៅពីសន្និសីទខាងលើ ក៏មានកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទេស្ទក៍ទេសចរណ៍អាស៊ាន និងការកំណត់ យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគតផងដែរ។

ព្រឹត្តិការណ៍ខាងលើនេះនឹងត្រូវបានចូលរួមដោយប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ប្រទេសរុស្សី មជ្ឈមណ្ឌល អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍កម្ពុជា រួមជាមួយវាគ្មិនល្បីៗមកពីជុំវិញពិភពលោកប្រមាណ ៣៥០នាក់។

សូមជម្រាបថា នៅឆ្នាំ២០១៧ តំបន់អាស៊ានទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ១២៥លាននាក់ ក្នុងនោះជាង ៤២% ជាទេសចរណ៍ក្នុងតំបន់អាស៊ានខ្លួនឯង កើនឡើង ៨,៤% ជាមួយនឹងការទទួលបានប្រាក់ចំណូលចំនួន ៩៣ពាន់លានដុល្លារអាមេរិក។ សម្រាប់ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ក្នុងឆ្នាំ២០១៧ ក៏ទទួលបានទេសចរណ៍អន្តរជាតិ ១៧៥លាននាក់ កើនឡើង ៦,៧%៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងអញ្ជើញសំណេះសំណាលក្នុង «ទិវាវប្បធម៌ជាតិ» លើកទី២០ នៅកោះពេជ្រ

នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នា២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងអញ្ជើញជាអធិបតីភាព នៅក្នុង «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២០ ដែលបានរៀបចំធ្វើឡើងនៅ មជ្ឍមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ ដែលមានសិល្បៈករ សិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់។

ទិវា​វប្បធម៌​ជាតិ​៣​មីនា ជា​ទិវា​ដ៏​សំខាន់​មួយ​របស់​ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​រៀបចំ​ប្រារព្ធ​ពិធី​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​គុណូបការៈ និង​ស្នាដៃ​ដ៏​វិសេ​សវិសាល​នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​កេរ្តិ៍មរតក​វប្បធម៌ និង​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ការ​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ក៏ជាការ​ជំរុញ និង​ផ្សព្វផ្សាយ ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស ហើយ​និង​ទេពកោសល្យ​វប្បធម៌ ក៏ដូចជា​ការ​ក្រើនរម្លឹក បំផុសស្មារតី​ស្រឡាញ់​វប្បធម៌​ជាតិ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន​ដែលជា​ទំពាំ​ង​ស្នង​ឬ​ស្សី​របស់ប្រទេសជាតិ៕











ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពីធីសំណេះសំណាលជាមួយមន្ត្រីរាជការជាស្រ្តី ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ៦ ខែមីនា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តីក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ និងពិធីប្រកាសផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០១៧-២០២០។ ពិធីសំណេះសំណាលនេះ បានប្រារព្ធធ្វើឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានអ្នកចូលរួមប្រមាណជាង៤០០នាក់។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសម្តែងសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តីក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៧ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» និងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តីឆ្នាំ២០១៧-២០២០នាពេលនេះ ស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំង១១ចំណុចក្នុងឆ្នាំ២០១៧ និងសេចក្តីសម្រេចថ្មីៗចំនួន៤ចំណុច ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ដ៏ដូចជាសុខុមាលភាពសង្គមដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសង្កត់ធ្ងន់ថា សុខសន្តិភាពមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យព្រោះបើមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់ទីកន្លែង។ ផ្ទុយទៅវិញ ជម្លោះនិងអំពើហិង្សា គឺជាឧបសគ្គនៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង ហើយធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់បុគ្គលជាពិសេសអំពើហិង្សាលើស្រ្តី គឺជាអំពើរំលោភសិទ្ធិមនុស្សដែលផ្តល់ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើស្រ្តីនិងកូន ដែលបន្សល់ទុកនូវផលវិបាករាប់ជំនាន់។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកជួយដល់ស្រ្តីយើងដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តីឆ្នាំ២០១៧-២០២០នេះ ពិតជាឧបករណ៍ដ៏ចាំបាច់សម្រាប់បេសកកម្មឆ្ពោះទៅរកការសម្រេចបាននូវសមភាពយេនឌ័រក្នុងទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈការបញ្រ្ជាបយេនឌ័រក្នុងគោលនយោបាយ ផែនការ កម្មវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដើម្បីបង្កើតចំនួនមន្រ្តីរាជការជាស្រ្តី និងចំនួនស្រ្តីក្នុងតួនាទីធ្វើសេចក្តីសម្រេច ការកែប្រែឥរិយាបថដែលរើសអើងលើស្រ្តី និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាពនិងបរិយាប័ន្ន។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់បន្ថែមថា ការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិអំណាចស្រ្តី គឺជាការងារអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលដៅបន្តពង្រឹងស្ថានភាព និងតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងសង្គម។ រួមជាមួយនេះទីស្តីការគណៈរដ្ឋមន្រ្តី បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលដូចជាការផ្តល់ឱកាសដល់មន្រ្តីរាជការជាស្រ្តី តាមរយៈការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ការដំឡើងឋានៈនិងតួនាទី ការកសាងសមត្ថភាព និងការចូលរួមវគ្គបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលទ្ធផលនៃការខិតខំប្រឹងប្រែងទាំងនេះនៅមានកម្រិតនៅឡើយ៕