Tuesday, December 19, 2017

នៅស្អែកនេះ កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់២៨លានដុល្លារអាមេរិក

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០នាទី ស្អែកនេះ នៅទីស្តីការក្រសួងការបរ​ទេស និងសហប្រតិ បត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ​ទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រ​ចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ៣១៧០លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំ​ពេញ និងខេត្តបាត់ដំបង។

នៅក្នុងសេចកក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ក៏បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំ​ណង​នេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុនដើម្បីលើកកម្ពស់សមត្ថភាព​ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-ស​ង្គម​របស់ជាតិ៕