Wednesday, May 17, 2017

កម្លាំងសកម្មជន និងថ្នាក់ដឹកនាំគណៈ ចលនាសាសនិក ឥស្លាម CPP ទូទាំងខេត្តបាត់ដំបង មកជួបជុំ នៅមន្ទីរបក្សខេត្ត ដេីម្បីពង្រឹងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត

ដេីម្បីពង្រឹងកម្លាំងគៀងគរមហាជនយកឈ្នះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ដែលនៅតែប៉ុន្មានថ្ងៃទៀតនេះផង និង ការបោះឆ្នោតសភា ឆ្នាំ២០១៨ ខាងមុខ សកម្មជនCPP ជាបងប្អូនខ្មែ់រឥស្លាមមកពី៣៦ភូមិ នៃឃុំចំនួន២៣ និង ស្រុកចំនួន១១ ទូទាំងខេត្ត ដែលជាថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ( មេគុណ) គណៈចលនាសាសនិកឥស្លាមរបស់CPP ខេត្ត ក្រុង ស្រុក និងភូមិនានា លោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៅក្នុងក្របខណ្ឌ និង កិច្ចសន្យារបស់ក្រសួងអប់រំយុវជន និង កីឡា  ទូទាំងខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល និង ប្រកាសទទួលស្គាល់ សម្រួលភារកិច្ច ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណណៈចលនាសាសនិកឥស្លាមរបស់CPP ក្រោមសហអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ជាមួយ លោក ឆាយ សារ៉េត សមាជិកគណៈកម្មាធិកាកណ្តាល និង ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
ពិធីនេះធ្វេីឡេីង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
លោក ស៊ូ អារ៉ាហ្វាត ជាប្រធានគណៈចលនាសាសនិកឥស្លាមCPP ខេត្តបាត់ដំបង បានឡេីងផ្តល់ចំណាប់អារម្មណ៍ ការផ្តេជ្ញារក្សាសម្លេងឆ្នោតជោគជ័យជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការរក្សាកម្លាំងចាស់ និងបង្កេីនសមាជិកថ្មី ដោយផ្សះផ្សារ សម្របសម្រួលមហាជននៅសេសសល់មិនទាន់ចូលជាសមាជិកគណបក្សប្រជាជន អោយបានសហការចូលរួមរស់ជាមួយម្លប់នៃបក្សតែមួយ សុខទុក្ខរួមគ្នា។
លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម CPP បានថ្លែងអំណអរគុណដល់កម្លាំងសកម្មជន និង សមាសភាពគណៈចលនាសាសនិកឥស្លាម CPP ខេត្តបាត់ដំបង ដែលបានគៀងគរអោយមហាជនរបស់ខ្លួនភាគច្រេីន បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជ្រេីសរេីសគណបក្សប្រជាជនកម្ពុជា នៅតែជាមេដឹកនាំដឹកនាំប្រទេស ដែលរួមសុខរួមទុក្ខជាមួយគ្នារហូតបានទទួលនូវភាពចម្រុងចម្រេីន សន្តិភាព និងកក់ក្តៅជាទីបំផុត។
លោកប្រធានគណៈចលនា បានក្រេីនរំលឹកថា សូមកុំញញេីត រឺចាញ់បោកនូវការសន្យាអះអាងបែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង ខណៈដែលកន្លងមក រហូតបច្ចុប្បន្ន មិនទាន់មានពួកគាត់ណាបានសាងនូវស្នាដៃបន្តិចណាជូនសហគមន៍ឡេីយ ផ្ទុយទៅវិញមានតែការបង្ករផ្គរភ្លៀង និង ញុះញង់បង្កចលាចលដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និងសហគមន៍តែប៉ុណ្ណោះ។ ជាក់ស្តែង ការប្រកាសអូតអាងពីការទាមទារសេរីភាពរបស់ពួកគាត់ ខណៈដែលមេដឹកនាំគណបក្សរបស់ពួកគេ គ្មានទាំងដែលស្គាល់អ្វីជាលះបង់ដេីម្បីទាមទារសេរីភាព និង សេចក្តីសុខសន្តិភាពជូនប្រជារាស្ត្របទាល់តែសោះ ផ្ទុយទៅវិញសេរីភាព សុខសន្តិភាព និង ភាពចម្រុងចម្រេីនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាក ការលះបង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ១គត់៕



អភិបាលខេត្ត កំពង់ឆ្នាំង៖ ការ​ទៅបោះឆ្នោត គឺជា​រឿង​ប្រទេសជាតិ

កាលពីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅសង្កាត់ធម្មយុត្តិ ក្រុង​កំពង់ឆ្នាំង​ ខេត្ត​កំពង់ឆ្នាំង មានរៀប​ចំ ពិធីសំណេះសំណាលសួរសុខទុក្ខ​សមាជិក សមាជិកា​បក្ស​ប្រជាជន ក្រោមអធិបតីលោក​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង និង​មាន​ការ​ចូល​រួម​ពី​លោក នាយក​ នាយករង​រដ្ឋ​បាល​សាលាខេត្ត មន្ត្រីមន្ទីរ​ផែន​ការ​ខេត្ត មន្ត្រីពន្ធនាគារ​ ​មន្ត្រីសាលាខេត្ត​​ និងតំណាង​គ្រួសារ​បក្ស​សរុប​ចំនួន​២០០នាក់។
ក្នុង​ឱកាស​នោះ លោក ឈួរ ច័ន្ទឌឿន​ បាន​មាន​ប្រសាសន៍ថា ការ​ទៅចូលរួមបោះឆ្នោតគឺជារឿង​ប្រទេសជាតិ។​ លោកបាន​បន្ត​ថា មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ និ​ង​ប្រជាពល​រដ្ឋ​ទាំង​អស់ត្រូវ​តែគិតគូ​ពីប្រទេស​ជាតិ ពីព្រោះ​ប្រទេស​កម្ពុជា​មិនមែន​ជាកម្ម​សិទ្ធិ​ផ្ដាច់​មុខ​របស់​បុគ្គល​ណា​ម្នាក់​ឡើយ។
ជាមួយ​គ្នានោះដែរ លោក​អភិបាល​ ក៏បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ និង​មន្ត្រីរាជការ​ទាំង​អស់ សូម​បន្ត​គាំទ្រ​បោះឆ្នោត​ជូន​CPP ព្រោះCPP មាន​គុណ​សម្បត្តិ​បីយ៉ាង​ ទី១.​​ គណបក្សប្រជាជនកម្ពុជា ជាអ្នក​ដែលវាយ​ប៉ុល ពត​ ទី២. គណបក្ស​ប្រជាជន បាន​ផ្ដល់ជីវិត​ទី២អោយយើង​ គឺ៧ មករា ១៩៧៩ និង​បាន​បង្រួប​បង្រួម​ជាតិដោយ​ប្រើនយោបាយ​ឈ្នះ ឈ្នះ​ របស់​សម្ដេច​តេជោ​សែន។​ លោកបាន​បញ្ជាក់បន្ថែម​ថា យើង​ទាំង​អស់​គ្នា​ កុំស្រមើ​ស្រមៃ​ជាមួយ​គណបក្ស​ប្រឆាំង​ ដែលជានិច្ច​កាលគណបក្ស​នេះ តែង​សន្យា​អោយនេះ អោយនោះ​ អោយលុយ​ចាស់ៗ​៤០០០០៛ តែ​ទីបំផុត ការ​សន្យា​របស់​បក្ស​ប្រឆាំង គឺសន្យា​ខ្យល់ បោក​ប្រាស់ ​សូម្បីសកម្មជន​របស់​ខ្លួន​ក៏បោក​ដែរ​។ ចំណុច​សំខាន់​មួយ​ទៀត ដែល​បាន​សំណូម​ពរ​នោះគឺយើង​ទាំង​អស់​គ្នា គួរ​កុំខឹង​គោ​វាយ​រទេះ ត្រូវ​មាន​ការ​ជឿជាក់​លើ​ការ​ដឹក​នាំ​គណបក្ស​ប្រជាជន ដែល​មាន​សម្ដេច​តេជោ​សែន​ជា​ប្រមុខ។
នៅ​ទី​បញ្ចប់ លោក​អភិបាល​ បាន​រំលឹក​បន្ថែម​ពីកាល​បរិច្ឆេទស្ដីពី​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ២០១៧ ខាង​មុខ​នេះ៕







សន្តិភាព ដែលគណបក្សប្រជាជនកម្ពុជាបានខិតខំថែរក្សាកន្លងមកគឺសម្រាប់ប្រទេសជាតិយើង និងកូនចៅជំនាន់ក្រោយរបស់យើង

ស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា សន្តិភាព ដែលគណបក្សប្រជាជនកម្ពុជាបានខិតខំថែរក្សាកន្លងមក គឺសម្រាប់ប្រទេសជាតិយើង និងកូនចៅជំនាន់ក្រោយរបស់យើង លោកស្រីបានលើកឡើងដូច្នេះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសដែល បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា សម្ពោធស្ពានបេតុងកាត់ព្រែក ផ្លូវ និងសមិទ្ធិផលនានាវត្តឧត្តមសាមគ្គី ស្ថិតនៅភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកអភិបាល អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុករមាសហែក កងកម្លាំងទាំងបី មន្ទីរ អង្គភាពនានា ព្រះសង្ឃ , យាយជី- តាជី , លោកគ្រូ- អ្នកគ្រូ , សិស្សានុសិស្ស ,មន្ត្រីរាជការ ,ប្រជាពលរដ្ឋចូលរួមប្រមាណចំនួន ១៤០០នាក់ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សព្វថ្ងៃនេះ សមិទ្ធផល រួមទាំងអាណាចក្រ និងពុទ្ធចក្រ កំពុងបោះជំហានដើរទន្ទឹមគ្នា ស្របពេលដែល ប្រទេសជាតិ កំពុងដើរនៅលើផ្លូវ សុខសន្តិភាពស្ថិរភាព ក្រោមការដឹកនាំរបស់ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំ ប្រទេសឈានទៅរកការអភិវឌ្ឈលើគ្រប់វិស័យ ។ សម្រាប់ខេត្តស្វាយរៀងយើង ក៏កំពុងតែមានការរីកចម្រើនគ្រប់ផ្នែក ក្នុងនោះយើងរក្សាបាននូវ សន្តិសុខ សុវត្ថិភាព និងស្ថិរភាពល្អជូនដល់ប្រជាពលរដ្ឋ តាមរយៈគណៈបញ្ជាការឯកភាពខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បំផុសចលនាមហាជន និង ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងបានរៀបចំ ប្រជាកាពារតាមភូមិ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ រស់នៅយ៉ាងសុខសាន្ត ប្រកបអាជីវកម្មគ្រប់ប្រភេទ ដោយសប្បាយគ្មានការភ័យខ្លាច។
ជាមួយគ្នានោះដែរ លោកស្រី ម៉ែន សំអន ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយសូមបោះឆ្នោតជូនគណបក្ស ព្រោះថាមានតែមេឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះដែលរស់នៅផ្ទាល់ និងដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏សូមឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោកការឃោសនា របស់គណបក្សផ្សេង ឬអ្នកនយោបាយមួយចំនួន ដែលតែងតែដើរបំផុសបំផុលបោកប្រាស់តាមរូបភាពផ្សេងៗ ។
ទន្ទឹមនោះ លោកស្រី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែក្សាសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា បានខិតខំកន្លងមកដើម្បីឱ្យបានស្ថិតស្ថេរយូរអង្វែង សម្រាប់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នា នាពេលខាងមុខ ដើម្បីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិមាតុភូមិ៕




ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ៖ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ មណ្ឌលសុខភាពមរតកសម្តេចតេជោ នៅស្រុកជុំគិរី ដែលមានតម្លៃជិត២៤ម៉ឺនដុល្លារ

ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្ដ្រី  ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពមរតកសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ជុំគិរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
ពិធីនេះក៏មានការចូលរួមពីស្ថាប័នពាក់ព័ន្ធមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ១,២០០នាក់។
សូមជម្រាបថា មណ្ឌលសុខភាពដែលមានតម្លៃប្រមាណជិត២៤ម៉ឺនដុល្លារនេះ គឺជាអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងភរិយា តាមរយៈកងពលតូចថ្មើរជើងលេខ៧០ ក្នុងការបំរើសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់សាសនា និងនិន្នាការនយោបាយនោះឡើយ។
មណ្ឌលសុខភាពនេះ មាន៤ខ្នង បំពាក់សម្ភារៈរួចរាល់ និងបានដំណើរការសាកល្បងព្យាបាលជំងឺ ព្រមទាំងផលិតទឹកសុទ្ធ ជូនប្រជាពលរដ្ឋដែលមិនយកកម្រៃ តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។
ក្រោយបញ្ចប់កម្មវិធី ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏មានអំណោយ និងថវិការបស់លោកនាយករដ្ឋមន្រ្ដី និងលោកស្រី ចែកជូនប្រជាពលរដ្ឋ និងលោកតាជី លោកយាយជី និងថវិកាជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការតាមស្រុក និងកម្លាំងប្រដាប់អាវុធផងដែរ ៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៧

វេទិកាស្តីពីការជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៧ បានប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ ជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសទាំងពីរកម្ពុជា ចិន ពិសេសផ្នែកធុរកិច្ចនៃប្រទេសចិន-កម្ពុជាជាច្រើនរូបផងដែរ។
លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ធ្លាប់បានសហការគ្នារៀបចំវេទិកាបៀបនេះម្តងរួចមកហើយ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលទទួលបាននូវការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីពាណិជ្ជករ វិនិយោគិនកម្ពុជា-ចិន ប្រមាណ ៣៨០នាក់ ដោយឡែកវេទិកាលើកនេះ មានការចូលរួមជាង ៤០០នាក់។
លោក ប៉ាន់ សូរស័ក្ត ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧នេះ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន បានកើតឡើងជាថ្មីម្តងទៀត ដែលស្តែងអំពីសក្ខីភាពបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងនិរន្តរភាព រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ សកម្មភាពទាំងនោះសំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ឱ្យមានការកើនឡើងបន្ថែមទៀត ហើយក៏ជាយន្តការនៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិនផងដែរ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរណ៍ចិនមានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០% ហើយក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរចិនចំនួនជាង ២៧ម៉ឺននាក់ កើនបាន ២៥,៧% ឈរលំដាប់ទី១ ហើយរំពឹងថា នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរចិនប្រមាណ ១លាននាក់ និងកើនដល់២លាននាក់ នៅឆ្នាំ២០២០ ក្នុងចំណោមទេសចរអន្តរជាតិសរុប ៧លាននាក់។
លោករដ្ឋមន្រ្តីទេសចរណ៍ក៏បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ហើយ ដែលបានធ្វើប្រតិបត្តិការហោះហើរ ប្រមាណ ១២០ជើងក្នុងមួយសប្តាហ៍ ពីចិនមកកម្ពុជា និងពីកម្ពុជាទៅចិន ទាំងនៅខេត្តសៀមរាបអង្គរ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ យុទ្ធសាស្រ្តរបស់យើង គឺបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ណ្ណ លើមូលដ្ឋាននៃអច្ឆរិយៈភាពប្រាសាទអង្គរ ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី សម្បត្តិធនធានធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទន្លេមេគង្គ ម្ហូបអាហារ ប្រពៃណីរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជា ស្របនឹងការប្រសិទ្ធនាមកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ។
លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន បាន វាយតម្លៃខ្ពស់ និងកោតសរសើរដល់គណៈកម្មាធិការចម្រុះ នៃប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ក្នុងការអនុវត្តនូវស្មារតីនៃការណែនាំរបស់មេដឹកនាំទាំងពីរ លើការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ជាពិសេសការស្វែងរកនូវចំណុចវិជ្ជមាននានា ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យថែមទៀត លើការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើងថែមទៀត។
លោកអនុប្រធានព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏ដូចជាថ្នាក់ដឹកនាំចិនក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដែលជាក្របខណ្ឌនយោបាយ ឈ្នះ-ឈ្នះ របស់រដ្ឋាភិបាលចិន គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ ផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសបណ្តោយ ផ្លូវសូត្ររួមទាំងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជាផងដែរ៕






កម្ពុជា-ចិន ឯកភាពគ្នាថា មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ គឺជាសម្បត្តិដ៏មានតម្លៃ ហើយចាំបាច់ត្រូវពង្រឹងនិងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង និងមន្រ្តីសំខាន់ៗមួយចំនួនទៀត នៅសាលប្រជុំនៃមហាវិមានប្រជាជនចិន ដោយទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។
លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ និងដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងប្រទេស ចិន។ លោកនាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិន។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីដែលបានចំណាយពេលប្រមាណ ៥០នាទី មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាថា មិត្តភាពជាប្រពៃណីចិន-កម្ពុជា គឺជាសម្បត្តិដ៏មានតម្លៃនៃប្រជាជនទាំងពីរ ហើយចាំបាច់ត្រូវពង្រឹងនិងលើកកម្ពស់បន្ថែមទៀត។ នៅក្នុងសករាជថ្មីនៃប្រវត្តិសាស្រ្ត ភាគីទាំងពីរ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទៅជាកម្រិតខ្ពស់ថ្មីមួយទៀត និងកាន់តែស៊ីជម្រៅដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើកិច្ចការការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងសន្តិសុខ។ ជាមួយគ្នានេះភាគីទាំងពីរ នឹងបន្តអនុវត្តយន្តការអនុវត្តច្បាប់ ដោយផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាការរក្សាសន្តិសុខក្នុងប្រទេស ការប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស បទល្មើសទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត រួមទាំងការប្រមាញ់ឧក្រិដ្ឋកម្មឆ្លងដែន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឯកភាពពន្លឿនការរួមបញ្ចូលយុទ្ធសាស្រ្តអភិវឌ្ឍន៍ អនុវត្តឱ្យបានពេញលេញនូវចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ និងអនុវត្តគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការសមត្ថភាព ផលិត និងវិនិយោគ។ ភាគីទាំងពីរ នឹងបង្កើនវិសាលភាព និងកម្រិតនៃកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីឈានទៅសម្រេចបានទំហំពាណិជ្ជកម្មចំនួន ៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២០។ តាមរយៈនេះ ភាគីចិន បានត្រៀមរួចជាស្រេចក្នុងការបន្តផ្តល់ជំនួយតាមសមត្ថ ភាពរបស់ខ្លួនដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងគាំទ្រដល់សហគ្រាសចិនដើម្បីជំរុញគម្រោងមួយចំនួន ដូចជាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ព្រមទាំងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរួមគ្នា។
ក្នុងកិច្ចពិភាក្សាគ្នានោះ ភាគីចិន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថិរភាពនយោបាយរបស់ខ្លួន។ ជាមួយគ្នានេះភាគីកម្ពុជា បញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ។ ទន្ទឹមនឹងនោះដែរ ភាគីទាំងពីរបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងចិននិងអាស៊ានទេ។ បញ្ហានោះគួរត្រូវបានដោះស្រាយតាមរយៈការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព និងការចរចាដោយសន្តិវិធី ដោយរដ្ឋអធិបតេយ្យភាពដែលពាក់ព័ន្ធផ្ទាល់។
ជាមួយគ្នានេះដែរ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអន្តរជាតិ និងតំបន់ដែលជាការយកចិត្តទុកដាក់រួម និងបន្តលើកកម្ពស់ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការចិន អាស៊ាន និងកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គជាដើម៕






រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍​ (២០១៧-២០២០) ​ជាមួយរដ្ឋ​បាលទេសចរណ៍ជាតិ​ នៃសាធារណរដ្ឋ​ប្រជាមានិតចិន​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ (២០១៧-២០២០) ជាមួយរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្ដោតលើគោលបំណងសំខាន់ៗ រួមមាន៖ ការអភិវឌ្ឍទេសចរណ៍តំបន់សៀមរាប ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិន បង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញ វិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន វេទិកាកិច្ចប្រជុំកំពូលទេសចរណ៍កម្ពុជា-ចិន កិច្ចសហប្រតិបត្តិការស្ដីពីការផ្សព្វផ្សាយទេសចរណ៍ និងការវិនិយោគទុនវិស័យទេសចរណ៍របស់ធុរជនចិននៅកម្ពុជា។
លោក ថោង ខុន បានឲ្យដឹងថា ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Li Keqiang ពោលស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងវេទិកា «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបន្តទៀតថា ផែនការអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងទេសចរណ៍កម្ពុជាខាងលើនេះ គឺដើម្បីសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ ក្នុងក្របខណ្ឌ «ខ្សែក្រវ៉ាត់ និងវិថី» និងដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពី កិច្ចសប្រតិបត្តិការទេសចរណ៍ រវាងរដ្ឋបាលទេសចរណ៍ជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងទេសចរណ៍កម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលទេសចរណ៍ជាតិចិន និងក្រសួងទេសចរណ៍កម្ពុជា បានព្រមព្រៀងលើផែនការអនុវត្ត តាមរយៈការពិគ្រោះយោបល់គ្នា ដូចខាងក្រោម៖
មាត្រា១- ការអភិវឌ្ឍទេសចរណ៍តំបន់សៀមរាបភាគីចិននឹងបញ្ជូនអ្នកជំនាញមកកាន់ ខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ ពីធនធានទេសចរណ៍មូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍកសិទេសចរណ៍ និងអេកូទេសចរណ៍ និងជួយខេត្តសៀមរាប ក្នុងការបង្កើតផែនការអភិវឌ្ឍគ្រប់ជ្រុងជ្រោយមួយ ដោយផ្ដោតលើបេតិកភណ្ឌវប្បធម៌ពិភពលោក អង្គរវត្ត។ ភាគីកម្ពុជានឹងផ្ដល់ការគាំទ្រ និងការជួយជ្រោមជ្រែងចាំបាច់សម្រាប់ការអនុវត្តគម្រោងនេះ។
មាត្រា២- ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិន
ភាគីចិននឹងផ្ដល់ឱកាស សម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ និយាយភាសាចិនចំនួន ១០០កន្លែង សម្រាប់ភាគីកម្ពុជា និងរ៉ាប់រងលើការបណ្ដុះបណ្ដាល កន្លែងស្នាក់នៅ ម្ហូបអាហារនាអំឡុងពេលស្នាក់នៅប្រទេសចិន។ ភាគីកម្ពុជានឹងទទួលខុសត្រូវលើការរៀបចំសមាសភាព និងត្រួតពិនិត្យគុណវឌ្ឍនៃអ្នកជំនាញវិជ្ជាជីវៈពាក់ព័ន្ធ និងចំណាយលើថ្លៃធ្វើដំណើររបស់សិក្ខាកាមទៅកាន់ប្រទេសចិន និងត្រលប់ពីប្រទេសចិនវិញ។
មាត្រា៣- បង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា-ចិន
សម្របសម្រួលបញ្ហានានា ដូចបានព្រមព្រៀងក្នុងមាត្រា២ ភាគីទាំងពីរនឹងជំរុញមហាវិទ្យាល័យទេសចរណ៍ពាក់ព័ន្ធនានា ដើម្បីបង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍។
មាត្រា៤- វេទិកាកិច្ចប្រជុំកំពូលទេសចរណ៍កម្ពុជា-ចិន
ភាគីទាំងពីរនឹងរៀបចំធ្វើវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍កម្ពុជា-ចិន នៅក្នុងឆ្នាំ២០១៧ និងអនុលោមតាមតម្រូវការចាំបាច់របស់ភាគីទាំងពីរ ការធ្វើវេទិកាពិសេសផ្អែកលើមូលដ្ឋានចាំបាច់ភ្លាមៗ ដោយការគ្រោងទុកជាមុន ដោយប្ដូរវេនគ្នារវាងប្រទេសទាំងពីរ ដើម្បីបង្ហាញយន្តការថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ចិន។
មាត្រា៥- កិច្ចសហប្រតិបត្តិការស្ដីពី ការផ្សព្វផ្សាយទេសចរណ៍
ភាគីទាំងពីរនឹងផ្ដល់ការគាំទ្រ និងសម្របសម្រួលរាល់តម្រូវការចាំបាច់នានា ក្នុងគោលដៅជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួមគ្នា រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងអញ្ជើញស្ថាប័នធុរកិច្ចក្នុងវិស័យធ្វើដំណើរ និងប្រព័ន្ធផ្សព្វផ្សាយមកស្វែងយល់ តាមរយៈខ្សែទស្សនកិច្ចទេសចរណ៍ និកសាងបណ្ដាញធុរកិច្ចព្រមទាំងផ្ដល់ការសម្របសម្រួល គាំទ្រដល់ក្រុមធ្វើទស្សនកិច្ចស្វែងយល់ ដែលត្រូវបានបញ្ជូនដោយភាគីទាំងពីរ។
មាត្រា៦- ការវិនិយោគទុនវិស័យទេសចរណ៍របស់ធុរជនចិននៅកម្ពុជា
ភាគីចិននឹងរៀបចំដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីគម្រោងវិនិយោគទេសចរណ៍នៅកម្ពុជា។ ភាគីកម្ពុជានឹងផ្ដល់ការសម្របសម្រួល និងការគាំទ្រចាំបាច់សម្រាប់សកម្មភាពដែលបានរៀបរាប់ខាងលើ និងរៀបចំដោយភាគីចិន។

សូមបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចូលរួមជាមួយវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានវីរៈជនរបស់ប្រជា ជនចិនរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក យូ ជឹងស៊ឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅសាលប្រជុំហុងកុង នៃមហាវិមានប្រជាជនចិន។
លោក យូ ជឹងស៊ឹង បានស្វាគមន៍យ៉ាងកក់ក្តៅជូន លោក ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកបំផុត អញ្ជើញមកចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន។ ប្រទេសចិននៅតែបន្តគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសចិនជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យក៏ពិតមែន តែកម្ពុជាក៏បានជួយដល់ចិន លើគ្រប់សកម្មភាពផងដែរ ដែលនេះគឺបានបង្ហាញឱ្យឃើញពីការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ប្រទេសតូច ប្រទេសធំ មានក្រនោះទេ ពោលគឺយើងនៅតែបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោក ពិតជាមានសេចក្តីរីករាយដែលបានអញ្ជើញមកកាន់ប្រទេសចិននៅពេលនេះ។ កិច្ចប្រជុំសំណេះសំណាល រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក យូ ជឹងស៊ឹង គឺបានបញ្ចប់ដោយបរិយាកាសរីករាយស្និទ្ធស្នាល ដែលបានពង្រឹងនិង បង្កើននូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដាក់កម្រងផ្កានៅវិមានវីរៈជនរបស់ប្រជាជនចិន

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េ កាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរឹតចំណងសាមគ្គី មិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
នាឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដាក់កម្រងផ្កានៅវិមានវីរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង។ កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា វីរៈជនរបស់ប្រជាជនចិនស្ថិតនៅជាអមតៈ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូបានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពជូនចំពោះវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី។
ប្រទេសចិន និងកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា ចិន នៅទីក្រុងប៉េកាំង។ ឆ្នាំ២០១៣ជាខួប៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា ចិន ភាគីទាំងពីរបាន កំណត់ជា ឆ្នាំមិត្តភាពកម្ពុជា-ចិន។
នៅឆ្នាំក្រោយនេះកម្ពុជានឹងប្រារព្ធខួបទី ៦០ នៃទំនាក់ទំនងមិត្តភាពចិន-កម្ពុជា ដែលយើងរំពឹងថា លោកនាយករដ្ឋមន្រ្តីចិន លី ឃឺឈាំង នឹងអញ្ជើញមកចូលរួមនៅកម្ពុជាប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ៕







(វីដេអូ) តើបក្ស​ប្រឆាំង​បានធ្វើ​អ្វីខ្លះ​ចាប់តាំង​ពីមុន និងក្រោយ​ការ​បោះឆ្នោតឆ្នាំ ២០១៣មក ?