Friday, March 19, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញពិនិត្យមន្ទីរពេទ្យស្រ្តី នគរទេពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

ការរៀបចំមន្ទីរពេទ្យស្ត្រី «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។
មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕
ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ គឺត្រូវពាក់ម៉ាសគ្រប់ៗគ្នានៅតាមទីសាធារណៈ ឧស្សាហ៍ដុសលាងសម្អាតដៃ មុខមាត់ត្រចៀក ជាមួយសាប៊ូ ចិល ឬទឹកអាល់កុល ហើយត្រួវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ចម្ងាយជាង១ម៉ែត្រកន្លះពីគ្នា៕










លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋ

នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃកម្ពុជា ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរមកដល់ពេលនេះគឺសម្រេចបានប្រមាណ៩៥%។ ដំណើរការជួសជុលកែលម្អរនេះគ្រោងនឹងធ្វើអោយបានចប់រួចរាល់នៅចុងខែមីនាឆ្នាំ ២០២១ នេះ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្តិសាធារណៈអោយបានល្អរួមទាំងសួនច្បារ ជាពិសេសសូមចូលរួមថែរក្សាស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋអតីតព្រះមហាក្សត្រនៃព្រះរាជាណាចកក្រកម្ពុជាយើងអោយបានស្ថិតនៅល្អគង់វង្សយូរអង្វែង៕











លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ ជាចំណុចខ្លាំងសម្រាប់កម្ពុជា

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី បានថ្លែងថា ការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើធនធាន និងភាពចម្រុះរបស់វប្បធម៌ សុទ្ធតែជាជម្រើសគោលនយោបាយចម្បង ក្នុងនោះដែរសម្រាប់កម្ពុជា ទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំង។

នេះបើយោងតាមសារអបអរសាទររបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC លើកទី២ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលប្រព្រឹត្ត ទៅក្រោមប្រធានបទ ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ តាមប្រព័ន្ធអ៊ីនធឺណែត ដែលទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «នៅពេលដែលយើងត្រូវបានបង្ខំឱ្យរស់នៅតាមទម្លាប់ថ្មី យើងចាំបាច់ត្រូវមាននវានុវត្តន៍និងចក្ខុ វិស័យក្នុងការប្រែក្លាយ វិបត្តិទៅជាឱកាសមួយសម្រាប់កំណែទម្រង់ និងដំណើរឆ្ពោះទៅមុខ។ ក្នុងន័យនេះការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើ ធនធាន និងភាពចម្រុះរបស់វប្បធម៌សុទ្ធតែជាជម្រើសគោលនយោបាយចម្បងរបស់យើង។ សម្រាប់កម្ពុជា ទេសចរណ៍វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំងរបស់យើង»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងទៀតថា រយៈពេលពីរឆ្នាំហើយដែល ACC ត្រូវបានបង្កើតនិងប្រកាសនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង លើកកម្ពស់ការតភ្ជាប់រវាងវប្បធម៌ និងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ទំនាក់ទំនងរវាងមនុស្សជាតិ និងនវានុវត្តន៍។ ការប្តេជ្ញាចិត្តផ្នែកនយោបាយច្បាស់លាស់៖ យើងធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ លើការអភិវឌ្ឍនិងនវានុវត្តន៍ដោយមានវប្បធម៌ជាចលករ ដើម្បីសម្រេចឱ្យបានគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព។

ការផ្សារភ្ជាប់រវាងមនុស្ស ចំណេះដឹង និងសកម្មភាព សុទ្ធតែជាយុទ្ធសាស្ត្រអន្តរាគមន៍សំខាន់ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែងជូនប្រជាជន។ ផ្សារភ្ជាប់ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយយកប្រជាជនជាស្នូល គឺជាវិធីសាស្ត្រសំខាន់។ គោលបំណងរួមក្នុងការគាំទ្រ ACC ឱ្យក្លាយជាស្ថាប័នមួយ ដ៏សំខាន់នៅអាស៊ី ក្នុងការលើកកម្ពស់សន្តិភាព បរិយាប័ន្ន ចិរភាព និងភាពធន់របស់សង្គម។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ទៀតថា ជំងឺរាតត្បាតកូវីដ-១៩ កំពុងបំផ្លិចបំផ្លាញជុំវិញពិភពលោក។ វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត បានទទួលរងគ្រោះយ៉ាងខ្លាំង ពីវិធានការបិត ឬរឹតបន្តឹងមនុស្សក្នុងការជួបជុំ និងការប្រមូលផ្តុំ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលទាមទារឱ្យមានសាមគ្គីភាព និងភាពជាដៃគូរអន្តរជាតិ ដោយគ្មានប្រទេសឬសង្គមណាមួយមានសុវត្ថិភាពទេ បើយើងទាំងអស់គ្នាមិនមានសុវត្ថិភាពនោះ ៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឱ្យបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ជូនមនុស្សចាស់ ៦០ឆ្នាំឡើង នៅភ្នំពេញ ហើយផ្អាកចាក់ឱ្យមនុស្សពេញវ័យ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ផ្អាកការចាក់វ៉ាក់សាំង Astra Zeneca នេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្នសិន ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដូសទី១ហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២ បន្តទៀតផងដែរ ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកទេ។

តាមរយៈសារសំឡេងមួយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមឱ្យគ្រប់មន្ទីរពេទ្យដែលកំពុងដំណើរការចាក់វ៉ាក់សាំង គឺមិនបន្តចាក់វ៉ាក់សាំង Astra Zeneca ជូនអ្នកដែលមិនដល់អាយុ៦០ឆ្នាំ វៀលែងតែមានការអនុញ្ញាតរួចហើយ»។

លោកបានបន្តថា កន្លងទៅឱ្យតែមានមនុស្សចូលទៅ ក្រុមគ្រូពេទ្យបានផ្តល់ដោយមិនបានគិតដល់គោលនយោបាយវ៉ាក់សាំងរបស់កម្ពុជា ដែលបានបែងចែកឱ្យ ស៊ីណូហ្វាមចាក់សម្រាប់អ្នកមានអាយុពី១៨ ដល់៥៩ឆ្នាំ និង Astra Zeneca ចាក់ពី៦០ឆ្នាំឡើងលើ។

លោកក៏បានបញ្ជាក់ដែរថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល១៥ថ្ងៃនេះ មិនមែនចាប់ផ្តើមនៅថ្ងៃនេះទេ តែត្រូវចាប់ផ្តើមនៅពេលដែល លោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ប្រកាសរៀបចំរួចរាល់ ដោយសារតែការខចាក់វ៉ាក់សាំងនេះ ត្រូវធ្វើនៅនៅក្នុងខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញតែម្តង។

«យើងអត់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់នោះទេ ប៉ុន្តែយើងត្រូវបន្តខិតខំដើម្បីរកវ៉ាក់សាំងចាក់ដល់ពលរដ្ឋរបស់យើង យ៉ាងហោចណាស់ឱ្យបាន១០លាននាក់ ដែលពេលខាងមុខនេះវ៉ាក់សាំងដែលនឹងបានមកជាបន្តបន្ទាប់»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្រ្ដី។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហាមឃាត់មិនឱ្យមានការមកដណ្តើមចាក់វ៉ាក់សាំងពីមនុស្សចាស់ ដោយជនអាយុក្រោម៦០ឆ្នាំ នៅក្នុងយុទ្ធនាការនេះផងដែរ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងមិនគិតថ្លៃដល់ពលរដ្ឋ មិនមានការរើសអស់ផ្នែកនយោបាយនោះទេ។
សូមបញ្ជាក់ថា វ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោកផ្តល់មកកម្ពុជាតាមរយៈយន្តការកូវ៉ាក់ជាង ៣២ម៉ឺនដូស គឺនៅសល់ចំនួន១១១៤០០ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន ៥៥៧០០នាក់៕



អភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់

 សៀមរាប៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូចុះពិនិត្យមណ្ឌលចត្តាឡីស័កនៅស្រុកក្រឡាញ់ដើម្បីត្រៀមសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅប្រទេសនិងមានការចូលរួមពីលោក គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត លោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។

លោកអភិបាលខេត្ត បានជំរុញដល់ក្រុមការងារប្រចាំការទាំងអស់ត្រូវអនុវត្តការងារនេះឱ្យបានហ្មត់ចត់ ជៀសវាងការគេចចេញពីមណ្ឌលចត្តាឡីស័ក ហើយត្រូវណែនាំដល់បងប្អូនដែលមកធ្វើចត្តាឡីស័កអនុវត្តឱ្យខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ សូមបងប្អូនចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃនឹងអាកុល ឬជែល និងត្រូវរក្សាគន្លាតបុគ្គល) ៣កុំ(កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ព្រមទាំងចូលរួម (ចូលរួមយុទ្ធនាការប្រឆាំងនឹងកូវីដ-១៩ ប្រើ QR Code “Stop covid-19 ទប់ស្កាត់កូវីដ-១៩”)៕






លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារអបអរសាទរដល់កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC លើកទី២ តាមប្រព័ន្ធអ៉ីនធឺណែត

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើសារអបអរសាទរដល់កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC លើកទី២ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែត។

កិច្ចប្រជុំនាពេលនេះប្រព្រឹត្តទៅក្រោមប្រធានបទ ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ គឺពិតជាប្រធានបទដ៏ល្អ និងមានទំនាក់ទំនងខ្លាំងណាស់ជាមួយស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក ៕

ខាងក្រោមនេះជាសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖





ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៧នាក់ ខណៈអ្នកជំងឺចំនួន ១៩នាក់ជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៧នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។


ករណីវិជ្ជមានកូវីដថ្មី៣៧នាក់នេះ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុចំនួន៣នាក់ និងខេត្តកណ្តាល១នាក់។


ដោយឡែកករណីជាសះស្បើយចំនួន១៩នាក់ រួមមាន នៅខេត្តព្រះសីហនុ៧នាក់ និងរាជធានីភ្នំពេញចំនួន១២នាក់។


សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩ ៕












ក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវប្តូរទៅទីតាំងថ្មីនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (អតីតក្រសួងរៀបចំដែនដី) ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១តទៅ

 នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មីនៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទពីទីតាំងកាច់ជ្រុងផ្លូវលេខ ១៦៩ និងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (អតីតក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់) ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១តទៅ៕

សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖



ក្នុងរយៈពេលជិត៣ ទសវត្សរ៍កន្លងទៅនេះ កម្ពុជា-បង់ក្លាដែស តែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រកបដោយផ្លែផ្កាទាំងក្នុងកម្រិតទ្វេភាគីនិងពហុភាគី

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ជិតស្និទ្ធនិងជាពិសេសរវាងព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស លោក បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុងសន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ១៩៧៣។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសថ្លែងសុន្ទរកថាក្នុង «ពិធីប្រារព្ធខួបកំណើត១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស» និង «ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរបស់យើង។ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងទៅនេះ លោកពិតជាមានសេចក្តីសោមនស្សរីករាយដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អនិងប្រកបដោយផ្លែផ្កាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាពនិងការគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍របស់ប្រជាជាតិនិងប្រជាជនយើងទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនូវអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះលោកប្រធានាធិបតី អាប់ឌុល ហាមីត លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកបដោយសុខភាពមាំមួន សុភមង្គល និងវិបុលភាព និងសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាលនិងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ បិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានាធិបតី អាប់ឌុល ហាមីត និង លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ វឌ្ឍនភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ ជោគជ័យដ៏ធំធេងនេះ បានផ្តល់លទ្ធភាពឱ្យបង់ក្លាដែសអាចបំពេញបាននូវលក្ខខណ្ឌតម្រូវដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២១នេះ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរកម្ពុជា-បង់ក្លាដែស ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដូចជាទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់លោកផ្ទាល់នៅបង់ក្លាដែសក្នុងខែមិថុនា ឆ្នាំ២០១៤ និងទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០១៧ បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើនក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ ។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសថ្លែងសុន្ទរកថាក្នុង «ពិធីប្រារព្ធខួបកំណើត១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស» និង «ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទន្ទឹមនេះ ប្រទេសទាំងពីរ ក៏បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់មួយខ្សែក្នុងរាជធានីភ្នំពេញនិងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមកទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ក៏ដូចជាពិភពលោកជាពិសេសជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្នដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩៕