Tuesday, August 25, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យតំណាងប្រតិភូគណបក្សនយោបាយនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិបន្ថែមលើវិធានការដោះស្រាយបញ្ហាវិបត្តិកូវីដ-១៩

 នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក ត្រូវបានអនុញ្ញាតឱ្យផ្តល់នូវទស្សនទានដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គមដោយផ្អែកលើការរកឃើញតម្រុយនិងភស្តុតាងនានាតាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ-១៩ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យប្រតិភូគណបក្ស នយោបាយ នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមជាមតិយោបល់ជុំវិញបញ្ហាកូវីដ–១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការ ឆ្លើយតប រួមទាំងបញ្ហាផ្សេងៗ ដែលជាដំណោះស្រាយលើបញ្ហាសេដ្ឋកិច្ច-សង្គម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាជំងឺកូវីដ-១៩ មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ វាជាបញ្ហារួមរបស់សកលលោក។ លោក បានមានប្រសាន៍បញ្ជាក់ប្រាប់ទៅប្រតិភូបក្សនយោបាយនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថាលោកចង់ឱ្យតំណាងប្រតិភូគណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចូលរួមផ្ដល់នូវមតិទៅលើបញ្ហាការដោះស្រាយរបស់រាជរដ្ឋាភិបាល ទៅលើបញ្ហាកូវីដ-១៩នេះ ថាតើបានដោះស្រាយសមស្រប ឬនៅតើនៅមានអ្វីទៀតជាចន្លោះប្រហោង។

កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះ បានផ្តល់ឱកាសឲ្យប្រធានប្រតិភូគណ បក្សនីមួយៗ ម្នាក់ៗបានចូលរួមទស្សនៈទាន១០នាទី នៃការផ្តល់ធាតុចូល ក្នុងន័យស្ថាបនា អំពីបរិបទបច្ចុប្បន្នភាពសង្គម ផ្អែកលើការរកឃើញតម្រុយ ឬភស្តុតាង តាមរយៈបេសកកម្មការងារបន្ថែម ជាមួយនឹងការប្រឈមនឹងកូវីដ-១៩។

ទាក់ទងទៅនឹងបញ្ហាព្រំដែន នៅក្នុកិច្ចប្រជុំនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានឱ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាចុះទៅជួបប្រជាពលរដ្ឋ ដែលអះអាងថា បាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយការបោះបង្គោលព្រំដែន ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំទៅកាន់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី ឱ្យរៀបចំបើកសិក្ខាសាលាមួយដើម្បីឱ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែន។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕




រាជរដ្ឋាភិបាល គ្រោងនឹងរៀបចំវេទិកាសាធារណៈដើម្បីពន្យល់បកស្រាយសារជាថ្មីស្តីអំពីផែនទីនិងការបោះបង្គោលព្រំដែន

 រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាសាធារណៈ នៅពេលខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពន្យល់និងបើកទូលាយសម្រាប់ប្រជាពលរដ្ឋដែលមានការចង់ដឹង ចង់យល់ អំពីផែនទី និងការបោះបង្គោលព្រំដែន។

នៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបនឹងសំណើរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានណែនាំឱ្យលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំវេទិកាសាធារណៈដើម្បីពន្យល់ប្រជាពលរដ្ឋ ដែលចង់ដឹងអំពីផែនទី និងការបោះបង្គោលព្រំដែន។ នេះបើតាមលោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោក ឈឹម ផលវិរុណ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតក្រោយបញ្ចប់កិច្ចប្រជុំខាងលើថា ពាក់ព័ន្ធនឹងរឿងព្រំដែននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកទូលាយដោយអនុញ្ញាតឱ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅសាកសួរប្រជាពលរដ្ឋដែលអះអាងថាបាត់ដីហើយការបើកទូលាយមួយទៀតគឺអនុញ្ញាតឱ្យរៀបចំវេទិកាសាធារណៈដើម្បីពន្យល់អំពីផែនទី និងការបោះបង្គោលព្រំដែន។ បើតាម លោក ឈឹម ផលវរុណ សម្រាប់វេទិកានេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សាលនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានតំណាងប្រជាពលរដ្ឋ ៥០០នាក់ ចូលស្តាប់ជាបន្តបន្ទាប់។

ការដាក់ចេញនូវការរៀបចំវេទិកា ដើម្បីពន្យល់ប្រជាពលរដ្ឋអំពីការបោះបង្គោលព្រំដែន និងផែនទីនេះ បានធ្វើឡើងស្របពេលដែល កម្ពុជា និងវៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ និងការញុះញង់បំផុសបំផុលអំពីបញ្ហាព្រំដែនឡើងវិញ រហូតដល់មានការឃាត់ខ្លួន លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះផងដែរ។

សម្រាប់ផែនទីខាងលើនេះ លោក ឈឹម ផលវរុណ បានអះអាងថា កម្ពុជានៅតែប្រើប្រាស់ជាគោលនូវផែនទីគ្រឹះ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ នោះគឺផែនទីបោនខ្នាត ១/១០០០០០ ដដែល៕


រដ្ឋាភិបាលអូស្រ្ដាលី រៀបចំផែនការអភិវឌ្ឍរយៈពេលយូរឆ្នាំ សម្រាប់ជួយកម្ពុជាឱ្យកាន់តែរីកចម្រើនជឿនលឿន

នៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានអនុញ្ញាតឱ្យលោក Poblo Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក អ៊ុក រ៉ាប៊ុន  បានសម្ដែងការស្វាគមន៍ និងបានជម្រាបជូនភ្ញៀវអំពីការងាររួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងនោះមានការងារស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការងារអភិវឌ្ឍន៍សហគមន៍ ការងារឥណទានជនបទ ការងារអភិវឌ្ឍន៍ជនជាតិ ភាគតិច និងការងារអភិវឌ្ឍន៍ធនធានមនុស្សជាដើម។ 

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានគ្រប់គ្រងផ្លូវជនបទប្រមាណ ៧៤% នៅទូទាំងប្រទេស ក្នុងនោះបានធ្វើការកែលម្អជាបណ្ដើរៗពីផ្លូវដីស ឲ្យទៅជាផ្លូវក្រាលក្រួសក្រហម ពីផ្លូវក្រួសក្រហមឲ្យទៅជាក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងទៅជាផ្លូវបេតុងចំពោះតំបន់ដែលលិចទឹក។ ទាក់ទិនទៅនិងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លោក បានបន្តថាក្រសួងអភិវឌ្ឍន៍ជនបទមានទិសដៅសំខាន់ៗចំនួន ៣ គឺទី១ នៅឆ្នាំ ២០២៣ សម្រេចឲ្យបាន៩០% និងខេត្តចំនួន ៥ ជាខេត្ត (ODF) គឺបញ្ឈប់ការបន្ទោបង់ពាស វាលពាសកាល។ ទី២ នៅឆ្នាំ ២០២៥ នឹងសម្រេចឲ្យបាន១០ ខេត្តបន្ថែមទៀត និងទី៣ នៅឆ្នាំ ២០៣០ សម្រេចឲ្យបាន ១០០% លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា។ ទិសដៅនេះគឺដោយសារតែក្រសួងមានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ខេត្តដែលបង្កលក្ខណៈងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។ 

ជាការឆ្លើយតបលោក Poblo Kang  បានសម្ដែងនូវការគាំទ្រចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះមានវិស័យកសិកម្ម និងធារាសាស្រ្ដជាដើម និងបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលអូស្រ្ដាលីបានផ្ដោតការងារសំខាន់ៗចំនួន ៣ នៅកម្ពុជា ទី១ វិស័យសុខាភិបាល បានផ្ដល់រថយន្ដសង្គ្រោះដល់មណ្ឌលសុខភាព និងផ្នែកមន្ទីរពិសោធន៍ ទី២ ជួយលើកកម្ពស់ជនងាយរងគ្រោះកំណត់អត្តសញ្ញាណគ្រួសារក្រីក្រផ្ដល់សាច់ប្រាក់ រួមទាំងជនជាតិដើមភាគតិចជាដើមដោយសហការជាមួយក្រសួងផែនការ និងទី៣ ស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវី ១៩។ ក្រៅពីនេះរដ្ឋាភិបាលអូស្រ្ដាលីបានជួយផ្នែកទឹកស្អាត និងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកឯកអគ្គរដ្ឋទូត បានបន្តថា រដ្ឋាភិបាលអូស្រ្ដាលីកំពុងរៀបចំកម្មវិធីដែលមានរយៈពេល ៦ ឆ្នាំ សម្រាប់ជួយអភិវឌ្ឍន៍នៅកម្ពុជា។

លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្ដាលីដែលបានជួយដល់កម្ពុជាតាមរយៈគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ សម្របសម្រួល និងគ្រប់គ្រងព្រម ទាំងបានស្នើសុំឲ្យអូស្រ្ដាលីជួយផ្នែកអភិវឌ្ឍន៍ធនធាន មនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ជាដើម៕





រដ្ឋមន្ត្រីកសិកម្ម ​ស្វាគមន៍ក្រុមហ៊ុនចិនលើគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ ​និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន​

 (ភ្នំពេញ)៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីទាំងពីរបាននិងបន្តការខិតខំប្រឹងប្រែងរួមគ្នាអនុវត្តការនាំចេញអង្ករកម្ពុជាទៅទីផ្សារចិនឱ្យបាន ៤០០ពាន់តោន និងថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ។ 

ពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិនរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រ ហើយលោកក៏បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។

លោក Wang Bingham បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានចំណាពេលវេលាដ៏មានតម្លៃទទួលជួបរូបលោកនារសៀនេះ។ លោកបានបញ្ជាក់ថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។ ហើយដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ លោកអគ្គនាយកក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ៕




ក្រសួងសាធារណការ ចេញសេចក្តីណែនាំ ស្តីពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះ ដែលមានទម្ងន់លើសពី ៣.៥តោន

 ក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនឹងយានជំនិះធុនធ្ងន់ និងយោងតាមបទដ្ឋានបច្ចេកទេស ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានសេចក្តីណែនាំដល់ម្ចាស់យានជំនិះធុនធ្ងន់គ្រប់ប្រភេទ ត្រូវធ្វើការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់របស់ខ្លួនឱ្យបានត្រឹមត្រូវ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមធ្វើការណែនាំអំពីការបិទស្លាកសញ្ញាចាំងពន្លឺលើ រថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី៣.៥តោន ដូចខាងក្រោម៖

* ទី១៖ ស្លាកសញ្ញាចាំងពន្លឺបិទនៅលើយានជំនិះត្រូវមានពីរពណ៌ «ក្រហម» និង «លឿង» ដែលមានទទឹងមិនតិចជាង៥០មីលីម៉ែត្រ និងកម្រិតចាំងពន្លឺស្របតាមបទដ្ឋាន បច្ចេកទេស VC104+។
* ទី២៖ ស្លាកសញ្ញាចាំងពន្លឺ «ពណ៌លឿង» ត្រូវបិទនៅផ្នែកសងខាងតាមបណ្ដោយយានជំនិះ ដែលមានប្រវែងមិនតិចជាង៨០% នៃប្រវែងបណ្តោយរបស់យានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម និងមានប្រវែងមិនតិចជាង២៥០មីលីម៉ែត្រ។
* ទី៣៖ ស្លាកសញ្ញាចាំងពន្លឺ «ពណ៌ក្រហម» ត្រូវបិទនៅផ្នែកខាងក្រោយតាមទទឹងយានជំនិះ និងបិទនៅតែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង ៤០០មីលីម៉ែត្រ ពីគែម។
* ទី៤៖ ករណីរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣.៥តោន មកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងមិនមានបិទស្លាកសញ្ញាចាំងពន្លឺ ឬបិទស្លាកសញ្ញាចាំងពន្លឺ មិនស្របតាមបទដ្ឋានបច្ចេកទេសខាងលើ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារប្រកាសលេខ១៧០ ប្រក.សក.ដជគ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងណែនាំដល់ម្ចាស់យានជំនិះនោះឱ្យបិទស្លាកសញ្ញាទាំងពន្លឺ បានត្រឹមត្រូវ ដូចមានក្នុងគំនូរអធិប្បាយណែនាំ អំពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់ ដែលភ្ជាប់ជាមួយ ៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន៖




លោកស្រី តុង ណារី ៖ ដើម្បីសម្រេចនូវផែនការថ្មីៗ ចាំបាច់ត្រូវការសហការល្អរវាងមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋាន

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងមានការអញ្ជើញចូលរួមពីលោកស្រី ឈុំ ចាន់សុខ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព សមាជិក សមាជិកា គ.ក.ស.ក ខេត្ត ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។ 


លោកស្រី តុង ណារី ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកសមាជិកា ទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ។


លោកស្រី តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមចូលរួមសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក រាយការណ៍ពីសុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ ឱ្យគាត់យល់ដឹងពីការធ្វើអនាម័យ និងថែរក្សាសុខភាពដើម្បីកុំឱ្យកើតមានជំងឺកូវីដ១៩ ក្នុងគ្រួសារ និងសហគមន៍យើងរស់នៅជាដាច់ខាត៕





ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ

 (ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕


កិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបស្តីពីការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ

 កោះកុង៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវរបស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុក ស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ បន្ទាប់ពីកិច្ចប្រជុំលើកទី២ដែលក្រុមការងារ បានចុះទៅកំណត់និយាមកា ដើម្បីកំណត់ទីតាំងដីទំនាស់។

ក្រោយពីបានពិភាក្សា អង្គប្រជុំបាន ឯកភាពគ្នា ដូចខាងក្រោម៖
១. លទ្ធផល ក្រុមការងារ បានរកឃើញថាទីតាំង ដីទំនាស់រវាងលោក អ៊ុយ វណ្ណៈ និងក្រុមហ៊ុនខេម៉ាហ្ក្រា ហើយលោក អ៊ុយ វណ្ណៈ បានអះអាងថា ផ្ទៃដីទំនាស់ ពិតជា មាន ចំនួន៣ទីតាំង មានផ្ទៃដីទំហំ ៥០ហិកតា ១៧ ជាដីដែលស្ថិតក្នុងទីតាំង ដីវិនិយោគ របស់ក្រុមហ៊ុនខេម៉ាហ្ក្រា (ក្នុងនោះ ផ្ទៃដីទំហំ ០ហិកតា៩២ ស្ថិតនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២)។
២. លោក អ៊ុយ វណ្ណៈ សំណូមពរដល់រាជរដ្ឋាភិបាល សូមធ្វើការ ផ្តល់កម្មសិទ្ធិ ដីទំនាស់ទំហំ ៥០ហិកតា១៧ នោះជូនពួកគាត់។
៣. ក្រុមហ៊ុនខេម៉ាហ្ក្រា ស្នើ សុំសិទ្ធិ ជាសម្បទានិកលើទីតាំងដីមានទំនាស់ខាងលើនេះ ។
៤. លទ្ធផលនៃកិច្ចប្រជុំនេះ នឹង ធ្វើរបាយការណ៍ជូន ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុងដើម្បីពិនិត្យ សម្រេច។

លោក សុខ សុទ្ធី បានបញ្ជាក់បន្ថែមថា ចំពោះករណីនេះរដ្ឋបាលខេត្ត នឹងធ្វើរបាយការណ៍អំពីលទ្ធផល នៃកិច្ចប្រជុំកន្លងមក ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ សម្រេច ហើយនៅពេល ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចរួចហើយនោះ រដ្ឋបាលខេត្ត សូមបិទបញ្ចប់ករណីនេះ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ខ្ពង់ខ្ពស់ប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។


ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូ នៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕