Monday, April 02, 2018

ពិធីមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ គ.ស២០១៨ ស្ថិត​នៅក្នុងភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

កំពង់​ឆ្នាំង៖ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ គ.ស២០១៨ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅផ្ទះបៃត ដែល​ជា​គេហដ្ឋានលោក គង្គ ឃាង អនុប្រធាន​មន្ទីរ​សាធារណការខេត្ត​កំពង់​ឆ្នាំង និងលោកស្រី តុង ណារី​ សមាជិកា ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង ស្ថិត​នៅក្នុងភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។

មហា​សង្ក្រាន្ត​ឆ្នាំថ្មីនេះ បើតាម​ប្រសាសន៍​លោកស្រី តុង ណារី បាន​ឲ្យ​ដឹង​ថា ធ្វើឡើងក្នុងគោលបំណងចង់ អោយប្អូនៗ កូនចៅៗ ទាំងអស់បានស្គាល់ច្បាស់នៅល្បែងប្រជាប្រិយ ប្រពៃណីរបស់ដូនតាខ្មែរដែលបាន បន្សល់ទុកមកមាន ការរាំរបាំត្រុដិ លាក់កន្សែង ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ រាំវង់ រាំក្បាច់ សារវ៉ាន់ ឡាំលាវ ។ល។

នៅ​ក្នុង​ពិធីនោះ​ផង​ដែរ ក៏មានវត្តមាន​ពីលោកស្រី មានសំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា កម្ពុជា និង​អញ្ជើញ​ចូល​រួម​ពីលោកស្រី ប៉ាល់ យឿន អភិបាល​រង​ខេត្ត​ រួម​នឹងភ្ញៀវកិត្តិយ​សជាច្រើន​ដែលបានបង្កើតឲ្យ​បរិយាកា​សសប្បាយរីករាយ និង​អធិក​អធ័ម្ម​ក្រៃលែង​ ។

មហាសង្ក្រាន្ត​ឆ្នាំថ្មី ឆ្នាំច គឺ​បានធ្វើឡើង នាថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ដើម្បីចូល​រួមអបអរសាទរក្នុងពិធីបុណ្យ​ចូលឆ្នាំថ្មីដែលនឹង​ប្រព្រឹត្ត​ទៅ​នាពេល​ពេលប៉ុន្មានថ្ងៃខាងខាងមុខនេះ ៕






រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសស្ដីពី ការរៀបចំរថយន្តក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទាំងអស់ដោយឥតគិតថ្លៃ

នាថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានី ភ្នំពេញបាន ចេញសេចក្ដីប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ រថយន្តក្រុងចំនួន ៦០គ្រឿង ដើម្បីដឹកជញ្ជូនដោយឥតគិតថ្លៃតាមគោលដៅផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ការអនុវត្តនេះគឺតាមប្រសាសន៍ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ៖


ព្រះពុទ្ធបដិមាទ្រង់អភ័យមុទ្រៈចំនួន២អង្គនៅប្រាសាទប្រែរូបកំពុងទទួលបានការជួសជុល

អ្នកជំនាញខ្មែរខាងអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន GIZ កំពុងដំណើរការជួសជុលចម្លាក់ព្រះពុទ្ធបដិមាចំនួនពីរអង្គ ស្ថិតនៅប្រាង្គកណ្តាលនៃប្រាសាទប្រែរូប។

សភាពនៃព្រះពុទ្ធបដិមាពីរអង្គ គឺបានបាត់បង់ព្រះកេស ព្រះហស្ថទាំងស្រុង និងដាច់ត្រឹមកជើង។ បដិមាព្រះពុទ្ធទាំងនេះ ធ្វើអំពីថ្មភក់ ក្នុងរចនាបទបាយ័ន ទ្រង់ឈរក្នុងកាយវិការអភ័យមុទ្រៈលម្អដោយខ្មុកនិងម្រ័ក្សណ៍ និងមានក្បាច់បិទលម្អដោយគ្រឿងសិប្បីសត្វថែមទៀត ។

តាមលក្ខណៈសម្គាល់ខាងផ្នែកក្បាច់លម្អនិងរចនាបថ បង្ហាញថាព្រះពុទ្ធរូបទាំងពីរអង្គរនេះប្រហែលជាធ្វើឡើងក្នុងសម័យកណ្តាល (ស.វទី១៥-១៦) ជាសម័យដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះដើមឡើយគឺសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នមានប្រជាជននៅជុំវិញទីនេះ តែងតែមកបន់ស្រន់សុំទឹកភ្លៀង និងបានហៅឈ្មោះពុទ្ធបដិមាទាំងពីរអង្គនេះថា លោកតាសៅ។

លោក ឡុង ណារី ប្រធានគម្រោងជួសជុលបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ពីពេលវេលា និងមូលហេតុដែលព្រះពុទ្ធបដិមាទាំងពីរអង្គនេះមានការខូចខាតដោយសារអ្វីឡើយ។ ផ្អែកតាមស្លាកស្នាមជាក់ស្តែង ចម្លាក់ពុទ្ធបដិមាទាំងពីរអង្គនេះ គឺត្រូវបានជួសជុលម្តងរួចទៅហើយ ប្រហែលជានៅសតវត្សរ៍ទី១៦ ដែលគេប្រើដែកស្នូលមានរាងជ្រុងសម្រាប់តភ្ជាប់ ខុសពីការជួសជុលនៅសម័យបារាំងដែលប្រើស្ពាន់និងដែកសសៃមូល។ ម្យ៉ាងទៀតការជួសជុលសម័យនោះ គេប្រើថ្មថ្មីជំនួសកន្លែងដែលបាត់បង់ និងផ្នែកខ្លះបានប្រើប្រាស់ឈើតភ្ជាប់ជាមួយថ្ម បន្ទាប់មកលាបម្រ័ក្សណ៍ពីលើដើម្បីលម្អ។

លោកបានបន្ថែមថា ក្រុមការងារនឹងយកសារធាតុម្រ័ក្សណ៍នេះទៅពិសោធនៅមន្ទីរពិសោធន៍របស់ប្រទេសកូរ៉េ ដើម្បីឱ្យដឹងពីសមាសធាតុផ្សំថាមានអ្វីខ្លះ។ ចំពោះបច្ចេកទេសនៃការជូសជុលទៀតសោត ក្រុមការងារនឹងរៀបចំតបំណែកបាក់បែករបស់ព្រះពុទ្ធរូប អភិរក្សក្បាច់ និងគ្រឿងលម្អដទៃដោយប្រើបច្ចេកទេសបុរាណ គួបផ្សំនឹងការប្រើសម្ភារៈថ្មីៗមួយចំនួន ដូចជាកាវបិទ បាយអរ ថ្មភក់ ដើម្បីពង្រឹងមុខតំណរ ពង្រឹងស្នាមប្រេះ និងលាងសម្អាតធូលីដី មុនឈានដល់ការផ្គុំឡើងវិញហើយជួសជុល។
ក្នុងករណីដែលស្រាវជ្រាវរកព្រះកេសនិងព្រះហស្ថនៃពុទ្ធបដិមាទាំងពីរអង្គមិនឃើញ ក្រុមការងារនឹងនៅតែបន្តឱ្យពុទ្ធបដិមាទ្រង់គង់ឈរឡើងវិញ ដើម្បីឱ្យប្រជាជនបានគោរពបូជាជាប្រក្រតីនៅពេលខ្លីខាងមុខ។

លោក Sebastian Kerridge អ្នកសម្របសម្រួលកិច្ចការបច្ចេកទេសនៃស្ថាប័ន GIZ បញ្ជាក់ថា ពួកយើងជាអ្នកគាំទ្រគម្រោងអភិរក្សថ្ម តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្សរបស់អាជ្ញាធរជាតិអប្សរាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គម្រោងនេះ យើងបានបណ្តុះបណ្តាលអ្នកជំនាញខ្មែរបានជាច្រើនរូបលើការងារជួសជុលនិងអភិរក្សថ្ម ហើយបច្ចុប្បន្នអ្នកជំនាញទាំងនេះកំពុងបំពេញការងារដោយផ្ទាល់ខ្លួនរបស់ពួកគេក្នុងអង្គភាពអាជ្ញាធរជាតិអប្សរា។ នេះលទ្ធផលល្អប្រសើរដែលយើងចង់ឃើញប្រជាជនខ្មែរបំពេញការងារអភិរក្សជួសជុលប្រាសាទខ្មែរ ដោយស្មាដៃរបស់ពួកគេផ្ទាល់។ យើងសង្ឃឹមថា ចំណេះដឹងនេះនឹងបន្តផ្ទេរដល់អ្នកជំនាញក្មេងៗជំនាន់ក្រោយ ដែលនឹងបន្តវេននាពេលអនាគត។

ជាចុងក្រោយលោក ឡុង ណារី ក៏បានសំណូមពរដល់ប្រជាជនទាំងអស់ដែលមានជំនឿ និងស្រលាញ់មរតកដូនតា គួរតែលើកតម្លៃព្រះពុទ្ធសាសនា ពេលមកអុជធូប ទៀន ស្រោចទឹក ឬបាញ់ទឹកអប់ជាដើម សូមមេត្តាកុំឱ្យប៉ះពាល់ដល់រាល់បុរាណវត្ថុ ព្រោះគ្រឿងក្រអូប ផ្សែង កម្តៅទាំងអស់នេះមានផ្ទុកសារជាតិបង្ករឱ្យមានបញ្ហាដល់បដិមា៕





ពិធីសម្ភោធដាក់អោយប្រើប្រាស់សាលាភត្តវត្តព្រះរាជាឧត្តម « វត្តវាលនិទ្រ្ទា »

ពោធិ៍សាត់៖ នាថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ពិធីសម្ភោធដាក់អោយប្រើប្រាស់សាលាភត្តវត្តព្រះរាជាឧត្តម «វត្តវាលនិទ្រ្ទា»ស្ថិតក្នុងភូមិ ព្រែក១ ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ទី នរិន្ធ អាជ្ញាធរអគ្កិសនី កម្ពុជា និងជាប្រធាន​ក្រុមការងារ​ចុះជួយស្រុកក្រវាញ ខេត្តពោធិ៍សាត់ លោក អ៊ឺង គឹមលាង អភិបាលរង នៃគណៈអភិបាល​ខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារយុវជន ខេត្តពោធិ៍សាត់ តំណាង លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត។

នៅក្នុងកិច្ចសម្ភោធដាក់អោយប្រើប្រាស់សាលានោះផងដែរ លោក អ៊ឹង គឹមលាង ក៏បានអញ្ជើញមាន​ប្រសាសន៍​ពាំនាំ​នូវការផ្តាំផ្ញើ និងសួរសុខទុក្ខការគិតគូរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​មកលើពុក ម៉ែ បងប្អូនទាំងអស់គ្នាផងដែរ។

លោកក៏បានលើកឡើង និងពន្យល់ណែនាំខ្លះៗដល់យុវជនយើងសូមជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀន ទាំងនោះវាមិនបាននាំយកផលប្រយោជន៍អ្វី​ដល់យើងទេវាមានតែ​បំផ្លាញអនាគត់​យើងលើសដើម។ បន្ទាប់មកលោក ទី នរិន្ធ បាននិមន្តព្រះសង្ឈចាក់ទឹកជម្រៈភាពចង្រៃចេញពីបងប្អូន ទាំងផងដែរ។

លោកបានបន្តទៀតថាអ្វីដែលពួកយើងរស់បានសុខស្រួលដល់ តំណាក់កាលនេះគឹស្ថិតក្រោមការខិតខំ ប្រឹង ប្រែង របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលលោកបានតស៊ូអស់រយៈពេលជាង៣០ឆ្នាំនេះ លោកបាន​រំលាយ​អស់រាល់បក្សប្រឆាំង ដើម្បីអោយកូនខ្មែររបស់លោករស់នៅបានដោយសុខសេរីភាពដ៏ពេញលេញ លោកបាន​ព្រួតដៃគ្នាផ្តួល​រំលំពួក ក្បត់ជាតិរបបខ្មៅងងឺត លោកពុះពារគ្រប់ឧបសគ្គគ្រប់ជំនាន់មិនខ្លាច​ខ្យល់ព្យុះអ្វីទាំង​អស់។ ដូច្នេះបងប្អូនយើងត្រូវតែបន្តការគាំទ្រចំពោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាបន្តទៀត។

ចំពោះក្នុងខេត្តពោធិ៍សាត់វិញក៏ដូចគ្នាដែរ លោកអភិបាលខេត្ត ក៏បានប្រឹងប្រែងណាស់ដែរលោកបាន ធ្វើផ្លូវជាច្រើនដូចជា ផ្លូវ55 ជាដើម ក៏ដូចជាស្ពានក្បាលហុងដែលកំពុងតែធ្វើការសាងសង់ថ្មី វត្តអារ៉ាម សាលារៀន ។ល។ បន្តមកទៀតលោក ទី នរិន្ធ ក៏បានធ្វើការ ផ្ដាំផ្ញើបន្ថែមដល់បងប្អូនយុវជនយកចិត្តទុកដាក់ អោយខ្ពស់អំពីបញ្ហានានាដែលនៅជុំវិញខ្លួនរាល់បញ្ហាដែល យុវជនយើងដោះស្រាយមិន​ចេញគឺយើងត្រូវបញ្ជូន​មកថ្នាក់លើជួយ យើងមិនត្រូវស្តុបទុកចោលនោះឡើយ ព្រោះអីយុវជនគឺជា សសរទ្រូងនៃប្រទេសជាតិ​ត្រូវការពារជាតិផងដែរ ៕














សមិទ្ធផលនានា ក្នុងវត្តស្វាយអម្ពារ ស្ថិតនៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានដាក់សម្ពោធឱ្យប្រេីបាស់!

នៅថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានអញ្ញើញចូលរួក្នុងពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឫសសីមានៅវត្តស្វាយអម្ពារ ឃុំស្រង៉ែ ស្រុកទ្រាំង ដោយមានការចូលរួមពីសំណាក់លោក លោកស្រីប្រតិភូអមដំណើរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក លោកស្រីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន និងព្រសង្ឃសរុប ២៤៤៥អង្គ/នាក់។

ក្នុងឱកាសនោះលោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជម្រាបជូនបងប្អូនពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេរហូតមានអ្វីៗដូចសព្វថ្ងៃ។
លោកបន្តថាសមិទ្ធផលដែលទទួលបានថ្ងៃនេះគឺកើត ចេញពីការរួបរួមសាមគ្គីគ្នា ចូលរួមកសាងសម្រាប់ទុកជាទី សក្ការៈនៅក្នុងវិស័យពុទ្ធចក្រ វាប្រៀបដូចជាសន្តិភាព ដែលយើងមានរាល់ថ្ងៃនេះក៏កើតឡើងដោយសារការ រួបរួមគ្នារបស់បងប្អូនជាមួយរាជរដ្ឋាភិបាលដែរ ដូច្នេះ សូមបងប្អូនបន្តរួបរួមជាមួយរាជរដ្ឋាភិបាលការពារសន្តិភាពនេះ ដើម្បីនាំប្រទេសយើងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ជឿនលឿនបន្ថែមទៀត៕













ក្រុមហ៊ុនដ៏ធំរបស់ចិនមួយ គ្រោងបោះទុនវិនិយោគ១៦០លានដុល្លារលើវិស័យអចលនទ្រព្យ, ទេសចរណ៍ និងវិស័យជាច្រើនទៀតនៅកម្ពុជា

(ភ្នំពេញ)៖ លោក ចាង លី ប្រធានក្រុមហ៊ុន «សានយា» ដែលក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសចិន បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនរបស់លោក គ្រោងនឹងបោះទុនវិនិយោគប្រមាណ ១ពាន់លានយ័ន ស្មើនឹងប្រមាណ១៦០លានដុល្លារ ទៅលើវិស័យអចលនទ្រព្យ, វិស័យទេសចរណ៍ និងវិស័យជាច្រើនផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ របស់លោក ចាង លី បានធ្វើឡើងក្នុងវេទិកាកិច្ចប្រជុំ កំពូលសកលបណ្តុំ នៃខ្សែសង្វាក់មូលដ្ឋាននៅកម្ពុជា និងកម្មវិធីសម្ពោធ ក្រុមហ៊ុន «សានយា» ខេមបូឌាអ៊ិកឆេន ដោយមានការចូលរួម ពីអ្នកវិនិយោគចិន ជាង២០០នាក់ និងតំណាងរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
លោក ចាង លី បានបញ្ជាក់ផងដែរថា ចំពោះទុនវិនិយោគដំបូងនេះ មិនផ្តោតលើវិស័យហិរញ្ញវត្ថុ តែមួយនោះទេ ប៉ុន្តែការវិនិយោគទំហំទឹកប្រាក់ដំបូងនេះ ក៏នឹងផ្តោតលើវិស័យអាកាសចរណ៍ ទេសចរណ៍ និងវិស័យផ្សេងៗ ច្រើនទៀត។
លោកបានបន្ថែមទៀតថា ក្រុមហ៊ុននឹងធ្វើការទាក់ទាញ ដល់អ្នកវិនិយោគទន់ ដែលជាជនជាតិចិន ឬក៏អ្នកវិនិយោគបរទេសផ្សេងទៀត ឲ្យធ្វើការវិនិយោគនៅកម្ពុជា ដែលធ្វើឲ្យទំហំទឹកប្រាក់ នៃការវិនិយោគទន់មកកម្ពុជា មានចំនួនកាន់ច្រើនបន្ថែមជាងនេះទៀត។
ប្រធានក្រុមហ៊ុន «សានយា» បានអះអាងថា មូលហេតុដែលលោកសម្រេចចិត្ត ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារមើលឃើញថា ប្រទេសកម្ពុជាមានភាព អំណោយផល ព្រោះថាកម្ពុជា និងចិន បានធ្វើទំនាក់ទំនងការទូតរវាងគ្នាល្អ។ ជាងនេះ ដោយសារតែមាន អ្នកវិនិយោគចិន មកវិនិយោគទុនមកកម្ពុជាច្រើន ពិសេសនោះនៅតំបន់ខេត្ដព្រះសីហនុ។
លោកបានបញ្ជាក់ថា «តាមរយៈការស្វែងយល់របស់ខ្ញុំ ឃើញថាកម្ពុជា មានលក្ខខណៈអំណោយផលច្រើន សម្រាប់ការធ្វើវិនិយោគច្រើន។ ខ្ញុំបានធ្វើការស្រាវជ្រាវ និងមើលទីផ្សារកម្ពុជា ឃើញល្អមួយសម្រាប់ក្រុមហ៊ុនខ្ញុំ»។
លោក លី បន្ថែមទៀតថា ការធ្វើវិនិយោគរបស់ក្រុមហ៊ុនលោក ផ្តោតលើវិស័យបច្ចេកវិទ្យាថ្មីមួយ ដែលបណ្តាប្រទេសមួយចំនួនមិនទាន់មាន ហើយវិស័យនេះ កំពុងតែពេញនិយម ក្នុងការប្រើប្រាស់នៅលើពិភពលោក។ វិស័យបច្ចេកវិទ្យាថ្មីនេះ ក៏អាចប្រើប្រាស់ទៅលើក វិស័យទេសចរណ៍ វិស័យកសិកម្ម ពាណិជ្ជកម្មបានផងដែរ។
លោកគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យាថ្មីនេះ នឹងធ្វើកាអភិវឌ្ឍលើកវិស័យជាច្រើន ដែលធ្វើការតាមប្រព័ន្ធ Internet។ ក្រុមហ៊ុននឹងធ្វើការផ្សាយ ទៅកាន់ប្រជាជនក៏ដូចជា អ្នកវិនិយោគផ្សេងមកធ្វើការ វិនិយោគនៅកម្ពុជា តាមរយៈអ្នកទំនាញជាច្រើននាក់ ធ្វើការផ្សព្វផ្សាយតាមរយៈប្រព័ន្ធ Internet មានបណ្តាញសង្គមហ្វេសប៊ុក ស្វីតធ័រ ជាដើម -ល-។
លោក ម៉ៃ វុឌ្ឍី ទីប្រឹក្សាលោក ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា ការធ្វើវេទិកាប្រជុំកំពូល ក៏ដូចជាការដាក់សម្ភោធក្រុមហ៊ុន «សានយា» របស់ប្រទេសចិនថ្ងៃនេះ ក៏ការឆ្លុះបញ្ចាំងមួយទៀត នៃការទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ចិន ដែលកំពុងមានភាពស្អិតរមូតមួយ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ម៉ៃ វុឌ្ឍី បញ្ជាក់ថា តាមរយៈវេទិកាថ្ងៃនេះ នឹងកាន់តែរឹតចំណងមិត្តភាព នៃប្រទេសទាំងពីរ ឲ្យកាន់តែមានល្អប្រសើរថែមទៀត ពិសេសនោះអ្នកវិនិយោគបរទេស ដែលមានបំណង ធ្វើវិនិយោគទន់នៅកម្ពុជា៕





សមិទ្ធផលនានាក្នុងវត្តគិរីសុវណ្ណវ័ន ហៅវត្តអណ្ដូងឫស្សី បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

(កំពង់ឆ្នាំង)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំងបានថ្លែងថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលិញនៅក្នុងឆ្នាំ១៩៩៨ ដែលសុខសន្តិភាពនេះ គឺជាសេចក្តីសុខមិនធ្លាប់ដែលមានពីមុនមក ចាប់តាំងពីឆ្នាំ១៩៥៣ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យ។ ដែលនេះ គឺជាបរិបទផ្លាស់ប្ដូរប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស។

លោក អ៊ុក រ៉ាប៊ុន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងពិធីបុណ្យកាត់ឫសសីមាវត្តគិរីសុវណ្ណាវ័នហៅវត្តអណ្តូងឫស្សី ស្ថិតនៅក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកបានបន្តថា នៅក្នុងសម័យប៉ុលពត គឺជាសម័យទមិឡឥតសាសនាវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាស្ទើរតែទាំងអស់ ត្រូវបានពួកប៉ុលពតវាយកំទេចចោល និងវត្តមួយចំនួនយកធ្វើជាកន្លែងដាក់ជី និងធ្វើគុកដាក់មនុស្ស ព្រះសង្ឃរាប់ម៉ឺនអង្គត្រូវបានផ្សឹក និងត្រូវបង្ខំធ្វើការ បង្អត់បាយដូចប្រជាពលរដ្ឋទូទាំងប្រទេសដែរ។ ក្រោមការដឹកនាំរបស់វរៈជនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាសល់ពីស្លាប់បានរស់រានមានជីវិតឡើងវិញ មកដល់ពេលនេះវត្តអារាមរាប់ម៉ឺនកន្លែងនៅក្នុងទូទាំងប្រទេសបានកសាងឡើងវិញ ដូចបានឃើញបច្ចុប្បន្ននេះ ក្នុងនោះព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ។

ដោយឡែកខេត្តកំពង់ឆ្នាំងក្នុងពេលនេះបានរីកចំរើនមានវត្តអារាមចំនួន ២១៣វត្ត ប្រជាពលរដ្ឋមានសិទ្ធិគោរពជំនឿសាសនាតាមចំណង់ចំណូលចិត្ត ដែលនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ផងដែរ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ដើម្បីរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងសំបូរសប្បាយដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវតែគោរពច្បាប់ជាតិ គោរពរដ្ឋធម្មនុញ្ញ និងសូមកុំចូលរួមធ្វើអ្វីៗ ដែលប្រឆាំងនឹងច្បាប់របស់ជាតិ។ កាត្វកិច្ចដ៏សំខាន់មួយទៀតរបស់ប្រជាពលរដ្ឋនោះ គឺត្រូវតែអញ្ជើ ញបោះឆ្នោតសកល នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឱ្យបានទាំងអស់គ្នា ដើម្បីជ្រើសរើសតំណាងដឹកនាំដ៏ត្រឹមត្រូវរបស់យើង នោះទើបប្រទេសជាតិយើងមានសុខសន្តិភាពជារៀងរហូត។

ជាមួយគ្នានោះ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃអណៈអភិបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ឲ្យដឹងថា វត្តគិរីសុវណ្ណវន្ត ហៅវត្តអណ្តូងឫស្សីនេះ បានកសាងឡើងនៅឆ្នាំ១៩៥៣ ប៉ុន្តែនៅក្នុងរបបប៉ុលពត ត្រូវបានពួកវាយបំផ្លាញខ្ទេចខ្ទីអស់មិនខុសពីវត្តនានានៅក្នុងទូទាំងប្រទេសឡើយ។ ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនបានរស់រានមានជីវិតឡើងវិញ ក្រោមដំបូលនៃសុខសន្តិភាពដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្រៅប្រទេស រួមជាមួយព្រះសង្ឃគង់ក្នុងវត្ត គណៈកម្មការវត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានរួមសាមគ្គីគ្នាកសាងវត្តនេះចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៧ ទើបកសាងវត្តគិរីសុវណ្ណវ័ននេះបានរួចរាល់ក្នុងទឹកប្រាក់ចំនួន ១៩១.០៧០ ដុល្លារ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ទិផលខាងនេះក៏មិនអាចកាត់ចេញពីថ្ងៃជ័យជំនះ៧មករាបានដែរ មានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗនៅថ្ងៃនេះ មានប្រមុខរាជរដ្ឋាភិបាលដឹកនាំល្អប្រកប ដោយគតិបណ្ឌិត ទើបមានសុខសន្តិភាពពេញបរិបូណ៌ និងទើបយើងទាំងអស់គ្នាមានអ្វីៗនៅថ្ងៃនេះ ហេតុនេះសូមប្រជាពលរដ្ឋអញ្ជើញទៅចូលរួមការបោះឆ្នោតអោយបានទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សានិងការពារសុខសន្តិភាពអោយបានគង់វង្ស ទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើន៕









លោក សុខ សូកាន ៖ សន្តិភាព និងការរីកចម្រើនរបស់កម្ពុជា បានមកពីការគាំទ្ររបស់ប្រជាពលរដ្ឋជាមួយនឹងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

តាកែវ៖ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានថ្លែងថា កម្ពុជាអាចឈានមកដល់ចំនុចនេះ គឺមិនមែនជារឿងសាមញ្ញពេកនោះទេ។ បន្ទាប់ពីបានផ្តួលរំលំរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ថ្នាក់ដឹកនាំកម្ពុជាបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងដើម្បី ស្តារ និងកសាងប្រទេស របស់យើងឡើងវិញដោយចាប់ផ្តើមពីចំនុចសូន្យ។ ឯ សន្តិភាព និងការរីកចំរើនគួរឲ្យកត់សម្គាល់របស់កម្ពុជាដូចសព្វគឺបានមកពីការបន្តគាំទ្រ និងការចូលរួមតាំងពីដើមរៀងមករបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ។
លោក សុខ សូកាន បានថ្លែងបែបនេះ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយចាស់ជរាចំនួន៥៥១នាក់ និង ការប្រកាសបើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែប្រវែង៤គីឡូម៉ែត្រ ពីភូមិដោម មក ភូមិស្លា ស្ថិតក្នុងឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។ កម្មវិធីនេះ ក៏មានការចូលរួមពី លោក យូ ប៊ុនឡេង និង លោក ឯកឧតលោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំតាអូរ ព្រមទាំងលោក លោកស្រី ជាអភិបាល អភិបាលរង ក្រុមប្រឹក្សាស្រុក មន្រ្តីសាលាស្រុកគិរីវង់ និងព្រះចៅអធិការវត្តទាំង៦ក្នុងឃុំតាអូរ រួមទាំងមេឃុំ មេភូមិ និងចាស់ជរា សរុបអ្នកចូលរួមមានចំនួនប្រមាណជាង៦០០នាក់។
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ​ បានសម្តែងនូវក្តីសោមនស្សរីករាយ​នៅ​ពេលបាន​ជួបសំណេះ​សំណាលជាមួយលោកតា លោកយាយ និងបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ជូនដល់ លោក ចន វណ្ណៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំតាអូរ លោក ឈឹម សៅគី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំតាអូរ ក្រុមការងារឃុំតាអូរ អាជ្ញាធរ និងសប្បុរសជននានា ចំពោះ កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ ការចំណាយថវិកាផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍមូលដ្ឋានឃុំតាអូរ ជាមួយនឹងការយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំតាអូរកន្លងមក។
 ក្នុងមតិសំណេះសំណាល លោកបានរំលឹកពីអនុស្សាវរីយ៍កាលពីវ័យកុមារភាពដែលលោកមានជាមួយក្រុមគ្រួសារនៅក្នុងស្រុកគិរីវង់ និងបានថ្លែងថា ស្រុកគិរីវង់នាពេលបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំនិងការចង្អុលបង្ហាញរបស់ សម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក ស្រុកគិរីវង់ទទួលបានសមិទ្ធផលធំៗជាច្រើន ដូចជា ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម។
លោក សុខ សូកាន បានបន្តថា ឈរលើមូលដ្ឋានសន្តិភាពពេញលេញ និងការរីកចម្រើននៃសេដ្ឋកិច្ចជារៀងរាល់ឆ្នាំក្នុងរង្វង់៧%ក្នុង១ឆ្នាំ កូនៗ ចៅៗ របស់លោកតា លោកយាយ ដែលជាមន្ត្រីរាជការ កម្មករ-កម្មការិនី កំពុងទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន ដូចជាមានកន្លែងធ្វើការងារល្អ មានប្រាក់ខែសមរម្យ មានប្រាក់សោធនិវត្តន៍ មានប្រព័ន្ធគាំពាសង្គម ដូចជា បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល, បេឡាជាតិអតីតយុទ្ធជន និងបេឡាជាតិរបបសន្តិសុខសង្គម។ ជាក់ស្តែង នៅឆ្នាំ២០១៨នេះ ប្រាក់ខែអប្បបរមារបស់បងប្អូនកម្មករបច្ចុប្បន្នគឺឡើងដល់១៧០$/ខែ ចំណែកប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការទទួលបានយ៉ាងតិចបំផុត ១ លានរៀល។
 លោកបានបន្ថែមថា បច្ចុប្បន្ន ប្រាក់ខែ កូនៗ ចៅៗ របស់លោកតា លោកយាយ ដែលជាមន្រ្តីរាជការ ឬកម្មករ-កម្មការនី អាចមានលទ្ធភាពច្រើនជាងមុនដើម្បីតបស្នងចំពោះលោកតា លោកយាយវិញ ដោយជួយទំនុកបម្រុង និងជួយជ្រោមជ្រែងជីវភាពគ្រួសារឲ្យ​កាន់តែប្រសើរឡើង។ ទន្ទឹមនឹងគ្នានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត និងបានដាក់ចេញនូវគោលនយោបាយជាតិសំខាន់ៗជាច្រើន ដែលក្នុងនោះ គោលនយោបាយជាតិស្តីពីមនុស្សចាស់ ២០១៧-២០៣០ មានចក្ខុវិស័យក្នុងការបន្តលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ ដោយផ្តោតការយកចិត្តទុកដាក់លើការធានាឲ្យមនុស្សចាស់ទទួលបាននូវសិទ្ធិ និងឱកាសស្មើគ្នា។ បន្ថែមលើនេះ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ តែងតែយកចិត្តទុកដាក់ជាប្រចាំលើសុខទុក្ខរបស់លោកតា លោកយាយ និងតែងតែនៅជួយដោះស្រាយរាល់បញ្ហាដែលកើតឡើងជានិច្ច។
ជាចុងក្រោយ លោកអ្នកតំណាងរាស្រ្តបានសំណូមពរដល់លោកតា លោកយាយ ឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តថែរក្សាសន្តិភាព និងការរីកចំរើនដែលកំពុងកើតមានសព្វថ្ងៃ និងដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់កម្ពុជា។

បន្ថែមលើអំណោយ ដែលរៀបចំដោយក្រុមការងារឃុំតាអូរ រួមមាន៖ សម្រាប់លោកតាម្នាក់ៗ ទទួលបានខោចែវ១ អាវស១ ភួយ១ ស្ករស និង ទឹកដោះគោ និងសម្រាប់លោកយាយម្នាក់ៗទទួលបាន សារុង១ ក្រណាត់ស១ដុំ ភួយ ១ ស្ករស និងទឹកដោះគោ លោក សុខ សូកាន បានផ្តល់ថវិកាឧបត្ថម្ភថវិកាដល់វត្តទាំង ៦ ក្នុងឃុំតាអូរ ក្នុង១វត្ត ៥០ ម៉ឺនរៀល, ជូនរដ្ឋបាលឃុំតាអូរ ៥០ មុឺនរៀល៕








ទីតាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ស្ថិតក្នុងខេត្តស្វាយរៀង កំពុងស្ថាបនាលេចចេញជារូបរាងបណ្តើរៗហើយ

នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកនាយកវិទ្យាល័យស្វាយរៀង បានអញ្ជើញពិនិត្យមើលការរៀបចំទីលានបាល់ទាត់នៅក្នុងបរិវេណវិទ្យាល័យស្វាយរៀងដែលកំពុងតែធ្វើការស្ថាបនាយ៉ាងសស្រាក់សស្រាំ ដោយមានរៀបចំប្រព័ន្ធលូបង្ហូរទឹក និងធ្វើការដាំស្មៅធម្មជាតិ ដើម្បីប្រើប្រាស់ជាទីតាំងសម្រាប់រៀបចំប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕



សភាសម្ព័ន្ធ​សហជីព​ជាតិកម្ពុជា៖ ការ​ផ្សាយ​របស់​វិទ្យុ VOA ថា មានការ​រឹត​ត្បិត​លើ​សកម្មភាព​សហជីព គឺផ្ទុយ​ទាំង​ស្រុង​នឹង​ស្ថានភាព​ពិត​នៅកម្ពុជា

សភាសម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជាកាល​ពី​ថ្ងៃទី​៣០មីនា​ បាន​​​ចេញ​សេចក្តី​ថ្លែងការណ៍​​​សម្តែងការ​សោក​ស្តាយដែល​វិទ្យុ​អាមេរិកាំង (VOA)  បាន​ផ្សាយ​ថា មាន​ការ​​រឹត​ត្បិត​លើ​សកម្ម​ភាព​សហជីព​ ស្ថាប័ន​​ក្រុម​ប្រឹក្សា​ភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នៅកម្ពុជា។

បើ​​តាម​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ដែល​តំណាង​ឲ្យ​កម្មករ​និយោជិត​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ​សរុប​ជាង ៤០ម៉ឺន​នាក់ ​អះអាងថា ការ​វាយតម្លៃ​របស់​វិទ្យុ​សម្លេង​សហ​រដ្ឋ​អាមេ​រិក​​​ជា​ភាសា​ខ្មែរ (VOA) កាល​ពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ គឺ​ជា​ការ​វាយ​តម្លៃ​ពី​ចម្ងាយ ឬជា​ការ​វាយ​​​តម្លៃ​តាម​របាយការណ៍​ទុច្ចរិត​ បែប​ញុះញង់ ដែលផ្ទុយទាំង​ស្រុង​ទៅនឹង​ស្ថាន​ភាព​ពិត​នៅកម្ពុជា។

សូម​អាន​សេចក្តី​ថ្លែង​ការណ៍​របស់​សភាសម្ព័ន្ធ​សហជីពជាតិកម្ពុជា​ខាងក្រោម​នេះ៖


មេដឹកនាំនៃប្រទេសកម្ពុជា ឡាវ វៀតណាម (CLV) អញ្ជើញទទួលទានអាហារពេលព្រឹកការងារ

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី២ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម(CLV) លើកទី១០ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងជាប្រធានកិច្ចប្រជុំ​កំពូល​មហា​អនុតំបន់មេគង្គ(GMS) លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម(CLV) លើកទី១០ បានប្រារព្ធរៀបចំពិធី ទទួលទានអាហារពេលព្រឹកការងារ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ។

នៅក្នុងពិធីទទួលទានអាហារការងារពេលព្រឹក មេដឹកនាំនៃប្រទេស CLV បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់រួមគ្នា អំពីទំនាក់ទំនងប្រពៃណីនៃមិត្តភាព សាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ ក្នុងចំណោមប្រទេសទាំងបី ដែល រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសនីមួយៗ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ទាំង​មូល។  ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងបី បានធ្វើការកត់សំគាល់យ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពដ៏សំខាន់ ដែលបានធ្វើឡើងនៅក្នុងការអនុវត្តផែនការមេ ដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៃតំបន់ត្រី​កោណអភិ​វឌ្ឍន៍ CLV សម្រាប់ឆ្នាំ២០១០-២០២០ ក៏ដូចជាសកម្មភាពនិងកម្មវិធីសហប្រតិបត្តិការ នៅតាមតំបន់ផ្សេងៗក្នុងចំណោមប្រទេសទាំងបី។

សូមបញ្ជាក់ដែរថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ជាតំបន់​ដែលព្រំដែនជាប់គ្នា នៃខេត្តចំនួន១៣ រួមមាន ខេត្តចំនួន៤របស់កម្ពុជា គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ខេត្តចំនួន៤របស់ឡាវ គឺខេត្តអាតាពូ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងប្រទេសវៀតណាម មាន៥ខេត្ត គឺខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក៕






រដ្ឋមន្រ្តីការបរទេសចិន ថ្លែងថា ប្រទេសចិនបន្តគាំទ្រនូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពារនិងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ

លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថាប្រ​ទេ​សចិនបានតាមដាននិងគាំទ្រនូវវិធានការទាំងឡាយដែល រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនាពេលកន្លងមក ក្នុងការពារនិងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេសកម្ពុជា ពិសេសការការពារកិត្តិយសជាតិរបស់កម្ពុជា។ តាមរយៈនេះ ប្រទេសចិនសូមគាំទ្រនូវមាគ៌ានៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំចិនសូមគាំទ្រនិងជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តជាប់ឆ្នោតក្នុងការដឹកនាំជោគ​វាសនាប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

លោកបានថ្លែងដូចនេះនៅរាត្រី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសាលសន្និសីទជាតិវៀតណាម ទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការជូនពរជូន លោក វ៉ាង យី ដែលត្រូវបានសភាប្រជាជនចិនបោះឆ្នោតជ្រើសតាំងជារដ្ឋមន្រ្តីការបរទេសចិនសារជាថ្មីម្តងទៀត។ ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើតាមរយៈលោករដ្ឋមន្រ្តី ផ្ញើជូននូវការជូនពរនិងអបអរសាទរជូនចំពោះ លោក ស៊ី ជីនពីង លោក លី ខឺឈាង ដែ​លត្រូវបានសភាប្រជាជនចិន បោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីចិន សារជាថ្មីម្តងទៀត។

លោក វ៉ាង យី បានមានប្រសាសន៍សម្តែងនូវការរីករាយដោយបានជួបសន្ទនាសារជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រ​ធានាធិបតី និងលោកនាយករដ្ឋមន្រ្តីចិន ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ។ លោ​ក​រដ្ឋមន្រ្តីចិនបានបន្តថា កាលពីឆ្នាំ២០១៧កន្លងទៅ លោកប្រធានាធិបតីចិន បានជួបពិភាក្សាការងារចំនួនពីរដងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយកាលពីខែមករាកន្លងទៅ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជា-ចិនផងដែរ៕