Monday, April 02, 2018

លោក សុខ សូកាន ៖ សន្តិភាព និងការរីកចម្រើនរបស់កម្ពុជា បានមកពីការគាំទ្ររបស់ប្រជាពលរដ្ឋជាមួយនឹងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

តាកែវ៖ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានថ្លែងថា កម្ពុជាអាចឈានមកដល់ចំនុចនេះ គឺមិនមែនជារឿងសាមញ្ញពេកនោះទេ។ បន្ទាប់ពីបានផ្តួលរំលំរបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត ថ្នាក់ដឹកនាំកម្ពុជាបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងដើម្បី ស្តារ និងកសាងប្រទេស របស់យើងឡើងវិញដោយចាប់ផ្តើមពីចំនុចសូន្យ។ ឯ សន្តិភាព និងការរីកចំរើនគួរឲ្យកត់សម្គាល់របស់កម្ពុជាដូចសព្វគឺបានមកពីការបន្តគាំទ្រ និងការចូលរួមតាំងពីដើមរៀងមករបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ។
លោក សុខ សូកាន បានថ្លែងបែបនេះ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយចាស់ជរាចំនួន៥៥១នាក់ និង ការប្រកាសបើកការដ្ឋានជួសជុលផ្លូវលំ ១ខ្សែប្រវែង៤គីឡូម៉ែត្រ ពីភូមិដោម មក ភូមិស្លា ស្ថិតក្នុងឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។ កម្មវិធីនេះ ក៏មានការចូលរួមពី លោក យូ ប៊ុនឡេង និង លោក ឯកឧតលោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំតាអូរ ព្រមទាំងលោក លោកស្រី ជាអភិបាល អភិបាលរង ក្រុមប្រឹក្សាស្រុក មន្រ្តីសាលាស្រុកគិរីវង់ និងព្រះចៅអធិការវត្តទាំង៦ក្នុងឃុំតាអូរ រួមទាំងមេឃុំ មេភូមិ និងចាស់ជរា សរុបអ្នកចូលរួមមានចំនួនប្រមាណជាង៦០០នាក់។
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ​ បានសម្តែងនូវក្តីសោមនស្សរីករាយ​នៅ​ពេលបាន​ជួបសំណេះ​សំណាលជាមួយលោកតា លោកយាយ និងបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ជូនដល់ លោក ចន វណ្ណៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំតាអូរ លោក ឈឹម សៅគី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំតាអូរ ក្រុមការងារឃុំតាអូរ អាជ្ញាធរ និងសប្បុរសជននានា ចំពោះ កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ ការចំណាយថវិកាផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍមូលដ្ឋានឃុំតាអូរ ជាមួយនឹងការយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំតាអូរកន្លងមក។
 ក្នុងមតិសំណេះសំណាល លោកបានរំលឹកពីអនុស្សាវរីយ៍កាលពីវ័យកុមារភាពដែលលោកមានជាមួយក្រុមគ្រួសារនៅក្នុងស្រុកគិរីវង់ និងបានថ្លែងថា ស្រុកគិរីវង់នាពេលបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំនិងការចង្អុលបង្ហាញរបស់ សម្តេចវិបុលបញ្ញា សុខ អាន នាពេលកន្លងមក ស្រុកគិរីវង់ទទួលបានសមិទ្ធផលធំៗជាច្រើន ដូចជា ស្ពាន ថ្នល់ ប្រឡាយទឹក សាលារៀន ជាដើម។
លោក សុខ សូកាន បានបន្តថា ឈរលើមូលដ្ឋានសន្តិភាពពេញលេញ និងការរីកចម្រើននៃសេដ្ឋកិច្ចជារៀងរាល់ឆ្នាំក្នុងរង្វង់៧%ក្នុង១ឆ្នាំ កូនៗ ចៅៗ របស់លោកតា លោកយាយ ដែលជាមន្ត្រីរាជការ កម្មករ-កម្មការិនី កំពុងទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន ដូចជាមានកន្លែងធ្វើការងារល្អ មានប្រាក់ខែសមរម្យ មានប្រាក់សោធនិវត្តន៍ មានប្រព័ន្ធគាំពាសង្គម ដូចជា បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល, បេឡាជាតិអតីតយុទ្ធជន និងបេឡាជាតិរបបសន្តិសុខសង្គម។ ជាក់ស្តែង នៅឆ្នាំ២០១៨នេះ ប្រាក់ខែអប្បបរមារបស់បងប្អូនកម្មករបច្ចុប្បន្នគឺឡើងដល់១៧០$/ខែ ចំណែកប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការទទួលបានយ៉ាងតិចបំផុត ១ លានរៀល។
 លោកបានបន្ថែមថា បច្ចុប្បន្ន ប្រាក់ខែ កូនៗ ចៅៗ របស់លោកតា លោកយាយ ដែលជាមន្រ្តីរាជការ ឬកម្មករ-កម្មការនី អាចមានលទ្ធភាពច្រើនជាងមុនដើម្បីតបស្នងចំពោះលោកតា លោកយាយវិញ ដោយជួយទំនុកបម្រុង និងជួយជ្រោមជ្រែងជីវភាពគ្រួសារឲ្យ​កាន់តែប្រសើរឡើង។ ទន្ទឹមនឹងគ្នានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត និងបានដាក់ចេញនូវគោលនយោបាយជាតិសំខាន់ៗជាច្រើន ដែលក្នុងនោះ គោលនយោបាយជាតិស្តីពីមនុស្សចាស់ ២០១៧-២០៣០ មានចក្ខុវិស័យក្នុងការបន្តលើកកម្ពស់គុណភាពជីវិតរបស់មនុស្សចាស់ ដោយផ្តោតការយកចិត្តទុកដាក់លើការធានាឲ្យមនុស្សចាស់ទទួលបាននូវសិទ្ធិ និងឱកាសស្មើគ្នា។ បន្ថែមលើនេះ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ តែងតែយកចិត្តទុកដាក់ជាប្រចាំលើសុខទុក្ខរបស់លោកតា លោកយាយ និងតែងតែនៅជួយដោះស្រាយរាល់បញ្ហាដែលកើតឡើងជានិច្ច។
ជាចុងក្រោយ លោកអ្នកតំណាងរាស្រ្តបានសំណូមពរដល់លោកតា លោកយាយ ឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តថែរក្សាសន្តិភាព និងការរីកចំរើនដែលកំពុងកើតមានសព្វថ្ងៃ និងដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់កម្ពុជា។

បន្ថែមលើអំណោយ ដែលរៀបចំដោយក្រុមការងារឃុំតាអូរ រួមមាន៖ សម្រាប់លោកតាម្នាក់ៗ ទទួលបានខោចែវ១ អាវស១ ភួយ១ ស្ករស និង ទឹកដោះគោ និងសម្រាប់លោកយាយម្នាក់ៗទទួលបាន សារុង១ ក្រណាត់ស១ដុំ ភួយ ១ ស្ករស និងទឹកដោះគោ លោក សុខ សូកាន បានផ្តល់ថវិកាឧបត្ថម្ភថវិកាដល់វត្តទាំង ៦ ក្នុងឃុំតាអូរ ក្នុង១វត្ត ៥០ ម៉ឺនរៀល, ជូនរដ្ឋបាលឃុំតាអូរ ៥០ មុឺនរៀល៕








No comments:

Post a Comment