Monday, October 02, 2017

(សូមទស្សនាវីដេអូ)៖ សេណារីយោពហុបក្ស ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ

(សូមទស្សនាវីដេអូ)៖ គណបក្សនយោបាយ​ចំនួន២២ ត្រូវបានក្រសួង​មហាផ្ទៃ ចេញសេចក្តី​សម្រេចលុបឈ្មោះ​ចោល

(សូមទស្សនាវីដេអូ)៖ លោក សុខ ឥសាន បានអះអាងថា ការកសាង និងអនុវត្តច្បាប់ គឺមិនអាចខ្វះបានក្នុង​សង្គមប្រជាធិបតេយ្យ​ដូចកម្ពុជាសម័យ​ទំនើបនេះ

គណបក្សនយោបាយចំនួន២២ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចលុបឈ្មោះចោល

ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីសម្រេច លុបឈ្មោះគណបក្ស ដែលបានបង្កើតនៅ ក្រសួងមហាផ្ទៃចំនួន ២២គណបក្ស។

យោងតាមសេចក្តីសម្រេច ចំនួន៣ផ្សេងគ្នា របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់ថា គណបក្សនយោបាយចំនួន២២ ត្រូវលុបឈ្មោះចោល ស្របតាមមាត្រា១៩ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សចំនួន២ផ្សេងទៀត លុបឈ្មោះចោលតាមសំណើរ របស់សមាជិកគណបក្ស។

គណបក្សទាំង២២ដែលត្រូវលុបឈ្មោះរួមមាន៖​
១៖ គណបក្សខ្មែរឯករាជ្យ
២៖ គណបក្សខ្មែរអព្យាក្រឹត្យ
៣៖ គណបក្សជាតិខ្មែរ
៤៖ គណបក្សប្រជាធិបតេយ្យ
៥៖ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា
៦៖ គណបក្សសេរីភាព
៧៖ គណបក្សសន្តិភាពប្រជាធិបតេយ្យ
៨៖ គណបក្សអភិវឌ្ឍន៍
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យខ្មែរ
១០៖ គណបក្សជំនាន់ថ្មី
១១៖ គណបក្សព្រះសិរអារ្យមេត្រីយ៍ស្រីពោធិសត្វ
១២៖ គណបក្សសាធារណរដ្ឋខ្មែរ
១៣៖ គណបក្សសេរីប្រជាធិបតេយ្យ
១៤៖ គណបក្សខ្មែរសាមគ្គី
១៥៖ គណបក្សកម្ពុជាសេរីភាព
១៦៖ គណបក្សខ្មែរដើម្បីខ្មែរ
១៧៖ គណបក្សសម្លេងជាតិខ្មែរ
១៨៖ គណបក្សកម្លាំងស្មារតីកុលបុត្រខ្មែរ
១៩៖ គណបក្សអភិវឌ្ឍន៍ភូមិឃុំ
២០៖ គណបក្សខេមរៈពន្លឺជាតិ
២១៖ គណបក្សឥន្ទ្រប៉ាក់បូរី
២២៖ គណបក្សគ្រួសារខ្មែរ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អំពើក្បត់ជាតិមិនមែនបញ្ចប់ត្រឹមតែចាប់មនុស្សម្នាក់នោះទេ

នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកមិនអនុញ្ញាតឱ្យនរណាក៏ដោយមកបំផ្លាញសន្តិសុខជាតិរបស់យើងនោះទេ ហើយអំពើក្បត់ជា​តិមិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់នោះទេព្រោះនេះជាការរៀបចំ និងធ្វើសកម្មភាពជាប្រ​ព័ន្ធ​តែម្តង។ លោក បានថ្លែងដូចនេះក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សណ្ឋាគារសុខា សៀមរាប នៅក្នុងខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រឿងនេះមានសំណុំរបស់វា ការរៀបចំសក​ម្មភាពជាប្រព័ន្ធ មិនអនុញ្ញាតឱ្យអ្នកឯងមកបន្តអំពើក្បត់ បំផ្លាញជាតិ បំផ្លាញសន្តិសុខនោះទេ។ មានសន្តិភាពទើបមានការអភិវឌ្ឍ ហើយការអភិវឌ្ឍនោះហើយ វាជាតម្រូវការចាំបាច់ដើម្បីរក្សានូវសន្តិភាពនោះវិញ មិនត្រូវគិតថាអ្នកឯងអាចធ្វើអ្វីតាមចិត្ត ធ្វើជាខ្ញុំបម្រើបរទេសដើម្បីមកបំផ្លាញខ្មែរនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានព្រមានផងដែរថា មិនអនុញ្ញាតដាច់ខាតឱ្យក្រុមឧទ្ទាមក្នុងទីក្រុងបន្តបំផ្លិចបំផ្លាញសន្តិសុខរបស់ជាតិតាមរយៈបដិវត្តន៍ពណ៌នោះបានឡើយ ព្រោះអ្នកឯងបានធ្វើរួចហើយ ហើយក៏បានបរាជ័យ តែក៏បាននិងកំពុងត្រៀមធ្វើវាតទៅទៀត៕






ក្រសួងបរិស្ថាន សហការជាមួយក្រសួងមុខងារសាធារណៈ​ បើកវគ្គ​បណ្តុះបណ្តាល​មន្ត្រីបរិស្ថាន​ ដើម្បីឆ្លើយតប​ទៅនឹងស្ថាន​ភាពសង្គម​ជាក់ស្តែង​

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ពេជ្យ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ដើម្បីបង្កើនសមត្ថភាពមន្ត្រីរបស់ក្រសួងនេះ ក្នុងគោលបំណងឆ្លើយតបឱ្យទាន់សភាពការណ៍ដែលកំពុងវិវឌ្ឍឥតឈប់ឈរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីធ្វើទំនើបកម្មក្រសួង ឲ្យឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ សង្គមដែលបានផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋ ដោយសារតែស្ថេរភាពនយោបាយជាង២០ឆ្នាំ កំណើនសេដ្ឋកិច្ចប្រមាណ ៧%ក្នុងរង្វង់២០ឆ្នាំ និងសេរីភាពសារព័ត៌មានក្នុងសង្គម។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា ការបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យមន្ត្រីស្គាល់តួនាទីភារៈកិច្ចក្នុងក្រសួង និងត្រៀមខ្លួនជាឆ្មាំចាំយាមអាយុជីវិត របស់ប្រទេសជាតិយ៉ាងមានសិទ្ធភាព។
ថ្លែងទៅកាន់កម្មវិធី ដែលមានអ្នកចូលរួមជាង១០០នាក់ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួងបរិស្ថាននេះ មិនមែនមានតែក្នុងស្រុកនោះទេ ការបញ្ជូនទៅសិក្សានៅបរទេស ក៏ជាអ្វីដែលក្រសួងបរិស្ថានបានធ្វើរួចមកហើយ និងបន្តប្រឹងប្រែងបន្តទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះមានការចូលរួមពី មន្ត្រីក្រសួងបរិស្ថានចំនួន៦៥រូប គឺមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយ នៃទំនើបកម្មរបស់ក្រសួងបរិស្ថាន ដែលបានធ្វើទំនើបកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងអាណត្តិទី៥នេះ ដែលរួមមានការធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងក្រសួង កំណែទម្រង់លើការបណ្តុះបណ្តាល និងការលើកទឹកចិត្តជាដើម៕




ខេត្តសៀមរាបគឺជាកំណប់ទ្រព្យដ៏ធំរបស់កម្ពុជាដែលអតីតព្រះមហាក្សត្រនិងបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ខេត្តសៀមរាប គឺជាកំណប់ទ្រព្យដ៏ធំរបស់កម្ពុជាដែលអតីតព្រះ​មហាក្សត្រ និងបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយ។ ទ្រព្យសម្បត្តិដែលព្រះរាជា ក៏ដូចជាបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យយើងនោះគឺប្រាសាទអង្គរ និងប្រាង្គប្រាសាទដទៃទៀតដែលនៅក្នុងទឹកដីខេត្តសៀម​រាប ហើយបន្តទៅទៀតទឹកដីនៃខេត្តព្រះវិហារ ទឹកដីនៃខេត្តកំពង់ធំដែលនៅជិតខាងជាកំណប់ទ្រព្យដែលនៅលើពិភពលោកចង់ដឹងចង់យល់។ លោក បានថ្លែងដូចនេះក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សណ្ឋាគារសុខា សៀមរាប នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា ក្នុងស្ថានភាពនេះ តម្រូវឱ្យយើងធ្វើកិច្ចការច្រើនក្នុងពេលតែមួយព្រោះប្រសិនបើយើងធ្វើមិនបានត្រឹមត្រូវ អភិវឌ្ឍន៍មិនបានត្រឹមត្រូវ វាក៏បង្កើតនូវស្ថានភាពដ៏ច្របូកច្របល់ដែលគ្រប់គ្រងលែងកើតនៅក្នុងការអភិវឌ្ឍមួយដែលវិស័យទេចរណ៍អាចទៅបំផ្លាញដល់វប្បធម៌បេតិកភ័ណ្ឌក៏អាចថាបាន។ ប៉ុន្តែតាមរយៈនៃគោលនយោបាយសន្តិភាពដែលយើងរកបាន និងតាមរយៈគោលនយោបាយចំពោះវិស័យទេសចរណ៍ វិស័យវប្បធម៌របស់យើងដែលយើងបានដាក់ចេញនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសរបស់យើង។ ក្នុងនោះការដាក់ការរៀបចំឱ្យមានប្លង់មេសម្រាប់ការអភិវឌ្ឍនៅតំបន់អង្គរក្នុងនេះក៏មានតំបន់បូរី សណ្ឋាគារនេះផងដែរ ដែលជាការទាក់ទាញសម្រាប់ការវិនិយោគនៅពេលក្រោយ និតត្រូវទៅតាមការកំណត់របស់អង្គការ UNESCO សម្រាប់តំបន់ដែលត្រូវការពារ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ទាំងអស់នេះគឺសុទ្ធតែជាផ្នែកដ៏សំខាន់ សម្រាប់ទាក់ទាញឱ្យមានការវិនិយោគ និងសម្រាប់ទាក់ទាញឱ្យមានការធ្វើទេសចរណ៍មកកាន់ប្រទេសកម្ពុជាយើង ហើយយើងមិនអាចធ្វើការទាក់ទាញទេសចរណ៍ដោយគ្មានបែបបទបណ្តោយឱ្យមានបញ្ហានោះទេ។

គួររម្លឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី១៧ ខែកក្កដា ក៏ធ្លាប់បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ថា ប្រសិនបើយើងជាកូនកតញ្ញូនោះ ត្រូវរួបរួមគ្នាថែរក្សាសម្បត្តិ​បេតិកភ័ណ្ឌ ដែលបុព្វបុរសខ្មែរ បានខិតខំកសាងឡើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕






លោក សុខ ឥសាន៖ ចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក គឺដើម្បីការពារសន្តិភាព និងស្ថេរភាពនយោបាយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានអះអាងថា ចំណាត់ការ និងសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើកន្លងមក រហូតមកដល់បច្ចុប្បន្ន គឺដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ និងរៀបចំសណ្តាប់ធ្នាប់ក្នុងសង្គម។ តាមការលើកឡើងរបស់ លោក សុខ ឥសាន្ត នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នេះ សកម្មភាព ដែលអាមេរិកធ្វើកន្លងមក គឺមានបំណងមិនល្អមកលើកម្ពុជា ដើម្បីបំផ្លាញជាតិ និងប្រជាជនកម្ពុជា ឲ្យរស់រងទុកវេទនារហូតដល់សព្វថ្ងៃ។

លោក សុខ ឥសាន្ត បានចោទជាសំណួរថា ពួកគេអាចធ្វើបាន ហេតុអ្វីខ្ញុំមិនអាចធ្វើបាន? ឃ្លានេះលោកចង់សំដៅដល់ថា ក្រុមប្រឆាំង ដែលគាំទ្រដោយអាមេរិកអាចធ្វើបាន ចុះហេតុអ្វីបានជារដ្ឋាភិបាលធ្វើមិនបាន? លោក សុខ ឥសាន្ត បានរំលឹកថា អាមេរិកបានប្រើឲ្យ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នាំឲ្យមានសង្គ្រាមនៅកម្ពុជា។

អាមេរិកបានទម្លាក់គ្រាប់បែកបេ៥២ អស់ជិត ៣លានតោន លើប្រជាជនកម្ពុជាបណ្តាលឲ្យរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ និងមានផលវិបាករហូតដល់សព្វថ្ងៃ។ មន្ត្រីនាំពាក្យដដែលរូបនេះ បញ្ជាក់ទៀតថា ក្នុងពេលដែលប្រជាជនកម្ពុជារងទុក្ខវេទនា ក្នុងរបបប្រល័យពូជសសសន៍ប៉ុលពត សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានគាំទ្ររបបខ្មែរក្រហម ឲ្យចូលជាសមាជិកនៃអង្គការសហប្រជាជាតិទៀតផង ហើយបានដាក់ទ័ណ្ឌកម្មមកលើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកវាយផ្តួលរំលំរបបដ៏ព្រៃផ្សៃនេះទៅវិញ។

បើតាមលោក សុខ ឥសាន្ត សហរដ្ឋអាមេរិក បានជួយគាំទ្ររដ្ឋាភិបាលត្រីភាគី ផ្តល់ជំនួយឲ្យមកបំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ លោកថា ចាប់តាំងពីឆ្នាំ១៩៩៣មក សហរដ្ឋអាមេរិក បានជួយជ្រោមជ្រែងបក្សប្រឆាំង ឲ្យធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា បំផ្លាញសមិទ្ធផលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សហរដ្ឋអាមេរិក មានទស្សនៈមិនល្អមកលើកម្ពុជា និងលើការអនុវត្តច្បាប់ទៅលើជនល្មើសថា ជាការគាបសង្កត់បំភិតបំភ័យនយោបាយទៅវិញ។

លោក សុខ ឥសាន្ត គូសបញ្ជាក់ថា រឿងទាំងអស់ខាងលើ ដែលអាមេរិកធ្វើមកលើកម្ពុជា ចុះហេតុអ្វីរាជរដ្ឋាភិបាលមិនអាចធ្វើបាន? លោកបានរំលឹកអំពីព្រឹត្តិការណ៍ជាច្រើនកន្លងមក ដែលរដ្ឋាភិបាលបានធ្វើដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា មានដូចជា៖ វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះប្រជាជន ពីសេចក្តីស្លាប់។ អនុវត្តផែនការទប់ស្កាត់មិនឲ្យរបបប៉ុលពត វិលត្រឡប់មកកាប់សម្លាប់ប្រជាជនឡើងវិញ។ អនុវត្តនយោបាយបង្រួបបង្រួមជាតិនាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ដាក់ចេញនយោបាយឈ្នះ-ឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមប៉ុលពតឆ្នាំ១៩៩៨ នាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ។ ប្រើកម្លាំងបង្ក្រាបអំពើអនាធិបតេយ្យនាំខ្មែរក្រហមចូលស្រុក និងអាវុធធុនធ្ងន់មកបង្ករអុកឡុកក្នុងសង្គមនាឆ្នាំ១៩៩៧។ បង្ក្រាបអំពើកុប្បកម្មហឹង្សានៅផ្លូវវេងស្រេងនាខែមករា ឆ្នាំ២០១៤ ដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ ដែលប៉ុនប៉ងងើបក្បាលឡើង។ ចាប់ខ្លួន ហុង សុខហួរ និង អ៊ុ សំអាន ក្នុងអំពើញុះញង់ឲ្យការរើងអើង ដោយចោទថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម និងបានចោទគណបក្សប្រជាជន ចុះហត្ថលេខារំលាយខ្សែព្រំដែនកម្ពុជា- វៀតណាម។ ការចាប់ខ្លួន កឹម សុខា ដែលបានឃុបឃិតជាមួយបរទេស និងអនុវត្តផែនការបរទេសក្នុងការផ្តួលរំលំរាជរដ្ឋា ភិបាល ស្របច្បាប់នៅកម្ពុជា ដែលជាការបំពានលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋចង់នាំមកនូវការបែកបាក់ជាតិធ្ងន់ធ្ងរដែលជាអំពើក្បត់ជាតិ។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបញ្ជាក់ថា សកម្មភាពទាំងអស់នេះ រាជរដ្ឋាភិបាលចាំបាច់ត្រូវតែមានវិធានការណ៍បង្ក្រាបដើម្បី ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាជនរឿងអីរដ្ឋាភិបាលធ្វើមិនបាន?


លោក ហេង សំរិន អនុញ្ញាតអោយប្រធានគណប្រតិភូសភា នៃបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ីចូលជួបសម្តែងការគួរសម និងធ្វើសវនាការ

នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ មុនពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហា សន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី (APA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានសភាតំបន់អាស៊ីបានអនុញ្ញាតអោយលោក លោកស្រី ដែល ជាប្រធានគណប្រតិភូសភានៃបណ្តាប្រទេសជាសមាជិក សភាតំបន់អាស៊ីចូលជួបសម្តែងការគួរសម និងធ្វើសវនាការ នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។
លោក ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់សមាជិកសភាតំបន់អាស៊ី នៅពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស និងជាការលើកទឹកចិត្តដល់រដ្ឋសភាកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រធានសភាតំបន់អាស៊ី និងបានរួមចំណែកឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យ”។

ប្រធានសភាតំបន់អាស៊ី បានគូសបញ្ជាក់ទៀតថា វត្តមានសមាជិក APA នៅពេលនេះ បានបង្ហាញ អំពី សារៈសំខាន់នៃចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការស្អិតរមួត រវាងគ្រួសារសភាប្រទេសជាសមាជិក APA ៕






ឥទ្ធិពលប្រព័ន្ធសម្ពាធទាប នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកំរិតពីបង្គួរទៅច្រើន

រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកំរិតពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

ជាមួយគ្នានេះ លោកបានអំពាវនាវ សូមឱ្យក្រសួង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ពិសេសចំពោះស្ថានភាពជំនន់ទឹកភ្លៀង ដែលអាចកើតមាននៅតំបន់ទំនាប និងតំបន់ជាប់នឹងផ្លូវទឹកនានា ៕


ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី០២ ខែតុលានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


អត្ថបទវិភាគគួរអាន៖ សេណារីយោពហុបក្ស ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ

ស្ថានការណ៍នយោបាយកម្ពុជាបានឈានមកដល់របត់មួយថ្មី បន្ទាប់ពីមេបក្សប្រឆាំងត្រូវបានចាប់ខ្លួន ក្នុងអំពើក្បត់កម្ពុជា ដែលជាទោសក្បត់ជាតិ តាមរយៈភស្តុតាងជាសំដីដែលមេបក្សប្រឆាំងរូបនេះ បាននិយាយអួតជាសាធារណៈអំពីជោគជ័យដំណាក់កាលទី១ ក្នុងការអនុវត្តផែនការសម្ងាត់ឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមរូបភាពជាបដិវត្តតាមបែបយូហ្គោស្លាវី ប៉ុន្តែ ជ្រកក្រោមទិសស្លោក «ការផ្លាស់ប្តូរជាវិជ្ជមាន»។ ទន្ទឹមនេះក៏មានព័ត៌មានផ្សព្វផ្សាយថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើក្បត់ជាតិរបស់មេបក្សសង្រ្គោះជាតិហើយ និងបានប្រកាសថា នឹងដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ដោយសារសកម្មភាពក្បត់ជាតិរបស់មេបក្សសង្រ្គោះជាតិមិនអាចកាត់ផ្តាច់ពីគណបក្ស។ មេគណបក្សយុវជនកម្ពុជា ក៏បានចេញមុខប្រកាសថា នឹងប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ក្នុងហេតុផលប្រហាក់ប្រហែលគ្នានឹងគណបក្សហ៊្វុនស៊ិនប៉ិចដែរ។ តាមការពិតយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ដោយផ្អែកលើហេតុផលនៃផលប្រយោជន៍នយោបាយ ឬដោយផ្អែកលើហេតុផលជាតិនិយមប្រឆាំងនឹងអំពើក្បត់ជាតិ គ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិធ្វើជាដើមបណ្តឹងប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សដែលធ្វើខុស នឹងច្បាប់ស្តីពីគណបក្សនយោបាយបាន។

១៖ ដំបូងឡើយមានប្រជាជនខ្មែរជាច្រើន ពិសេសអ្នកគាំទ្រគណបក្សប្រឆាំង មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការចាប់ខ្លួន និងការចោទប្រកាន់ទៅលើមេបក្សប្រឆាំងពីបទក្បត់ជាតិ ហើយប្រសិនបើគ្មានវីដេអូ ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ដែលមានទីតាំងនៅអូស្រ្តាលីជាភស្តុតាងមិនអាចប្រកែកបាន ហើយមេបក្សប្រឆាំងរូបនេះ ជាអ្នកនិយាយខ្លួនឯងនៅក្នុងវីដេអូនោះទេ ប្រហែលគ្រប់គ្នាមិនជឿ ហើយសង្ស័យជាការចាប់ខ្លួនដោយគ្មានភស្តុតាង ឬលាបពណ៌លើមេបក្សប្រឆាំងទៀតផង។ ប៉ុន្តែអ្វីៗត្រូវបានលាតត្រដាងដោយសម្តីរបស់មេបក្សប្រឆាំងខ្លួនឯងផ្ទាល់ ហើយសកម្មភាពកន្លងមករបស់គណបក្សប្រឆាំង និងមេដឹកនាំគណបក្សនេះ គឺបានបង្ហាញច្បាស់ថា សម្តីដែលបាននិយាយរៀបរាប់ក្នុងវីដេអូនោះ គឺជាការពិត ដែលបក្សប្រឆាំងស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អាមេរិក ហើយផែនការដែលបានអនុវត្តដោយ គណបក្សប្រឆាំងកន្លងមក គឺជាការអនុវត្តផែនការសម្ងាត់នៃការធ្វើបដិវត្តក្នុងដំណាក់កាលទី១ តាមលំនាំនៃការធ្វើបដិវត្តផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅយូហ្គោស្លាវី ក្រោមស្លាក «ការផ្លាស់ប្តូរជាវិជ្ជមាន»។

ចុងក្រោយនេះគ្រប់គ្នាយល់កាន់តែច្បាស់ថា «ការផ្លាស់ប្តូរជាវិជ្ជមាន» គឺជាសារនយោបាយរបស់គណបក្សប្រឆាំង ដើម្បីបង្កើតជាលេសសម្រាប់ការអនុវត្តផែនការនៃការធ្វើបដិវត្តពណ៌នៅកម្ពុជាប៉ុណ្ណោះ។ ហេតុដូចនេះហើយបានជាគេឃើញអាមេរិកតែងលូកដៃជួយជានិច្ច ទាំងដោយផ្ទាល់ ទាំងដោយប្រយោល នៅក្នុងសកម្មភាពរបស់បក្សប្រឆាំងកន្លងមក ដូចជាការួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សមរង្ស៊ី ដែលធ្លាប់ជាបក្សសត្រូវនឹងគ្នា ហើយនៅអំឡុងពេលធ្វើមហាបាតុកម្ម មេដឹកនាំនៃគណបក្សទាំងពីរតែងចេញចូលទូតអាមេរិកជាញឹកញ៉ាប់ ដើម្បីទទួលការណែនាំ និងផែនការសម្រាប់អនុវត្តបន្ត ការផ្តល់លុយជាច្រើនសន្ធឹកសន្ធាប់ដល់អង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយដល់បក្សប្រឆាំងក្រោមលេសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយដល់សកម្មភាពរបស់ប្រជាជនដើម្បីប្រឆាំង នឹងរដ្ឋអំណាចក្រោមលេសនៃការការពារសិទ្ធិមនុស្សជាដើម។

វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VoA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VoD) ដែលបុគ្គលិកមានសញ្ជាតិខ្មែរ ប៉ុន្តែស៊ីប្រាក់ខែអាមេរិក ដើរតួផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោង ដើម្បីបញ្ឆេះកំហឹងប្រឆាំងរដ្ឋអំណាច ហើយពេលខ្លះបញ្ឆេះកំហឹងវណ្ណះសង្គមទៀតផង។ ការប្រមូលផ្តុំមនុស្សដើម្បីធ្វើមហាបាតុកម្ម ក្រោមលេសភាពមិនប្រក្រតីនៃការបោះឆ្នោត ការអុកឡុកតាមបណ្តារោងចក្រ ដើម្បីឱ្យញុះញង់កម្មករឱ្យចេញមកចូលរួមមហាបាតុកម្ម ហើយចុងក្រោយឈានទៅដល់ព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង សុទ្ធតែសកម្មភាព និងផែនការនៃការធ្វើបដិវត្តពណ៌។ ខ្សែវីដេអូមួយរបស់លោក Chris Kelly ដែលមានចំណងជើងថា “A Cambodian Spring” គឺបានបង្ហាញអំពីការទទួលអារម្មណ៍មួយយ៉ាងពិតប្រាកដនៃការធ្វើបដិវត្តនៅកម្ពុជា។ សំណុំរឿងរបស់មេបក្សប្រឆាំង និងសកម្មភាពរបស់គណបក្សប្រឆាំង គឺជាសកម្មភាពក្នុងផែនការសម្ងាត់តែមួយឃុបឃិតជាមួយអាមេរិក ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ហើយការបោះឆ្នោត គឺគ្រាន់តែសម្រាប់ប្រើជាលេសដើម្បីប្រមូលផ្តុំសម្រេចគោលដៅនៃការធ្វើបដិវត្តប៉ុណ្ណោះ។

២៖ ផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សប្រឆាំងដែលស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ឬដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ គឺជាអំពើខុសទៅនិងមាត្រា៦ថ្មី (ពីរ) និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ ហើយគណបក្សនេះអាចជាកម្មវត្ថុនៃការរំលាយចោលដោយតុលាការកំពូល ដោយយោងតាមមាត្រា ៤៤ថ្មី (ពីរ) នៃច្បាប់ដដែលនេះ។ ដូចនេះលទ្ធភាពតាមផ្លូវច្បាប់ដែលគណបក្សប្រឆាំង ត្រូវរំលាយចោល គឺមានមូលដ្ឋានផ្លូវច្បាប់រឹងមាំអាចធ្វើទៅបាន ហើយករណីនេះពុំមែនជាករណីដោយឡែកសម្រាប់កម្ពុជានោះទេ ប្រទេសជាច្រើនក្នុងសកលលោក គឺតែងប្រកាន់យកជំហរ ដោយរួមទាំងសហរដ្ឋអាមេរិក ទៀតផង។ គណបក្សសង្រ្គោះជាតិ គឺជាគណបក្សតែមួយគត់ដែលមានអាសនៈនៅក្នុងរដ្ឋសភាចំនួន៥៥កៅអី។ ក្នុងករណីដែលគណបក្សនេះត្រូវបានរំលាយ តើអាសនៈទាំង ៥៥ របស់គណបក្សសង្រ្គោះជាតិ ត្រូវធ្វើការបែងចែងដូចម្តេច ? អាចមានសេណារីយោចំនួន៣៖

* សេណារីយោទី១៖ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបច្ចុប្បន្ន ក្នុងករណីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់គណបក្សសង្រ្គោះជាតិនឹងត្រូវបាត់បង់ ហើយអាសនៈទាំងនេះ នឹងត្រូវបែងចែកទៅឱ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។ ដោយសារបច្ចុប្បន្នមានតែគណបក្សចំនួន២ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដូចនេះនៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់គណបក្សនេះ នឹងត្រូវបែងចែកទៅឱ្យគណបក្សប្រជាជនកម្ពុជា មានន័យថា គណបក្សប្រជាជនកម្ពុជានឹងត្រូវទទួលបានអាសនៈទាំង១២៣ នៅរដ្ឋសភា ក្រោយពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ប៉ុន្តែស្ថានភាពនេះ នឹងធ្វើឱ្យរដ្ឋសភាកម្ពុជា ក្លាយជារដ្ឋសភាឯកបក្ស ដោយពុំមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាឡើយ។

* សេណារីយោទី២៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា រូបមន្តនៃការបែងចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គួរត្រូវបានកែសម្រួល ដោយធ្វើការបែងចែកទៅឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣។ ក្នុងករណីនេះ និងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១២០អាសនៈ ហើយគណបក្សហ្វុនស៊ិនប៉ិច នឹងទទួលបានចំនួន ៣អាសនៈ និងក្លាយជាគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។

* សេណារីយោទី៣៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា ពិសេសការធានាឱ្យគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា អាចបំពេញតួនាទីដោយមានតុល្យភាពជាមួយនឹងគណបក្សកាន់អំណាចអាសនៈទាំងអស់របស់ គណបក្សប្រឆាំងក្នុងរដ្ឋសភា ដែលត្រូវបានរំលាយ គួរធ្វើការបែងចែកទៅឱ្យគណបក្សផ្សេងទៀតដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ ដោយមិនរាប់បញ្ចូលគណបក្សកាន់អំណាច។ ក្នុងករណីនេះនិងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា អាសនៈទាំង៥៥ របស់គណបក្សប្រឆាំងនឹងត្រូវបែងចែកទៅឱ្យគណបក្សចំនួន៥ក្នុងនោះ គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងទទួលបាន៤១អាសនៈ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន៦អាសនៈ, គណបក្សខ្មែរឈប់ក្រ ទទួលបាន៥អាសនៈ, គណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចទទួលបាន១អាសនៈ។

៣៖ គួរកត់សម្គាល់ផងដែរថា ក្នុងករណីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់សមាជិកក្រុមប្រឹក្សា នៃគណបក្សនេះនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងត្រូវបាត់បង់ដូចគ្នាផងដែរ។ ដូចនេះ ក្នុងករណីដែលច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវបានធ្វើវិសោធនកម្ម ទៅតាមរូបមន្តណាមួយក្នុងចំណោមសេណារីយោទាំង៣ខាងលើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ក៏ត្រូវធ្វើវិសោធនកម្មផងដែរ ដើម្បីបែងចែកអាសនៈក្រុមប្រឹក្សា នៃគណបក្សដែលត្រូវបានរំលាយ ទៅឱ្យគណបក្សផ្សេងតាមរូបមន្តដែលធានាបានសង្គតិភាពជាមួយនិងការបោះឆ្នោតថ្នាក់ជាតិ។

ក្នុងករណីដែលសេណារីយោទី៣ ត្រូវបានជ្រើសរើសយក ដូចនេះគណបក្សទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧ កន្លងទៅ នឹងត្រូវទទួលបានអាសនៈនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយរួមទាំងតំណែងមេឃុំ-ចៅសង្កាត់មួយចំនួនផង។ គណបក្សដែលទទួលបានអាសនៈបន្តពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយនេះ អាចចូលរួមប្រកួតប្រជែង ដើម្បីទទួលបានអាសនៈនៅព្រឹទ្ធសភាផងដែរ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

សូមជូនពរឱ្យសុខសន្តិភាព នៅបន្តរឹងមាំដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទំាងមូល ហើយការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រព្រឹត្តទៅ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលកម្ពុជាធ្លាប់អនុវត្តកន្លងមក ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
ដោយ៖ បក្សីចាំក្រុង


“ភាពប្រាកដនិយមនៃប្រជាធិបតេយ្យសេរីពហុបក្ស គឺឈរលើឯករាជ្យអធិបតេយ្យភាពជាតិ”

ហ្វេសប៊ុក សម្លេងយើង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទវិភាគមួយក្រោមចំណងជើងថា “ភាពប្រាកដនិយមនៃប្រជាធិបតេយ្យសេរីពហុបក្ស គឺឈរលើឯករាជ្យអធិបតេយ្យភាពជាតិ”។

អត្ថបទវិភាគនេះមានខ្លឹមសារទាំងស្រុងដូចតទៅ៖
ប្រព័ន្ធពហុបក្សរបស់កម្ពុជា គឺជាទីលានប្រកួតប្រជែងក្នុងបុព្វហេតុថែរក្សាសន្តិភាព ឯករាជ្យអធិបតេយ្យ និងអភិវឌ្ឍន៍ដោយចិរភាព។ ឈរលើទស្សនៈវិស័យនេះ គឺការអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ពិតជាមិនត្រូវផ្តល់ភាពធូររលុងជាច្រកឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងប្រព័ន្ធនយោបាយជាតិបានឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ ជាកត្តានាំឲ្យសង្គមជាតិអស្ថេរភាព ហើយចលករសង្គមបាត់ភាពម្ចាស់ការក្នុងការពង្រឹងសមត្ថភាពលើខ្លួនឯង។ ការលូកដៃរបស់បរទេសចូលកិច្ចការផ្ទៃក្នុងប្រព័ន្ធនយោបាយកម្ពុជា “ដើម្បីការផ្លាស់ប្តូរ” ផ្តល់ផលបច្ច័យអាក្រក់ច្រើនដែលធ្វើឲ្យមនុស្សម្នាលែងមានលំនឹងក្នុងចិត្ត ជាពិសេសថែមទាំងលើកទឹកចិត្តដល់ក្រុមឱកាសនិយម គ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់សង្គម កាន់តែបានដៃប្រព្រឹត្តអំពើកេងប្រវ័ញ្ចបែបទុច្ចរិតល្មើសច្បាប់ រួចផុតពីការទទួលខុសត្រូវ ដោយក្នុងសតិអារម្មណ៍គិតទុកថា “គង់តែស្រុកម៉េចៗ …!” ដូចនៅទសវត្សរិ៍ទី៧០។ ចរិតនយោបាយរបស់គណបក្សសង្គ្រោះជាតិ បាន និងកំពុងប្រើមនោគមន៍វិជ្ជានយោបាយបែបនេះដែលមានឥទ្ធិពលលើសតិអារម្មណ៍ក្នុងសង្គមខ្មែរបច្ចប្បន្ន។ ដូច្នេះបើមិនទប់ស្កាត់ទាន់ពេលវេលាទេ នោះប្រជាធិបតេយ្យសេរីពហុបក្សនឹងបរាជ័យ ដោយសារតែនយោបាយក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ។
កម្ពុជាបច្ចុប្បន្នក្នុងសម័យតេជោ ត្រូវតែធ្វើឲ្យជ្រះស្រឡះក្នុងសតិអារម្មណ៍ប្រជាជន គឺពុំត្រូវគិតថា “ស្រុកម៉េចៗ” ដូចកាលទស្សវត្សរិ៍ទី៧០ ម្តងទៀតឡើយ។ ភាពចាំបាច់នៃកំណែទម្រង់ គឺធ្វើយ៉ាងណាកុំឲ្យបក្សប្រឆាំងដែលមិនបានធ្វើអ្វីសោះ តែបែរជាស៊ីផលពី “សន្លឹកឆ្នោតខឹងសម្បារ” ដោយសារប្រជាពលរដ្ឋ “ខឹងគោ វ៉ៃរទេះ”។
ដូច្នេះបើរកឃើញថា គណបក្សសង្គ្រោះជាតិ ស្ថិតនៅក្រោមបញ្ជារពីបរទេស ដូចលោក កឹម សុខា អះអាងមែននោះ ត្រូវតែមានចំណាត់ការផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព ជាប្រយោជន៍ដល់ការរក្សាសន្តិភាព ស្ថេរភាព និងកំណែទ្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដើម្បីវឌ្ឍនភាពសង្គម និងសេចក្តីសុខរបស់ប្រជាជន៕
(ប្រភព៖ ហ្វេសបុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


អ្នកនាំពាក្យ CPP៖ បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការបោះឆ្នោតមួយ សេរី ត្រឹមត្រូវ និង យុត្តិធ៌ម គឺជាការបោះឆ្នោត ដែលរៀបចំដោយគណគម្មាធិការរៀបចំការបោះមួយ ដែលគ្រប់គណបក្សនយោបាយ ប្រកួតប្រជែងទទួលស្គាល់និងឯកភាពទទួលយកស្របតាមច្បាប់កំណត់ ។ ក្នុងដំណេីរការបោះឆ្នោត នៅគ្រប់ដំណាក់កាល ត្រូវតែអនុវត្តតាម នីតិវិធី ប្រតិទិនការងាេត្រឹមត្រូវ មានគោលការណ៏ នីតិវិធី និងក្រមសីលធ៌មច្បាស់លាស់ សម្រាប់ជាគោលអនុវត្ត។ បន្ថែមពីនេះ ត្រូវមានអ្នកសង្កេតការណ៏ជាតិ អន្តរជាតិតាមដានត្រួតពិនិត្យ ហេីយវាយតម្លៃសន្និដ្ឋានថាតេីការបោះឆ្នោតនោះដំណេីរការយ៉ាងណា ត្រឹមត្រូវតាមច្បាប់ គោលការណ៏នីតិវិធី និងក្រមសីលធម៌ដែរប្ញទេ?

លោក សុខ ឥសាន បានបន្តថា បេីអ្នកសង្កេតការណ៏ជាតិ អន្តរជាតិ ភ្នាក់ងារគណបក្សនយោបាយចុះហត្ថលេខាលេីកំណត់ហេតុលទ្ធផលបោះឆ្នោត មានការវាយតម្លៃពីតំណាងបណ្តាប្រទេសលេីសកលលោកថា សេរី ត្រឹមត្រូវ និងយុត្តិធ៌មហេីយ ការបោះឆ្នោតនោះត្រូវចាត់ទុកជាបានការ គ្មានជនណា ឬគណបក្សណាមានសិទ្ធិលេីសពីការវាយតម្លៃរបស់អ្នកសង្កេតការណ៏ជាតិ អន្តរជាតិនិង ភ្នាក់ងាគណបក្សរាប់សែននាក់នោះបានទេ ។

មន្ត្រីអ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ប៉ុន្តែជាការឲ្យហួសចិត្តណាស់ ជាជំហរគណបក្សប្រឆាំង និងក្រុមអង្គការមិនអព្យាក្រឹត្យមួយចំនួន គ្រប់ការបោះឆ្នោតមិនដែល ថា ល្អទេ លុះត្រាតែគណបក្សប្រឆាំងឈ្នះ ទេីបការបោះឆ្នោតនោះ ល្អ សេរី ត្រឹមត្រូវ និង យុត្តិធ៌ម។ បេីគណបក្សប្រឆាំងចាញ់ នៅតែមន្ត្រីគណបក្សប្រឆាំង និងអង្គការទាំងនោះ ថាមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធ៌ម ជាដរាប ។

លោក សុខ ឥសាន បានបញ្ជាក់បន្ថែមថា ការវាយតម្លៃការបោះឆ្នោត មិនអាស្រ័យលេីគូប្រកួតទេ វាអាស្រ័យលេីការវាយតម្លៃ និងសន្និដ្ឋានរបស់ គជប អ្នកសង្កេតការណ៏ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ ដែលជាអាជ្ញាកណ្តាលតែប៉ុណ្ណោះ ៕


លោកនាយករដ្ឋមន្ត្រ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៩១០នាក់មកពីរោងចក្រ៦៨ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការនីនាពេលនេះ។ មកទល់ថ្ងៃនេះ លោកបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន១០ដងរួចហើយរួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៥ដងហើយ រួមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ឧស្សាហកម្មវឌ្ឍនៈទី១ និងរោងចក្រតំបន់ចាក់អង្រែលើ។
សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។
ដោយសារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់កម្មករ។ ប្រាក់ខែកម្មករពីមុនគឺតែជាង៣០ដុល្លារប៉ុណ្នោះ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់រហូតបច្ចុប្បន្ននេះ គឺប្រាក់ឈ្នូលអប្បបរិមាគឺ ១៥៣ ដុល្លា ហើយនៅឆ្នាំ២០១៨ ខាងមុខនេះ គឺមិនអោយតិចជាង១៦០ដុល្លារក្នុងមួយខែនោះឡើយ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

លោកនាយករដ្នមន្ត្រី ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាពគឺមិនមែនការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ។ ទន្ទឹមនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្ម ២០១៥-២០២៥ លោកក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណការងារនិងប្រាក់ចំណូលល្អ:
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បបរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។

ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងថ្លៃទឹកតែ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគីប ។ លោកបានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មករ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ លោកនាយករដ្ឋមន្ត្រីបានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%(៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ។) លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ សម្រាប់កម្មការនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន១លាន២០ម៉ឺនរៀលរួមនឹងការឧបត្ថមបន្ថែមទៀតពីលោកនាយករដ្ឋមន្ត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ ។
៥)បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខ័ណការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការនី ជិយោជក ទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមាន ផ្ទៃពោះចំនូន១៩៨នាក់ រួមជាមួយ បេក្ខជនជ័យលាភីកម្មវិធី “យុវជនគំរូកម្ពុជា” វគ្គទី១២ ចំនួន១០នាក់ និងបានថតរូបអនុស្សាវរីយ៍ Selfie ដែលបង្ហាញនូវក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះបងប្អូនកូនក្មួយជាកម្មករ កម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីក រាយក្រៃលែង៕









គណបក្សយុវជនកម្ពុជា ដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ

គណបក្សយុវជនកម្ពុជា បានប្រកាសពីផែនការនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល សុំរំលាយគណបក្សសង្រ្គោះជាតិ ព្រោះតែអំពើក្បត់ជាតិ នៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧ គណបក្សយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ដោយ សម្រេចតែម្តងគឺដាក់ ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្រ្គោះជាតិចោល។

សេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សយុវជនកម្ពុជាបាន បើកកិច្ចប្រជុំ បន្ទាន់មួយ ស្តីអំពីសំណើរបស់ក្រុមការងារប្រតិបត្តិប្រចាំខេត្តត្បូងឃ្មុំ នៃគណបក្សយុវជនកម្ពុជា បានស្នើឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍ របស់គណបក្សយុវជនកម្ពុជាដាក់ពាក្យ បណ្តឹងទៅកាន់ តុលាការកំពូល ដើម្បីស្នើសុំឲ្យរំលាយគណបក្សសង្រ្គោះជាតិចោល។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ការសម្រេចដាក់ពាក្យបណ្តឹងនេះដោយហេតុថា ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានប្រព្រឹត្តអំពើក្បត់ជាតិមាន លក្ខណៈ ជាប្រព័ន្ឋ ដែល មិនអាចលើកលែងឲ្យបាន។ ម៉្យាងវិញទៀត ដើម្បីដាស់តឿនស្មារតីដល់អ្នក នយោ បាយ គ្រប់ជំនាន់ត្រូវគិតផលប្រយោជន៍ជាតិជាធំ និងកុំឲ្យអ្នកនយោបាយជំនាន់ ក្រោយយកគំរូតាម ក្រុមគណបក្សសង្រ្គោះជាតិ ដែលជាហេតុធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងនឹមត្រួតត្រារបស់បរទេស ដូចសម័យកាលមុន»។
សូមជំរាបថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនភ្លាមៗ ពាក់ព័ន្ធនឹងទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ហើយបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងតែម្តង។
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែលបង្ហោះនៅលើ Youtube និង Facebook របស់សារព័ត៌មាន CBN ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេស យូហ្គោស្លាវី និងសើប៊ីដែរ។

យោងតាមច្បាប់៖ មាត្រា៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ៖
ទី១- ធ្វើអបគមន៍ដែលនាំឱ្យអន្តរាយ ដល់ឯកភាពជាតិ និងបូរណភាពទឹកដី។
ទី២- ធ្វើវទ្ធង្សនាប្រឆាំងនឹងរបបបនរជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ទី៣-ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
ទី៤-ការបង្កើតកងកម្លាំងប្រដាប់អាវុធ។
ទី៥- ការញុះញង់ដែលនាំឱ្យមាន ការបែកបាក់ជាតិ។
៦- ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។
៧- យល់ព្រមដោយចំហ ឬដោយ តុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមឱ្យធ្វើសកម្ម ភាពណាមួយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។
៨- គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិតជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុច១ ដល់ចំណុច៥ខាងលើ។
យោងតាមច្បាប់៖ មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា៖ គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្ស នយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។
យោងតាមច្បាប់៖ មាត្រា៤៤ ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយថែងថា៖ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗ គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើស នឹងមាត្រា ៦ថ្មី និងមាត្រា៧ នៃច្បាប់នេះ តុលាការអាចសម្រេចដូចខាងក្រោម៖ ផ្អាកសកម្មភាពគណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី ៥ឆ្នាំ និង រំលាយគណបក្សនយោបាយនោះ៕


 




តើមានមូលហេតុអ្វីខ្លះដែលប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ សម្រេចប្តឹងរំលាយគណបក្សសង្គ្រោះជាតិ?

គណបក្សចំនួនពីរគឺគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ និងគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ បានប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ចោលព្រោះតែមេដឹកនាំ និងបក្សនេះប្រព្រឹត្តអំពើក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ ដោយឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជាកំពុងទទួលផល។

ការសម្រេចព្រះទ័យរបស់សម្តេចក្រុមព្រះនៅថ្ងៃនេះ ពិតជាបានធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គបានមានបន្ទូល ជាសាធារណៈគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន កឹម សុខា ពីបទក្បត់ជាតិ។ ពួកគេបានចោទសំណួរថា តើមូលហេតុអ្វីបានជាអ្នកនយោបាយចាស់វស្សាអង្គនេះសម្រេចប្តឹងរំលាយ គណបក្សសង្គ្រោះជាតិទៅវិញ? មានមូលហេតុ៤សំខាន់ៗដែលអាចបញ្ជាក់ពីការសម្រេចព្រះទ័យរបស់សម្តេចក្រុមព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចក្នុងការប្តឹងរំលាយបក្សសង្គ្រោះជាតិនេះ៖

ទី១៖ មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនធំ គឺជាអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ដែលពួកគេបានក្បត់នឹងសម្តេចក្រុមព្រះ និងក្បត់គណបក្សដែលធ្លាប់បាន ផ្តល់អំណាចតួនាទីបុណ្យស័ក្តិដើម្បីពួកគេមានឱកាសកសាងកេរ្តិ៍ឈ្មោះក្នុងសង្គមនយោបាយកម្ពុជា រហូតបែកគំនិតបំបែកគណបក្សហ៊្វុនស៊ិនប៉ិចជាបំណែក និងបានដណ្តើមយកអ្នកគាំទ្រពីគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះទៅបង្កើតគណបក្សថ្មី។ ដូច្នេះវាជាការស័ក្តិសមណាស់ ដែលប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានសិទ្ធិ ក្នុងការប្តឹងរំលាយគណបក្សដែលបំបែកខ្លួនពីគណបក្សដើម ហើយបក្សថ្មីនេះបានអនុវត្តនយោបាយបំផ្លាញជាតិតាមរយៈការឃុបឃិត និងត្រូវរ៉ូវគ្នា ជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះគឺជាការទះកំផ្លៀងក្រុមអ្នកក្បត់បក្ស និងក្បត់ជាតិ។

ទី២៖ ការប្តឹងរបស់សម្តេចក្រុមព្រះរំលាយគណបក្សសង្គ្រោះជាតិគឺប្រៀបបាននឹង កម្មពៀរម្តងម្នាក់។ គេនៅចាំបានថា សម រង្ស៊ី មេក្បត់បក្សហ៊្វុនស៊ិនប៉ិច និងអតីតប្រធានគណបក្សសង្គ្រោះជាតិបានធ្វើនយោបាយប៉ែងជើង សម្តេចក្រុមព្រះតាំងពីដើមរៀងមក និងហាក់ដូចជា បានប្រើប្រាស់នយោបាយគំនុំគ្រួសារ និងសងសឹកឱ្យឪពុករបស់ខ្លួន សម សារី ដែលជាជនក្បត់ជាតិ ដោយស្នើសុំឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយ កែប្រែពីប្រព័ន្ធ ២/៣ មកប្រព័ន្ធ ៥០%បូក១ វិញនៅឆ្នាំ២០០៦។ មួយក្បាច់នេះរបស់ សម រង្ស៊ី ប្រៀបបាននឹងការលើកអំណាចទាំងមូលដាក់លើជើងពានជូនគណបក្សប្រជាជនកម្ពុជាព្រោះ គណបក្សនេះទទួលបានអាសនៈលើសពី៥០% បូក១ ហើយស្មើនឹងសម្លាប់ជីវិតនយោបាយរបស់សម្តេចក្រុមព្រះដែរ។

ចាប់តាំងពីឆ្នាំ ២០០៦ សម រង្ស៊ី និងកឹម សុខា បានរួមដៃគ្នាកម្ទេចគណបក្សហ៊្វុនស៊ិនប៉ិចរហូតស្ទើរតែ បាត់ឈ្មោះពីពិភពនយោបាយកម្ពុជា ប៉ុន្តែនៅឆ្នាំ២០១៧នេះ គឺជាពេលវេលាដែល សម រង្ស៊ី និង កឹម សុខា ព្រមទាំងគណបក្សសង្គ្រោះជាតិសងនូវអ្វីៗ ដែលគណបក្សហ៊្វុនស៊ិនប៉ិចបានបាត់ និងបែកបាក់ពីអតីតកាល។

ទី៣៖ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សសង្គ្រោះជាតិបាននិងកំពុងបំពានច្បាប់ ដោយស្ថិតក្រោមការបង្គាប់បញ្ជារបស់បរទេស។ ការណ៍នេះជាការប្រព្រឹត្តនូវកំហុសដ៏ធ្ងន់ធ្ងរ ហើយនឹងឈានទៅដល់ការប្តឹងរំលាយគណបក្សថែមទៀតផង។ បើសិនជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយតាមអំណាចសាលដីកានៃ តុលាការកំពូល នោះបើយោងតាមច្បាប់ ក្រុមមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការនាយក នៃបក្សនេះអាចនឹងត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយ៥ឆ្នាំដែរ។

ដូច្នេះតើមន្ត្រីគណបក្សនេះ សុខចិត្តឈរឱបដៃមើលបក្សរលាយ និងខ្លួនគ្មានបក្សជ្រកទេ? ពួកគេនឹងមិននៅស្ងៀមឡើយនោះអាចមានមន្រ្តីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិខ្លះត្រូវលាលែងតំណែង និងលះបង់សមាជិកភាពរបស់បក្សនេះ ហើយចាប់ពីផ្តើមស្វែងរកទ្រនុំថ្មីពីឥឡូវនេះទៅ បើពុំនោះទេ អាចនឹងត្រូវរងគ្រោះដោយ ទង្វើក្បត់ជាតិរបស់ កឹម សុខា ចំណែកអ្នកគាំទ្របក្សសង្គ្រោះជាតិវិញ គឺត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយរវាងគណបក្សដែលធ្លាប់ តែបំភ្លៃបំផ្លើសបំប៉ោង និងបំភ័ន្ត និងគណបក្សដែលបម្រើរាស្ត្រ និងជាតិពិតប្រាកដដូចជាគណបក្សប្រជាជនកម្ពុជា។

ពួកគេមិនអាចបន្តឈរគាំទ្រជនក្បត់ជាតិដូច កឹម សុខា នោះឡើយ។ ដូច្នេះការសម្រេចប្តឹងរំលាយគណបក្សសង្គ្រោះជាតិ នឹងធ្វើឱ្យជនវង្វេងបក្សមួយចំនួនអាចរត់រកផ្លូវ ត្រូវវិញដោយវិលត្រឡប់មកចូលរួមជាមួយគណបក្សហ៊្វុនស៊ិន ប៉ិចដឹកនាំដោយសម្តេចក្រុមព្រះ។

ទី៤៖ ក្នុងនាមជាដៃគូប្រកួតប្រជែងនយោបាយ ពេលនេះជាឱកាសមាសមួយដែល សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច អាចស្តារនូវកេរ្តិ៍ឈ្មោះ និងកសាងកម្លាំងបក្សឡើងវិញ។ បើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយទៅតាមពាក្យបណ្តឹងមែននោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច នឹងក្លាយជាគណបក្សធំទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ហើយដើរតួនាទីជាគណបក្សប្រឆាំងមួយដ៏ធំនៅកម្ពុជា។ សំខាន់តើហ៊្វុនស៊ិនប៉ិចអាចដើរតួនាទីជាគណបក្សប្រឆាំងបានល្អដែរឬទេ ខណៈបក្សសង្គ្រោះជាតិមិនបានធ្វើអ្វីជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឡើយ និងបានត្រឹមតែដើរសម្អុយប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ។

យើងក៏សង្ឃឹមថា នៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចដើរតួនាទីជាគណបក្សប្រឆាំង នឹងមិនមានផែនការក្បត់ជាតិ និងប្រជាជនកម្ពុជាដូចដែលគណបក្សសង្គ្រោះជាតិ និងមេដឹកនាំនៃបក្សសង្គ្រោះជាតិបានធ្វើឡើយ។ បើគណបក្សនេះត្រូវបានរំលាយនោះអាសនៈដែលបក្សសង្គ្រោះ ជាតិមាននៅព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានីខេត្ត ស្រុកខណ្ឌ និងឃុំសង្កាត់នឹងត្រូវបែកដល់គណបក្សផ្សេង។ ពេលនោះគណបក្សសង្គ្រោះជាតិនឹងបាត់បង់អ្វីៗទាំងអស់ហើយគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងលេចត្រដែតឡើងវិញ៕

ដោយ៖ ចៅចាក់ស្មុក


ទំព័រហ្វេសប៊ុក ចៅ ចាក់ស្មុក៖ បាតុករខ្មែរនៅស្រុកបារាំងត្រូវប៉ូលិសដេញក្រោយ បង្កភាពអនាធិបតេយ្យ

សមាជិកគណបក្សសង្គ្រោះជាតិប្រមាណ ១០០នាក់ប្រមូលស្ទើរមកពីគ្រប់ប្រទេស
ទាំងអស់នៅទ្វីបអឺរ៉ុបដែលមកធ្វើបាតុកម្មក្រោមការជួលបនរក់ បានស្រែកឡូឡាពេញផ្លូវនៅក្បែរស្ថានទូតខ្មែរនៅ ប្រទេសបារាំងក្នុងអ្វីដែលពួកគេលើកឡើងថាដើម្បីទាមទារឱ្យដោះលែង កឹម សុខា ជនក្បត់ជាតិដោយឥតលក្ខខណ្ឌ។ បាតុកម្មដែលមានភាពរញ៉េរញ៉ៃនិងដឹកនាំដោយ ក្រុមយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំងពីរនាក់ស្រីប្រុសបានបង្កភាព អនាធិបតេយ្យ និងត្រូវបានមន្ត្រីនគរបាលបារាំងព្រមាននិងបានបណ្តេញចេញពីទីតាំងធ្វើបាតុកម្មនៅក្បែរស្ថានទូតខ្មែរនៅប៉ារីស ហើយឱ្យមក តវ៉ានៅទីលាន
សិទ្ធិមនុស្សដែលគេធ្លាប់ធ្វើវិញ។ ការព្រមាននេះដោយសារតែក្រុមបាតុករហាក់ដូចជា គ្មានសណ្តាប់ធ្នាប់ ចំណែកអ្នកដឹកនាំស្រីប្រុសពីរនាក់នោះប្រៀបបាននឹងមនុស្ស
ស្រវឹងថ្នាំស្រែកជេរគ្មានទិសតំបន់អ្វីឡើយ ប្រៀបបាននឹងជ្រូកពុលទឹកមាត់។ នេះហើយ ជាធនធានមនុស្សពិតរបស់គណបក្សប្រឆាំងដែលអួតខ្លួនអ្នកស្នេហាជាតិនោះ។

នេះគឺជាបរាជ័យទី២ របស់បាតុករគណបក្សសង្គ្រោះជាតិក្នុងការរំខានដល់ការ ជួបជុំរបស់លោក ហ៊ុន ម៉ាណែត ជាមួយបងប្អូនអនិកជននៅក្នុងទ្វីបអឺរ៉ុប ខណៈការ បរាជ័យដ៏អាម៉ាសមួយគឺនៅក្នុងប្រទេសអាល្លឺម៉ង់ បាតុករបក្សសង្គ្រោះជាតិត្រូវបាន នគរបាលវាស់ដីឱ្យដើរដោយសារតែពួកគេប្រើប្រាស់ចារិកហិង្សា និងមានការរំលោភ បំពានលើច្បាប់។ បាតុកម្មថ្ងៃនេះនៅស្រុកបារាំងរៀបចំឡើងដោយគណបក្សសង្គ្រោះ ជាតិក៏មិនទទួលបានជោគជ័យឡើយ បានត្រឹមនគរបាលបារាំងព្រមាន ចំណែកជំនួប រវាងលោក ហ៊ុន ម៉ាណែត និងបងប្អូនប្រជាពលរដ្ឋខ្មែរស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ និងស្រឡាញ់កេរ្តិ៍ឈ្មោះខ្មែរ ប្រព្រឹត្តទៅដោយរលូន។ បាតុកម្មបែប រញ៉េ រញ៉ៃដូច្នេះគ្មានផលប្រយោជន៍ ឬឥទ្ធិពលអ្វីឡើយ បានត្រឹមតែមន្ត្រីនគរបាលព្រមាន តែប៉ុណ្ណោះ។ បាតុកម្មគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនេះគឺជាការបញ្ជាក់ភស្តុ តាងកាន់តែច្បាស់ថាពួកគេបានគាំទ្រនូវទង្វើក្បត់ជាតិរបស់ កឹម សុខា និងចង់ឱ្យកម្ពុជា ស្ថិតនៅក្រោមបាតជើងបរទេស។ ប៉ុន្តែសម្រាប់រាស្ត្រខ្មែរនៅក្នុងស្រុក ពិតជាមានមោទនភាពចំពោះអ្វីដែលខ្លួនមាន ការរីកចម្រើន សុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមាន និងការពារដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ហើយការពារជានិច្ចប្រឆាំងនឹងទង្វើក្បត់ជាតិ និងការបំផ្លាញ កេរ្តិ៍ឈ្មោះជាតិដោយជនវង្វេងជាតិមួយចំនួន៕

ដោយ ចៅ ចាក់ស្មុក