Monday, October 02, 2017

ក្រសួងបរិស្ថាន សហការជាមួយក្រសួងមុខងារសាធារណៈ​ បើកវគ្គ​បណ្តុះបណ្តាល​មន្ត្រីបរិស្ថាន​ ដើម្បីឆ្លើយតប​ទៅនឹងស្ថាន​ភាពសង្គម​ជាក់ស្តែង​

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ពេជ្យ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ដើម្បីបង្កើនសមត្ថភាពមន្ត្រីរបស់ក្រសួងនេះ ក្នុងគោលបំណងឆ្លើយតបឱ្យទាន់សភាពការណ៍ដែលកំពុងវិវឌ្ឍឥតឈប់ឈរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីធ្វើទំនើបកម្មក្រសួង ឲ្យឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ សង្គមដែលបានផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋ ដោយសារតែស្ថេរភាពនយោបាយជាង២០ឆ្នាំ កំណើនសេដ្ឋកិច្ចប្រមាណ ៧%ក្នុងរង្វង់២០ឆ្នាំ និងសេរីភាពសារព័ត៌មានក្នុងសង្គម។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា ការបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យមន្ត្រីស្គាល់តួនាទីភារៈកិច្ចក្នុងក្រសួង និងត្រៀមខ្លួនជាឆ្មាំចាំយាមអាយុជីវិត របស់ប្រទេសជាតិយ៉ាងមានសិទ្ធភាព។
ថ្លែងទៅកាន់កម្មវិធី ដែលមានអ្នកចូលរួមជាង១០០នាក់ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួងបរិស្ថាននេះ មិនមែនមានតែក្នុងស្រុកនោះទេ ការបញ្ជូនទៅសិក្សានៅបរទេស ក៏ជាអ្វីដែលក្រសួងបរិស្ថានបានធ្វើរួចមកហើយ និងបន្តប្រឹងប្រែងបន្តទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះមានការចូលរួមពី មន្ត្រីក្រសួងបរិស្ថានចំនួន៦៥រូប គឺមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយ នៃទំនើបកម្មរបស់ក្រសួងបរិស្ថាន ដែលបានធ្វើទំនើបកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងអាណត្តិទី៥នេះ ដែលរួមមានការធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងក្រសួង កំណែទម្រង់លើការបណ្តុះបណ្តាល និងការលើកទឹកចិត្តជាដើម៕




No comments:

Post a Comment