Tuesday, August 03, 2021

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការអនុវត្តន៍យុទ្ធនាការជាតិ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញផ្សាយនូវសេចក្តីណែនាំមួយស្តីពីការអនុវត្តន៍យុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»។


សេចក្តីណែនាំដែលមានកម្រាស់៣៤ទំព័រនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន៖

១៖ បង្កើនការចូលរួមរបស់បុគ្គល គ្រួសារ ជាពិសេសស្ត្រី ក្នុងការអនុវត្តវិធានការ «៣ការពារ និង ៣កុំ»,

២៖ លើកកម្ពស់គុណតម្លៃសង្គម និងសាមគ្គីភាពសង្គម ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩,

៣៖ បង្កើនការចូលរួមអំពីស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នឯកជនក្នុងការទទួលខុសត្រូវអនុវត្តន៍វិធានការ NPIs (សេវាកម្មមានសុវត្ថិភាព ទីកន្លែងធ្វើការមានសុវត្ថិភាព)

និងទី៤៖ បង្កើនការទទួលខុសត្រូវរបស់អាជ្ញាធរ សហគមន៍ ក្នុងការជំរុញការចូលរួមរបស់សហគមន៍ក្នុងការតាមដានការអនុវត្តវិធានការសុខាភិបាល និងការអន្តរាគមន៍ផ្សេងៗនៅក្នុងតំបន់។

ជាមួយនឹងការចេញផ្សាយនូវសេចក្តីណែនាំនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានស្នើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងអភិបាលរាជធានី-ខេត្តទាំង២៥ ចូលរួមអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ។ ជាពិសេសសេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ១៩ ព្រមទាំងរស់នៅជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ។

ក្នុងលិខិតជូនទៅទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ ក៏ដូចជាអភិបាលរាជធានី-ខេត្តនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរំលេចដែរថា យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងច្រើនក្នុងរយៈពេលកន្លងមក។ ប៉ុន្តែសកម្មភាពទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នាបច្ចុប្បន្ន។ ដូច្នេះការរៀបចំបន្តយុទ្ធនាការដែលមានលក្ខណៈផ្តោតចំពោះ និងមានកិច្ចសហការរវាងភាគីពាក់ព័ន្ធទាំងអស់ ដោយល្អិតល្អន់ និងសម្រុកក្នុងពេលតែមួយចាប់ពីពេលនេះតទៅ គឺមានសារសំខាន់បំផុត ដើម្បីឈានទៅសម្រេចបានការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងថ្មីជាមួយ វីរុសកូវីដ-១៩ ។

លោករដ្ឋមន្ត្រី ក៏បានស្នើសុំទៅថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត ចូលរួមជំរុញយុទ្ធនាការពញ្ញាក់ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធក្រោមសមត្ថកិច្ចរបស់ខ្លួន ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយរៀបចំសកម្មភាពសំខាន់ៗតាមសេចក្តីណែនាំយុទ្ធនាការនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕



សូមទាញយកឯកសារ៖ សេចក្តីណែនាំ ស្តីពីការអនុវត្តយុទ្ធនាការជាតិ ក្រោមប្រធានបទ « រួមគ្នាទទួលខុសត្រូវទប់ស្កាត់ជំងឺកូវីដ-១៩» យើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ជាមួយគ្នា យើងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយគ្នា!


ថវិកាដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

លោកស្រី  មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

 

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ

 (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។

ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រកាសដោយក្រសួងការបរទេស៖



អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំស្តីពីការស្នើសុំសាងសង់សំណង់ចំនួន ០៣កន្លែង

កោះកុង៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការស្នើសុំសាងសង់សំណង់ ចំនួន ០៣កន្លែង របស់លោកស្រី ហុង ដានី និងលោក ងួន សុវណ្ណ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងវែង ០១កន្លែង និងសង្កាត់ស្មាច់មានជ័យចំនួន ០២កន្លែង ក្នុងក្រុងខេមរភូមិន្ទ។

ជាលទ្ធផល ក្រោយពីបានផ្តល់យោបល់ ពីមន្ត្រី និងមន្ទីរជំនាញ រួមទាំងអាជ្ញាធររួចមក សំណង់ទាំង ០៣កន្លែង មានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេស គួរដំណើរការឯកសារ ជូនអ្នកស្នើសុំបាន៕



 

ពិធីបើកកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការពិភាក្សា និងត្រួតពិនិត្យ តាមដាន បង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩

កោះកុង៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ជាអនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធជំងឺកូវីដ-១៩ខេត្តកោះកុង តំណាងលោកស្រីអភិបាលខេត្តកោះកុង បានដឹកនាំសមាជិក សមាជិក នៃអនុគណៈកម្មការ ប្រជុំតាមប្រព័ន្ធអនឡាយ Zoom ដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត។

របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក ទាំង៧ ស្តីពីការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរ
២.ការចូលរួមការបកស្រាយច្បាប់របស់អយ្យការអមសាលាដំបូងខេត្ត ស្តីពីការអនុវត្តវិធានការនានា វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់
៣.ការពិភាក្សា លើករណីសិក្សា នៅតាមមូលដ្ឋាន
៤.បញ្ហាផ្សេងៗ

ជាលទ្ធផល កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានការចូលរួមធាតុចូលសម្រាប់ការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត ក៏ដូចជានៅតាមមូលដ្ឋានផ្ទាល់។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្តកោះកុង ប្រធានដឹកនាំអង្គប្រជុំ បានឯកភាពលើយន្តការ និងសំណូមពរមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តការងារបន្ត ប៉ុន្តែត្រូវរៀបចំយន្តការរាយការណ៍ឲ្យបានត្រឹមត្រូវតាមឋានានុក្រមរដ្ឋបាល និងជាអនុសាសន៍សម្រាប់ការអនុវត្តនេះ ទទួលបាន “នូវ តម្លាភាព សុក្រឹតភាព និងភាពសក្តិសិទ្ធិ” លោកអភិបាលរងខេត្ត បានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក ដឹកនាំ សម្របសម្រួល និងរៀបចំក្រុមការងារដោយការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីអនុវត្តផ្ទាល់នៅតាមមូលដ្ឋាននីមួយៗ ហើយចំពោះកម្រិតការយល់អំពីច្បាប់នានា ដែលនឹងបង្កជាបញ្ហាប្រឈមក្នុងការអនុវត្តវិធានការនានា សូមស្នើឲ្យ រដ្ឋបាលនៅតាមមូលដ្ឋាន ស្នើមកត្រង់ទៅអយ្យការអមសាលាដំបូងខេត្ត ឬស្នើមករដ្ឋបាលខេត្ត ដើម្បីសម្របសម្រួលធ្វើការបកស្រាយពន្យល់បន្ថែម។

ជាបណ្តាំផ្ញើ កុំភ្លេចវិធានការ “៣ការពារ ៣កុំ”!