Thursday, July 06, 2017

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ទៅប្រគល់ដល់គ្រួសាររងគ្រោះដោយសារអគ្គិភ័យ


នៅរសៀលថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ លោកស្រី ដួង វណ្ណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ របស់សាខាទៅប្រគល់ដល់គ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១ គ្រួសារ ឈ្មោះ សុខ ធឿន អាយុ ៣៧ ឆ្នាំ មានសមាជិកគ្រួសារ ៥ នាក់នៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។ ដែលរងគ្រោះវេលាម៉ោង ១២ ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៧ បណ្តាលមកពីទុសេផ្ទាំងសូឡា នាំឲ្យឆេះផ្ទះ ទំហំ ៧,៨ ម X ៧,៨ ម សង់ពីឈើប្រក់ក្បឿងខូចខាតទាំងស្រុង។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកស្រី ដួង វណ្ណា បាននាំនូវបណ្តាំសួរសុសទុក្ខ និងចូលរួមសោកស្តាយ ការអាណិតអាសូពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចំពោះក្រុមគ្រួសាររងគ្រោះដែលបានបាត់បង់ទ្រព្យសម្បត្តិផ្ទះសំបែងគ្មានសល់តែមួយប៉ព្រិចភ្នែក ដែលហេតុការណ៍នេះមិនគួរឲ្យកើតឡើងទាល់តែសោះ។ អំណោយដែលបានផ្តល់ជូនមានអង្ករ ៥០ គ.ក្រ, កៅស៊ូតង់ ១, ធុងទឹកជ័រ, ឆ្នាំងបាយ សម្លរ ២, កន្ទេលបត់ ១, មី ១ កេស, ត្រីខ ១០ កំប៉ុង, ទឹកស៊ីអ៊ីវ ៦ ដប, មុង ១, ភួយ ១, ក្រម៉ា ១, សារុង ១, ថវិកា ១,០០០,០០០ រៀល ។ ក្នុងនោះថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ៤០០,០០០ រៀល ឯកឧត្តម ម៉ែន វិបុល ៣០០,០០០ រៀល, លោកជំទាវ ដួង វណ្ណា ២០០,០០០ រៀល, លោកស្រី គង់ គីណា ១០០,០០០ រៀល៕





រដ្ឋសភា ប្រកាសលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍

បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋសភាបានប្រកាសលទ្ធផលផ្លូវការមួយ។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានកំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីអនុម័តលើច្បាប់មួយចំនួនផងដែរ។
សូមអានសេចក្តីប្រកាសរបស់រដ្ឋសភា អំពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំនៅខាងក្រោម ៖



(សូមទស្សនាវីដេអូ) កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយ​រៀង បើក​វគ្គ​បណ្តុះ​បណ្តាល​ជន​បង្គោល​ស្តីពី​ សុខ​ភាព​មនុស្ស​ចាស់

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារដាស់តឿន យុវជនគ្រប់រូបត្រូវ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើសារដាស់តឿនដល់ យុវជនខ្មែរគ្រប់រូប ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនស្របពេលដែលប្រទេសជាតិយើង មានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលសង្គមជាតិស្អប់ខ្ពើម និងនាំឱ្យប៉ះពាល់ ដល់សង្គមគ្រួសារ ញាតិមិត្ត ហើយអ្វីដែលសំខាន់នោះ គឺខូចអនាគតរបស់ខ្លួនតែម្តង។

ការដាស់តឿនក្រើនរំលឹកដល់យុវជនខាងលើនេះ គឺត្រូវបានធ្វើឡើងខណៈលោក វង សូត និងថ្នាក់ដឹកនាំ អញ្ជើញទស្សនកិច្ច និងសាកសួរសុខទុក្ខជាមួយយុវជន យុវតីដែលជាជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ លោក វ៉ិត វ៉ាដាល ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀន គ្រឿងញៀន បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៧នេះ មណ្ឌលបានទទួលជនរងគ្រោះ ដោយការប្រើប្រាស់ មានចំនួន ៧៤៣នាក់ (ស្រី៧១នាក់) ក្នុងនោះស្ម័គ្រចិត្តតាមរយៈអាណាព្យាបាលចំនួន ៥៤នាក់ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ និងអង្គការចំនួន ៣២នាក់ ស្ម័គ្រចិត្តនៅចំពោះមុខព្រះរាជអាជ្ញាចំនួន ៦៥៧នាក់ និងធ្វើសមាហរណកម្មចំនួន ៥៦៣នាក់ (ស្រី៥៥នាក់) ដោយបានបញ្ចប់កម្មវិធីបន្សាបព្យាបាល និងស្តារនីតិសម្បទា ក្នុងនោះទៅគ្រួសារ និងសហគមន៍ចំនួន ១១៩នាក់ (ស្រី២៧នាក់) បញ្ជូនទៅអង្គការ និងមន្ទីរពេទ្យ ១៨នាក់ (ស្រី៣នាក់) ដើម្បីថែទាំបន្ត ហើយបច្ចុប្បន្នកំពុងស្នាក់នៅមណ្ឌលចំនួន ១៨០នាក់ (ស្រី១៦នាក់)។

លោកបានបញ្ជាក់បន្ថែមថា ការព្យាបាល និងស្តារនីតិសម្បទាឡើងវិញ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជនរងគ្រោះដោយសារធាតុញៀន ដូច្នេះសូមឱ្យមន្រ្តីគ្រប់គ្រងនៅទីនេះ ត្រូវធ្វើការណែនាំ និងដាស់ស្មារតី ដល់ក្មួយៗដែលកំពុងស្នាក់នៅ និងទទួលការព្យាបាលនេះឱ្យធ្វើយ៉ាងណាខិតខំតាំងចិត្ត ឱ្យបានមុតមាំ ថានឹង ផ្តាច់គ្រឿងញៀនក្នុងខ្លួនឱ្យអស់ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីត្រលប់ទៅសហគមន៍វិញ កសាងអនាគតជាថ្មី ។

ជាមួយគ្នានេះ រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោក
ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែគាំទ្រក្នុងមណ្ឌល ហើយនៅពេលថ្មីៗ នេះលោកក៏បាន ផ្តល់នូវថវិកាចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការជួសជុលអគារស្នាក់នៅ សាលសម្រាប់ថ្នាក់បណ្តុះបណ្តាល សម្ភារៈប្រើប្រាស់ បណ្តាញអគ្គិសនី ដែលគ្រោងផែនការអាចទទួល បានជនរងគ្រោះដោយសារធាតុញៀនបាន ២៥០នាក់ ក្នុងឱកាសនោះ លោក វង សូត ក៏បានឧបត្ថម្ភ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៣លានរៀល ជូនដល់ មណ្ឌលផងដែរ។

បន្ទាប់ពីពិនិត្យរួចហើយ រដ្ឋមន្រ្តី និងគណៈប្រតិភូអមដំណើរបានបន្តចុះពិនិត្យមើលសំណង់អគារមួយកន្លែង ទៀតដែលកំពុងសាងសង់ សម្រាប់ថែទាំមនុស្សចាស់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសម្រេច បានប្រមាណ ៧០ភាគរយហើយ និងត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលឆាប់ខាងមុខនេះ។

សមិទ្ធផលទាំងអស់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មកលើ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ យើងដូចបណ្តាប្រទេសដទៃទៀតក្នុងតំបន់៕






ព្រះពុទ្ធ​ប្រក់នាគ១អង្គ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុកស្វាយលើ​ ប្រគល់​ជូនអាជ្ញាធរ​ជាតិអប្សរា​

ប្រជាពលរដ្ឋនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រគល់ព្រះពុទ្ធរូបប្រក់នាគក្បាលប្រាំពីរមួយព្រះអង្គ ធ្វើពីថ្មភក់ មានទម្រង់ព្រះភ្នែនលើរង្វេលនាគបីជាន់ ស្ថិតក្នុងចុងស.វទី១២ ដើមទី១៣ សម័យបាយ័ន មានកម្ពស់៥៩ស.ម បណ្តោយ៣០ស.ម ទទឹង១៨ស.ម ដល់អាជ្ញាធរជាតិអប្សរារក្សាទុកកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។
កិច្ចប្រគល់ទទួលនេះ ត្រូវបានធ្វើឡើងរវាងអ្នកស្រី ព្រីម រ៉ម និងលោក សំ សារ៉េត ប្រធានការិយាល័យនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ តំណាងអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ត្រី ខេង រ៉ា មេភូមិ-មេឃុំ-នគរបាលប៉ុស្តិ៍កន្ទួត និងនគរបាលបេតិកភណ្ឌផងដែរ។
នាឱកាសនោះ អាជ្ញាធរជាតិអប្សរា ក៏បានឧបត្ថម្ភថវិកា ១លានរៀល ដល់អ្នកស្រី ព្រីម រ៉ម ជាការលើកទឹកចិត្ត ដែលអ្នកស្រីមិនយកបុរាណវត្ថុនោះទៅលក់ដូរ ហើយបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរក្សាទុក។
នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ មានប្រសាសន៍ក្នុងឱកាសប្រគល់ព្រះពុទ្ធបដិមាប្រក់នាគជូនអគ្គនាយិការសារមន្ទីរព្រះនរោត្តមសីហនុអង្គរ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ព្រះពុទ្ធបដិមានេះត្រូវបានប្តីរបស់អ្នកស្រី ព្រីម រ៉ម ប្រទះឃើញនៅចំណុចត្រពាំងជ្រៃខាងត្បូងឆៀងខាងកើតប្រាសាទតាណុប ខណៈប្តីគាត់កាប់គាស់ដីធ្វើចម្ការ ក្រោយមកក៏បានយកមកទុកក្នុងផ្ទះ រួចក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យយករូបនេះទៅរក្សាទុកនៅកន្លែងដ៏សមគួរ។
លោកបណ្ឌិត ឈាន រដ្ឋា បានបន្តថា ចំពោះការរក្សាទុកព្រះពុទ្ធបដិមានៅសារមន្ទីរនេះ គឺសាធារណជនអាចមកទស្សនា សិក្សា ស្រាវជ្រាវពីប្រវត្តិនៃរូប ហើយយើងធានានូវទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរ១០០% ថារូបទាំងអស់ដែលរក្សានៅទីនេះនឹងគង់វង្សជារហូតទៅ។
លោកបណ្ឌិត ក៏បានបន្តទៀតថា ជាបន្តនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនឹងធ្វើការស្រាវជ្រាវលម្អិតថារូបនេះមកពីប្រាសាទណា ព្រោះនៅខាងជើងភ្នំគូលែនមានប្រាសាទច្រើន។ បន្ថែមពីនោះនាយកដ្ឋានក៏បានពន្លឿនកិច្ចការកំណត់តំបន់ និងបោះបង្គោលការពារបុរាណដ្ឋានក្រៅឧទ្យានអង្គរ និងផ្សព្វផ្សាយឱ្យប្រជាជនបានយល់ដឹងពីតម្លៃបេតិកភណ្ឌជាតិ ឱ្យគាត់យល់ ស្រឡាញ់ ថែរក្សាដូចករណីប្រគល់បដិមានេះជាគំរូស្រាប់។ ក្នុងនាមថ្នាក់ដឹកនាំមួយរូប លោកក៏បានអំពាវនាវដល់ប្រជាជនគ្រប់ជាន់ថ្នាក់ទាំងអស់ ពេលប្រទះឃើញបុរាណវត្ថុទាំងឡាយ សូមយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ចៀសវាងការយកទៅជួញដូរ ឬរក្សាទុកខុសច្បាប់។

អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កញ្ញា ឆោម គន្ធា ក៏បានឱ្យដឹងដែរថា មកដល់ពេលនេះ ជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋក្រៅតំបន់អង្គរបានយកបុរាណវត្ថុដែលខ្លួនប្រទះឃើញមកប្រគល់ជូន ហើយអាជ្ញាធរជាតិអប្សរាយកមករក្សាទុកនៅសារមន្ទីរនេះ។ បច្ចុប្បន្នសារមន្ទីរដែលទើបជួសជុលរួច ក៏កំពុងពង្រឹងខ្លួនដើម្បីតាំងបង្ហាញនូវបុរាណវត្ថុជាច្រើនដែលនៅក្នុងឃ្លាំងមកដាក់តាំងពិព័រណ៌ឱ្យភ្ញៀវបានឃើញ និងស្វែងយល់បន្ថែមផងដែរ៕





កំណត់​ត្រា​ព្រឹត្តិការណ៍​ថ្ងៃទី៥-៦​ ខែកក្កដា ឆ្នាំ១៩៩៧​

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយជូន​សាធារណជនពីកំណត់ត្រាព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្ដដា ឆ្នាំ១៩៩៧ ដែលមានខ្លឹមសារដូចខាងក្រោម៖
វគ្គទី១: ការកើតព្រឹត្តិការណ៍ថ្ងៃទី៥ និងទី៦ ខែកក្កដា ដោយសារតែហ្វ៊ុនស៊ិនប៉ិច ដៃគូក្នុងរដ្ឋាភិបាលចម្រុះនាំទាហានខ្មែរក្រហមចូលភ្នំពេញនៅពេលព្រលឹមស្រាងៗ ថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ ១៩៩៧ នៅពេលដែលនាយករដ្ឋមន្រ្តីទី២ ត្រូវបានជម្រាបឱ្យដឹងពីវិបត្តិ បាន និងកំពុងកើតឡើងនៅទីក្រុងភ្នំពេញ សម្តេច ហ៊ុន សែន បានរៀបចំកម្មវិធីដើម្បីវិលត្រឡប់ពីវិសមកាលនៅប្រទេសវៀតណាមមកកាន់កម្ពុជាវិញ។ សម្តេចបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៩៧ នៅវេលាម៉ោង ១០ព្រឹក។
គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលរាជធានីភ្នំពេញថ្ងៃទី៥ និង ៦ ខែកក្កដា បានប្រើដំណាក់ព្រះអង្គម្ចាស់ដែលផ្ទុកកម្លាំងខ្មែរក្រហមធ្វើជាទីបញ្ជាការដ្ឋានប្រយុទ្ធ ដែលនៅទីនោះ ក៏មានការដាក់កាំភ្លើងយន្ត កាំភ្លើងផ្លោង និងរថពាសដែកផងដែរ។ នៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧ មានការបំផ្លោងពាក្យចចាមអារ៉ាមពីគណបក្សហ៊្វុនស៊ិនប៉ិចថា សម្តេចតេជោ ត្រូវគេលួចធ្វើឃាត ដែលជាការបំផ្លោងពាក្យដើម្បីបំបាក់ស្មារតីប្រយុទ្ធ។ សម្តេចតេជោ ហ៊ុន សែន បានប្រញាប់បង្ហាញមុខតាមទូរទស្សន៍ដើម្បីបញ្ជាក់ថា សម្តេចមិនមានសត្រូវណាបានបៀតបៀនរូបសម្តេចនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ជនរួមជាតិកម្ពុជាទាំងអស់ថា៖ «ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់សម្តេចព្រះតេជគុណ ព្រះអង្គគ្រប់ព្រះអង្គ និងជនរួមជាតិសារជាថ្មីទៀតអំពីព្រឹត្តិការណ៍ថ្មីៗ ដែលបាន និងកំពុងវិវត្តន៍នាប៉ុន្មានថ្ងៃខាងមុខនេះ។ ដំបូង ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនចំពោះ សម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិថា ខ្ញុំព្រះ ករុណាខ្ញុំមិនទាន់ស្លាប់ ដូចដែលលោក ហូ សុខ បានប្រាប់ទៅស្ថានទូតបរទេសមួយចំនួន និងទៅសារព័ត៌មានបរទេសមួយចំនួននោះទេ ហើយក៏ដូចជាពីសំណាក់គណបក្ស និយមរណឫទ្ធិ បានស្រែកប្រាប់ទៅប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធថា ហ៊ុន សែន បានស្លាប់ហើយ។ ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅទីនេះដើម្បីដោះស្រាយបញ្ហា មិនទាន់ស្លាប់ ហើយក៏មិនរត់ចោលស្រុកដូចដែលរណឫទ្ធិ កំពុងតែបានធ្វើ ដោយគ្មានការទទួលខុសត្រូវនោះទេ»។
ទីតាំងយោធាខុសច្បាប់ធំៗពីរចំណុចបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ១៩៩៧ គឺទី១ នៅបន្ទាយខុសច្បាប់ មួយនៅវត្តភ្នៀតនៅក្នុងខេត្តកំពង់ស្ពឺ ហើយនិងកម្លាំងដែលនៅផ្ទះ និងនៅជុំវិញផ្ទះឧត្តមសេនីយ៍ ចៅ សម្បត្តិ។ នៅបន្ទាយយោធាខុសច្បាប់វត្តភ្នៀត ក្នុងរាត្រីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ១៩៩៧ និងរហូតដល់ពេល ព្រឹកព្រលឹមថ្ងៃទី៥ ខែកក្កដា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ គឺលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានព្យាយាមក្នុងការធ្វើការចរចា ជាមួយឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ក្នុងបំណងដើម្បីបិទបន្ទាយយោធាខុសច្បាប់នេះ ហើយកម្លាំងទាំងអស់ត្រូវបញ្ជូនចូលទៅក្នុងបន្ទាយតាំងកសាង។ ប៉ុន្តែបញ្ហានេះ ត្រូវបានពន្យាពេលម្តងហើយម្តងទៀតដោយឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ។ ការចរចាបានធ្វើឡើងពេញមួយយប់ រហូតដល់ម៉ោង ៥ និង ៣០នាទី ព្រឹក ឧត្តមសេនីយ៍ កែ គឹមយាន បានចេញឱសានវាទមួយ ដល់ឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ថាមូលដ្ឋានទ័ពនេះត្រូវតែផ្លាស់ប្តូរចេញ។
នៅម៉ោង ៥ ព្រឹក គឺវាបានបង្ហាញថា ឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានប្រើកលល្បិចដើម្បីពន្យាពេល។ នាយឧត្តមសេនីយ៍ កែ គឹមយាន បានបញ្ជាឱ្យហ៊ុមព័ទ្ធបន្ទាយយោធាខុសច្បាប់វត្តភ្នៀត ហើយនៅម៉ោង ៦ និង ៣០នាទី កម្លាំងកងយោធពលខេមរភូមិន្ទ បានចូលទៅក្នុងបន្ទាយនោះ និងមិនមានតដៃណាមួយទេ។ កម្លាំងកងយោធពលខេមរភូមិន្ទ ចាប់ផ្តើមដកអាវុធពីទាហានខុសច្បាប់ទាំងនោះ និងបានឃាត់ខ្លួនកងកម្លាំងចំនួន ១៥៤ នាក់ ព្រមទាំងរឹបអូសយកសព្វាវុធមួយចំនួនទៀត។ រីឯនៅផ្ទះរបស់ឧត្តមសេនីយ៍ ចៅ សម្បត្តិ ក៏គេបានរកឃើញនូវការលាក់កម្លាំងទាហានខុសច្បាប់ជាច្រើនដែរ រួមនឹងបានដាក់ពង្រាយកងទ័ពចំនួន ៨០នាក់ ក្នុងវត្តមួយក្បែរផ្ទះរបស់គាត់។ ប៉ុន្តែទាហានទាំងនោះមិនមានឯកសណ្ឋានជាកងទ័ពទេ ហើយគេអាចដឹងថាក្រុមនេះមានវត្តមាននៅទីនោះដោយសារតែមានការស៊ើបអង្កេតនៅដើមខែមិថុនា ឆ្នាំ ១៩៩៧។ សូម្បីតែលោកឧត្តមសេនីយ៍ ទា ចំរ៉ាត់ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ កូតាគណបក្សហ៊្វុនស៊ិនប៉ិច ក៏មិនបានដឹងថា តើក្រុមទាហាន ទាំងនេះមកពីណា ហើយលោកបានស្នើឱ្យមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការស៊ើបអង្កេតលើរឿងនេះ។ ក្រោយពីការស៊ើបអង្កេត ទាហានខុសច្បាប់ទាំងនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ ចៅ សម្បត្តិ។ ឧត្តមសេនីយ៍ សៅ សុខា បានរាយការណ៍ពីបញ្ហានៃការកើនឡើងកម្លាំងទ័ព និងចំនួនសព្វាវុធខុសច្បាប់នៅផ្ទះឧត្តមសេនីយ៍ ចៅ សម្បត្តិ ទាំងពីរទៅគណៈកម្មការចម្រុះ ដើម្បីដោះស្រាយជម្លោះ គណៈបញ្ជាការចម្រុះក្រុងភ្នំពេញ។ មានការជជែក និងពិភាក្សាគ្នាជាច្រើនជុំវិញបញ្ហានេះ នៅម៉ោង ៨ព្រឹកថ្ងៃទី៥ ខែកក្កដា អនុប្រធានគណៈបញ្ជាការ ចម្រុះក្រុងភ្នំពេញ បានទៅផ្ទះឧត្តមសេនីយ៍ ចៅ សម្បត្តិ ដើម្បីដោះស្រាយពីបញ្ហានេះ។ ប៉ុន្តែនៅពេលនោះ ឧត្តមសេនីយ៍ ចៅ សម្បត្តិ បានបដិសេធ រាល់ការពិភាក្សាទាំងឡាយដើម្បីរកដំណោះស្រាយ ឬអនុញ្ញាតឱ្យមានការស៊ើបអង្កេតលើបរិវេណនោះ។
នៅប្រមាណម៉ោង ១១ ព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៩៧ អភិបាលរងទី១ រាជធានីភ្នំពេញ លោក ជា សុផារ៉ា បានកោះហៅមន្ត្រីកងរាជអាវុធហត្ថដើម្បីចរចាជាមួយឧត្តមសេនីយ៍ ចៅ សម្បត្តិ។ នៅពេលនោះ ឧត្តមសេនីយ៍ ម៉ែន វិចិត្រ បានទូរស័ព្ទទៅ ឧត្តមសេនីយ៍ ចៅ សម្បត្តិ។ ចៅ សម្បត្តិ បានថ្លែងថា លោកមិនព្រមប្រគល់អាវុធណាមួយនៅផ្ទះរបស់គាត់ឱ្យសមត្ថកិច្ចទេ ហើយក៏បិទទូរស័ព្ទចោល។ ឧត្តមសេនីយ៍ ម៉ែន វិចិត្រ ក៏បានបញ្ជាឱ្យមេបញ្ជាការរងកងរាជអាវុធហត្ថទៅផ្ទះលោក ចៅ សម្បត្តិ ចរចាដើម្បីឱ្យមានការប្រគល់នូវអាវុធខុសច្បាប់។ នៅរសៀលថ្ងៃទី ៥ ខែកក្កដា លោកឧត្តមសេនីយ៍ សៅ សុខា បានទៅផ្ទះលោកចៅ សម្បត្តិ។ ក្រោយមក គាត់ត្រូវបានចូលរួមដោយអភិបាលខណ្ឌ ដែលបានប្រើប្រាស់មីក្រូហ៊្វូន ដើម្បីនិយាយទៅកាន់កងកម្លាំងដែលកំពុងមានវត្តមាននៅក្នុងផ្ទះលោក ចៅ សម្បត្តិ នោះ។
ការគ្រប់គ្រងព្រលានយន្តហោះពោធិ៍ចិនតុង៖
បន្ទាប់ពីធ្វើសកម្មភាពនៅព្រឹកព្រលឹម ថ្ងៃទី ៥ ខែ កក្កដា នៅវត្តភ្នៀត កងកម្លាំងដែលស្ថិតនៅក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ដែលមានមូលដ្ឋាននៅព្រលានយន្តហោះ បានធ្វើការគ្រប់គ្រង និងបញ្ជាឱ្យបិទព្រលានយន្តហោះនេះ និងពួកគេបានចាប់ខ្លួនមន្ត្រីមួយចំនួន។ នៅម៉ោង ៥ ល្ងាច ថ្ងៃទី ៥ខែកក្កដា ឆ្នាំ ១៩៩៧ កម្លាំងលោក ញ៉ឹក ប៊ុនឆៃ កាន់តែច្រើនឡើងបានចេញពីបន្ទាយយោធាតាំងកសាង ធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ដើម្បីទៅភ្ជាប់កម្លាំងដទៃទៀតដែលមានភាពស្ម័គ្រស្មោះនឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅព្រលានយន្តហោះ ពោធិ៍ចិនតុងដើម្បីពង្រឹងកម្លាំងរបស់ខ្លួន។ នេះគឺជាដំណាក់កាលសំខាន់ណាស់សម្រាប់កម្លាំងរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ នៅក្នុងដំណាក់កាលវិបត្តិណាក៏ដោយ ការគ្រប់គ្រងព្រលានយន្តហោះ គឺជាកម្មវត្ថុយោធាមួយដ៏សំខាន់បំផុត ហើយបំណងនៃការគ្រប់គ្រងនេះកាន់តែមានភាពងាយស្រួលទៀត នៅពេលដែលគ្មានកម្លាំងទ័ពណាមួយទៅប្រឆាំងនឹងពួកគេ។ ការគ្រប់គ្រងព្រលានយន្តហោះនេះ គឺមានបំណងមួយគឺមិនឱ្យនាយករដ្ឋមន្ត្រីទី ២ សម្តេច ហ៊ុន សែន វិលត្រឡប់ចូលមកកាន់មាតុប្រទេសវិញ ដើម្បីធ្វើឱ្យសភាពការណ៍វិលមករកភាពដើមវិញ។ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាជាមួយសហសេវឹករបស់ខ្លួន គឺឯកឧត្តមសហរដ្ឋមន្ត្រី យូ ហុកគ្រី។ ទោះបីជាអ្នកទាំងពីរមានទំនាក់ទំនងល្អនៅក្នុងការបំពេញការងាររបស់ខ្លួនជាច្រើនឆ្នាំក្តី ប៉ុន្តែកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាពនោះ គឺមិនបានរកឃើញនូវដំណោះស្រាយណាមួយក្នុងបញ្ហាកងកម្លាំងខុសច្បាប់ឡើយ។
នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ១៩៩៧ កងរាជអាវុធហត្ថបានចូលជិតផ្ទះ ឧត្តមសេនីយ៍ ចៅ សម្បត្តិ ជាកន្លែងដែលមានទាហាន និងអាវុធជាច្រើនត្រូវបានប្រមូលផ្តុំនៅទីនោះដោយគ្មានការអនុញ្ញាត។ ពួកគេត្រូវបានបាញ់សង្គ្រប់មកលើពីសំណាក់កងទាហានដែលនៅក្នុងផ្ទះ របស់លោក ចៅ សម្បត្តិ ហើយនិងពីទីតាំងផ្សេងៗទៀតនៅក្បែរនោះ។ កងរាជអាវុធហត្ថចំនួន ៤ រូប ត្រូវបានបាញ់ឱ្យរងរបួស។ បន្ទាប់មកកងរាជអាវុធហត្ថបានប្រើប្រាស់រថពាសដែកចូលទៅក្នុងផ្ទះនោះ ព្រោះស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ជាមួយនឹងសកម្មភាពរបស់ក្រុមជ្រុលនិយម។ កងទាហាននៅខាងក្នុងផ្ទះបានប្រើប្រាស់កាំភ្លើង អាំប្រាស់បាញ់មកលើរថពាសដែកនោះ។ កងរាជអាវុធហត្ថ មិនបានប្រយុទ្ធតបតនោះទេ ដោយសារតែនៅតំបន់នោះមានប្រជាជនជាច្រើនបានរស់នៅ និងដោយសារខ្លាចថាបង្កការប៉ះពាល់ដល់អាយុជីវិតប្រជាជនស៊ីវិល និងបានជូនដំណឹងដល់ប្រជាជនថា ពួកគេគួរតែត្រូវចាកចេញពីលំនៅដ្ឋានរបស់ខ្លួនដើម្បីសុវត្ថិភាព។
ការប្រយុទ្ធបានចាប់ផ្តើមឡើង ហើយទីតាំងយោធាកន្លែងផ្សេងទៀត ដូចជានៅផ្ទះរបស់ លោក ញ៉ឹក ប៊ុនឆៃ នៅព្រលានយន្តហោះ និងនៅបន្ទាយយោធាតាំងកសាង។ នៅពេលយប់ ការប្រយុទ្ធគ្នារវាងកងទ័ពរាជរដ្ឋាភិបាល និងគណបក្សហ៊្វុនស៊ិនប៉ិចបានឈប់សម្រាក។ ការវាយប្រហារគ្នានៅកណ្តាលរាជធានីភ្នំពេញ តាមកន្លែងមួយចំនួន ដែលមានការដាក់ពង្រាយកម្លាំងខ្មែរក្រហម និងកម្លាំងអតីតទាហានគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើឱ្យប្រជាពលរដ្ឋភិតភ័យជាខ្លាំង និងបាននាំគ្នាវេចបង្វិចរត់ចាកចេញពីគេហដ្ឋានដែលនៅក្បែរនោះ។ ការប៉ះទង្គិចគ្នាប្រមាណជាងមួយថ្ងៃនាកណ្តាលរាជធានីភ្នំពេញ បានធ្វើឱ្យកម្លាំង គណបក្សហ៊្វុនស៊ិនប៉ិចដែលយកខ្មែរក្រហម មកធ្វើការជួយប្រយុទ្ធមិនអាចស៊ូតទល់បាន និងពួកគេនាំគ្នាភៀសខ្លួនចេញពីបន្ទាយតាំងក្រសាំង និងចេញពីកន្លែងដាក់ពង្រាយនានាក្នុងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ ១៩៩៧។
កម្លាំងដែលធ្វើដំណើរតាមមកជាមួយនឹងលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ពេលនោះ មានចំនួន ៥៨៣ នាក់ មានមេដឹកនាំទាហានសំខាន់ៗដូចជាលោកឧត្តមសេនីយ៍ ក្រួច យឿម លោកឧត្តមសេនីយ៍ ជា រិទ្ធី ឈុត លោកឧត្តមសេនីយ៍ លី សេងហុង លោកឧត្តម សេនីយ៍ ម៉ែន ប៊ុនថន លោកឧត្តមសេនីយ៍ ចៅ សម្បត្តិ លោកវរសេនីយ៍ឯក ហូវ សម្បត្តិ លោកវរសេនីយ៍ ថ្លាង សុវណ្ណារិទ្ធជាដើម។ កងកម្លាំងរបស់រាជរដ្ឋាភិបាល បានដេញតាមស្ទាក់វាយបំបែក តាំងពីត្រឡោកបែក ភ្នំបាសិទ្ធិ ខាងលិចភ្នំឧដុង្គ និងក្នុងការប៉ះទង្គិចច្រើនដង បានធ្វើឱ្យមានការស្លាប់ និងចាប់បានឈ្លើយសឹកជាច្រើននាក់។ នៅថ្ងៃទី៧ និង ៨ ខែកក្កដា ឆ្នាំ១៩៩៧ ឧត្តមសេនីយ៍ និងវរសេនីយ៍ដែលបានភៀសខ្លួនជាមួយលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានបាត់បង់ជីវិតទាំងអស់ក្រោយការពើបប្រយុទ្ធគ្នាមិនអាចគេចផុតរួច។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៧ ដោយការគេចទាំងយប់ទាំងថ្ងៃ លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ក៏បានរត់រួចទៅដល់ព្រំដែនភាគខាងលិច ក្រោយការភៀសខ្លួនអស់ចំនួនប្រមាណ ២៥ ថ្ងៃរួចមក។ លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បាននិយាយថា ចាប់តាំងពីភ្នំពេញរហូតបានរត់មកដល់អូរស្មាច់ លោក បានទទួលការវាយប្រហារចំនួន ១៥ ដង។ ដោយឡែក លោកឧត្តមសេនីយ៍ ឡៃ វីរៈ វិញ ពេលដែលកំពុងមានភាពច្របូកច្របល់នៅភ្នំពេញ និងគ្រាដែលលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ កំពុងតែរត់មកកាន់អូរស្មាច់ លោកបានប្រមូលកម្លាំងរត់មកពីបន្ទាយមានជ័យ មកខេត្តបាត់ដំបង ប៉ុន្តែត្រូវសហរដ្ឋមន្ត្រី ក្រសួងការពារជាតិ ទា ចំរ៉ាត់ បានដឹង ហើយបានចាត់វិធានការរារាំងមិនឱ្យបន្តធ្វើទៀតទេ។ ឧត្តមសេនីយ៍គណបក្សហ៊្វុនស៊ិនប៉ិច លោក ខូ ឈា បានចុះចូលជាមួយកម្លាំងទាហានរដ្ឋាភិបាល ហើយបាននាំកម្លាំងរបស់លោក ដកចេញពីកម្លាំងលោកឡៃ វីរៈ ភ្លាម។ លោក ឡៃ វីរៈ បានភៀសមករកជួបលោកឧត្តមសេនីយ៍ ខាន់ សាវឿន។

នៅឯតាមខេត្តភាគពាយព្យ និងខាងលិចនោះវិញ ក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥ និង ៦ កក្កដា ឆ្នាំ ១៩៩៧ គ្រាដែលកម្លាំងលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានចាញ់ដៃរត់ដកថយ និងភៀសចេញពីភ្នំពេញសំដៅទៅព្រំដែនភាគខាងលិចនោះ។ នាយទាហានដទៃទៀតរបស់គណបក្សហ៊្វុនស៊ិនប៉ិច ក៏កំពុងបង្កើនសកម្មភាពនៅក្នុងតំបន់ជាយព្រំដែនផងដែរ។ លោកឧត្តមសេនីយ៍ ខាន់ សាវឿន លោកឧត្តមសេនីយ៍ ឡៃ វីរៈ បានភៀសមកអតីតកន្លែងតស៊ូចាស់តាមព្រំដែនដូចនៅតំបន់តាទុម និងអូរស្មាច់នោះវិញ។ លោកឧត្តមសេនីយ៍ ខាន់ សាវឿន និងលោក ឃិន យាន និងលោក ឡុង សារិន បានទាក់ទងជាមួយនឹងកម្លាំងតាម៉ុកនៅអន្លង់វែង ដើម្បីរកការជួយសហការជាមួយហ៊្វុនស៊ិនប៉ិច ប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាល។ ខ្មែរក្រហមអន្លង់វែងបានបញ្ជូនទាហានចំនួនប្រមាណ២០០នាក់ឱ្យទៅជួយប្រយុទ្ធហ្វ៊ុនស៊ិនប៉ិចនៅតំបន់អូរស្មាច់ដែលជាអតីតតំបន់ចលនាតស៊ូ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណជប៉ុន ដែលចូលរួមស្តារនិងអភិវឌ្ឍន៍ក្នុងបេសកកម្មសំអាតមីននៅកម្ពុជា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុក ដាក់ក្នុងការចូលរួមស្តារ និងអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងបេសកកម្មបោសសំអាតមីន នៅកម្ពុជា ដែលក្នុងនោះគឺបានផ្តល់ជំនួយ ជាសម្ភារៈបច្ចេកទេសបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដំណាក់ កាលទី៧ មកឱ្យមជ្ឍមណ្ឌលជាតិកំចាត់ មីនកម្ពុជា (CMAC) ដែលគិតជាទឹកប្រាក់មាន តម្លៃសរុប ប្រមាណជាង ១១លាន ដុល្លារអាមេរិក ដែលសម្ភារៈទាំងអស់នោះមានដូចជា គ្រឿងចក្រកំទេចមីនធុន ធ្ងន់ចំនួន៩គ្រឿង រថយន្ត CMAC ចំនួន៨៨គ្រឿង ម៉ាស៊ីនរាវមីនចំនួន ៧៨៨គ្រឿង ផលិតនៅប្រទេស អាល្លឺម៉ង់ អាវក្រោះ ការពារសុវត្តិភាពចំនួន៤៥០កំប្លេរ និងគ្រឿងបន្លាស់សម្ភារៈមួយ ចំនួនទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេររៀបរាប់ទៀតថា «សូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនា “សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន” នៅខេត្តសៀមរាប ដើម្បីសែ្វងយល់កាន់តែច្បាស់ អំពីសង្រ្គាម និងកាកសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ដែលប៉ះពាល់ដល់ការរស់រាន និងប្រកបការងារផ្សេងៗរបស់សហគនៅតាមបណ្តាខេត្តនានា» ៕


ក្រសួងធនធានទឹក​ អំពាវនាវ​ឲ្យប្រជាកសិករ​ ត្រៀមទឹកទុក​

បើតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ គឺបានអំពាវនាវឲ្យប្រជាកសិករនៅតាមបណ្ដាខេត្ត ត្រៀមទឹកទុកក្នុងស្រែឲ្យបានល្អ ដោយសារតែនៅចុងខែកក្កដា និងដើមខែសីហា ឆ្នាំ២០១៧ (រយៈពេលប្រមាណ២សប្តាហ៍) អាចនឹងកើតមានកូនរដូវប្រាំង ដែលធ្វើឲ្យមានភ្លៀងធ្លាក់តិច ពិសេសតាមបណ្ដារាជធានី-ខេត្ត ដែលនៅក្រោយជួរភ្នំក្រវាញ ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល។

អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងថា ក្រសួងចង់ឲ្យបងប្អូនកសិករជួយទប់ភ្លឺស្រែឲ្យបានល្អ នៅអំឡុងចាប់ពីសប្តាហ៍ទី៣ទៅ ពីព្រោះចូលសប្តាហ៍ទី៤ ក្នុងខែកក្កដានេះ និងនៅសប្តាហ៍ទី១ ក្នុងខែសីហា ប្រទេសកម្ពុជារបស់យើង នឹងមានកូនរដូវប្រាំងដែលនាំភ្លៀងធ្លាក់តិចតួច។ ដូច្នេះបើបងប្អូននាំគ្នាកាប់ភ្លឺស្រែដើម្បីបង្ហូរទឹក នោះអាចជួបបញ្ហាប្រឈមខ្វះទឹកសម្រាប់បង្កបង្កើនផល។

លោក ចាន់ យុត្ថា បានបន្ថែមថា ទោះយ៉ាងនេះក្តី ស្ថានភាពបែបនេះអាចកើតឡើងតែ២សប្តាហ៍តែប៉ុណ្ណោះ នៅតាមរាជធានី-ខេត្ត មួយចំនួនដូចដែលក្រសួងបានប្រកាសឲ្យដឹងខាងលើ៕

Add caption

លោកឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់​ អញ្ជើញ​សម្ពោធដាក់​ឲ្យប្រើប្រាស់​ សារមន្ទីរសន្តិភាព​ សកម្មភាព​កំចាត់មីន​

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរ-ប្រគល់សម្ភារៈ បច្ចេកទេសសម្អាតមីន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាព សកម្មភាពកំចាត់មីនស៊ីម៉ាក់ ដែលមានទីតាំងនៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។

លោកឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា សម្ភារៈបច្ចេកទេសបោសសម្អាតមីន គឺជាអំណោយសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការបោសម្អាតមីន ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលមានទឹកប្រាក់ជាង១១ លានដុល្លារអាមេរិក។

លោកបានឲ្យដឹងទៀតថា សម្ភារៈបច្ចេកទេសទាំងអស់នោះ រួមមានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់០៩គ្រឿង រថយន្តគ្រប់ប្រភេទ៨៨គ្រឿង ម៉ាស៊ីនរាវមីន៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាពចំនួន៤៥០អាវ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនមុខមួយចំនួនទៀត។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនតែមួយគត់នៅកម្ពុជា បានរៀបចំ និងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១២ហិចតា នៅខេត្តសៀមរាប ដើម្បីទុកជាកំរងប្រវត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម និងសមិទ្ធិផលប្រតិបតិ្តការ ជួយសង្គ្រោះការពារអាយុជីវិតប្រជាជន និងផ្តល់សេចក្តីសុខសុវតិ្ថភាពសំរាប់ប្រជាជន និងសង្គមជាតិ តាមរយៈការរំដោះផ្ទៃដី និងកំទេចចោលគ្រាប់មីនទាំងនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃម្សិលមិញ បានសម្តែងការអបអរសាទរ ចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជានេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ មានការរៀបចំដាក់បង្ហាញអំពី ប្រវត្តិសង្គ្រាម សកម្មភាពក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍក្រោយពេលបោសសំអាតសំណល់ជាតិផ្ទុះរួច។ សារមន្ទីរនេះ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់យុវជន យុវតីជំនាន់ ដែលកើតមិនទាន់សង្រ្គាម ដើម្បីសិក្សាស្វែងយល់អំពីសង្រ្គាម និងផលប៉ះពាល់នានា ដែលបានកើតមានឡើងនៅក្នុងប្រទេសយើង។

លោកនាយករដ្ឋមន្រ្តី បានស្នើឲ្យប្រជាពលរដ្ឋ រួមគ្នាខិតខំថែរក្សាការពារ សន្តិភាព ឲ្យបានគង់វង្ស ដើម្បីយើងមានឱកាសកសាងប្រទេសឲ្យរីកចម្រើន។ ទាំងកម្ពុជា និងប្រទេសក្នុងពិភពលោក ត្រូវការសន្តិភាព៕









អ្នក​ជំនាញស​ម្រេច​កាប់​ដើមស្ពង់​ងាប់​មួយដើម​នៅប្រាសា​ទតាព្រហ្ម ដើម្បី​បញ្ជៀសហា​និភ័យ​ប្រាសាទ និងរក្សាសុវត្ថិភាពភ្ញៀវទេសចរ

ដើម្បីរក្សាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអភិរក្សដល់ប្រាង្គប្រាសាទ ក្រុមអ្នកជំនាញគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានកាត់ដើមស្ពង់ ងាប់មួយដើមធំដែលដុះពីលើកំពែងផ្នែកខាងកើតនៃប្រាសាទតាព្រហ្ម។

លោក យ៉ិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានលើកឡើងថា ដើមស្ពង់ងាប់មួយដើមនេះ មានអង្កត់ផ្ទិតប្រហែល១៦០សង់ទីម៉ែត្រ និង កម្ពស់៣០ម៉ែត្រ បានងាប់ជាយូរមកហើយ មានសភាពពុកផុយ ប្រហោងកណ្តាល និងមិនអាចរក្សាលំនឹងនៃទម្ងន់របស់ដើមវាបាន។

លោក សូវ៉ាត បានបន្តថា ការកាត់ក្រីនេះ លោកនឹងរក្សាដើមទុកកម្ពស់៣ ម៉ែត្រពីដី។ លោកថា មូលហេតុដែលត្រូវរក្សាទុកនោះ ព្រោះដើមស្ពង់នេះ មានអនុស្សាវរីយ៍យ៉ាងច្រើនជាមួយភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្ម និងចង់ឃើញដើមស្ពង់ដែលខ្លួនធ្លាប់ថតកាលពីមុនៗ។

ជំហានបន្តទៀត បន្ទាប់ពីការកាត់ដើមស្ពង់នេះ ក្រុមអ្នកជំនាញគ្រប់គ្រង ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននឹងបន្តកាត់ដើមត្រាងងាប់មួយដើមទៀត ដែលស្ថិតនៅត្រង់កណ្តាលនៃប្រាសាទតាព្រហ្មនេះដែរ។ កន្លងមក ក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរាបានកាត់ក្រី ដើមឈើ មែកឈើ តាមបណ្តាវង់តូច វង់ធំ និងតាមបណ្តាប្រាង្គប្រាសាទនានានៅក្នុងតំបន់ អង្គរផង៕






សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្ស​នយោបាយ​ ត្រូវបាន ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ នៃរដ្ឋសភា​ បើកកិច្ចប្រជុំ​ត្រួតពិនិត្យ​

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបាន គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បើកកិច្ចប្រជុំត្រួតពិនិត្យ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិផងដែរ។

កន្លងទៅ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា សេចក្តីស្នើច្បាប់នេះ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ច្រើនជាង៣០រូប កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា លោក សុខ ឥសាន មិនបានបញ្ជាក់ នៅក្នុងសេចក្តីស្នើវិសោធនកម្ម ច្បាប់នេះ នឹងមានចំណុចណាខ្លះត្រូវបានកែប្រែនោះទេ ប៉ុន្តែគេជឿថា វិសោធនកម្មច្បាប់ថ្មីនេះ នឹងរឹតបណ្តឹងថែមទៀតដល់ទណ្ឌិត ឬអ្នកទោស ក្នុងការធ្វើសកម្មភាពនយោបាយ។

គួររំលឹកផងដែរថា ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំកំពូលរបស់គណបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ សប្តាហ៍មុន បានព្រមានជាថ្មីថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា នឹងស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យទណ្ឌិត ឬអ្នកទោស អាចធ្វើសកម្មភាព នយោបាយតាមតែចិត្ត៕



អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងថា អគាររដ្ឋបាលសំខាន់ណាស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អគាររដ្ឋបាលឃុំសង្កាត់ គឺសំខាន់ណាស់សំរាប់ជួយបង្កើនការផ្តល់សេវាសាធារណៈ​ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត​កំពង់ឆ្នាំង បានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ សាលាសង្កាត់កំពង់ឆ្នាំង និងសង្កាត់ខ្សាម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួម ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថា ការបើកការដ្ឋាន សាងសង់សាលាសង្កាត់ទាំង២នេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការីកចំរើនរបស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ អគារថ្មីទាំងពីរនេះដែរ ក៏ដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលជាសំណូមពរ និងបញ្ហាដែលជាតម្រូវការជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤នេះ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យទាំង៤សង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យនៅ​ឆ្នាំ២០១៨បន្តទៀត​៕






ហ្វេសប៊ុកចៅចាក់ស្មុក៖ ផ្ទៃក្នុង សម រង្ស៊ី និងកឹម សុខា ពុះក្តៅ ចាប់ផ្តើមបង្វែរកំដៅចេញមកក្រៅ

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «ក្នុង សម រង្ស៊ី និងកឹម សុខា ពុះក្តៅ ចាប់ផ្តើមបង្វែរកំដៅចេញមកក្រៅ» ដែលមានខ្លឹមសារដូចខាងក្រោម៖

ខណៈនៅសល់តែ ១២ ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងមកដល់ ទាំង សម រង្ស៊ី និងក្រុមរង្ស៊ីនិយម នៅក្នុងគណបក្សសង្គ្រោះជាតិ កំពុងតែភ័យស្លន់ស្លោរពោរពេញដោយក្តីព្រួយបារម្ភ។ បារម្ភខ្លាចក្រែងអ្វីដែល សម រង្ស៊ី លាតំណែងពីប្រធាន និងសមាជិកបក្សសង្គ្រោះជាតិលេងៗក្លាយជាមែនទែន។ ម្យ៉ាងទៀតជាមួយនឹងការធ្វើវិសោធនកម្មបន្ថែមលើច្បាប់ស្តីពីគណបក្សនយោបាយ គេជឿថាជីវិតនយោបាយរបស់ សម រង្ស៊ី នឹងបញ្ចប់ទាំងស្រុងតែម្តង ហើយពេលនោះគឺអ្វីដែលជាក្តីរំពឹង និងការស្រមើស្រម៉ៃរបស់ សម រង្ស៊ី និងក្រុមរង្ស៊ីនិយមនឹងរលាយដូចអំបិលត្រូវទឹក។

ដោយសារតែភាពតក់ស្លុតនឹងស្ថានការណ៍ទាំងនេះហើយបានជាទាំង សម រង្ស៊ី និងក្រុមរង្ស៊ី និយមទាំងក្នុង និងក្រៅប្រទេសបានខិតខំធ្វើសកម្មភាពដើម្បីលើកតម្កើងបុគ្គល សម រង្ស៊ី និងតាំងជាតួឯកថា «បើគ្មានវត្តមានសម រង្ស៊ី នោះការបោះឆ្នោត នឹងគ្មានយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យដើរថយក្រោយជាដើម» ខណៈបុរសជិះសេះប្រផេះ កឹម សុខា និងក្រុម កឹម សុខា និយម កំពុងតែសប្បាយរីករាយនៅក្នុងវិសមកាលនៅទីក្រុងហួរហ៊ីន ប្រទេសថៃ និងកំពុងតែរៀបចំផែនការយុទ្ធសាស្ត្រកម្ចាត់ សម រង្ស៊ី និងក្រុមរង្ស៊ី និយមនៅក្នុងបក្ស។
តើហេតុអ្វីបានជា សម រង្ស៊ី និងក្រុមរង្ស៊ីនិយម ចេញមកនិយាយពីវត្តមានរបស់រង្ស៊ីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ?

១-ការដណ្តើមឥទ្ធិពលរវាង សម រង្ស៊ី និងកឹម សុខា៖ នៅក្នុងរយៈពេលជិត ៥ ខែក្រោយពីការប្រកាសលាលែងពីតំណែងជាប្រធានបក្សនិងលះបង់សមាជិកភាពបក្សសង្គ្រោះជាតិលេងៗដើម្បីបន្លំភ្នែកច្បាប់ចៀសវាងការប្តឹងរំលាយបក្ស សម រង្ស៊ី នៅតែធ្វើសកម្មភាពនិងបង្ហាញគោលជំហរក្នុងនាមជាប្រធានគណបក្សនេះដដែល ហើយចាត់ទុក កឹម សុខា ជាប្រធានបក្សលេងៗដែរ។ ប៉ុន្តែក្រោមពរជ័យរបស់ទេវតា កឹម សុខា បានក្លាយពីមេបក្សលេងៗទៅជាមេបក្សមែនទែន។ ដល់ពេលនេះ សម រង្ស៊ី ទើបដឹងថាខ្លួនបានចាញ់ផុកលើការរកស៊ីនយោបាយដាក់បក្សចូលគ្នា ពីព្រោះ កឹម សុខា បានក្តោប និងគ្រប់គ្រងបក្សទាំងមូលតែម្តងដែលធ្វើឱ្យសម រង្ស៊ីនិងក្រុមគាត់ ក្អួតឈាមដូច អ៊ុក សារ៉េន។ ឥឡូវនេះ កឹម សុខា មានអំណាចពេញដៃនិងពេញច្បាប់ក្នុងការចាត់ចែងការងារបក្ស ហើយក្នុងពេលឆាប់ៗខាងមុខនេះ កឹម សុខា នឹងចាប់ផ្តើមរៀបចំក្រុមការងារបក្សថ្នាក់ខេត្ត ស្រុក ថ្មីដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងបក្ស ហើយអ្វីៗដែលសម្រេចនៅពេលសម រង្ស៊ី ធ្វើជាប្រធានគឺនឹងគ្មាន សុពលភាពទៀតឡើយរួមទាំងគ្មានសិទ្ធិក្នុងការរៀបចំក្រុមការងារថ្មីនេះទេ។ បើតាមព័ត៌មានផ្ទៃក្នុងបក្ស កឹម សុខា នឹងរៀបចំក្រុមការងារថ្មីដោយលើកសកម្មជនមកពីអតីតគណបក្សសិទ្ធិមនុស្សរបស់គាត់ដើម្បីធ្វើ ជាប្រធានក្រុមការងារថែមទៀតផង។

ទាំងអស់នេះហើយដែលធ្វើឱ្យសម រង្ស៊ី និងក្រុមគាត់ភ័យស្លន់ស្លោរ និងព្យាយាមក្នុងការរំលេចតួអង្គ សម រង្ស៊ី និងឥទ្ធិពលរបស់គាត់ដើម្បីកុំឱ្យសាធារណជនភ្លេច ព្រមទាំងគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមានរបស់ សម រង្ស៊ី នៅក្នុងឆាកនយោបាយកម្ពុជា ប៉ុន្តែអ្វីៗគឺហួសពេលហើយព្រោះខ្លួនបានលាតំណែង និងសមាជិក និងមានទោសជាប់ខ្លួនទៅទៀត ពេលនេះ តារានយោបាយ សម រង្ស៊ី ដែលប្រកបដោយភាពក្រអឺតក្រទម និងជាអ្នកនយោបាយកំសាកញី បានចូលអស្តង្គត អាប់ពន្លឺ ហើយកេរ្តិ៍ឈ្មោះ និងមុខមាត់របស់បុគ្គល សម រង្ស៊ី ចាប់ផ្តើមលិចបាត់ តារាថ្មីបាននិងកំពុងរះគឺ កឹម សុខា ដែលបក្សមានតែបីអាសនៈ លេបបាន ៥៥ អាសនៈ និងបក្សពីររួមគ្នាទៀត។ ពិតជាចំណេញកប់ក្តោងមែន! សូមសរសើរ!

២-ជម្លោះផ្ទៃក្នុងបក្សបង្វែរកម្តៅចេញមកក្រៅ៖ សម រង្ស៊ី លះបង់តំណែងបក្ស ប៉ុន្តែនៅចង់បានតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងបក្សសង្គ្រោះជាតិ រហូតដល់ប្រកាសអត្តនោម័តដោយខ្លួនឯងថាជាបេក្ខជនតែម្នាក់គត់ដែលមានសមត្ថភាពអាចប្រកួតប្រជែងបាន ប៉ុន្តែអ្វីដែល សម រង្ស៊ី លើកដោយរំលោភការសម្រេចចិត្តរបស់បក្សនេះ ត្រូវបាន កឹម សុខា ទះកំផ្លៀងការទូតផ្ទៃក្នុងបក្សមួយទៅ សម រង្ស៊ីវិញថា មានតែសមាជបក្សនៅខែមេសាទេ ទើបអាចសម្រេចបានថា តើនរណាជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រីដើម្បីប្រកួតជាមួយសម្តេចតេជោ ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា។ ដូច្នេះដើម្បីទប់ទល់ឥទ្ធិពល និងយុទ្ធសាស្ត្ររបស់ កឹម សុខា ក្នុងការទប់សម រង្ស៊ី មិនឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ទាំង សម រង្ស៊ី និងក្រុមអ្នកគាំទ្រគាត់លើកឡើងពីភាពចាំបាច់នៃវត្តមានរបស់ សម រង្ស៊ី នៅក្នុងការបោះឆ្នោត។ យឹម សុវណ្ណ ដែលជាមនុស្សជំនិត និងជាអ្នកអនុវត្តដោយផ្ទាល់ផែនការរបស់សម រង្ស៊ី បាននិយាយថា «ការបោះឆ្នោតឆ្នាំ២០១៨ នឹងគ្មានយុត្តិធម៌ទេ ប្រសិនបើគ្មានវត្តមានរបស់សម រង្ស៊ី»។ ចុះការបោះឆ្នោតមុនៗ ហើយការបោះឆ្នោតនៅឆ្នាំ២០១៣ សម រង្ស៊ី មានវត្តមាននៅក្នុងការបោះឆ្នោតដែរ ហេតុអ្វីបានជាបក្សសង្គ្រោះជាតិនៅតែប្រកាសថា ការបោះឆ្នោតគ្មានយុត្តិធម៌? មិនអស់ចិត្ត បក្សនេះបានកៀងគរមនុស្សមកធ្វើបាតុកម្មទៀត? នេះពិតជានិយាយឱ្យតែរួចពីមាត់មែន! តាមពិតវាជាជម្លោះផ្ទៃក្នុងបក្សខ្លួនឯង និងជាការប្រជែងរវាងក្រុមសម រង្ស៊ី និង កឹម សុខា ហើយចុងក្រោយ សម រង្ស៊ី បានចាញ់បោក កឹម សុខា ឈឺចិត្តក្តៅក្រហាយ បែរជាបង្វែរកម្តៅមកខាងក្រៅដោយនិយាយថា ការបោះឆ្នោតនឹងគ្មានយុត្តិធម៌ ប្រសិនបើគ្មាន សម រង្ស៊ី ទៅឯណាឯណីទៅវិញឆ្កុយ? ចុះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ អត់ សម រង្ស៊ី ដែរ ហេតុអ្វីបានជាសហគមន៍ជាតិ និងអន្តរជាតិ ក្នុងនោះមានស្ថានទូតអាមេរិក អឺរ៉ុបជាដើមបានវាយតម្លៃថាដំណើរការល្អ និងអាចទទួលយកបាន? ចង់ប្រាប់អស់លោកថាបើកម្ពុជាគ្មាន សម រង្ស៊ី កម្ពុជារស់នៅសុខសាន្ត និងគ្មានការរំខានដោយសម្តីឥតគម្រប និងទង្វើគ្មានការទទួលខុសត្រូវរបស់សម រង្ស៊ីទេ។ ឬអាចនិយាយ ម្យ៉ាងទៀតថា បើមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ!

ការនិយាយថាត្រូវមានវត្តមាន សម រង្ស៊ី នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខគឺគ្រាន់តែជា ក)-យុទ្ធសាស្ត្រនយោបាយរបស់ សម រង្ស៊ី និងក្រុមគាត់ទប់នឹង កឹម សុខា និងក្រុមគាត់ប៉ុណ្ណោះ ព្រោះចាំបាច់ ពួកគេប្រកាសមុនថា សម រង្ស៊ី នៅតែជាតួឯកក្នុងបក្សសង្គ្រោះជាតិ និងលើកតម្លៃសម រង្ស៊ី ដោយចាត់ទុកកឹម សុខា គឺជាមនុស្សគ្មានបានការ ឬគ្រាន់តែជាតួរង។ ខ)-ដើម្បីទាមទារយកបេក្ខភាពនាយករដ្ឋ មន្ត្រីដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយទោះបីជាបោះឆ្នោតក្នុងសមាជក៏ដោយ អ្នកត្រូវទទួលនូវ សិទ្ធិធ្វើជាបេក្ខភាពគឺ សម រង្ស៊ី មិនមែនកឹម សុខា ឡើយស្របតាមកិច្ចព្រមព្រៀងរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សមុននឹងច្របាច់បញ្ចូលគ្នា។ គ)-គោលដៅចុងក្រោយគឺបើបានវិលចូលប្រទេសវិញ មុនពេលសមាជបក្ស គឺអាចស្នើសើរើតំណែងប្រធានបក្សឡើងវិញ និងប្រជែងយកឥទ្ធិពលបក្សមកវិញ។

ប៉ុន្តែគួរឱ្យសោកស្តាយសម្រាប់ សម រង្ស៊ី និងក្រុមរបស់គាត់ ធ្វើម៉េចបើបានជាចាញ់ក្នុងយុទ្ធសាស្ត្រនយោបាយនេះទៅហើយ! សម រង្ស៊ី អស់តំណែងជាប្រធានបក្ស ហើយសូម្បីតែសមាជិកក៏គ្មានទៀត ចុងក្រោយ សម រង្ស៊ី ដែលកំពុងជាប់ជំពាក់នឹងទោសទណ្ឌក៏នឹងត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធនឹងគណបក្សនយោបាយទៀត។ តើនេះមិនមែនជាការបញ្ចប់នៃជីវិតនយោបាយរបស់អ្នកនយោបាយមាន់សម្លសម រង្ស៊ីទេឬ? ចំណែកក្រុម សម រង្ស៊ី និយមដែលកំពុងនៅខាងក្នុងទប់ទល់នឹងឥទ្ធិពលក្រុមកឹម សុខា ក៏កំពុង តែធ្លាក់ខ្លួនឯកោបណ្តើរៗ ព្រោះកឹម សុខា នឹងចាប់ផ្តើមកាត់សរសៃឈាមក្រុមនេះបន្តិចៗម្តងតាមរយៈការពង្រឹងឥទ្ធិពលក្រុមគាត់ក្នុងក្រុមការងារបក្សតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ។ នៅចុងក្រោយអ្វីដែលបន្សល់ទុកឱ្យ សម រង្ស៊ី និងក្រុមរបស់គាត់គឺពាក្យថាស្តាយក្រោយដែលមើលមិនយល់ពីយុទ្ធសាស្ត្រនយោបាយរបស់ដៃគូខ្លួន ហើយពាក្យថា វិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៊ី មកដឹកនាំបក្សសង្គ្រោះជាតិវិញ ក៏រសាត់ទៅឆ្ងាយអើយសែនឆ្ងាយ!

ដោយ៖ ចៅ ចាក់ស្មុក


អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានានៅថ្នាក់មូលដ្ឋាន

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំប្រចាំខែ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ សរុបប្រមាណ ១០០នាក់។

កិច្ចប្រជុំនោះ បានពិនិត្យ ពិភាក្សា និងឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តន៍នៅមូលដ្ឋាន ក្រុង ស្រុកទាំង០៨ នៃខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាពមានដូចជា៖
១-ការងារឆ្លៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការចេញសាលាកបត័្រព័ត៌មានឱ្យដល់ដៃប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់និមួយៗ។
២-ការជំរុញការងាររៀបចំបែបបទ លិខិតស្នាម កាត់ឆ្លៀលដីពីតំបន់២ មកតំបន់១ ដោយត្រូវអនុវត្តជាជំហ៊ានៗតាមស្ថានភាពជាក់ស្តែង
៣-ការកំណត់ទំហំដីស្នើសុំរបស់ប្រជាពលរដ្ឋក្នងតំបន់អភិរក្សសត្វខ្សឹបដោយត្រូវពិនិត្យ និងដោះស្រាយជាក់ស្តែងអោយបានរួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។
៤-ការជំរុញការកាត់ដីជូនប្រជាពលរដ្ឋចេញពីបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត
៥-ជំរុញការសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី ជាក់ស្តែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក។
៦-ការពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំរបស់សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្មឡើងវិញ។
៧-ការពង្រឹងសហគមន៍ប្រើប្រាស់ទឹកដើម្បីធ្វើការបែងចែកទឹកច្បាស់លាស់ជូនប្រជាពលរដ្ឋបង្កបង្កើនផល។
៨-ការជំរុញរៀបចំបង្កើតសហគមន៍សិប្បកម្មកែច្នៃឈើនៅឃុំចុងដូងស្រុកបារាយណ៍
៩-ការជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ពិសេសយុវជនទើបគ្រប់អាយុ។
១០-ការពង្រឹងការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានតម្លាភាព។
១១-ការជំរុញពិនិត្យ និងដោះស្រាយនូវសេវាសំណូមពររបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹង សាលារៀន ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្រ្ត …។ល។
១២-ជំរុញដោះស្រាយ បញ្ហាសណ្តាប់ធ្នាប់និង អនាម័យសាធារណៈ ពិសេសការដោះស្រាយគំនរសំរាមតាមទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានាដែលកើតមានឡើងនៅមូលដ្ឋានក្រុងស្រុកទាំង០៨ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធ​ភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋានកាន់តែមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន៕





ក្រសួងការងារចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសារញាតិមិត្តក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង

ក្រសួងការងារ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដែលបានបណ្តាលឱ្យកម្មការិនីរងរបួសចំនួន១៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០១នាក់ និងរបួសស្រាលចំនួន១៣នាក់។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូល​រួម​រំលែកទុក្ខក្រៀមក្រំ និងអាណិតស្រឡាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិ​មិត្ត​ទាំង​អស់​នៃសព និងជនរងគ្រោះ និងជូនពរដល់អ្នករងគ្រោះឆាប់បានជាសះស្បើយ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារខាងក្រោម៖


អនុ​ប្រធាន​គណបក្ស​ប្រជាជន​ ខេត្តកំពង់ឆ្នាំង៖​ បើគ្មាន​ថ្ងៃ៧ មករា​ ឆ្នាំ១៩៧៩​ ក៏គ្មានអ្វីៗ​ដល់ថ្ងៃនេះដែរ

កំពង់ឆ្នាំង៖ លោក សោម សុផាត អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានថ្លែងថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក៏គ្មានអ្វីៗដល់ថ្ងៃនេះដែរ។ លោក បានថ្លែងដូចនេះនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងពិធីជួបសំ​ណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាបក្សដែលជាមន្រ្តីរាជការចំនួន៨០០នាក់​មកពីអង្គភាពជុំវិញខេត្ត។
លោក សោម សុផាត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្តួលរំលំរបបប្រល័យពូជសា​សន៍ ផ្តល់ជីវិតទី២ ដល់ប្រជាជនកម្ពុជា ជាពិសេសចុងក្រោយនេះ ដោយ​សារនយោបាយ ឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុង ហើយចាប់ផ្តើមកសាងប្រទេសរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។

លោក ក៏បានជំរុញដល់សមាជិកបក្សទាំងអស់អោយខិតខំធ្វើអំពើល្អ បម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត មានសាមគ្គីផ្ទៃក្នុងល្អសហការគ្នាដើម្បីផ្តល់សេវា និងដោះស្រាយបញ្ហាដែលជាតម្រូវ និងសំណូមពរជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាជាពិសេសមិនបង្កបញ្ហាណាមួយឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់និងគណបក្សប្រជាជនឡើយ៕




រដ្ឋមន្រ្តីក្រសួងអប់រំ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំតាមរយៈការបង្កើនបៀវត្សន៍ដល់មន្ត្រីអប់រំគ្រប់កម្រិត

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីបំពាក់គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរជូនបុគ្គលិកអបរំក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ។ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា គ្រឿងឥស្សរិយយសការងារ និងផ្តល់ប័ណ្ណសរសើរ​ជូនបុគ្គលិកអបរំក្នុងខេត្តត្បូងឃ្មុំទាំង៤៧៦នាក់ ក្នុងនោះរួមមាន មេដាយមាសចំនួន​៨៤នាក់ មេដាយប្រាក់ចំនួន១២៧នាក់ មេដាយសំរឹទ្ធចំនួន២០៨នាក់ និងប័ណ្ណសរសើរចំនួន​៥៧នាក់ ជូនដល់មន្ត្រីដែលចូលនិវត្តន៍ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៏បានធ្វើការសាទរចំពោះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានកិត្តិយសត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ»។

រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចជាការតែងតែយកចិត្តទុកដាក់ក្នុងវិស័យអប់រំតាមរយៈការបង្កើនបៀវត្សន៍ដល់មន្ត្រីអប់រំ ដូច្នេះក្នុងឆ្នាំ២០១៧នេះ ប្រាក់បៀវត្សន៍ទាបបំផុតរបស់មន្ត្រីអប់រំក្របខណ្ឌ «គ» គ្រូចេញថ្មី បានឡើងទៅ​ដល់៩៥ម៉ឺនរៀល ហើយឆ្នាំថ្មីនេះ នឹងកើនឡើងដល់ជាង១លានរៀលផងដែរ ចំណែកឯប្រាក់បៀវត្សន៍ ទាបបំផុត គ្រូក្របខណ្ឌ «ក និង ខ» គឺបានជាង១លានរៀលរួចហើយ នេះគឺបង្ហាញពីការ​ប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្តដល់មន្ត្រីអប់រំទូទាំងប្រទេស។

លោក ហង់ជួន ណារ៉ុន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អស់លោក លោកស្រី ជាអ្នកគ្រូលោកគ្រូ ក្នុងខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍នូវគោលនយោបាយកំណែទម្រង់របស់ក្រសួងក៏ដូចជាបំពេញនូវភារកិច្ចប្រកបដោយសតិសម្បញ្ញៈខ្ពស់ តាមរយៈការខិតខំប្រឹងប្រែងនេះ កម្ពុជាច្បាស់ជាឈាន​ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន និងក្លាយជាប្រទេសដែលមាន​ប្រាក់ចំនូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងឈានទៅជាប្រទេសអភិវឌ្ឍន៍នៅក្រោយ​ឆ្នាំ២០៣០៕