Friday, January 04, 2019

(សូមទស្សនាវីដេអូ)៖ សមិទ្ធផលដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជាគឺ «ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍​អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញ​របស់ជាតិនិងប្រជាជន»

សមិទ្ធផលដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជាគឺ «ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជន»

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទិវាជ័យជម្នះ៧មករា នឹងចូលមកដល់ ដែលចំនឹងខួបលើ​កទី៤០ នៃការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង៣លាននាក់ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។
ក្នុងរយៈពេល៤០ឆ្នាំនេះ (៧ មករា ១៩៧៩- ៧ មករា ២០១៩) ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនយើងពិតជាមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើនឥតគណនាដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឱ្យក្លាយជាទឹកដីមួយដែលមានការរីកចម្រើនរស់រវើក និងស្រស់បំព្រងដូចសព្វថ្ងៃ ហើយកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
គិតមកដល់សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ដែលសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលទាំងនោះគឺ «ទប់ស្កាត់មិនឱ្យរបបប្រ​ល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជ​ន​»។ ក្រោយពេលរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំ មជ្ឈដ្ឋានអមិត្តខាងក្រៅមួយចំនួននៅតែបន្តជួយគាំទ្រឱ្យពួកឃាតករប្រល័យពូជសាសន៍នៅមានដង្ហើមរស់ ដើម្បីឱ្យពួកនេះមា​នឱកាសវិលត្រឡប់មកកាន់អំណាចវិញដោយកម្លាំងយោធា ធ្វើឱ្យកម្ពុជាត្រូវស្ថិតក្នុងស្ថា​នភាព មានសន្តិភាពផង និងមានសង្រ្គាមផង។
មិនតែប៉ុណ្ណោះ មជ្ឈដ្ឋានអមិត្តទាំងនោះបានធ្វើការហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត ក្នុងពេលដែលប្រជាជនកម្ពុជាត្រូវការជំនួយពីសហគមន៍អន្តរជាតិ ដើម្បីស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ខ្លួនឡើងវិញ។ ក្នុងកាលៈទេសៈដ៏ពិបាកស្មុគស្មាញ និងគ្រោះថ្នាក់បំផុតនេះ រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបន្តជ្រោងទង់មហាសាមគ្គីជាតិ ការពារប្តូរផ្តាច់នូវសមិទ្ធផល ៧ មករា និងធ្វើឱ្យបរាជ័យនូវឧបាយកលប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកកម្ពុជាជាថ្មី ការពារបានការរស់ឡើងវិញរបស់ប្រជាជាតិ។

ផ្អែកលើមូលដ្ឋាននេះ បានធានាដល់ដំណើរការស្តារ និងកសាងសង្គមជាតិឱ្យមានស្ថិរភាពជាជំហានៗ ឆ្លងកាត់ដំណាក់កាលដែលលំបាកបំផុត ឈានមកដល់ដំណាក់កាលពង្រឹងពង្រីកខ្លួនជាបន្តបន្ទាប់ដែលបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់ដំណើរការសន្តិភាព ការបង្រួបបង្រួ​មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅដំណាក់កាលបន្ទាប់មក៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរស្ដីពីការកំណត់នីតិវិធី សម្រាប់បើកផ្ដល់ប្រាក់របបសន្ដិសុខសង្គមរៀងរាល់ពីសប្ដាហ៍ម្ដងក្នុងខែនីមួយៗ

នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរស្ដីពីការកំណត់នីតិវិធីសម្រាប់បើកផ្ដល់ប្រាក់របប សន្ដិសុខសង្គម រៀងរាល់ពីសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ជូនអតីតមន្ដ្រី រាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក។

ខាងក្រោមនេះ ជាសារាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន ខ្លឹមសារទាំងស្រុង៖





រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុង ពេលប្រារព្ធបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា នៅបរិវេណ ជុំវិញស្តាតអូឡាំពិក!

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្ដី ជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុង ពេលប្រារព្ធបុណ្យខួបលើកទី ៤០ នៃទិវាជ័យជម្នះ ៧មករា ស្ថិតនៅតំបន់ជុំវិញពហុកីឡាដ្ឋានជាតិអូឡាំ ពិក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
តាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ ជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ព្រឹក រហូតដល់ កម្មវិធីប្រារព្ធទិវាត្រូវបានបញ្ចប់ ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ៖

ព្រះមហាក្សត្រី ផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខ ជូននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកា សុខ ជុំ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារជូន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកស្រី ប៉ែន ចន្នី ហ៊ីង ប៊ុនហៀង ចំពោះការទទួលមរណភាព ព្រឹទ្ធមហាឧបាសិកា សុខ ជុំ ដែលជាមាតាក្មេក និងជាមាតាបង្កើត។
ក្នុងព្រះរាជសារ សម្តេចម៉ែមានព្រះរាជបន្ទូលថា «ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ និងសូមសម្តែងនូវការ សោកស្តាយ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ មរណភាពនៃព្រឹទ្ធមហាឧបាសិកា សុខ ជុំ ជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន និងជីដូនទួត ដែលប្រកបទៅដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតដ៏ល្អប្រពៃមួយរូប និងជាអ្នកគោរព ប្រតិបត្តិព្រះពុទ្ធសាសនាដ៏ខ្ជាប់ខ្ជួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងឡាយ»៕
ខាងក្រោមនេះ ជាសារលិខិតរបស់ព្រះមហាក្សត្រី៖

ថ្ងៃនេះ៥ឆ្នាំមុន កម្ពុជាហៀបនឹងរងគ្រោះដោយគម្រោងកុបកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី

ថ្ងៃនេះ៥ឆ្នាំមុន កម្ពុជាហៀបនឹងរងគ្រោះដោយគម្រោងកុបកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៉ី

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ (២០១៤-២០១៩) គឺជាខួបគម្រប់៥ឆ្នាំ ដែលរាជរដ្ឋាភិបាលស្របច្បាប់ បានចាត់ទុកថា កម្ពុជាហៀបនឹងរងគ្រោះដោយកុបកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសទាមទារដំឡើងប្រាក់ឈ្នួល ដឹកនាំដោយទណ្ឌិត សម រង្ស៉ី អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចាញ់ឆ្នោត ហើយមិនទទួលយកលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៥។

កុប្បកម្មហិង្សា ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមនេះ បានប្រើប្រាស់រូបភាពតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល នៅតាមបណ្ដោយផ្លូវវេងស្រង ក្រោមការញុះញង់ដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក បណ្តាលឱ្យមានការប៉ះទង្គិចគ្នា រហូតមានមនុស្សស្លាប់៤នាក់ និងរបួសមួយចំនួន ព្រមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនអស់ជាច្រើន។ ការធ្វើកុប្បកម្មដ៏ហិង្សានេះ បានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករនិយោជិតឡើយ។ ក្នុងកុប្បកម្មហិង្សា ក្រុមអ្នកតវ៉ាបានប្រើដំបង គប់ដុំថ្ម និងដបសាំង ទៅលើសមត្ថកិច្ច ដែលរារាំងពួកគេមិនឱ្យទៅមុខទៀត។ ដោយមើលពីសភាពមិនធម្មតានេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានធ្វើការបង្រ្កាប រហូតរំលាយកុប្មកម្មដែលមានឧបាយកលទុច្ចរិតនេះ បានជាស្ថាពរ។

ដំបូងឡើយការតវ៉ាដោយមានមនុស្សយ៉ាងច្រើនបែបនេះ គ្រាន់តែស្ថិតនៅក្នុងការសង្ស័យរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានវីដេអូសារភាពរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបែកធ្លាយកាលពីដើមឆ្នាំ២០១៧ ទើបធ្វើឱ្យអាជ្ញាធរ និងសមត្ថកិច្ចជឿជាក់ថា បាតុកម្មកន្លងមកដែលញុះញង់ និងដឹកនាំដោយអតីតគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គឺស្ថិតនៅក្នុងគម្រោងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបង្ហាញដោយ លោក កឹម សុខា តាមរយៈវីដេអូបែកធ្លាយនោះ។

នៅក្នុងវីដេអូបែកធ្លាយ លោក កឹម សុខា បាននិយាយសារភាព ក្នុងវេទិកាមួយ នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ថា គណបក្សប្រឆាំង បានធ្វើតាមបញ្ជារបស់ប្រទេសមហាអំណាចមួយ ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ។ ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរនេះ ត្រូវបានផ្តួលរំលំដោយការតវ៉ាដែលមានបរទេសនៅពីក្រោយ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា៖ ក្នុងព្រឹត្តិការណ៍ដ៏ហិង្សា នៅលើផ្លូវវេងស្រេងនេះ បើសិនជាគ្មានការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ដោយសន្តិភាពត្រូវបានបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតមានហើយគ្រោះមហន្តរាយ ដូចពីអតីតកាលនឹងត្រឡប់មកវិញជាមិនខាន ដែលមិនអាចស្មានដល់។ លោកបានបញ្ជាក់ថា «មេក្រមុី ដែលចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយនោះ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនោះទេ។ ក្រុមជនទាំងនេះ គួរតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីជម្រះដល់ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមានការនាំខ្លួនទណ្ឌិត សម រង្ស៉ី មកកាត់ទោសឲ្យ ធ្ងន់ធ្ងរបំផុត ព្រោះ សម រង្ស៊ី និងបក្ខពួក បានធ្វើកុបកម្មដ៏ហិង្សាចង់ផ្តួលររំលំរដ្ឋាភិបាលស្របច្បាប់ នៅលើផ្លូវវេងស្រេង កាលពី៥ឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន នៅតែទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិត ខណៈទ្រព្យសម្បត្តិសាធារណជាច្រើន ត្រូវបានខូចខាតដោយគ្មានសំណង។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវរឿងនេះ គួរតែជាអ្នកដែលបានប្រើល្បិចញុះញង់ដឹកនាំក្រុមបាតុករ ដើម្បីបម្រើមហិច្ចតាទុច្ចរិតរបស់ពួកគេទៅវិញទេ៕