Tuesday, October 06, 2015

ពិធីសម្ពោធអគារពិនិត្យជម្ងឺទូទៅ និងអគារសម្ភព មន្ទីរពេទ្យ កោះអណ្ដែត នៃស្រុកប្រតិបត្តិកោះអណ្ដែត ខេត្តតាកែវ

អគារពិនិត្យ​ជម្ងឺទូទៅ និង​អគារ​សម្ភព មន្ទីរ​ពេទ្យ​បង្អែក​កោះ​អណ្ដែត នៃស្រុក​ប្រតិបត្តិកោះអណ្ដែត​ខេត្ត​តាកែវ ដែលទើប​នឹងសាង​សង់រួច ត្រូវបាន​ប្រារព្ធ​ពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ក្រោម​អធិ​បតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី  និង​ឯកឧត្តម គូម៉ាម៉ារូ យូជិ ឯកអគ្គ​រាជទូត​នៃប្រទេស​ជប៉ុន​ប្រចាំកម្ពុជា នាព្រឹក​ថ្ងៃទី៦ ខែ​តុលា ឆ្នាំ​២០១៥​នេះ ។

ឯកឧត្តម  គូម៉ាម៉ារូ យូជិ បានមាន​ប្រសាសន៍​ថា៖ រដ្ឋាភិបាល​ជប៉ុន បាននិង​កំពុង​បន្ដ គាំទ្រ​កិច្ចខិត​ខំប្រឹង​ប្រែងរបស់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើគ្រប់​វិស័យ ដោយ​បានផ្ដោត​សំខាន់ លើការ​កែលំអ​រនូវ​អគារ​ថែទាំ​វេជ្ជសាស្រ្ដ ហើយ​គម្រោង​សាង​សង់​អគារពិនិត្យ​ជម្ងឺទូ​ទៅនេះ គឺអាស្រ័យ​ដោយមាន​ការកើន​ឡើងនៃអ្នក​ជម្ងឺនៅ​ក្នុងមន្ទីរ​ពេទ្យបង្អែកកោះ​អណ្ដែតគួរ​ឲ្យកត់​សំគាល់ ហើយអគារ​ថ្មីនេះត្រូវ​បានឧបត្ថម្ភ​គាំទ្រ​ដោយ ជំនួយ​ឥតសំណង​ទ្រង់ទ្រាយ​តូចគុ​សាណូ​ណេ​របស់ ជប៉ុន ដែល​អាចជួយ​ប្រជាពលរដ្ឋទទួលបាន​ការជួយ​ព្យាបាល​ប្រកបដោយ​សុវត្ថិភាព និងក្នុងបរិស្ថាន​ដោយការ​យកចិត្តទុកដាក់​ខ្ពស់​ជាងមុន។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងនាម​រាជរដ្ឋា​ភិបាល បានថ្លែង​អំណរ​គុណ​យ៉ាងជ្រា​លជ្រៅ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជាថវិកា​និង​សម្ភារៈ សម្រាប់​សាង​សង់​អគារ​ជម្ងឺ​ទូទៅ​ និង​ជម្ងឺ​កុមារ ព្រម​ទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​នានា ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះ​អណ្តែត​ តាមរយៈ​គម្រោង គុសាណុណេ ដោយ​ចំណាយ​ថវិកា​សរុប ប្រមាណ​ជាង ១០ ម៉ឺនដុល្លារ​អាមេរិក​ដែលជា​សក្ខីភាពថ្មី​មួយទៀត​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​យ៉ាងច្បាស់​​ អំពីការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​ ក្នុង​​ការកៀរ​គរការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ ទាំង​ថវិកា និង​សម្ភារៈ ​ពីសប្បុរសជន​ក្នុងនិង​ក្រៅ​ប្រទេស​ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ សំដៅ​ពង្រឹង​ និងពង្រីក​​សកម្មភាព​​​ផ្តល់​សេវា​​​សុខភាព​សាធារ​ណៈជូន​ប្រជាជនឱ្យកាន់​តែប្រសើរ​ថែម​ទៀត។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ បានមាន​ប្រសាសន៍​ទៀតថា៖ ទន្ទឹម​នឹង​នេះ ​ការងារ​​​គ្រប់​គ្រង និង​ការ​ផ្តល់​សេវា​ទ្រទ្រង់​នៅគ្រប់​ទីកន្លែង ដូចជា មន្ទីរ​ពិសោធន៍​វេជ្ជ​សាស្ត្រ ការដឹកជញ្ជូន​អ្នកជំងឺ ឱសថ សម្ភារៈវេជ្ជសាស្ត្រ ត្រូវបាន​​ពង្រឹងនៅ​ទូទាំង​ប្រទេស​ដោយពង្រឹង​កម្មវិធី​បង្ការ និងព្យាបាល​ជំងឺឆ្លង កម្ម​វិធីគាំពារ​មាតា​និង​ទារក និង​គោល​​ការណ៍​លើក​លែង​ការ​បង់ថ្លៃ​ក្នុងការ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ដល់ជន​ក្រីក្រ តាម​រយៈការ​បង្កើន​​​មូល​និធិ​សមធម៌ សំដៅជួយ​គាំពារជន​ក្រីក្រ ឱ្យទទួល​បាននូវ​សេវា​សុខភាព​សាធារណៈ​​កាន់​តែ​ប្រពៃ​។ លើស​ពីនេះ រាជ​រដ្ឋាភិ​បាល បាន​បន្តជំរុញ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សនៅ​ក្នុង​វិស័យ​សុខាភិបាល​​​នៅគ្រប់​កម្រិត ជា​ពិសេសការបណ្តុះបណ្តាលឆ្មប  គិលានុ​បដ្ឋាក និងគិលានុ​បដ្ឋាយិកា ព្រមទាំងលើក​កម្ពស់​​មនសិការ​វិជ្ជាជីវៈ​របស់មន្ត្រី​សុខាភិបាល ក្នុង​ការ​បំរើ​ប្រជាជន​ឱ្យកាន់តែ​ប្រសើរ និងមាន​ប្រសិទ្ធភាព​ផងដែរ៕








គណៈ​ប្រតិភូ​កម្ពុជា​ បានលើក​ឡើង ​ពីច្បា​ប់ស្តីពី​សមាគម ​និងអង្គការ​ក្រៅរដ្ឋា​ភិបាល ​នៅក្នុងសម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិម​នុស្សលើកទី៣០

យោងតាម​សេចក្តីថ្លែង​ការណ៍ របស់គណៈប្រតិ​ភូកម្ពុជា នៅក្នុងសម័យ​ប្រជុំក្រុមប្រឹក្សា​សិទ្ធិមនុស្សលើក​ទី៣០ អំពីការអនុម័ត​សេចក្តីស​ម្រេចស្តីពីការផ្តល់​ប្រឹក្សា និងជំនួយ​បច្ចេក ទេស សម្រាប់​ព្រះរាជាណាច​ក្រកម្ពុជា ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហ្សឺ​ណែវ គណៈប្រ​តិភូកម្ពុជា​បាន ជម្រាប​ទៅកាន់ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្សថា ដោយខ្លឹម​សារវាក្យខណ្ឌទី២២ នៃសេចក្តី​សម្រេចរបស់​ក្រុមប្រឹក្សា​សិទ្ធិមនុ​ស្ស បានដើរ​ផ្ទុយពីសុឆន្ទៈ​របស់រ​ដ្ឋាភិបាលកម្ពុជា​ក្នុងការដាក់​អោយប្រើប្រាស់ ច្បាប់ស្តី​ពីសមាគម និងអង្គការ​ក្រៅរដ្ឋាភិបា​ល ដែល ជាការពិត​ច្បាប់នេះ ត្រូវបាន​អនុម័តស្រប​តាម រដ្ឋធម្មនុញ្ញ​នៃប្រទេស​កម្ពុជា។
គណៈប្រតិ​ភូកម្ពុជា បាន​បន្តថា គោលបំណង​សំខាន់នៃច្បាប់នេះ គឺដើម្បីបង្កើត​អោយ​មានបរិយាកាស​អំណោយផល តម្លាភាព កិច្ចសហ​ប្រតិបត្តិការ និងសេរីភាព របស់សង្គម​ស៊ីវិល និងអង្គការក្រៅ​រដ្ឋាភិបាល។ ទន្ទឹម​នឹងនេះ រដ្ឋាភិបាលមិនមាន​បំណងរឹតត្បិត​សេរីភាព​របស់​សមាគម និងអង្គ​ការក្រៅរដ្ឋាភិបាលទាំង​នោះឡើយ។ គណៈប្រតិភូក​ម្ពុជា បានបញ្ជាក់​ថា នៅក្នុងពិភព​លោកនេះ ពុំមានប្រទេស​ណាមួយដែ​លមានអង្គការក្រៅ​រដ្ឋាភិបាល និងសង្គមស៊ីវិល​រាប់ពាន់ ដែលអាចធ្វើ​សកម្មភាព និងសេរីភាព​ពេញលេញដូច​នៅក្នុងព្រះរាជាណាច​ក្រកម្ពុជាសព្វ​ថ្ងៃនេះទេ។
ទោះបីយ៉ាង​នេះក៏​ដោយ ព្រះរាជាណាច​ក្រកម្ពុជា សូមថ្លែង​អំណរគុណយ៉ា​ងជ្រាល​ជ្រៅដល់អង្គ​ការក្រៅ​រដ្ឋាភិបាល ដែលបាន​ជួយកម្ពុជា​ចាប់តាំងពី​ទសវត្សរ៍ទី៨០ បន្ទាប់​ពីការបំផ្លិច​បំផ្លាញ​ដ៏ឃោរឃៅរ​បស់របបខ្មែ​រក្រហម។ គណៈប្រតិភូ​កម្ពុជា ក៏សូម​ថ្លែង​អំណរគុណ ដល់​គណៈប្រតិភូនៃប្រ​បទេសជប៉ុន ដែលជា​អ្នកដឹកនាំធ្វើសេច​ក្តីព្រាង ស្តីពីការផ្តល់​ប្រឹក្សា និងជំនួយ​បច្ចេកទេស សម្រាប់កម្ពុជា​នៅក្នុងសម័យ​ប្រជុំរបស់ក្រុ​មប្រឹក្សាសិទ្ធិ​មនុស្សលើកទី៣០នេះ។
ព្រះរាជាណាច​ក្រកម្ពុជា ក៏បានកោតសរសើរ​ការខិតខំប្រឹង​ប្រែង និង​សហប្រតិប​ត្តិការ​របស់គណៈ​ប្រតិភូជប៉ុន​ដែលបាន​អនុម័ត សេចក្តី​សម្រេច​ប្រកប​ដោយការ​ប្តេជ្ញា និងភាព​ជាអ្នកដឹកនាំ​ឈានទៅរកលទ្ធផល​ដែលអាចទទួល​បានពី​គ្រប់​ភាគី។ កម្ពុជាជឿជាក់​យ៉ាង​មុតមាំថា អ្នករាយការណ៍​ពិសេស​របស់អង្គការ​សហប្រជាជាតិ ស្តីពីសិទ្ធិម​នុស្សនៅ​កម្ពុជា ​នឹងអនុវត្តភារ​កិច្ចរបស់​ខ្លួន ប្រកបដោយ​តម្លាភាព អព្យាក្រឹត្យ​ភាព និងឯក​រាជ្យ​ភាព មិន​ស្ថិតក្រោម​ឥទ្ធិពល ឬការជ្រៀត​ជ្រែកពីភាគី​ដ៏ទៃ។ ក្នុងន័យនេះ​រាជរដ្ឋាភិបាល​កម្ពុជា នឹងបន្តកិច្ច​សហប្រតិបត្តិ​ការ និងការសន្ទនាក្នុង​ន័យស្ថាប​នាជាមួយអ្នក​រាយការណ៍​ពិសេស៕​



សម្តេចតេជោ ហ៊ុន សែន៖ «ចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ដ៏សែនកំសត់ នៅវិហារសួគ៌ ពេលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌម្តងៗ»

(ភ្នំពេញ)៖​ ត្បិតតែរំលង​ហួសជិត ​៣ទស្សវត្ស​ហើយក៏ដោយ ​សម្តេចនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅតែចងចាំ​មិនភ្លេចនូវ​អនុស្សាវរីយ៍​ដ៏សែនកំសត់ ​នៅឃុំវិហារសួគ៌ ​ស្រុកខ្សាច់​កណ្តាល ​ខេត្តកណ្តាល ​នៅពេលមាន​ពិធីបុណ្យ​កាន់បិណ្ឌ ​ភ្ជុំបិណ្ឌម្តងៗ។ ​អត្ថបទខ្លី​មួយ ដែលមាន​ចំណងជើងថា ​«នៅសល់​ការចងចាំ ​ដែលមានន័យ» ដែលបង្ហោះនៅ​លើ Facebook នៅថ្ងៃទី០៥​ ខែតុលា ​ឆ្នាំ២០១៥នេះ ​សម្តេចនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បានរំលឹកឡើង​វិញនូវរឿងរ៉ាវ​ ដិតដាម​ជាប់ជាមួយ​ឃុំវិហារសួគ៌​ នាអតីតកាល​ដែលមានការ​ខ្វះខាតខ្លាំង ​នូវការរៀប​ចំហេដ្ឋារចនា​សម្ព័ន្ធគ្រប់​បែបយ៉ាង ​ក្រោយពេល​ឃុំមួយនេះត្រូវ​បំផ្លិចបំផ្លាញ​ដោយខ្មែរ​ក្រហម។​

ខាងក្រោមនេះ ​ជាសាររបស់​សម្តេចតេជោ ​ហ៊ុន សែន៖
នៅពេល​ឃើញរូបថត​មួយសន្លឹកនេះ ​គាប់ជួនពេល​ភ្ជុំបិណ្ឌ ​ធ្វើឲ្យខ្ញុំព្រះករុណា ខ្ញុំ​នឹកឃើញដល់​រឿងរ៉ាវ ​ដែលបានកើត​ឡើងកាលពី​ ២៦ឆ្នាំមុន ​គឺខែកញ្ញា ​ឆ្នាំ១៩៨៩។ ​ពេលនេះអ្វីៗបាន​ផ្លាស់ប្តូរអស់​ហើយ ដោយ​សារតែវត្ត​មានស្ពានព្រែក​តាមាក់ ​ផ្លូវជាតិលេខ៨​ និងហេដ្ឋារចនា​សម្ព័ន្ធផ្សេង​ទៀតទាំង​អាណាចក្រ ​ទាំងពុទ្ធចក្រ។ ​ខែសីហា ​១៩៨៩​ បន្ទាប់ពី​វិលត្រឡប់​ពីការចរចា​នៃសន្និសីទ​ប៉ារីសលើកទី១​ តែមិនបាន​សម្រេច។ ​ខ្ញុំព្រះករុណាខ្ញុំ​បានធ្វើដំណើរ​សួរសុខទុក្ខ ​កងកម្លាំងប្រ​ដាប់អាវុធ​ និងប្រជាជន​ស្ទើរពេញ១ខែ។​

ក្នុងដំណើរ​ចុះសុខទុក្ខ​ប្រជាជន ​ក៏មានការ​ធ្វើដំណើរទៅ​កាន់ស្រុកខ្សាច់​កណ្តាល​ខេត្តកណ្តាល​ផងដែរ។ ​ដើម្បីធ្វើដំណើរ​បានទៅកាន់​វត្តវិហារសួគ៌ ​យើងត្រូវដំណើរ​ដោយកា​ណូតពីភ្នំពេញ​ ទៅកាន់ព្រែកតា​មាក់ ​ហើយសម្រាក​ពេលយប់នៅ​លើកាណូតនោះ ​១យប់ ព្រោះគ្មាន​ផ្ទះសំណាក់​នោះទេ។ ​ការសម្រាកនេះ​ដោយសារមាន​ការប្រជុំនៅ​ទីនោះ ​ដែលត្រូវប្រជុំថែម​មួយព្រឹកទៀត។ ​ស្អែកឡើង​បន្ទាប់ពីការ​ប្រជុំនិងបាយ​ថ្ងៃត្រង់ ​ប្រហែលម៉ោង ​១រសៀល ​យើងត្រូវចេ​ញដំណើរ​ដើម្បីកុំឲ្យ​ភ្លៀងទាន់។​

នៅពេលនោះ​ត្រើយខាង​កើតទន្លេ​មេគង្គតំបន់​មួយចំនួន ​ទោះមានរថយន្ត​ក៏មិនមាន​ផ្លូវធ្វើដំណើរដែរ។ ​យើងធ្វើដំណើរ​ដោយម៉ូតូ ​ហើយជាទម្លាប់​ខ្ញុំព្រះករុណាខ្ញុំ​ ជិះម៉ូតូដោយ​ខ្លួនឯង។ ​យើងត្រូវធ្វើ​ដំណើរទៅ​កាន់ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់​ចាមសិន ​ទើបមាន​ផ្លូវធ្វើដំណើរទៅកាន់​ឃុំសន្លុង​ដែលនៅទីនោះ ​យើងសម្រាក​នៅផ្ទះប្រជាជន​ដោយចង​អង្រឹង។ ​ភ្លៀងរលឹមខា​ងក្រៅផ្ទះ យើ​ងសំណេះសំណាល​ជាមួយប្រជាជន​នៅក្នុងផ្ទះ ​ដែលពេល​នោះហើយ យើ​ងប្រមូលបាន​នូវសំណូមព​ររបស់ប្រជាជន​លើការក​សាងផ្លូវ​ ស្ពានសាលា​រៀន វត្តអារាម ​។ល។ ជាពិសេស​វិហារសួគ៌ដែល ​ប៉ុលពត ​វាយកំទេចចោល ​និងស្ពានព្រះ​គន្លង។​ ដោយធនធាន​មានកម្រិត ​យើងខិតខំក​សាងស្ពានព្រះគ​ន្លងជាមុន ​ដើម្បីតភ្ជាប់ច​រាចររវាងខាង​វិហារសួគ៌ប៉ុ​ន្មានឃុំ និង​មួយភាគ ​នៃខេត្តព្រៃវែង ​ជាមួយព្រែកតា​មាក់មក​ទន្លេមេគង្គ (​ពេលសម្ពោធ​ស្ពានព្រះគន្លង​មុន ចូលឆ្នាំថ្មី​ថ្ងៃទី១០មេសា​១៩៩០ ​ខ្ញុំព្រះករុណាខ្ញុំ ​បាននិពន្ធ​ចម្រៀងមួយបទ​ មានចំណង​ជើងថា ​«ចំណងដៃ​មាសស្ពានព្រះ​គន្លង»)​។

ដោយឃើញ​នូវការលំ​បាកនេះ ​ហើយទើបខ្ញុំ​ព្រះករុណាខ្ញុំ ​ចិញ្ចឹមចិត្ត​កសាងស្ពាន​ព្រែកតាមាក់ ​និងផ្លូវជាតិ​លេខ៨ ​ឲ្យខានតែបាន​ ដែលវាបាន​រួមចំណែក​ដល់ការកាត់​បន្ថយភាពក្រីក្រ និង​ការលំបាករបស់​ប្រជាជន​ និងជួយជំរុញ​កំណើនសេដ្ឋកិ​ច្ចតាមរយៈនយោ​បាយកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។


សូមអគុណ​អ្នករួមដំណើរ ​អរព្រះគុណនិ​ងអរគុណ​ចំពោះព្រះសង្ឃ ​ប្រជាពលរ​ដ្ឋដែលផ្ដល់នូវការ​គាំទ្រ ទើបមាន​សមិទ្ធផលដូ​ចថ្ងៃនេះ ​ទៅបុណ្យភ្ជុំបិណ្ឌ ​ក៏ស្រួលជាង​ពេលមុន​ និងសុវត្ថិភាពជាង​ពេលមុន ​ដោយប្រទេស​មានសន្តិភាព ​តែកុំភ្លេចគោរព​ច្បាប់ចរាចរណ៍ ​ដើម្បីសុវត្ថិភាព​ទាំងអស់គ្នា៕​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកជំទាវរួមជាមួយមន្ត្រីក្រោមឪវាទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ចំនួន៣វត្តនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ

ឯកឧត្តម​ បណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ​មន្ត្រីទទួល​បន្ទុកទីស្តីកា​រគណៈរដ្ឋមន្ត្រីនិងលោកជំទាវ ​រួមនិងមន្រ្ដី​ក្រោមឪវាទ ​បានអញ្ជើញ ​ចូលរួមក្នុងពិធីបុណ្យ​កាន់បិណ្ឌ​វេនទី​៨ ​ជាមួយពុទ្ធបរិស័ទនៅវត្តគិរីចុកោះឃុំគីរីចុងកោះ​ វត្តឧទុម្ពក្រោម​ និងវត្តពោធិវង្ស​លើ ស្ថិតក្នុង​ស្រុកគីរីវង់​ ខេត្តតាកែវ ​ដើម្បីធ្វើ បុណ្យ ​ឧទ្ទិសកុសលដល់​បុព្វការីជន​ ជីដូនជីតា​ ញាតិការទាំង៧​សណ្តាន​ ដែលបានចែក​ឋានទៅកាន់បរិ​ លោក ខាងមុខ​ និងរួមចំណែក​ក្នុងការជួយ​ថែរក្សា​ទំនៀមទំលាប់​ប្រពៃណីព្រះពុទ្ធសាសនាឲ្យ​ ​កាន់​តែរុងរឿង​ រីកចំរើន​បន្ថែមទៀត​។

ជារៀងរាល់​ឆ្នាំនៅក្នុង​រដូវនៃពីធីបុណ្យ​ដាក់បិណ្ឌភ្ជុំបិណ្ឌ​ ឯកឧត្តម​បណ្ឌិតសភាចារ្យ​សុខ អាន ​និងលោកជំទា​វ​ តែង​តែ អញ្ជើញ ​ចូល​រួមធ្វើបុណ្យធ្វើទាន​ ជាមួយ​ពុទ្ធបរិស័ទ​ ព្រមទាំងបាននាំ​យកនូវគ្រឿង​សក្ការបូជា​ មានទៀនធូប​ ផ្កាភ្ញី បូជាចំពោះព្រះ​ពុទ្ធអង្គនិងព្រះរតនៈ​ត្រ័យ និងទេយ្យ​ទាន​ មានគ្រឿង​ឧបភោគ ​បរិភោគ​ ជាច្រើនមុខ រួមនឹងបច្ច័យ យកមកប្រគេន​ព្រះសង្ឃ និងរាប់​បាត្រ បង្សុកូល ​ឧទ្ទិសមគ្គផល ​ជូនចំពោះ​ បុព្វការី ជន​ មានមាតា​ បិតា ជីដូន​ ជីតា ញាតិការទាំង៧​សណ្តាន សូម​ឲ្យមកទទួល​ នូវផល្លានិសង្ឃ ​ដែលកូនចៅ ​បានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិ​ណ្ឌនេះ ​ឲ្យបានទៅសោយ​សុខនៅទីស្ថាន​ បរមសុខគ្រប់ៗជាតិ ។ មួយចំណែក​នៃកុសលផល​បុណ្យនេះ ក៏សូម​ឧទ្ទិសជូនចំពោះ​ ដូងវិញ្ញាណក្ខ័ន្ធ​អ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជា​អាយុ ជីវិត​ក្នុងបុព្វហេតុការពា​រនិងកសាងជាតិ​មាតុភូមិ​ និង ប្រជាជន​ សូមឲ្យដួងវិញ្ញាណក្ខន្ធ័អ្នក​ទាំងនោះយាងយកកំណើ​កើតក្នុងឋាន​សុគតិភពកុំបី​ខ្លាងឃ្លាតឡើយ​។

ក្នុងឱកាសអញ្ជើញ​ ចូលរួមធ្វើ​បុណ្យ កាន់បិណ្ឌ​វេនទី៨ ​នៅវត្តគិរីចុង​កោះនេះ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន និង​លោកជំទាវ​ បាននាំមកនូវ​ទេយ្យទាន ​និងគ្រឿងឧបភោគ​បរិភោគ ​ជាច្រើនមុខមក​ ប្រគេនព្រះសង្ឃ រួ​មមានៈ សាដក់​ ទឹកក្រូច​ ទឹកបរិសុទ្ធ ​ទឹកដោះគោខាប់​ ស្ករស កាកាវ​ មៀនកំប៉ុង​ តែ ត្រីខ​ មី អង្ករ ​និងបច្ច័យ​សំរាប់វត្តគិរី​ចុងកោះចំនួន១៤​លានរៀល​ វត្តឧទុម្ពក្រោម​ចំនួន១៤លាន៨សែន ​  ព្រមទាំង ​ចែកជូនក្រណាត់ស ​ សារ៉ុង  និងថវិកា​ ដល់សីលវ័ន្ត សី​លវត្តី និង​ពុទ្ធបរិស័ទដែល​ អញ្ជើញមក​ចូលរួមក្នុង​ពិធីបុណ្យកាន់បិណ្ឌវេនទី ​៨នេះ ។


ដោយឡែ​កនៅរសៀលថ្ងៃនេះដែរ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ​ អាន និងលោកជំ​ទាវក៏បាន​អញ្ជើញចូលរួម​ ក្នុងពិធី​បុណ្យកាន់​បិណ្ឌវេនទី៩​ នៅវត្តឧទម្ពរលើ​ ទៅតាមប្រពៃណី​ព្រះពុទ្ធសាសនាដោយបាននាំមកនូវទេយ្យទាន ​និងគ្រឿងឧបភោគ​បរិភោគនិង​បច្ច័យចំនួន​១៤លានរៀល ​ប្រគេនដល់ព្រះសង្ឃ ​និងចែកជូន​សីលវ័ន្ត សីលវត្តី ​នូវក្រណាត់ស និង​ សារុង ដល់​ ពុទ្ធបរិស័ទ ​ដែលបានមក​ចូលរួម ក្នុងវេណ​កាន់បិណ្ឌនេះ​ផងដែរ៕​