Tuesday, October 06, 2015

ពិធីសម្ពោធអគារពិនិត្យជម្ងឺទូទៅ និងអគារសម្ភព មន្ទីរពេទ្យ កោះអណ្ដែត នៃស្រុកប្រតិបត្តិកោះអណ្ដែត ខេត្តតាកែវ

អគារពិនិត្យ​ជម្ងឺទូទៅ និង​អគារ​សម្ភព មន្ទីរ​ពេទ្យ​បង្អែក​កោះ​អណ្ដែត នៃស្រុក​ប្រតិបត្តិកោះអណ្ដែត​ខេត្ត​តាកែវ ដែលទើប​នឹងសាង​សង់រួច ត្រូវបាន​ប្រារព្ធ​ពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ក្រោម​អធិ​បតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី  និង​ឯកឧត្តម គូម៉ាម៉ារូ យូជិ ឯកអគ្គ​រាជទូត​នៃប្រទេស​ជប៉ុន​ប្រចាំកម្ពុជា នាព្រឹក​ថ្ងៃទី៦ ខែ​តុលា ឆ្នាំ​២០១៥​នេះ ។

ឯកឧត្តម  គូម៉ាម៉ារូ យូជិ បានមាន​ប្រសាសន៍​ថា៖ រដ្ឋាភិបាល​ជប៉ុន បាននិង​កំពុង​បន្ដ គាំទ្រ​កិច្ចខិត​ខំប្រឹង​ប្រែងរបស់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើគ្រប់​វិស័យ ដោយ​បានផ្ដោត​សំខាន់ លើការ​កែលំអ​រនូវ​អគារ​ថែទាំ​វេជ្ជសាស្រ្ដ ហើយ​គម្រោង​សាង​សង់​អគារពិនិត្យ​ជម្ងឺទូ​ទៅនេះ គឺអាស្រ័យ​ដោយមាន​ការកើន​ឡើងនៃអ្នក​ជម្ងឺនៅ​ក្នុងមន្ទីរ​ពេទ្យបង្អែកកោះ​អណ្ដែតគួរ​ឲ្យកត់​សំគាល់ ហើយអគារ​ថ្មីនេះត្រូវ​បានឧបត្ថម្ភ​គាំទ្រ​ដោយ ជំនួយ​ឥតសំណង​ទ្រង់ទ្រាយ​តូចគុ​សាណូ​ណេ​របស់ ជប៉ុន ដែល​អាចជួយ​ប្រជាពលរដ្ឋទទួលបាន​ការជួយ​ព្យាបាល​ប្រកបដោយ​សុវត្ថិភាព និងក្នុងបរិស្ថាន​ដោយការ​យកចិត្តទុកដាក់​ខ្ពស់​ជាងមុន។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងនាម​រាជរដ្ឋា​ភិបាល បានថ្លែង​អំណរ​គុណ​យ៉ាងជ្រា​លជ្រៅ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ជាថវិកា​និង​សម្ភារៈ សម្រាប់​សាង​សង់​អគារ​ជម្ងឺ​ទូទៅ​ និង​ជម្ងឺ​កុមារ ព្រម​ទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​នានា ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះ​អណ្តែត​ តាមរយៈ​គម្រោង គុសាណុណេ ដោយ​ចំណាយ​ថវិកា​សរុប ប្រមាណ​ជាង ១០ ម៉ឺនដុល្លារ​អាមេរិក​ដែលជា​សក្ខីភាពថ្មី​មួយទៀត​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​យ៉ាងច្បាស់​​ អំពីការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​ ក្នុង​​ការកៀរ​គរការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ ទាំង​ថវិកា និង​សម្ភារៈ ​ពីសប្បុរសជន​ក្នុងនិង​ក្រៅ​ប្រទេស​ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ សំដៅ​ពង្រឹង​ និងពង្រីក​​សកម្មភាព​​​ផ្តល់​សេវា​​​សុខភាព​សាធារ​ណៈជូន​ប្រជាជនឱ្យកាន់​តែប្រសើរ​ថែម​ទៀត។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ បានមាន​ប្រសាសន៍​ទៀតថា៖ ទន្ទឹម​នឹង​នេះ ​ការងារ​​​គ្រប់​គ្រង និង​ការ​ផ្តល់​សេវា​ទ្រទ្រង់​នៅគ្រប់​ទីកន្លែង ដូចជា មន្ទីរ​ពិសោធន៍​វេជ្ជ​សាស្ត្រ ការដឹកជញ្ជូន​អ្នកជំងឺ ឱសថ សម្ភារៈវេជ្ជសាស្ត្រ ត្រូវបាន​​ពង្រឹងនៅ​ទូទាំង​ប្រទេស​ដោយពង្រឹង​កម្មវិធី​បង្ការ និងព្យាបាល​ជំងឺឆ្លង កម្ម​វិធីគាំពារ​មាតា​និង​ទារក និង​គោល​​ការណ៍​លើក​លែង​ការ​បង់ថ្លៃ​ក្នុងការ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ដល់ជន​ក្រីក្រ តាម​រយៈការ​បង្កើន​​​មូល​និធិ​សមធម៌ សំដៅជួយ​គាំពារជន​ក្រីក្រ ឱ្យទទួល​បាននូវ​សេវា​សុខភាព​សាធារណៈ​​កាន់​តែ​ប្រពៃ​។ លើស​ពីនេះ រាជ​រដ្ឋាភិ​បាល បាន​បន្តជំរុញ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សនៅ​ក្នុង​វិស័យ​សុខាភិបាល​​​នៅគ្រប់​កម្រិត ជា​ពិសេសការបណ្តុះបណ្តាលឆ្មប  គិលានុ​បដ្ឋាក និងគិលានុ​បដ្ឋាយិកា ព្រមទាំងលើក​កម្ពស់​​មនសិការ​វិជ្ជាជីវៈ​របស់មន្ត្រី​សុខាភិបាល ក្នុង​ការ​បំរើ​ប្រជាជន​ឱ្យកាន់តែ​ប្រសើរ និងមាន​ប្រសិទ្ធភាព​ផងដែរ៕








No comments:

Post a Comment