Saturday, April 10, 2021

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ

 (ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ចេញ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល លើកលែងតែប្រជាពលរដ្ឋ ដែលត្រូវស្ថិតនៅក្នុងគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកមានសិទ្ធិដាក់ «កាតព្វកិច្ចវ៉ាក់សាំង» សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងប៉ុន្មានថ្ងៃនេះ គេបានស្តីបន្ទោសខ្ញុំថា រំលោភលើគោលការណ៍ស្ម័គ្រចិត្ត (រឿងចាក់វ៉ាក់សាំងកូវីដ-១៩) តែខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលរបស់ប្រទេស។ ខ្ញុំត្រូវមានភារកិច្ច ដាក់ជាកាតព្វកិច្ច «វ៉ាក់សាំងកាត្វកិច្ច» ឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិលទាំងអស់ តែសម្រាប់ប្រជាពលរដ្ឋ គឺគោលការណ៍ស្ម័គ្រចិត្ត»។

បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី, «វ៉ាក់សាំងកាតព្វកិច្ច» គឺជាយុទ្ធសាស្ត្រដើរមុនសភាពការណ៍ ដោយលោកព្យាករថា ទៅថ្ងៃមុខពិភពលោកទាំងអស់ នឹងដាក់ចេញគោលការណ៍កាតព្វកិច្ចវ៉ាក់សាំងនេះផងដែរ។ លោកបានថ្លែងថា ទៅថ្ងៃក្រោយអ្នកមិនចាក់វ៉ាក់សាំង នឹងមិនត្រូវគេអនុញ្ញាតឲ្យចូលប្រទេសគេនោះទេ ហើយសូម្បីតែនៅអឺរ៉ុប ក៏រៀបចំឲ្យមានលិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ដែរ។

លោកនាយករដ្ឋមន្រ្តីប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ធ្វើមេដឹកនាំគ្រប់គ្រងប្រទេសត្រូវតែហ្មត់ចត់ បើមិនហ្មត់ចត់មិនអាចដឹកនាំបានទេ ហើយសូម្បីព្រះចៅអធិការវត្ត ក៏ត្រូវមានវិន័យដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យក្រុមអ្នកសិទ្ធិមនុស្សពិចារណា រវាងការដាក់ចេញវិធានការការពារជីវិតមនុស្ស និងទុកឲ្យមនុស្សស្លាប់ដោយជំងឺកូវីដ១៩ តើយកមួយណា? លោកបន្តថា គេចង់ថាលោកផ្តាច់ការ ឬរំលោភសិទ្ធិមនុស្សក៏ថាទៅ តែសំខាន់លោកការពារអាយុជីវិតពលរដ្ឋមួយប្រទេស។

ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងបានច្រានចោលចំពោះមតិអកុសលពីក្រុមប្រឆាំងរាជរដ្ឋាភិបាល រឿងលោករៀបចំឲ្យមានប៉ាឆា (ឈានបដ្ឋាន) គឺជាការប្រមាថជីវិតប្រជាជន ប៉ុន្តែលោកថានោះជាការដើរមុនសភាពការណ៍ផងដែរ ព្រោះបើមិនរៀបចំបែបនេះទេ តើនឹងមានអ្វីកើតឡើង ខណៈកម្ពុជាកំពុងជួបករណីឆ្លងកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ យ៉ាងធ្ងន់ធ្ងរ។ លោកលើកឡើងទៀតថា ការដើរមុនភាពការណ៍បែបនេះ ធ្វើឲ្យលោកឈ្នះក្រុមប្រឆាំងរហូតមក ហើយនឹងបន្តឈ្នះជារៀងដរាប។

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា «ត្រូវចាំ! ដោយសារ ហ៊ុន សែន ដើរមុនសភាពការណ៍ដូច្នេះ បានជា ហ៊ុន សែន ឈ្នះមុនលោកឯង ជារៀងរហូត ហើយក៏នៅតែឈ្នះលោកឯងជារឿងរហូត ទៅដែរ។ បើលោកឯង គិតតែពីដើរព្យាបាទ ឯខ្ញុំគ្រប់គ្រងសភាពការណ៍មុនមួយជំហាន បើទោះបីជាវាមិនបានល្អឥតខ្ញុំ តែខ្ញុំក៏បានកាត់បន្ថយនូវហានីភ័យ»។

ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាង ១១លានដូស នឹងមកដល់ប្រទេសកម្ពុជា បើមិនមានអ្វីប្រែប្រួលទេនោះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង ៥០ម៉ឺនដូស មកដល់ខែមេសា ១លាន ៥សែនដូស មកដល់ខែឧសភា ៣លានដូស មកដល់ខែមិថុនា ២លានដូស មកដល់ខែកក្កដា និង ១លានដូស មកដល់ខែសីហា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា កម្ពុជាត្រៀមវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយសូម្បីតែជនបរទេស ដែលរស់នៅកម្ពុជាស្របច្បាប់ ក៏ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃផងដែរ។ គិតត្រឹមយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនកងកម្លាំង ២១៦,៩០៣នាក់ ខណៈក្រសួងសុខាភិបាល បានចាក់ជូនជនស៊ីវិលទូទាំងប្រទេស ៦៧៨,៤០៦នាក់៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យមន្ទីរពិសោធន៍ត្រូវធ្វើតេស្តសំណាកកន្លែងហានិភ័យខ្ពស់ ជំងឺកូវីដ-១៩ ឲ្យបានមុន កន្លែងមិនមានហានិភ័យធ្វើក្រោយ

 (ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាឱ្យមន្ទីរពិសោធន៍ត្រូវពិនិត្យកន្លែងហានិភ័យជំងឺកូវីដ -១៩ ខ្ពស់ឱ្យបានមុន ហើយកន្លែងមិនមានហានិភ័យត្រូវធ្វើក្រោយ ព្រោះកន្លងមកមានសំណាករាប់ពានធ្វើមិនអស់ ការធ្វើសំណាកកន្លែងហានិភ័យមុននេះ គឺធ្វើឡើងក្នុងយុទ្ធសាស្ត្ររកឃើញរហ័ស គ្រប់គ្រងបានរហ័ស។

លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» គឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរសម្រាប់កម្ពុជា ដែលជាហេតុនាំឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទតំបន់ផ្ទុះកូវីដ-១៩ខ្លាំង។ ការបញ្ជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
ប្រមុខរាជរដ្ឋាភិបាល បញ្ជាយ៉ាងដូច្នេះថា៖ «ហើយត្រូវរុករកអ្នកឆ្លងឱ្យអស់លទ្ធភាព ហើយធ្វើតេស្តសំណាកសង្ស័យឱ្យបានឆាប់ ចំណុចនេះ ជាចំណុច…! ហេតុអីបានជាខ្ញុំ ត្រូវតែបង្ខំចិត្តចេញបញ្ជាបើទោះបីខ្ញុំមិនមែនអ្នកបច្ចេកទេស ប៉ុន្តែ រឿងស្អីដែលកន្លងទៅសំណាកធ្វើមិនអស់ ហើយទុកសំណាកសល់រាប់រយ រាប់ពាន់សំណាក»។
«សំណាកដែលមានហានិភ័យឱ្យត្រូវធ្វើមុន បែរមិនធ្វើមុនទេ ខ្ញុំបាននិយាយទៅកាន់ក្រសួងសុខាភិបាល ឱ្យធ្វើទាំងអស់កាលពីយប់ម្សិល ហើយយប់មិញធ្វើទាំងអស់ បានវាចេញអារាប់ររយហ្នឹងមក (អ្នកជំងឺកូវីដ-១៩) យុទ្ធសាស្ត្ររបស់យើង រកឃើញរហ័ស គ្រប់គ្រងបានរហ័ស បើកន្លែងមន្ទីរពិសោធន៍ កន្លែងដែលមានហានិភ័យ ត្រូវដាក់ធ្វើក្រោយ អាកន្លែងអត់ហានិភ័យ ដាក់ធ្វើមុន ម៉ោង១ ម៉ោង២ភ្លឺទើបយើងអាចដឹង ចឹងវាត្រូវពន្យាពេលអស់ប៉ុន្មានម៉ោង? មន្ទីពិសោធន៍ទាំងអស់ត្រូវធ្វើសកម្មភាព ហើយត្រូវស្តាប់ឱ្យបានកន្លែងសង្ស័យត្រូវធ្វើមុន…!»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការងាររបស់មន្ទីរពិសោធន៍មិនទាន់ឆ្លើយតបនឹងបញ្ហាអាសន្ននោះទេ។ លោកនាយករដ្ឋមន្រ្តី បានទម្លាយថា កន្លងមកសំណាកជាច្រើនត្រូវបានទុកចោល ដោយមិនពិនិត្យ។
លោកនាយករដ្ឋមន្ត្រី ដែលតែងតែគូរពីសុខទុក្ខប្រជាលរដ្ឋគ្រប់វិនាទី លោកបានសង្កត់ធ្ងន់ៗថា មន្ទីពិសោធន៍ទាំងអស់ត្រូវធ្វើសកម្មភាព ហើយត្រូវស្តាប់ឱ្យបានកន្លែងសង្ស័យមានករណីឆ្លងរាតត្បាតជំងឺកូវីដ-១៩ ខ្លាំងត្រូវធ្វើតេស្តសំណាកឱ្យមុន ខណៈយើងរកឃើញមុខមន្ត្រីជំនាញ អាចធ្វើសកម្មភាពចេញទៅយកអ្នកជំងឺបានមុន ការធ្វើបែបនេះដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ពីម្នាក់ ទៅម្នាក់ បានយ៉ាងច្រើនផងដែរ។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកមិនស្តីបន្ទោសនរណាម្នាក់នោះទេ ប៉ុន្តែវាជាបទពិសោធន៍ ដោយសារតែមិនទាន់ស្គាល់របៀប នៃការអនុវត្ត ខ្ញុំជាអ្នកនយោបាយ មិនមែនអ្នកបច្ចេកទេ ក៏ប៉ុន្តែ យើងក៏អាចដឹងបាន យើងរកបានមុន ឧទាហរណ៍អ្នកជំងឺរកឃើញម៉ោង១២ថ្ងៃត្រង់ អញ្ចឹងត្រឹមតែ២ម៉ោង ក្រោយយើងយកអ្នកជំងឺមកកាន់មន្ទីរពេទ្យបានហើយ»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទូចសុំឱ្យមន្ទីរពិសោធន៍ទាំងអស់ធ្វើតេស្តសំណាកឱ្យបានឆាប់រហ័ស និងត្រូវឱ្យអាទិភាពទៅតំបន់ដែលមានហានិភ័យ ដើម្បីឱ្យយើងងាយគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា ជាពិសេសត្រូវឱ្យកន្លែងដែលមានសមត្ថភាពធ្វើតេសត្តរកសំណាក ទោះតូច ឬធំក្តីត្រីវពង្រឹងសមត្ថភាពធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃខាងមុខនេះនឹងមានម៉ាស៊ីនធ្វើតេសនឹងមកដល់កម្ពុជាបន្ថែមទៀត នាពេលខាងមុខដ៏ខ្លីនេះ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើរដ្ឋាភិបាល លោក ចូ បៃឌិន ពិចារណាបង្វិលបំណុលដែល លន់ នល់ ខ្ចីទិញគ្រាប់បែកទម្លាក់លើប្រជាជនខ្មែរ ជាជំនួយអភិវឌ្ឍនៅកម្ពុជា

 (ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានស្នើឱ្យរដ្ឋាភិបាលរបស់ លោកប្រធានាធបិតីអាមេរិក ចូ បៃឌិន ពិចារណាបង្វិលបំណុលដែល លោកសេនាប្រមុខ លន់ នល់ ដើម្បីខ្ចីទិញគ្រាប់បែកទម្លាក់លើប្រជាជនខ្មែរនោះ មកជាជំនួយអភិវឌ្ឍន៍នៅកម្ពុជានាពេលបច្ចុប្បន្នវិញ។

ថ្លែងតាមរយៈសារវីដេអូ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអំពីបំណងរបស់លោក ក្នុងការចង់ឱ្យសហរដ្ឋអាមេរិកយកគំរូតាមរដ្ឋាភិបាលជប៉ុន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរឥរិយាបថជប៉ុន ដែលបានរកគ្រប់លទ្ធភាព ដើម្បីជួយដល់កម្ពុជា។

លោកនាយករដ្ឋមន្រ្តីបានថ្លែងថា ក្នុងពេលជប៉ុនមិនអាចផ្តល់ប្រាក់កម្ចីដល់កម្ពុជាបាននោះ ជប៉ុនបានផ្តល់ជាទំនិញផ្សេងៗមកលក់នៅកម្ពុជា ហើយទុកលុយនោះសម្រាប់ការអភិវឌ្ឍន៍ប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកធ្លាប់បានស្នើចំណុចនេះ៣ដង ទៅលោក អូបាម៉ា តែត្រូវ អូបាម៉ា និយាយថា ពិបាកពន្យល់សភាអាមេរិក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបន្តចាត់ទុកបំណុលរបស់សហរដ្ឋអាមេរិក ដែលកម្ពុជា បានខ្ចីកាលពីសម័យលន់ នល់ ធ្វើរដ្ឋប្រហារនោះ គឺជាបំណុលកខ្វក់មួយ ដែលបង្ខំឱ្យកម្ពុជាទិញគ្រាប់បែកអាមេរិក មកទម្លាក់លើក្បាលប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់មិនអស់។ នឹកឃើញរឿងនេះម្តងៗ លោកបញ្ជាក់ថា វាជារឿងឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាគ្រប់គ្នា។

សហរដ្ឋអាមេរិក បានគាំទ្រ និងផ្តល់ប្រាក់កម្ចីដល់របបលន់ នល់ ដែលបានធ្វើរដ្ឋប្រហារខុសច្បាប់ទម្លាក់ សម្តេចនរោត្តម សីហនុ ចេញពីតំណែងកាលពីឆ្នាំ១៩៧០។ ឯកសារមួយចំនួន បានបង្ហាញថា ប្រាក់កម្ចីនោះមានប្រមាណ២៧០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបើបូកសរុបទាំងការប្រាក់ទាំងដើមផង មកដល់ពេលបច្ចុប្បន្ន ប្រាក់កម្ចីនេះបានកើនដល់ជាង ៦០០លានដុល្លារហើយ។

នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ធ្លាប់បានស្នើឱ្យសហរដ្ឋអាមេរិក ពិចារណានៅក្នុងការបង្វែបំណុលទាំងនេះ មកជាប្រាក់ជំនួយ ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ដោយសារតែការធ្វើរដ្ឋប្រហាររបស់លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា បានបង្កជាសង្រ្គាមវិនាសកម្ម ហើយយន្តហោះអាមេរិក ទម្លាក់គ្រាប់បែករាប់លាន់គ្រាប់ សម្លាប់ពលរដ្ឋកម្ពុជាស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក បានចេញមុខច្រានចោលនូវសំណើនេះ។

បើតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សហអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ មានចំនួន២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែពលរដ្ឋខែ្មរជាង ៥០០,០០០នាក់ ត្រូវបានស្លាប់ដោយគ្រាប់បែកទាំងនេះ ក្នុងនោះក៏មានភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន កន្លែងរងការខូចខាត។

គ្រាប់បែកគីមីដែលជាមរតករបស់អាមេរិក ក៏បានបន្តគំរាមកំហែង ចំពោះអាយុជីវិតរបស់ពលរដ្ឋខ្មែរកន្លងមក និងបច្ចុប្បន្នផងដែរ។ គ្រាប់បែកគីមីច្រើនគ្រាប់ ត្រូវបានរកឃើញនៅខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀតដូចជា ខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ ប្រជាពលរដ្ឋជាងច្រើនរយនាក់ត្រូវបានរកឃើញថា បានរងផលប៉ះពាល់បញ្ហាសុខភាព ដោយសារគ្រាប់បែកនេះ ដែលទាមទារមានការដោះស្រាយបន្ទាន់៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពិធីបុណ្យចូលឆ្នាំខ្មែរនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ដើម្បីធានាសុវត្ថិភាពពីជំងឺកូវីដ-១៩

 (ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ នៅតែធ្វើធម្មតា ប៉ុន្តែត្រូវតែរៀបចំនៅក្នុងផ្ទះរៀងៗខ្លួន ដោយមិនមានការដើរកម្សាន្ត និងជួបជុំឡើយ ដើម្បីធានាសុវត្ថិភាពពលរដ្ឋពីជំងឺកូវីដ១៩។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យទ្រាំនឹងការលំបាកបន្តិច ប្រសើរជាងការស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរហូត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ពិនិត្យឱ្យបានល្អិតល្អន់លើការអនុវត្តវិធានការធ្វើដំណើរឆ្លងខេត្ត ព្រោះមានព័ត៌មាន មានអ្នកបន្លំដេកតាមរថយន្តដឹកទំនិញ។ លោកនាយករដ្ឋមន្រ្តី បានថ្លែងថា អ្នកបន្លំនេះ ត្រូវតែផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែត្រូវមានការយោគយល់ចំពោះអ្នកមានភាពចាំបាច់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការមិនឱ្យមានការឆ្លងពីខេត្តមួយទៅខេត្តមួយនោះឡើយ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ សម្រាប់នៅរាចធានីភ្នំពេញ ដែលមានការឆ្លងខ្លាំងក្លាជាងគេ ត្រូវបានដាក់បម្រាមគោចរនាពេលរាត្រីថែមទៀត ដោយមិនឱ្យមានការធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺផងដែរ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។ នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង៤០០០នាក់។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ និងក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។

នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ-១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ-១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖

១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក ។

២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ-១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ-១៩។

៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។

៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ។

៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ-១៩នេះ លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។

លោកនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ-១៩ អ្នកជំងឺកូវីដ-១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។ លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តទៀតថា នៅព្រឹកនេះលោកនាយករដ្ឋមន្រ្តីបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្ករ មី និងត្រីខកំប៉ុងផងដែរ ពីព្រោះយប់មិញនេះរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

នៅព្រឹកមិញនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ-១៩។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ដូចខាងក្រោម៖

១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។

៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ-១៩៕

  


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

(FN)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។



ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ផ្សាយពិសេសព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដោយសារជំងឺកូវីដ១៩ទាំងអស់ និងបានសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់កំពុងព្យាបាលជំងឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនមិនបានដើរមួយជំហានមុនរឿងសាងសង់ទីបច្ឆាបូជាសពអ្នកជំងឺកូវីដ១៩ទេ នឹងមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ តែសម្តេចបានគិតគូរមួយជំហានមុន ទោះមានការរិះគន់សម្តេចថា ប្រមាថជីវិតមនុស្សក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆ្លងកាន់តែច្រើននៃអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាព្រឹត្តិការណ៍ដ៏អាក្រក់សម្រាប់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសរសើរវៀតណាម និងថៃ ដែលបានគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍បានល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃ១០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៨៣នាក់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការណ៍រាំងខ្ទប់ការធ្វើដំណើរ១៤ថ្ងៃ ប្រហែលមិនគ្រប់គ្រាន់ទេ អាចនឹងមានការពន្យារពេលបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩ រដ្ឋនឹងបង់ជំនួសទឹក អគ្គិសនី ក្នុងកម្រិតសមរម្យមួយរយៈពេល៥ខែ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការជួយថ្លៃទឹក និងភ្លើងនេះ ជាការជួយសម្រួលការលំបាករបស់គ្រួសារសព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់គ្រួសារដែលមានសមាជិកកើតជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងអគ្គិសនី ក្នុងកម្រិតសមរម្យរយៈពេល៣ខែ ចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រួសារដែលត្រូវធ្វើចត្តាឡីស័កកន្លែងតំបន់ត្រូវបិទខ្ទប់នោះ រដ្ឋនឹងជួយ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ និងបង់ជំនួសថ្លៃទឹក និងអគ្គិសនី ក្នុងកម្រិតសមរម្យ ២ខែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការឧបត្ថម្ភថវិកា និងជួយចេញថ្លៃទឹកភ្លើងហើយនោះ រដ្ឋក៏ជួយអង្ករ ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ សម្រាប់អ្នកធ្វើចត្តាឡីស័ក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹក អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺ និងអ្នកត្រូវធ្វើចត្តាឡីស័ក។ សម្តេចតេជោ ហ៊ុន សែន បន្តថា បើមិនបាន ១០០ភាគរយ ក៏គួរមានជាបដិភាគ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះនឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារ ដែលបានផ្តល់ការអនុគ្រោះក្នុងការបង់ការប្រាក់ និងប្រាក់ដើម សម្រាប់អ្នកកើតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋ ៣៤ម៉ឺននាក់ ត្រូវបានរៀបចំឥណទានឡើងវិញ ចាប់តាំងពីកម្ពុជារាតត្បាតដោយជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនជារបបទីផ្សារផែនការ ដូច្នេះមិនអាចបង្គាប់បញ្ជាឱ្យវិស័យឯកជនធ្វើតាមខ្លួនបាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក៖

១៖ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២៖ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣៖ បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

៤៖ បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥៖ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។

៦៖ ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីអាមេរិក ចូ បៃឌិន ពិចារណាបំណុលសម័យសាធារណរដ្ឋ ដែលប្រៀបដូចជាការយកពូថៅមកវៃក្បាលខ្មែរហើយ ឱ្យខ្មែរជូតឈាមលើពូថៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរឥរិយាបថជប៉ុន ដែលបានរកគ្រប់លទ្ធភាព ដើម្បីជួយដល់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលរាជធានីភ្នំពេញ រឹបអូសយានជំនិះចំពោះអ្នកដែលបំពានបំរាមគោចរ ហើយឱ្យដើរទៅផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះសម្តេចបញ្ជាឱ្យបញ្ចេញថវិកា ៥ពាន់លានរៀល សម្រាប់អន្តរាគមន៍ស្បៀងអាហារអ្នកត្រូវរាំងខ្ទប់មិនឱ្យចេញពីផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាព្រឹត្តិការណ៍ធ្ងន់ធ្ងរសម្រាប់កម្ពុជា ដែលជាហេតុនាំឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទតំបន់ផ្ទុះកូវីដ១៩ខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រូវអនុញ្ញាតឱ្យមានការជួបជុំស៊ីផឹក ឬកម្មវិធីផ្សេងៗ រួមទាំងពិធីខួបកំណើតជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ មិនត្រូវទុកចិត្តសូម្បីតែបងប្អូនបង្កើតរបស់ខ្លួន គឺត្រូវជឿតែខ្លួនឯងប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន ព្រមាន «K01» រឿងនិយាយទាមទារលក្ខខណ្ឌអន្តរាគមន៍មួយចំនួន ពាក់ព័ន្ធបំណុលធនាគារ និងថ្លៃទឹក ភ្លើងជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីចូលឆ្នាំខ្មែរនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ។ ជាពិសេសចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបន្លំនេះត្រូវតែផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែត្រូវមានការយោគយល់ចំពោះអ្នកមានភាពចាំបាច់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មិនស្រាកស្រានទេ សម្តេចនឹងពិចារណារឿងពន្យារពេលនៃការផ្អាកធ្វើដំណើរឆ្លងខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំលុងពេលនេះ មិនមែនជាពេលស្តីបន្ទោសគ្នានោះឡើយ គឺជាពេលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយទម្លាប់សម្តេចមិនដែលចេះបន្ទោសពេលមានបញ្ហានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរុករកអ្នកពាក់ព័ន្ធ និងធ្វើតេស្តសុខភាពឱ្យបានរហ័ស ដើម្បីបញ្ឈប់ជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមន្ទីរពិសោធន៍ត្រូវពិនិត្យកន្លែងហានិភ័យខ្ពស់មុន ហើយកន្លែងមិនមានហានិភ័យធ្វើក្រោយ។ សម្តេចតេជោ បានបញ្ជាក់ថា ការងាររបស់មន្ទីរពិសោធន៍មិនទាន់ឆ្លើយតបនឹងបញ្ហាអាសន្ននោះទេ។ សម្តេចតេជោ បានទម្លាយថា កន្លងមកសំណាកជាច្រើនត្រូវបានទុកចោល ដោយមិនពិនិត្យ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យពង្រឹងការធ្វើតេស្តសុខភាព ខណៈម៉ាស៊ីនធ្វើតេសនឹងមកដល់កម្ពុជាបន្ថែមទៀត នាពេលខាងមុខដ៏ខ្លីនេះ។

* សម្តេចតេជោ បានណែនាំលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការងារជាមួយតុលាការ ដើម្បីកាត់ទោសអ្នកបំពានលើច្បាប់កូវីដ១៩ ពាក់ព័ន្ធការធ្វើចត្តាឡីស័ក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលពីរថ្ងៃនេះ អ្នកជំងឺកូវីដ១៩ លើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និង Great Duck។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់អគារពិព័រណ៍ និងអគាររៀបចំការនៅកោះពេជ្រ សម្រាប់ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពចេញជួយរៀបចំអគារនៅកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រសួងសុខាភិបាលចាត់ចែងរៀបចំគ្រែ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំទៅគ្រប់ខេត្តឱ្យពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តបានលឿន។ ហើយខេត្តនីមួយៗក៏ត្រូវត្រៀមបម្រុងគ្រែពេទ្យយ៉ាងតិច៥០គ្រែ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំកន្លែងឃុំខ្លួន អ្នកទោសដែលមានផ្ទុកជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋកម្ពុជាជិត ១លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់ ដែលស្ថិតក្នុងអត្រាខ្ពស់មួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាង ១១លានដូស នឹងមកដល់ប្រទេសកម្ពុជា បើមិនមានអ្វីប្រែប្រួលទេនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចមានសិទ្ធិដាក់កាតព្វកិច្ចវ៉ាក់សាំង សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចដើរមុនស្ថានការណ៍ ទើបសម្តេចតែងឈ្នះលើសមរភូមិនយោបាយ ហើយអ្នករិះគន់សម្តេចចាញ់រហូត ព្រោះធ្វើនយោបាយអត់មាយាទ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃក្រោយអ្នកមិនចាក់វ៉ាក់សាំង នឹងមិនត្រូវគេអនុញ្ញាតឱ្យចូលប្រទេសគេនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើមេដឹកនាំគ្រប់គ្រងប្រទេសត្រូវតែម៉ត់ចត់ បើមិនម៉ត់ចត់មិនអាចដឹកនាំបានទេ។ សូម្បីព្រះចៅអធិការវត្ត ក៏ត្រូវមានវិន័យដែរ។

* សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រុមអ្នកសិទ្ធិមនុស្សពិចារណា រវាងការដាក់ចេញវិធានការការពារជីវិតមនុស្ស និងទុកឱ្យមនុស្សស្លាប់ដោយជំងឺកូវីដ១៩ តើយកមួយណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេចង់ថាសម្តេចផ្តាច់ការ ឬរំលោភសិទ្ធិមនុស្សក៏ថាទៅ តែសំខាន់សម្តេចការពារអាយុជីវិតពលរដ្ឋមួយប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង ៥០ម៉ឺនដូស មកដល់ខែមេសា, ឧសភា ១លាន ៥សែនដូស, មិថុនា ៣លានដូស, កក្កដា ២លានដូស និងខែសីហា ១លានដូស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តធ្វើជាអ្នកផ្តាច់ការ ដើម្បីជាតិកម្ពុជារស់។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរតស៊ូរហូតធ្វើប្រទេសមានសុខសន្តិភាព មានការគ្រប់គ្រងតែមួយ និងមិនមានអ្វីទាំងអស់ រហូតមានអគារខ្ពស់រាប់រយ។ សម្តេចចោទសួរថា តើនេះឬជាបុរសផ្តាច់ការ?

* សម្តេចតេជោ ហ៊ុន សែន ណែនាំលោកស្រី ឱ វណ្ណឌីន និងអ្នកពាក់ព័ន្ធថា ក្របខណ្ឌកងទ័ព និងមន្ត្រីរាជការស៊ីវិល ត្រូវតែបានចាក់វ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេបង្អាប់វ៉ាក់សាំងចិន តែពេលនេះបែរជាមានបញ្ហាវ៉ាក់សាំងរបស់អង់គ្លេសទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសទី២នៅថ្ងៃទី២៩ ខែមេសា តែបើត្រូវប្រជុំបន្ទាន់នៅហ្សាកាតា សម្តេចអាចចាក់មុនកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំលោកស្រី ឱ វណ្ណឌីន ចាត់ចែងចាក់វ៉ាក់សាំងជូនជនពិការ បុព្វជិតសាសនា និងប្រជាការពារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ចំពោះការលំបាកក្នុងកំលុងនៃវិបត្តិជំងឺកូវីដ១៩នេះ។ សម្តេចតេជោ ក៏បានស្នើឱ្យអនុវត្តវិធានការការពារជំងឺកូវីដ១៩ ជាពិសេសអនុវត្តវិធាន «៣ការពារ និង៣កុំ»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែមីនា កន្លងទៅ ចំណូលថវិកាផ្នែកពន្ធដា មានជាង ៦០០លានដុល្លារ និង
គយជាង ២០០លានដុល្លារ។ ដោយឡែករក្សាពេល៣ខែឆ្នាំនេះ ចំណូលពន្ធដារមានជាង ១ពាន់លានដុល្លារ និងគយ មានជាង ៦០០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះមានអ្នកនយោបាយប្រឆាំងម្នាក់ សុំសិទ្ធិធ្វើនយោបាយឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន នឹងពិគ្រោះជាមួយគ្រូពេទ្យរឿងចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសទី២។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះប្រហែលមានតែកម្ពុជាទេ ដែលបានចាក់វ៉ាក់សាំងជូនជនបរទេសជាមន្ត្រីទូត ឬអង្គការអន្តរជាតិនានា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសារពិសេសជូនជនរួមជាតិ នៅវេលាម៉ោង១១៖៤៥នាទី៕