Wednesday, January 11, 2017

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរដ្ឋ Ontario នៃប្រទេសកាណាដាមកស្វែង​យល់​ការងា​រ​​គ្រប់គ្រងរមណីយ​​ដ្ឋានអង្គរពីសំណាក់អាជ្ញាធរជាតិអប្សរា

រដ្ឋមន្ត្រីពាណិជ្ជកិច្ចកម្មអន្តរជាតិ នៃរដ្ឋ Ontario ប្រទេសកាណាដា គឺលោក Michael Chan បានមកបំពេញទស្សនកិច្ចនិងស្វែងយល់អំពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ទទួលស្វាគមន៍និងធ្វើបទបង្ហាញជូនរដ្ឋមន្ត្រីនៅពេលនេះមាន លោក សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត។
បន្ទាប់ពីកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ លោក សុខ សង្វារ ក៏បានបង្ហាញជូនគណៈប្រតិភូកាណាដាអំពីការវិវត្តសំខាន់ៗដែលពាក់ព័ន្ធនឹងការរៀបចំគ្រប់គ្រងរមណីយដ្ឋានអង្គរ។ ក្នងនោះ ចាប់ពីអង្គរត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២មក តាមរយៈឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអង្គរត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាក់ស្តែង ការរៀបចំគណៈកម្មាធិការអន្តរជាតិ ICC-Angkorក្នុងឆ្នាំ១៩៩៣ ការកំណត់តំបន់ការពារក្នុងឆ្នាំ១៩៩៤ ការបង្កើតអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ១៩៩៥ ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងបេតិកភណ្ឌក្នុងឆ្នាំ១៩៩៦ គោលនយោបាយបើកលំហជើងមេឃឆ្នាំ១៩៩៧ យុទ្ធសាស្ត្រឈ្នះៗដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងក្នុងឆ្នាំ១៩៩៨។ កត្តាទាំងនេះហើយ ដែលជំរុញឲ្យអង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ឆ្នាំ២០០៤។
ជាមួយគ្នានេះលោក សុខ សង្វារ ក៏បានបញ្ជាក់ផងដែរ អំពីភាពជោគជ័យនៃការគ្រប់គ្រងរមណីយដ្ឋានអង្គររយៈពេលជាង២០ឆ្នាំកន្លងមកនេះរបស់អាជ្ញាធរជាតិអប្សរា តាមរយៈយន្តការICC-Angkor និងកិច្ចសហប្រតិបត្តិការយ៉ាងល្អពីសំណាក់ដៃគូជាតិ និងអន្តរជាតិជាច្រើនទៀត។ មិនត្រឹមតែជោគជ័យនៅអង្គរទេ យន្តការICC-Angkor ត្រូវបានបណ្តាប្រទេសជាច្រើនយកគំរូទៅអនុវត្តតាមទៀតផង។
ក្រៅពីនេះមន្ត្រីជំនាញ៤រូបផ្សេងទៀតក៏បានធ្វើបទបង្ហាញជូនរដ្ឋមន្ត្រីអំពីកិច្ចការអភិរក្សជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ ការអភិវឌ្ឍនិងគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍសហគមន៍ក្នុងរមណីយដ្ឋានអង្គរ និងការគ្រប់គ្រងបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។

លោក Michael Chan បានរៀបរាប់ថា លោកពិតជាស្ងើចសរសើរចំពោះស្ថាដៃដូនតាខ្មែរ ដែលបានសាងសង់ប្រាសាទយ៉ាងល្អឥតខ្ចោះ ជាពិសេសលោកពិតជាស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ដែលបំពេញបេសកកម្មដ៏ធំធេងរបស់ខ្លួនបានទទួលលទ្ធផលយ៉ាងជោគជ័យ។ លោកក៏បានបញ្ជាក់ថា “មុនចេញដំណើរមក ប្រពន្ធខ្ញុំបានស្វែងរកក្នុងប្រព័ន្ធអ៊ីនធើណិតអំពីអង្គរ ហើយបានដឹងថា អង្គរពិតជាអស្ចារ្យណាស់ យើងបានដឹងថាថ្មីៗនេះអង្គរបានក្លាយជាគោលដៅទស្សនាដ៏ល្អបំផុតលើលោកទៀតផង”។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា “ក្រោយពីស្តាប់បង្ហាញអម្បាញ់មិញនេះទៅ ឃើញថាមានប្រទេសជាច្រើនមកចូលរួមជួយអង្គរ ខ្ញុំនឹងយកបញ្ហានេះទៅជម្រាបជូនថ្នាក់ដឹកនាំខ្ញុំ ហើយខ្ញុំនឹងជំរុញស្ថាប័នជាតិ និងស្ថាប័នស្ម័គ្រចិត្តនានានៅក្នុងប្រទេស កាណាដា ដើម្បីមកចូលរួមក្នុងកិច្ចការអភិរក្សអង្គរនាពេលខាងមុខ”៕



អាថ៌កំបាំងនៅក្រោយស្នាមញញឹមប្រាសាទបាយ័ន

ប្រាសាទបាយ័នកសាងឡើងនៅចុងសតវត្សទី១២ ពេលខ្លះគេយល់ថាប្រាសាទនេះបង្កប់នូវរចនាបទបែប បារ៉ូកសម័យអង្គរ បើប្រៀបធៀបទៅនឹងប្រាសាទអង្គរវត្ត។ ព្រះភក្ត្របញ្ចេញស្នាមញញឹមនៅលើកំពូលជាច្រើនបង្កប់ដោយភាពអាថ៌កំបាំង។ ចម្លាក់ក្រឡោតទាបដ៏ល្អនៅតាមជញ្ជាំងថែវបានរៀបរាប់ពីជីវិតប្រចាំថ្ងៃរបស់រាស្រ្តខ្មែរនៅសម័យដ៏រុងរឿងនៃប្រាសាទបាយ័ន។ ភ្លាមៗបន្ទាប់ពីបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា ICC Angkor ក្រុមអភិរក្សអង្គររបស់រដ្ឋាភិបាលជប៉ុននិងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាល រួមជាមួយអង្គការយូណេស្កូ ក៏បានចាប់ផ្តើមអនុវត្តគម្រោងអភិរក្សខ្នាតធំមួយ ដែលចែកចេញជាពីរដំណាក់កាល ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៥ ដើម្បីជួសជុលបណ្ណាល័យខាងជើង។
ការងារទាំងអស់រួមមាន ការងារអង្កេតទៅលើប្រាសាទបាយ័ន ការងារស្រាវជ្រាវនិងជួលជុល ការងារបង្កើតប្លង់មេមួយសម្រាប់ការអភិរក្ស និងការងារជួសជុលប្រាសាទបាយ័នទាំងមូលនិងកម្មវិធីបណ្តុះបណ្តាលអ្នកជំនាញខ្មែរ។ ដំណាក់កាលទីបីនៃគម្រោង ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១១ ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងក្រុមអភិរក្សអង្គរជប៉ុន អាជ្ញាធរអប្សរា និងអង្គការយូណេស្កូ។ ជាបឋមគម្រោងនេះ សំដៅលើការផ្ទេរការទទួលខុសត្រូវលើការងារបន្តិចម្តងៗដល់អ្នកជំនាញខ្មែរ។ ដំណាក់កាលនេះផ្តោតទៅលើការជួសជុលបណ្ណាល័យខាងត្បូង ចម្លាក់ក្រឡោតទាបនានានៅតាមជញ្ជាំងថែវខាងក្រៅផ្នែកខាងត្បូងនិងលំនឹងរចនាសម្ព័ន្ធតួកណ្តាល។ដំណាក់កាលទីបួន នៃគម្រោង បានចាប់ផ្តើមនៅចុងឆ្នាំ២០១១ ហើយគម្រោងបានបញ្ចប់នៅឆ្នាំ២០១៦។
ដំណាក់កាលនេះផ្តោតទៅលើការងារពង្រឹងគ្រឹះនិងការពង្រឹងរចនាសម្ព័ន្ធខាងលើនៃតួកណ្តាល ការងារអភិរក្សចម្លាក់ក្រឡោតទាបនៅតាមជញ្ជាំងថែវខាងក្នុងការងារជួសជុលដំបូលនិងកន្លែងប្រឈមនឹងគ្រោះថ្នាក់ផ្សេងទៀត ព្រមទាំងការងារកែលម្អស្ថាបត្យកម្ម និងទេសភាពនៅខាងមុខជ្រុងខាងកើតប្រាសាទ។

រាល់ដំណាក់កាលទាំងអស់ តម្រូវឲ្យមានការស្រាវជ្រាវយ៉ាងស៊ីជម្រៅនិងប្រើវិធីសាស្ត្រពហុជំនាញ។ ជាការសំខាន់បំផុតដែលត្រូវឲ្យអ្នកជំនាញក្នុងស្រុកចូលរួមនៅក្នុងគម្រោងនេះ។ ក្រុមការងារបានប្រើបច្ចេកទេសខ្មែរសម័យបុរាណដើម្បីពង្រឹងគ្រឹះរបស់ប្រាសាទនីមួយៗ។ការប្រកាន់យកគោលការណ៍បែបនេះ រួមជាមួយភាពច្បាស់លាស់ផ្នែកវិទ្យាសាស្រ្ត និងវិធីសាស្រ្តពហុជំនាញ និងការចូលរួមរបស់អ្នកស្រុកគួរត្រូវបន្តនៅក្នុងដំណាក់កាលក្រោយៗទៀត។(២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការងារអភិរក្សនិងអភិវឌ្ឍដោយចីរភាពរមណីយដ្ឋានអង្គរ)៕




សាខាបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េ សហការជាមួយអង្គការចាត់តាំងយុវជនបក្ស បានប្រារព្ធធ្វើមិទ្ធីញអបអរខួបលើកទី៣៨ ទិវាជ័យជម្នះ៧មករា

ដើម្បីចូលរួមអបអរសាទរខួបលើកទី៣៨ នៃទិវាជ័យជម្នះ ៧មករា និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤០ អាណត្តិទី៥ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ សាខាគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមិទ្ធីញអបអរ និងអាហារសាមគ្គីនៅសណ្ឋាគារ Novotel នៅ
ទីក្រុងស៊ូវ៉ុន ខេត្តខ្យងគឺ ដោយចូលរួមពី ទីប្រឹក្សាអមស្ថានទូត មន្រ្តីរាជការស្ថានទូត ក្រុមសកម្មជនតាមតំបន់នានា ក្រុមសកម្មជនតំណាងមកពីក្រុម ឆន្ទៈពលករឆ្លងដែន ក្រុមស្រ្តីមានស្វាមីកូរ៉េ ក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្តនៅកូរ៉េ ក្រុមទស្សនៈពលករ ក្រុមពលករជំនួញ និងក្រុមនិស្សិតអាហាររូបករណ៍ ប្រមាណ ១៦០នាក់ ប្រកបដោយភាពរីករាយ ស្និទ្ធស្នាល និងអត្ថន័យក្រៃលែង។
បន្ទាប់ពីមីទ្ទិញរំឭកពិធីមីទ្ទិញអបអរសាទរខួបទី ៣៨ នៃទិវាជ័យជម្នះ ៧មករា និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤០ អាណត្តិទី៥ បានបញ្ចប់ សាខាគណបក្សបានបន្ដដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ របស់សាខាគណបក្សឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ជាមួយសមាជិក-សមាជិការចូលរួមទាំងអស់ ហើយកិច្ចប្រជុំបានឯកភាពគ្នាជាសមូហភាពស្នើសុំបង្កើតគណៈកម្មាធិការគណបក្ស និងរៀបចំរចនាសម្ព័ន្ធរហូតដល់ក្រុមបក្សនៅតាមមូលដ្ឋាន៕