Sunday, October 05, 2014

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន ដឹកនាំ​​កិច្ច​​ប្រជុំ​​លើក​​ដំបូង​​គណៈ​កម្មាធិការ​​អន្តរ​​ក្រសួង​​រៀប​​ចំ​​សន្និ​សីទ​​ពិភព​លោក​​ស្តីពី​​ទេសចរណ៍ និង​​វប្បធម៌ ឆ្នាំ​២០១៥

នា​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៤ នៅ​វិមាន​មិត្ត​ភាព​ ទីស្តីការ​គណៈរដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រីទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ដំបូង​នៃគណៈ​កម្មាធិការ​អន្តរក្រសួង​រៀប​ចំ​សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ឆ្នាំ​២០១៥ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ១២៩ សសរ​ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤។

ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការអន្តរ​​ក្រសួង​រៀប​ចំ​សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ឆ្នាំ២០១៥ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយមាន​​កិច្ច​សហប្រតិបត្តិការ និង​គាំទ្រ​​ពី​អង្គការ​យូណេស្កូ (UNESCO) និង​អង្គការ​ទេសចរណ៍​ពិភពលោកនៃ​អង្គការ​សហប្រជាជាតិ (UNWTO) រាជរដ្ឋាភិបាល​កម្ពុជា នឹង​រៀប​ចំ​ធ្វើ​សន្និសីទ​ពិភពលោក​ស្តីពីទេសចរណ៍ និង​វប្បធម៌ នៅ​ទីក្រុង​​​សៀម​រាបអង្គរ ចាប់​ពីថ្ងៃទី​៤-៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ខាង​មុខ​នេះ។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា វា​ជា​មោទនភាព​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​ត្រូវ​បាន​អង្គការ​យូណេស្កូ (UNESCO) ដែល​មាន​ប្រទេសចំនួន ១៩៦ ជាសមាជិក​ និង​អង្គការ​​ទេសចរណ៍​ពិភព​លោក​នៃ​អង្គការ​សហប្រជាជាតិ​ ដែល​មាន​ប្រទេស​ចំនួន ១៥៦ ជាសមាជិក សម្រេច​​ជ្រើស​រើស​យក​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ប្រារព្ធ​ទិវា​ទេសចរណ៍ និង​វប្បធម៌​អន្តរជាតិ​ ដែល​​ទិវា​​នេះ​នឹង​មាន​ប្រតិភូ​ជាន់​ខ្ពស់​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍ និង​វប្បធម៌ ជាង ៣០០នាក់​មក​ចូល​រួម​។ មូល​ហេតុ​ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បញ្ជាក់​ថា គឺ​ដោយ​សារ​ប្រទេសកម្ពុជា​សម្បូរ​ទៅ​ដោយ​សម្បត្តិ​បេតិកភណ្ឌ​​មាន​ប្រាសាទ និង​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន និងកេរ្តិ៍​ឈ្មោះ​ល្បី​ជា​គំរូ​ផ្សេងៗ​​ទៀត​ ដូច​ជា​ តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ និង​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហា​រជា​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក​។ ជា​ពិសេស​បទ​ពិសោធន៍​នៃការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អង្គរ​ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកតាំង​ពី​ឆ្នាំ​១៩៩២ ដោយ​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​អង្គរ (ICC-Angkor) ដែល​ជា​ស្ថាប័ន​គំរូ​មួយ​​នៅ​ក្នុង​ពិភព​លោក​ក្នុង​ការ​អភិរក្សបេតិកភណ្ឌ​។ ចាប់​ពី​ឆ្នាំ​១៩៩៣ មក​ដល់​បច្ចុប្បន្ន តាម​រយៈគណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​អង្គរ (ICC-Angkor) ទទួល​បាន​ថវិកា​ចំនួន ៥០០លាន​ដុល្លារ​អាមេរិក​ ពី​អង្គការ​អន្តរជាតិ និង​បណ្តា​ប្រទេស​នានាជា​សមាជិក​អង្គការ​យូណេស្កូ មក​ជួយ​ជួស​ជុល​អភិរក្ស​ប្រាសាទ​នានា នៅ​ក្នុង​តំបន់​អង្គរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ​​សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ឆ្នាំ​២០១៥ ដែល​ប្រារព្ធ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា នឹង​ក្លាយ​ជា​វេទិការ​នៃ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍រវាង​ការ​ងារ​ទេសចរណ៍ និង​វប្បធម៌ នៃ​ព្រះ​រាជាណាចក្រកម្ពុជា ជា​មួយ​បណ្តា​ប្រទេស​​ផ្សេងៗ​​ទៀតក្នុង​ពិភពលោក​។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​ ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​យក​ចិត្តទុក​ដាក់​រៀប​ចំ​ទីក្រុង​មាន​សណ្តាប់​ធ្នាប់ និង​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ក៏​ដូច​ជា​ សម្រាប់ការ​រៀប​ចំ​សន្និសីទ​​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ឆ្នាំ​២០១៥នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។

សូម​បញ្ជាក់​ថា ទេសចរណ៍​នៅ​ព្រះ​រាជាណាកច្រ​កម្ពុជា​ជា​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ដែល​ឆ្នាំ​២០១៣កន្លង​មក​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិចំនួន ៤លាន២សែន​នាក់​មក​ទស្សនា ដែល​ធ្វើ​ឲ្យ​​ព្រះ​រាជាណាចក្រកម្ពុជា ទទួល​បាន​ចំណូល​យ៉ាង​ច្រើន​លើ​វិស័យ​ទេសចរណ៍ សម្រាប់​ជួយ​កាត់​បន្ថយ​​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ។

នៅ​ក្នុងអនុក្រឹត្យ​លេខ ១២៩ សសរ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៤ ស្តីពីការ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​រៀប​ចំ​សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ឆ្នាំ​២០១៥ មាន​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ជា​ប្រធាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជា​អនុប្រធាន​អចិន្ត្រៃយ៍ លោកជុំ​ទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​អនុ​ប្រធាន​។ សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ឆ្នាំ​២០១៥ តាម​គម្រោង​នឹង​ត្រូវ​ប្រារព្ធពិធី​បើក​ក្រោម​អធិបតីភាពសម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន និង​ប្រារព្ធ​ពិធី​បិទ នៅ​ក្រោម​ព្រះ​រាជាអធិបតី​ភាព​សម្តេច​ព្រះ​បរមនាថ សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕