Sunday, June 26, 2022

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។

តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

គណបក្សនេះបានកត់សម្គាល់ថា គ្រប់គណបក្ស ដែលបានចូលរួមបោះឆ្នោតមានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទបញ្ញត្តិនៃច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋខ្មែរជាង៨០% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញ លេញនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសតាំងតំណាងដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំឃុំ សង្កាត់ ពី ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ បន្តទៀត។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ នៃដំណើរការប្រជាធិបតេយ្យជាទៀងទាត់នៅកម្ពុជា ជាពិសេសនៅថ្នាក់មូលដ្ឋានក្រោមពន្លឺនៃសន្តិភាព។ ជោគជ័យ នេះក៏ទទួលបាន ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងសម្រេចបាន សមិទ្ធផលថ្មីៗបន្តទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមជាមួយនេះ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាក៏ កាន់តែត្រូវបានលើកកម្ពស់ឡើងនៅលើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាកំពុងទទួលតួនាទីជាប្រធានអាស៊ាន និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឧឡារិក ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។ លទ្ធផលនៃការបោះឆ្នោតនេះ បានកើតចេញពីទឹកចិត្ត ឆន្ទៈ និងវិចារណញ្ញាណរបស់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ ដែលមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំចំពោះការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនបន្តទៀត ហើយបានបដិសេធនូវការកុហកបោកប្រាសញុះញង់ មួលបង្កាច់ការពិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែរារាំងដំណើរអភិវឌ្ឍន៍កម្ពុជា»។

ការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងនូវការផ្តល់យុត្តិធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោ បាយរបស់ខ្លួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការគាំទ្រយ៉ាងទូលំទូលាយចំពោះគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សេចក្តីថ្លែងការណ៍។

គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។ តាមរយៈជ័យជម្នះនេះ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋាន សម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នា ឆ្នាំ២០២៣ ខាងមុខ។

គណបក្សប្រជាជនកម្ពុជា ក៏បានសម្តែងនូវការគោរព និងកោតសរសើរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្ត និងគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដែលបានបំពេញតួនាទី និងភារ កិច្ចរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ អព្យាក្រឹតឥតលម្អៀង តម្លាភាព និងយុត្តិធម៌ ក្នុងជំហរទទួលខុសត្រូវ ខ្ពស់ចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាលបាន ប្រព្រឹត្តទៅយ៉ាងល្អប្រសើរស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការ រៀបចំការបោះឆ្នោត ជាពិសេស ការការពារសន្តិសុខ សណ្តាប់ធ្នាប់ទូទៅសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និង ថ្ងៃបោះឆ្នោត ធ្វើឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់។



CPP Accepts Official Results of the 5th Mandate Communal Election
*******
Phnom Penh, Jun. 26 – The Cambodian People's Party would like to solemnly declare accepting the official results of the 5th term commune/sangkat council election announced by the National Election Committee on 26 June 2022.
"The Cambodian People's Party is determined before the people that the Party will successfully implement its policies to maintain peace, stability, security, social order and security, to improve the provision of public services, to increase social protection for the poor and vulnerable, and to develop communes in all fields to meet the supreme aspirations and interests of all people at local level," according to the press release seen by Fresh News on Sunday (Jun 26).
Read in full below.




ផ្សាយពិសេស៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ផ្សាយពិសេស៖ (វគ្គទី១) លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

ប្រភព៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee


#NEC  #គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត #NationalElectionCommittee #Election2022


វិភាគអន្តរជាតិ៖ តើចិន អាចយកតៃវ៉ាន់ដោយមិនបាច់ច្បាំង ឬ?


(វ៉ាស៊ីនតោន)៖ ការព្រួយបារម្ភបានកើនឡើងគួរឱ្យកត់សម្គាល់ នៅកោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងនៅក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់អាស៊ីថាចិន កំពុងត្រៀមលក្ខណៈវាយកាន់កាប់តៃវ៉ាន់ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ បើគេចាំមិនភ្លេចទេ កំលុងផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាអាវុធ នៃព្រឹទ្ធសភាអាមេរិក កាលពីឆ្នាំ២០២១ អតីតមេបញ្ជាការអាមេរិក នៃទីបញ្ជាការកងទ័ពប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកឧត្តមនាវី ហ្វីលីព ដាវីដសុន (Philip Davidson) បានព្រមានថាចិនអាចនឹងព្យាយាមវាយយកតៃវ៉ាន់ នៅក្នុងរយៈពេល ៦ឆ្នាំខាងមុខ ឬនៅឆ្នាំ២០២៧។


ការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោក គឺជាក្ដីស្រមៃដ៏ធំមួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ អ្នកវិទ្យាសាស្ត្រនយោបាយដូចជា លោកស្រី អូរីយ៉ាណា ស្កាយឡា ម៉ាស្ត្រូ (Oriana Skylar Mastro) ក៏យល់ឃើញស្រដៀងគ្នានឹងលោក ដាវីដសុន ដែរថាលោក ស៊ី ជិងពីង ចង់បង្រួបបង្រួមជាមួយកោះតៃវ៉ាន់ជាផ្នែកមួយនៃ ការបន្សល់ទុក «មរតកផ្ទាល់ខ្លួន» សម្រាប់កូនចៅចិនជំនាន់ក្រោយ។ បើតាមលោកស្រី ម៉ាស្ត្រូ ការប្រើកម្លាំងយោធាអាចនឹងធ្វើឡើងនៅមុនអាណត្តិទី៣របស់លោក ស៊ី ជិនពីង ក្នុងតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន អស់សុពលភាពនៅឆ្នាំ២០២៧ ឬអាចមុននឹងអាណត្តិទី៤ របស់លោក បិទបញ្ចប់នៅឆ្នាំ២០៣២។


សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនបានក្លាយជាមូលហេតុចម្បងមួយ នៃការបារម្ភរឹតតែខ្លាំងថាចិនអាចនឹងយកគំរូតាមរុស្ស៉ីប្រើកម្លាំងយោធាលើតៃវ៉ាន់ ហើយ ប៉េកាំងប្រហែលជាកំពុងលួចញញឹមក្នុងចិត្តដោយឃើញអាមេរិកត្រូវបង្វែរធនធានទាំងនយោបាយ និងយោធាទៅកាន់តំបន់អឺរ៉ុប។ ថ្នាក់ដឹកនាំចិន ក៏កំពុងព្យាយាម បកស្រាយដែរថាការឆ្លើយតបរបស់បណ្ដាប្រទេសលោកខាងលិច ទៅនឹងការឈ្លានពានរបស់រុស្ស៉ីបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនធ្វើអន្តរាគមន៍យោធាការពារ ប្រទេស ឬតំបន់មួយដែលមិនត្រូវបានចងភ្ជាប់ជាមួយសន្ធិសញ្ញាយោធា ដើម្បីប្រឆាំងនឹងប្រទេសមួយដែលជាមហាអំណាចនុយក្លេអ៊ែរនោះទេ។ ត្រង់ចំណុចនេះ លោក ដាវីដ សេក (David Sacks ) ជាអ្នកជំនាញម្នាក់មកពី Council on Foreign Relations បាននិយាយថាអ្នកបង្កើតគោលនយោបាយចិនអាចនឹងធ្វើការសន្និដ្ឋានថាឃ្លាំង អាវុធនុយក្លេអ៊ែររបស់រុស្ស៉ីពិតជាមានប្រសិទ្ធភាពកំញើញសហរដ្ឋអាមេរិក មិនឱ្យលូកដៃដោយផ្ទាល់ចូលក្នុងសង្រ្គាមអ៊ុយក្រែន ម្លោះហើយអាមេរិកក៏ប្រហែលជាមិន ហ៊ានចូលជួយតៃវ៉ាន់ ធ្វើសង្រ្គាមនុយក្លេអ៊ែរជាមួយចិននោះដែរ។


ក៏ប៉ុន្តែ ការភ័យខ្លាចថា ចិនអាចនឹងវាយប្រហារលើតៃវ៉ាន់ ក្នុងពេលឆាប់ៗនេះ ឬអនាគតដ៏ខ្លីប្រហែលជាមិនអាចក្លាយជាការពិតឡើយ។ អស់រយៈពេលរាប់ទសវត្សរ៍ មកនេះ គោលនយោបាយរបស់ចិនចំពោះតៃវ៉ាន់ មានតែពាក្យមួយគត់ នោះគឺ «អត់ធ្មត់» ដូចគ្នាទៅនឹងគោលនយោបាយដែលប៉េកាំងកំពុងអនុវត្តក្នុងសំណុំរឿងជម្លោះ ទឹកដី រាប់ចាប់ពីជម្លោះព្រំដែនជាមួយឥណ្ឌា រហូតដល់សមុទ្រចិនខាងត្បូង។ លោក រ៉ូបឺត ប្លេកវៀល (Robert Blackwill) និងលោក ហ្វីលីព ហ្សេកូវ (Philip Zelikow) បានសរសេរ នៅក្នុងរបាយការណ៍ឆ្នាំ២០២១របស់ខ្លួន និងត្រូវបានចេញផ្សាយដោយ Council on Foreign Relations ដែលជាវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយមាន មូលដ្ឋានក្នុងសហរដ្ឋអាមេរិក ថា «តៃវ៉ាន់នឹងក្លាយជាចំណុចក្ដៅ និងដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ដែលអាចនឹងផ្ទុះទៅជាសង្រ្គាមរវាងអាមេរិក និងចិន នៅពេលអនាគត»។


ជាការពិតណាស់ តៃវ៉ាន់សុទ្ធតែសំខាន់សម្រាប់ចិន និងសហរដ្ឋអាមេរិក។ ពោលគឺសម្រាប់អ្នកជាតិនិយមចិន តៃវ៉ាន់គឺជាបញ្ហាស្លាប់រស់នៃអាយុជីវិតជាតិ រីឯសម្រាប់ សហរដ្ឋអាមេរិក តៃវ៉ាន់អាចកំណត់ពីជោគវាសនានៃអំណាចរបស់អាមេរិក នៅក្នុងតំបន់អាស៊ី និងនៅលើពិភពលោកទាំងមូល។ ក្នុងឆ្នាំ១៩៧៩ នៅពេលដែលអាមេរិក ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដើម្បីភ្ជាប់ទំនងជាមួយចិន ទីក្រុងប៉េកាំងមានឱកាសដ៏ល្អ ដើម្បីយកឈ្នះតៃវ៉ាន់ដោយមិនបាច់ចម្បាំង ពីព្រោះតៃវ៉ាន់ នៅពេលនោះ នៅឯកោទាំងការទូត និងមានយោធាទន់ខ្សោយ ហើយសេដ្ឋកិច្ចទៀតសោតពឹងផ្អែកយ៉ាងខ្លាំងលើចិនដីគោក។ ឆ្លៀតឱកាសនេះចិនកាន់តែលើកទឹកចិត្ត ឱ្យក្រុមហ៊ុនតៃវ៉ាន់ បោះទុនរកស៊ីនៅចិនដីគោក បញ្ជូនជនជាតិចិនឱ្យទៅធ្វើទេសចរណ៍នៅតៃវ៉ាន់ ព្រមទាំងបានបង្កើនការទិញទំនិញពីតៃវ៉ាន់ និងវិនិយោគលើប្រព័ន្ធ ផ្សព្វផ្សាយនៅលើទឹកដីតៃវ៉ាន់ ក្នុងចេតនាផ្សាយព័ត៌មានល្អពីចិន និងលើកមុខមាត់ថ្នាក់ដឹកនាំតៃវ៉ាន់ប្រឆាំងនឹង «ឯករាជ្យ» នៅក្នុងជួរគណបក្សគួរមិញតាង ឬគណបក្សជាតិនិយមតៃវ៉ាន់។


ក៏ប៉ុន្តែ ការព្យាយាមនេះមិនបានទទួលលទ្ធផលដែលចិនចង់បានឡើយ។ ជាក់ស្ដែង បើតាមការស្ទង់មតិ ចំនួនប្រជាជនតៃវ៉ាន់ដែលធ្លាប់តែគាំទ្រឱ្យទីក្រុងតៃប៉ិ បង្រួបបង្រួមជាមួយចិនដីគោក បានថយចុះពី ២៨ភាគរយក្នុងឆ្នាំ១៩៩៩ មកនៅតិចជាង ២ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២នេះ ខណៈប្រជាជនតៃវ៉ាន់ភាគច្រើនគាំទ្រ ឱ្យតៃវ៉ាន់ នៅតែរក្សាស្ថានភាពដើម នោះគឺ «មិនប្រកាសឯករាជ្យ ហើយក៏មិនបង្រួបបង្រួមជាមួយចិន»។ ប្រឈមមុខនឹងនិន្នាការបែបនេះឯង ទើបចិនចាប់ផ្ដើមប្រកាន់ ជំហរដាច់អហង្ការចំពោះតៃវ៉ាន់ ដោយប៉េកាំងបានបង្កើនការធ្វើយុទ្ធនាការការទូតធ្វើឱ្យតៃវ៉ាន់កាន់តែ «ឯកោ» នៅលើឆាកអន្តរជាតិ ជាមួយការបញ្ចុះបញ្ចូលឱ្យបណ្ដា ប្រទេស ឬដែនដីដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ ផ្ដាច់ទំនាក់ទំនងទូតជាមួយតៃប៉ិ ដើម្បីប្រយោជន៍សេដ្ឋកិច្ចដែលចិនផ្ដល់ឱ្យ។


ក្រៅតែពីការទូត ចិនត្រូវបានគេមើលឃើញថា កំពុងធ្វើតេស្ដលើសមត្ថភាពយោធាតៃវ៉ាន់ តាមរយៈការបញ្ជូនយន្ដហោះចម្បាំងចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ និងពង្រឹងសមត្ថភាពយោធា ដែលមន្ទីរបញ្ចកោណហៅថាជា «យុទ្ធសាស្ត្ររារាំងសត្រូវមិនឱ្យចូលទឹកដី», មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយកំណត់គោលដៅជាក់លាក់, បង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ មីស៊ីលប្រឆាំងនាវាចម្បាំង នាវាមុជទឹក ប្រព័ន្ធ Cyber និងទីអវកាសជាដើម ដែលទាំងនេះសុទ្ធសឹងតែជាសមត្ថភាពដែលចិនកំពុងអភិវឌ្ឍ ដើម្បីរារាំងកុំឱ្យសហរដ្ឋអាមេរិក ចូលជួយតៃវ៉ាន់។ សកម្មភាពទាំងនេះហើយដែលត្រូវបានអ្នកជំនាញខ្លះយល់ថាចិនកំពុងត្រៀមលក្ខណៈវាយប្រហារលើតៃវ៉ាន់។


តែតាមពិតទៅ ចំពោះតៃវ៉ាន់ ចិននឹងបន្តអនុវត្តយុទ្ធសាស្ត្រអត់ធ្មត់ ហើយរឿងដែលសំខាន់ នោះគឺដោយសារតែក្រុមអ្នកយុទ្ធសាស្ត្រចិនដឹងយ៉ាងច្បាស់ថា សព្វថ្ងៃទោះជា អំណាចចិនកំពុងឡើងកូដក៏ពិតមែន តែនៅតែមិនទាន់មានតុល្យភាពអំណាចគ្រប់គ្រាន់ ឬស្មើនឹងលោកខាងលិចនោះទេ។ តួយ៉ាង ព្រឹទ្ធបុរសមកពីវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃសាកលវិទ្យាល័យ ស៊ីងហ័រ (Tsinghua) លោក យ៉ាង ហ្សេតុង (Yan Xuetong) បានអះអាងថាអំណាចរបស់ចិននៅលើពិភពលោកនៅតែមានដែនកំណត់ បើទោះជាចិនជាមហាអំណាចដ៏ធំមួយក៏ដោយ។ មិនតែប៉ុណ្ណោះ ចិនក៏នៅតែបន្តគិតផងដែរថាខ្លួននៅតែជាប្រទេសកំពុងអភវឌ្ឍ ហើយ GDP នៃប្រជាជនចិនម្នាក់ៗ នៅតែដើរតាមពីក្រោយប្រទេសជឿនលឿនលោកខាងលិច នៅឡើយ។


ដូច្នេះ ចិនមានតែអត់ធ្មត់ និងរង់ចាំដល់អាចពង្រីកអំណាចនៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិចជាមុនសិន ឬអាចនិយាយបានថាទាល់តែចិនកា្លយជាកំពូលមហាអំណាច នៅអាស៊ី។ ស៊ុន អ៊ូ ដែលជាដូនតាចិន និងជាអ្នកប្រាជ្ញាសង្រ្គាមម្នាក់បាននិយាយថា «ក្បួនសឹកសង្រ្គាមដែលអស្ចារ្យបំផុត នោះគឺយកឈ្នះសត្រូវ ដោយមិនបាច់ច្បាំង» ហើយ បើចិនចង់ដើរតាមក្បួនយុទ្ធសាស្ត្រនេះមែន នោះចិនខ្លួនឯងត្រូវតែពង្រឹងសមត្ថភាពឱ្យខ្លាំងផុតលេខ និងប្រជែងឥទ្ធិពលឱ្យឈ្នះសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។ ដ្បិត នៅពេលឥទ្ធិពលចិនកើនឡើង ហើយឥទ្ធិពលអាមេរិកចេះតែបន្តថយចុះ នោះច្បាស់ណាស់វានឹងធ្វើឱ្យអាមេរិកដឹងថាការការពារតៃវ៉ាន់ ដោយធ្វើសង្រ្គាមជាមួយចិន មិនមែនជាប្រយោជន៍របស់អាមេរិកឡើយ រីឯតៃវ៉ាន់វិញក៏គ្មានជម្រើសអ្វីផ្សេងក្រៅតែសុំចរចាជាមួយចិននោះដែរ។


ម្លោះហើយ មេរៀនដែលលោក ស៊ី ជិនពីង បានរៀនសូត្រពីសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន នោះគឺការប្រើប្រាស់កម្លាំងឈ្លានពានលើអ្នកដទៃ មិនអាចធ្វើឡើង ដោយស្រួល ឬគេចផុតពីទណ្ឌកម្មរបស់លោកខាងលិចនោះទេ ហើយការវាយកាន់កាប់តៃវ៉ាន់ ក៏មិនមែនជារឿងងាយស្រួលដែរ ព្រោះតៃវ៉ាន់គឺជាដែនកោះ រីឯអ៊ុយក្រែន គឺដីគោកដែលនេះអាចនឹងប្រថុយនឹងការខាតបង់ច្រើន ឬអាចបាត់បង់តៃវ៉ាន់ទាំងស្រុងក៏ថាបាន។ ម្យ៉ាងវិញទៀត អ្វីដែលសំខាន់គឺ ចិនប្រហែលជាដឹងច្បាស់ជាងនរណា ទាំងអស់ថាទោះបីជាយកតៃវ៉ាន់ បានដោយកម្លាំងយោធា ក៏មិនប្រាកដថាអាចគ្រប់គ្រងប្រជាជនតៃវ៉ាន់ជាង ២៣លាននាក់ ដែលស្រឡាញ់ប្រជាធិបតេយ្យបាននោះដែរ៕

ដោយៈ Fresh News







គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ៖ គណបក្ស៩ទទួលបានអាសនៈ, CPP បាន ៩,៣៧៦ អាសនៈ គ្រប់គ្រង ១៦៤៨ឃុំ/សង្កាត់, CLP បាន ២១៩៨ អាសនៈ គ្រប់គ្រង៤ឃុំ


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសអំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។


តាមសេចក្តីសម្រេចរបស់ គ.ជ.ប អំពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឱ្យដឹងថា មានគណបក្សចំនួន៩ប៉ុណ្ណោះ ដែលទទួលបានអាសនៈ ក្នុងចំណោមគណបក្សសរុបចំនួន១៧ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈសរុប ៩,៣៧៦ ទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់។ ចំណែកគណបក្សភ្លើងទៀនជាគណបក្សប្រឆាំង ទទួលបាន តំណែងមេឃុំចំនួន៤ ជំទប់ទី១ ចំនួន២៥នាក់ ជំទប់ទី២ ចំនួន១៣៦០នាក់។

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩អាសនៈ (ជំទប់ទី១ ចំនួន៤នាក់ ជំទប់ទី២ ចំនួន១២នាក់) គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣អាសនៈ (ជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ចំនួន១០នាក់) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន៥អាសនៈ (ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់) គណបក្សយុវជនកម្ពុជាទទួលបាន៣អាសនៈ (ជំទប់ទី២ ចំនួន៣នាក់) គណបក្សកម្ពុជានិយមទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់) និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន១អាសនៈ (ជំទប់ទី២ ចំនួន១នាក់)។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុបចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់។ ក្នុងនោះមានសំឡេងបានការចំនួន ៧,២៣៧,០៣៧នាក់ និងសំឡេងមិនបានការចំនួន ១៥៧,៣៩០នាក់៕