Thursday, August 10, 2023

សម្តេចតេជោ ហ៊ុន សែន ជួបសមាជិករាជរដ្ឋាភិបាលចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី

(ភ្នំពេញ)៖ ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះ​សំណាល​ជាមួយ​សមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល​អាណត្តិថ្មី។ ជំនួបនេះបានធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។




សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»

 សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អបអរសាទរដោយស្មោះជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។

តាមសារលិខិតអបអរសាទរ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា៖ «ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជាទីស្រលាញ់រាប់អាន! នៅក្នុងឱកាសដ៏មហាឧត្តុង្គឧត្ដមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទសាភិបាលបណ្ឌិត»។

ការទទួលគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត កិត្តិទេសាភិបាលបណ្ឌិតនេះ ជាការទទួលស្គាល់នូវស្នាដៃ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ដែលមានគុណបំណាច់ និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ពិសេសបាននិងកំពុងដឹកនាំធ្វើសកម្មភាពជាគំរូជាក់ស្ដែងជាច្រើនឆ្នាំមកហើយលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តីជ័យមង្គលវិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ»៕