Wednesday, December 28, 2016

លិខិតមិត្តអ្នកអាន៖ អនាគតនយោបាយរបស់គណបក្សសង្គ្រោះជាតិ

មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ កំពុងតែជួបវិបត្តិធ្ងន់ធ្ងរដែលអាចឈានដល់ការហែកបក្សនេះជាពីរក៏អាចថាបាន (បែកបាក់) នៅពេលខាង មុខឬអាចនិយាយមួយបែបទៀតថា គូស្នេហ៍ទាំងពីរបានចែកផ្លូវគ្នាដើរ ដែលគ្មានថ្ងៃជួបវិញ។ ទណ្ឌិត សម រង្ស៉ី ដែលបាននិរទេសខ្លួនទៅរស់នៅប្រទេសបារាំងសោយសុខជាមួយក្រុមគ្រួសារធ្វើព្រងើយ ដោយទុកចោលសមាជិកបក្សដែលធ្លាប់តែជឿជាក់   និងដើរតាមនយោបាយ ប្រជាភិថុតិ ភូតភរ បំផ្លើស បំភ្លៃ បំភ័ន្ត របស់មេបក្ស នៅពេលនេះបងប្អូនប្រជាពលរដ្ឋទាំងនោះបានឈប់គាំទ្រ និងអស់ជំនឿលើបក្សសង្គ្រោះជាតិទៀតហើយ និងមានអ្នកគាំទ្រមួយចំនួនធំបានសុំចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយបក្សផ្សេងៗទៀតយ៉ាងភ្លូកទឹកភ្លូកដី ព្រោះមេបក្សគ្មានទំនួលខុសត្រូវ។
ចំណែកផ្ទៃក្នុងគណបក្សនេះវិញ ពោរពេញទៅដោយបក្ខពួក អំពើពុករលួយ កិបកេងលុយជំនួយពីបរទេស ជាពិសេសលុយមូលនិធិព្រះអាទិត្យ ក៏បានយកចែកគ្នាចាយអស់។ ឯណាលុយដែលជា កម្លាំងញើសឈាមប្រជាពលរដ្ឋដែលរំពឹងថាទូរទស្សន៍ព្រះអាទិត្យ និងដំណើរការយ៉ាងយូរចុង ឆ្នាំ២០១៥ ឥឡូវនេះដាច់ឆ្នាំ២០១៦ទៅហើយ។
បន្ថែមពីលើរឿងក្តីដែលត្រូវបានតុលាការចោទពីបទបរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលធ្វើឱ្យខ្លួនមិនអាចចូលស្រុកបានផង ស្រាប់តែក៏មានបណ្តឹងជាច្រើនផ្សេងទៀតសង្កត់ថែមពីលើ។ ជាក់ស្តែងណាស់នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ ពន្ធនាគារ រយៈពេល ៥ឆ្នាំ និងផ្តន្ទាទោសជំនួយការពីរនាក់ឈ្មោះ អ៊ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ ៥ឆ្នាំ តែអនុវត្ត៣ឆ្នាំ តាមមាត្រា១០៧ ១០៨ ៤៩៥ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។  សាលក្រមនេះតុលាការសម្រេចចេញ ដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ ដើម្បីយកមកអនុវត្តទោស។ អង្គហេតុសំខាន់ដែលនាំឱ្យមានការចោទប្រកាន់លើលោក សម រង្ស៊ី និងសហការីរបស់លោក២នាក់ទៀតនេះ គឺយោងទៅតាមចម្លើយសារភាពរបស់លោក ហុង សុខហួរ ដែលបានឆ្លើយបំភ្លឺក្នុងសវនាការ២លើករួចមកហើយ ពាក់ព័ន្ធនឹងបញ្ហាក្លែងឯកសារព្រំដែន រួមទាំងឯកសារមួយចំនួនធំស្ដីអំពីផែនទីបន្ទាត់ព្រំដែនគោក ទឹក ដែលលោក ហុង សុខហួរ បានធ្វើបទបង្ហាញហើយត្រូវបាន លោក សម រង្ស៉ី និងសហការីយកទៅបង្ហោះ នៅក្នុងផេក និង Account  របស់លោក សម រង្ស៊ី បង្កឱ្យមានការយល់ច្រឡំពីមជ្ឈដ្ឋានមហាជនគ្រប់ស្រទាប់វណ្ណៈ។ មកទល់ពេលនេះទណ្ឌិត សម រង្ស៉ី បានបាត់បង់សិទ្ធិក្នុងការធ្វើនយោបាយហើយនាពេលនេះ ហើយបើយើងសង្កេតមើលបច្ចុប្បន្នភាពនៃបក្សនេះវិញ យើងឃើញយ៉ាងច្បាស់ថា ពិតជាមានការបែកបាក់ក្បាលម៉ាស៊ីនពិតប្រាកដមែន ព្រោះទណ្ឌិត សម រង្ស៉ី បានរត់ចោលស្រុកបាត់ទៅហើយ សមាជិកម្នាក់ៗមិនទុកចិត្តគ្នា និងសង្ស័យគ្នាទៅវិញទៅមក ជាពិសេសបានលាបពណ៌ និងមានការសង្ស័យគ្នាឯងថែមទៀតផង។ ការដែលជាចំណោទខ្លាំងបំផុតគឺការរៀបចំបញ្ជីបេក្ខជនបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុននេះ គឺមិនមានការឯកភាពផ្ទៃក្នុងឡើយ ហើយស្មុគស្មាញបំផុត ព្រោះកូតារបស់បក្ស សម រង្ស៊ី បាននឹងដណ្តើមឈរលេខរៀង ទីមួយជាមួយកូតាបក្សសិទ្ធិមនុស្ស ក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប៉ុន្តែស្ថានភាពចុងក្រោយដែលបក្សប្រឆាំងដឹកនាំគ្រប់គ្រងដោយលោក កឹម សុខា អតីតគូសត្រូវរបស់លោក សម រង្ស៉ី នឹងមិនបន្តឱ្យទណ្ឌិត សម រង្ស៉ី ធ្វើអ្វីស្រេចតែអំពើចិត្តទៀត នោះទេ។
ការរៀបរាប់សង្ខេបបែបខ្លីខាងលើនេះ គ្រាន់សម្រាប់ជាការគិត និងជាជំនួយស្មារតីដល់អ្នកគាំទ្របក្សសង្គ្រោះជាតិឱ្យពិចារណាជាថ្មីឡើងវិញ ព្រោះពេលច្របូកច្របល់កាន់តែខ្លាំងឡើងៗ គ្មានអ្នកណាស្តាប់អ្នកណាទេ ក្នុងបក្សប្រឆាំងមួយនេះ ហើយមិនទាន់បានកាន់អំណាចផង ច្របូកច្របល់ម្លឹងហើយ ចុះទម្រាំបានកាន់អំណាចទៀត មិនដឹងប្រទេសជាតិមានភាពអនាធិបតេយ្យ ជ្រួលច្របល់យ៉ាងណាទេ។ តែទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់ខ្ញុំមិនមែនបានន័យថាបក្សប្រឆាំងមានសមត្ថភាព ឬក៏អាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេសជាតិនោះឡើយ ពីព្រោះបក្សនេះពូកែតែខាងញុះញង់ ភូតកុហក ប្រព្រឹត្តបំពានច្បាប់ ជាប់គុកច្រវ៉ាក់ និងអ្នកខ្លះរត់ចោលស្រុកតែប៉ុណ្ណោះ។   អ៊ីចឹងហើយអនាគតនយោបាយរបស់បក្សសង្គ្រោះជាតិនឹងជួបតែ រឿងអពមង្គល និងបរាជ័យតែប៉ុណ្ណោះ៕


ក្រសួង​ការ​បរទេស កំពុង​សាង​សង់​អគារវិ​ទ្យាស្ថាន​ការ​ទូត​ដំបូង​គេ​នៅ​កម្ពុជា​

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថា ក្រសួងការបរទេស កំពុងសាងសង់អគារវិទ្យាស្ថានការទូត ដំបូងគេរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការបរទេសកម្ពុជា។
លោក ជុំ សុន្ទរី បានបន្តថា វិទ្យាស្ថានការទូតដំបូងគេនៅកម្ពុជានេះ នឹងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីរាជការក្របខណ្ឌរបស់ក្រសួងការបរទេសសម្រាប់ជំនាញការទូត។ ការបង្កើតវិទ្យាស្ថានការទូតនេះឡើង គឺដើម្បីបំពេញតម្រូវការ នឹងបរិបទការងារការបរទេសដែលកំពុងមានការរីកចម្រើន និងមានតម្រូវការអ្នកជំនាញការទូត នៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោកក្នុងពេលសព្វថ្ងៃនេះ។
នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយឯកអគ្គរាជទូតជប៉ុន លោក Hidehisa HORINOUCHI ដើម្បីពិភាក្សាការងារក្នុងឱកាសនោះលោក ប្រាក់ សុខុន ក៏បានស្នើដល់ភាគីជប៉ុន និងភាគីបរទេសដទៃទៀត ដើម្បីជួយត្រួតពិនិត្យលើលទ្ធភាពបង្កើត វិទ្យាស្ថានការទូតកម្ពុជាមួយនេះឱ្យទទួលបានជោគជ័យ។
សូមជម្រាបផងដែរថា វិស័យការទូតក្នុងបរិបទបច្ចុប្បន្នវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើសកលភាវូបនីយកម្មកម្ពុជាជាមួយពិភពលោកតាមរយៈការបង្កើតស្ថានទូត ឬអង្គកុងស៊ុលនៅបណ្តាប្រទេសលើសកលលោក ដើម្បីបង្កើតទំនាក់ទងលើវិស័យសំខាន់ៗដូចជា វិស័យនយោបាយ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យសំខាន់ៗជាច្រើនទៀត ជាពិសេសវាអាចជួយសម្រួលអ្នកវិនិយោគបរទេសកាន់តែច្រើនមកវិនិយោគនៅកម្ពុជា តាមរយៈអ្នកជំនាញការទូតដ៏ជំនាញរបស់កម្ពុជា៕