Friday, September 02, 2022

វិភាគអន្តរជាតិ៖ អាមេរិក និងរុស្ស៉ី ឈានជើងចូលយុគសម័យនុយក្លេអ៊ែរដ៏គ្រោះថ្នាក់


(វ៉ាស៊ីនតោន)៖ នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អង្គុយទល់មុខចរចាគ្នានៅក្នុងកិច្ចប្រជុំកំពូលធ្វើឡើងនៅឯ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីឆ្នាំ២០២១កន្លងទៅ មេដឹកនាំប្រទេសទាំង២ បានសន្យាថាទោះជាស្ថិតក្នុងទេសៈកាលៈតានតឹងបែបណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូនឹងនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហានុយក្លេអ៊ែរ។


ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក និងក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ពាក្យសន្យានេះបានរលាយបាត់ដូចអំបិលត្រូវទឹក។ មិនតែប៉ុណ្ណោះ ការវាយប្រយុទ្ធគ្នាកំពុងកើតឡើង នៅក្បែរទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនដែលស្ថិតក្រោមការគ្រប់គ្រងដោយទាហានរុស្ស៉ី វាកាន់តែធ្វើឱ្យទំនាក់ទំនងនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៉ីធ្លាក់ចូលក្នុង ស្ថានភាពដ៏គ្រោះថ្នាក់ និងមិនច្បាស់លាស់។ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កផលប៉ះពាល់ដល់បញ្ហានុយក្លេអ៊ែរមួយចំនួនទៀត រាប់ចាប់ពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ រហូតដល់សន្ធិសញ្ញាហាមឃាត់ការរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។ រុស្ស៉ី និងសហរដ្ឋអាមេរិក ក៏បានផ្អាកការត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែរគ្នា ទៅវិញទៅមកផងដែរ ដែលត្រូវបានអនុញ្ញាតឱ្យដោយសន្ធិសញ្ញា New START ជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបំផុតរវាងមហាអំណាចទាំង២។


មានការបារម្ភជាច្រើនថាសន្ធិសញ្ញា New START នឹងមិនត្រូវបានបន្តសុពលភាពនៅពេលអនាគតឡើយ ប្រសិនបើភាពតានតឹងរវាងអាមេរិក និងរុស្ស៉ីកាន់តែអាក្រក់ឡើង ហើយនេះឯងគឺជាគ្រោះថ្នាក់មួយសម្រាប់ពិភពលោកទាំងមូល។ ពីព្រោះថាទាំងសហរដ្ឋអាមេរិក និងរុស្ស៉ីសុទ្ធសឹងតែជាមហាអំណាចនុយក្លេអ៊ែរដែលកាន់កាប់ក្បាលគ្រាប់ នុយក្លេអ៊ែរជាង ៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់នៅលើពិភពលោក។ ម្លោះហើយបើមិនមានសន្ធិសញ្ញា ឬមធ្យោបាយណាមួយដើម្បីចងភ្ជាប់ប្រទេសទាំង២ ឱ្យធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហានុយក្លេអ៊ែរបានទេ នោះការយល់ច្រឡំ និងភាពតានតឹងអាចនឹងងាយបង្កទៅជាគ្រោះមហន្តរាយនុយក្លេអ៊ែរ។


ក្នុងពេលបច្ចុប្បន្ន ស្ថានភាពបន្ទាន់ដែលធ្វើឱ្យគេព្រួយបារម្ភជាងគេ នោះគឺស្ថានការណ៍នៅឯក្បែរទីតាំងរោងចក្រនុយក្លេអ៊ែរមួយនៅក្នុងទីក្រុង ហ្សាប៉ូរីសហ្ស៉ីយ៉ា ស្ថិតនៅ ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ទាហានរុស្ស៉ី បានដណ្ដើមគ្រប់គ្រងរោងចក្រហ្សាប៉ូរីសហ្ស៉ីយ៉ាភ្លាមៗ ក្រោយលោក ពូទីន បានបញ្ជាឱ្យកងទ័ពរបស់លោកចូលឈ្លានពាន អ៊ុយក្រែនកាលពីចុងខែកុម្ភៈកន្លងទៅ។ បើតាមក្រុមមន្ត្រីយោធាអាមេរិក ទាំងទាហានរុស្ស៉ី និងអ៊ុយក្រែនកំពុងផ្លោងគ្រាប់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកនៅក្បែរទីតាំង រោងចក្រនុយក្លេអ៊ែរមួយនេះដែលធ្វើឱ្យរោងចក្រនេះក្លាយជាចំណាប់ខ្មាំងនុយក្លេអ៊ែរ។


ពិតមែនទៅ ប៉ុន្មានសប្ដាហ៍ មុននឹងលោក ពូទីន ប្រកាសបញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន រុស្ស៉ីធ្លាប់បានចូលរួមក្នុងសេចក្ដីថ្លែងការណ៍មួយជាមួយមហាអំណាច នុយក្លេអ៊ែរ ៤ផ្សេងទៀត ជាមួយការទទួលស្គាល់ពីភាពចាំបាច់នៃការបញ្ចៀសសង្រ្គាមនុយក្លេអ៊ែរ ឬមហន្តរាយនុយក្លេអ៊ែរទាំងឡាយ។ សហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង និងអង់គ្លេស បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍រួមនេះចេញផ្សាយកាលពីខែមករា ដើមឆ្នាំ២០២២ដូច្នេះថា «យើងទាំងអស់គ្នាទទួលស្គាល់ថាគ្មាននរណាម្នាក់អាចឈ្នះ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរទេ ហើយក៏មិនត្រូវឱ្យវាកើតឡើងនោះដែរ»។


តែទោះជាបែបនេះក្ដី ភ្លាមៗក្រោយសង្រ្គាមនៅអ៊ុយក្រែនមិនដំណើរការដូចការរំពឹងទុក លោក ពូទីន បានចេញបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៉ីប្រុងជើងការខ្ពស់ត្រៀម លក្ខណៈប្រយុទ្ធគ្រប់ពេលវេលា។ សហរដ្ឋអាមេរិកបានប្រកាសចាត់ទុកថាចំណាត់ការរបស់លោក ពូទីន ជាទង្វើមិនអាចទទួលយកបាន និងមានគ្រោះថ្នាក់បំផុត ហើយ ការឆ្លើយតប រដ្ឋបាលលោក បៃដិន បានប្រកាសផ្អាករាល់កិច្ចចរចានុយក្លេអ៊ែរកម្រិតខ្ពស់ជាមួយរុស្ស៉ី ដែលជាធម្មតាកិច្ចចរចានេះត្រូវបានចាត់ទុកថា «យុទ្ធសាស្ត្ររក្សាស្ថិរភាព»។ ដូច្នេះប្រសិនបើរុស្ស៉ី និងសហរដ្ឋអាមេរិក លែងសហការគ្នាលើបញ្ហានុយក្លេអ៊ែរមែននោះ តើមហាអំណាចទាំង២ អាចបញ្ចៀសការយល់ច្រឡំ ឬមហន្តរាយនុយក្លេអ៊ែរដូចដែលពួកគេបានធ្វើក្នុងអំឡុងសម័យសង្រ្គាមត្រជាក់ ដូចជាវិបត្តិមីស៊ីលនៅគុយបា ឆ្នាំ១៩៦២ បានដែរឬទេ? ហើយថាតើគេអាចធានាចំពោះការ ប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព បានដែរ ឬក៏យ៉ាងណា?


កាលពីដើមខែសីហានេះ លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីចរចាស្ដីពីការស្វែងរកសន្ធិសញ្ញាថ្មី ជំនួសសន្ធិសញ្ញា New START ដែលនឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២៦ខាងមុខនេះ។ ប៉ុន្តែ នៅក្នុងបរិបទដែលសហរដ្ឋអាមេរិក ណាតូ និងសហភាពអឺរ៉ុប រួមទាំងរុស្ស៉ីកំពុងពាក់មុខយក្សដាក់គ្នាជុំវិញ សង្រ្គាមនៅអ៊ុយក្រែនដែលមិនដឹងថាបញ្ចប់នៅពេលណា វារឹតតែបង្កភាពមិនច្បាស់លាស់ចំពោះអនាគតនៃសន្ធិសញ្ញានុយក្លេអ៊ែរមួយនេះ។


សង្រ្គាមនៅអ៊ុយក្រែន បាន និងកំពុងក្លាយជាវត្ថុបំណងយុទ្ធសាស្ត្រនៃការរក្សាអំណាចរៀងៗខ្លួនរបស់ពួកមហាអំណាច ដោយទាំងរុស្ស៉ី និងសហរដ្ឋអាមេរិកសុទ្ធតែមិនអាច ដកថយឡើយ ហើយត្រូវការជ័យជម្នះរៀងៗខ្លួន។ ក្រុមអ្នកជំនាញភាគច្រើនយល់ស្របថាបើរុស្ស៉ីប្រឈមមុខនឹងបរាជ័យ នោះលោក ពូទីនអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ដែលនេះក៏អាចនឹងជំរុញឱ្យអាមេរិក និងណាតូ សម្រេចចិត្តធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីដែរ។ មួយវិញទៀត សង្រ្គាមនៅអ៊ុយក្រែនក៏បានផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ នុយក្លេអ៊ែរពិតភពលោកបាត់ទៅហើយ ដោយប្រទេសមានអាវុធនុយក្លេអ៊ែរដទៃដូចជា កូរ៉េខាងជើង ឥណ្ឌា និងប៉ាគីស្ថាន ជាពិសេសគឺចិនតែម្ដងនឹងកាន់តែពង្រីក និងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរដើម្បីកំញើញសត្រូវរបស់ខ្លួន៕ ដោយៈ Fresh News