Tuesday, July 02, 2019

សូមទស្សនាវីដេអូ៖ មេរៀនដែលកូនខ្មែរត្រូវចងចាំ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងសន្និបាត លើកទី៤៣

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងសន្និបាត លើកទី៤៣ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការ យូណេស្កូ ដែលប្រារព្ធ ធ្វើចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងBaku ប្រទេស Azerbaijan ។
ក្នុងកិច្ចប្រជុំនេះ អង្គសន្និបាតនឹងធ្វើការវាយតម្លៃ លើរបាយការណ៍របស់ប្រទេសកម្ពុជា ស្តីអំពីវឌ្ឍនភាពនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ !

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលសម្រាកព្យាបាលជម្ងឺ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះចំនួន ០២នាក់ក្នុងនោះមាន៖

១-  លោកវរសេនីយ៍ទោ បួរ សាវ៉ាត នាយរងការិយាល័យសរុបផែនការ  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាឱកាសនោះក៏បានឧបត្ថម្ភថវិកាសរុបមានចំនួន  ៣,៦៧០,០០០៛រៀល និងគ្រឿងបរិភោគមួយចំនួនទៀត។

២- លោកវរសេនីយ៍ត្រី ឃ្លោក ស្រឿង នាយផ្នែក ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច  នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងនោះបានឧបត្ថម្ភជាថវិកាសរុបមានចំនួន ២,០០០,០០០ រៀល និងគ្រឿងបរិភោគមួយចំនួនទៀតផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោក៏បានផ្តាំផ្ញើដល់លោកវរសេនីយ៍ទាំងពីរ និងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់ និងជួយថែទាំសុខភាពអ្នកជម្ងឺអោយបានល្អផងដែរ ៕





ទិវាជាតិរបស់យើងផ្សារភ្ជាប់ជាមួយនឹងពាក្យស្លោកថា "ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង"

ព្រះសីហនុ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុប្រារពទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនាឆ្នាំ ២០១៩ អញ្ជើញចូលរួមជាអធិបតីដោយ នាយឧត្តម សេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសិស្ស និស្សិត  ។

 នាឱកាសនោះ  លោក គង់ វិតាណៈ អភិបាលរង ខេត្តព្រះសីហនុ និងជាប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានមានប្រសាសន៍ថា លទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនសរុបចំនួន ២០៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤១២នាក់ ស្រី ៥២នាក់ ។ វត្ថុតាងដកហូតមាន ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ចំនួន ៣៣២កញ្ចប់ ទម្ងន់ស្មើ ១.៣៧៦.១៣ក្រាម ម្សៅសថ្លាចំនួន ៩៥កញ្ចប់ ទម្ងន់ ២.៩៤៦.៣១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ១១កញ្ចប់ទម្ងន់ ១០៦.៨ ក្រាម ថ្នាំគ្រាប់កេតាមីន ១៥កញ្ចប់ ១១៣.៧៤ក្រាម កញ្ឆាក្រៀមចំនួន ២កញ្ចប់ ទម្ងន់ ៣៧២.០៩ក្រាម  និង ប្រភេទថ្នាំញៀនផ្សេងៗមួយចំនួនទៀត  វត្ថុតាងជាសម្ភារៈនិងនយោបាយមួយចំនួនធំទៀតដែលប្រមូលបានក្នុងកិច្ចយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ ។
   
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឡេីងអានសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩ ដោយបានបញ្ជាក់ថា ប្រធានបទដែលយើងលើកយកមកសម្រាប់ឆ្នាំនេះ គឺ "សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព" (Health for Justice Justice forHealth) ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវ ការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ។

សូមជម្រាបផងដែរថា ការប្រារព្ធទិវាជាតិរបស់យើងផ្សារភ្ជាប់ ជាមួយនឹងពាក្យស្លោកថា  "ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង" ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឲ្យកាន់តែមានសកម្មខ្លាំងក្លាថែមទៀតដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពេលខាងមុខ។ ព្រមទាំងអំពាវនាវឲ្យយកកូន ចៅ ទៅព្យាបាល និងស្តានីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំណិនជីវិតរហូតពួកគេទទួលបានមកវិញនូវសម្បទាល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងទទួលបានមកវិញនៅសម្បទាល្អចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏ល្អនៅក្នុងសង្គម ។

នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា គោលជំហរនិងឆន្ទៈរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ឲ្យមានការចូលរួមពីវិស័យឯកជន សាសនា និងគ្រប់ដៃគូពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តថែរក្សាការពារ និងពូនប្រជុំជីវភាពដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។

លោកបានបន្តទៀតថា តាមបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងទទួលបានលទ្ធ ផលល្អប្រសើរ គឺទាមទារនូវការរៀបចំចាត់ចែងយន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយមានការគាំទ្រពីគ្រប់ជ្រុងជ្រោយ គ្រប់ផ្នែកគ្រប់វិស័យ ទាំងក្នុងកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សំដៅជំរុញការ អនុវត្តឲ្យដំណើរការព្រមគ្នាក្លាយជា "ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ" ប្រកបដោយការទទួលខុសត្រូវ រវាងការទប់ស្កាត់តម្រូវការ និងការទប់ស្កាត់ការផ្គត់ផ្គង់គ្រឿងញៀននៅក្នុងមូលដ្ឋាន មានន័យថា  ទាំងការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល ស្ដារនីតិសម្បទា និងការអនុវត្តច្បាប់ត្រូវតែបានអនុវត្តព្រមគ្នា និងបំពេញឱ្យគ្នាទៅវិញ ទៅមកនៅថ្នាក់មូលដ្ឋានតែម្ដង ដោយពុំចាំបាច់សុំកិច្ចអន្តរាគមន៍ពីថ្នាក់លើនោះទេ ទើបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ។

សូមរម្លឹកថា មណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បើកទទួលអ្នកញឿងគ្រឿងញៀននៅឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន មានយុវជនចូលមកទទួលសេវាព្យាបាល បន្សាប ស្ដារនីតិសម្បទាបានចំនួន ៧០៥ នាក់ និងបានធ្វេីសមាហរណកម្ម ទៅរស់នៅជាមួយក្រុមគ្រួសារចំនួន ៦១៥នាក់ ។ ហើយបច្ចុប្បន្នកំពុងព្យាបាល បន្សាប ស្ដារនីតិសម្បទានៅមណ្ឌលកងរាជអាវុធហត្ថក្រុង ចំនួន ៩០នាក់៕









រដ្ឋបាលខេត្តកោះកុងចេញលិខិតឆ្លើយតបទៅនឹងសំណើសុំដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋ ១៩៧គ្រួសារ

កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានចេញលិខិតមួយច្បាប់ដើម្បីជម្រាបជូនតំណាងប្រជាពលរដ្ឋ១៩៧គ្រួសារដោយបានបញ្ជាក់ថា ទីតាំងដែលប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដីចំនួន ៤២១ ហិកតានោះគឺស្ថិតនៅលើដីដែលមានប័ណ្ណសំគាល់សិទ្ធិរួចហើយរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្រ្គីខលល័រគ្រុប ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមបញ្ជាក់ថា ការដោះស្រាយគឺជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ៕

សូមអានលិខិតខាងក្រោម៖


សិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ និងបទប្បញ្ញតិ្តនានា សេចក្តីណែនាំថ្មីៗ និងការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់អ្នកជាប់ពន្ធតូច និងមធ្យម

បាត់ដំបង៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ និងបទប្បញ្ញតិ្តនានា សេចក្តីណែនាំថ្មីៗ និងការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងវិស័យអាទិភាព សម្រាប់អ្នកជាប់ពន្ធតូច និងមធ្យម នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
ក្នុងសិក្ខាសាលានេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករង នាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត អាជីវករ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបជិត ៤០០នាក់ បានអញ្ជើញចូលរួម។
សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការអភិវឌ្ឍសហគ្រាស់ធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងគោលដៅកំណត់លក្ខខណ្ឌ សម្រាប់ផ្តល់ការលើទឹកចិត្តផ្នែកពន្ធដារ ដែលមានវិសាលភាពអនុវត្តចំពោះតែសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ។
ក្នុងបទបង្ហាញនេះផ្តោតសំខាន់ទៅលើប្រធានបទចំនួន៤៖
១-ប្រកាសស្តីពីសវនកម្មពន្ធដារ
២-អនុក្រឹត្យលើកទឹកចិត្តផ្នែកពន្ធដារ
៣-ប្រកាសស្តីពីការចាត់ទុកជាបន្ទុករបស់រដ្ឋ នូវអាករតម្លៃបន្ថែមគ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ៤-សេចក្តីណែនាំផ្សេង ៗ
បន្ទាប់ពីមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលារបស់លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយបានបញ្ជាក់ពីខ្លឹមសារដែលមានសារសំខាន់ៗដើម្បីឲ្យម្ចាស់សហគ្រាស អាជីវករនិងសមាជិកអង្គសិក្ខាសាលាត្រូវខិតខំប្រឹងស្តាប់គ្រូឧទ្ទេសពន្យល់បានយល់ដឹងផ្នែកច្បាប់ទាំងអស់គ្នា។
លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារបានឡើងមានមតិបើកអង្គសិក្ខាសាលានិងធ្វើបទបង្ហាញលើស្លាយដោយបានពន្យល់អំពីខ្លឹមសារច្បាប់ បទប្បញ្ញតិនានា និងសេចក្តីណែនាំថ្មីៗ ពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ពន្ធតូចនិងមធ្យមក្នុងវិស័យជាអាទិភាព ដល់អង្គពិធីឲ្យបានយល់ច្បាស់ ទាំងមន្រ្តីរាជការ និងអាជីវករ ដែលជាអ្នកជាប់ពន្ធបានបំពេញតួនាទីរបស់ខ្លួនបង់ពន្ធដារតាមច្បាប់។
ក្នុងឱកាសនោះដែរលោកក៏បានលើកឡើងនូវប្រភេទនៃសវនកម្មពន្ធដារដែលអ្នកជាប់ពន្ធត្រូវយល់ដឹង ពីព្រោះការធ្វើសវនកម្មគឺជាយន្តការមួយដែលមានប្រសិទ្ធភាពក្នុងការពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។
លោក កែន សម្បត្តិ បានបន្តទៀតថា អ្នកជាប់ពន្ធ អាជីវករ សិស្សនិស្សិត ក៏ដូចជាមន្ត្រីរាជការ មានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ដោយសារតែបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារបានធ្វើឲ្យមានទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានភាពទូលំទូលាយផងដែរ ។
សូមបញ្ជាក់ថា វិស័យអាទិភាពសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមាន៖
១៖ ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម។
២៖ ផលិត និងកែច្នៃម្ហូបអាហារ។
៣៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍។
៤៖ កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត។
៥៖ ស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍។
៦៖ សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និង សហគ្រាសដែលអភិវឌ្ឍតំបន់នេះ ។
សូមបញ្ជាក់ថា វិស័យអាទិភាពទាំងនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន នោះទេ។
សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យដូចបានរៀបរាប់ខាងលើអាចទទួលបាននូវការលើកទឹកចិត្តដូចជា៖
១៖ លើកលែងពន្ធលើប្រាក់ចំណូលចំនួន៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន។
២៖ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់ សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖ ប្រើវត្ថុធាតុដើមក្នុងស្រុក ចាប់ពី ៦០%ឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច២០% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)។
៣៖ លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ។
៤៖ លើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម៖ ក៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន, ខ៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជី គណនេយ្យ ឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត, និងគ៖ អនុញ្ញាតកាត់កងចំណាយ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬឧបករណ៍បច្ចេកវិទ្យា ដែលមានលក្ខណៈនវានុវត្តន៍ សម្រាប់បម្រើនិងលើកកម្ពស់ផលិតភាពផលិតកម្ម ។
ក្នុងការទទួលបានការលើកទឹកចិត្តដូចបានរៀបរាប់ខាងលើ, សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ទៅតាមកាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន។
ផ្ទុយទៅវិញ សហគ្រាសធុនតូច និងមធ្យម ដែលមិនបានបំពេញលក្ខខណ្ឌដូចបានកំណត់ នៅក្នុងអនុក្រឹត្យនេះ ឬខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនានា ដូចមានចែងក្នុងច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ ការលើកទឹកចិត្តដែលបានផ្តល់ជូន នឹងត្រូវបានដកហូតវិញ ៕



កិច្ចប្រជុំស្ដីពីការចូលរួមចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២

ពោធិ៍សាត់៖ សាលប្រជុំសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៩ លោក គឹម លាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់តំណាងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដឹកនាំប្រជុំស្ដីពីការចូលរួមចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ២ ។
នាឱកាសនោះ លោក គឹម លាង បានសំណូមពរឲ្យសមាជិកអង្គប្រជុំទាំងអស់មេត្តាជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងក្របខណ្ឌចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនេះដែលមានបីចំណុចធំៗគឺ៖
១-ត្រូវគ្រប់គ្រងសំណល់រឹង និងត្រូវឲ្យប្រជាពលរដ្ឋចេះយកចិត្តទុកដាក់ឲ្យបានល្អ ត្រឹមត្រូវនៅសំណល់រឹងនឹងកាកសំណល់ផ្ទះបាយ ។
២-ត្រូវរក្សាភាពស្អាតជាប្រចាំ ទាំងនៅតាមទីសាធារណៈ សួនច្បារផ្លូវ ក្នុងក្រុង និងផ្លូវចូលក្រុង ពិសេសបង្គន់អនាម័យសាធារណៈ
៣-ពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អបំផុត ដើម្បីអោយភ្ញៀវ ជាតិ និងភ្ញៀវអន្តរជាតិមានការជឿជាក់ ៕




យោងតាមរបាយការណ៍នៃការសង្កេតគិតត្រឹមខែមិថុនា ឆ្នាំនេះ មានជំងឺគ្រុនឈាម បានកើនឡើងដល់២៦៧ករណី និងស្លាប់ ២ករណី

ត្បូងឃ្មុំ៖ លោក កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមរបាយការណ៍នៃការអង្កេត គិតត្រឹមខែមិថុនា ឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានជំងឺគ្រុនឈាម បានកើនឡើងដល់២៦៧ករណី ស្លាប់២ករណី ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានត្រឹមតែ៥៩ករណីប៉ុណ្ណោះ តែមិនមានមនុស្សស្លាប់ទេ។ ដូច្នេះគឺមានការកើនឡើង ជាង៤ដង បើប្រៀបធៀបរយ:ពេល៦ខែដើមឆ្នាំ កាលពីឆ្នាំ២០១៨។
លោក កែវ វណ្ណ: បានបញ្ជាក់បែបនេះ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកដឹកនាំ មន្ត្រីសុខាភិបាល លោកគ្រូអ្នកគ្រូពេទ្យ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដោយលុបបំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតតាមអាងទឹក ពាងទឹក និងប្រភពដក់ទឹកនានា និងចុះពន្យល់ណែនាំប្រជាពលរដ្ឋពាក់ព័ន្ធនឹង ប្រភព និងផលប៉ះពាល់ នៃជំងឺគ្រុនឈាម ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ។
ប្រធានមន្ទីរសុខាភិបាល បានលើកឡើងថា សត្វមូសខ្លាញីដែលបង្កើតកូនក្នុងទឹកដក់ ក្នុងសំបកកង់ឡាន និងកង់ម៉ូតូចាស់ៗ វាមានកំណើនខ្ពស់ជាង១១ដង ច្រើនជាងវត្ថុដក់ទឹកផ្សេងៗទៀត។ ហើយបើសិន កំដៅថយចុះត្រឹម១ដឺក្រេ ស្មើនឹងជំងឺគ្រុនឈាម កើនឡើង៣០%។
ដោយឡែក បើសិនទឹកភ្លឿងធ្លាក់ក្នុង១មីលីម៉ែត្រ ស្មើនឹងកើតជំងឺគ្រុនឈាម១១% ក្នុងករណីកំណើនធ្លាក់ទឹកភ្លៀង១ថ្ងៃ កើនជំងឺគ្រុនឈាម ៨% នេះជាចំនុចមួយដែលត្រូវព្រួយបារម្ភបំផុតក្នុងរដូវវស្សា ហើយដឺក្រេ និងកំដៅថ្ងៃចុះទាប បានន័យថា កម្រិតធម្មជាតិបានផ្តល់ភាពអំណោយផល ដល់មូលខ្លា បង្កកើតកូនចៅ ជាដង្កូវទឹក ដង្កូវទឹកកើតជាមូលខ្លា ហើយមូលខ្លា បង្កជាជំងឺគ្រុនឈាម ដែលវាកើមានកំណើនខ្ពស់ជាង២ដង នៃរដូវប្រាំង។ទាំងនេះយើងមិនគិត នូវរដូវកាលនៃការរីករាលដាល នៃជំងឺគ្រុនឈាម នៅឡើយទេ។ ដោយឡែកបើសិនកើតនូវរដូវដែល ផ្ទុះជំងឺគ្រុនឈាម គឺវាកើនរហូតទៅ១០ដង ក្នុង១រដូវកាល នៃការវិវត្តន៍ជំងឺគ្រុនឈាម។ នេះជាការគូសបញ្ជាក់ របស់ លោក កែវ វណ្ណ:។
ដើម្បីការពារសុខភាព ជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូសខ្លា ពិសេសដើម្បីបង្ការ ការឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាមឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោក ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើការអំពាវនាវ ដល់ពលរដ្ឋទូទៅ នាំគ្នាស្វែងយល់អំពីវិធានការការពារ ពាក់ព័ន្ធជុំវិញជំងឺគ្រុនឈាមនេះ ដោយរួមគ្នាលុបបំបាត់ជម្រកមូស ទីតាំងនៅជុំវិញផ្ទះរបស់ពួកគាត់ ឲ្យមានអនាម័យស្អាត កុំឲ្យមានទឹកដក់ ពីព្រោះមូសខ្លា ជាប្រភពចម្លងដ៏សំខាន់នៃជំងឺគ្រុនឈាម។ មួយវិញទៀត ត្រូវស្លៀកសំលៀកបំពាក់ដៃវែងជើងវែង នាពេលថ្ងៃ និងសម្រាន្តក្នុងមុង ជាប់ជាប្រចាំ។
លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ឲ្យជួយសហការ អប់រំ ទៅដល់អ្នកធ្វើអជីកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត កង់ម៉ូតូ ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត ជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហានៃជំងឺគ្រុនឈាមនេះ៕




ជប៉ុនបញ្ជូនគ្រូបង្គោលបន្ថែម មកបណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ

អង្គការ JCIA របស់ជប៉ុនដែលជាដៃគូសហការ និងជួយគាំទ្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ស្ថិតនៅរាជធានីភ្នំពេញនោះ បានបញ្ជូនគ្រូបង្គោលផ្នែកថែទាំមនុស្សចាស់របស់ខ្លួនបន្ថែម មកបណ្ដុះបណ្ដាលជំនាញមួយចំនួនទៀត ដល់សិក្ខាកាមដែលសិក្សានៅក្នុងមជ្ឈមណ្ឌលមួយនេះ សំដៅបង្កើនចំនួនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនបន្ថែម។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយលោក យ៉ាម៉ាដា ហ្វូមីយ៉ូ (Yamada Fumio) ប្រធានអង្គការ JCIA នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។
លោក យ៉ាម៉ាដា បានឱ្យដឹងថា ដំណើរការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ ដែលបាននិងកំពុងបណ្ដុះបណ្ដាលជំនាញផ្នែកថែទាំមនុស្សចាស់ ដល់កម្មសិក្សាការីកម្ពុជានោះ ពិតជាបានប្រព្រឹត្តទៅប្រកបដោយភាពរលូន ប៉ុន្តែចំនួនកម្មសិក្សាការីដែលបានបញ្ជូនទៅធ្វើការនៅប្រទេសជប៉ុននោះ នៅមានចំនួនតិចតួចនៅឡើយ។
ដូច្នេះហើយបានជាអង្គការ JCIA របស់លោក បានបញ្ជូនគ្រូបង្គោលមួយចំនួនមកជួយបណ្ដុះបណ្ដាលជំនាញបន្ថែម ពិសេសផ្ដោតលើផ្នែកសុខាភិបាល ដើម្បីបង្កើនការជ្រើសរើស គ្រប់គ្រង បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនឱ្យបានកាន់តែច្រើន។
ត្រង់ចំណុចនេះ លោក អ៊ិត សំហេង ពិតជាបង្ហាញការគាំទ្រងយ៉ាងពេញទំហឹង ដោយបានលើកទឹកចិត្តឱ្យអង្គការ JCIA អនុវត្តការបណ្ដុះបណ្ដាលជំនាញដល់កម្មសិក្សាការីនេះឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា និងជប៉ុន ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីដើមឆ្នាំ២០១៩។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការគិតគូរលើបញ្ហាសុវត្ថិភាពរបស់កម្មសិក្សាការីកម្ពុជា ដែលត្រូវបញ្ជូនទៅធ្វើការ និងកំពុងធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលនេះក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដូចគ្នាដែរ។
ជប៉ុននៅតែលើកសរសើរពីការធ្វើការ អត្តចរិត និងភាពអត់ធ្មត់នឹងការងាររបស់កម្មសិក្សាការីកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសជប៉ុន និងនៅតែពេញចិត្តចំពោះការទទួលពួកគេឱ្យធ្វើការនៅជប៉ុនទៀតផង ៕



អភិបាលខេត្តស្វាយរៀង ផ្តាំផ្ញើនូវកិច្ចការ ១៣ចំណុចសំខាន់ៗ ដល់គណៈអភិបាលស្រុកចន្ទ្រាថ្មី

ស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ៍ទី០២ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យមន្ត្រីរាជការចំណុះសាលាស្រុក មេឃុំ ស្មៀន ប្រធានប៉ុស្តិ៍រដ្ឋបាល និងកម្លាំងសមត្ថកិច្ចតាមព្រំដែនជាច្រើនរូបទៀត ។
លោកអភិបាលខេត្ត បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក ថន ថាវុទ្ធា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង ជំនួសលោក ងួន រាំ ដែលត្រូវផ្ទេរភារៈកិច្ចមកបម្រើការងារនៅសាលាខេត្តស្វាយរៀង។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
១- ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២- បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
៣- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
៥- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
៦- យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
៧- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ។
៨- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
៩- បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
១០- ខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្រើនថែមទៀត នឹងត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
១១- ត្រូវបន្តការពង្រឹងការទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាងអោយបានដាច់ខាត។
១២- ពិនិត្យលទ្ធភាពធ្វើផ្លូវ និងប្រព័ន្ធលូនៅច្រកព្រំដែនសំរោង។
១៣- ត្រូវត្រួតពិនិត្យសំណង់ណាដែលមិនទាន់មានច្បាប់ត្រូវសុំច្បាប់ និងសាងសង់ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕






គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ រាជានិយម និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌

កោះកុង៖ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគីរីសាគរ ខេត្តកោះកុង បានថ្លែងថា ចាប់តាំងពីទទួលជ័យជំនះរហូតមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានក្លាយទៅជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ រាជានិយម និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌។ លោកបានថ្លែងដូនចេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណ:បក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ១០០៥នាក់។
នៅក្នុងឱកាសនោះ លោក ឥត សារ៉ាត់ បានគូសបញ្ជាក់ថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩មក គណបក្ស បានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសជាតិឡើងវិញ ពីលេខសូន្យ និងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកជាថ្មីទៀត ហើយបានធ្វើជាស្នូល នៃដំណើរការបង្រួបបង្រួមជាតិរហូតបញ្ចប់បាននូវសង្គ្រាមដ៏រ៉ាំរ៉ៃ ជិត៣ទសវត្ស កសាងសន្តិភាពពេញលេញមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ដែលបានផ្តល់ភាពអនុគ្រោះយ៉ាងធំធេង ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកែលម្អជីវភាពរបស់ប្រជាជន។ លោកបានបន្តថា គណបក្សបានធ្វើជាបង្អែកដ៏រឹងមាំ ក្នុងការការពារ រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ និងសកម្មភាពប្រទូសរ៉ាយគ្រប់បែបយ៉ាងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងឥតឈប់ឈរ សំដៅរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។ កម្ពុជាបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្រប់ប្រទេស ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជន នៅទូទាំងប្រទេស វាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។ ក្នុងរយៈពេល ៤០ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនផងដែរ ៕





លិខិតមិត្តអ្នកអាន៖ «មេរៀនដែលកូនខ្មែរត្រូវចងចាំ»

ម្សិលមិញ ពេលឃើញគេផ្សាយព្រោងព្រាតនូ វព័ត៌មានអំពីការចុះហត្ថលេខា លើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាង សហភាពអឺរ៉ុបជាមួយវៀតណាម ខ្ញុំសែនហួសចិត្ត ហើយក៏បាន ដាក់ចេញជា សំណួរភ្លាមថាតើឯណាទៅ ស្តង់ដារបស់សហភាពអឺរ៉ុប?
យោងតាមកិច្ចព្រមព្រៀងនេះភាគីទាំងពីរអាចផ្តោះប្តូរពាណិជ្ជកម្ម   ដោយសេរីពោលគឺគ្មាន របាំងពន្ធគយនោះឡើយ។ ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមចូលរួមអបអរសាទរដោយសុទ្ធ ចិត្ត ចំពោះប្រទេសវៀតណាមដែលជាប្រទេសជិតខាងរបស់យើងសម្រាប់ការទទួលបាននូវកិច្ចព្រមព្រៀងនេះ។
ប៉ុន្តែអ្វីដែលខ្ញុំចង់កត់សម្គាល់នៅពេលនេះគឺគ្រាន់តែចង់ស្វែងយល់ និងវិភាគរកអោយឃើញ ធាតុពិតនៃរបស់ដែលហៅថា ស្តង់ដារបស់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។
ដូចដែលយើងទាំងអស់គ្នាភាគ ច្រើនបានដឹងហើយថា សហភាពអឺរ៉ុប ដោយមានការបំភាន់ បំភ្លៃ បំពុលនិងចាក់រុកជាប្រចាំពីក្រុមអតីតបក្សប្រឆាំងនៅកម្ពុជា បាននិងកំពុងរករឿង ព្យួរ ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញសព្វសារពើលើកលែងតែអាវុធហៅកាត់ថា EBA ពីកម្ពុជាក្រោម លេសនៃពាក្យ២ ម៉ាត់គឺ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ ពួកគេបានដាក់សម្ពាធមកលើ កម្ពុជាដោយអះអាងថា កម្ពុជាគ្មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស? ប៉ុន្តែឥឡូវនេះ ក្រុម មនុស្សដដែលហ្នុងរបស់សហភាពអឺរ៉ុបបានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីជាមួយវៀតណាមធ្វើព្រងើយនៅទីក្រុងហាណូយកាលពីថ្ងៃ ៣០មិថុនា ២០១៩នេះ។
បើអញ្ចឹង តើឯណាទៅពាក្យថា «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ដែលសហភាពអឺរ៉ុប អួតនិង គំរាមថាជាលក្ខខណ្ឌ ចាំបាច់របស់ខ្លួនក្នុងការធ្វើជំនួញជាមួយដៃគូនោះ?
តាមពិតទៅ នៅលើលោកនេះគ្មានទេយុត្តិធម៌ គ្មានទេស្តង់ដា គ្មានទេមិត្ត គ្មានទេសត្រូវ គឺមាន តែផលប្រយោជន៍តែប៉ុណ្ណោះ។ នេះជាទ្រឹស្តីនៃទំនាក់ទំនងអន្តរជាតិដែលគេបាន ស្គាល់យ៉ាងច្បាស់។
ប៉ុន្តែ  អ្វីដែលកើតឡើងនៅកម្ពុជា និងនៅវៀតណាមពេលនេះ វាគឺជាមេរៀនដែល កូនខ្មែរ ត្រូវ រៀន សូត្រនិងចងចាំនោះគឺ៖
ទី១៖សម្រាប់ជនបរទេស ឬដែលគេច្រើនហៅថាសហគមន៍អន្តរជាតិ គឺពួកគេគិតពី ប្រយោជន៍របស់ខ្លួនគេជាធំ #There is neither eternal foe nor friend but only a common interest »។ ឲ្យតែមានប្រយោជន៍ គឺគេចាប់យកភ្លាមដោយមិនគិតនិងខ្វល់ពីអ្វីទាំងអស់។ ពាក្យថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម នេះវាគ្រាន់តែជាផ្កាសម្រាប់ លម្អសួន តែប៉ុណ្ណោះ តែតាមការពិត លុយគ្មានក្លិនលោកសេរី  គ្មានក្លិនលោកកុម្មុយនីស្ត គ្មានក្លិន ប្រជាធិបតេយ្យ ឬក្លិនសិទ្ធិមនុស្សអ្វីឡើយ។ ករណីវៀតណាម និងសហភាពអឺរ៉ុប ឬវៀតណាម និងសហរដ្ឋអាមេរិក ។ល។ គឺជា ឧទាហរណ៍ជាក់ស្តែងស្រាប់ ដែលមិនអាច នរណាមកប្រកែក បានឡើយ។
ដូច្នេះ អ្នកនយោបាយខ្មែរដែលចូលចិត្តយកបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មក ក្រឡុក សភាពការណ៍ក្នុងប្រទេសរបស់ខ្លួននោះ គួរតែដល់ពេលភ្ញាក់រលឹកភ្លឺភ្នែកហើយៗ គួរតែ បញ្ឈប់ទៅរបៀបធ្វើនយោបាយដើម្បីបំផ្លាញជាតិ និងបំផ្លាញឆ្នាំងបាយប្រជាជនខ្លួនឯងដូច ដែលកំពុងធ្វើសព្វថ្ងៃនេះ។
ទី២៖ « គ្មានទេស្តង់ដាតែមួយ សម្រាប់ពិភពលោកដែល  ពោរពេញដោយពុតត្បុត យើងនេះ គឺមានស្តង់ដារពីរ  បី ឬលើសពីនេះផង #There is no International Standard in this hypocritical world but Double or Triple Standard »។
ដូច្នេះ អ្នកដែលខិតខំទាមទារឲ្យរដ្ឋាភិបាលភ្នំពេញអនុវត្តតាម ស្តង់ដាអឺរ៉ុប ឬស្តង់ដារអាមេរិក គឺជាការទាមទារដ៏ឆោតល្ងង់មួយតែប៉ុណ្ណោះពីព្រោះឯណាទៅស្តង់ដាអឺរ៉ុប ឯណាទៅស្តង់ដា អាមេរិកព្រោះលើការជាក់ស្តែងបើពួកគេអនុវត្តចំពោះកម្ពុជាផ្សេង ហើយអនុវត្តចំពោះ ប្រទេសដទៃផ្សឹងបែបនេះ?
ធ្វើជាអ្នកនយោបាយដែលរាំមិនស្គាល់ចង្វាក់គឺគ្មានអ្វីក្រៅពីអូសទាញប្រទេសជាតិ ឲ្យដើរថយក្រោយ ឬឲ្យពិបាកដើរទៅមុខនោះឡើយ។
ទី៣៖ ពាក្យ «ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានលោកខាងលិចប្រើប្រាស់ជាឧបករណ៍ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងដាក់អាណានិគមន៍បែបថ្មីទៅលើប្រទេសនោះតែប៉ុណ្ណោះ #Democracy and Human Rights boasted by western power are only a Shield for external interference and Neo-colonialism »។
ដើម្បីសម្រេចមហិច្ឆតានេះ ជាទូទៅយើងអាចសង្កេតឃើញយ៉ាងច្បាស់នូវវិធីដែលពួក បរទេសទាំងនោះបានប្រើប្រាស់អ្នកនយោបាយប្រឆាំងក្នុងស្រុកជាកូនជឹង ឬកូនអុក។ ក្នុង សម័យអាំងទែរណែតយើងឥឡូវនេះ វាគ្មានអ្វីជាអាថ៌កំបាំងដែល យើងមិនអាចស្វែង រកបាន នោះ ទេព្រោះមានឧទាហរណ៍ច្រើនណាស់ហើយនៅលើលោកនេះ ។ ហើយអ្វីដែលបាន និង កំពុងកើតឡើងនៅកម្ពុជាគឺជាផ្នែកមួយនៃនយោបាយលូកដៃចូលកិច្ចការផ្ទៃក្នុង និងចង់យក កម្ពុជាធ្វើជា ចំណុះដោយមានក្រុមអតីតបក្សប្រឆាំងជាឧបករណ៍។
ទី៤៖ ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ខ្លាំងរឹងមាំនិងមានទឹកមាត់ប្រៃ  មធ្យោបាយមានតែ មួយគត់គឺការខិតខំដោយកម្លាំងខ្លួនឯងដោយដៃម្ខាងទាញយកផលចំណេញពីគ្រប់ទិសទីមិនថាមកពីលោកសេរី ឬលោកកុម្មុយនីស្តឡើយ ឲ្យតែមាន ប្រយោជន៍ទាញយកទាំងអស់។ ខ្ញុំកត់សំគាល់ឃើញសព្វថ្ងៃនេះ នៅមានអ្នកនយោបាយខ្លះនៅឆោតល្ងង់រើសអើងជំនួយ ឬ ការវិនិយោគពីប្រទេសចិន ឬវៀតណាមដោយចាត់ទុកថា ជាជំនួយឬជាការ វិនិយោគ មិនល្អ ព្រោះមកពីប្រទេសកុម្មុយនិស។ ប៉ុន្តែ ខ្ញុំឆ្ងល់ថាពួកគេម្តេចមិនក្រឡេកមើលបរទេសដែលពួក គេចាត់ទុកជាចៅហ្វាយនោះផងថា តើហេតុអ្វីគេទៅចាប់ដៃរកស៊ីជាមួយចិន ឬវៀតណាម?
សរុបមកវិញ ឆ្លងកាត់ស្ថានភាពជាក់ស្តែងដូចបានលើកឡើងខាងដើម ខ្ញុំពិតជា យល់បាន អំពីជំហរដ៏ម៉ឺងម៉ាត់ដាច់អហង្ការរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាស ម្តង ហើយម្តង ទៀតថា «មិនយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយ»។ ម្យ៉ាងទៀត រដ្ឋាភិបាល ភ្នំពេញខិតខំប្រឹងអូសទាញហើទទួលយក ការវិនិយោគឬជំនួយពីគ្រប់ទិសទី ដោយមិន រើសអើងប្លុកកម្មុយ និស ឬសេរីឡើយពោលគឺឲ្យតែមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសារខ្មែរ គឺទទួលយកទាំងអស់។
ដូច្នេះ ជំហរដ៍ហ្មឺងម៉ាត់ដាច់ខាត របស់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ពិតជា ត្រឹមត្រូវណាស់ពីព្រោះ «ជោគវាសនា របស់កម្ពុជាវាអាស្រ័យលើខ្មែរខ្លួនឯងជាអ្នកកំណត់»តែ ប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះ ភាពវៃឆ្លាតរបស់មេដឹកនាំគឺការចេះកៀរគរជំនួយនិងវិនិយោគ មកពីគ្រប់ទិសទីដោយមិនរើសអើង។ ហើយផ្ទុយទៅវិញ ការពឹងលើបរទេសហើយបើកដៃឲ្ប បរទេសលូកដៃកកូរកកាយផ្ទៃក្នុងប្រទេសខ្លួនឯង នោះលទ្ធផលចុងក្រោយ យើងគួររៀន សូត្រនិងដកពិសោធន៍ពី ប្រទេសស៊ីរី លីប៊ី អេហ្ស៊ីប ។ល។ ពោលគឺគ្មានអ្វីក្រៅ ពីភាពខ្ទេចខ្ទាំ ងសង្គ្រាមវិនាសកម្មគ្រប់បែប យ៉ាង។ល។
ដូច្នេះប្រការដែលសហភាពអឺរ៉ុបប្រើប្រាស់ស្តង់ដារពីរជាមួយកម្ពុជានិងជាមួយវៀតណាមគឺជា រឿងផលប្រយោជន៍សុទ្ធសាធមិនថា សេដ្ឋកិច្ច រឺ ភូមិសាស្ត្រ នយោបាយនោះ ឡើយទើបគេ សុខចិត្តបិទភ្នែករឿងប្រជាធិបតេយ្យសិទ្ធិមនុស្ស។
ប៉ុន្តែ ដល់ពេលខ្ញុំឃើញស្តង់ដារ ២ត្រូវបានអនុវត្តនៅប្រទេសជិតខាងគ្នាដូច្នេះ ខ្ញុំក៏ដូចជា ពលរដ្ឋ ខ្មែរឯទៀតដែរ គឺមានអារម្មណ៍ ហួសចិត្តហើយក៍មានមនោសញ្ចេតនា ស្រឡាញ់ ប្រទេសជាតិខ្លួនឯងកាន់តែខ្លាំងនិងកាន់តែឲ្យតម្លៃទៅលើអធិបតេយ្យភាពជាតិខ្មែរកាន់តែខ្លាំងថែមទៀត។ ហើយអ្វីដែលកូនខ្មែរ គ្រប់ៗរូបក៏ត្រូវចងចាំទុកជា មេរៀនផងដែរនោះគឺ
« សិទ្ធស្វ័យសំរេចរបស់ខ្មែរ យើងគឺជាកត្តាស្លាប់រស់របស់ជាតិនិងប្រជាជនយើង #Rights  to self-determination is a death and life factor for our Khmer nation and people »។
ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

អភិបាល ខេត្ត កោះកុងប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្នុងក្រុងខេមរភូមិន្ទ

កោះ កុង ៖ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្ត កោះ កុង បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា ក្នុងក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង និងជាប្រធានគណៈកម្មាធិការសាខា ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត២ អង្គ លោកប្រធានកិត្តិយសអនុសាខា លោកប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាក្រុង លោក លោកស្រី មន្ត្រីសាលាក្រុង អាជីវករ បណ្តាក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធ យុវជន សសយក សិស្សានុសិស្ស ព្រមទាំងសប្បុរសជន នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។
លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង បាន មានប្រសាសន៍ថា អនុសាសន៍សំខាន់ៗរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើរជូន សាខា អនុសាខា គ្រប់ខេត្ត ក្រុង រួមមាន៖
១.សូមរក្សាសាមគ្គីភាពឲ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្ម ។
២.ត្រូវពង្រឹងការកសាង និងបង្កើនសមត្ថភាពមន្ត្រី សាខា អនុសាខា ណែនាំតម្រង់ទិស បណ្តុះបណ្តាល បំពាក់បំប៉នការយល់ដឹង ពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅរបស់សាខា អនុសាខា តាមលក្ខណៈវិនិច្ឆ័យសាខា និងការគ្រប់គ្រងគម្រោងអភិវឌ្ឍតាមសហគមន៍។
៣.ពង្រឹងកិតិ្តនាមកាកបាទក្រហមកម្ពុជា ដោយ បំពេញការងារតាមគោលការគ្រឹះទាំង៧។
៤.បន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រកាកបាទក្រហមឲ្យទៅជាបណ្តាញ ដ៏រឹងមាំ និងកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តភាព និងប្រកបដោយប្រសិទ្ធភាព។
៥.បន្តពង្រឹងពង្រីកសមាជិកភាព លើកម្ពស់ការ កៀរគររកមូលនិធិ ឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត និងទៅតាមសទ្ធាជ្រះថ្លា។
៦.បន្តលើកកម្ពស់ ការចងក្រងឯកសារស្តីពីអ្នកទទួលផល ការថែទាំសមិទ្ធផល ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូន សហគមន៍។
ទី៧.បន្តពង្រឹងរបបរាយការណ៍ ពីហិរញ្ញវត្ថុ និងការអភិវឌ្ឍនភាពសាខា អនុសាខា និងត្រូវផ្តល់របាយការណ៍ជូនស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាឲ្យបានទៀងទាត់៕





ពិធីសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធិផលនានាក្នុងវត្តកែវជុំ ស្រុកវាលវែង

ពោធិ៍សាត់ : នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់សមិទ្ធិផលនានាក្នុងវត្តកែវជុំ (ហៅវត្តទួលគ្រួស )
ពិធីនេះធ្វើឡើងនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងមានការផ្តល់គ្រឿងឥស្សរយយសជូនដល់ព្រះសង្ឃ និងសប្បុរសជន ដែលមានទឹកចិត្តជ្រះថ្លា សាមគ្គីគ្នាជួយកសាងសមិទ្ធផលក្នុងវត្តកែវជុំ (ហៅវត្តទួលគ្រួស) នេះតាំងពីបាតដៃទទេរហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ៕






អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជ្រុំពិនិត្យស្ថានភាពមណ្ឌលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០

នៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជ្រុំពិនិត្យស្ថានភាពមណ្ឌលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ នាពេលខាងមុខ ក្រោមអធិបតីភាពលោក ថោង ប៉ូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី លោក លឹម សុធា អគ្គនាយក លោកប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យទាំង១១ ចំនុះមន្ទីរ លោក លោកស្រីប្រធានការិយាអប់រំ យុវជន និងកីឡា ក្រុងស្រុកទាំង៨ លោកនាយក នាយិកា ទីតាំងសាលាទាំង៧ ដែលត្រូវរៀបចំជាមណ្ឌលប្រឡង។
លោកអភិបាលរងខេត្តបានដាក់ទិសដៅមួយចំនួន ៖
១.ត្រួតពិនិត្យស្ថានភាពមណ្ឌលនិមួយៗ ដូចជាអាគារ តុ កៅអី សិស្ស របងព័ទ្ធជុំវិញ ផ្នែកដំបូលមានការខូចខាតឬបាក់បែកឬទេ រៀបចំប្លង់ទីតាំងសាលាពីចំនុចប្រឈមផ្សេងៗ
២.ពិនិត្យគ្រប់គ្រង់ កម្មករ សន្តិសុខ និងអ្នកលក់ដូរ ដែលស្នាក់នៅក្នុងមណ្ឌល ត្រៀមរកន្លែងស្នាក់នៅខាងក្រៅកំឡុងពេលមុនដំណើរការ និងក្នុងពេលដំណើរការប្រឡងចាប់ផ្ដើម
៣.ពង្រឹងការងារអនាម័យបរិស្ថាន បន្ទប់ទឹក ប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនីសម្រាប់ប្រើប្រាស់និងបំភ្លឺនៅតាមបន្ទប់នៃមណ្ឌលប្រឡង
៤.សូមអោយលោកគ្រូ អ្នកគ្រូពាំនាំ ខ្លឹមសារទៅពន្យល់ដល់សិស្សដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រឡង និងជម្រាបជូនដល់ឪពុកម្ដាយសិស្សនូវលក្ខខណ្ឌនាថ្ងៃប្រឡង
៥.ធ្វើសំណូមពរលើការខ្វះខាត ករណីដែលលោកនាយក លោកប្រធានមន្ទីរមិនអាចដោះស្រាយបាន មករដ្ឋបាលខេត្តដើម្បីពិនិត្យដោះស្រាយឱ្យបានទាន់ពេលវេលា ៕