Tuesday, July 02, 2019

អភិបាលខេត្តស្វាយរៀង ផ្តាំផ្ញើនូវកិច្ចការ ១៣ចំណុចសំខាន់ៗ ដល់គណៈអភិបាលស្រុកចន្ទ្រាថ្មី

ស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ៍ទី០២ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យមន្ត្រីរាជការចំណុះសាលាស្រុក មេឃុំ ស្មៀន ប្រធានប៉ុស្តិ៍រដ្ឋបាល និងកម្លាំងសមត្ថកិច្ចតាមព្រំដែនជាច្រើនរូបទៀត ។
លោកអភិបាលខេត្ត បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក ថន ថាវុទ្ធា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង ជំនួសលោក ងួន រាំ ដែលត្រូវផ្ទេរភារៈកិច្ចមកបម្រើការងារនៅសាលាខេត្តស្វាយរៀង។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
១- ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២- បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
៣- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
៥- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
៦- យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
៧- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ។
៨- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
៩- បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
១០- ខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្រើនថែមទៀត នឹងត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
១១- ត្រូវបន្តការពង្រឹងការទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាងអោយបានដាច់ខាត។
១២- ពិនិត្យលទ្ធភាពធ្វើផ្លូវ និងប្រព័ន្ធលូនៅច្រកព្រំដែនសំរោង។
១៣- ត្រូវត្រួតពិនិត្យសំណង់ណាដែលមិនទាន់មានច្បាប់ត្រូវសុំច្បាប់ និងសាងសង់ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស៕






No comments:

Post a Comment