Monday, January 08, 2024

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករតំបន់សេដ្ឋកិច្ចពិសេស នាងកុក

 CMF:

ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយស
បងប្អូនកម្មករនិងជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន!

[ផ្តើមសេចក្ដីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសេចក្ដីសោមនស្សរីករាយ ដែលបានមកសំណេះសំណាលជាមួយបងប្អូនកម្មករនិយោ​ជិត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិតស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នេះគឺជាកម្មវិធីទីមួយរបស់ខ្ញុំ នៅក្នុងឆ្នាំថ្មី។ ឆ្នាំកើន តែអាយុថយ (មើលទៅនៅ)ក្មេង។ អម្បាញ់មិញមកជួបប្អូនៗ គាត់ថា នៅក្រៅ​ក្មេងជាងក្នុងរូបថត។ អម្បាញ់មិញមកនេះ ក៏មានប្អូនស្រីមួយថា សុំបោះត្រាក្រែមមួយ … អញ្ចឹងបានជាអា​យុកាន់តែក្មេង ដោយសារតែសេចក្ដីសប្បាយរីករាយបានជួបជាមួយបងប្អូន។ ខាងនេះអត់បានឆ្លងទៅ អម្បាញ់​មិញ​ឃើញកាន់កាមេរ៉ា ព្រោះខាងនេះមួយម៉ោងជាងហើយ …។

អរគុណក្រសួងការងារ គណៈអភិបាលខេត្តកោះ​កុង ស្រុកមណ្ឌលសីមា ខាងបណ្ដារោងចក្រសហគ្រាស ដែលបានសហការក្នុងការរៀបចំ(ពិធីនេះ) និងអរគុណចំពោះការផ្ដល់ឱកាសឱ្យបងប្អូនបានចូលរួមនៅក្នុងថ្ងៃនេះ ក៏ដូចជាបានឈប់សម្រាកបន្តទៀតក្រោយពីចប់ពិធីនេះទៅ។ ម្សិលមិញជាថ្ងៃ(ជ័យជំនេះ) ៧មករា។ ថ្ងៃនេះ ជាថ្ងៃ ៨ មករា យើងអបអរសាទរនៅដើមឆ្នាំតែម្ដង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើពាំនាំនូវការសួរសុខទុក្ខ ការជូនពរ ប្រសិទ្ធពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្ញើជូនបងប្អូនទាំងអស់ ក៏ដូចជានៅក្នុងទូទាំងខេត្តកោះកុង ក្នុងឱកាសឆ្នាំថ្មី សូមទទួលបាននូវជោគជ័យ សុភមង្គលល្អ និងជោគជ័យក្នុងគ្រប់កិច្ចការ …។

(១) ៨៥,៧២% នៃអ្នកបោះឆ្នោតនៅកោះកុង ពេញចិត្តការដឹកនាំរបស់គណបក្សប្រជាជន

សូមអរគុណចំពោះការគាំទ្ររបស់បងប្អូនរបស់ប្រជាពលរដ្ឋអ្នកខេត្តកោះកុង តាមរយៈការបោះឆ្នោតកន្លងទៅដែលបង្ហាញសារច្បាស់​លាស់​ណាស់។ នៅខេត្តកោះកុងទាំងមូលមានប្រជាពលរដ្ឋ ៨៣%ទៅបោះឆ្នោត ក្នុងនោះ ៨៥,៧២% បានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ សូមអរគុណ។ នេះបានបញ្ជាក់អំពីការពេញចិត្តនិងគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហើយក៏ស្ម័គ្រចិត្តនិងផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំ បម្រើប្រជាពលរដ្ឋរួមទាំងអ្នកកោះកុងនេះ …។ ភារកិច្ចរបស់រដ្ឋាភិបាលពីអាណត្តិទៅមួយអាណត្តិ ដូចជាសិស្សរៀនអញ្ចឹង។ ទន្ទឹមនឹងយើងបានប្រលងជាប់ឡើងថ្នាក់ យើងអត់បោះបង់ការសិក្សា ឬមួយធ្លាក់ដៃទេ។ យើងកាន់តែខំប្រឹងប្រែងដើម្បីបានជាប់ម្ដងទៀត ទៅតាមលទ្ធផល ការខិតខំប្រឹងប្រែង និងពិន្ទុដែលអ្នកគ្រូឱ្យឬមួយក៏លោកគ្រូឱ្យ។

(២) ខិតខំថែមទៀត ដើម្បីអរគុណប្រ​ជា​ពលរដ្ឋដែលបានផ្ដល់ការទុកចិត្ត និង ប្ដេជ្ញាមិនឱ្យប្រជាពលរដ្ឋខកចិត្ត

ចំពោះរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ គណបក្សនីមួយៗ លោកគ្រូអ្នកគ្រូ គឺប្រជាពលរដ្ឋហ្នឹងឯង។ ពេលដែលលោកគ្រូអ្នកគ្រូឱ្យជាប់ បោះឆ្នោតម្ដងៗ បានន័យថាបោះឆ្នោតជូន មិនមានទម្លាក់ដៃទេគឺមានតែខិតខំ(ឡើងថែមទៀត ដើម្បី)៖ ទី១ ជាការអរគុណដល់ប្រ​ជា​ពលរដ្ឋ ដែលបានផ្ដល់ការទុកចិត្ត និងទី២ ប្ដេជ្ញាចិត្តមិនឱ្យប្រជាពលរដ្ឋខកចិត្ត ឬដើម្បីយើងឡើងថ្នាក់បន្តទៀតនៅពេលខាងមុខ។ បានន័យថាបន្តនូវការទុកចិត្តរបស់ប្រជាពលរដ្ឋ គ្រប់អាណត្តិទាំងអស់ដែលយើងធ្វើបាន …។ យើងមិនមែនខ្មែរក្រហម ដែលបានទទួលអំណាចហើយ យក(អំណាចទៅ)កាប់សម្លាប់ប្រជាពលរដ្ឋនោះទេ។ យើងផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពទុកចិត្ត កក់ក្ដៅ ទើបយើងបានរីកចម្រើន។ ជាការអរគុណដល់បងប្អូនដែលបានបោះឆ្នោតគាំទ្រ ផ្ដល់ការទុកចិត្តដល់គណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយ គឺមានតែការប្ដេជ្ញាចិត្ត​ដើម្បីបម្រើបងប្អូនឱ្យកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យបានផលកាន់តែច្រើនជូនបងប្អូនតទៅទៀត។

អម្បាញ់មិញឯកឧ្តម ហេង សួរ បានបញ្ជាក់ពីផែនការ ៦ចំណុច ដែលយើងបានធ្វើតាំងពីរដ្ឋាភិបាលបង្កើតថ្មី រហូតដល់ដាច់ឆ្នាំ … ថែមទាំង ៤ចំណុចបន្ថែមទៀតពីរឆ្នាំ … មិនមែនតែក្រសួងការងារទេ គ្រប់ក្រសួងស្ថាប័ន​ទាំងអស់ ទាំងថ្នាក់ជាតិ និងក្រោមជាតិ សុទ្ធតែមានផែនការនៅក្នុងការអភិវឌ្ឍ ជំរុញលើកស្ទួយជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ។ យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយនិងផែនការសកម្មភាព ដើម្បីបម្រើប្រជាពលរដ្ឋ និងរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ …។

[បញ្ចប់សេចក្ដីអធិប្បាយ១]

ខ្ញុំសូមយកឱកាសនេះ ចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់នៅខេត្តកោះកុង ដែលបានទទួលសមិទ្ធផលថ្មីមួយទៀត ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្ថែមលើសមិទ្ធផលជាច្រើននៅក្នុងរដ្ឋបាលខេត្តកោះកុង ខិតខំសម្រេចបាន ដើម្បីប្រែក្លាយជាខេត្តមួយមានសក្ដានុពល និង កាលានុវត្តភាពខ្ពស់ សម្រាប់ជម្រុញការវិនិយោគនិង​អភិវឌ្ឍសេដ្ឋកិច្ច។ នេះជាសក្ខីភាពជាក់ស្ដែងថ្មីមួយទៀត បង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ដោយបានកសាងស្ពាន សម្តេចតេជោ ហ៊ុន សែន កោះយ៉ នេះឡើង សម្រាប់​បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និយាយដោយឡែក និងសម្រាប់ប្រជាពលរដ្ឋទូទៅនិយាយជារួម ។

ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និង ដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង រដ្ឋបាលខេត្តកោះកុង និងឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានខិតខំក្នុងការជំរុញការចាប់ផ្ដើមសាងសង់ស្ពាននេះនៅថ្ងៃទី ០២ កក្កដា ឆ្នាំ២០២២ បានចប់ជាស្ថាពរនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលចំណាយទឹកប្រាក់សរុបជិត ១​លាន ៤​សែន ដុល្លារ។ ដែលសម្ដេចតេជោបានប្រកាសជំរុញការសាងសង់ដែលមានសម្រាប់ប្រជាពលរដ្ឋរបស់យើង។

[ផ្ដើមសេចក្ដីធិប្បាយ២]

(៣) ភូមិសាស្ត្រខេត្តកោះកុងដាច់ឆ្ងាយពីខេត្តជាប់សមុទ្រ ៣ទៀត

ស្ពាននេះ គឺជានិមិត្តរូប និងជាឧទាហរណ៍មួយជាក់ស្ដែងស្តីពីការយកចិត្តទុកដាក់(របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន)សម្រាប់ប្រជាពលរដ្ឋនៅខេត្តកោះកុងទាំងមូល។ បើយើងនិយាយពីខេត្តជាប់សមុទ្រ យើងមាន ៤ខេត្តគឺ កំពត កែប ព្រះសីហនុ និងកោះកុង។ ខេត្តកោះកុងនេះ មានលក្ខណៈភូមិសាស្ត្រ រាងដាច់ឆ្ងាយជាងគេបន្តិច។ កំពត កែប ខេត្តព្រះសីហនុ នៅជិតគ្នា ដល់មកកោះកុងរាងឆ្ងាយជាងគេ។ កាលពីអតីតកាល​ក៏កាន់តែឆ្ងាយទៅទៀត។ ខ្ញុំចាំបាន ពេលដែលនៅក្មេង មកខេត្តកោះកុងម្ដងៗ មិនបានមកតាមផ្លូវជាតិទេ។ ភាគច្រើនមកតាមផ្លូវទឹកស្រួលជាង។ ពេលខ្លះមកតាមផ្លូវអាកាស ព្រោះផ្លូវជាតិ ផ្លូវថ្នល់ និងការតភ្ជាប់មានស្ថានភាពលំបាក។ កន្លែងខ្លះគឺជាកន្លែងបាញ់គ្នា។ បើមកពីបាត់ដំបងតាមផ្លូវ ៥៥ សុទ្ធតែកន្លែងវាយគ្នា។ តាមផ្លូវវាលវែងអី មិនមែនដូចឥឡូវនេះទេ។ កោះកុងកាលពីពេលនោះ មិនមានបាំងកាឡូ (Bungalow) នៅតាតៃអីទេ …។

(៤) ប្រជាពលរដ្ឋកោះកុងកើនពីជាង ៨ម៉ឺន មកជាង ១៤ម៉ឺននាក់ និងមានសក្តានុពលកំណើនជាមួយសេដ្ឋកិច្ច

ខ្ញុំឧស្សាហ៍មកតាមអូប័រ ពីកំពង់សោម។ កាលនោះយើងហៅកំពង់សោម។ មកប៉ាក់ខ្លង ជាប់ខ្លងយ៉ៃ អត់មានរោងចក្រអញ្ចេះទេ។ អត់មានជាងមួយម៉ឺននាក់មានការងារធ្វើអញ្ចឹងទេ។ អម្បាញ់មិញ មានអ្នកខ្លះមកពីព្រៃវែង បងប្អូនខ្លះមកពីកំពត និងមកពីខេត្តផ្សេងៗ។ ខេត្តកោះកុងពីអតីតកាលដាច់ស្រយ៉ាល ហើយស្រងេះស្រងោច ប៉ុន្តែពេលនេះយើងបានវិវឌ្ឍន៍។ ទោះបីជាមិនទាន់រស់រវើកដូចខេត្តព្រះសីហនុក៏ដោយ ប៉ុន្តែបើប្រៀបធៀបពីអតីតកាល យើងមានការរស់រវើកច្រើនហើយ។ ពីពេលដែលយើងចប់សង្រ្គាម មានប្រជាជនប្រហែលជាជាង ៨ម៉ឺននាក់។ ឥឡូវឡើងជាង ១៤ម៉ឺននាក់ ហើយនឹងបន្តរីកទៅទៀត។ អម្បាញ់មិញ អ្នកមានផ្ទៃពោះច្រើន ហើយបន្តិចទៀត ពេលដែលសេដ្ឋកិច្ចយើងកាន់តែកើន ប្រជាពលរដ្ឋរបស់យើងច្រើននឹងមកទីនេះ។ អញ្ចឹងខេត្តកោះ​កុងមានសក្តានុពលធំ ប្រជាពលរដ្ឋកាន់តែកើន កាន់តែរស់រវើក។

(៥) កោះកុងអភិវឌ្ឍព្រោះគោលនយោ​បាយបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ និងការបង្រួបបង្រួមទឹកដីទាំងស្រុង

បងប្អូនប្រជាពលរដ្ឋនៅទីនេះ​បានដឹងហើយថា គ្មានស្អីកើតបានដោយចៃដន្យនោះទេ។ ភូមិសាស្រ្តនៅទីនេះ ផ្តល់លទ្ធភាព(អោយប្រជាពលរដ្ឋ)រស់នៅទីនេះរាប់ម៉ឺនឆ្នាំទៅហើយ … ការវិវត្តនៃភូមិសាស្រ្តមានការប្រែប្រួល។ ទីកន្លែងដែលពីមុនមានសង្រ្គាម ការបែកបាក់ ត្រូវបានយើងអភិវឌ្ឍឡើងវិញ។ វាកើតចេញនូវការខិតខំប្រឹងប្រែងលះបង់ច្រើនណាស់។ សំខាន់បំផុត គឺការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ … សំណួរសួរថា គោលនយោបាយស្អីខ្លះ? អនុវត្តអ្វីខ្លះ? ទី១ ការដាក់ចេញគោលនយោបាយត្រឹមត្រូវ, ទី២ ការអនុវត្តដោយស្មោះត្រង់ និងប្រសិទ្ធភាព។ ឥឡូវគោលនយោបាយអ្វីខ្លះដែលយើងអាចធ្វើបាន ដែលយើងជឿថាឲ្យខេត្តកោះកុងក្លាយជាខេត្តតំបន់ទេសចរណ៍? ក្នុងខេត្តកោះកុង មិនមែននៅតែក្រុងខេមរភូមិន្ទ មានកន្លែងច្រើនណាស់ … មានតំបន់ផ្សេងទៀតនៅអារ៉ែង នៅជីផាត់ នៅថ្មបាំង។ ឥឡូវមានតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗច្រើន … ថ្ងៃមុនខ្ញុំទៅសម្ពោធវារីអគ្គិសនីមួយដែលជាអតីតកន្លែងវាយគ្នាប៉ុន្មានជំនាន់ហើយ។ សួរថា យើង(ធ្វើ)បានប៉ុណ្ណេះដោយ​សារគោលនយោបាយអ្វី? គឺគោលនយោ​បាយបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ និងការបង្រួបបង្រួមទឹកដីទាំងស្រុងនេះឯង …។

(៦) កោះកុងជាទីតាំងលាក់ទ័ពច្រើនជំនាន់/របប

បើសិនជាអត់សន្តិភាព សួរថាយើងបានបង្រួបបង្រួមទឹកដីប៉ុណ្ណេះ ឬខេត្តកោះកុងតភ្ជាប់ទេ? មិនបាច់ទៅមើលខេត្តណាផ្សេង មើលតែខេត្តកោះកុងហ្នឹង តើយើងអាចទៅគ្រប់កន្លែងដែលនិយាយបានទេ? ថ្ងៃមុន ទៅបិទស្ទឹងដើម្បីស្ថាបនាវារីអគ្គិសនីនៅតាតៃលើ នៅថ្មបាំង។ លើកឧទាហរណ៍ថាកន្លែងហ្នឹងមួយ កាលពីជំនាន់ លន់ នល់ ក៏ជាជំនាន់លាក់ទ័ពដើម្បីតស៊ូប្រឆាំងជាមួយនឹង លន់ នល់ ក្រោយពីរដ្ឋប្រហារ។ ជំនាន់ខ្មែរក្រហមក៏ជាកន្លែងលាក់ទ័ពដើម្បីប្រឆាំងជាមួយនឹងខ្មែរក្រហម ដែលសម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ព្រឹទ្ធាចារ្យ សាយ ភូថង ជាមួយថ្នាក់ដឹកនាំសំខាន់ៗ បានរៀបចំកម្លាំងនៅទីនោះ។ សួរថា រៀបចំកម្លាំងដើម្បីអ្វី? ដើម្បីតស៊ូបះបោរប្រ​ឆាំង។ អញ្ចឹងវាស្មើទៅនឹងកន្លែងផ្តាច់ខ្លួន និងកន្លែងវាយគ្នាទៅហើយ។ ក្រោយ ១៩៧៩ ហ្នឹងកន្លែងនោះជាកន្លែងប្រទូស្តប្រទាំងដែរ។ កន្លែងដែលខ្មែរក្រហមធ្វើសកម្មភាព ហើយក៏ជាកន្លែងដែលជំនាន់រដ្ឋកម្ពុជា ឯកឧត្តម យឹម សុខុម ធ្លាប់ជាមេកងពលដំបូងគេ ដឹកនាំកម្លាំង មិនមែនទៅការពារសន្តិសុខ ធ្វើបង្គោលភ្លើងដាក់ឲ្យ​ប្រជាពលរដ្ឋទេ គឺទៅដើម្បីធ្វើផែនការវាយគ្នាសម្លាប់គ្នា។

(៧) មានសន្តិភាព តំបន់ទាំងអស់ចេញចូលបាន មានអ្នកធ្វើសកម្មភាពតាំងខ្លួនជាអ្នកស្រឡាញ់/ការពារបរិស្ថាន

បើគ្មានសន្តិភាពនៅតំបន់ទាំងអស់នោះ សួរថាប្រជាពលរដ្ឋអាចចេញចូលរួចទេ? ឥឡូវ អ្នកខ្លះទាំងបរទេសទាំងស្អី ចូលទៅធ្វើសកម្មភាពតាំងខ្លួនជាអ្នកស្រ​លាញ់ អ្នកការពារបរិស្ថាន។ កាលពីនៅវាយគ្នា ចាំតែហ៊ានចូលតើ។ ម៉េចក៏មិនចូលការពារបរិស្ថានពេលនោះ … ប្រជាពលរដ្ឋ ២ទៅ ៣ឃុំ បានសុំតភ្លើង។ ថាម៉េចបានអញ្ចឹង? ប៉ុន្មានឆ្នាំមុនចង់ធ្វើដែរ តែមានបងប្អូនខ្លះគាត់ថាកុំឲ្យធ្វើ ខ្លាចអញ្ចេះអញ្ចុះ។ ឥឡូវបងប្អូនឃើញការអភិវឌ្ឍ។ ខ្ញុំមិនថាទេ ប៉ុន្តែបើគ្មានសន្តិ ភាព តើយើងអាចបង្រួបបង្រួមជាតិបានទេ? យើងអាចធ្វើឱ្យ​ខេត្តកោះ​កុង ទៅជាខេត្តដែលតភ្ជាប់ដូចរាល់ថ្ងៃទេ? មានផ្លូវតែប្រើមិនកើត ដោយសារតែត្រូវបានដាក់មីន ផ្លូវដាច់មិនអាចធ្វើបាន។ មានដីអំណោយផល មានទឹកអាចធ្វើផែបាន តែមិនអាចធ្វើបាន ព្រោះគ្មានអ្នកណាមកធ្វើ។ អម្បាញ់មិញ ខ្ញុំជួបបងប្អូនច្រើនមកពី Hyundai មកពីក្រុមហ៊ុនផលិតខ្សែភ្លើង … បើកោះកុងនៅដាច់ស្រយាលនិងវាយគ្នាដាច់ដោយដុំ តើគេមកទេ? បងប្អូនអ្នកព្រៃវែងផ្សងមកទេ បើនៅវាយគ្នាឥឡូវនេះ នៅព្រៃវែងមិនស្រួលជាង។ បើគ្មានសន្តិភាព មិនអាចធ្វើបែបនេះបានទេ។

(៨) ថ្ងៃ២៩ ធ្នូ ទិវាបុណ្យបញ្ចប់សង្រ្គាមក្នុងប្រវត្តិសាស្ត្រប្រមាណ ៥០០ឆ្នាំ

ដើម្បីបានសន្តិភាព ត្រូវមានគោលនយោបាយច្បាស់លាស់ គឺគោលនយោបាយឈ្នះ-ឈ្នះដើម្បីបញ្ចប់សង្រ្គាមនេះឯង។ ទីបំផុតនៅឆ្នាំ ១៩៩៨ យើងបានបញ្ចប់ការច្បាំងគ្នា(ក្នុងប្រវត្តិសាស្ត្រជាង) ៥០០ ឆ្នាំ។ បើគ្មានគោលនយោបាយ និងមិនមានអ្នកអនុវត្តគោលនយោបាយដ៏ស្មោះត្រង់ យើងមិនអាចធ្វើបានទេ។ ពិសេសការដឹកនាំពីមគ្គុទេសឯក សម្តេចតេជោ និងការប្រតិបត្តិ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ អញ្ចឹង នេះគឺជាគោលនយោបាយដែលត្រឹមត្រូវសំខាន់បំផុត។ កាលពីថ្ងៃទី ១​ ​មករា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ កំណត់យកថ្ងៃ ២៩ធ្នូ ជា​ទិវាសន្តិភាពនៅកម្ពុជា និងជាថ្ងៃឈប់សម្រាកសម្រាប់ជាតិយើងទាំងមូល។ មានអ្នកខ្លះរិះគន់ថា ការដាក់ថ្ងៃហ្នឹងជាថ្ងៃបុណ្យជាតិឬថ្ងៃឈប់សម្រាកដើម្បីត្រកូលហ៊ុន។ សូមប្រាប់អញ្ចេះ ខ្ញុំអត់បដិសេធថាត្រកូលហ៊ុនស្វាគមន៍ សន្តិភាព​ទេ។ អញ្ចឹងទិវាសន្តិភាពនេះគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម ក្នុងនោះមានត្រកូលហ៊ុនមួយដែរ។ ខ្ញុំអត់ខ្លាចនឹងថាអញ្ចឹងទេ។ តែមិនមែនសម្រាប់ផ្តាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរទាំងអស់ដែលស្រលាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនយើងទូទាំងប្រទេស។

(៩) អ្នកមិនសប្បាយចិត្តនឹងថ្ងៃ ២៩ធ្នូ ជាទិវាបុណ្យបញ្ចប់សង្គ្រាម កុំសំរាកនិងទៅមើលចំការមីន

ទិវាសន្តិភាពនៅកម្ពុជា គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋយើង សម្រាប់បច្ចុប្បន្ននិងទៅអនាគត និងសម្រាប់កូនចៅយើងគ្រប់គ្នា។ យើងយកថ្ងៃហ្នឹង ជាថ្ងៃអបអរសាទរ(នូវអ្វី)ដែលបងប្អូនថា(ជាការបញ្ចប់ការបែកបាក់ក្នុងប្រវត្តិសាស្ត្រ) ៥០០ ឆ្នាំ … ទោះបីជាយើងកើតមិនទាន់ក៏ដោយ កូនយើងមិនទាន់កើត ចៅយើងមិនទាន់កើត តែទៅថ្ងៃមុខ គេត្រូវតែចងចាំប្រវត្តិសាស្រ្តខ្មែរយើង។ យ៉ាងហោចណាស់ ក៏អាចអបអរសាទរដល់ថ្ងៃហ្នឹង ក៏បានរលឹកថាថ្ងៃនេះ កាលពីឆ្នាំ ១៩៩៨ មុននឹងដល់នោះ តើប្រជាពលរដ្ឋយើងប៉ុន្មាននាក់ដែលបានលះបង់ដើម្បីបាននូវសន្តិភាព បញ្ចប់(ប្រវត្តិ)សង្រ្គាម ៥០០ ឆ្នាំ។ អញ្ចឹងជាទិវាដែលយើងទាំងគ្នាត្រូវចងចាំ។ ការឈប់សំរាកនេះគឺដើម្បីជាការរំលឹកនិងការអបអរសាទរទាំងអស់គ្នា។ បើអ្នកណាមិនសប្បាយចិត្តរឿង ដាក់ថ្ងៃហ្នឹង មិនបាច់ឈប់ទេ … ម្សិលមិញសម្តេចតេជោ លោកថាអ្នកមិនសប្បាយចិត្តថ្ងៃហ្នឹង នាំគ្នាទៅមើលចំការមីនទៅ។ ហ្នឹងហើយសំណល់ពីសង្រ្គាមដែលគ្មានសន្តិភាព។ ឥឡូវមានខុសអីក្នុងការយកថ្ងៃសំខាន់សម្រាប់ជីវិតប្រជាពលរដ្ឋយើង(ជាថ្ងៃបុណ្យនិងឈប់សំរាក)។

(១០) មិនមានអ្វីខុសទេ ដែលឱ្យកូនចៅតជំនាន់ចងចាំ ទិវាឯករាជ ០៩វិច្ឆិកា និងទិវាជ័យជំនះ ៧មករា

ប្រទេសមួយ ប្រជាពលរដ្ឋមួយ ត្រូវការឯករាជ្យ អធិប​តេយ្យ ការរស់រានមានជីវិតដោយសិទ្ធិសេរីភាព ហើយរស់នៅដោយសុខសន្តិភាពនិងការអភិវឌ្ឍ មែនឬអត់? ឥឡូវយើងរស់នៅក្នុងអធិបតេយ្យភាពនិងឯករាជ្យភាព។ យើងមាន(ទិវាឯករាជ) ៩ វិច្ឆិកា ដែលព្រះករុណាព្រះបាទព្រះបរមរតនកោដ្ឋបានទទួលឯករាជ្យនេះពីការត្រួតត្រារបស់បារាំងឆ្នាំ ១៩៥៣។ យើងបានយកថ្ងៃនេះជាថ្ងៃឈប់សម្រាក ដើម្បីរំលឹកគុណទៅដល់និងការសប្បាយរីក​រាយអបអរសាទរចំពោះឯករាជ្យ អធិបតេយ្យភាពរបស់យើង។ តើខុសអ្វី? អត់ខុសទេ។ មែនទេ? យើងត្រូវតែសប្បាយរីករាយ ហើយកូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅទៀត ត្រូវចាំថ្ងៃ ០៩ វិច្ឆិកា ១៩៥៣ ជាថ្ងៃឯករាជ្យ ហើយកុំឲ្យបាត់ឯករាជ្យ អធិបតេយ្យភាពយើងទៅវិញ … ថ្ងៃ ០៧ មករា  ១៩៧៩ គឺជាថ្ងៃដែលយើងរស់រានមានជីវិតនិងចាកចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រស់មកដល់ប៉ុណ្ណេះ។ តើផលទាំងអស់នេះ បានទៅអ្នកណា? បានទៅប្រជាពលរដ្ឋយើង។ អញ្ចឹងគ្មានអីដែលខុសទេ។ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋយើងរាប់សិបឆ្នាំតទៅទៀតចងចាំ កុំឲ្យបាត់/កុំឲ្យធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ទៀតនៅកម្ពុជា​ …។

(១១) តើខ្មែរក្រហមបានសម្លាប់ប្រជាជនទេ? តើរណសិរ្សសាមគ្គីសង្គ្រោះជាតិបានបញ្ឈប់ការកាប់សម្លាប់ទេ?

អញ្ចឹងវាមិនខុសអ្វីទេដែលយើងត្រូវចងចាំនូវទិវាសន្តិភាព ដើម្បីកុំឲ្យបាត់សន្តិភាពទៅវិញ រាប់ពាន់ឆ្នាំតទៅទៀត រឿងដូចតែគ្នាទេ។ ថ្ងៃ​​​ឯករាជ្យ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ និងថ្ងៃបញ្ចប់សង្គ្រាម គឺផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជនយើងទាំងមូល។ បងប្អូនទាំងអស់ ខ្ញុំថាជាជាតិខ្មែរដែលបានផល រួមទាំងអ្នកដែលរិះគន់នោះមិនគួរយក(ព្រឹត្តិការណ៍នេះ)ជាប្រធានបទ។ មានអីត្រូវជំទាស់ជាមួយនឹងផលប្រយោជន៍សម្រាប់ជាតិរបស់យើង។ ម្សិលមិញថ្ងៃ ០៧ មករា ដែលយើងឧស្សាហ៍និយាយជាថ្ងៃកំណើតទី២ និងការរស់រានមានជីវិត … ឃើញ(មាន)មតិ(រិះគន់)មួយចំនួន (ពីពួក) monsieur នៅក្រៅប្រទេស ដែលមិនធ្លាប់រស់នៅជំនាន់ ប៉ុល ពត អត់ស្គាល់ការលំបាក។ ពួកយើងស្គាល់។ បើកើតមិនទាន់ សួរយាយ សួរតា សួរម៉ែឪទៅ។ គេថា ថ្ងៃ ០៧ មករា ១៩៧៩ គឺជាថ្ងៃវៀតណាមឈ្លានពាន … ខ្ញុំសូមសួរតែប៉ុណ្ណេះទេ ចង់អ្នកឯងរៀបរាប់ថាយ៉ាងម៉េច ឲ្យឈ្មោះថ្ងៃហ្នឹងជាអី្វ តែសុំហ៊ានឆ្លើយជាមួយខ្ញុំ។ ឥឡូវបងប្អូននៅទីនេះ ទាំងអ្នកកើតទាន់ជំនាន់ ប៉ុល ពត ទាំងអ្នកកើតមិនទាន់ជំនាន់ ប៉ុល ពត … ខ្ញុំសួរសំណួរប៉ុន្មានសំណួរ ហើយចាំឆ្លើយ ដើម្បីយើងវាយតម្លៃប្រវត្តិសាស្ត្រ តើថ្ងៃនោះជាថ្ងៃដែលចងកំហឹង ឬថ្ងៃអបអរសាទរ …។

ទី១ ចន្លោះពីថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥ រហូតដល់ ៧មករា ១៩៧៩ តើខ្មែរក្រហមសំលាប់មនុស្សនៅក្នុងប្រទេសកម្ពុជាឬអត់? (សម្លាប់) ប៉ុន្មានលាននាក់ដែលស្លាប់? … បើអត់ច្បាស់ទៅសួរយាយយើងតាយើង ព្រោះគាត់ជាសាក្សីរស់។ បើមិនជឿអ្នកណាផ្សេង។ អ្នកណាក៏អាចដឹង។ សូម្បីតែសៀវភៅប្រវតិ្តសាស្ត្រសរសេរនៅក្រៅប្រ​ទេស សុទ្ធតែទទួលស្គាល់ថា ខ្មែរក្រហមបានសម្លាប់មនុស្សនៅពេលនោះ។ មិនមែនសម្លាប់មួយពីរទេ សម្លាប់រាប់លាននាក់។ យើងហៅថារបបប្រល័យពូជសាសន៍ ហើយប្រល័យពូជសាសន៍ជាតិឯង។ អញ្ចឹងសំណួរទី១ សួរថាតើពេលនោះខ្មែរក្រហមសម្លាប់អត់? សម្លាប់។

ទី២ តើការដែលកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតពី ២ធ្នូ រហូតវាយបណ្តេញខ្មែរក្រហមចេញនៅដើម ១៩៧៩ បានបញ្ឈប់ខ្មែរក្រហមពីការសម្លាប់មនុស្សតទៅទៀតឬអត់? ឥឡូវខ្មែរក្រហមកំពុងសម្លាប់មនុស្ស ១៩៧៥ ដល់ ១៩៧៩។ ឥឡូវរណសិរ្សចូលមក ដេញខ្មែរក្រហមចេញ។ ខ្មែរក្រហមលែងបានសម្លាប់មនុស្សតទៅទៀត។ អញ្ចឹងវាស្មើនឹងអ្វី? បើសិនជារណសិរ្សសាមគ្គីសង្គ្រោះជាតិ ចូលមកហើយដេញខ្មែរក្រហមចេញ ហើយរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដូរពីខ្មែរក្រហមមកកម្លាំងថ្មី …។

សួរតែ ២សំនួរហ្នឹងទេ។ ទី១ ខ្មែរក្រហមសម្លាប់មនុស្សអត់? បងប្អូនឆ្លើយថាសម្លាប់។ ទី២ តើការដេញខ្មែរក្រ​ហមចេញនៅដើម ១៩៧៩ នេះ បានធ្វើឲ្យខ្មែរក្រហមអស់លទ្ធភាពសម្លាប់មនុស្សទូទាំងប្រទេសឬទេ? បានមែន។ ខ្មែរក្រហមរត់ចេញទៅហើយ លែងបានសម្លាប់មនុស្សដូចមុនទៀតហើយ។ អញ្ចឹងវាស្មើនឹងអី្វ? វាស្មើនឹងការរំដោះ ១៩៧៩ នេះ។ គឺស្មើនឹងសង្គ្រោះជីវិតប្រជាពលរដ្ឋរបស់យើង។ ​​នេះជាការពិត។ ចង់អ្នកឯងថាប្រើពាក្យអីពាក្យទៅ ប៉ុន្តែត្រូវទទួលស្គាល់ការពិត។ អត់ពិបាកយល់ទេ។ ខ្មែរក្រហមកំពុងសម្លាប់មនុស្ស។ ឥឡូវដេញអ្នកសម្លាប់ចេញពីទឹកដី ឈប់ឲ្យសម្លាប់មនុស្ស។ អ្នកដែលមិនទាន់ត្រូវបានសម្លាប់ ក៏នៅរស់រានមានជីវិត … អញ្ចឹងការវាយលុករបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាមនៅឆ្នាំ ១៩៧៩ បានបញ្ឈប់លទ្ធភាពដែលខ្មែរក្រហមកាប់សម្លាប់ប្រជាពលរដ្ឋយើងនៅក្នុងប្រទេស និងបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋយើងរាប់លាននាក់។ នេះជាតថភាពជាក់ស្តែង។ នេះជាការពិត។ ចង់អ្នកឯងហៅអាហ្នឹងជាការវាយលុក​ ឈ្លានពាន ទន្ទ្រាន ឬរណសិរ្ស ប៉ុន្តែត្រូវមើលផលបានស្អី? អ្នកឯងចង់ថាអីថាទៅ ប៉ុន្តែទទួលស្គាល់ថាការវាយរំដោះនេះបានជួយសង្គ្រោះ។ នៅអឺរ៉ុប ពេលដែលសម្ព័ន្ធមិត្ត មានទាំងអាមេរិក ទាំងអង់គ្លេស​ ទាំងអី វាយលុកពីអង់គ្លេសទៅដើម្បីរំដោះ គេហៅថាវាយលុកដែរ ប៉ុន្តែលទ្ធផលបានគឺវារំដោះប្រទេសបារាំងឲ្យផុតពីការត្រួតត្រារបស់ Nazi … ដូចនេះត្រូវទទួលស្គាល់ថា ការរំដោះ ៧ មករា ១៩៧៩ គឺធ្វើឲ្យយើងរស់រានមានជីវិត និងមានអ្វីៗទាំងអស់នៅថ្ងៃនេះ …។

(១២) ដឹងពីការកាប់សម្លាប់របស់ខ្មែរក្រហម ហេតុអ្វីបានជាសហប្រជាជាតិមិននាំទ័ពមកជួយ?

សំណួរមួយទៀតសួរថា ចុះហេតុអ្វីបានជាពឹងវៀតណាម? ខ្ញុំសូមឲ្យបងប្អូនពិចារណា។ ពីឆ្នាំ ១៩៧៥-១៩៧៨ នេះ ចុង ១៩៧៨ យើងមានជម្រើស២។ អ្នកដែលអាចជួយយើងមាន២ ទិសខាងលិច និងទិសខាងកើត។ ទិសខាងលិចគឺ UN ទិសខាងកើតគឺវៀតណាម។ នៅឆ្នាំ ១៩៧៨ មានជនភៀសខ្លួនរត់ចេញទៅថៃ ដែល UN ធ្វើសំភាសន៍ បានបញ្ជាក់ថាមានការកាប់សម្លាប់នៅកម្ពុជា។ សួរថាហេតុអ្វីបានជា UN មិនបញ្ជូនទ័ពមករំដោះ? កម្ពុជាពេលនោះ អត់ជម្រើសទេ។ អ្នកណាក៏ដោយឲ្យតែមកយើងស្វាគមន៍ទាំងអស់។ មនុស្សជិតលង់ទឹកហើយ។ តែយើងអត់ជម្រើស ដោយសារហេតុអ្វី? នៅទិសខាងលិច UN មិនបញ្ជូនទ័ពមកទេ ដោយសារអ្វី? ដោយសារច្បាប់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិមិនអាចបញ្ជូនទ័ពចូលទៅក្នុងប្រទេសណាមួយទេ បើគ្មានការសំណូមពរពីរដ្ឋាភិបាលប្រទេសនោះនៅពេលនោះ។ បើសិនជា UN បញ្ជូនទ័ពមកទៅប្រទេសនោះដោយគ្មានរដ្ឋាភិបាល គឺខុសច្បាប់អង្គការសហប្រជាជាតិ។ អញ្ចឹងតើពេលនោះ ខ្មែរក្រហមធ្វើលិខិតសុំឲ្យ UN ចូលទេ? អត់ធ្វើទេ។ អញ្ចឹង(ជំនួយពី)ទិសខាងលិច(មិនមានទេ) …។

(១៣) បើវៀតណាមមិនព្រមមកជួយ ខ្មែរក្រហមនឹងបន្តសម្លាប់ប្រជាពលរដ្ឋកម្ពុជា

បើសិនជាយើងមាន(វិញ) កម្លាំងតស៊ូខាងលិចមានសម្តេចពិជ័យសេ​នា ទៀ បាញ់ និងលោកតាព្រឹទ្ធចារ្យ សាយ ភូថង ​និងអ្នកស្នេហាជាតិនៅទីនេះ អាចកៀរកម្លាំងបានហើយ។ ប៉ុន្តែនៅជាកម្លាំងតូច មិនអាចទាញកម្លាំង​បាន។ អញ្ចឹងទិដ្ឋភាពប្រវត្តិសាស្ត្រ យើងអត់ជម្រើស។ ខំទាក់ទង តែគេអត់មក។ ដោយសារអ្វី? ច្បាប់។ អញ្ចឹង យើងមានជម្រើសខាងវៀតណាម។ យើងមានជម្រើសតែ ២ហ្នឹងទេ។ បើវៀតណាមគេមិនមក ក៏យើងនៅតែស្លាប់បន្តដែរ។ អញ្ចឹងសួរថាហេតុអ្វីបានជាពឹងវៀតណាម មិនពឹងអង្គការសហប្រជាជាតិ។ ថាដោយសារច្បាប់ពេលនោះមិនអនុញ្ញាតឲ្យចូល … លិចទូកកណ្តាលទន្លេ ហែលខ្វៃៗ ម្នាក់ឯង ៣ថ្ងៃ ៣យប់ហើយ។ ឃើញទូកនេសាទតូចមួយមក ទូកចែវក៏បាន ឬទូកអុំតូចមួយក៏បាន បងប្អូនចង់ឡើងជិះទេ? ឬចាំកប៉ាល់ធំមក? … សុំគេឱ្យស្រោចស្រង់? សួរថាម្ចាស់ហ្នឹងនរ​ណាគេអត់? ជនជាតិអីអត់? ឥឡូវយើងរើសបាន យើងមកដល់លើគោកហើយ យើងរស់នៅលើគោកហើយ សង់ផ្ទះហើយ …។

(១៤) តើអាចយកកម្លាំងតស៊ូជាង១ម៉ឺននាក់តទល់នឹងទ័ពខ្មែរក្រហម១សែននាក់បានទេ?

សំណួរសួរមួយទៀតថា តើខាងកើតហ្នឹងចាំបាច់ពឹងវៀតណាមធ្វើអី? ក្រែងយើងមានកម្លាំងតស៊ូយើងនៅហ្នឹង? យើងមានកម្លាំងតស៊ូនៅនោះ។ ប៉ុន្តែពេលនោះ យើងប្រមូលកម្លាំងបានប្រហែលជា ១ម៉ឺននាក់ នៅទិសខាងកើត បើទិសខាងលិចនេះតិច។ បើយើងពឹងកម្លាំងស្នេហាជាតិរបស់យើងតស៊ូ យើងមានជម្រើស ២។ ជម្រើសទី ១ លើក ១ម៉ឺននាក់យកមកវាយជាមួយខ្មែរក្រហមដែលមានទ័ពរាប់សែននាក់ ហើយមានរថគ្រោះពេញហ្នឹង។ ទ័ពអ្នកស្នេហាជាតិ ១ម៉ឺននាក់ពេលនោះ មិនមែន ១ម៉ឺននាក់ពេញកម្លាំងដូចយើងឥឡូវនេះទេ … ១ម៉ឺននាក់កាលជំ​នាន់ឯកឧត្តមថ្នាក់ដឹកនាំមួយចំនួននៅលើនេះ អ្នកពី ឡុង យ៉ាវ ជំនាន់តស៊ូ ១៩៧៩ មិនបានមានសាច់ឈាមមាំទាំអញ្ចឹងទេ។ អ្នកខ្លះទៅឈឺថ្កាត់ បាក់កម្លាំង។ តើយក ១ម៉ឺននាក់នោះ យកមកវាយឈ្នះខ្មែរក្រហមទេ? ដូចជាមកដើម្បីធ្វើអត្តឃាតអញ្ចឹង … ទៅមិនរួច។

(១៥) តើអាចរង់ចាំដល់រើសទ័ពបាន ១សែននាក់ទេ? ខ្មែរក្រហមនឹងកាប់សម្លាប់អស់ប៉ុន្មានទៀត?

អញ្ចឹង ទី២ ថាបើ ១ម៉ឺននាក់ហ្នឹងទៅមិនរួច ម៉េចក៏មិនចាំដល់កសាងបាន ១សែននាក់។ សួរថាតើយើងមានលទ្ធភាពឱ្យប្រជាពលរដ្ឋខ្មែររត់ទៅកទ័ពនៅវៀតណាម ១សែននាក់ទាន់ទេ? តើខ្មែរក្រហមឱ្យទៅទេ? ទី២ ទម្រាំតែកសាងបាន តើប៉ុន្មានឆ្នាំទៀត? បើសិនជាទៅរួច? សួរថា តើពីមួយថ្ងៃទៅមួយថ្ងៃ មួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ តើប្រជាពលរដ្ឋត្រូវស្លាប់ប៉ុន្មាននាក់ទៀត? អញ្ចឹង​ទិដ្ឋភាព​នៃថ្ងៃ ៧មករា ខ្ញុំសូមឱ្យបងប្អូនទាំងអស់ ជាពិ​សេសយុវជនជំនាន់ក្រោយពិចារណា។ អ្នកដែលបានសិទ្ធិរៀនសូត្រ បញ្ញាវន្តទាំងក្នុងនិងក្រៅប្រទេស រួមទាំងអ្នកដែលរិះគន់ ៧មករា សូមឆ្លើយនូវសំណួរទាំងអស់នេះ និងយកទៅពិចារណាទៅ។ យើងកុំយកនិន្នាការនយោ​បាយមកបកស្រាយរឿងប្រវត្តិសាស្ត្រ។ យើងយកប្រវត្តិសាស្ត្របកស្រាយប្រវត្តិសាស្ត្រទៅ។ ថាតើហេតុអី្វបានជាវាទៅជាអញ្ចឹង។ បានយើងដើរផ្លូវហ្នឹង? តើកម្ពុជាមានជម្រើសទេ? តើខ្មែរក្រហមមានសម្លាប់មនុស្សអត់ ឆ្នាំហ្នឹង? សម្លាប់អស់រាប់លាននាក់។ តើបើសិនជាឆ្នាំ ១៩៧៨ តើខ្មែរក្រហមមានដូរផែនការឈប់សម្លាប់មនុស្សទេ? អត់ទេ។ បើយើងមិនដេញចេញទេគឺនៅសម្លាប់បន្តទៀត នេះជាទិដ្ឋភាពប្រវត្តិសាស្ត្រ។

(១៦) រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជីវិតប្រជាពលរដ្ឋអោយរស់រានមានជីវិត​ ជាអត្ថន័យ ៧មករា ១៩៧៩

ទី២ ហេតុអី្វបានជា UN ​មិនមក? ដោយសារច្បាប់។ អញ្ចឹងតើយើងនៅចាំអ្នកណាទៀត? រកអ្នកណាដែលអាចជួយ? ងាកគ្រប់ទិសតែពេលនោះមានទិសខាងកើត។ ទិសខាងកើតយើងមានជម្រើស២ យកកម្លាំងខ្មែរសុទ្ធមកវាយ ឬមួយក៏ពឹងកងទ័ពស្ម័គ្រចិត្តវៀតណាមដើម្បីមកជួយវាយរំដោះទាន់ពេលវេលា។ ឥឡូវបងប្អូនសួរសំណួរខ្លួនឯង។ ខ្ញុំសួរប៉ុណ្ណេះទៅ។ យើងឃើញថា ៧មករា ១៩៧៩ រណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រោះជីវិតប្រជាពលរដ្ឋគឺជាការចាំបាច់ដែលត្រូវធ្វើ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ជាតិកម្ពុជា និងដោយសារយើងគ្មានជម្រើសច្រើន។ ប៉ុន្តែត្រូវតែធ្វើនៅពេលនោះ ហើយត្រូវតែពឹងអ្នកណាដែលគេជួយ ដើម្បីយើងអាចរស់បានប៉ុណ្ណេះ។ នេះជាអត្ថន័យ ៧មករា ១៩៧៩។ សួរទៅ ចង់អ្នកឯងប្រើពាក្យអីពាក្យទៅ សួរតែទិដ្ឋភាពប្រវត្តិសាស្ត្រតែប៉ុណ្ណេះ យកប្រវត្តិសាស្ត្រមកបកស្រាយ ហើយដាក់ខ្លួនយើងនៅពេលនោះតែម្តង។

(១៧) អធិបតេយ្យរបស់កម្ពុជាមិនមានបរទេសណាមកត្រួតត្រាទេ

នេះជាទិដ្ឋភាពជាក់ស្តែង។ ថ្ងៃនេះ ៨ មករា មួយថ្ងៃក្រោយពីទិដ្ឋភាពនៃការរំដោះប្រទេសកាលពី ៤៥ឆ្នាំមុន។ ខ្ញុំសូមយកពេលបន្តិច។ ខ្ញុំឃើញការផ្សព្វផ្សាយតាមហ្វេសប៊ុក … សិទ្ធិក្នុងការបញ្ចេញមតិ ទស្សនៈ បញ្ចេញចុះ។ ខ្ញុំក៏មានសិទ្ធិនៅក្នុងការបកស្រាយឱ្យបងប្អូនថ្លឹងថ្លែងមើល។ ខ្ញុំជឿថាប្រជាពលរដ្ឋយើងបើថ្លឹងថ្លែងយកទិដ្ឋភាពជាក់ស្តែង យកការពិតមកបកស្រាយ យកមកពន្យល់ យកមកទាញហេតុផល ខ្ញុំគិតថា បងប្អូនទាញហេតុផលមិនខុសពីអ្វីដែលខ្ញុំនិយាយព្រឹកនេះទេ … គេថា ធ្វើឱ្យកម្ពុជាបាត់អធិបតេយ្យភាព។ ខ្ញុំគ្រាន់តែសួរមួយម៉ាត់ តើនៅខេត្តកោះកុង រដ្ឋបាលរបស់យើង កម្លាំងប៉ូលិស ទាហាន មន្ត្រីរាជការរបស់យើង ថ្នាក់ឃុំ ថ្នាក់ភូមិរបស់យើង សាលារៀន គ្រូបង្រៀនរបស់យើង តើមានជនបរទេសមកត្រួតត្រាទេ? គឺខ្មែរទាំងអស់។ នេះហើយជាការពិត។ អធិបតេយ្យរបស់យើងអត់មានអ្នកណាត្រួត​ត្រាទេ។ មុននឹងយើងឯករាជ្យ នៅយើងមានទេសាភិបាលបារាំង។ យើងចាប់ពីនោះមក យើងឯករាជ្យ និងអធិបតេយ្យ។ អញ្ចឹងបើអ្នកឯងថាយើងបាត់បង់ឯករាជ្យ និងអធិបតេយ្យ សុំមើល។ ថ្ងៃនេះ យើងមកសម្ពោធស្ពាន យើងមកអបអរសាទរជាមួយបងប្អូនយើងដែលមានការងារធ្វើ មានជីវភាពគ្រាន់បើជាងមុន ហើយខិតខំដើម្បីឱ្យកើនជាងមុនទៀត។ ដើម្បីអី? ដើម្បីឱ្យខ្មែរយើងកាន់តែខ្លាំង ដើម្បីយើងកាន់ជោគវាសនាអធិបតេយ្យភាព ឯករាជ្យភាពរបស់យើងកាន់តែខ្លាំង …។

(១៨) ចាំប្រវត្តិសាស្រ្តល្អដើម្បីលើកទឹកចិត្ត ចំណុចអាក្រក់ដើម្បីចៀសវាង ដឹងថាដើរដល់ណានិងទៅណាទៀត

ប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ ខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះ ទាក់ទងទៅនឹងទិដ្ឋភាពប្រវត្តិសាស្រ្ត។ ពិសេសយុវជនជំនាន់ក្រោយត្រូវចងចាំប្រវត្តិសាស្រ្ត។ បើយើងមិនចាំប្រវត្តិខ្លួន​ឯងឯងច្បាស់ តើយើងជាអ្វីទៅ? យើងចាំប្រវត្តិសាស្ត្រ ដើម្បីមើលចំណុចល្អជាការលើកទឹកចិត្តដែលយើងចង់ទៅ/ធ្វើ ដូចយើងថាជាសម័យអង្គរ ដែលយើងជាមហានគរ សម័យអភិវឌ្ឍរីកចម្រើនពីមុន គឺជាអ្វីដែលកូនខ្មែរទាំងអស់គ្រប់គ្នាចង់ឱ្យប្រទេសសុខដុមរមនា រីកចម្រើន។ មើលទិដ្ឋភាពដែលអាក្រក់សង្គ្រាម និងការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍គឺដើម្បីឱ្យយើងចាំកុំដើរតាមគន្លងបែបនោះតទៅទៀត។ យើងមើលថាយើងដើរដល់ទីណា? យើងចេញទៅបន្តទៅណាទៀត? ដើម្បីឱ្យយើងឈានទៅដល់សម័យរុងរឿង កាន់តែរុងរឿងតទៅទៀត និងចៀសឱ្យផុតនៅក្នុងដំណាក់កាល និងប្រវត្តិសាស្ត្រ និងការត្រឡប់ទៅស្ថានភាពប្រវត្តិសាស្ត្រនៃសង្គ្រាមបែកបាក់ឡើងវិញ។

ទន្ទឹមនឹងការអបអរសាទរ និងជួបគ្នានៅទីនេះ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ បច្ចុប្បន្ន និងទៅអនាគត រួមគ្នាជំរុញប្រទេសឱ្យបានរីកចម្រើន និងអភិវឌ្ឍឱ្យកាន់តែសម្បូរសប្បាយនិងរឹងមាំ ធ្វើម្ចាស់ការខ្លួនឯងនៅគ្រប់វិស័យឱ្យកាន់តែរឹងមាំ និងកាត់បន្ថយនិងចៀសឱ្យផុតនូវអតីតកាលដ៏ជូរចត់ ដោយថែរក្សាឱ្យបាននូវសុខសន្តិភាព និងកុំឱ្យសង្គ្រាមត្រឡប់មកក្នុងទឹកដីរបស់យើងតទៅទៀត។ ចាប់ពីឆ្នាំ ២០២៤ នេះទៅ នៅថ្ងៃ ២៩ ធ្នូ គឺយើងនឹងបានអបអរសាទរទូទាំងប្រទេសតែម្ដងនូវទិវា «សន្តិភាពរបស់កម្ពុជា» ដែលជាសន្តិភាពរបស់យើងទាំងអស់គ្នាតទៅទៀត តកូនតចៅ​។ អញ្ចឹងបងប្អូនណាដែលមិនសប្បាយនៅថ្ងៃនោះ មិនបាច់ឈប់ក៏បានដែរ។ ថ្ងៃ២៩ ខែធ្នូ ២០២៤ ហ្នឹងចំថ្ងៃអាទិត្យ? មិនដឹង(ថានឹងចំ)ថ្ងៃណា(ខ្លះ)ទេ តែសម្រាប់រាប់សិបឆ្នាំតទៅទៀត​។ ដូចថ្ងៃ ៧ មករា ឆ្នាំនេះចំថ្ងៃអាទិត្យដែរ។ រឿងថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកមួយ ប៉ុន្តែជាថ្ងៃដែលយើងអបអរសាទរ នៅជាសមិទ្ធផលជាតិរបស់យើង។

(១៩) នយោបាយឈ្នះឈ្នះគឺទិវាសន្តិភាពរបស់ប្រជាពលរដ្ឋ កើតឡើងដោយការចូលរួម ការឯកភាពឈប់វាយគ្នា និងរួមសាមគ្គីគ្នា កសាងប្រទេស

សន្តិភាពកើតឡើងដោយតួអង្គសំខាន់ច្រើន។ មគ្គុទេសក៍ក្នុងការដឹកនាំគឺសម្ដេចតេជោ ប្រតិបត្តិករស្នូលគឺថ្នាក់ដឹកនាំគ្រប់ភាគីទាំងអស់ ទាំងភាគីរាជរដ្ឋាភិបាល ក្នុងនោះសម្ដេចពិជ័យសេនា ដើរតួនាទីសំខាន់ណាស់។ សម្ដេច​តេជោធ្លាប់មានប្រសាសន៍ថា នយោបាយឈ្នះឈ្នះបើមិនមានតួអង្គសម្ដេចពិជ័យសេនា មិនអាចអនុវត្តបានដោយជោគជ័យទេ។ មានការចូលរួមពីប្រតិបត្តិករស្នូលទាំងអស់នៅថ្ងៃនេះ​ មានឯកឧត្ដម អ៊ី ឈាន អតីតខ្មែរក្រហម។ បើមិនមានខ្មែរក្រហមចូលរួម យើ​​ងមិន(ជោគជ័យ)ទេ។ ថ្ងៃនេះ ខ្ញុំឲ្យរៀបចំតំឡើងអតីតមេទ័ពដែលចូលរួមក្នុងនយោបាយឈ្នះឈ្នះ មាន ឯកឧត្ដម ជា ភួងភិរម្យ ឯកឧត្ដម​ ព្រុំ ប៉ាត់ ឯកឧត្ដម នី កន​ … ឯកឧត្ដម ជា ភួងភិរម្យ ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការ ឯកឧត្ដម នី កន ជាទីប្រឹក្សា មកជាអនុរដ្ឋលេខាធិការ ដើម្បីជាការដឹងគុណ និងអបអរសាទរអ្នកដែលចូលរួមប្រតិបត្តិ(នយោបាយឈ្នះឈ្នះ)។ ក្រៅពីនោះ អ្នកដែលចូលរួមធំបំផុតគឺប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធទាំងអស់ មិនមែនតែថ្នាក់ដឹកនាំនយោបាយ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ព្រមទាំងការចូលរួមពីថ្នាក់មេកងពល មេវរៈ និងក្រុមគ្រួសារគ្រប់ភាគីទាំងអស់ ជាពិសេសអតីតខ្មែរក្រហម។ អញ្ចឹងទិវានៃនយោបាយឈ្នះឈ្នះគឺទិវាសន្តិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ និងកើតឡើងដោយសារការចូលរួមពីគ្រប់ភាគីទាំងអស់នៅក្នុងការឯកភាពគ្នា ឈប់វាយគ្នាតទៅទៀត និងរួមសាមគ្គីគ្នាកសាងប្រទេស

ទម្រាំតែបានប៉ុណ្ណេះ (យើងមានមនុស្ស)ស្លាប់ច្រើនណាស់។ កុំត្រឡប់ទៅវិញអី។ ថ្មបាំង ទុកជាកន្លែងដែលធ្វើផ្លូវចូលទៅ។ អារ៉ែង ធ្វើផ្លូវទៅបង្កើតទេសចរ កុំយកជាកន្លែងវាយគ្នាឡើងវិញ។ កន្លែងវារីអគ្គិសនីធ្វើទៅ ដើម្បីទាញភ្លើងមកផ្គត់ផ្គង់ឧស្សាហកម្មនៅទីនេះ នៅកន្លែងផ្សេង ឲ្យសេដ្ឋកិច្ចរីកចម្រើន កុំទៅធ្វើជាកន្លែងដែលបញ្ជូនទ័ពទៅកាប់សម្លាប់គ្នា ប្រជាពលរដ្ឋរស់នៅទីនោះអត់បាន រស់នៅដោយប្រើចង្កៀង។ ភូមិខ្លះដែលខ្ញុំធ្លាប់ទៅនេះ យប់ឡើងនៅដុតចង្កៀង កន្លែងខ្លះនៅប្រើសូឡា​​ … អញ្ចឹង កុំឲ្យត្រឡប់ទៅវិញ … តែ(មានការ)វាយគ្នា វាយខ្ទេចហើយបង្គោលភ្លើងហ្នឹង ព្រោះដើម្បីកាត់ផ្ដាច់សេដ្ឋកិច្ច កាត់ផ្ដាច់ស្ពាន។ ស្ពានកោះយ៉ មិនស្រួលដាច់ទៅវិញ។ ឯកឧត្ដម អ្នកឧកញ៉ា លី យ៉ុងផាត់ និងជាងខំធ្វើមួយឆ្នាំជាងទម្រាំតែបាន។ ដឹងថាពេលកម្ទេចវិញប្រើពេលប៉ុណ្ណាទេ? តែមួយភ្លែតទេ។ ដាក់ TNT តែប៉ុន្មាន ចុចតែមួយភឹង … ប្រជាពលរដ្ឋ អ្នកភូមិទាំង ភូមិ១ ភូមិ២ ភូមិ៣ ជិះទូកមកទៀត …។

(២០) យុទ្ធសាស្ត្រត្រីកោណ ១៩៩៨ដល់២០០៣ ផ្តោតលើថែរក្សាសន្តិភាព សមាហរណកម្មក្នុងសហគមន៍អន្តរជាតិ និងសមាហរណកម្មសេដ្ឋកិច្ចតំបន់និងពិភពលោក កសាងជីវភាពប្រជាជន

ឥឡូវគោលនយោ​បាយត្រឹមត្រូវ គឺគោលនយោបាយបញ្ចប់សង្រ្គាម។ បើមិនមានសន្តិភាព បើសិនជាយើងគ្មានគោលនយោបាយសេដ្ឋកិច្ច-សង្គមត្រឹមត្រូវ មិនអាចធ្វើឲ្យប្រ​ទេសយើងរីកចម្រើនបានប៉ុណ្ណេះទេ។ មិនអាចខេត្តកោះកុងរស់រវើកបានប៉ុណ្ណេះទេ។ តាំងពី ១៩៩៨ ក្រោយបញ្ចប់សង្គ្រាមមក រាជរដ្ឋាភិបាលបានកំណត់ ៣ដំណាក់កាល។ ដំណាក់កាលទីមួយ យុទ្ធសាស្រ្តត្រីកោណដែលយើងដាក់ ឆ្នាំ១៩៩៨-២០០៣ ប្រាំឆ្នាំ។ ពេលនោះគឺក្នុងដំ​ណាក់កាលបង្រួមបង្រួមជាតិ និងកសាងមូលដ្ឋាន។ យើងផ្ដោតទៅលើការថែរក្សាសន្តិភាព​ដែលកើតមានហើយកុំឲ្យបាត់ទៅវិញ។ ពេលនោះអត់មាននរណាដឹងថាសន្តិភាពអាចមាន ២៥ឆ្នាំ អញ្ចឹងទេណា។ ខ្ញុំជឿថា ឯកឧត្ដម អ៊ី ឈាន ពេលនោះចូលមក ក៏នៅប្រុងប្រយ័ត្ននៅឡើយទេ។ មែនទេ? ប្រហែលជាកប់អាវុធច្រើនកន្លែងណាស់ ហើយដាក់ផែនការ បើមានការអី ត្រូវវិលទៅវិញ ប្រមូលផ្ដុំកន្លែងណាមួយ វាយតទៀត ៣០ឆ្នាំទៀតក៏មិនចប់។

ពេលយើងឈូសដីធ្វើផ្លូវ ក៏ប្រទះឃើញកំណប់គ្រាប់និងកាំភ្លើងរាប់រយដើម ដែលទុកចោល/ខូច … ពេល​នោះគឺជាដំណាក់កាលកសាងទំនុកចិត្ត។ ធ្វើម៉េចកុំឲ្យបញ្ចប់សង្រ្គាមហើយវាយគ្នាឡើងវិញ ព្រោះបទឈប់បាញ់នេះ … បន្តិចឈប់បន្តិចបាញ់ៗ។ តែយើងមិនមែនបទឈប់បាញ់ទេ គឺយើងនយោបាយឈ្នះឈ្នះកសាងនូវទំនុកចិត្ត។ អញ្ចឹងបានជាដំណាក់កាលនោះ សម្ដេចតេជោ ដាក់ចេញយុទ្ធសាស្រ្តត្រីកោណ ថែរក្សាសន្តិភាពជំរុញការអភិវឌ្ឍ ជាពិសេសសមាហរណកម្មនៅក្នុងប្រជាជាតិ។ ទីពីរ សមាហរណកម្មជាមួយសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការកសាង​មូលដ្ឋានជីវភាពរស់នៅ។

(២១) ពីយុទ្ធសាស្រ្តត្រីកោណ ទៅចតុកោណ ទៅបញ្ចកោណ ដើម្បីរក្សាសន្តិភាពនិងអភិវឌ្ឍ

ក្នុងរវាងឆ្នាំ ២០០៣-២០២៣ (រាជរដ្ឋាភិបាលបានដាក់ចេញ)យុទ្ធសាស្រ្តចតុកោណ(ទី១ដល់ទី៤ រយៈពេល) ២០ឆ្នាំ មាន៤មុំ ៥ឆ្នាំមួយមុំ កសាងអភិវឌ្ឍប្រទេស។ ឥឡូវយើងមានយុទ្ធសាស្រ្តបញ្ចកោណ ៥មុំ ២៥ឆ្នាំ ដើម្បីឲ្យនៅឆ្នាំ ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។ ប្រជាពលរដ្ឋដែលនៅទីនេះ កូនចៅយើងកាន់តែមានជីវភាពខ្ពស់តទៅទៀត។ តាំងពីក្រោយសង្រ្គាមមកដល់នេះ នយោបាយយើងមានការដូរឈ្មោះពីត្រីកោណ ទៅចតុកោណ ទៅបញ្ចកោណ។ អាទិភាពយើងប្ដូរពីការថែរក្សាសន្តិភាព ទៅការពង្រឹងធនធានអាទិភាព មនុស្ស ផ្លូវ ទឹក និងភ្លើង ហើយឥឡូវបច្ចេកវិទ្យាមួយទៀត។ វាមានការកែសម្រួលមួយចំនួន តែនៅតែដើម្បីគោលដៅធំពីរគឺ ទី១ ការថែរក្សាឲ្យបាននូវសុខសន្តិភាព និងទី២ ការអភិវឌ្ឍកាន់តែរីកចម្រើនជូនឲ្យប្រជាពលរដ្ឋ។ គោលដៅធំបំផុតសម្រាប់យើង ដែលគោលនយោបាយត្រឹមត្រូវរបស់យើង គឺយកប្រជាជនជាគោល ឲ្យប្រជាជនយើងបានរស់នៅក្នុងសុខសន្តិភាព មានឱកាសអភិវឌ្ឍ រីកចម្រើន ឲ្យកាន់តែមានបាន … ដែលខ្ញុំថា នយោបាយត្រឹមត្រូវនាំ ប្រទេស​យើងពីសង្រ្គាមទៅអភិវឌ្ឍន៍ ខេត្តកោះកុងពីនៅហ្នឹងថ្កល់ដាច់ស្រយាលពីគេ ទៅជាខេត្តតភ្ជាប់យ៉ាងរស់រវើក មានកំណើនប្រជាជនពី ៨ម៉ឺននាក់ មកឥឡូវមាន ១៤ម៉ឺននាក់ និងបន្តិចទៀតកាន់តែកើន ដោយសារការដាក់ចេញគោលនយោបាយបញ្ចប់សង្រ្គាម ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេស។

(២២) ខេត្តកោះកុងទាំងមូលមានរោងចក្រសហគ្រាសជាង ២០០ … កម្មករ/ការិនីជាង ១ម៉ឺន៥ពាន់នាក់ ប្រាក់ឈ្នួលមួយឆ្នាំ ៤៦ជិត ៤៧លានដុល្លារ

ថ្ងៃនេះ សមិទ្ធផលពីរដែលខ្ញុំមក(ជាអធិបតី)គឺ ទី១ សម្ពោធស្ពានសម្ដេចតេជោ កោះយ៉ និងទីពីរ ជួបជាមួយបងប្អូនដើម្បីជាការសំណេះសំណាលផង ក៏ជាការឲ្យឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការងារមករាយការណ៍ផងថា ក្នុង៣ខែនេះ យើងបានធ្វើអីខ្លះជូនបងប្អូនប្រជាពលរដ្ឋ។ អញ្ចឹង តើសមិទ្ធផលនេះធ្វើឲ្យអ្នកណា? សមិទ្ធផលនេះគឺធ្វើឲ្យប្រជាពលរដ្ឋនោះឯង។ (តំបន់)កោះយ៉នេះ កាលពី ២០ឆ្នាំមុន ប្រជាពលរដ្ឋត្រូវឆ្លងទូក តភ្ជាប់ពីប៉ុន្មានភូមិដែលនៅទីនោះ មកខាងនេះ។ សម្ដេចតេជោ បានមក ឆ្នាំ២០០២។ យើងកសាងស្ពានបាឡេ។ ឥឡូវ ដោយសារការអភិវឌ្ឍច្រើន បន្តិចទៀតឡានអីត្រូវដឹកចូលច្រើន ត្រូវការធ្វើស្ពានបេតុងជូន។ ព្រឹកមិញ ខ្ញុំដើរបានតែមួយកំណាត់ស្ពានទេ។​ តែអ្នកដែលប្រើប្រាស់រាល់ថ្ងៃ គឺប្រជាពលរដ្ឋ កូនសិស្សអីដែលឆ្លងកាត់ទៅសាលាអីហ្នឹងឯង។ បន្តិចទៀតសេដ្ឋកិច្ចបើករោងចក្រអីៗ ឆ្លងតាមហ្នឹង គឺបងប្អូនទាំងអស់នៅទីនេះនិងប្រជាពលរដ្ឋដែលត្រូវឆ្លង … មកដល់ម៉ោងនេះ ខេត្តកោះកុងទាំងមូលមានរោងចក្រសហគ្រាសជាង ២០០ … កម្មករ/ការិនីជាង ១ម៉ឺន៥ពាន់នាក់ ក្នុងនោះវិស័យកាត់ដេរ ៧០០០ នាក់ជាង ប្រាក់ឈ្នួលមួយឆ្នាំ ៤៦ជិត ៤៧លានដុល្លារ ដាក់ជូនដល់ហោប៉ៅប្រជាពលរដ្ឋរបស់យើង។ នៅមណ្ឌលសីមានេះ មានកម្មករ/ការិនីច្រើនជាងគេ។ ១ម៉ឺន៣ពាន់នាក់ជាង។ គ្រាន់តែប្រាក់ចូលជិត ៤១លានដុល្លារ/ក្នុង១ឆ្នាំ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។

(២៣) ប្រជាពលរដ្ឋមកពីខេត្តផ្សេង ធ្វើការ កើតគ្រួសារ ក្លាយជាអ្នកកោះកុង ដោយសារគោលនយោបាយតភ្ជាប់ និងការបង្កើតតំបន់ឧស្សាហកម្ម

បង្កើតការងារមកដល់ម៉ោងនេះ មានក្រុមហ៊ុនតម្លើងរថយន្ត … មានប្រជាពលរដ្ឋអាចចល័តពីខេត្តផ្សេងៗមកនៅទីនេះដើម្បីធ្វើការ កើតកូននៅទីនេះ ក្លាយជាអ្នកកោះកុង គឺដោយសារគោលនយោបាយនៃការតភ្ជាប់ និងបើកកន្លែងនេះទៅជាតំបន់ឧស្សាហកម្ម។ យើងដាក់គោលនយោបាយទីផ្សារសេរី។ យើងឱ្យកន្លែងនេះបើកតំបន់សេដ្ឋកិច្ចពិសេស។ បើរដ្ឋាភិបាលមិនឱ្យគោលនយោបាយបើកតំបន់សេដ្ឋកិច្ចពិសេស ក៏មិនមានរោងចក្រនៅទីនេះដែរ។ បើគោលនយោបាយរដ្ឋាភិបាលមិនខំចេញទៅចរចាជាមួយកូរ៉េ ជាមួយចិន ជាមួយអាមេរិក ជាមួយប្រទេសជប៉ុន ឱ្យមកបើករោងចក្រនៅទីនេះ បងប្អូនក៏គ្មានការងារនៅទីនេះដែរ។ បើគោលនយោបាយរដ្ឋាភិបាលមិនមានការខិតខំដំឡើងបៀវត្សរ៍ឱ្យបងប្អូនប៉ុណ្ណេះ មិនមែនបៀវត្សរ៍អប្បបរមាឡើងពី ៤០ដុល្លារ ឆ្នាំ ១៩៩៧ ឡើងមកដល់ជាង ២០០ នៅឆ្នាំនេះ ហើយទើបឡើងនៅខែនេះទៀតនោះទេ។ នេះជាគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ការខិតខំប្រឹងប្រែង មិនមែនដោយចៃដន្យទេ។

អញ្ចឹងធ្វើឱ្យប្រទេសចប់សង្គ្រាមហើយ ធ្វើឱ្យបរិស្ថានល្អហើយ យើងដាក់គោលនយោបាយឱ្យចំ ទៅនឹងអ្វីដែលប្រជាពលរដ្ឋចង់បាន។ បងប្អូនយើងចង់បានប៉ុណ្ណឹងមែនទេ? ទី១ កុំឱ្យវាយគ្នាទៀត? ប្តីខ្ញុំឱ្យនៅជាមួយខ្ញុំហើយកុំឱ្យតិចៗទៅសង្គ្រាមមិនដឹងថ្ងៃណាមក។ យុវជនប្រុសៗរបស់យើង អម្បាញ់មិញសួរអ្នកខ្លះនៅកំលោះ ចង់សន្សំលុយដើម្បីការប្រពន្ធមែនទេ? … មើលប្រទេសដែលច្បាំងគ្នា។ ឥឡូវទៅ នៅអឺរ៉ុប ២ឆ្នាំមុន ប្រជាពលរដ្ឋនៅអ៊ុយក្រែន រុស្សី យុវជនដូចបងប្អូនអញ្ចឹង។ ឥឡូវវាយគ្នា ច្រើនណាស់រាប់សែននាក់ត្រូវបានចាប់ចូលកងទ័ពវាយគ្នា។ យើងចង់រស់ក្នុងសន្តិភាព​ ស្ថិរភាព ពេលបុណ្យភ្ជុំបិណ្ឌ បុណ្យទានម្តងៗ កុំឱ្យវាយគ្នា … ខ្ញុំចាំពេលចូលឆ្នាំ នៅក្មេងអត់ដែលបាននៅជាមួយពុកទេ។ ជួនកាល ថ្ងៃទី១ គាត់នាំទៅកៀនស្វាយ គ្រាន់តែទៅដល់មិនទាន់បានប៉ុន្មានផង គាត់ត្រូវចេញមកមន្ទីរបក្សដើម្បីមកដឹកនាំបញ្ជា ព្រោះមានការវាយគ្នាខ្លាំងនៅព្រំដែន។ មិនដែលបានឃើញមុខឪពុកញឹកញាប់ទេ។ កូននាយករដ្ឋមន្ត្រីក៏មិនដែលឃើញមុខឪដែរ។ ចុះបងប្អូនដែលមានទ័ពនៅព្រំដែន ពេលច្បាំងគ្នា ពេលបុណ្យទានម្តងៗឡើងវាយទាំងភាគីសងខាង អ្នកខ្លះឡើងវាយគឺត្រូវពលីនៅលើសមរភូមិទាំងសងខាង លែងឃើញមុខគ្រួសារទៀត តើអាណោចអាធ័មប៉ុណ្ណា? គេសួរខ្ញុំហេតុអីបានជាចាស់? ខ្ញុំពេលខ្លះខ្ញុំថាមកពីស្រុកខ្មែរចូលឆ្នាំច្រើនដង។ ខ្ញុំចូលឆ្នាំខ្មែរក៏ចូល ចូលឆ្នាំសកលទើបចប់ បន្តិចទៀតចូលឆ្នាំចិន ២ខែក្រោយ​​ ចូលឆ្នាំខ្មែរ បន្ទាប់មកចូលភ្ជុំបិណ្ឌ …។

(២៤) ថ្ងៃ ២៥ មករា នឹងទៅដោះស្រាយការជាប់គាំងសំណង់មួយចំនួន ជំរុញការវិនិយោគនៅខេត្តព្រះសីហនុ

ឥឡូវពាក់ព័ន្ធនឹងបងប្អូននៅទីនេះ។ នយោបាយនៃការអភិវឌ្ឍរបស់យើង គឺថាធ្វើម៉េចឱ្យប្រជាជនមានបាន។ យុទ្ធសាស្ត្របញ្ចកោណ … អាទិភាពគន្លឹះជាគោលដៅចង់បានគឺជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យរដ្ឋបាលការងារទាំងអស់កាន់តែមានប្រសិទ្ធភាព និងមានចីរភាព។ អញ្ចឹងអ្វីដែលយើងត្រូវធ្វើ ហើយបានធ្វើនៅក្នុង ៣ឬ ៤ខែ នេះ ឯកឧត្តម ហេង សួរ  បានសង្ខេបរួចហើយក្នុងវិស័យការងារ។ យើងបានដាក់ចេញគោលនយោបាយច្រើនហើយរឿងសុខភាព រឿងជួយដល់ប្រជាពលរដ្ឋ ប្រជាកសិករ ខាងទេសចរណ៍ ខាងអី។​ ថ្ងៃ ២៥ មករា ខ្ញុំត្រូវទៅប្រកាសកម្មវិធីគោលនយោបាយថ្មីមួយ គឺកម្មវិធីពិសេសសម្រាប់ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន ប្រហែលអត់ដឹងផងទេ។ កម្មវិធីនេះខ្ញុំបាន(អោយរៀបចំ) កាលពីខែវិច្ឆិកា ជំរុញទេសចរណ៍ខេត្តសៀមរាប។ ឥឡូវថ្ងៃ ២៥ (មករា) ឆ្នាំ ២០២៤ នេះ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន រឿងសំណង់មួយចំនួន ដើម្បីលើកទឹកចិត្តបងប្អូនមួយចំនួន ដើម្បីជំរុញវាឡើងទៀត។ ថ្ងៃ ២៥ (មករា នឹង)ទៅហើយ កុំទៅណា។ ខ្ញុំជូនដំណឹងឱ្យហើយ។ ទៅបង្កើតនិងជំរុញ …។

(២៥) រដ្ឋាភិបាលនៃអាណត្តិទី៧ អត់មានពេល ៣ខែទេ បង្ហាញកម្មវិធីនយោបាយមុខសភាតាំងពីថ្ងៃដំបូង

សម្រាប់ខេត្តកោះកុង វិស័យគោលនយោបាយ ខ្ញុំសូមអរគុណណាស់ ឯកឧត្តម ហេង សួរ ក៏ដូចមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធទាំងអស់។ កាលពីខែសីហា កន្លងទៅ ក្រោយពីបោះឆ្នោតខ្ញុំបានជួបកម្មករនិយោជិកនៅភ្នំពេញ ជាកម្មវិធីទី១ ខ្ញុំបានដាក់បទបញ្ជា ៦ចំណុច ឱ្យធ្វើឱ្យបានមុនដាច់ឆ្នាំ ២០២៣ ហើយ ៤ចំណុចទៀតនៅក្នុង ២ឆ្នាំ ដែលត្រូវធ្វើ … ទ្រឹស្តីនៃការបោះឆ្នោតរដ្ឋាភិបាលមួយៗ គេថាមានដំណាក់កាលនៃដំណាក់កាលរាត្រីទឹកឃ្មុំ ៣ខែ សម្រាប់រដ្ឋាភិបាលណាដែលបោះឆ្នោត ហើយទើបជាប់បាន ៣ខែ ដើម្បីវាយតម្លៃដាក់ចេញគោលនយោបាយ … រដ្ឋាភិបាលអាណត្តិទី៧ អត់មាន ៣ខែទេ។ មួយថ្ងៃដំបូងគឺប្រកាសនៅមុខសភាសុំការអនុម័តគាំទ្រ។ ២ថ្ងៃក្រោយ នៅក្នុងគណៈរដ្ឋមន្ត្រី(បើកសម័យប្រជុំ)លើកទី១ … ដាក់ចេញសកម្មភាពជាក់ស្តែងដើម្បីធ្វើឱ្យមានសមិទ្ធផលជាក់ស្តែង។ មកដល់ពេលនេះ អាចថាយកឱកាសនេះ (លើកឡើងជា)ថ្ងៃទី១ ថានៅក្នុងវិស័យការងារនេះយើងបានធ្វើអី។

(២៦) ដំឡើងប្រាក់ឈ្នួលអប្បបរមា និងបៀវត្សរ៍ជូនមន្រ្តីរាជការ ៥% សំរាប់ឆ្នាំ ២០២៤

នៅក្នុង ៤ខែនេះ ក្រសួងការងារបានខិតខំប្រឹងប្រែង ហើយដាក់ចេញជារូបរាង ព្រោះខ្ញុំប្រាប់ ឯកឧត្តម ហេង សួរ ថាតែអត់ដំឡើងប្រាក់ខែទាន់ពេលទេ គឺអត់ឱ្យភ្ជុំបិណ្ឌ។ គាត់ធ្វើបាន។ អញ្ចឹង ៦ចំណុច ដែលបានដាក់ចេញនោះ ៖

(ទី១) ដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤។ ពេលនោះនៅចុងខែ ៨ ខ្ញុំដាក់ចេញបទបញ្ជាថាត្រូវធ្វើឱ្យបានមុនភ្ជុំបិណ្ឌ។ បើមិនអញ្ចឹងទេ ឯកឧត្តម ហេង សួរ អត់បានឈប់ភ្ជុំបិណ្ឌ ហើយឱ្យបងប្អូនទៅផ្ទះឯកឧត្តម ហេង សួរ ដើម្បីទារប្រាក់ឡើងហ្នឹងតែម្តង។ តែក្រុមការងារបានសម្របសម្រួលចរចា មិនមែនចរចាមួយថ្ងៃ ដូចជា ៤០ថ្ងៃជាង។ ជាង ១ខែ។ មានតំណាងនិយោជក ខាងសហជីព បូកជាមួយនឹងតំណាងរាជរដ្ឋាភិបាល ចរចាត្រីភាគីទម្រាំយើងកំណត់បាន។ ក្រសួងការងារ និងយន្តការត្រីភាគីនេះ បានកំណត់សុំឡើង ២ដុល្លារ ហើយខ្ញុំក៏បានសម្រេចថា សុំឱ្យរោងចក្រ​សហគ្រាសថែម ២ដុល្លារទៀត។

បងប្អូនអាចគិតថាចំនួនហ្នឹងតិច ប៉ុន្តែនៅក្នុងដំណាក់កាលលំបាក ប្រទេសច្រើនណាស់នៅប្រកួតប្រជែងក្នុងតំ​បន់របស់យើង អត់ដំឡើងប្រាក់ខែ។ នៅកម្ពុជាតិចក្តី ច្រើនក្តីយើងបានដំឡើង … ខ្ញុំបានសម្រេចនៅថ្ងៃទី ២៨ (កញ្ញា) ហើយខែមករា(ឆ្នាំ២០២៤)នេះ យើងបានដំឡើងពី ២០០ ទៅ ២០៤ដុល្លារ … សូម្បីជំនាន់កូវីដ-១៩ ដែលសេដ្ឋកិច្ចយើងមកដល់ពេលនេះក៏នៅរងប៉ះពាល់នៅឡើយ​ តែដើម្បីជួយគ្នាឈ្នះឈ្នះ ទាំងក្រុមហ៊ុនក៏ត្រូវទទួលបន្ទុកមួយចំនួនបន្ថែម តែមិនបន្ទុកធ្ងន់ពេក ហើយបងប្អូនយើងក៏បាននូវអត្ថប្រយោជន៍មួយចំនួន បៀវត្សរ៍បន្ថែមមួយចំនួន ហើយសរុបអត្ថប្រយោជន៍ផ្សេងៗគឺយ៉ាងហោចណាស់ ២២១ ទៅ ២៣២ ដុល្លារក្នុងម្នាក់ៗ។

កាលពីថ្ងៃ ៤(មករា)នេះ ក្រៅពីកម្មករ/និយោជិត ខ្ញុំបានចេញអនុក្រឹត្យមួយដើម្បីដំឡើងបៀវត្សរ៍ជូនមន្រ្តីរាជការ ដែលត្រូវអនុវត្តពីសប្ដាហ៍ទី២នេះទៅ។ តិចឬច្រើន (ក៏)យើងដំឡើង។ ឆ្នាំនេះមន្រ្តីរាជការបៀវត្សរ៍មូលដ្ឋានយើងបានដំឡើង ៥% មិនច្រើនទេ តែយើងបានដំឡើង។ មន្រ្តីកិច្ចសន្យា ដូចពី ៧១ម៉ឺន ទៅ ៧៧ ម៉ឺនរៀលក្នុងមួយខែ ចាប់ផ្ដើមអនុវត្តពីសប្ដាហ៍ ទី២ ព្រោះយើងបើប្រាក់ខែ ២ដង ក្នុង១ខែ។ អញ្ចឹងពីសប្ដាហ៍ទី២ នេះទៅ បងប្អូននឹងឃើញការប្រែប្រួល ដោយសាររដ្ឋាភិបាលបានដំឡើងឲ្យ។ មិនមែនគេបញ្ជូនមកច្រឡំទេ គឺឡើងតាមគោលការន៍របស់រាជរដ្ឋាភិបាល។ ប្រយ័ត្នបងប្អូនមន្រ្តីរាជការ ដែលរាល់ដងទទួលបាន ៧១ម៉ឺន ឥឡូវបាន ៧៧ម៉ឺន គិតថាក្រែងនរណាបញ្ជូនតាម ABA ច្រឡំ។ អត់ទេ។ យើងដំឡើងជូនបងប្អូន ទោះបីជាកំណើនសេដ្ឋកិច្ចនៅមានកំណត់ ប៉ុន្តែយើងខិតខំ។ អញ្ចឹងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យើងត្រូវបន្តទៅទៀត។

អញ្ចឹង សាជាថ្មី សូមអរគុណចំពោះក្រសួងការងារ ដែលខិតខំចរចា និងបំពេញកាតព្វកិច្ចនេះទាន់ពេល ហើយក៏អបអរសាទរសាជាថ្មី ជូនទៅដល់កម្មករ/និយោជិត ក៏ដូចជាមន្រ្តីរាជការ កងកម្លាំងរបស់យើងផងដែរ ចំពោះឆ្នាំថ្មី។ ឆ្នាំថ្មី កាដូថ្មី តិចឬច្រើន ក៏យើងបាន។ ខ្ញុំក៏សូមអរគុណបងប្អូនដែរ ដែលបានជូនពរទៅជាគូស្នេហ៍កាន់តែផ្អែមល្ហែម។ ប៉ុណ្ណេះបានក្រេឌីតពេញហើយ។ អម្បាញ់មិញ ខ្ញុំឡើងមក ឯកឧត្ដម ហ៊ុន ស៊ីថា មកខ្សឹបប្រាប់ថានៅលើថ្ពាល់មានស្នាមក្រែមច្រើន។ ខ្ញុំថា អត់អីទេ ក្រែមនេះ ក្រែមសុវត្ថិភាពទេ។ ខ្ញុំមានលាក់ឯណា។ គេ live មនុស្សមើលមួយគគោក ប្រពន្ធខ្ញុំក៏កំពុងមើលដែរ។ អ្នកដែលខឹងខ្ញុំនរណាគេ? កូនពៅខ្ញុំ។ គាត់ថា ប៉ាៗម៉េចបានឲ្យគេថើប? សំខាន់មិនត្រឹមគេថើបទេ ប៉ាៗញញឹមទៀត។ អត់អីទេ គ្នាទើបនឹងក្មេង ៦ ឆ្នាំ ធំឡើងប្រាកដជាច្រណែនខ្ញុំហើយ។ ថើបក្នុងន័យស្រឡាញ់រាប់អាន។ អញ្ចឹងអរគុណណាស់បងប្អូនប្រជាពលរដ្ឋចំពោះការជូនពរ។ ខ្ញុំក៏សូមជូនពរដូចគ្នា ប្រជាជាតិខ្មែរយើងទាំងអស់ រួមគ្នាដើម្បីយើងពង្រឹង និងកសាងប្រទេសយើង …។

ពីមួយជំនាន់ទៅមួយជំនាន់ ធ្វើម៉េចរក្សាសមិទ្ធផលវិជ្ជមាន ដែលជំនាន់មុនបានធ្វើ ពង្រីកបន្ថែមបន្តទៀត ទុកឲ្យជំនាន់ក្រោយកាន់តែរីកចម្រើន។ បងប្អូនក៏ដូចគ្នា ជំនាន់ឪពុកម្ដាយយើងលំបាក ឪពុកម្នាក់ម្ដាយម្នាក់ចិញ្ចឹមកូន ត្រូវទេ? ឥឡូវយើងខំប្រឹង ជំនាន់យើង។ ពីមុន ឪពុកម្ដាយយើងភាគច្រើនពឹងផ្អែកទៅលើកសិកម្មទេ ស្រែចម្ការ ព្រោះអត់មានលទ្ធភាពធ្វើការដូចយើងទេ … ជំនាន់កូន ប្រភេទការងារកាន់តែទំនើប បៀវត្សរ៍កាន់តែល្អ កើនតទៅទៀត ឱកាសរៀនសូត្រកាន់តែមុតមាំ … ប្រទេសយើងដូចគ្នា រាជរដ្ឋាភិបាលដូចគ្នា មិនខុសពីគ្រួសារមួយទេ ថែរក្សាឲ្យបាននូវសមិទ្ធផលវិជ្ជមាន សុខសន្តិភាព និងពង្រីកបន្ថែមទៀត ដើម្បីឲ្យមហាគ្រួសារកម្ពុជាយើងកាន់តែរឹងមាំ ដូចគ្រួសារបងប្អូនទាំងអស់គ្នានេះដែរ។

(២៧) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព របបភាគទានស្ម័គ្រចិត្ត បានអនុវត្តជាគោលការណ៍

កម្មវិធី(ទី២) ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព​ របបភាគទានដោយស្ម័គ្រចិត្ត ដើម្បីឲ្យបងប្អូន និងអ្នកនៅក្នុងបន្ទុក(ទទួលបានសេវាថែទាំសុខភាពដែរ)។ ឥឡូវ បសស បងប្អូនមាន(ហើយ) តែកូនចៅរបស់យើងទៅព្យាបាលនៅបង់លុយនៅឡើយ ព្រោះពួកគាត់អត់មាន បសស ហ្នឹងទេ។ អញ្ចឹងទាំងមន្រ្តីរាជការក៏ដូចគ្នា នៅពេលដែលកូនយើង រួមទាំងកូនធំ នារីៗស្គាល់កូនធំ(ដែលជា)កូនពៅឬទេ? អាយុបងយើង ៣-៤ឆ្នាំ បើគាត់មិនមែនសមាជិក បសស ពេលដែលគាត់បង់ស្ម័គ្រចិត្ត ១៥ ៦០០រៀល/ខែ ហើយកូនតូចរបស់យើងអីហ្នឹងបង់ប៉ុណ្ណឹង(ដូចគ្នា) ពេលដែលគាត់ទៅព្យាបាលប៉ុន្មានដងក៏មិនចាំបាច់ព្រួយបារម្ភទៀតដែរ។ ជាការជួយបន្ថែមទៀត។ កិច្ចការនេះបានធ្វើ ហើយខ្ញុំប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី១៤ ខែវិច្ឆិកា។ ជាគោលការណ៍យើងបានធ្វើបាន។

(២៨) បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ១លាន ៥សែននាក់ឥតគិតថ្លៃនិងបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត

ចំណុច(ទី៣) កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១លាន ៥សែននាក់។ វាមិនសំខាន់ល្អនៅលើក្រដាសទេ វាសំខាន់អ្វីដែលនៅលើដី។ ខ្ញុំប្រកាសផែនការ កាលពីថ្ងៃ២២ ខែសីហា (២០២៣) មកដល់ខែមករា (២០២៤)នេះ យើងបានធ្វើអីខ្លះលើដី? គ្រាន់តែវិស័យការងារ ខ្ញុំអានប៉ុន្មានចំណុចនេះ យើងបានធ្វើច្រើននៅលើដីជាក់ស្ដែង … ការបណ្ដុះបណ្ដាល ១លាន ៥សែន កូនចៅប្រជាពលរដ្ឋដែលមានជីវភាពលំបាក ហានិភ័យ និងងាយរងគ្រោះ បូកនឹងកម្មករ/និយោជិត បើបងប្អូនចង់ទៅបណ្ដុះបណ្ដាលបន្ថែម(ក៏បាន)។ កាលមុន ចង់រៀនជំនាញ ចង់បង្កើនអាជីព តែអត់លុយ។ ឥឡូវយើងផ្ដល់ការបណ្ដុះបណ្ដាល ថែមទាំងផ្ដល់អាហារូបករណ៍ឲ្យ ២៨ម៉ឺន ឬ ខ្ទង់ ៧០ដុល្លារ/ខែ ដើម្បីទៅរៀនហើយបានប្រាក់ខែ។ កាលមុន ទៅរៀនត្រូវបង់លុយ ឥឡូវរៀនហើយរដ្ឋចេញលុយឲ្យទៅរៀនទៀត …។

ចាប់ពីឆ្នាំ ២០២៤ ទៅ រៀនហើយបាន(ប្រាក់ខែ)ទៀត។ កម្មវិធីនេះតាមពិតរាជរដ្ឋាភិបាលមានមុនហើយ បណ្ដុះបណ្ដាលវិជ្ជាជីវៈយើងធ្លាប់មាន ប៉ុន្តែចំនួនមានកំណត់។ ឥឡូវយើងបន្ថែម។ បានចេញគោលដៅហើយ និងអនុវត្តហើយ មិនមែនខ្ញុំប្រកាសថ្ងៃ១៤ ខែ១១ ហើយ ទុកចោលនោះទេ។ ក្រសួងការងារបានធ្វើការឃោសនា។ អម្បាញ់មិញបានធ្វើប៉ុន្មានរយដង។ ដល់ម៉ោងនេះមានប្រជាពលរដ្ឋ យុវជនយើងទៅចុះឈ្មោះជិត ២ម៉ឺននាក់រួចហើយដើម្បីបានផល។ ក្នុងនោះ ខេត្តកោះកុង មាន ២៦៨នាក់ បានទៅចុះឈ្មោះដើម្បីរៀនសូត្រនេះ។ អញ្ចឹងត្រៀមទទួលផលជាក់ស្ដែង …។

(២៩) «រៀនឲ្យចប់ រៀនឲ្យចេះ និងមានការងារធ្វើ»

ខ្ញុំថា «រៀនឲ្យចប់ រៀនឲ្យចេះ ឲ្យមានការងារ»។ «រៀនឲ្យចប់» បានន័យថា ត្រួតពិនិត្យទៅលើវិន័យ និងបទដ្ឋានការងារ។ បងប្អូនបើទៅរៀន ៥០ម៉ោង ឲ្យបានគ្រប់ ៥០ម៉ោង ហើយបើថាអវត្តមាន ត្រូវមានមូលហេតុ កុំឲ្យទៅរៀន ៥០ម៉ោងលើក្រដាស តែទៅរៀនបានតែ ៥ម៉ោង ញញឹមដាក់គ្រូៗចេញលិខិតឲ្យនោះ។ ត្រូវតែទៅរៀន និងរៀនឲ្យចប់។ ត្រួតពិនិត្យលើការបណ្ដុះបណ្ដាលឲ្យចំ ឲ្យមានវិន័យ ដើម្បីបងប្អូនចេញមកប្រាកដ។ «រៀនឲ្យចេះ» បានន័យថាម៉េច? ក្រសួងការងារត្រូវយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលគ្រូឲ្យពិតប្រាកដ រៀបចំកម្មវិធីឲ្យ​ច្បាស់លាស់ មានការហាត់ការ មានមេរៀនច្បាស់លាស់ ឲ្យទំនើបកម្ម កុំបង្រៀនប្រជាពលរដ្ឋដើម្បីត្រៀមរោងចក្រនៅខេត្តកោះកុង នៅមណ្ឌលសីមា ដើម្បីរោងចក្រ Hyundai តែបែរជាទៅបើកវគ្គកសិកម្មថែទាំគោ(ទៅវិញ)។ (ត្រូវ)រៀបឲ្យចំគោលដៅ រៀនឲ្យចំមេរៀនដែលបងប្អូននឹងត្រូវធ្វើ ហើយខិតខំយកចិត្តទុកដាក់ហាត់ការ ចុះstageឲ្យបានច្រើន រៀននៅលើដី។ ហ្នឹងរៀនឲ្យចេះពិតប្រាកដ។ បើរៀនធ្វើម្ហូប សាកឲ្យបានច្រើន វិញ្ញាបនបត្រឲ្យច្បាស់លាស់។

ហើយឲ្យ«មានការងារ»។ មិនមែនចាយលុយជាតិ យកទៅដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាល រួចព្រលែងបងប្អូនចោលដោយគ្មានការខិតខំទេ ត្រូវធ្វើម៉េចរៀនឲ្យចំប្រភពការងារ តម្រូវការទីផ្សារ ខិតខំធ្វើយ៉ាងណាកៀរគរវិស័យឯកជន/ក្រុមហ៊ុន ឲ្យចូលរួមភ្ជាប់ការងារតាំងពីពេលគាត់នៅរៀន ជួយរកការងារឲ្យគាត់។ ហ្នឹងដែលខ្ញុំនិយាយថា «ឲ្យចប់ ឲ្យចេះ ឲ្យមានការងារ»។ ទោះបីជាមិនបាន ១០០% តែត្រូវដាក់ទិសដៅធ្វើយ៉ាងម៉េចរៀបចំផែនការបណ្ដុះបណ្ដាលអី ត្រូវភ្ជាប់ការងារតាំងពី(ដើម) ឲ្យចំទីផ្សារ ភ្ជាប់ជាមួយនឹងតម្រូវការ ហើយទាញក្រុមហ៊ុនឲ្យធ្វើការជាមួយ បើកឲ្យក្រុមហ៊ុនមកចូលរួមក្នុងការបណ្ដុះបណ្ដាល ហើយយកទៅធ្វើការតែម្ដង។

៣ចំណុច … ដែលខ្ញុំនិយាយពី ៤ខែមុន​ បាន​ចេញជារូបរាងពិតប្រាកដ ហើយសូមបន្តធ្វើបែបនេះទៀតឱ្យបងប្អូនបានផលជាក់ស្ដែង ដែលត្រូវការតាមដាន ត្រួតពិនិត្យ និងរាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋថា អ្វីដែលយើងបានដាក់ចេញជាគោលនយោបាយ តើបានអនុវត្តពិតប្រាកដហើយ ឬនៅ? ហើយមានប្រសិទ្ធភាពទេ? បានធ្វើជាក់ស្ដែងហើយ ទោះបីជាមិនបាន ១០០ភាគរយ ព្រោះយើងចាប់ផ្ដើមចេញដំណើរក្នុងរយៈពេល ៤ខែ តែវាបានចេញដំណើរពិតប្រាកដ ហើយសូមឱ្យបងប្អូនចូលទាញផលប្រយោជន៍ពីកិច្ចការទាំងអស់នេះ … ខ្ញុំ(ស្ដាប់រឿង)សំខាន់រឿងលើដី ខ្ញុំអត់ស្ដាប់របាយការណ៍ច្រើនទេ។ កាលខ្ញុំនៅជាមេទ័ព ខ្ញុំជិះឡានចុះទៅតាមព្រំដែន … ហើយមិនចុះត្រឹមតែភូមិភាគទេ។ ខ្ញុំមិនចុះត្រឹមតែឋានានុក្រមកងពលធំទេ ខ្ញុំចុះទៅដល់ផ្នែកសឹករង ខ្ញុំចុះទៅដល់កងវរសេនាតូចចំណុះកងពល។ ខ្ញុំអង្គុយស្ដាប់ ខ្ញុំអង្គុយមើលជាក់ស្ដែង។

កិច្ចការនេះ ពិតណាស់ខ្ញុំមិនបានចុះផ្ទាល់ ប៉ុន្តែយើងក៏មានការតាមដាន ត្រួតពិនិត្យ ហើយជាក់ស្ដែង(ចេញជា)លទ្ធ​ផលមួយចំនួន។ ថ្ងៃណាមួយ​ (ខ្ញុំនឹង)ចុះជាក់ស្ដែង តែខ្ញុំមិនប្រាប់ទេ។ ខេត្តក៏ខ្ញុំចុះជាក់ស្ដែងពេលខ្លះដែរ។ អម្បាញ់មិញប្រកាសមុន។ កុំឱ្យមកដល់(ឧទាហរណ៍)ទៅខេត្តព្រះសីហនុ (សួរ)ឯកឧត្តម គួច ចំរើន នៅឯណា? (គាត់ឆ្លើយថា) នៅសាលាខេត្ត។ តាមពិតខ្ញុំឃើញនៅផ្សារថ្មីសោះ។ តែសម័យឥឡូវភរមិនបានទេ ព្រោះមានវីដេអូខល។ តែវីដេអូខលហ្នឹង អាចដាក់ background បាន។ ជួនកាល ថតរូបខ្លួនឯង តែដាក់ background សាលាខេត្ត … ការត្រួតពិនិត្យ ការតាមដានផ្ទាល់នេះ គឺជាការចាំបាច់ …។

ទី៤ គឺការហ្វឹកហ្វឺន ហ្វឹកហាត់កូនជាងឱ្យបាន ស្របតាមការបណ្ដុះបណ្ដាល។

ទី៥ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ដ្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ទាំងពេលសម្រាលកូន និងក្រោយសម្រាលកូន។ កម្មវិធីនេះ យើងបានធ្វើរួចមកហើយៗ ក្នុង ៣ខែនេះ រដ្ឋាភិបាលចំណាយថវិកាជិត ៥ លានដុល្លារសម្រាប់ការឧបត្ថម្ភថ្មីៗ ជូនទៅដល់ស្ត្រីមានផ្ទៃពោះ។ មិនមែននិយាយលេងទេ គឺផលជាក់ស្ដែងបានដល់បងប្អូនយើងថ្ងៃនេះ។ (ស្ត្រីមានផ្ទៃពោះ)មានច្រើនជាង ៥០០នាក់នៅទីនេះ។ ជាង ៥០០ នាក់នេះ ដូចរាប់តែអ្នកពពោះ ៣ខែឡើងផង បើក្រោម ៣ខែទៀត អាចមានច្រើនជាងហ្នឹងទៀត។

(៣០) សង្ឃឹមថានៅឆ្នាំ ២០៣៣​ ប្រជាជនខេត្តកោះកុងនឹងកើនដល់កន្លះលាននាក់

អញ្ចឹងជូនពរ ហើយនាំគ្នាធ្វើយ៉ាងណាជួយខេត្តកោះកុង កុំឱ្យចំនួនប្រជាពលរដ្ឋតិចជាងគេពេក។ ពីឆ្នាំ ១៩៩៨ (ខេត្តកោះកុង)យើងមាន ៨៤ ០០០ នាក់។ ឆ្នាំ ២០២៣ យើងមាន ១៤ ម៉ឺននាក់។ សង្ឃឹមថា ឆ្នាំ ២០៣៣ យើងឡើងដល់កន្លះលាននាក់​។ ធានាបានអត់? ម្នាក់យកតែ ៥ ទាន់ហើយ។ យើងអាចធ្វើបាន ដោយសារអ្វី? ឥឡូវយើងកំពុងតែដាក់ផែនការអភិវឌ្ឍតំបន់ឆ្នេរ មិនមែនតែខេត្តព្រះសីហនុទេ គឺខេត្តទាំង ៤។ ខេត្តកោះកុងនេះ គឺមានផែនការពង្រឹងឧស្សាហកម្មមួយចំនួន។ អញ្ចឹងនៅក្នុង ១០ឆ្នាំនេះ មិនស្រួលអាចបាន(ចំនួនប្រជាជនកើនដល់កន្លះលាននាក់) បើសិនជាសេដ្ឋកិច្ចឧស្សាហកម្មនៅកន្លែងនេះរីកលឿន។ បងប្អូនបង្កើតកូនមិនទាន់ទេ ថែម ៣០ម៉ឺននាក់ទៀតនោះ ប៉ុន្តែអ្នកដែលមកពីខេត្តផ្សេងៗ មកកើននៅទីនេះក៏កាន់តែច្រើន អាចបានឬមួយថាឱ្យ ២០ឆ្នាំទៅចុះ។ តែសំខាន់ត្រូវយោងគ្នាយ៉ាងណាដើម្បីកុំឱ្យថយវិញ។

តែមានសង្រ្គាមថយ(ប្រជាជន) តែអស់ការងារ អស់ជីវភាព អស្ថេរភាព ថយហើយ។ មនុស្សចល័តចេញទៅវិញហើយ។ កូនក៏លែងកើត វាយគ្នាស្លាប់(ក៏ច្រើន) អញ្ចឹងត្រូវធ្វើម៉េចជួយគ្នាឱ្យខេត្តកោះកុង(កើនប្រជាជន)កាន់តែច្រើន ឱ្យកម្លាំងសេដ្ឋកិច្ចកាន់តែធំ … គេថា ខ្ញុំទៅណាចេះតែទាមទារឱ្យខ្មែរមានកូនច្រើន។ បងប្អូនអើយ ទាន់មានកូនបាន យកទៅ ជាពិសេសប្រុសៗ បានប្រពន្ធបើកហើយ ខំព្យាយាមទៅ។ ប្រយ័ត្នដល់ពេលមួយគាត់បិទដូចខ្ញុំ។ ខ្ញុំខុសពីឯកឧត្តម គួច ចំរើន ត្រង់ហ្នឹង។ ប្រពន្ធគាត់ចង់បាន គាត់ជាអ្នកមិនចង់បានវិញ។ អ្នកណាមានកូនភ្លោះទេព្រឹកនេះ? មានម្នាក់។ មើលគ្នាទៅ​ជិតគ្នាអញ្ចឹង មានមួយកូនប្រុសមួយកូនស្រី។ ពីដើម គេថាចងដន្លងនឹងគ្នា។ ប្រុសៗ មានចងខ្លះហើយ យើងអាចចងដន្លងគ្នាទៅ មិត្តគ្នាទាំងអស់។ ភ្ជាប់និស្ស័យឱ្យហើយ ជាកិច្ចការល្អ។ ការយកចិត្តទុកដាក់ទៅដល់បងប្អូនស្រ្តីមានផ្ទៃពោះ ក្រសួងបានធ្វើហើយ សូមបន្តធ្វើតទៅទៀត។

(ទី៦) យើងបង្កើតក្រុមការងារ ដើម្បីវាយតម្លៃ កំណត់លក្ខណៈវិនិច្ឆ័យ ធ្វើឱ្យសហគមន៍សុខសាន្ដ ឱ្យកន្លែងការ​ងារនីមួយៗ ទៅជាកន្លែងគ្រួសារមួយសុខដុមរមនា។ សូមបន្តធ្វើតទៅទៀត។

(៣១) ៤ ចំណុច សំរាប់ក្រសួងការងារបន្តអនុវត្ត

អញ្ចឹង ក្នុងរយៈពេល ៤ខែនេះ ក្រសួងពាក់ព័ន្ធបានធ្វើ ៦ចំណុចនេះ។ សូមអរគុណនិងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង។ នៅសល់ ៤ចំណុចទៀត។ អម្បាញ់មិញ ឯកឧត្តម ហេង សួរ បានអាន(របាយការណ៍)ហើយ ហើយក្នុងនោះ ចំណុចដែលត្រូវខិតខំប្រឹងប្រែងធ្វើ៖

ទី១ គឺខិតខំ (បង្កើន)លទ្ធភាពបង្កើតទារកដ្ឋាន មត្តេយ្យសហគមន៍នៅជិតកន្លែងបងប្អូន(កម្មករធ្វើការ)។ បងប្អូនសម្រាលកូនហើយ (បើ)មានទារកដ្ឋាន មត្តេយ្យអី(ផ្ញើ) យើងចេញទៅធ្វើការ(បាន) ជាពិសេសអ្នកចំណាកស្រុក ដែលមកពីព្រៃវែងអី ម្ដាយឪពុកនៅ(ខេត្តព្រៃវែង)ឯណោះ។ បើអ្នកកោះកុងអាចផ្ញើកូននៅតាយាយបាន បើអ្នកឆ្ងាយ(មិនអាចផ្ញើបានទេ)។ ជួនកាល អ្នកនៅកោះកុងឯករាជ្យនៅតែ ២នាក់ប្ដីប្រពន្ធ។ ជួនកាល ម្ដាយយើងមានកូន ៥នាក់ នៅជាមួយ ដល់កូនធំមានគ្រួសាររៀងខ្លួនៗ ជួនកាលនៅជាមួយតែកូនពៅមួយទេ កូន ៤នាក់ទៀត មានគ្រួសារ(បែកផ្ទះ)ហើយ … យើងជួយគ្នា (បង្កើតទារកដ្ឋាន និង)មត្តេយ្យសហគមន៍។

ក្រសួងអប់រំបានខិតខំដើម្បីជម្រុញរឿងអាហារូបត្ថម្ភ … តាំងពីមុនកើតកូន យើងគិតសុខភាព ដែលយើងគិតអំពីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ គឺគិតដល់កូនដើម្បីមានជីវជាតិ មានអាហារូបត្ថម្ភគ្រាន់បើ គិតតាំងពីមុនកើត។ រដ្ឋាភិបាលជួយសម្រាល(បន្ទុកស្រ្តីមានផ្ទៃពោះ) ពេលឆ្លងទន្លេ ពេលក្រោយ រហូតដល់(កូនមានអាយុ) ២ឆ្នាំ គឺតាមយ៉ាងម៉េច? ក្រោយ ២ឆ្នាំហើយ ត្រូវទៅធ្វើការ។ (បង្កើត)ទារកដ្ឋាន មត្តេយ្យអី។ យើងត្រូវបន្តធ្វើ បានប៉ុណ្ណាយកប៉ុណ្ណឹង។ មិនមែនធ្វើមួយឆ្នាំ បានគ្រប់ទេ ត្រូវការរាប់ពាន់នៅទូទាំងប្រទេស …។

(ទី២) កែលម្អកន្លែងហូបបាយ អាហារដ្ឋានតាមរោងចក្រ។ ធ្វើបានច្រើនហើយ។ អរគុណណាស់។ រោងចក្រសហគ្រាស ដែលបានគិតគូរពីការគិតទៅដល់សុខុមាលភាពរបស់បងប្អូន(កម្មករ)យើង ទាំងបរិស្ថានធ្វើការ ទាំងការហូបចុក ព្រោះជាកម្លាំងផ្ទាល់របស់បងប្អូន …។

(ទី៣) ការខិតខំ(យកចិត្តទុកដាក់)អំពីសុវត្ថិភាពការដឹកជញ្ជូន(កម្មករ) រឿងនេះក៏បានគិតគូរច្រើន។ យើងបានធ្វើច្រើន។ អរគុណណាស់ក្រុមហ៊ុន សហគ្រាស ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់នៃតំបន់​សេដ្ឋកិច្ចពិសេស ដែលគិតគូរអំពីការរៀបចំការធ្វើដំណើរ សុវត្ថិភាព។ សូមគិតគូរបន្តទៀត។ ក្រសួងការងារ ជាមួយយន្តការដែលមានស្រាប់ ប.ស.ស គិតគូរជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងសហគមន៍អ្នកដឹកជញ្ជូន មើលយ៉ាងណា (ដឹក)បន្តិចម្ដងៗ ធានាសុវត្ថិភាពបងប្អូន។

ហ្នឹងគឺជាកិច្ចការសំខាន់ ៤ចំណុច ដែលត្រូវបន្តធ្វើក្នុង ២ឆ្នាំនេះ។ (ទី៤) គឺការធ្វើតេស្ដទទួលស្គាល់ជំនាញ។ គាត់ចេះ ប៉ុន្តែគាត់មិនបានឆ្លងកាត់សាលា។ យើង(ត្រូវ)មានកម្មវិធី(ជួយ) ជួនកាល ចុងភៅជិតមួយជីវិត ម្ដាយជាអ្នកបង្រៀន។ អ៊ំ ពូមីង បងប្អូន កាលពីខ្ញុំនៅក្មេង ហាងគុយទាវដែលឆ្ងាញ់ស្អីៗ ចុងភៅនៅហ្នឹងអត់មានក្រសួងចេញវិញ្ញាបនបត្រអី ឆ្លងកាត់សាលារបស់ក្រសួងការងារទេ។ តែគាត់មានរូបមន្ត។ បើគាត់ល្អអញ្ចឹង យើងអាចមានរូបមន្តសម្រាប់វាយតម្លៃទទួលស្គាល់។ សូម្បីតែរៀនជាបណ្ឌិត ក៏មិនចាំបាច់ទាល់តែធ្វើនិក្ខេបទនៅសាលាដែរ។ អ្នកខ្លះមានបទពិសោធន៍ជាក់ស្ដែងក្នុងការចងក្រង ក៏គេផ្ដល់ឱ្យនូវបណ្ឌិតកិត្តិយស តាំងពីសាលាតូច សាលាធំ ដើម្បីទទួលស្គាល់ស្នាដៃ។ អញ្ចឹង​វិញ្ញាបនបត្រនេះ ដើម្បីឱ្យបងប្អូនដែលមានស្នាដៃ ទទួលបានការការទទួលស្គាល់ យ៉ាងហោចណាស់ក៏គាត់មានមោទនភាព អាចយកទៅកន្លែងណាក្នុងប្រទេសក្រៅប្រទេស ដើម្បីអាចងាយស្រួលរកការងារ និងអាចជួយដល់ចំណូលរបស់គាត់។

សូម្បីរៀន អ្នកខ្លះប្រលងបាក់ឌុប តែមិនបានប្រលង តែក្រោយមកយើងមានច្រកចូលតាមស្វ័យរិន … បន្ដិច​ទៀត យើងបង្កើតការរៀនចំណេះដឹងទូទៅ រឿងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាម ធីវេត (TVET)។ យើងក៏មានការវាយតម្លៃកម្រិតណាមួយ។ ថ្ងៃក្រោយគាត់ចង់បកទៅរៀនបរិញ្ញាបត្រ រៀនអី យើងអាចធ្វើបាន។ វាមានច្រកច្រើនចេញចូល។ អញ្ចឹងច្រកបទពិសោធន៍ខ្លួនឯង សមត្ថភាពខ្លួនឯង ជួយធ្វើយ៉ាងណាដើម្បីអ្នកណា? ដើម្បីបងប្អូនយើងទាំងអស់គ្នា។ មិនមែនទាំងអស់គ្នាជ្រើសរើសយកតាមច្រកសេដ្ឋកិច្ចក្នុងប្រព័ន្ធទេ។ បងប្អូនខ្លះក្រៅប្រព័ន្ធ ស្វ័យនិយោជន៍ គាត់បើកហាងខ្លួ​នឯង គាត់ធ្វើអីខ្លួនឯង អញ្ចឹងថ្ងៃក្រោយ គាត់អាចមានលទ្ធភាពយកជំ​នាញរបស់គាត់ទៅធ្វើ ដើម្បីផ្ដល់កម្រិតណាមួយ អាចបំពេញបន្ថែមស្តង់ដារណាមួយ …។

ថ្ងៃនេះ ខ្ញុំគ្រាន់តែសង្ខេបនូវអ្វីដែលយើងបានធ្វើ ៤ខែ កន្លងទៅនៅក្នុងវិស័យការងារ នៅលើតែ ៦ចំណុច ដែលខ្ញុំដាក់ឱ្យក្រសួងការងារទេ។ ខ្ញុំមិននិយាយក្នុងវិស័យការពារជាតិ វិស័យសន្ដិសុខ វិស័យ​កសិកម្ម វិស័យឧស្សាហកម្ម ក្រសួងនីមួយៗធ្វើបានច្រើនរៀងៗខ្លួនទៅហើយ។​ កំណែទម្រង់​ ការជម្រុញបន្ថែម ការដាក់ចេញនិងអនុវត្ត និងការបន្តនិរន្តរភាពនៃការងារពីអាណត្តិទី៦ បានធ្វើច្រើនរៀងៗខ្លួនហើយ។ ការចរចាបើកទីផ្សារផ្សេងៗនៅក្រៅប្រទេស ការទាញវិនិយោគ យើងធ្វើបានច្រើនហើយ … ខ្ញុំនិយាយតែពាក់ព័ន្ធនឹងវិស័យការងារតែប៉ុណ្ណេះ។ ឥឡូវម៉ោងជិត ១១ហើយ។​ បើខ្ញុំថែមអ្វីដែលរដ្ឋាភិបាលទាំងមូលធ្វើក្នុងរយៈពេល ៤ខែហ្នឹង បងប្អូនមិនបាច់សម្រាកតែម្ដង។ តែខ្ញុំអ្នកឈរទេ​ ចុកជើង។ យើងជួបគ្នា ជួបបងប្អូនថ្ងៃនេះ តែខ្ញុំក៏បានរៀបរាប់ ក៏មានចាក់ផ្សាយតាមបណ្ដាញមួយចំនួន ឱ្យបងប្អូនបានទស្សនាថា រដ្ឋាភិបាល ៤ខែនេះ​ ដេកស្ពឹក? ឬរដ្ឋាភិបាលអួត ចេញជាគោលនយោបាយស្អាត អត់បានធ្វើអីទេ ឬយ៉ាងណា?

(៣២) សមិទ្ធផលសំរាប់អ្នកកោះកុង

សម្ពោធស្ពានកោះយ៉ ខេត្តកោះកុង តភ្ជាប់គ្នា។ មិនមែនមានតែស្ពានកោះយ៉ទេ ស្ពានកោះកុងជិត ២ គីឡូម៉ែត្រ ដែលបានធ្វើ។ ឥឡូវយើងរៀបចំផ្លូវ កែសម្រួលផ្លូវជាតិលេខ ៤៨ ឱ្យកាន់តែល្អ ដើម្បីភ្ជាប់ជាមួយនឹងខេត្តព្រះសីហនុ ជាមួយនឹងភ្នំពេញ។ ផ្លូវជាតិលេខ ១០ យើងកំពុងតែធ្វើ ឥឡូវបាន ៧៥ភាគរយ។ បន្តិចទៀតភ្ជាប់ទៅដល់ទិសពាយ័ព្យ កាត់តាមវាលវែង ទៅដល់សំឡូត ទៅកាត់ជាមួយនឹងផ្លូវ ៥៥ ទៅដល់ពោធិ៍សាត់ ផ្លូវ ៥៧ ទៅដល់បាត់ដំបង។ បន្តិចទៀតអ្នកកោះកុង មានច្រកច្រើនណាស់។ ធ្វើស្ពានមួយ ២គីឡូម៉ែត្រ ក្រុងខេមរភូមិន្ទឆ្លងទៅម្ខាង ធ្វើឱ្យខាងនោះជាប់ទៅដល់ប្រទេសថៃ ចេញច្រកចាំយាម ផ្លូវអាស៊ាន។ រោងចក្របង្កើតនៅទីនោះ (មានកម្មករ)រាប់ម៉ឺននាក់។ យើងអភិវឌ្ឍតំបន់សមុទ្រអោយមានផែ។ ឥឡូវសក្ដានុពលផែទឹកជ្រៅយើងនេះ និងព្រលានយន្តហោះនៅ​ឯណោះ។ បន្ដិចទៀតខេត្តកោះកុង មានសរសៃឈាមតភ្ជាប់ នឹងកាន់តែរីកចម្រើន។ អញ្ចឹងអ្នកកោះកុង លែងឆ្ងាយដាច់ស្រយាល ភូមិសាស្រ្តឆ្ងាយតែតភ្ជាប់ជាប់ ងាយស្រួលធ្វើការ មនុស្សមកទេសចរកាន់តែច្រើន។

ពីមុន យើងស្ងាត់ច្រៀប។ ឥឡូវយើងរស់រវើកគ្រាន់បើ។ មិនទាន់រស់រវើកដូចខេត្តព្រះសីហនុ ប៉ុន្តែមានដំ​ណើរបែបនេះ ខ្ញុំគិតថា ១០ឆ្នាំ ២០ឆ្នាំទៀត នៅទីនេះក៏កាន់តែរស់រវើកតទៅទៀត។ បងប្អូននៅទីនេះ ជំនាន់កូនយើង ថ្ងៃនេះនៅក្នុងពោះ ពេលដែលកូនយើងទៅជាកំលោះក្រមុំ គេនឹងបានឃើញខេត្តកោះកុងទីនេះ រីកស្រស់បំព្រងច្រើនជាងយើងឆ្ងាយជាងនេះ។ រូបថតដែល selfies ថ្ងៃនេះ បងប្អូនអាចទុកជាដំណាលប្រវត្តិសាស្រ្តថា កូន! កាលជំនាន់ឪពុកម្ដាយ កាលកូនឯងមិនទាន់កើត បានស្ពានថ្មមួយហ្នឹង តភ្ជាប់កោះយ៉ហ្នឹងអស្ចារ្យណាស់ ស្ពានបេតុង។ តែដល់ពេលនោះ ស្ពានហ្នឹងទៅជាស្ពានតូចហើយ។ នេះហើយការវិវត្តប្រែប្រួលនៃប្រទេសជាតិ …យើងមានឈាមជ័រជាខ្មែរត្រូវមានមោទនភាពក្នុងការសម្រេចបានមកដល់ពេលនេះ ដែលចាប់ផ្ដើមពីការផ្ដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបញ្ចប់សង្រ្គាមឱ្យមានសន្ដិភាព និងការអភិវឌ្ឍមកដល់ថ្ងៃនេះ និងជាមូលដ្ឋានសម្រាប់ឱ្យកូនចៅយើងកាន់តែរីកចម្រើននៅថ្ងៃមុខ …។

ខ្ញុំគិតថា បងប្អូននៅទីនេះប្រាកដជាសប្បាយចិត្តហើយយ៉ាងហោចណាស់ បានសម្រាកមួយថ្ងៃថែមទៀត … បើប្រុសៗវិញ ចេញទៅប្រហែលជាណាត់គ្នាទៅណាហើយ។ មិនមែនតែប្រុសៗទេ​ ស្រីៗក៏អញ្ចឹងដែរ។ បាន ៣ថ្ងៃ សៅរ៍ អាទិត្យ ច័ន្ទ។ ខ្ញុំនិយាយអ្នកអត់មានផ្ទៃពោះ បើអ្នកមានផ្ទៃពោះប្រហែលទៅផ្ទះហើយ។ អត់មានអ្នកណាគ្រប់ខែ(នៅថ្ងៃនេះ)? … ។

អបអរសាទរសាជាថ្មីចំពោះសមិទ្ធផលនេះ ចំពោះការសម្រេចបាន ម្នាក់ៗដែលនៅទីនេះ គឺបានន័យថា ខ្លួនជាម្ចាស់ការនៃខ្លួនឯងមួយកម្រិតហើយ។ យើងមានសមត្ថភាព យើងមានសុខភាព យើងអាចចេញមកធ្វើការ ដើម្បីម្ចាស់ការខ្លួនឯង ពឹងផ្អែកលើខ្លួនឯង ហើយអ្នកខ្លះ អាចជួយគ្រួសារ ជួយឪពុកម្ដាយបានទៀត។ នេះគឺជាឯករាជ្យភាពរបស់កម្ពុជារបស់យើង … បន្តធ្វើឱ្យប្រជាជនយើងម្នាក់ៗ កាន់តែរឹងមាំ កាន់តែមានសក្ដានុពល ដើម្បីគាំទ្រនិងការពារជាតិរបស់យើង ទៅជាប្រទេសអធិតេយ្យភាព ប្រទេសឯករាជ្យភាព និងប្រទេសអភិវឌ្ឍនិងទៅថ្ងៃអនាគតកាន់តែខ្លាំងរឹងមាំ។ បើយើងមានចេតនាចង់ឱ្យខ្មែរទៅជា(ប្រទេស)រណបប្រទេសណា យើងមិនបាច់ឱ្យកូនខ្មែរខ្លាំងទេ …។

អញ្ចឹងថ្មើនេះម៉ោង ១១។ ខ្លាចម៉ោងរបស់ខ្ញុំងាប់? ម៉ោងនេះរស់។ ព្រឹកមិញខ្ញុំឆែកគ្រប់ម៉ោង។ ធ្លាប់ម្ដង ឡើងនិយាយម៉ោង ១០កន្លះ ហើយវានៅត្រឹមម៉ោង ១០ក​ន្លះ និយាយដល់ម៉ោង ១ នៅតែម៉ោង ១០កន្លះ។ ម៉ោង ១១ ខ្ញុំដឹង ឥឡូវខ្ញុំឈប់ហើយ ទុកឱ្យបងប្អូនសម្រាកចុះ បងប្អូនខ្លះមកតាំងពីម៉ោង ៣ភ្លឺ​ ​… សូមអរគុណសាជាថ្មីចំពោះគណៈធិបតីដែលបានអញ្ជើញចូលរួម។ អរគុណណាស់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ និយោជិកដែលបានចូលរួមនៅទីនេះ។ អរគុណដែលបានចូលរួមនៅក្នុងការពង្រឹងខ្លួន ពង្រឹងជាតិរបស់យើង។ សូមជូនពរនិងប្រ​សិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ក្មួយៗទាំងអស់ឱ្យទទួលបាននូវសុខភាពល្អ ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។

ថ្ងៃនេះខ្ញុំសូមជូនសម្រាប់កម្មករ កម្មការិនី ១១០០០នាក់ ម្នាក់ៗទទួលបានអាហារសម្រន់និងថវិកា ២ម៉ឺនរៀល។ ជូនស្រ្តីមានផ្ទៃពោះ ៥៥១ នាក់ ក្នុងម្នាក់ៗថវិកាបន្ថែម ៨០ម៉ឺនរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។ សូមអរគុណ៕



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the inauguration of Samdech Techo Hun Sen Bridge- Koh Yor and the gathering of workers of Neang Kok Special Economic Zone

[Unofficial Translation]

***********

CMF:

[1]

(1) 85.72% of Koh Kong voted for CPP leadership

[…] I thank the support of the people of Koh Kong […] in the whole of Koh Kong province, 83% of the registered voters went to the polls, of which, 85.72% voted for the Cambodian People’s Party […] this has expressed clearly the satisfaction and support of the leadership of the Cambodian People’s Party in the government led by Samdech Techo and provided an opportunity for the Cambodian People’s Party to continue to serve the people, including the people of Koh Kong […]

(With those suports, we are) striving (further to) firstly, to repay gratuitude to the people for their trust, and secondly, to be determined not to disappoint the people or for us to gain more trust in the future. It means continuing to have the trust of the people in all our terms […] we are not like the Khmer Rouge who came to power and took (the power) to kill the people. We give freedom to the people, making us their trustworthy and the source of warmth so that the country can grow […]

[2]

(2Demographically, the people in Koh Kong province grown from 80,000 to 140,000

[…] The Koh Yor Bridge is a clear example of the care (of the CPP-led Royal Government of Cambodia) for the people of Koh Kong province as a whole. Talking about the coastal areas, we have four provinces – Kampot, Kep, Sihanoukville and Koh Kong. This Koh Kong province has the most isolated geography […] At a young age, I ntravelled to Koh Kong province not by national road […] because the connection was difficult and in some places there were shootings […]

Although not as lively as in Sihanoukville, but compared to the past, Koh Kong is much more lively now. By the time we ended the war, there were about 80,000 people. As of now, we have more than 140,000 people and the number will continue to grow, since sooner as our economy grows, more of our people will come here to reside and/or for jobs. The province of Koh Kong has great potential, and the more people we have, the more lively the province will be […]

(3) Koh Kong develops thanks to the policy of ending the war and bringing about peace, full national unity and complete territorial unification

The evolution of geography has changed. Where there was war and division, we have redeveloped. It takes a lot of self-sacrificing effort. The most important thing is to set a clear policy […] the question is, what are those policies? Firstly, we have to have the correct policy, and secondly, it requires honest and effective implementation. Now, what policies can we do to make Koh Kong a tourist destination? In Koh Kong province, not only Khemarak Phoumin city, there are many places […] there are other touristic areas in Areng, Chi Phat, Thmar Bang. Now there are many different natural tourist sites […] the day before I went to inaugurate a hydropower plant, which was the site of several generations of fighting […] we have accomplished these so far thanks to the policy to end the war and to bring about peace, complete national unity and complete territorial unification […]

(4) Koh Kong is a hiding place for many generations of troops/regime

If there is no peace, one may ask if we would have unified the territory or if Koh Kong is connected (with the rest of the country)? […] Koh kong – under the Lon Nol era was a hideout for troops to fight against Lon Nol after the coup. It was a hiding place, where Samdech Pichey Sena Tea Banh, His Excellency Say Phu Thong and other important leaders organized and hid the troops to oppose the Khmer Rouge. Asked to prepare force for what? It was to resist or to rebel. It is therefore tantemount to a place of separatism and fighting. After 1979, that place was still a place of confrontation and where the Khmer Rouge were active […]

(5) In peace, many claimed activists to love/protect environment

If there is no peace in all those areas, one can ask if people could come in and go out? Now some people, both foreigners and non-foreigners, go in to perform actions pretending themselves to be environmentalists. When there were fighting, they dare not to enter? Why not protect the environment at that time […] without peace, can we unite the nation? Can we make Koh Kong a connected province like nowaday? There is a road but it cannot be used because it is mined and the road is not passable. There is favorable land, and there is water, but we could not build the port. It could not be done because no one came to invest. As for the present, I just met a lot of people from the Hyundai factory and from the cable manufacturer […]

(6December 29, the day of the end of the war in the history of about 500 years

[…] In 1998, we ended the 500 years of fighting (in history). Without the (win-win) policy, and no honest policy implementers, especially the leadership of Samdech Techo and the participation of the people, we could not have fulfilled it […] on January 1, from now on, the Royal Government issued a sub-decree making December 29 – the day that we celebrate peace in Cambodia and a holiday for our entire nation […] some have criticized the designation of the peace day as a national holiday for the “Hun” clan […]

I do not deny that the Hun clan welcomes peace. So this Peace Day is for all Cambodians who love peace and hate war, including the Hun family […] the Peace Day in Cambodia is a result of everone’s effort […] we must remember the history of Cambodia […] at least, we are reminded that today in 1998, before the present, how many of our people sacrificed to achieve lasting peace ending (the history of) 500 years of war. So this is a day that we must all remember […] if anyone is not happy about that day, the perosn does not have to release him/herself from work […] yesterday, Samdech Techo said that if they are not happy with that day, let them go and see the minefield, the remnant of a country at war and without peace […]

(7) There is nothing wrong with future generations remembering November-9 Independence Day, 7-January Victory Day, and 29-December Peace Day

As a country, a people, we need independence, sovereignty, survival with rights and freedoms, and living in peace and development […] we now live in sovereignty and independence. We have (the Independence Day on) November 9, when His Majesty the King Father Preah Borom Ratanak Kaod gained this independence from the French rule in 1953. We take this day as a holiday to celebrate our independence and sovereignty. What is wrong about that? There is nothing wrong […] the next generation for thousands of years will remember November 9, 1953 as Independence Day and try to keep independence and sovereignty […] and for January 7, 1979 is the day we survived and left the Khmer Rouge genocide. To whom did all this fruit go? They went to our people. So there is nothing wrong. In order for the children of our people, for decades to come, remember not to let it disaapear/not to fall into the genocidal regime again […]

(8) Did the Khmer Rouge kill the people? Has the National United Front for Salvation stopped the killings?

The Independence Day, the Victory Day over the genocidal regime and the day that we ended the war are in the interest of our nation and our people […] I have seen some ill remarks fro  those of them, in foriegn countrties, who had not been either living or going therough hardships under the Khmer Rouge time […] saying that January 7, 1979 was the day of the Vietnamese invasion […] I would just ask them […] firstly, between April 17, 1975 until January 7, 1979, did the Khmer Rouge kill people in Cambodia or not? ? (if killed,) how many millions died? […] even history books writeen and published abroad acknowledge that the Khmer Rouge killed people at that time. Not one. Not two, but millions […]

Secondly, did the National United Front for Salvation of Kampuchea, which was formed from December 2 until the ousting of the Khmer Rouge in early 1979, stop the Khmer Rouge from killing more people? Onc the NUFSK came in, it drived out the Khmer Rouge. The Khmer Rouge could no longer kill people. What does that equal to? The offensive of the NUFSK, backed by the Vietnamese voluntary army in 1979, stopped the Khmer Rouge from massacring and saved the lives of millions of people in the country. This is the reality […]

(9) Learning of the Khmer Rouge massacre, why the UN did not bring troops in to help?

From 1975-1978, and at the end of 1978, we had two options. Those who can help us were either in the west or in the east. To the west is the UN, and to the east is Vietnam. In 1978, refugees fled to Thailand, where the UN interviews confirmed that there had been killings in Cambodia. One may ask why the UN did not send troops to liberate (Cambodia or Cambodians from the atrocity)? […] whoever comes, would be welcome […]

The UN did not send troops in because of what? It is because of the UN law. The United Nations could not send troops into a country without the request of the respective government at that time. If the UN sends troops to that country without a government, it is against the UN law. So did the Khmer Rouge write a letter to the UN at that time (to ask for their presence)? They did not. So (help from the) west (is not available) […]

So, the only choice we had was on the Vietnamese side. We had only two options. If Vietnam ddid not come, we would continue to die. One may ask why did we rely on Vietnam and not on the United Nations. That was because the law at that time did not allow (the UN’s) entry […]

Another question is, even in the east, why did we need to rely on Vietnam for? Did we not have the resistance force there? […] we did gather about 10,000 men in the east, if not more in the west. If we rely on the force of our resistance patriotic forces, we could predict two possible outcomes. Firstl, the 10,000 armed resistance forces were to fight the Khmer Rouge, which had hundreds of thousands of troops and tanks […]

Secondly, if the 10,000 armed resistant force was not string enough, why not wait to build up to 100,000 troops. One may ask at this point if we would be able to get 100,000 Cambodians to flee to Vietnam atb that time. Would the Khmer Rouge let them go (to Vietnam)? Secondly, how many more years will it take to build (the resistance forces to match that of the Khmer Rouge’s)? If possible, ask how many more people will die from day to day, month to month, year to year under the Khmer Rouge before the resistance actually happned? […]

We see that on January 7, 1979, the NUFSK, together with the Vietnamese voluntary army, overthrew the genocidal regime of Pol Pot and saved the lives of the people. The action was necessary to respond to the needs of the Cambodian nation and because we did not have many options. It must be done at that time and must depend on those who help so that we can survive. This is the meaning of January 7, 1979. They may say whatever they wanted, but we just ask only the historical aspect, and they had to take historical fact to interpret […]

(10) The sovereignty of Cambodia is not controlled by any foreign forces

Today, January 8, one day after the liberation of the country 45 years ago […] some said that Cambodia lost its sovereignty. I just want to ask, in Koh Kong province, our administration, our police force, our soldiers, our civil servants, our commune level, our village level, our school, our teachers, are they under the foreign control? They all are not. Our sovereignty is not under anyone’s control. Before we became independent, we had a French governor. We have been independent and sovereign since then, and today we are inaugurating the bridge, and celebrating with our brothers and sisters who have jobs, a better life and striving to grow even more. What for? For us Khmers to be stronger, for us to hold firmer the destiny, our sovereignty, our independence […]

(11) Win-win politics is the People’s Day of Peace

Peace comes from (the partcipation of) many important acters. The person who guided the leadership is Samdech Techo, the core operator and leaders of all factions, in which, representing the Royal Government, was Samdech Pichey Sena, who plays a very important role […] today, I have worked a decree to elevate rank of former commanders – Phuong Phirum, Prum Pat, Ni Kan […] to thank and congratulate them, who participated in the operation (of win-win politics). Apart from that, the biggest participants were the people, the armed forces, not just the political or senior leaders, as well as the participation of the brigadier generals and their families of all factions, especially the former Khmer Rouge. In this regard, the day of win-win politics is a day of peace for all people and it happened thanks to the participation of all factions agreeing to stop fighting and unite to rebuild the country […]

(12) From the triangular to rectangle and to pentagonal strategy to maintain peace and development

Since 1998, after the end of the war, the Royal Government has set three phases (of reconstruction efforts). The first phase is the triangular strategy, which we laid out in 1998-2003, and was for five years. That time was in the phase of national unification and building of the country’s foundation. We focus on keeping the regained peace from going off again. At that time, no one knew that peace could last for 25 years today […] the peace triangular strategy promotes development, especially integration within the nation, and secondly, integrated Cambodia with the local economy and promoted the construction of livelihoods […]

Between 2003-2023 (the Royal Government introduced the) 20-year Rectangular Strategy (1st to 4th Phase) […] and now, we have a 25-year pentagonal strategy to prepare Cambodia for its high-income country level by 2050 […] since after the war, our strategy changed from triangular to rectangular. Our priority shifted from peacekeeping to strengthening human resources, water and electricity, and now technology included. There are some adjustments, but still are for two main goals – first, maintaining peace and second, more prosperous development for the people […]

(13) January 25 will go to solve construction stalemates and promote investment in Sihanoukville

On January 25, I have to announce a new and special policy program for Sihanoukville. His Excellency Kouch Chamroeun (the governor) may not have known this. I have ordered organization of this program in November to promote tourism in Siem Reap. Now, January 25, 2024, this is the year to encourage investment in Sihanoukville to solve some construction stalemate issues, and to encourage people to expedite it. I would inform the functionaries in the Sihanikville that they should not go anywhere as I will be coming on 25th (January) […]

(14) Six priorities works implemented

In these four months, the Ministry of Labor has worked hard and put into action the 6 points (priorities list) that have been set out – (1) Increase the minimum wage for 2024. At that time, at the end of August, […] the working group facilitated the negotiations, not one day, but more than 40 days […] where the union and employers representatives, and the RGC sat down together […] and on January 4, besides the increase of maximum wages for workers, I issued a sub-decree to increase the salaries of civil servants to be implemented from the second week and the contract officials as well […]; program (2) is the implementation of the social security regime for health care, voluntary contribution for relatives and dependents (to receive health care services) […]; (3) vocational training programs for 1.5 million young people from poor and vulnerable families. It does not matter what is on the paper, it matters what is on the ground. I announced the plan from August 22 (2023) to January (2024), what have we done on the ground? Just in the field of labor, we have done a lot on the ground […]; (4) the training of apprentices in accordance with the training […]; fifth, the implementation of cash support program for pregnant women before, during and after childbirth […]; and (6) the setting up of a team to evaluate the criteria to make the community safe for each workplace. A place for a harmonious family […]

(15) Hope the population of Koh Kong will reach half a million by 2033

Let us figure out how to help Koh Kong province not to have the smallest population. In 1998, (the Koh Kong province) had a population of 84,000 people. By 2023, we had 140,000 people. Hopefully, by 2033, we will reach half a million people. For the Koh Kong province, we are planning to strengthen some industries. In 10 years, it would be possible for (the population of Koh Kong to reach half a million) if the industrial economy in this place grows fast or people from other provinces come to reside and to work here. Let say 20 years or so more […]

(16) Four points for the Ministry of Labor to continue to implement

There are 4 things to work on. Firstly, make further efforts to (increase) the possibility of establishing community kindergartens near the working place of our workers […] the Ministry of Education has also worked hard to promote nutrition […] the government provides relief (to relieve the burden for pregnant women) before, during and after the delivery until (the child is) 2 years old […]; secondly, improve the dining area, restaurant in the factory […]; thirdly, strive (to pay attention) on the safety of transportation (of workers) […] and fourthly, to conduct tests to recognize skills. Some people have acquired knowledge and skills without going through a school […] we can have the relevant Ministry to issue him/her a certificate […] we can work on a formula to evaluate and provide recognition […]./.

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាសន្តិភាព គឺសម្រាប់អ្នកទាំងអស់គ្នាចូលរួមសាមគ្គីគ្នាកសាងអភិវឌ្ឍជាតិ

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទិវានយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម ថ្ងៃទី២៩ធ្នូ បង្កើតឡើងគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា និងកើតពីការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឯកភាពគ្នា ឈប់វាយប្រហារគ្នា តទៅទៀត ព្រមទាំងរួមសាមគ្គីគ្នាកសាងប្រទេស។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធស្ពានបេតុងសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់ ក្នុងខេត្តកោះកុង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កូនចៅជំនាន់ក្រោយ ត្រូវចាំថា ការដែលយើងមានសន្តិភាពដូចបច្ចុប្បន្ននេះ គឺបានមកពីការពលីរបស់អ្នកជំនាន់មុន ដូច្នេះ «សូមកុំត្រឡប់ទៅអតីតកាលដ៏ជូរចត់អី»។ ជាក់ស្ដែង ភូមិសាស្ត្រស្រុកថ្មបាំងទុកជាកន្លែងធ្វើផ្លូវចូលទៅ អារ៉ែងធ្វើផ្លូវសម្រាប់ទេសចរណ៍ កុំឱ្យទៅជាតំបន់វៃប្រហារគ្នាឡើងវិញឱ្យសោះ រីឯវារីអគ្គិសនីគឺយើងត្រូវតែធ្វើ ដើម្បីបានភ្លើងមកផ្តគ់ផ្គង់ឧស្សាហកម្មនៅតំបន់នេះ និងទៅបណ្តាតំបន់ផ្សេងៗទៀត៕







សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីឆ្នាំ ២០២៤ នេះទៅ រៀងរាល់ថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរ «ទិវាសន្តិភាព» ទូទាំងប្រទេស


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាធ្វើយ៉ាងណាជំរុញប្រទេសយើងឱ្យបានរីកចម្រើន និងអភិវឌ្ឍន៍អោយកាន់តែសម្បូរសប្បាយនិងរឹងមាំ ដោយធ្វើយ៉ាងណាឱ្យមានភាពជាម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ ដោយកាត់បន្ថយ និងចៀសអោយផុតនូវអតីតកាលដ៏ជូរចត់ តាមរយៈការថែរក្សានូវសុខសន្តិភាព និងកុំឱ្យសង្រ្គាមត្រឡប់មកក្នុងទឹកដីរបស់យើងវិញឱ្យសោះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចាប់ពីឆ្នាំ ២០២៤ នេះទៅ នៅថ្ងៃទី ២៩ ខែធ្នូ យើងនឹងបានអបអរសាទរទូទាំងប្រទេសនូវទិវាសន្តិភាពរបស់កម្ពុជា សន្តិភាពរបស់យើងទាំងអស់គ្នា។


ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង»  នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤  សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា ទិវានៃនយោបាយឈ្នះ-ឈ្នះ ដែលបញ្ចប់សង្រ្គាមនេះ គឺជាទិវាសន្តិភាពរបស់យើង។ ទិវានេះបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា និងកើតឡើងពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការឯកភាពគ្នា ឈប់វាយគ្នាតទៅទៀត និងរួមសាមគ្គីគ្នាកសាងប្រទេស៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នករិះគន់ថ្ងៃ ៧មករា កុំយកនិន្នាការនយោបាយបកស្រាយប្រវត្តិសាស្រ្ត តែត្រូវយកនិន្នាការប្រវត្តិសាស្រ្ត មកបកស្រាយប្រវត្តិសាស្រ្ត



សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវសំណួរទី១ ថា «តើនៅចន្លោះថ្ងៃទី ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានសម្លាប់មនុស្សនៅកម្ពុជាដែរឬអត់?» ចម្លើយគឺសម្លាប់ ហើយមិនមែនសម្លាប់តែម្នាក់ ឬពីរនាក់ទេ តែគឺរាប់លាននាក់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរសំណួរទី២ ថា «តើការវាយចូលរបស់កងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃ ២ធ្នូ រហូតដល់ដើមឆ្នាំ១៩៧៩ និងដែលបានដេញខ្មែរក្រហមចេញ បានបញ្ឈប់ខ្មែរក្រហមកុំអោយសម្លាប់មនុស្សតទៀតឬអត់?» ចម្លើយគឺខ្មែរក្រហមបានរត់ចេញទៅហើយ លែងបានសម្លាប់មនុស្សទៀតហើយ ដូច្នេះការរំដោះក្នុងឆ្នាំ១៩៧៩ នេះគឺស្មើនឹងការសង្រ្គោះជីវិតប្រជាពលរដ្ឋ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានតបទៅម្សៀនៅក្រៅប្រទេសថា ទោះអ្នកឯងចង់ហៅថ្ងៃនោះថាជាថ្ងៃអ្វីក៏ហៅទៅ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា «ការរំដោះ ៧មករា ១៩៧៩ គឺធ្វើអោយយើងរស់រានមានជីវិត និងមានអ្វីៗទំាងអស់នៅថ្ងៃនេះ»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរសំណួរទី៣ ថា «ហេតុអ្វីយើងត្រូវពឹងវៀតណាម?» នៅចុងឆ្នាំ១៩៧៨ យើងមានជម្រើស២ គឺអង្គការសហប្រជាជាតិ (ទិសខាងលិច) និងវៀតណាម (ទិសខាងកើត)។ ប៉ុន្តែអង្គការសហប្រជាជាតិមិនបញ្ជូនទ័ពមកទេ ព្រោះច្បាប់របស់អង្គការនេះមិនអាចបញ្ជូនទ័ពទៅប្រទេសណាមួយបានទេ បើគ្មានការសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ ដូច្នេះចម្លើយគឺ «យើងគ្មានជម្រើស»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង» នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលដឹកនាំល្អ ទើបប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ ប្រៀបដូចសិស្សដែលរៀនពូកែ ទើបប្រឡងជាប់



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ គឺមានការប្រឡងប្រជែង ប្រៀបដូចជាសិស្សដែលកំពុងរៀន។ ហើយទន្ទឹមនឹងការប្រឡងជាប់បានឡើងថ្នាក់ យើងមិនត្រូវបោះបង់ការសិក្សា ឬធ្លាក់ដៃទេ គឺមានតែការខិតខំប្រឹងប្រែង ដើម្បីប្រឡងជាប់ម្តងទៀត ទៅតាមលទ្ធផល និងខិតខំប្រឹងប្រែង និងទៅតាមពិន្ទុដែលលោកគ្រូ អ្នកគ្រូ ផ្តល់ឱ្យ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្ដេចតេជោ កោះយ៉ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង។


នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ គណបក្សនីមួយៗ សុទ្ធតែមានលោកគ្រូអ្នកគ្រូ ពោលគឺសំដៅទៅលើប្រជាពលរដ្ឋ។ នៅពេលដែលលោកគ្រូ អ្នកគ្រូ ឱ្យជាប់ មានន័យថា ពលរដ្ឋបានបោះឆ្នោតជូនបក្ស។ ដូចនេះ រាជរដ្ឋាភិបាលអត់មានទម្លាក់ដៃទេ មានតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងនោះ ទី១-អរគុណដល់ប្រជាពលរដ្ឋដែលផ្តល់ការទុកចិត្ត និងទី២-មានតែការប្តេជ្ញាចិត្ត មិនឱ្យប្រជាពលរដ្ឋខកចិត្ត ដើម្បីឱ្យបានឡើងថ្នាក់នៅពេលខាងមុខទៀត។ 


ទន្ទឹមនោះសម្តេចធិបតីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវបន្តគោរពនូវការទុកចិត្តរបស់ប្រជាពលរដ្ឋ នៅគ្រប់ៗអាណត្តិទាំងអស់តាមដែលអាចធ្វើបាន។ នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានភាពកក់ក្តៅ ដើម្បីឱ្យប្រទេសកាន់តែរីកចម្រើន៕





ឯកឧត្តម ស្វាយ ស៉ីថា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍


(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៉ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ ដោយស្មោះអស់ពីដួងចិត្ត។ ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ ជាអមតៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំ តាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្តពូនជ្រុំថែទាំ «សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៏ពិពាហ៍ កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំ ដូចទឹកអម្រឹត និងសូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពានកោះយ៉ ជានិមិត្តរូបមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋខេត្តកោះកុង


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ស្ពានកោះយ៉ដែលយើងសម្ពោធនៅថ្ងៃនេះ គឺជានិមិ្មតរូប និងជាឧទាហរណ៍មួយដ៏ជាក់ស្តែង នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋនៅខេត្តកោះកុងទាំងមូល។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «សំណួរសួរថា តើមានគោលនយោបាយអ្វីខ្លះ និងអនុវត្តន៍អ្វីខ្លះ?ចម្លើយគឺការដាក់ចេញគោលនយោបាយត្រឹមត្រូវ និងការអនុវត្តដោយស្មោះត្រង់ និងប្រសិទ្ធិភាព»។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១១០០០នាក់ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង»  នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។


ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយច្បាស់លាស់ ពោលគឺគោលនយោបាយបញ្ចប់សង្រ្គាម បាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ និងការបង្រួបបង្រួមជាតិទាំងស្រុង៕



ឯកឧត្តម វង្សី វិស្សុត ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍


(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួប ១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ ដោយស្មោះអស់ពីដួងចិត្ត។ ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ ជាអមតៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននឹងកំពុងបន្តនិរន្តរភាពដឹកនាំ តាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្តពូនជ្រុំថែទាំ «សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាលទាំងអស់។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៏ពិពាហ៍ កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំ ដូចទឹកអម្រឹត និងសូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវចងចាំប្រវត្តិសាស្រ្តជូរចត់ ដើម្បីកុំឱ្យសង្រ្គាមនិងការបែកបាក់ជាតិកើតឡើងម្តងទៀតនៅលើទឹកដីរបស់យើង


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១,០០០នាក់ ធ្វើឡើងនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវចងចាំប្រវត្តិសាស្រ្តជូរចត់ ដើម្បីកុំឱ្យសង្រ្គាមនិងការបែកបាក់ជាតិកើតឡើងម្តងទៀតនៅលើទឹកដីរបស់យើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចងចាំប្រវត្តិសាស្រ្តរបស់យើង ក៏ជាការលើកទឹកចិត្តឱ្យខ្មែរយើងចង់បានការរីកចម្រើន ការពារសន្តិភាព កុំឱ្យមានសង្រ្គាមកើតឡើងដូចកាលពីអតីតកាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើនទៅមុខកុំឱ្យជួបរឿងឈឺចាប់តទៅទៀតដូចកាលពីអតីតកាល៕