Friday, September 03, 2021

វិភាគអន្តរជាតិ៖ លោក ចូ បៃដិន និងអនាគតនៃនយោបាយការបរទេស របស់សហរដ្ឋអាមេរិក


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបាននិយាយថាការដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថាន គឺជាការបិទបញ្ចប់យុគសម័យនៃ ការធ្វើអន្តរាគមន៍យោធាជួយកសាងប្រទេសដទៃឡើងវិញ ហើយលោកក៏បានអំពាវនាវផងដែរឱ្យបើកទំព័រយុទ្ធសាស្ត្រថ្មីមួយសម្រាប់នយោបាយការបរទេស អាមេរិក។ ប៉ុន្តែ ការដួលរលំរបស់អាហ្វហ្កានីស្ថាន នៅតែបន្តបង្កជាការចោទសួរសំណួរជាច្រើនពាក់ព័ន្ធនឹងអនាគតរបស់លោក បៃដិន និងនយោបាយការបរទេស អាមេរិក ខណៈក្រុមអ្នករិះគន់បានចាត់ទុកថា «ភាពចលាចលនៅឯអាកាសយានដ្ឋានកាប៊ុល និងការដួលរលំយ៉ាងឆាប់រហ័សរបស់អាហ្វហ្កានីស្ថាន» គឺជាបរាជ័យដ៏ធំ របស់អាមេរិក នៅក្នុងសង្រ្គាមជាង២០ឆ្នាំ ដែលអាចនឹងក្លាយជាឧបសគ្គបង្កការរាំងស្ទះដល់ការអនុវត្តនយោបាយការបរទេសឱ្យមានប្រសិទ្ធភាព។



បើតាមក្រុមអ្នកជំនាញភាគច្រើន ការដួលរលំរបស់អាហ្វហ្កានីស្ថាននឹងមិនអាចបំផ្លាញទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តនោះទេ។ តែចង់ ឬមិនចង់ វានឹងធ្វើឱ្យ ប្រទេសដែលពឹងផ្អែកលើអាមេរិកចាប់ផ្ដើមសង្ស័យ ហើយចោទសួរខ្លួនឯងថាតើអាចជឿទុកចិត្តលើអាមេរិកថានឹងមិនបោះបង់ចោលពួកគេដូចអាហ្វហ្កានីស្ថាន ដែរឬទេ?


* អនាគតមិនច្បាស់លាស់របស់លោក បៃដិន


ការដកទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែជាការប្ដូរយុទ្ធសាស្ត្រងាកមកផ្តោតលើការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ តែវា ក៏ជាការស្វែងរកប្រយោជន៍នយោបាយនៅក្នុងស្រុកផងដែរ។ ពីព្រោះការដកកងទ័ពបិទបញ្ចប់សង្រ្គាមនៅក្រៅប្រទេសដូចជាអាហ្វហ្កានីស្ថាន គឺជាការចង់បានរបស់ ប្រជាជនអាមេរិកភាគច្រើនដែលធុញទ្រាន់នឹងសង្រ្គាម ដោយសូម្បីតែអតីតប្រធានាធិបតីអាមេរិក ២រូបគឺ លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ រួមទាំងលោក បៃដិនផ្ទាល់ ក៏បានជាប់ឆ្នោតដោយសារតែគំនិតប្រឆាំងសង្រ្គាមរបស់ពួកគេដែរ។


ប៉ុន្តែលោក ចូ បៃដិន បែរជាបាត់បង់ប្រជាប្រិយភាព និងការគាំទ្រពីប្រជាជនអាមេរិកទៅវិញ។ វាមិនមែនដោយសារតែការសម្រេចចិត្តដកទ័ពនោះទេ តែវាគឺមកពី ពួកគេយល់ថាលោក បៃដិន «ដោះស្រាយបញ្ហាមិនបានល្អ» ជាហេតុបង្កឱ្យមានភាពចលាចលនៅឯអាកាសយានដ្ឋានកាប៊ុល, ទាហានអាមេរិក ១៣នាក់ស្លាប់ក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែក និងការដួលរលំយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ បើតាមការស្ទង់មតិដឹកនាំដោយវិទ្យាសា្ថន Pew Research ចេញ ផ្សាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ប្រជាជនអាមេរិក ៥៤ភាគរយយល់ថាការសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានគឺជារឿងត្រឹមត្រូវ ខណៈ ៤២ភាគរយថាជាការសម្រេចចិត្តខុស។


ការស្ទង់មតិដដែលបានឱ្យដឹងទៀតថាប្រជាជនអាមេរិកតែ ២៧ភាគរយប៉ុណ្ណោះដែលនិយាយថាលោក បៃដិន ដោះស្រាយស្ថានការណ៍បានល្អឥតខ្ចោះ ឬល្អ ស្របពេល ២៩ភាគរយ យល់ថាយុត្តិធម៌ និង ៤២ភាគរយថា «ដោះស្រាយមិនបានល្អ»។ បន្ថែមពីលើនេះការស្ទង់មតិរបស់ទូរទស្សន៍ ABC News សហការជាមួយក្រុមហ៊ុន Ipsos ក៏បានរកឃើញដែរថាប្រជាជនអាមេរិក ៣៨ភាគរយគាំទ្រការដោះស្រាយបញ្ហារបស់លោក បៃដិន និង ៥៩ភាគរយមិនគាំទ្រ។ ពិតមែនទៅ បើតាម កិច្ចសន្ទនាតាមទូរស័ព្ទលើកចុងក្រោយកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ រវាងលោក បៃដិន និងអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ លោក បៃដិនផ្ទាល់ហាក់ដូចជាមិននឹកស្មានទាល់តែសោះថាអាហ្វហ្កានីស្ថានដួលរលំ លឿនរហ័សបែបនេះ ហើយសូម្បីតែទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិក ក៏សឹងតែមិនជឿដូចគ្នាថារឿងបែបនេះអាចកើតឡើងទៅរួច។


ទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិកធ្លាប់សន្និដ្ឋានថាអាហ្វហ្កានីស្ថាននឹងដួលរលំក្រោមដៃតាលីបង់ ក្នុងរយៈពេល ៦ខែ ក្រោយកងទ័ពអាមេរិក និង NATO ដកចេញ ហើយក្រោយមកទៀតបានប្ដូរការសន្និដ្ឋានដោយនិយាយថាទីក្រុងកាប៊ុលអាចនឹងដួលរលំក្នុងរយៈពេល៩០ថ្ងៃ។ ប៉ុន្តែមិនដល់ ១០ថ្ងៃផង អាហ្វហ្កានីស្ថានបែរជា ធ្លាក់ចូលទៅក្នុងដៃក្រុមតាលីបង់ទៅវិញ។ គេមិនទាន់អាចនិយាយបានភ្លាមៗថាតើអនាគតរបស់លោក បៃដិននឹងទៅជាយ៉ាងណានោះទេ តែអ្វីដែលគេមិនអាច ប្រកែកបាន នោះគឺថាការដួលរលំរបស់អាហ្វហ្កានីស្ថានទាំងវឹកវរ បានបង្កការឱ្យមានការសង្ស័យចំពោះសមត្ថភាពដឹកនាំរបស់លោក បៃដិនរួចទៅហើយ។ លោក បៃដិនធ្លាប់បានសន្យាថាការដកកងទ័ពអាមេរិកនឹងមិនបង្កចលាចលទេ, រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងមិនដួលរលំឡើយ ហើយពាក្យ «America is back» ដែល លោក បៃដិនតែងតែធានាចំពោះសម្ព័ន្ធមិត្ត ក៏លោកមិនទាន់អាចសម្រេចបាននោះដែរ ខណៈវិបត្តិនៅអាហ្វហ្កានីស្ថានកាន់តែធ្វើឱ្យសម្ព័ន្ធមិត្តសង្ស័យចំពោះ ការប្ដេជ្ញាចិត្តរបស់អាមេរិក។


* នយោបាយការបរទេស ដែលលែងពឹងលើការធ្វើសង្រ្គាម?


ការសម្រេចចិត្តដកកងទ័ពអាមេរិករបស់លោក ចូ បៃដិន វាមានន័យស្មើនឹងលោកយកដៃចុចលើប៊ូតង់ «reset» ឬកែប្រែទាំងស្រុងនូវនយោបាយការបរទេសរបស់សហរដ្ឋ អាមេរិក ជាមួយការបង្ហាញថាយុគសម័យសង្រ្គាមប្រឆាំងភេរវកម្ម ដែលជាកេរ្តិ៍មរតកបន្សល់ទុកដោយអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បាន «បិទបញ្ចប់» ហើយ។


នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកកាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ លោក បៃដិន បាននិយាយថាការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ក៏ជាការ បិទបញ្ចប់យុគសម័យ នៃការធ្វើអន្តរាគមន៍យោធាជួយកសាងប្រទេសដទៃឡើងវិញផងដែរ ហើយលោកបានអំពាវនាវឱ្យបើកទំព័រយុទ្ធសាស្ត្រថ្មីមួយសម្រាប់ នយោបាយការបរទេសអាមេរិក។ យុទ្ធសាស្ត្រថ្មីនេះត្រូវបានក្រុមអ្នកជំនាញហៅថា «Biden doctrine» មានគោលដៅចម្បងផ្ដោតទៅលើការប្រកួតប្រជែងជាមួយ ចិន និងដោះស្រាយការគំរាមកំហែងពីរុស្ស៊ី។ សម្រាប់លោក បៃដិន ការគំរាមកំហែងធំបំផុតដល់សន្តិសុខជាតិអាមេរិកគឺចិន និងរុស្ស៊ីដែលត្រូវផ្ដោតជាសំខាន់ ពោលគឺ មិនមែន «ក្រុមភេរវករ» ទៀតនោះទេ។


លោក បៃដិន នៅក្នុងសុន្ទរកថាដដែលបានបញ្ជាក់ថាចាប់ពីពេលនេះតទៅ នយោបាយការបរទេសអាមេរិកនៅពេលអនាគត នឹងលែងសូវពឹងផ្អែកលើសាច់ដុំយោធា ឬក៏ការធ្វើអន្តរាគមន៍យោធានិយមដូចមុនទៀតនោះទេ។ «ការសម្រេចចិត្តលើអាហ្វហ្កានីស្ថាន មិនមែនពាក់ព័ន្ធតែនឹងអាហ្វហ្កានីស្ថានតែមួយគត់នោះទេ តែវាគឺជា ការបិទបញ្ចប់យុគសម័យនៃការធ្វើអន្តរាគមន៍យោធាទ្រង់ទ្រាយធំ ដើម្បីជួយបង្កើត ឬកសាងប្រទេសដទៃ»។ នេះជាការបញ្ជាក់របស់លោក បៃដិន។


តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញនៅតែយល់ថាសហរដ្ឋអាមេរិក មិនអាចកាត់ផ្ដាច់ចេញពីនយោបាយអន្តរាគមន៍និយម ឬប្រើកម្លាំងយោធាដើម្បីសម្រេចលទ្ធផល នៃនយោបាយការទូត និងប្រយោជន៍សន្តិសុខជាតិរបស់ពួកគេនោះទេ។ ជាក់ស្ដែង ការវាយប្រហារតាមផ្លូវអាកាសលើក្រុមភេរវករ ISIS ដែលជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់ទាហានអាមេរិក ១៣នាក់នៅអាហ្វហ្កានីស្ថាន វាបានបង្ហាញថាការវាយប្រហារតាមផ្លូវអាកាសនៅតែជាជម្រើសក្នុងការប្រើប្រាស់ កម្លាំងយោធានៅពេលអនាគត ហើយអាមេរិកនៅតែត្រូវបន្តប្រយុទ្ធប្រឆាំងជាមួយពួកភេរវករនៅឯបរទេសដដែល គ្រាន់តែប្រតិបត្តិការយោធាធ្វើឡើងក្នុងទ្រង់ទ្រាយ តូចជាងមុន ឬដោយប្រើយន្ដហោះដ្រូន ឬមិនញៀននឹងការធ្វើសង្រ្គាមដូចមុនទៀតតែប៉ុណ្ណោះ។


គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការសម្រេចចិត្តបិទបញ្ចប់សង្រ្គាមនៅអាហ្វហ្កានីស្ថាន គឺជាការប្ដូរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដោយងាកមកផ្ដោតលើការ ខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី ហើយដើម្បីអាចធ្វើបែបនេះបាន អាមេរិកត្រូវការប្រមូលធនធានទាំងឡាយ ដែលខ្លួនចំណាយលើការធ្វើសង្រ្គាម នៅឯក្រៅប្រទេស មកវិញ។ នយោបាយប្រឆាំងឥទ្ធិពលចិន បានក្លាយជាស្នូលមួយដ៏សំខាន់នៃនយោបាយការបរទេសអាមេរិកនៅពេលអនាគត ដោយវាអាចបង្ហាញ បានយ៉ាងច្បាស់ តាមរយៈការបំពេញដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលអាមេរិក ក្នុងនោះរួមមានទាំងអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស មកកាន់តំបន់អាស៊ី កាលពីពេលថ្មីៗនេះ៕


ប្រភព៖ The Week, Foreign Policy (ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» រាជធានីភ្នំពេញ តាមរយៈការថតវីដេអូទុកជាមុន, ថ្ងៃទី ០៣ កញ្ញា ២០២១

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន»

រាជធានីភ្នំពេញ តាមរយៈការថតវីដេអូទុកជាមុន, ថ្ងៃទី ០៣ កញ្ញា ២០២១


ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន;

ឯកឧត្តម, លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល;

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី;

ជាបឋម, ខ្ញុំសូមសម្តែងនូវសេចក្តីរីករាយ និងត្រេកអរយ៉ាងក្រៃលែង ដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋប្រជា-មានិតចិន ដែលបានរៀបចំ វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» ដ៏មានសារៈសំខាន់នេះឡើង ។

ក្នុងបរិការណ៍ដែលពិភពលោកទាំងមូល បាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការរៀបចំវេទិកានេះ គឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នា បំភ្លេចចោលនូវបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ តាមរយៈការគិតគូរជាប់ជានិច្ច ក្នុងការស្វែងរកដំណោះស្រាយសកលរួម ។ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជាច្រើន បាននិងកំពុងគិតគូររៀបចំផែនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ, ការរៀបចំវេទិកានេះ នឹងបង្កើតជាកាលានុវត្តភាពដ៏ល្អមួយ ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាប សំដៅដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ។

ជាការពិត, បញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូល ដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស, សន្តិសុខស្បៀង, ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី   ជារួម ជាពិសេសតាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃ ជាដើម ។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឱ្យបានលឿន និងប្រកប ដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរ​ពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន» ។ ជាមួយគ្នានេះ, ការអភិវឌ្ឍថាមពលកាបូនទាប ដូចជាបច្ចេកវិទ្យាធ្យូងថ្មស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអ៊ីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ ។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន” ។ ជាក់ស្តែង, កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាព​នៃការចូលរួមចំណែករបស់ជាតិ ដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន​ប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់ ។  បន្ថែមលើនេះ, កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ ។

ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ ក្នុងន័យនេះ, ខ្ញុំសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហ-ប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ។ ខ្ញុំក៏សូមអំពាវនាវផងដែរ ឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង, ការកាត់បន្ថយការបញ្ចេញកាបូន និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប ។

ទន្ទឹមនេះ, កម្ពុជាក៏បានកត់សម្គាល់ដោយយកចិត្តទុកដាក់ផងដែរ នូវគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូននៅក្នុងប្រទេសចិន ។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារមួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។ កម្ពុជាចាត់ទុកឥណទាន​កាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍ ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យវេទិកានេះប្រព្រឹត្តទៅ ប្រកបដោយភាពជោគជ័យ និងសូមជូនពរឱ្យឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យចំពោះគ្រប់ភារកិច្ច ៕

សូមអរគុណ!