Wednesday, May 20, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណលោក ថងលុន ស៊ីសុលីត ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពមាតាក្មេករបស់លោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតថ្លែងអំណរគុណលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់លោកបានទទួលអនិច្ចកម្មកាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់នាយករដ្ឋមន្រ្តីឡាវ មានខ្លឹមសារថា « ក្រុមគ្រួសារខ្ញុំ និងខ្ញុំបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុតចំពោះមរណភាព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ ក្នុងពេលវេលាដ៏សែនសោកសៅនេះ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនសម្តេចតេជោ និងក្រុមគ្រួសារ។
ការបាត់បង់ភាព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនត្រឹមតែជាការបាត់បង់មាតាក្មេកជាទីស្រឡាញ់របស់ សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនដ៏សំខាន់មួយរូបដែលតែងតែបានលះបង់ដើម្បីក្រុមគ្រួសារនិងប្រទេសជាតិ។ ក្រុមគ្រួសារខ្ញុំ និងខ្ញុំ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេចតេជោ និងក្រុមគ្រួសារ »។
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោកបានសរសេរថា « ក្រុមគ្រួសារខ្ញុំ និងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ដែលបានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់ខ្ញុំបានទទួលអនិច្ចកម្មកាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
ពាក្យពេចន៍ពោរពេញដោយអត្ថន័យ និងសមានចិត្តចូលរួមរំលែកទុក្ខរបស់ឯកឧត្តម និងក្រុមគ្រួសារគឺពិតជាមានន័យយ៉ាងធំធេងចំពោះខ្ញុំនិងក្រុមគ្រួសារ ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ។ សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ»៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណប្រធានាធិបតីកូរ៉េខាងត្បូង ដែលផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេកលោក


(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ លោក មូន ចេ អ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាម្តាយក្មេកលោក។
សារលខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើទៅកាន់លោក មូន ចេអ៊ីន នៅថ្ងៃទី២០ ខែឧសភានេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះឯកឧត្តម ដែលបានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់របស់ខ្ញុំ បានទទួលអនិច្ចកម្មកាលពីព្រឹកព្រលឹមថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០។
ការសំដែងនូវសមានចិត្តអាណិតអាសូរបស់ឯកឧត្តម បានជួយសម្រាលទុក្ខដល់រូបខ្ញុំ ភរិយារបស់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងគ្រាដែលយើងទាំងអស់គ្នា កំពុងតែសោកសង្រេងឥតឧបមា ចំពោះការបាត់បង់ដ៏ធំធេងនេះ»
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕




ប្រធានាធិបតីកូរ៉េខាងត្បូង ផ្ញើលិខិតជូនលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ចូលរួមរំលែកមរណទុក្ខនៃមរណភាពមាតាក្មេករបស់លោក

(ភ្នំពេញ)៖ លោក មូន ចេ អ៉ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានផ្ញើលិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយលោកនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
តាមលិខិតផ្លូវការរបស់លោក មូន ចេអ៉ីន  នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខ ដោយសេចក្ដីសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះដំណឹងមរណភាពដ៏ក្រៀមក្រំ នៃមាតាក្មេករបស់សម្ដេចតេជោ។
ខ្ញុំសូមបួងសួង សូមសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនកម្ពុជា ជម្នះបាននូវមរណទុក្ខ ចំពោះការបាត់បង់បុគ្គលឆ្នើមដ៏សំខាន់មួយរូប។
ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចំពោះទំនាក់ទំនងកាន់តែស៊ីជម្រៅ របស់ប្រទេសទាំងពីរ ក្រោមចំណាប់អារម្មណ៍ដ៏វិសេសវិសាលរបស់សម្ដេចតេជោ។ ខ្ញុំសូមជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ សូមប្រកបដោយសេចក្ដីសុខចម្រើន និងសុភមង្គល និងសូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តនូវការរីកចម្រើនប្រកបដោយចីរភាព»
សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕




វីដេអូ ៖ ដំ​ណើរឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ជាតិ​ ( Marching Towards National Salvation)

សូម​ទស្សនាវីដេអូឯកសារ​ពិសេស ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ ក្រោម​ចំ​ណង​ជើងថា «  ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ»
វីដេអូនេះ​ បង្ហាញ​នូវ​វីរភាព​របស់​សម្តេច​តេជោ ហ៊ុន សែន និង​យុទ្ធមិត្ត​រួម​អាវុធរបស់​លោក ដែល​បាន​យក​អាយុជីវិត​ធ្វើ​ជា​ដើមទុន​ តស៊ូ ពុះ​ពារ​ជន្នះគ្រប់​ឧបសគ្គ​ ដើម្បី​បុព្វ​ហេតុ​សង្គ្រោះ​ជាតិមាតុភូមិ​ ចេញ​ពី​របបបន​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត រហូត​រំ​ដោះ​ប្រទេសផុត​ពី​ទុក្ខវេទនា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។