Tuesday, January 31, 2017

ប្រធាន​ក្រុម​ប្រឹក្សា​​ជាតិ​ប្រឆាំង​អំ​ពើពុក​រ​លួយ បង្ហាញ​​ពី​លទ្ធ​ផល​នៃ​កិច្ច​ប្រ​ជុំលើក​​ទី១៩​ អា​ណត្តិទី២​

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៣០ ខែមករា ២០១៧បានបើកកិច្ចប្រជុំលើកទី១៩ អាណត្តិទី២ ក្រោមអធិបតីភាព លោក តុបសំ  ប្រធានប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃអង្គប្រជុំបានឱ្យដឹងថា ក្រោយពេលបានស្តាប់របាយការណ៍របស់លោក ឳម យ៉ិនទៀង ប្រធានអង្គការភាពប្រឆាំងអំពើពុករលួយស្តីពីការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល និងការងារមួយចំនួនទៀតរួចមក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានកោតសរសើរចំពោះការងារប្រកាសទ្រព្យសម្បត្តិនិងបំណុលដើម្បីបង្ការអំពើពុករលួយ និងគាំទ្រពេញទំហឹងចំពោះវិធានការបន្តបន្ទាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស ផ្តោតលើការកាត់បន្ថយអំពើពុករលួយនៅថ្នាក់ក្រោម សំដៅលើមន្ត្រីដែលត្រូវបានតែងតាំងដោយប្រកាសមួយចំនួន។
សូមអានលម្អិតនៃសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយយនៅខាងក្រោម៖



លោក អ៊ិត សំហេង ៖ យើងទទួលបានការកោតសរសើរពីបងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋ និងមិត្តភក្តិអន្តរជាតិប្រទេសជាដៃគូអភិវឌ្ឍន៍នានា

(ភ្នំពេញ)៖ ថ្លែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ដែលសម្រេចបានឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការខិតខំប្រឹងប្រែង របស់យើងបានទទួលការកោតសរសើរពីបងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋកម្ពុជា និងពីសំណាក់មិត្តភក្តិអន្តរជាតិប្រទេសជាដៃគូអភិវឌ្ឍន៍។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្រ្តីក្រសួងការងារ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល មន្រ្តីរាជការ បុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម និងក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលបានចូលរួមចំណែកក្នុងគ្រប់សកម្មភាព និងស្មារតីធ្វើឱ្យអង្គភាពមួយនេះទទួលបាននូវលទ្ធផលគួរជាទីមោទនៈរហូតមកដល់ពេលនេះ។
លោក អ៊ិត សំហេង បានមានប្រសាសន៍បន្តថា យើងពិតជាមានមោទនភាពដែលសមាគមសន្តិសុខសង្គមអាស៊ានបានផ្តល់វិញ្ញាបនបត្រដល់បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនពីរឆ្នាំជាប់ៗគ្នា ដូចជា៖ នៅឆ្នាំ២០១៥ បានទទួលវិញ្ញាបនបត្រស្តីពីការទទួលស្គាល់ជាអង្គភាពឆ្នើមរបស់អាស៊ានខាងវិស័យសន្តិសុខសង្គម លើកិច្ចដំណើរការផ្នែកធានារ៉ាប់រងហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនៅឆ្នាំ២០១៦ យើងក៏ទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់ពីការខិតខំប្រឹងប្រែងពង្រីកដែនអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពថែមទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨-២០១៦ បេឡាជាតិរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពផ្នែកហានិភ័យការងារបានទូទាំងប្រទេស ដែលមានមន្ត្រី និងបុគ្គលិកបម្រើការងារសរុបចំនួន ៧៩២នាក់, ចុះបញ្ជិកាសហគ្រាស គ្រឹះស្ថានសរុបចំនួន ៨.៧៣១សហគ្រាស មានកម្មករនិយោជិតជាសមាជិកចំនួន ១.១៣៦.២៧១នាក់ ទទួលបានភាគទានជាង ៣៣៨ ពាន់លានរៀល, ចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងរាជធានី-ខេត្តចំនួន ៩៧មូលដ្ឋាន ដោយផ្តល់ការព្យាបាលសមាជិកជាជនរងគ្រោះដោយគ្រោះថ្នាក់ការងារសរុបចំនួន ១៣៨.៣៣៧នាក់ ក្នុងនោះ គ្រោះថ្នាក់នៅកន្លែងការងារសរុបចំនួន ១០០.៧៣៨នាក់ គ្រោះថ្នាក់ពេលធ្វើដំណើរសរុបចំនួន ៣៧.៥៦០នាក់ និងជំងឺវិជ្ជាជីវៈសរុបចំនួន ៣៩នាក់។
បេឡាជាតិរបបសន្តិសុខសង្គម ក៏បានផ្តល់តាវកាលិកហានិភ័យការងារជូនដល់សមាជិកដែលជាជនរងគ្រោះទាំងនោះ ដោយចំណាយទៅលើតាវកាលិកព្យាបាល, តាវកាលិកថែទាំ, តាវកាលិកបាត់បង់សមត្ថភាពការងារជាបណ្តោះអាសន្ន, តាវកាលិកបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍, តាវកាលិកឧត្តរជីវី, វិភាជន៍បូជាសព, តាវកាលិកអ្នកចាំថែរក្សា, សេវាបុននីតិសម្បទា បូកនិងចំណាយតាមមូលដ្ឋានសុខាភិបាលសរុបជាង ៥៦ ពាន់លានរៀល និងបានអនុវត្តសាកល្បងនូវគម្រោងធានារ៉ាប់រងសុខភាព(HIP) របស់អង្គការ GRET ដែលគ្របដណ្តប់លើសេវាព្យាបាលថែទាំវេជ្ជ សាស្ត្រ និងសេវាបញ្ជូនជនរងគ្រោះ ដែលបានបញ្ចប់ត្រឹមបំណាច់ខែ មីនា ឆ្នាំ២០១៦ ប្រកបដោយជោគជ័យ និងភាពជឿរជាក់ទាំងផ្នែកបច្ចេកទេស និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ។
បេឡាជាតិរបបសន្តិសុខសង្គម ក៏បាននិងកំពុងអនុវត្តអនុក្រឹត្យលេខ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបានរៀបចំនូវយន្តការជាច្រើនដូចជា៖ ការទូទាត់សេវា, កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស និងមូលដ្ឋានសុខាភិបាល, ការកំណត់ដំណាក់កាល និងកាលបរិច្ឆេទនៃការអនុវត្តរបបសន្តិសុខសង្គម, តាវកាលិកថែទាំសុខភាព, ការកំណត់អត្រាភាគទាន និងបែបបទនៃការបង់ភាគទាន, បញ្ជីជំងឺរ៉ាំរ៉ៃនៅក្នុងរបបសន្តិសុខសង្គម, និងការចុះបញ្ជិកាកម្មករនិយោជិតក្នុងបេឡាជាតិរបបសន្តិសុខសង្គម បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ ដោយផ្តោតលើវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលមានសមាជិកប្រមូលផ្តុំច្រើនបានចំនួន ៦០៣សហគ្រាស ស្មើនឹង ៦០% និងមានកម្មករនិយោជិតចំនួន ៦០០.៨៣១នាក់ ស្មើនឹង ៧២% និងបានដាក់ឱ្យជាប់ភាគទានចំនួន ៣៤៥ សហគ្រាស ក្នុងនោះសហគ្រាសដែលបានបង់ភាគទានចំនួន ៣១២សហគ្រាស មានកម្មករនិយោជិតចំនួន ២៨២.៧២៧នាក់ ទទួលបានភាគទានសរុបចំនួន ១៦.៧៦៨ លានរៀល និងបានចុះកិច្ចព្រមព្រៀងមូលដ្ឋានសុខាភិបាលទូទាំងរាជធានី-ខេត្តបានចំនួន ៧៨៣មូលដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិចំនួន ០៣មូលដ្ឋាន មន្ទីរពេទ្យបង្អែកចំនួន ១០០មូលដ្ឋាន និងមណ្ឌលសុខភាពចំនួន ៦៨០មូលដ្ឋាន។
សមាជិកប្រើប្រាស់សេវាបាន គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ១៦.០៦៣នាក់។
បេឡាជាតិរបបសន្តិសុខសង្គម ក៏បាននិងកំពុងជំរុញការរៀបចំ និងដាក់ឱ្យដំណើរការរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិតឆ្នាំ២០១៧ ខាងមុខ ដើម្បីបង្ហាញឱ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះអនាគតនៃកម្លាំងពលកម្មយ៉ាងសកម្មនាពេលបច្ចុប្បន្ន និងម្យ៉ាងទៀតក៏ជាការរួមចំណែកលើកកម្ពស់ផលិតភាពផងដែរ ព្រោះថាតាមរយៈយន្តការនេះ កម្មករនិយោជិត ដែលជាកម្លាំងពលកម្មសកម្មនឹងមានភាពកក់ក្តៅក្នុងចិត្តចំពោះអនាគតរបស់ខ្លួន ទោះបីជាកំពុងធ្វើការក្នុងវិស័យឯកជនក្តី ក៏អាចមានលទ្ធភាពរស់នៅដោយខ្លួនឯងបាននៅពេលជរាភាព ដោយមិនអាស្រ័យទាំងស្រុងលើការចិញ្ចឹមជីវិតពីកូនចៅនោះឡើយ ដែលចំណុចនេះគឺជាផ្នែកមួយលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ជនចាស់ជរា។
លើសពីនេះ រាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត និងសេចក្តីជឿជាក់ទាំងស្រុង ចំពោះសមិទ្ធផលកន្លងមករបស់បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលការណ៍នេះហើយ ទើបរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចឱ្យបេឡាជាតិរបបសន្តិសុខសង្គម រៀបចំរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលកំណត់ដោយព្រះរាជក្រឹត្យ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដើម្បីឱ្យបេឡាជាតិរបបសន្តិសុខសង្គមជាប្រតិបត្តិករដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការនេះ។
ជារួម បច្ចុប្បន្នមន្រ្តីសាធារណៈ ឬ កម្មករ និយោជិតនោះឡើយ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នាៗ។ ថ្ងៃអនាគតបងប្អូនប្រជាពលរដ្ឋទូទៅ នឹងមានការធានារ៉ាប់រងដោយរបបសន្តិសុខសង្គមទាំងអស់គ្នាស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមគោលនយោបាយរបស់រាជរដ្ឋភិបាលកម្ពុជា៕



អំពើពុក​រលួយ​កំពុង​តែធ្វើឱ្យ​អាស៊ាន​ដើរថយ​ក្រោយ

អំពើពុករលួយកំពុងតែរារាំងដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៅអាស៊ាន។ សន្និសីទមួយនៅទីក្រុងបាងកកកំពុងស្វែងរកការដោះស្រាយលើបញ្ហានេះ។
អំពើពុករលួយដែលចាក់ឬសចាក់គុល និងកើតមានពាសពេញទីកន្លែងនោះ បានបង្កឱ្យក្លាយជាឧបសគ្គមួយដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតំបន់អាស៊ាន។ យោងតាមសន្ទស្សន៍ពុករលួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា នៅមានដំណើរការតិចតួចក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងតំបន់ អំឡុងពេលប្រាំឆ្នាំចុងក្រោយនេះ។ អំពើពុករលួយនៅតែរីករាលដាលក្នុងកម្រិតខ្ពស់មួយនៅក្នុងបណ្តាប្រទេសជាច្រើនរបស់អាស៊ាន។
ហានិភ័យនេះ បានបង្កគ្រោះថ្នាក់ដល់សមត្ថភាពរបស់ប្រទេសក្នុងតំបន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស  ហើយអាចគាំទ្រដល់ការវិនិយោគ ដែលប៉ះពាល់ទាំងនីតិរដ្ឋ និងគុណភាពសេវាកម្ម ដែលបានផ្តល់ឱ្យប្រជាជន។ ករណី Rolls Royce នៅក្នុងប្រទេសថៃ គឺជាឧទាហរណ៍មួយស្រាប់។ ករណីនេះបានពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីការស៊ីសំណូកសូកប៉ាន់រវាងមន្រ្តីរដ្ឋាភិបាល ជាមួយនឹងនិយោជកក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្នុងការធានាឱ្យទទួលបាននូវកិច្ចសន្យារមួយ ដែលមានតម្លៃរាប់លានដុល្លារសម្រាប់ក្រុមហ៊ុនពហុសាសន៍អង់គ្លេស។
ក្នុងពេលជាមួយគ្នានោះ ការពន្លឿនសមាហរណកម្មសេដ្ឋកិច្ច ការបង្កើនទំហំពាណិជ្ជកម្ម និងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ឡើង។ តាមភស្តុតាងបានបង្ហាញថា អំពើពុករលួយគឺជាកម្លាំងជំរុញដ៏ធំមួយនៃសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងកាត់ប្រទេសដែលបានរៀបចំទុកនៅតំបន់អាស៊ីអាគ្នេយ៍។ យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ទីផ្សារខុសច្បាប់នៅអាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក ដូចជា ទំនិញក្លែងក្លាយ ការជួញដូរឈើប្រណិតខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងជនអន្តោប្រវេសន៍ខុសច្បាប់ បានដំណើរការដែលមានទំហំទឹកប្រាក់ប្រមាណជា ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការកើនឡើងនៅក្នុងវិស័យពាណិជ្ជកម្ម និងលំហូររូបិយវត្ថុ និងប្រជាជនដោយសេរីឆ្លងកាត់ព្រំដែន ដែលកើតចេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ ក៏អាចធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ ព្រមទាំងបង្កើនវិសាលភាពនៃអំពើពុករលួយកាន់តែធំផងដែរ។
ឧបសគ្គទាំងនេះ ទាមទារឱ្យមានការឆ្លើយតបស្របគ្នាមួយនៅកម្រិតជាតិ កម្រិតតំបន់ និងកម្រិតពិភពលោក។ សន្ធិសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ UNCAC ដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសទាំងអស់នៅក្នុងតំបន់ បានផ្តល់នូវមធ្យោបាយដ៏ទូលំទូលាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក៏ប៉ុន្តែ ដើម្បីឱ្យមានប្រសិទ្ធភាព វាត្រូវតែអនុវត្តឱ្យបានច្បាស់លាស់តាមរយៈយុទ្ធសាស្រ្តដែលរៀបចំទុក តាមរយៈបទបញ្ញត្តិ និងកំណែទម្រង់ផ្សេងៗទៀតនៅកម្រិតជាតិ។
ដើម្បីទប់ស្កាត់បញ្ហានេះ ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតចេញពីទូទាំងប្រទេសអាស៊ីអាគ្នេយ៍ នឹងចូលរួមប្រជុំគ្នានៅទីក្រុងបាងកក ដើម្បីកំណត់អំពីបញ្ហាដែលទទួលរងនូវការគាបសង្កត់ខ្លាំងបំផុត ដើម្បីធ្វើអន្តរាគមន៍នៅកម្រិតជាតិ និងកម្រិតតំបន់ និងដើម្បីបង្កើតនូវផែនការយុទ្ធសាស្រ្តមួយប្រឆាំងនឹងអំពើពុករលួយនៅអាស៊ានរហូតដល់ឆ្នាំ ២០២០។ នេះគឺជាដំណើរការដ៏ធំមួយ ក៏ប៉ុន្តែ កត្តាដែលសំខាន់បំផុតនេះ គឺថាតើប្រទេសក្នុងតំបន់អាចអនុវត្តផែនការយុទ្ធសាស្រ្តនេះឱ្យមានប្រសិទ្ធភាពដោយរបៀបណា។
ការពិនិត្យពិច្ច័យនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅប្រទេសអាស៊ានមួយចំនួន ដែលគ្របដណ្តប់ទៅលើបញ្ហាសំខាន់ៗមួយចំនួន ចេញពីការដាក់អំពើពុករលួយជាបទឧក្រិដ្ឋទៅជាកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងចំណោមអជ្ញាធរអនុវត្តច្បាប់នោះ បានបង្ហាញអំពីកំហុសឆ្គងជាច្រើននៅក្នុងប្រព័ន្ធប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងតំបន់ ដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកំណត់ការជះឥទ្ធិពលនៃបាតុភូតនេះ។
នេះគឺជាបញ្ហាធំមួយសម្រាប់អ្នកវិនិយោគបរទេស ពីព្រោះពួកគេត្រូវតែប្រកួតប្រជែងប្រឆាំងនឹងក្រុមហ៊ុន ដែលកន្លងមក មិនបានទទួលខុសត្រូវលើការសូកប៉ាន់មន្រ្តីសាធារណៈដើម្បីទទួលបានកិច្ចសន្យារ។ ការប្រមូលព័ត៌មាន និងភស្តុតាងអំពីករណីពុករលួយនៅតែជាបញ្ហា ដោយសារតែប្រជាជន ដែលបានដឹងពីបញ្ហាពុករលួយ មិនសូវអើពើ ហើយមិនសូវផ្តល់ដំណឹងដល់អជ្ញាធរទេ។
ជាងនេះទៅទៀត យើងដឹងថា ដំណើរការនៃអំពើពុករលួយ ជាញឹកញាប់បានលាងលុយនៅបរទេស។ តំបន់អាស៊ីអាគ្នេយ៍បានបាត់បង់ទឹកប្រាក់ប្រមាណជា ២១០ ពាន់លានដុល្លារ នៅក្នុងលំហូរចេញហិរញ្ញវត្ថុខុសច្បាប់ចាប់តាំងពីឆ្នាំ ២០០៤ មក នេះបើយោងតាម អង្គការសិក្សាស្រាវជ្រាវផ្នែកហិរញ្ញវត្ថុពិភពលោក ដែលមូលដ្ឋាននៅសហរដ្ឋអាមេរិក៕
ប្រភព : The Diplomat ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧

បទយក​ការណ៍​​ស្តីពី ការរៀប​ចំ​ខ្លួន​ចូល​​ទីផ្សារ​​ការ​ងារ​​ប្រកប​​ដោយ ប្រសិទ្ធភាព​សម្រាប់​​និស្សិត នៃសាកល​​វិទ្យាល័យ​​វេសស្ទើន (western) វគ្គ២២០

កម្ពុជា-កូរ៉េ ចុះហត្ថ​លេខាលើ​កិច្ច​សម្រប​សម្រួល​ផ្តល់កម្ចី​សម្បទាន​ចំនួន​ពីរ មាន​ទឹក​ប្រាក់​សរុបជាង៤០០លានដុល្លារអាមេរិក

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានិងលោក គីម វ៉នជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានចុះហត្ថលេខាលើឯកសារចំនួនពីររួមមាន«កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច» និង«កិច្ចសម្របសម្រួលស្តីពីការផ្តល់ឥណទានសម្បទានសម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨» នាទីស្តីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកឯកអគ្គរដ្ឋទូតសាធារណកូរ៉េបានមានប្រសាសន៍ថា កម្ពុជាគឺជាដៃគូអាទិភាពមួយរបស់សាធារណរដ្ឋកូរ៉េក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។ លោកសង្ឃឹមថា កម្ចីសម្បទានទាំងនេះនឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែមានការរីកចម្រើននាពេលបច្ចុប្បន្នហើយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េសន្យាថានឹងបន្តជួយដល់កម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា កិច្ចសម្របសម្រួលក្របខ័ណ្ឌ «ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦ដល់២០១៨» ដែលមានទឹកប្រាក់ចំនួន៣៥០លានដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក នៅកម្ពុជា។ រីឯកិច្ចសម្របសម្រួល«ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨» ដែលមានទឹកប្រាក់ចំនួន៦៧ ៤៣៤ ០០០ ដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់ដើម្បីធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងពីស្រុកស្រែអំបិលទៅកាន់ខេត្តកោះកុង។ ការធ្វើឱ្យប្រសើរឡើងនេះនឹងសម្រួលថែមទៀតដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាទំនិញនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន បានបញ្ជាក់ផងដែរថា ប្រាក់កម្ចីនៃកិច្ចសម្របសម្រួលរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦ដល់២០១៨ មានកំណើនលើសពីរដង ពីកិច្ចសម្របសម្រួលក្របខ័ណ្ឌកន្លងមក (២០១៣-២០១៦) ដែលមានចំនួន២០០លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលប្រាក់កម្ចីសម្បទានលើកនេះមានរហូតដល់ទៅប្រមាណ៤១៧លានដុល្លារអាមេរិក
។ លោកថា ការកើនឡើងនេះគឺជាសក្ខីកម្មនៃការបន្តប្តេជ្ញាចិត្តនិងការគាំទ្ររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនិងការធ្វើឱ្យប្រសើរឡើងដល់សុខមាលភាពប្រជាជន។
លោក ប្រាក់ សុខុន បានបន្ថែមទៀតថា ឆ្នាំ២០១៧នេះ កម្ពុជានិងសាធារដ្ឋកូរ៉េនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃទំនាក់ទំនងការទូត ដោយលោកសង្ឃឹមថា ប្រទេសទាំងពីរនឹងប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការផ្លែផ្កាសម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រទេសនិងប្រជាជនទាំងពីរ៕

បែកធ្លាយទៀតហើយ សង្រ្គាមដណ្តើមមុខតំណែង របស់គណបក្សសង្រ្គោះជាតិ នៅខេត្តស្វាយរៀង

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ គណនីហ្វេសប៊ុកឈ្មោះ សី ហា បានបន្តបង្ហោះផ្សាយពីការបែកបាក់នៅក្នុងផ្ទៃក្នុងបក្សប្រឆាំង នៅខេត្តស្វាយរៀង ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
«បែកខ្ទេចនៅស្វាយរៀងទៀតហើយ សង្គ្រាមដណ្តើម មុខតំណែង បេក្ខជនលំដាប់លេខរៀងរបស់គណបក្សសង្គ្រោះជាតិ បានផ្ទុះឡើងហើយ អត់មានសង្គ្រាម ជួយទប់ស្កាត់ភាពក្រីក្រប្រជាជនទេ មានតែសង្គ្រាមដណ្តើមអំណាចគ្នា នេះមិនទាន់បានអំណាចផងប៉ុណ្ណឹងហើយ រវាងមិនទុកចិត្តគ្នាចុះទម្រាំបានអំណាចទៀត ប្រទេសជាតិ ពិតជារលាយរលត់ ដោយសារបក្សសង្គ្រោះជាតិនេះ ជៀសមិនរួចពីការកើតសង្គ្រាម ដោយដណ្តើមអំណាចគ្នាយ៉ាងពិតប្រាកដ សូមបងប្អូនកូនចៅតាមមើលឱ្យច្បាស់កុំដេកមើលតែមួយជ្រុងប្រយ័ត្នគ្រោះថ្នាក់ដល់សង្គមជាតិ និងខ្លួនឯង។
CNRP ល្មមភ្ញាក់ខ្លួននៅ? សកម្មជន CNRP ភ្ញាក់ខ្លួនបណ្តើរៗ នៅខេត្តស្វាយរៀង ដែលទទួលរងភាពអយុត្តិធម៌ ក្នុងការរៀបចំបេក្ខជន ក្រុមប្រឹក្សា ឃុំ សង្កាត់ ពីសំណាក់លោក អ៊ូ ច័ន្ទឬទ្ធិ និងលោក គង់ សភា កំពុងក្រោកឡើងបះបោរ។ នៅក្រុងបាវិត លោក ប៉ែន កុសល តំណាងឱ្យសកម្មជន CNRP គ្រោងដឹកនាំកម្លាំង ទំលាក់ស្លាកគណបក្សសង្គ្រោះជាតិ នៅក្រុងបាវិតចោល ហើយពួកគេបាន និងកំពុងរៀបចំបដា ដោយមានការចូលរួមទាំង៦ស្រុក និង២ក្រុង នៃខេត្តស្វាយរៀង ឡើងមកតវ៉ានៅទីស្នាក់ការបក្សសង្គ្រោះជាតិឆាប់ៗនៅពេលខាងមុខ។
ស្ដីពីការបោះឆ្នោតស្ទាបស្ទង់របស់គណបក្សសង្គ្រោះជាតិព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ។
*អំពីមូលហេតុនៅពេលកំពុងរាប់សន្លឹកឆ្នោតរកសំឡេងគាំទ្រ
បេក្ខជនរបស់ខ្លួនមានករណីឈ្លោះប្រកែកគ្នារវាងលោក ប៉ែន កុសល ជាប្រធានគណៈប្រតិបត្តិក្រុងបាវិត និងបេក្ខជនដែលគាំទ្រក្រុមលោក នង ឡេង ជាជំទប់ទី២គណបក្សសង្គ្រោះជាតិសង្កាត់បាវិត និងសកម្មជនផ្សេងទៀត បានមកដល់កន្លែងធ្វើកម្មវិធីនិងរករឿងគ្នាអំពីការដាក់លេខរៀងបេក្ខជន ហើយបានឈ្លោះប្រកែកថា ក្រុមលោកឯងនេះធ្វើខុសច្បាប់លំអៀងបក្សពួកនិយម រើសអើងធ្វើតាមតែអំពើចិត្តនេះជាសំដីលោក ប៉ែន កុសល មិនតែប៉ុណ្ណោះលោក ប៉ែន កុសល បានពោលពាក្យថា ធ្វើអីម្ដេចមិនប្រាប់ខ្ញុំឱ្យដឹងផង ឥឡូវលោកមិនសុខចិត្ត និងប្ដឹងក្រុមខាងម្ខាងទៀតដែលមានឈ្មោះលោក យិន ធាវី ព្រមទាំងបេក្ខជនឈរឈ្មោះដែលបោះឆ្នោតព្រឹកមិញ ។
សូមបញ្ជាក់ថា កាលដែលឈ្លោះប្រកែកគ្នានោះ អ្នកតំណាងរាស្ត្រទាំងពីរនាក់ ក៏នៅក្នុងនោះដែរ និងគណៈប្រតិបត្តិខេត្ត ប៉ះសំដីធ្ងន់ៗជាមួយលោក ប៉ែន កុសល និងអ្នកដែលគាំទ្រខាងលោក ប៉ែន កុសល និង ក្រុម នង ឡេង»៕

ក្រសួង​បរិស្ថាន បើក​កិច្ច​ប្រជុំ​ពិភា​ក្សា ដើម្បី​ស្វែងរ​កដំណោះ​ស្រាយលើផល​ប៉ះពាល់​ផ្ទៃអា​ងស្តុកទឹ​កអូរខៃ​ដន

ខេត្តបន្ទាយមានជ័យ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយលើផលប៉ះពាល់ផ្ទៃអាងស្តុកទឹកអូរខៃដន ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខេត្ត អភិបាលក្រុងប៉ោយប៉ែត មន្ត្រីក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនអានកូវ៉ធើស៊ូផ្លាយ មន្ទីរជំនាញជុំវិញខេត្ត ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សរុបចំនួន៦៨នាក់។
សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីរួមគ្នាស្វែងរកដំណោះស្រាយឱ្យបានសមស្រប ឆ្លើយតបតម្រូវការចំពោះមុខរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុងប៉ោយប៉ែត និងប្រជាកសិករក្នងតំបន់ប៉ោយប៉ែត ក៏ដូចជាបម្រើឱ្យវិស័យសេវាកម្មមួយចំនួនទៀត សំដៅធានាឱ្យបាននូវគុណភាពបរិស្ថាន ការអភិវឌ្ឍដោយចីរភាព និងការរស់នៅដោយសុខដុមរមនា។
លោករដ្ឋមន្ត្រីបានបញ្ជាក់នូវជំហររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាបញ្ហាដើម្បីឧត្តមប្រយោជន៍របស់ជាតិ មាតុភូមិ និងប្រជាជន។ លោករដ្ឋមន្ត្រីបានស្នើឱ្យគណៈអភិបាលខេត្ត ១-សិក្សាកំណត់តំបន់និងប្រភេទឧស្សាហកម្ម ដែលមានលក្ខណៈសមស្របនឹងសក្តានុពលតំបន់ ២-សហការជាមួយអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងក្រសួងធនធានទឹកនិងឧតុនិយម ក្នុងការសិក្សារៀបចំផែនការស្តារអាងធម្មជាតិ សម្រាប់ស្តុកទឹកឱ្យបានត្រឹមត្រូវតាមផែនការអភិវឌ្ឍន៍ខេត្ត និងស្របតាមបទដ្ឋានបច្ចេកទេស ៣-សហការជាមួយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ក្នុងការជួយរៀបចំផែនការអភិវឌ្ឍដំណាំកសិកម្មជុំវិញអាង និងប្រែក្លាយតំបន់អាងស្តុកទឹកឱ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយសោភណភាព និងមានបរិស្ថានល្អស្អាត។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីភាពចាំបាច់និងអត្ថប្រយោជន៍នៃការរៀបចំតំបន់អាងស្តុកទឹកនេះឱ្យមានលក្ខណៈជាតំបន់ដីសើម ដែលមានមុខងារជារបៀងអភិរក្សជីវៈចម្រុះផងដែរ៕



ក្រសួង​សាធារណ​ការ​ប្រកាស​ដាក់​ឱ្យដំ​ណើរការ ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មចុះ​បញ្ចីយាន​ជំនិះ ​ត្រួត​ពិនិត្យលក្ខណៈបច្ចេក​ទេស​យាន​ជំនិះ ផ្តល់​បណ្ណ​បើកប​រយានយន្ត

ភ្នំពេញ៖ ក្រសួងសាធារណការ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ចីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់បណ្ណបើកបរយានយន្ត និងកម្មវិធីស្វែងយល់អំពីទ្រឹស្តីនៃការបើកបរ លើទូរស័ព្ទ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនេះបានប្រព្រឹត្តិទៅក្រោមធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ចីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់បណ្ណបើកបរយានយន្តនេះគឺដើម្បីធ្វើឱ្យការផ្តល់សេវាកម្មចាំបាច់របស់ក្រសួងសាធារណការជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងកាន់តែឆាប់រហ័ស។ កន្លងមក ការផ្តល់សេវាកម្មទាំងនេះមានភាពយឺតយាវ និងការចំណាយក្រៅផ្លូវការធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ដូច្នេះសេវាកម្មអនឡានថ្មីទាំងនេះនឹងកាត់បន្ថយការចំណាយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋ។
តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មដែលត្រូវបានសម្ពោធនេះ ចាប់ពីពេលនេះតទៅ សាធារណជនអាចចុះបញ្ជីយានជំនិះដោយខ្លួនឯង ឬនៅហាងលក់យានជំនិះ ណាត់កាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរយានយន្តតាមរយៈគេហទំព័ររបស់ក្រសួងសាធារណការ។ ក្រៅពីនេះ ប្រសិនបើត្រូវការជំនួយក្នុងការរៀនទ្រឹស្តីនៃការបើកបរ ក៏ ទាញយកកម្មវិធីពី App Store និង Play Store ដោយឥតគិតថ្លៃផងដែរ។
បើតាមលោកចាន់ តារាអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃ ក្រសួងសាធារណការបានថ្លែងនាឱកាសនោះបានឱ្យដឹងថា មកដល់ពេលនេះ មានយានយន្តជាង៣លានគ្រឿងត្រូវបានចុះបញ្ជី, ផ្តល់បណ្ណបើកបរចំនួនជាង១លាន ។ ចំណែកយាន្តជំនិះបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្ត គិតជាមធ្យមក្នុងមួយឆ្នាំៗ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះមាន២៣៩១២៦គ្រឿង ហើយចំនួននេះ នឹងត្រូវកើនឡើងជាលំដាប់៕



ឆ្នាំ២០១៧នេះ បក្សប្រឆាំង នឹងជួបវិបត្តិវេទនាជាងកាលពីឆ្នាំ២០១៦ទៅទៀត

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ គណនីហ្វេសប៊ុកឈ្មោះ សី ហា បានបន្តបង្ហោះផ្សាយវិបត្តិដែលកំពុងកើតឡើងនៅក្នុងបក្សប្រឆាំង ដោយសារការរំលោភវប្បធម៌សន្ទនា ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
«ដូចការរំពឹងទុកមកអញ្ចឹង គឺថា វប្បធម៌សន្ទនា ហ៊ុនសែន/កឹមសុខា គឺពិតជាមានអាយុខ្លីណាស់។ រឿងកន្លងហួស យើងមិនចង់រំលឹកឡើងវិញនោះទេ យើងសូមនិយាយពីអនាគតរបស់បក្សប្រឆាំងក្នុងឆ្នាំ២០១៧នេះ។ បក្សប្រឆាំងវានឹងរងនូវការជួបវិបត្តិសារជាថ្មីម្តងទៀត វេទនាជាងកាលពីឆ្នាំ២០១៦ទៅទៀត។ អាចនឹងមានការរឹបអូសឡាយឡុងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មេបក្សនិងរងបក្ស ដើម្បីសងបំណុលច្បាប់ទៀតផង គឺលេងមែនទែនហើយ លែងយោគយល់ហើយ នោះគឺមកពីអស់លោកក្បត់ពាក្យសន្យា ដែលថានឹងទាត់សមរង្សីចោល។
អ្នកក្រឡិចក្រឡុច គឺអ្នកនយោបាយហ្នឹងហើយ តែពេលខ្លះយើងក៏ទាមទារនូវសភាវគតិស្មោះត្រង់ខ្លះដែរ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ លោក កឹម សុខា អាចនឹងរងបណ្តឹងជាច្រើនបន្ថែមទៀត លោក សម រង្សី ក៏ដូចគ្នា ព្រោះថាស្រុកខ្មែរគ្មានអ្នកទោសនយោបាយនោះទេ តែយើងមានអ្នកនយោបាយបំពានច្បាប់។
យើងជាពលរដ្ឋមិនចង់ឃើញអ្នកនយោបាយខ្មែរឈ្លោះគ្នានោះទេ យើងចង់ឃើញស្នាមញញឹមរបស់ខ្មែរ តែលោក សម រង្ស៊ី ដូចជាឃោរឃៅពេកហើយ ចំពោះជាតិខ្មែររបស់យើង។ លោកតែងតែតាមខាំ មិនលើកលែងឱ្យខ្មែរបានសុខស្រួលនោះទេ យើងនៅមានវិធីមួយទៀតគឺ កំណត់សញ្ជាតិតែមួយសម្រាប់នាយករដ្ឋមន្ត្រីខ្មែរ»៕

ក្រុម​គម្រោង​អភិរក្ស​ប្រាសាទព្រះ​ពិធូរបណ្តុះ​បណ្តាល​បុគ្គលិក​ជំនាញនៃ​អាជ្ញាធរជាតិ​អប្សរាពីរ​បៀប​ប្រើប្រាស់​ឧបករណ៍ស្ទង់​រចនាសម្ព័ន្ធ​ប្រាសាទ​ក្រោមដី

កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ក្រុមគម្រោងអភិរក្សប្រាសាទព្រះពិធូរ KCHF (Korean Cultural Heritage Foundation) របស់សាធារណរដ្ឋកូរ៉េ និងប្រើប្រាស់ឧបករណ៍ទំនើបមួយចំនួន ដើម្បីវាស់ស្ទង់រចនាសម្ព័ន្ធប្រាសាទក្រោមដីក្នុងដំណើរការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរនាពេលខាងមុខ។ មុននឹងឈានដល់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ជាផ្លូវការ KCHF បានបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន១០រូប ដែលអាជ្ញាធរជាតិអប្សរាឲ្យចេះប្រើប្រាស់ឧបករណ៍ទាំងនេះ។
លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោងបានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍វាស់ស្ទង់រចនាសម្ព័ន្ធប្រាសាទក្រោមដីនេះ គឺដើម្បីសិក្សាអំពីស្រទាប់ដី និងរចនាសម្ព័ន្ធក្រោមដីដែលភ្នែកធម្មតាមិនអាចមើលឃើញ។ “ឧបករណ៍នេះមានភាពសុក្រឹត្យ ហើយវាមិនបង្កបញ្ហាណាមួយដល់រចនាសម្ព័ន្ធរបស់ប្រាសាទ តែវាអាចផ្តល់ទិន្នន័យដល់យើងក្នុងការងារស្រាវជ្រាវចងក្រងឯកសារសម្រាប់ការងារជួសជុល។
បើទិន្នន័យបង្ហាញថា ចំណុចណាមួយមានបញ្ហាយើងនឹងធ្វើកំណាយ តែនឹងធ្វើទៅលើចំណុចនោះប៉ុណ្ណោះ មិនចាំបាច់ធ្វើទូទៅទេ”។
លោក Jiseo បន្ថែមថា ទីនេះជាតំបន់បេតិកភណ្ឌពិភពលោក ការស្រាវជ្រាវ អភិរក្សជួសជុល គឺត្រូវប្រាកដថា បានលើកតម្លៃបេតិកភណ្ឌ និងមិនប៉ះពាល់ដល់ផ្នែកបុរាណវិទ្យា។ ឧបករណ៍ទាំងនេះត្រូវបានអនុញ្ញាតដោយអ្នកជំនាញនៃអាយស៊ីស៊ីអង្គរ ហើយយើងបណ្តុះបណ្តាលឲ្យអ្នកជំនាញខ្មែរ អាចប្រើប្រាស់បានដោយខ្លួនឯងថែមទៀត ដើម្បីបន្ថែមជំនាញដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។
លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះបញ្ជាក់ថា សម្ភារៈដែលប្រើប្រាស់នេះអាចជួយការងារច្រើនដល់អ្នកបុរាណវិទ្យាមុននឹងឈាន ដល់ការបើកកំណាយកន្លែងណាមួយ។
លោកបញ្ជាក់ថា ការធ្វើកំណាយពិតជាមានសារៈសំខាន់ សម្រាប់ការងារស្រាវជ្រាវចងក្រងឯកសារផ្នែកបុរាណវិទ្យាមុននឹងចាប់ផ្តើមជួសជុល។ ឧបករណ៍នេះនឹងជួយប្រាប់យើងនូវព័ត៌មានជាច្រើនដែលកប់ក្នុងដី តែបើរចនាសម្ព័ន្ធណាមួយដែលមានបញ្ហា យើងត្រូវតែបើកកំណាយដដែល ដើម្បីពិនិត្យឲ្យច្បាស់លាស់ និងសិក្សាពីមូលហេតុផ្សេងៗដែលនាំឲ្យមានបញ្ហាជាដើម។
សូមបញ្ជាក់ថា ទន្ទឹមនឹងការងារអភិរក្សជួសជុលគម្រោង KCHF ក៏ដូចជាគម្រោងអន្តរជាតិផ្សេងៗទៀតដែរ តែងបណ្តុះបណ្តាលមន្ត្រី ជំនាញខ្មែរជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាព។
តាមរយៈសកម្មភាពនេះ អ្នកជំនាញខ្មែរបានកើនឡើងពីមួយជំនាន់ទៅមួយជំនាន់ រហូតអាចកាន់ការងារស្រាវជ្រាវ អភិរក្សជួសជុលដោយខ្លួនឯងបានទៀតផង។
កាលពីកិច្ចប្រជុំ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរកន្លងទៅថ្មីៗនេះសហប្រធាននៃប្រទេសបារាំង ក៏ដូចជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានកោតសរសើរ ដល់មន្ត្រីជំនាញវ័យក្មេងជាច្រើនរូបនៃអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថភាពគ្រប់គ្រាន់អាចកាន់ការងារបានដោយខ្លួនឯងទៀតផង៕



កម្ពុជា-កូរ៉េ ចុះហ​ត្ថលេខា​រួមគ្នា​លើគ​ម្រោង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច និង​លើក​កម្ពស់​ផ្លូវជាតិ​លេខ​៤៨

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣០ មករានេះ បានបញ្ជាក់ ថា កម្ពុជា-កូរ៉េ នឹងចុះហត្ថលេខា ការផ្តល់ឥណទានសម្បទាន នៃមូល និធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ និងការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់ គុណភាព ផ្លូវជាតិ លេខ៤៨ ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស បានលើកឱ្យដឹងថា ឯកសារទាំងពីរនោះ នឹងចុះហត្ថលេខា រវាងលោករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅ ទីស្តីការក្រសួងការបរទេស៕

ប្រធា​នរដ្ឋស​ភា៖ អភិបាល​កិច្ចក្នុង​ជួរមន្ត្រី​សង្ឃ ត្រូវ​ផ្សារ​ភ្ជាប់​និងប​ច្ចេកវិទ្យាទំ​នើប​

ភ្នំពេញ៖ លោក ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ស្របទៅនឹងការរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា នៅមានបញ្ហាមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ជាពិសេសការពង្រឹងលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្ត្រីសង្ឃត្រូវផ្សារភ្ជាប់និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ ដោយឈរលើទស្សនថា ព្រះពុទ្ធសានាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ធានាបាននូវសាមគ្គីភាព ក្នុងពុទ្ធសាសនិកជនជាប្រការសំខាន់បំផុត។
លោក ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងយ៉ាងដូច្នេះនៅក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥ ក្រោមកិច្ចសហការរៀបចំដោយក្រសួងធម្មការ និងសាសនា ជាមួយគណៈសង្ឃនាយក នៅថ្ងៃទី៣០ ខែមករានេះ នៅសាលសន្និសីទចតុមុខ ដែលពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត តំណាងអង្គទូតនានា និងពុទ្ធបរិស័ទនៃសាសនិកសាសនា ឥស្លាមសាសនា គ្រឹះសាសនា និងសាសនាដ៏ទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិសរុបប្រមាណ ៧០០អង្គ/នាក់។
លោក ហេង សំរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែកបាក់ក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា។
លោកបន្តថា អាស្រ័យដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ដែលរហូតមកទល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជាមានវត្តចំនួន ៤.៨៧២វត្ត ក្នុងនោះវត្តគណៈមហានិកាយមាន ៤.៦៥៦វត្ត និងវត្តគណៈធម្មយុត្តិកនិកាយ ២១៦វត្ត និងអាស្រម ១២២ សរុបព្រះសង្ឃទាំងអស់មានចំនួន ៦៩.១៩៩អង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយ ៦៤.៤០៧អង្គ និងគណៈធម្មយុត្តិកនិកាយចំនួន ៤.៧៩២អង្គ។
លោកប្រធានក៏បានកោតសរសើរផងដែរ ចំពោះសាសនិក ទាំងបព្វជិត ទាំងក្រហស្ថ ដែលខិតខំប្រតិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទសមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់សម្មាសម្ពុទ្ធ។
លោកក៏បានឱ្យប្រជាពលរដ្ឋទាំងអស់គ្នាបន្តខិតខំសំអាតកាយវាចា ជម្រះនូវសេចក្តីសៅហ្មងទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាងអរិយធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ។ ទន្ទឹមនេះ ដើម្បីឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនរឹងមាំថែមទៀត ប្រការដែលចាំបាច់ គឺការពង្រឹងលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សារភ្ជាប់និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ ដោយឈរលើទស្សនថា ព្រះពុទ្ធសានាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ធានាបាននូវសាមគ្គីភាព ក្នុងពុទ្ធសាសនិកជនជាប្រការសំខាន់បំផុត ជាមួយនឹងការយកចិត្តទុកដាក់ចំពោះពុទ្ធិកសិក្សា ដែលត្រូវពង្រឹងនិងពង្រីកពីទីក្រុងរហូតជនបទផងដែរ។
លោក ហេង សំរិន ក៏បានសំណូមពរដល់សាសនិកទាំងអស់ មេត្តាបន្តរួមបំពេញកុសលទាំងឡាយដើម្បីជាគុណប្រយោធន៍ដល់ការថែរក្សា ការពារសេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយតរៀងទៅ។
តាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា អនុសំវិច្ឆរមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យមើលលទ្ធផល នៃការអនុវត្តន៍សង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ កាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និងលើកទិសដៅការងារសំរាប់អនុវត្តបន្ត សំដៅពង្រឹងការអនុវត្តន៍រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់លិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិតឱ្យកាន់តែមានសុក្រឹត្យភាព និងគុណភាពខ្ពស់៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ពីមូលហេតុចំនួន៥ ដែលនាំឱ្យមានការធ្វើវិសោធនកម្មប្រការ ៤៨ ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋសភា បានបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (បី) ក្រោមអធិបតីលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការពន្យល់អំពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះថា ការដែលគណបក្សប្រជាជនកម្ពុជា សម្រេចធ្វើវិសោធនកម្មដោយសារទង្វើខ្វះការទទួលខុសត្រូវក្នុងនាមអាណត្តិជាអ្នកតំណាងរាស្រ្តនៅក្នុងសភា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីមូលហេតុ ៥ យ៉ាង ដែលនាំដល់ការធ្វើវិសោធនកម្មប្រការ ៤៨ ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដូចជា៖ ១-បញ្ចប់ការបកស្រាយខុសគ្នានូវប្រការ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ២-បញ្ចប់ការបំពានអំណាចតុលាការតាមរយៈប្រការ ៤៨ ថ្មី៣ ៣- បញ្ចប់វប្បធម៌សម្លេងភាគតិច យកសម្លេងភាគច្រើន ធ្វើជាចំណាប់ខ្មាំង ៤-បញ្ចប់ការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា មិនចង់ជួបចរចា និង៥- មិនចាំបាច់ចំណាយថវិការដ្ឋ ក្នុងការទិញរថយន្ត  និងសម្ភារៈធ្វើការរបស់ក្រុមសម្លេងភាគច្រើន និង ក្រុមសម្លេងភាគតិច៕