Tuesday, January 31, 2017

អំពើពុក​រលួយ​កំពុង​តែធ្វើឱ្យ​អាស៊ាន​ដើរថយ​ក្រោយ

អំពើពុករលួយកំពុងតែរារាំងដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចនៅអាស៊ាន។ សន្និសីទមួយនៅទីក្រុងបាងកកកំពុងស្វែងរកការដោះស្រាយលើបញ្ហានេះ។
អំពើពុករលួយដែលចាក់ឬសចាក់គុល និងកើតមានពាសពេញទីកន្លែងនោះ បានបង្កឱ្យក្លាយជាឧបសគ្គមួយដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតំបន់អាស៊ាន។ យោងតាមសន្ទស្សន៍ពុករលួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា នៅមានដំណើរការតិចតួចក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងតំបន់ អំឡុងពេលប្រាំឆ្នាំចុងក្រោយនេះ។ អំពើពុករលួយនៅតែរីករាលដាលក្នុងកម្រិតខ្ពស់មួយនៅក្នុងបណ្តាប្រទេសជាច្រើនរបស់អាស៊ាន។
ហានិភ័យនេះ បានបង្កគ្រោះថ្នាក់ដល់សមត្ថភាពរបស់ប្រទេសក្នុងតំបន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស  ហើយអាចគាំទ្រដល់ការវិនិយោគ ដែលប៉ះពាល់ទាំងនីតិរដ្ឋ និងគុណភាពសេវាកម្ម ដែលបានផ្តល់ឱ្យប្រជាជន។ ករណី Rolls Royce នៅក្នុងប្រទេសថៃ គឺជាឧទាហរណ៍មួយស្រាប់។ ករណីនេះបានពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីការស៊ីសំណូកសូកប៉ាន់រវាងមន្រ្តីរដ្ឋាភិបាល ជាមួយនឹងនិយោជកក្រុមហ៊ុនអាកាសចរណ៍ Thai Airways ក្នុងការធានាឱ្យទទួលបាននូវកិច្ចសន្យារមួយ ដែលមានតម្លៃរាប់លានដុល្លារសម្រាប់ក្រុមហ៊ុនពហុសាសន៍អង់គ្លេស។
ក្នុងពេលជាមួយគ្នានោះ ការពន្លឿនសមាហរណកម្មសេដ្ឋកិច្ច ការបង្កើនទំហំពាណិជ្ជកម្ម និងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ឡើង។ តាមភស្តុតាងបានបង្ហាញថា អំពើពុករលួយគឺជាកម្លាំងជំរុញដ៏ធំមួយនៃសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងកាត់ប្រទេសដែលបានរៀបចំទុកនៅតំបន់អាស៊ីអាគ្នេយ៍។ យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ទីផ្សារខុសច្បាប់នៅអាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក ដូចជា ទំនិញក្លែងក្លាយ ការជួញដូរឈើប្រណិតខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងជនអន្តោប្រវេសន៍ខុសច្បាប់ បានដំណើរការដែលមានទំហំទឹកប្រាក់ប្រមាណជា ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការកើនឡើងនៅក្នុងវិស័យពាណិជ្ជកម្ម និងលំហូររូបិយវត្ថុ និងប្រជាជនដោយសេរីឆ្លងកាត់ព្រំដែន ដែលកើតចេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ ក៏អាចធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ ព្រមទាំងបង្កើនវិសាលភាពនៃអំពើពុករលួយកាន់តែធំផងដែរ។
ឧបសគ្គទាំងនេះ ទាមទារឱ្យមានការឆ្លើយតបស្របគ្នាមួយនៅកម្រិតជាតិ កម្រិតតំបន់ និងកម្រិតពិភពលោក។ សន្ធិសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ UNCAC ដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសទាំងអស់នៅក្នុងតំបន់ បានផ្តល់នូវមធ្យោបាយដ៏ទូលំទូលាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក៏ប៉ុន្តែ ដើម្បីឱ្យមានប្រសិទ្ធភាព វាត្រូវតែអនុវត្តឱ្យបានច្បាស់លាស់តាមរយៈយុទ្ធសាស្រ្តដែលរៀបចំទុក តាមរយៈបទបញ្ញត្តិ និងកំណែទម្រង់ផ្សេងៗទៀតនៅកម្រិតជាតិ។
ដើម្បីទប់ស្កាត់បញ្ហានេះ ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតចេញពីទូទាំងប្រទេសអាស៊ីអាគ្នេយ៍ នឹងចូលរួមប្រជុំគ្នានៅទីក្រុងបាងកក ដើម្បីកំណត់អំពីបញ្ហាដែលទទួលរងនូវការគាបសង្កត់ខ្លាំងបំផុត ដើម្បីធ្វើអន្តរាគមន៍នៅកម្រិតជាតិ និងកម្រិតតំបន់ និងដើម្បីបង្កើតនូវផែនការយុទ្ធសាស្រ្តមួយប្រឆាំងនឹងអំពើពុករលួយនៅអាស៊ានរហូតដល់ឆ្នាំ ២០២០។ នេះគឺជាដំណើរការដ៏ធំមួយ ក៏ប៉ុន្តែ កត្តាដែលសំខាន់បំផុតនេះ គឺថាតើប្រទេសក្នុងតំបន់អាចអនុវត្តផែនការយុទ្ធសាស្រ្តនេះឱ្យមានប្រសិទ្ធភាពដោយរបៀបណា។
ការពិនិត្យពិច្ច័យនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅប្រទេសអាស៊ានមួយចំនួន ដែលគ្របដណ្តប់ទៅលើបញ្ហាសំខាន់ៗមួយចំនួន ចេញពីការដាក់អំពើពុករលួយជាបទឧក្រិដ្ឋទៅជាកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងចំណោមអជ្ញាធរអនុវត្តច្បាប់នោះ បានបង្ហាញអំពីកំហុសឆ្គងជាច្រើននៅក្នុងប្រព័ន្ធប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងតំបន់ ដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកំណត់ការជះឥទ្ធិពលនៃបាតុភូតនេះ។
នេះគឺជាបញ្ហាធំមួយសម្រាប់អ្នកវិនិយោគបរទេស ពីព្រោះពួកគេត្រូវតែប្រកួតប្រជែងប្រឆាំងនឹងក្រុមហ៊ុន ដែលកន្លងមក មិនបានទទួលខុសត្រូវលើការសូកប៉ាន់មន្រ្តីសាធារណៈដើម្បីទទួលបានកិច្ចសន្យារ។ ការប្រមូលព័ត៌មាន និងភស្តុតាងអំពីករណីពុករលួយនៅតែជាបញ្ហា ដោយសារតែប្រជាជន ដែលបានដឹងពីបញ្ហាពុករលួយ មិនសូវអើពើ ហើយមិនសូវផ្តល់ដំណឹងដល់អជ្ញាធរទេ។
ជាងនេះទៅទៀត យើងដឹងថា ដំណើរការនៃអំពើពុករលួយ ជាញឹកញាប់បានលាងលុយនៅបរទេស។ តំបន់អាស៊ីអាគ្នេយ៍បានបាត់បង់ទឹកប្រាក់ប្រមាណជា ២១០ ពាន់លានដុល្លារ នៅក្នុងលំហូរចេញហិរញ្ញវត្ថុខុសច្បាប់ចាប់តាំងពីឆ្នាំ ២០០៤ មក នេះបើយោងតាម អង្គការសិក្សាស្រាវជ្រាវផ្នែកហិរញ្ញវត្ថុពិភពលោក ដែលមូលដ្ឋាននៅសហរដ្ឋអាមេរិក៕
ប្រភព : The Diplomat ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧

No comments:

Post a Comment