Monday, August 02, 2021

អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta

 (ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល នូវច្រកផ្លូវលេខ ៣៧២, ៣៧២Z, និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»។


រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចខាងក្រោម ៖

* ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់
* ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
* ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច
* ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សេចក្តីសម្រេចដដែលបញ្ជាក់ថា រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ជូនរដ្ឋបាលខណ្ឌទួលគោក ដើម្បីបង្កើតក្រុមការងារប្រចាំការ នៅទីតាំងដែលត្រូវបិទខ្ទប់ ក្នុងនោះក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាពជាអាទិ៍៖

* ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
* ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់
* ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ៕

 

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta។


សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានការបិទខ្ទប់មិនឱ្យមានការចេញ-ចូល ចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទេរលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍»។

រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ដូចខាងក្រោម ៖

* ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់

* ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន

* ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើបត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច

* ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍

* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់

* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សេចក្តីសម្រេចដដែលបញ្ជាក់ថា រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ដែលត្រូវបានលើកលែងខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ច ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្កើតក្រុមការងារប្រចាំការ នៅទីតាំងដែលត្រូវបិទខ្ទប់ ក្នុងនោះក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាពជាអាទិ៍៖

* ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

* ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់

* ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ៕

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោ និងធ្វើការរៀបចំពង្រីកផ្លូវលេខ៣១៤ ដល់ចំណុចផ្លូវជាតិលេខ១ សួនច្បារច្រមុះជ្រូក

ស្វាយរៀង៖ បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៃព្រឹត្តិការសហគមន៍២០កុម្ភៈមិនទាន់មានភាពធូស្រាលនៅឡើយ  ក៏ផែនការអភិវឌ្ឍខេត្តរបស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅតែបន្តបោះជំហានទៅមុខជានិច្ច ដើម្បីឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើន។  ជាក់ស្តែងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ អមដំណើរដោយអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការរៀបចំហេត្ថារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោផ្នែកខាងលិចប្រវែង៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀងដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារ កន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៊ុទូក និងការរៀបចំភ្លើងបំភ្លឺលម្អរនាពេលរាត្រីផងដែរ។ 

ទន្ទឹមនេះ លោកអភិបាលខេត្ត  បានពិនិត្យការជួសជុលពង្រីកផ្លូវលេខ៣១៤ មានប្រវែង៣,៥៨០ម៉ែត្រ ទទឹង១១ ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក  ផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង  ដើម្បីឱ្យមានភាពធំទូលាយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនផងដែរថា ខេត្តស្វាយរៀង ក្រោមការដឹកនាំលោក ម៉ែន វិបុល អភិបាលខេត្ត លោកបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា  ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បនេះ។  ជាក់ស្តែងច្រាំទន្លេវ៉ៃគោ  បាននិងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ  គឺបានចូលរួមយ៉ាងសំខាន់  លើការលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់ប្រជាពលរដ្ឋ យុវជន យុវនារី មកកម្សាន្តនៅទីនេះផងដែរ៕









ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១០៩ករណី

  ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ចំនួន១០៩ករណីក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល​ បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវវ័យ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងការណែនាំផ្សេងៗរបស់ក្រសួង ដើម្បីទប់ស្កាត់ការចម្លងមេរោគដ៏កាចសាហាវនេះ។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖





អភិបាលខេត្តកែប ដឹកនាំកងកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កំពុងប្រឈមនឹងការមកដល់រលកទី៣

កំពត៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំកងកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការមកដល់រលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។

ថ្លែងក្នុងយុទ្ធនាការនេះ អភិបាលខេត្តបានបញ្ជាក់ថា ដោយអនុវត្តន៍តាមខ្លឹមសារសារាចររបស់រាជរដ្ឋាភិបាលនេះ រដ្ឋបាលខេត្តកែប បានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកែប។ ក្នុងបម្រាមគោចរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំណត់ ដោយហាមនូវរាល់សកម្មភាពមុខរបរ ដែលមានការជួបជុំ ជាពិសេស ការលក់ ការសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង ២១:០០នាទី  ដល់ម៉ោង០៣:០០នាទីព្រឹក ជាកំហិត។ 

លើសពីនេះ ដើម្បីពង្រឹងការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តក៏បានបង្កើតគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តផងដែរ។

បន្ថែមពីនេះ  ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ ដែលចូលមក កម្សាន្តក្នុងទឹកដីខេត្តកែប ឯកឧត្តមបានណែនាំដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋាន ឱ្យបានយល់ និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ គណៈបញ្ជាការដឹកនាំអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ សំដៅធានាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងខេត្តកែបប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕