Tuesday, April 19, 2022

វិភាគអន្តរជាតិ៖ តើហ្វាំងឡង់-ស៊ុយអែត នឹងចូលជាសមាជិក NATO ឬ?


(មូស្គូ)៖ រុស្ស៉ីកាលពីពេលថ្មីៗនេះបានព្រមានដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង និងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អឺរ៉ុប ប្រសិនបើ បក្សសម្ព័ន្ធយោធា NATO ទទួលយកស៊ុយអែត និងហ្វាំងឡង់ជាសមាជិកទី៣១ និង៣២ របស់ខ្លួន។ ស៊ុយអែត និងហ្វាំឡង់ដែលត្រូវបានគេស្គាល់ថា ជាប្រទេសអព្យាក្រឹតនៅអឺរ៉ុប តាំងពីសម័យសង្រ្គាមត្រជាក់មក បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលជាសមាជិកអស់រយៈពេលជាច្រើនឆ្នាំមក ហើយ។ ប៉ុន្តែសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន វាកាន់តែជំរុញឱ្យប្រទេសទាំង២នេះចង់ក្លាយជាសមាជិក NATO ឱ្យកាន់តែឆាប់ កាន់តែល្អ។

មែនទែនទៅ ប្រធានាធិបតីហ្វាំងឡង់ លោក សាវលី នីនីស្ដូ (Sauli Niinistö) បានបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក តែជាងមួយសប្ដាហ៍ ប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីនបញ្ជាឱ្យកងទ័ពរុស្ស៉ីលុកលុយចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះដោយនៅក្នុងជំនួបជាមួយលោក ចូ បៃដិន ក៏ត្រូវបានគេរាយការណ៍ដែរថាមានការជជែកគ្នាពីអនាគតហ្វាំឡង់នៅក្នុង NATO។ ទាំងប្រជាជនភាគច្រើននៅក្នុងស៊ុយអែត និងហ្វាំងឡង់ សុទ្ធតែចង់ឱ្យប្រទេសរបស់ពួកគេចូលជាសមាជិក NATO ហើយសូម្បីតែអគ្គលេខាធិការ NATO ក៏បានលើកឡើងដែរថាប្រទេសទាំង២ អាចនឹងត្រូវបានទទួលការស្វាគមន៍ពីបណ្ដាប្រទេសជាសមាជិកទាំងអស់។

NATO គ្រោងនឹងបើកកិច្ចប្រជុំកំពូលនៅខែមិថុនាខាងមុខ រីឯស៊ុយអែត និងហ្វាំងឡង់បានប្រកាសថាពួកគេនឹងដាក់ពាក្យសុំចូលជាសមាជិកជាផ្លូវការ ក្នុងពេលឆាប់ៗនេះ។ បើតាមក្រុមអ្នកជំនាញ, ស៊ុយអែត និងហ្វាំងឡង់មានគុណសម្បត្តិអាចចូល NATO ច្រើនជាងអ៊ុយក្រែន។ ពោលគឺ ស៊ុយអែត និងហ្វាំងឡង់ជាប្រទេសអ្នកមាន ហើយជាសមាជិកសហភាពអឺរ៉ុបស្រាប់ ព្រមទាំងមានយោធាជឿនលឿនដែលអាចចូលរួមចំណែកយ៉ាងធំខាង សន្តិសុខ និងយោធាជាមួយ NATO។ ម្យ៉ាងវិញទៀត ប្រសិនបើប្រទេសទាំង២ រងការវាយប្រហារណាមួយពីសំណាក់រុស្ស៉ី នោះវានឹងបង្កផលវិបាក សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុបធ្ងន់ធ្ងរជាងករណីអ៊ុយក្រែនសព្វថ្ងៃទៅទៀត។

ក៏ប៉ុន្តែ ការសម្រេចចិត្តទទួលយកស៊ុយអែត និងហ្វាំងឡង់ជាសមាជិក NATO គឺជារឿងប្រថុយប្រថាន ដោយអ្វីដែលគេបារម្ភមិនមែននៅត្រង់ថា តើ NATO ព្រមទទួល ឬមិនព្រមនោះទេ? តែត្រូវបារម្ភថាតើរុស្ស៉ីនឹងមានប្រតិកម្មដូចម្ដេច។ ការគំរាមកំហែងពីរុស្ស៉ីជាមូលហេតុធំដែលជំរុញឱ្យ ពួកគេចង់ចូល NATO ហើយការចង់ចូលជាសមាជិកបក្សសម្ព័ន្ធយោធាមួយនេះឯង ក៏ជាមូលហេតុចម្បងមួយត្រូវបានលោក ពូទីន យកមកធ្វើជា ហេតុផលធ្វើសង្រ្គាមនៅអ៊ុយក្រែនដូចគ្នាដែរ។ រីឯម្យ៉ាងទៀត ស្ថិតនៅលើអឺរ៉ុប និងសហរដ្ឋអាមេរិកថាតើត្រៀមខ្លួនការពារហ្វាំងឡង់ និងស៊ុយអែត ឬក៏ត្រៀមខ្លួនធ្វើសង្រ្គាមជាមួយរុស្ស៉ីហើយឬនៅ ខណៈសង្រ្គាមនៅអ៊ុយក្រែនបានបញ្ជាក់ហើយថាពួកគេជ្រើសរើសមិនលូកដៃធ្វើអន្តរាគមន៍យោធា។

តែទោះជាយ៉ាងណាក៏ដោយ សម្រាប់សហរដ្ឋអាមេរិក, អ្វីដែលត្រូវធ្វើមុនគេ នោះគឺចៀសវាងការប្ដេជ្ញាចិត្តណាមួយលឿនរហ័សពេក ដែលអាច នាំឱ្យមានការស្ដោយក្រោយ នៅពេលក្រោយ ហើយពេលនេះ រឿងដែលត្រូវផ្ដោតគឺជួយឱ្យអ៊ុយក្រែនយកឈ្នះរុស្ស៉ីសិន។ ដូច្នេះទីក្រុងវ៉ាស៊ីនតោននឹងសិក្សា យ៉ាងហ្មត់ចត់ជាមុនពីប្រយោជន៍ និងតម្រូវការយោធានៅក្នុងការការពារតំបន់ព្រំដែនស៊ុយអែត ជាពិសេសហ្វាំឡង់ដែលមានព្រំដែនជាប់ជាមួយ ព្រំដែនរុស្ស៉ីប្រវែង ១,៣៤០គីឡូម៉ែត្រ។

ក្រុមអ្នកជំនាញមួយចំនួន យល់ថាការទទួលយកស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិក NATO អាចនឹងបង្ខំឱ្យរុស្ស៉ីបង្កសង្រ្គាមជាថ្មី ប៉ុន្តែ ខណៈរុស្ស៉ីកំពុងជាប់ដៃជាមួយអ៊ុយក្រែន ករណីសង្រ្គាមបែបនេះទំនងជាមិនអាចកើតឡើងឡើយ។ ចំណែឯ អ្នកខ្លះទៀតជឿជាក់ថា ការទទួលយកប្រទេសទាំង២ អាចជាការដាក់ពិន័យលើរុស្ស៉ីសម្រាប់ការឈ្លានពានអ៊ុយក្រែន ប៉ុន្តែលោក ពូទីន មិនមែនជាសិស្សដែលចង់រៀន មេរៀនពី NATO នោះទេ ហើយលោកអាចនឹងយកការពង្រីកឥទ្ធិពលរបស់ NATO មកបញ្ជាក់ពីភាពត្រឹមត្រូវនៃសង្រ្គាមរបស់លោក នៅអ៊ុយក្រែន៕

ប្រភព៖ Carnegie Endowment (ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News