Friday, May 07, 2021

រដ្ឋបាលខេត្តព្រះសីហនុដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រ ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយកំណត់ ជាតំបន់ក្រហម ,តំបន់លឿងទុំ និងតំបន់លឿង សម្រាប់រយៈពេល៧ថ្ងៃ ពីថ្ងៃទី៧-១៣ ខែឧសភា ឆ្នាំ២០២១

 (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញផែនទី «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ១៩។ 


សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែឧសភា បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ វិធានការរដ្ឋបាល ដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្តើមអនុវត្តរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងនោះ «តំបន់ក្រហម» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍, «តំបន់លឿងទុំ» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និង «តំបន់លឿង» សម្ដៅដល់ភូមិសាស្ដ្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ទីតាំងដែលត្រូវបានកំណត់នោះរួមមាន៖ «តំបន់ក្រហម» មានភូមិសាស្ដ្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ក្រុងព្រះសីហនុ, «តំបន់លឿងទុំ» មានភូមិសាស្ដ្រសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ និងភូមិ៦ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ និង «តំបន់លឿង» មានភូមិសាស្ដ្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕













ក្រសួងសុខាភិបាល បង្ហាញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស (មានវីដេអូ)

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញផ្សព្វផ្សាយជាសាធារណៈនូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាផែនទីចង្អុលផ្លូវបម្រើដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក។

 


ការរៀបចំផែនការមេចាក់វ៉ាក់សាំងនេះ មានគោលបំណងការពារប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ១៩ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវការឈឺសម្រាកពេទ្យ និងស្លាប់ ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច។

ក្នុងបុព្វកថានៃផែនការមេកម្រាស់២៦ទំព័រនេះ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានគូសរំលេចថា «ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស» នេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញបន្ថែមនូវគោលការណ៍ នីតិវិធី យុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទាន់ពេលវេលា មានសុវត្ថិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោកស្រីបន្តថា ផែនការមេនេះត្រូវបានរៀបចំឡើង ដោយផ្អែកមូលដ្ឋានគ្រឹះនៃ «ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩» ដែលក្រសួងសុខាភិបាលបានដាក់ចេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា គោលដៅប្រកបដោយមហិច្ឆតាដែលបានកំណត់នៅក្នុងផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាពលរដ្ឋគោលដៅឱ្យបាន ១០លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២២។

លោកស្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តយ៉ាងសកម្មនូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្សាភ្ជាប់ជាមួយការអនុវត្តវិធានការ «៣ កុំ និង ៣ ការពារ» និងការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ នឹងផ្តល់ឱកាសឱ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងផែនការមេនេះ បានដាក់ចេញគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យបាន ១០លាននាក់ ឬ៦២ភាគរយ នៃប្រជាពលរដ្ឋសរុប និងអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងកូវីដ១៩ លើសពី ៩៥ភាគរយ នៃប្រជាពលរដ្ឋគោលដៅ បានចាក់វ៉ាក់សាំងនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២៕

ខាងក្រោមនេះ ខ្លឹមសារទាំងស្រុងនៃផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរៀបចំដោយក្រសួងសុខាភិបាល៖















































បាតុភូតធម្មជាតិ បានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន ២៣២ខ្នង

 បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យនិងជួយរៀបចំផ្ទះសម្បែងជូនបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះខ្យល់កន្ត្រាក់ នៅឃុំបូស្បូវ ស្រុកព្រះនេត្រព្រះ ដែលខូចខាតធ្ងន់ស្រាល ចំនួន៩៨ខ្នង អស់សង្ក័សី១៤៩៣ សន្លឹក។ ជាមួយនោះបានឧបត្ថម្ភកម្លាំងអធិការស្រុក ៥០មឺុនរៀល ,កងរាជអាវុធហត្ថស្រុក ៥០មឺុនរៀល និងកងពលថ្មើជើងលេខ៥១ ចំនួន ៥០មឺុនរៀល។

ក្នុងនោះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំ អាជ្ញាធរស្រុក ស្រុកអូរជ្រៅ កងកម្លាំងទាំងបី ដោះស្រាយជួសជុលផ្ទះ រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ចំនួន ១៦៧ខ្នង ដោយរួមជាមួយក្រុមការងារបានផ្តល់កូនឈើ ២០០ដើម សង្ក័សីជិត ៣០០០សន្លឹក និងថវិកា ៧លាន។

ក្នុងឱកាសនោះ លោកបានសម្តែងមនោសញ្ចេតនានៃការសោកស្តាយ ជាមួយបងប្អូនគ្រប់គ្រួសារទាំងអស់ ដែលទទួលរងគ្រោះខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងដ៏មានតម្លៃ។ ជាមួយគ្នានោះ លោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង។

របាយការណ៍ ខេត្តឲ្យដឹងថា កាលពីថ្ងៃទី០៥ ឧសភា ២០២១ វេលាម៉ោង ៨យប់ មានភ្លៀង រន្ទះខ្លាំង និងខ្យល់កន្ត្រាក់ ប៉ះពាល់លើស្រុក៤ ក្រុង ១ លើឃុំចំនួន៧ឃុំ-សង្កាត់ បណ្តាលឲ្យខូចខាត ផ្ទះចំនួន ២៣២ខ្នង / ធ្ងន់ធ្ងរ ចំនួន ២៩ខ្នង, រលំផ្សារមង្គល(៥០មx៦០ម) ១ខ្នង និង ខូចខាតរថយន្តតូចធំ១០គ្រឿង , ម៉ូតូ៨គ្រឿង ក្នុងនោះមានដូចខាងក្រោម៖
១. ក្រុងប៉ោយប៉ែត ប៉ះពាល់ ៩៤ខ្នង ធ្ងន់ ធ្ងរ ២៨ខ្នង និងរលំផ្សារមង្គលប៉ោយប៉ែត ១ ក្នុងនោះ៖
-សង្កាត់ប៉ោយប៉ែត របើកដំបូល ១៧ ខ្នង , រលំផ្សារមង្គល(៥០មx៦០ម) ១ខ្នង ខូចខាតរថយន្តតូចធំ១០គ្រឿង , ម៉ូតូ៨គ្រឿង។
-សង្កាត់ផ្សារកណ្តាល របើកដំបូល ៣៩ខ្នង
-សង្កាត់និមិត្ត របើកដំបូល ៣៨ ខ្នង / ធ្ងន់ធ្ងរ ២៨ខ្នង
បណ្តាលឲ្យខូចខាតរថយន្ត ១០គ្រឿង ម៉ូតូ ០៨គ្រឿង
២. ស្រុកអូរជ្រៅ ៖
-ឃុំអូរបីជាន់(២ភូមិ) សរុប ៣១ខ្នង ។
៣. ស្រុកព្រះនេត្រព្រះ ៖
-ឃុំបុស្បូវ (៥ភូមិ) សរុប ៩៨ខ្នង / ធ្ងន់ធ្ងរ ០១ខ្នង ស័ង្គសី ១.៤៩៣សន្លឹក
៤. ស្រុកថ្មពួក ៖
-ឃុំគោករមៀត(២ភូមិ) សរុប ៥ខ្នង អស់ស័ង្កសី ៨០សន្លឹក។
៥. ស្រុកម៉ាឡៃ៖
-ឃុំបឹងបេង (១ភូមិ) សរុប ៤ខ្នង ៕




រដ្ឋបាលខេត្តព្រះសីហនុ​ ចេញសេចក្ដីជូនដំណឹងស្ដីពីការសម្រួលវិធានការសម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ

 ​ ព្រះសីហនុ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​ រដ្ឋបាលខេត្តព្រះសីហនុ​បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសម្រួលវិធានការសម្រាប់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរទៅកាន់ខេត្តមួយនេះ​ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជូន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ផងដែរថា ក្នុងករណីសង្ស័យ ឬស្ថានភាពសុខភាពប្រែប្រួល ប្រជាពលរដ្ឋអាចទំនាក់ទំនងទៅមន្ទីរសុខាភិបាលខេត្ដ ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ 012 794 896 ឬ 016 526 520 និងត្រូវប្រញាប់ទៅធ្វើតេស្ដរកជំងឺកូវីដ១៩ នៅវេទិការ៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានរដ្ឋបាលសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដូចខាងក្រោម៖



រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទផ្សារម៉ាឡៃ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២១

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទផ្សារម៉ាឡៃ ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី១៩ ឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅខាងក្រោមដូចតទៅ៖




រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានជំងឺកូវីដ១៩ លើបុគ្គលចំនួន៤នាក់

 រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានដឹងថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានជំងឺកូវីដ១៩ លើបុគ្គលចំនួន៤នាក់។

សូមអានសេចក្តីជូនដំណឹងខាងក្រោម÷