Monday, July 19, 2021

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនអធិកាបតីអាល្លឺម៉ង់ ចូលរួមរំលែកទុក្ខចំពោះគ្រោះទឹកជំនន់ បណ្តាលឱ្យស្លាប់រាប់រយនាក់ និងបាត់ខ្លួនរាប់ពាន់នាក់

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយ ចូលរួមរំលែកទុក្ខជូន លោកស្រី Angela Merel អធិការបតីអាល្លឺម៉ង់ ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យស្លាប់ពលរដ្ឋអាល្លឺម៉ង់ រាប់រយនាក់ និងច្រើនពាន់នាក់ទៀតកំពុងបាត់ខ្លួន។

តាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលទទួលបាន សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងអំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដ្ឋ North Rhine-Westphalla និងរដ្ឋ Rhineland-Palatinate ដែលបានបង្កឱ្យមានការបាត់បង់អាយុ ជីវិតដល់ជនស្លូតត្រង់ជាច្រើនរយនាក់បាត់ខ្លួន និង បណ្តាលឱ្យមានរងរបួសរាប់ពាន់នាក់ ព្រមទាំងបាន បង្កការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាច្រើនទៀត»។

សម្តេចបានបន្ថែមថា៖ «ក្នុងកាលៈទេសៈដ៏គួរឱ្យសង្វេគនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំសូមសម្តែងនូវក្តី អាណិតអាសូរ និងចូលរួមរំលែកទុក្ខដ៏ដោយស្មោះជាមួយលោកជំទាវ និងប្រជាជនអាល្លឺម៉ង់ ជា ពិសេសក្រុមគ្រួសារនៃជនរងគ្រោះចំពោះការបាត់បង់ដ៏ធំធេងនេះ និង សូមជូនពរដល់អ្នករងរបួសបាន ឆាប់ជាសះស្បើយ ហើយជនរងគ្រោះដែលកំពុងបាត់ខ្លួន ឆាប់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ»។

សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍មកនេះនៅទ្វីបអឺរ៉ុបបានកើនដល់ ១៧០នាក់ហើយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយក្នុងនោះអាល្លឺម៉ង់ បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។

គិតត្រឹមល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់តែឯង មានចំនួនរហូតដល់ទៅ ១៤៣នាក់ឯណោះ ដោយសារតែពួកគេត្រូវបានទឹកជំនន់ និងគ្រោះរអិលបាក់ដីនាំយកទៅជាមួយនៅតំបន់ ណតស៍ រ៉ាញ វែតស៍ផេលា (North Rhine-Westphalia)។ ដោយឡែកប្រជាជននៅអាល្លឺម៉ង់ជាង ១,៣០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយស្ថិតក្នុងរដ្ឋ រ៉ាញលែនដ៍ ផាឡាទីណេត (Rhineland-Palatinate)។ អាល្លឺម៉ង់ក៏បានបញ្ជូនយោធាឲ្យទៅស្វែងរក និងសង្គ្រោះអ្នកបាត់ខ្លួនទាំងនោះផងដែរ៕




ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចូលរួមរំលែកទុក្ខ និងនាំយកថវិកា ចូលរួមពិធីបុណ្យសពលោកតា ឡាច សារ៉ន

កំពង់ឆ្នាំង៖ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចូលរួមរំលែកទុក្ខ និងនាំយកថវិកា ចូលរួមក្នុងពិធីបុណ្យសពលោកតា ឡាច សារ៉ន ហៅសៅ ជាគណៈកម្មការវត្តភ្នំចំពុះ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។

ដោយមានការចូលរួមពី លោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរភូមិឃុំ ផងដែរ។ ថវិកាដែលបាននាំយកទៅចូលរួមបុណ្យសពក្នុងឱកាសនោះចំនួន ៥០០,០០០រៀល របស់លោក អ៊ុក រ៉ាប៊ុន ៕





រដ្ឋមន្រ្តីក្រសួងកសិកម្មបង្ហាញពីភាគីពាក់ព័ន្ធក្នុងភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លោកបានបង្ហាញពីភាគីពាក់ព័ន្ធ ក្នុងភារកិច្ចគ្រប់គ្រងទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធានាការពារធនធានទាំងនេះឱ្យមាននិរន្តរភាព ជាប្រយោជន៍សម្រាប់មនុស្សជាតិនិងបរិស្ថាន។

លោករដ្ឋមន្រ្តីបានថ្លែងដូច្នេះ ដើម្បីបកស្រាយការយល់ច្រឡំរបស់អ្នកសារព័ត៌មាននិងសាធារណជនមួយចំនួន ចំពោះការគ្រប់គ្រងធនធានធម្មជាតិ បន្ទាប់ពីបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួងកសិកម្ម លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើនិងជលផល ដោយសារតែមិនបានតាមដាន និងសិក្សាឱ្យបានច្បាស់លាស់ ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល ។

តាមហ្វេសប៊ុកផ្លូវការរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា យោងតាមអនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

លោកបន្តថា សារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ធ្វើនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រចថា ប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចាត់វិធានការឱ្យបានម៉ឺង ម៉ាត់ និងហ្មត់ចត់ ដូចខាងក្រោម ៖គ្រប់គ្រងរាល់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និងជលផលដែលមានច្បាប់ អនុញ្ញាត ព្រមទាំងទប់ស្កាត់ និងលុបបំបាត់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និង ជលផលដែលគ្មានច្បាប់អនុញ្ញាត ។

-ត្រួតពិនិត្យ និងចាត់វិធានការលុបបំបាត់ការដឹកជញ្ជូន និងការស្ដុកឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ទៅក្រៅប្រទេសតាមច្រកព្រំដែន និង តាមច្រករបៀង ។

-ដឹកនាំ សម្របសម្រួលអធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល ព្រៃឈើ អធិការខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល មន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីធានាបាននូវ ការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

– ធ្វើរបាយការណ៍បូកសរុបប្រចាំត្រីមាស ឬធ្វើរបាយការណ៍ ក្នុងករណីចាំបាច់ អំពីស្ថានភាព ការគ្រប់គ្រងតំបន់ការពារ និងអភិរក្សធម្មជាតិនានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវចម្លងជូនក្រសួងមហាផ្ទៃ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវធ្វើការបូកសរុបរបាយការណ៍ទាំងនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ។

លោក វេង សាខុន បានបន្តទៀតថា តាមរយៈការដាក់ឱ្យអនុវត្តន៍ អនុក្រឹត្យ និងសារាចរណែនាំខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននឹងកំពុងខិតខំអនុវត្តឱ្យបានពេញ លេញនូវអ្វីដែលជាភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន ហើយមានក្តីសង្ឃឹមថា សាធារណជន ជាពិសេសអ្នកសារព័ត៌មាន បាន យល់ពីអ្វីជាការសម្រេចរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តធ្វើកំណែទម្រង់យ៉ាងមុតស្រួចកន្លងមកនេះ ៕



រដ្ឋបាលខេត្តកំពង់ចាម នាំយកសម្ភារៈ និងភេសជ្ជៈ ចែកជូនក្រុមគ្រូពេទ្យប្រចាំការ នៅមណ្ឌលព្យាបាលជម្ងឺកូវីដ ១៩

កំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ ១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាសម្ភារៈ និងភេសជ្ជៈ របស់រដ្ឋបាលខេត្ត ប្រគល់ជូនក្រុមគ្រូពេទ្យប្រចាំការ នៅមន្ទីរពេទ្យមេគង្គ និងវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គួររំលឹកថា បន្ទាប់ពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចយកអតីតសណ្ឋាគារមេគង្គ ប្រែក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតធ្ងន់ ។ រីឯ វិទ្យាល័យព្រះសីហនុ ធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតស្រាល ។ បច្ចុប្បន្ន មណ្ឌលព្យាបាលជម្ងឺទាំង ២កន្លែង នេះ កំពុងទទួលការព្យាបាលអ្នកជម្ងឺ យ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ស្របពេលទៅនឹងជម្ងឺ ដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃនោះ ។

បើតាមមន្ត្រីរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចំពោះការការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ដែលកំពុងមមាញឹកក្នុងការបំពេញភារកិច្ចព្យាបាលជម្ងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលជារៀងរាល់ថ្ងៃ  លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បានផ្ដល់អំណោយ ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ  ដោយក្នុងមួយមន្ទីរពេទ្យ ទទួលបាន ៖ ទឹកក្រូចចំនួន ២៥កេស ជែលលាងដៃចំនួន ៥កេស និងម៉ាស ចំនួន ១៥.០០០ម៉ាស ។

ជាមួយនឹងការនាំអំណោយផ្ដល់ជូនមន្ទីរពេទ្យទាំង ២កន្លែង ខាងលើនៅក្នុងឱកាស ថ្ងៃដដែលនោះដែរ លោក អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារច្រាំងទន្លេ នៅចំណុចខាងមុខមន្ទីរពេទ្យមេគង្គ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបច្ចុប្បន្ននេះ ក្រុមជាងកំពុងមមាញឹក ដើម្បី ធ្វើការជួសជុលកែលម្អ ឲ្យប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាត ដោយសារទឹកជំនន់ កាលពីឆ្នាំកន្លងទៅនោះ ៕






អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៥វត្ត

កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលបាលខេត្តកំពង់ឆ្នាំង និង លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការ ចូលរួមពីលោក ឌី ដារ៉ាវុធ តំណាងលោក ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥វត្ត  ក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១   ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍គូសថាការអភិវឌ្ឍ របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមិនអាចកាត់ផ្តាច់ចេញពីព្រះពុទ្ធសាសនានោះឡើយមានន័យថាការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺផ្អែកទៅលើកត្តាដាក់ចេញនូវយុទ្ធសាស្ត្រចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ ក្នុងនោះ ត្រូវក៏មានការចូលរួមពីពុទ្ធសាសនាដោយបណ្ដុះសីលធម៌ សតិបញ្ញា ស្មារតីការគោរពដឹងគុណនិងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបពុទ្ធសាសនា។ 

ដូច្នេះ យើងឃើញថាព្រះពុទ្ធសាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ ប៉ុន្ដែត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សម័យប៉ុល ពត សម័យប្រល័យពូជសាសន៍ ពោលគឺសិទ្ធិគោរពជំនឿ សិទ្ធិអ្វីគ្រប់បែបយ៉ាងរបស់ប្រជាជនសម័យកាលនោះគឺត្រូវបានបំបិទទាំងអស់ ។ ដូច្នេះ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសនោះដែរ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី បងប្អូនប្រជពុទ្ធបរិស័ទ តសូមបន្តចូលរួមធ្វើអនាម័យជាប្រចាំដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ អោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តចូលរួម រិតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលំអសោភ័ណភាពទីអារាម ភូមិស្ថានគ្មានល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាព ។

លោក ស៊ុន សុវណ្ណារិទ្ធិ និងលោកស្រីកែ ច័ន្ទមុនី ព្រមទាំងក្រុមការងារបានប្រគេននូវទេយ្យវត្ថុចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន៥ វត្ត ក្នុងឃុំពង្រ មានវត្ត ព្រះទ្វារ  វត្តបល្ល័ង្ក  វត្តព្រះធាតុ  វត្តគិរីធម្មរាជ និងវត្តភ្នំថ្លុកត្របែក ដោយក្នុងមួយវត្តៗ ទទួលបាន ទានព្រះវស្សា ០១ គូ, អង្ករ៥០  គីឡូក្រាម,ទឹកសុទ្ធ០១  កេស,ទឹកផ្លែឈើ ០១  កេស, ភេសជ្ជៈ វីគ័រ(vigor)   ០១  កេស,មី ០១  កេស,ត្រីខ០១  យួរ,ទឹកត្រី០១ យួរ,ទឹកស៊ីវអុីវ០១ យួរ,បច្ច័យ១០មុឺនរៀល៕

សូមជម្រាបថា បុណ្យចូលព្រះវស្សា ត្រូវបានប្រារព្ធធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ។ តាមពុទ្ធានុញ្គាត ឬតាមពុទ្ធវិន័យ ការចូលព្រះវស្សាមាន២របៀប ទី១.បុរិមិកាវស្សា ការចូលវស្សាមុន គឺចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើតខែអស្សុជ (ក្នុងករណី ឆ្នាំណាដែលលើកខែអាសាឍ២ដង នោះការចូលព្រះវស្សាគឺត្រូវប្រារព្ធនៅថ្ងៃ១រោច ខែទុតិយាសាឍ), ទី២. បច្ឆិមកាវស្សា ការចូលវស្សាក្រោយ គឺចាប់ពីថ្ងៃ១រោច ខែស្រាពណ៌ រហូតដល់ថ្ងៃ១៥កើត ខែកក្តិក។ 

ចំពោះការចូលវស្សារបៀបទី២នេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតដល់សាវ័កដែលមានកិច្ចរវល់ដោយប្រការណាមួយដែលមិនអាចចូលវស្សាលើកទី១បាន។ ជាងនេះទៅទៀត ការចូលព្រះវស្សាពិតជាផ្ដល់នូវសារសំខាន់ដល់ព្រះសង្ឃក្នុងកិច្ចប្រតិបត្តិព្រះបរិយត្តិធម៌ និងព្រះបរមត្ថធម៌ ឬក៏គន្ធធុរ:(ទ្រឹស្តី) និងវិបស្សនាធុរ:(ការអនុវត្ត) សំដៅដល់ការសិក្សារៀនសូត្រទាំងផ្លូវពុទ្ធចក្រ(ធម្មវិន័យ ភាសាបាលី ចាប់ពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកសាកលវិទ្យាល័យ) និងផ្លូវអាណាចក្រ ( ចំណេះដឹងទូទៅ ជំនាញគ្រប់កម្រិត) និងបង្កបរិយាកាសសាមគ្គីភាពផ្ទៃក្នុងសង្ឃផងដែរ។

ជាមួយគ្នានេះដែរ តាមប្រពៃណី ទំនៀមទម្លាប់ពុទ្ធបរិស័ទ ពេលបុណ្យចូលព្រះវស្សា តែងតែនាំយកនូវទេយ្យវត្ថុ ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងអំ ឡុងពេលនៃការចូលព្រះវស្សានេះ ៕





អភិបាលរងខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងនាំយកសម្ភារៈការពារជំងីកូវីដ១៩ ផ្តល់ជូនមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នៅស្រុកបរិបូណ៌

កំពង់ឆ្នំាង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងសាកសួរសុខទុក្ខនាំយកសម្ភារ:ការពារជំងឺកូវីដ១៩ មានម៉ាស់ ជែល និងថ្នាំបុរាណចិនរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផ្តល់ជូនមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ វិទ្យាល័យបរិបូណ៌ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួមរពីលោក អ៊ុក សារុន សមាជិកក្រុមប្រឹក្ស អាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យផងដែរ ។

តាមការបញ្ជាក់របស់គ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ វិទ្យាល័យហ៊ុន សែន បរិបូណ៌មានអ្នកជំងឺកូវីដ១៩កំពុងសម្រាកព្យបាលជំងឺចំនួន ៨៩ នាក់ ហើយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះបានជាសះស្បើយចំនួន១២នាក់ស្រី៧នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តជាពិសេសប្រមុខរាជរដ្ធាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលកំពុងទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មណ្ឌលទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យដែលជាមន្រ្តីជួរមុខបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ 

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ និងក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលត្រូវចូលរួមជាមួយរាជរដ្ធាភិបាលក្នុងការទប់ស្កាត់អោយបាននៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយធ្វើយ៉ាងណាអនុវត្តអោយបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីយើងទាំងអស់គ្នារួចផុតពីជំងឺកូវីដ១៩ ។ 

ក្នុងឱកាសនោះ លោកបានប្រគល់ជូនសម្ភារៈរបស់លោកអភិបាលខេត្ត មានម៉ាស់ ចំនួន០២កេស ស្មើ៥០០០ម៉ាស់ ជែល៤០០ដបតូចនិងថ្នាំបុរាណចិនចំនួន១២០ប្រអប់សម្រាប់ទុកចែកដល់បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺផងដែរ ៕






គណបក្សប្រជាជនកម្ពុជាឃុំពពេល បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧  ខែកក្កដា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខ  ក្រោមការដឹកនាំរបស់ លោក អម សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបរិបូណ៌បានថ្លែងបែបនេះដោយមានការចូលរួមពីលោកសូ សារ៉េតលោកអ៊ុក សារុន ក្រុមការងារថ្នាក់ខេត្ត លោក លោកស្រីក្រុមការងរថ្នាក់ស្រុក និងក្រុមការងារគណបក្សឃុំ ចូលរួមផងដែរ។

បន្ថែមពីនោះ លោក អម សុភា បានជម្រុញអោយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពង្រឹងស្មារតី ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរ។ ត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន របស់ខ្លួន។

លោក អម សុភា ក៏បានជម្រុញបន្ថែមថាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ត និងបន្តផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារនិង៣កុំ ដើម្បីខ្លួនយើង ក្រុមគ្រួសារ អ្នកជិតខាង  និងមូលដ្ឋានទួលខុសត្រូវរបស់យើងជៀសផុតពីជំងឺកូវីដ-១៩៕






ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលការសាងសង់ផ្លូវ៦០០ម៉ែត្រនៅភូមដក់គ្រង ឃុំពង្រ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីចប់កម្មវិធីវេរប្រគេនទៀនព្រះវស្សា៥វត្តក្នុងឃុំពង្រ លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និង លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោកឌី ដារ៉ាវុធ តំណាងលោកហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បានចុះសួរសុខទុក្ខគ្រួសារធ្វើចត្តាឡីស័កនៅភូមិត្រពាំងធំ ចំនួន ០៣ គ្រួសារ ។

ក្នុងនោះ លោកអភិបាលខេត្តនិងលោកស្រីតំណាងរាស្ត្រ ក៏បាន ឧបត្ថម្ភក្នងមួយ គ្រួសារ ជាអង្ករ ១០  គីឡូ,មី ០១ កេស,ភេសជ្ជៈ វីគ័រ(vigor) ០១ កេស,ទឹកស៊ីអ៊ីវ០១យួរ,ទឹកត្រី ០១ យួរ  និងថវិកា ៤០០០០រៀលផងដែរ។  

ជាកិច្ចបន្ទាប់ លោកមអភិបាលខេត្តនិងលោកស្រីតំណាងរាស្ត្រ ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែងជាង ៦០០ ម៉ែត្រស្ថិតនៅភូមិដក់គ្រងឃុំពង្រដែលមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានធ្វើហើយ ៕









សេចក្តីជូនដំណឹងស្តីពីករណីកម្មករ-កម្មការិនីមួយចំនួនតូចវិជ្ជមានជំងឺកូវីដ-១៩ ធ្លាប់ធ្វើការនៅរោងចក្រសួដា (ខេមបូឌា)ដុងសេង ថឹកស្ថាយ ហ្គាមិន ក្រុងបាវិត បើមានអ្នកធ្លាប់ជួបដោយផ្ទាល់ ឬដោយប្រយោល សូមប្រញាប់ធ្វើចត្តាឡីស័ក ឬធ្វេីតេស្តរកមេរោគកូវីដ១៩

ស្វាយរៀង៖ សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រសួដា(ខេមបូឌា) ដុងសេង ថឹកស្ថាយ ហ្គាមិន ស្ថិតនៅក្រុងបាវិត តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន

កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូច វិជ្ជមានកូវីដ-១៩។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។



សេចក្តីជូនដំណឹង ករណីរកឃើញវិជ្ជមានកូវីដ-១៩ លើឈ្មោះ ប៉ាង កែវពិសិដ្ឋ មុខរបរកោសដូងនៅផ្សារវាលយន្ត បើមានអ្នកធ្លាប់ជួបដោយផ្ទាល់ ឬដោយប្រយោល សូមប្រញាប់ធ្វើចត្តាឡីស័ក ឬធ្វេីតេស្តរកមេរោគកូវីដ១៩

ស្វាយរៀង៖ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់ពាក់ព័ន្ធជាមួយ

បុរសឈ្មោះ ប៉ាង កែវពិសិដ្ឋ អាយុ ៥៣ឆ្នាំ អ្នកកោសដូងនៅផ្សារវាលយន្ត រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕




សេចក្តីជូនដំណឹង ករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសឈ្មោះ ប្រាក់ ណារិន ជាបុគ្គលិកថែទាំមាត់ធ្មេញ បើមានអ្នកធ្លាប់ជួបដោយផ្ទាល់ ឬដោយប្រយោល សូមប្រញាប់ធ្វើចត្តាឡីស័ក ឬធ្វេីតេស្តរកមេរោគកូវីដ១៩

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់ពាក់ព័ន្ធជាមួយ

បុរសឈ្មោះ ប្រាក់ ណារិន អាយុ ២៨ឆ្នាំ បុគ្គលិកRHស្វាយជ្រំ រស់នៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ  បន្ទប់ថែទាំមាត់ធ្មេញ គិតចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១

សមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ




គណបក្សប្រជាជនកម្ពុជាឃុំពង្រ ទទួលបានសម្ភារៈពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័ក

កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង  និងលោក កែ ច័ន្ទមុនី អ្នកតំណាង

រាស្រ្តមណ្ឌលកំពង់ឆ្នាំងគណបក្សប្រជាជន  រួមដំណើរដោយលោក ឌី ដារ៉ាវុធ តំណាងលោកហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បាននាំយកសម្ភារៈ ប្រគល់េជូនគណបក្សឃុំ ដើម្បីជួយសម្រួល ដល់គ្រួសារដែលមានជីវភាពខ្វះខាត ធ្វើចត្តាឡីស័កនៅតាមផ្ទះ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅទី១៧ ខែកក្កដា ឆ្នាំ២០២១។

លោក ស៊ុន សុវណ្ណារិទ្ធិ បានណែនាំដល់មេឃុំ មេភូមិ ត្រូវសហការណ៍ជាមួយក្រុមគ្រូពេទ្យ ក៏ដូចជាសមត្ថកិច្ច ក្នុងពេលចុះយកសំណាក ដោយត្រូវណែនាំដល់ប្រជាពលរដ្ឋនៅទីតាំងបិទខ្ទប់ ត្រូវធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ដោយត្រូវគោរពឱ្យបាននូវវិធានការរបស់ក្រុមគ្រូពេទ្យ និងក្រសួងសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចេញដើររហេតរហូតពីតំបន់បិទខ្ទប់ឡើយ។ ចំណែកសមត្ថកិច្ច នៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់នោះ ឱ្យបានម៉ឺងម៉ាត់ផងដែរ ដើម្បីរួមគ្នាកាត់ផ្ដាច់ការចម្លងពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សម្ភារ:ដែលបានផ្តល់ជូនរួមមាន៖ អង្គរចំនួន ២០០គីឡូ, មី ១០ កេស, ភេសជ្ជៈវីហ្គ័រ ២០ កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ុវ១០ យួរ ៕





លោកស្រី ដួង វណ្ណា សម្តែងការចូលរួមសោកស្តាយគ្រោះមហន្តរាយធម្មជាតិបង្កឱ្យខូចខាតផ្ទះសំបែង និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន

ស្វាយរៀង៖ នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២១ បណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៩ ខ្នង (ខូចខាតទាំងស្រុង ៧ ខ្នង មធ្យម ១១ ខ្នង ខូចខាតស្រាល ១១ ខ្នង និងរបួសមនុស្ស ១ នាក់ ) ក្នុងស្រុកកំពង់រោទិ៍ នៅឃុំញរ ឃុំខ្សែត្រ និងឃុំសំឡី  ។ 

មានប្រសាសន៍នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ 

សូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ចំពោះបងប្អូនដែលមិនទាន់បានទទួលវ៉ាក់សាំងសូមប្រញ៉ាប់ទៅចាក់តាមទីតាំងឲ្យបានគ្រប់ៗគ្នា ។ ព្រោះចាប់តាំងពី ព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើងយើងទាំងអស់គ្នា មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាល ជាបន្តបន្ទាប់នៅក្នុងសហគមន៍ នេះជាដំណាក់កាល ដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺ ដ៏កាចសាហាវនេះ ហេតុនេះសូមបងប្អូនស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង។ 

អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមចំនួន ១៨ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំបាយ-សម្ល ២ ថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ១១ គ្រួសារ ទទួលបានថវិកា ៦០.០០០ រៀល អ្នករបួស ១ នាក់ ទទួលបានថវិកា ២០០.០០០ រៀល ៕





អភិបាលរងខេត្តស្វាយរៀង បាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃសម្រាប់ត្រៀមចូលព្រះវស្សា ចំនួន៥វត្ត

ស្វាយរៀង៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាង អភិបាលខេត្ត និង លោក ជិន ប៊ុនធឿន តំណាង លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលមានការចូលរួមពី លោក រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខា រាម អភិបាលស្រុករំដួល បាននាំយកទេយ្យទាន សម្ភារ និងថវិកា ដែលជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវឌ្ឍនា ប៊ុន ស៊ាងលី មកប្រគេនដល់ព្រះសង្ឃសម្រាប់ត្រៀមចូលព្រះវស្សា ចំនួន៥វត្ត នៅក្នុងស្រុករំដួល រួមមាន វត្តពោធ៍មុន្នី (ឃុំស្វាយចេក) វត្តជ័យមុន្នី (ឃុំម៉ឺនជ័យ) វត្តធ្នង់ (ឃុំថ្នាធ្នង់) វត្តបុសមន (ឃុំបុសមន) វត្តសេកមាស(ឃុំពងទឹក)។

ក្នុងឱកាសនោះដែរ លោក តូច ប៉ូលីវ៉ា ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា និងណែនាំដល់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ក្រសួងសុខាភិបាល និងជួយផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់  លាងសម្អាតដៃជាមួយជែល ឬ សាប៊ូ និង រក្សាគម្លាត៕








ការជួសជុលតួកណ្តាលប្រាសាទតុបខាងលិចសម្រេចបាន៦០ភាគរយហើយ

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុនកំពុងដំណើរការជួសជុលតួប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង៦០ភាគរយហើយ។

លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា ចាប់ពីការចាប់ផ្តើមអនុវត្តគម្រោងជួសជុលតួកណ្តាលប្រាសាទតុបខាងលិចពីឆ្នាំ២០១៧ រហូតដល់ពេលនេះ យើងបានធ្វើកិច្ចការសំខាន់ៗជាច្រើនទៅតាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) ដោយធ្វើការរុះរើទាំងស្រុងតួប៉មកណ្តាលចាប់ពីដំបូលចុះមកគ្រឹះថ្មបាយក្រៀមចាស់ រួចធ្វើការបង្ហាប់ពង្រឹងបណ្តាទីតាំងចន្លោះប្រហោងនៅផ្នែកខាងក្រោម ដែលជាចំណុចបង្កឱ្យមានការស្រុតរលំតួប្រាសាទ ហើយធ្វើការរៀបផ្គុំតួប៉មឡើងវិញទៅតាមលំនាំដើមទាំងស្រុង។         

ក្នុងការរៀបផ្គុំឡើងវិញនេះ យើងបានប្រើប្រាស់ថ្មថ្មីប្រហែលពី២០ ទៅ២៥ភាគរយ ជំនួសថ្មចាស់ដែលពុកផុយ និងបាត់បង់ (ថ្មថ្មីដែលយកជំនួសយើងមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ គឺគ្រាន់តែឆ្លាក់ជាហេតុៗប៉ុណ្ណោះ)។ គម្រោងនេះគ្រោងនឹងបញ្ចប់នាកំលុងខែមិនា ឆ្នាំ២០២២ខាងមុខ។ លោកបន្តទៀតថា មុនឈានដល់ការជួសជុលតួកណ្តាលនេះ វិទ្យាស្ថានជាតិណារ៉ា ធ្លាប់បានចូលរួមជួសជុលតួខាងត្បូងនិងខាងជើងរបស់ប្រាសាទតុបនេះ នាចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៧។ ជាបន្តបន្ទាប់ទៀតក្រោយពីបញ្ចប់គម្រោងនេះ វិទ្យាស្ថានជាតិណារ៉ានឹងបន្តធ្វើការជួសជុលកែលម្អរចនាសម្ពន្ធជុំវិញ ព្រមទាំងខឿនមុខប្រាសាទជាបន្តទៀត។

ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ (ទិសនិរតីប្រាសាទបាយ័ន្ត) ជាប្រាសាទបែបព្រះពុទ្ធសាសនា មានតួប៉ម៣នៅលើខឿនតែមួយបែរមុខទៅទិសខាងកើត។ ប្រាសាទនេះគេយល់ថាសម័យដែលសាងនោះគឺសតវត្សរ៍ទី១០។ ប៉ុន្តែប្រាសាទទាំងមូលដែលយើងឃើញសព្វថ្ងៃ គឺជាការកែបន្ថែមបន្ថយខ្លះដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧៕







អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

 ភ្នំពេញ:នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ អំណោយជាសម្ភារៈបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា​ ១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន​ ១០០គ្រឿង៕