Friday, October 23, 2020
ប្រសាសន៍សម្តេចតេជោ ហ៊ន សែន ស្តីពីខ្លឹមសារ និងអត្ថន័យ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស
ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីខ្លឹមសារ និងអត្ថន័យ នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហគមខ្មែររស់នៅ ប្រទេសស្វីស ថ្ងៃទី២៣ តុលា ២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់
បន្ទាយមានជ័យ៖ ថ្លែងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបន្តអញ្ជើញជួបសួរសុខទុក្ខនិងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងផ្ញើជាថ្មីដល់ក្រុមប្រឆាំងថាបើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើខុសច្បាប់។ ការផ្តាំផ្ញើជាថ្មីនេះ បានធ្វើឡើងបន្ទាបពីក្រុមអ្នកធ្វើនយោបាយប្រឆាំងដែលតែងតែបំពានច្បាប់រដ្ឋ បន្តលើកឡើងជាដដែលៗថានៅកម្ពុជាមិនទាន់មានសន្តិភាពពេញលេញឡើយព្រោះពួកគេមិនមានសន្តិភាពផ្លូវចិត្ត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កាលណាបុគ្គលណាម្នាក់ធ្វើខុសគឺគេអត់មានសន្តិភាពផ្លូវចិត្តទេ មិនថាកំហុសក្នុងផ្លូវរដ្ឋ សាសនា ឬក្នុងក្រុមគ្រួសារ។ លោកបានលើកឧទាហរណ៍ដូចជាក្នុងករណីប្តីកុហកប្រពន្ធ ឬប្រពន្ធកុហកប្តី ក៏អត់មានសន្តិភាពផ្លូវចិត្តដែរ ដោយសារខ្លាចភាគីម្ខាងទៀតដឹងដូច្នេះការមិនធ្វើខុសទើបនាំឲ្យមានសន្តិភាពផ្លូវចិត្ត។
សូមរំលឹកផងដែរថា ក្រោមការបង្រួបបម្រួមជាតិ តាមរយៈគោលនយោបាយឈ្នះឈ្នះ ប្រទេសកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋអាចដើរលេងកម្សាន្ត ធ្វើបុណ្យទាន និងប្រកបរបរទទួលទានដោយមិនខ្លាចអ្វីឡើយ។ ដើម្បីរំលឹកដល់នយោបាយឈ្នះឈ្នះនេះ កម្ពុជាបានកសាងវិមានឈ្នះ ឈ្នះដើម្បីជានិមិត្តរូបផងដែរ ហើយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដើម្បីធ្វើពិធីរំលឹកដល់នយោបាយឈ្នះ ឈ្នះផងដែរ៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរសាទរខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០នេះ គឺជាខួប២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំងក្រោមវត្តមានសាក្សីមកពី១៨ប្រទេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស២៣តុលា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហនុ នៅ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាងសីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញនិងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕