Wednesday, May 31, 2017

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ និងប្រជាពលរដ្ឋ នៅ៤ឃុំ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ និងសមាជិក សមាជិកា នៃគណបក្សប្រជាជននៅ ឃុំស្វាយជ្រំ ឃុំគោកព្រីង ឃុំស្វាយអង្គ ឃុំស្វាយយា ខេត្តស្វាយរៀង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ។
លោកស្រីក៏បានរំលឹកបញ្ជាក់ជូនដល់បេក្ខភាពជាក្រុមប្រឹក្សាឃុំ សង្កាត់ រួមជាមួយសមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ត្រូវគោរពតាមច្បាប់រដ្ឋក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ និងបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាទីបញ្ចប់នៃកម្មវិធីក៏មានការបង្រៀនអំពីការគូសលើសន្លឹកឆ្នោតសាកល្បងផងដែរ៕





ក្រសួងការងារ អំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ ធ្វើយ៉ាងណាស​ម្រួលពេលវេលា​ និងបង្ក​លក្ខណៈ​ងាយស្រួល​ឲ្យកម្មករ​ទៅបោះឆ្នោត​ ឲ្យបានគ្រប់ៗគ្នា​

បើតាមសចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បានអំពាវនាវឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ធ្វើយ៉ាងណាសម្រួលពេលវេលា និងបង្កលក្ខណៈងាយស្រួល ឲ្យកម្មករនិយោជិត​មានលទ្ធភាពទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់គ្រប់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ សូមជួយបង្កលក្ខណៈ ងាយស្រួលដល់កម្មករនិយោជិត បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមឃុំ-សង្កាត់ ដែលពួកគេបានចុះឈ្មោះបោះឆ្នោត ស្របតាមស្មារតីអំពាវនាវរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រនូវសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនាពេលនេះ។ លោកបានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ដែលជាពេលវេលាគៀកទៅនឹងថ្ងៃបោះឆ្នោតនោះ មានការលើកឡើងពីសំណាក់កម្មករនិយោជិតថា ម្ចាស់រោងចក្ររបស់ពួកគេ មិនអនុញ្ញាតឲ្យពួកគេទៅបោះឆ្នោត នាពេលខាងមុខឡើយ ប៉ុន្តែទោះជាយ៉ាងណា ទាំងក្រសួងការងារ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សុទ្ធតែបានចេញសេចក្ដីអំពាវនាវ និងទទូចឲ្យម្ចាស់រោងចក្រ សហគ្រាសទាំងនោះ សម្រួលពេលវេលាដល់កម្មករ  និងនិយោជិតរបស់ខ្លួន បានទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។

លោកបានបន្តថា សម្ព័ន្ធសហជីពជាតិរបស់លោក បានគាំទ្រចំពោះការៀបចំដំណើរការចុះឈ្មោះបោះឆ្នោត របស់ គ.ជ.ប កាលពីឆ្នាំ ២០១៦ កន្លងទៅ ដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលជាប់រវល់ធ្វើការនៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន ឲ្យពួកគាត់អាចចុះ ឈ្មោះបោះឆ្នោតនៅជិតកន្លែងធ្វើការបាន ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ក្នុងការទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន នៅជិតទីតាំងដែលពួកគាត់ធ្វើការ ម្យ៉ាងទៀត ប្រសិនបើពួកគាត់ធ្វើដំណើរទៅចុះបោះឆ្នោត និងបោះឆ្នោតនៅ ស្រុកកំណើតរបស់ពួកគាត់នោះ ពួកគាត់ក៏ត្រូវចំណាយថវិកា និងពេលវេលាច្រើនផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះមានការបំផុសថា រាជរដ្ឋាភិបាលកម្ពុជា និងគជប មិនអនុញ្ញាតឲ្យកម្មករឈប់សម្រាករយ:ពេល៣ថ្ងៃ ដើម្បីឱ្យកម្មករមានឱកាសគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ មន្ត្រីគណបក្សប្រឆាំង ក៏បានស្នើឱ្យគជប មានវិធានការដើម្បីឱ្យកម្មករបានឈប់សម្រាក៣ថ្ងៃផងដែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប មិនមានសមត្ថកិច្ចកំណត់បញ្ជាឲ្យកម្មករនិយោជិត ឈប់សម្រាកពីថ្ងៃនេះដល់ថ្ងៃនោះ ជំនួសនិយោជក ឬម្ចាស់សហគ្រាសគ្រឹះស្ថាន នោះឡើយ ព្រោះការងារនេះ ហួសដែនសមត្ថកិច្ចផ្លូវច្បាប់របស់ គ.ជ.ប ពោល គ.ជ.ប បានត្រឹមតែធ្វើសេចក្ដីអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងនោះ អនុញ្ញាតឲ្យកម្មករនិយោជិតរបស់ខ្លួន បានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខាន។

សូមជម្រាបថា ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមបប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ គឺនឹងត្រូវធ្វើឡើងចំថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃឈប់ស្រាប់ ដូច្នេះប្រជាពលរដ្ឋ កម្មករ និយោជិតទាំងអស់ នឹងមានពេលវេលាសក្តិសម ក្នុងការទៅចូលរួមទៅ បោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ កន្លងទៅ៕



បោះឆ្នោតជូនគណបក្សប្រជាជន​កម្ពុជា​គឺបោះឆ្នោត​ដើម្បីខ្លួនឯង​ដើម្បីសុខសន្តិភាព​ ស្ថិរភាពសង្គម​ និងការអភិវឌ្ឍ​

លោក សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង និងលោក សុខ ពុទ្ធិវុធ អនុប្រធានទី១ បានចុះជួបសំណេះសំណាល ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំខ្វាវ អាណត្តិទី៤ ក្នុងភូមិសម៉រក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៧ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់។
គណៈអធិបតី បានបញ្ជាក់ច្បាស់ថាមានតែគណបក្សប្រជាជនតែប៉ុណ្ណោះ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយកសាងសមិទ្ធផលដ៏ច្រើននៅមូលដ្ឋានមាន ផ្លូវ ប្រឡាយ សាលារៀនរហូតដល់ថ្នាក់វិទ្យាល័យនៅឃុំ តបណ្តាញអគ្គិសនីបានគ្រប់ភូមិ ហើយបានបញ្ចុះតម្លៃអគ្គិសនី បញ្ចុះតម្លៃការប្រាក់ជាដើម។

លោក សុខ ផេង ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងសូមបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បីភូមិឃុំ និងមូលដ្ឋានរបស់យើងបន្តរីកចំរើនទៅមុខទៀត៕






សកម្មជនបក្សសង្គ្រោះជាតិ២០៤រូប នៅស្រុកបាណន់ ខេត្តបាត់ដំបង បានដើរចេញពីបក្ស មកចូលរួមជាមួយបក្សប្រជាជនដោយសារអស់ជំនឿ

សកម្ម​ជនគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន២០៤នាក់ នៅក្នុងមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បានដើរចេញពីបក្ស ដោយសារតែអស់ជំនឿ លើមេដឹកនាំរបស់ពួកគេ ហើយមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា​។ ក្រុមសកម្មជនទាំងនោះ បានលើកឡើងដូចគ្នាថា ការចាកចេញពីបក្សរបស់ពួកគេនេះ មកពីអសកម្មក្នុងជួរថ្នាក់ដឹកនាំគណបក្ស បែកបាក់សាមគ្គីផ្ទៃក្នុងបក្ស និងបាត់បង់ជំនឿចិត្ត លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រប់ជាន់ថ្នាក់ ដែល​មិនបានធ្វើអ្វីសោះ ជូនសង្គមជាតិពិសេសនៅតាមមូលដ្ឋាន គឺចេះតែសន្យាខ្សល់ បោកប្រាស់អ្នកគាំទ្រខ្លួនរហូតមក។

បន្ទាប់ពីលោក ជុំ ញ៉ អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកបាណន់ បានឡើងអានសេចក្តីសម្រេចប្រកាសទទួលស្គាល់បញ្ចូល សមាជិកបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជាថ្មីទាំង២០៤រូបរួចមក លោក ឈាន តឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង បានអបអរសាទរក្នុងពិធីជួបសំណេះសំណាល និងប្រកាសទទួលស្គាល់ សកម្មជន ជាសមាជិកថ្មីទាំង២០៤រូប មកពីបក្សសង្គ្រោះជាតិ​ ស្ថិតនៅភូមិ-ឃុំ នានាស្រុកបាណន់ នាព្រឹកថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៧។

អតីត​សកម្មជន CNRP​ បានប្រាប់ឱ្យដឹងថា​ ដោយសារតែពួកគាត់អស់ជំនឿលើមេបក្ស ដែលសន្យាខ្យល់ មិនដឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជាទេដែលជាហេតុនាំឱ្យពួកគេទាំងអស់ស្ម័គ្រចិត្តមករួមរស់ជី​វភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាវិញ។ ព្រោះគណបក្សប្រជាជន បានយល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាងបក្សណាៗទាំងអស់។ ហេតុដូច្នេះបានជាសម្មជនទាំងនោះ សម្រេចចិត្តដើរចេញពីមេបក្សសន្យាខ្យល់ទាំងនោះ ដើម្បីមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​ ព្រោះគ្រប់ទីកន្លែង​ មានការ​អភិវឌ្ឍន៍លើ​គ្រប់វិស័យ​នៅតាមមូលដ្ឋាន។

លោក ឈាន តឿន បានថ្លែថា​ ក្នុងរយៈពេល៣​អណត្តិមកនេះ តើអ្នកសន្យាទាំងនោះ ពួកគេបានសម្រេចលទ្ធផលអ្វីខ្លះជាផ្លែផ្កាដែរទេសន្យា បានត្រឹមតែសន្យាដដែលៗ ឯអ្នកសន្យាទៀតសោតក៏មុខដដែលៗ។ ប៉ុន្តែឯអ្នកមិនដែលសន្យាវិញ គឺបានបង្ហាញសមិទ្ធផលដែលបានកសាងជាក់ស្តែង ពីមួយអណត្តិ ទៅមួយអណត្តិមានសមិទ្ធិផលកាន់តែច្រើនឡើងដើម្បីទុកជាប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋពាសពេញប្រទេសកម្ពុជា​។

លោកប្រធាន បានបញ្ជាក់ថា ដើម្បីបន្តជំហានកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខទៀត សូមបងប្អូនកុំជឿគណបក្សដែលសន្យាខ្យល់ទៀត ។ លោកបានបញ្ជាក់ថា ដើម្បី​​​ឱ្យប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត សូមបងប្អូនមេត្តា បោះឆ្នោតឲ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧ខាងមុខនេះទាំងអស់គ្នា៕






អភិបាលរាជធានីភ្នំពេញ ប្រកាសសុំការយោគយល់ ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ​ទាំងមូល​ ចំពោះការស្ទះចរាចណ៍​ នាថ្ងៃបិទ​បញ្ចប់ការ​ឃោសនា​រកសម្លេងឆ្នោត​

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងមូល ចំពោះការស្ទះចរាចណ៍ នាថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត។ លោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងទីក្រុងភ្នំពេញ បើជៀសបាន មិនបាច់ចេញឡានទេ ក្រែងលោស្ទះ តែបើចាំបាច់ ចេញក៏ចេញ ហើយរកមើលផ្លូវណាដែលមិនស្ទះ នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ។

អភិបាលរាជធានីភ្នំពេញ បានសន្យាថា នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមិថុនា ខាងមុខនេះ រាជធានីភ្នំពេញ នឹងរៀបចំមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

ការថ្លែងសុំការយោគយល់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ខណៈដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីត្រួតពិនិត្យលទ្ធផលការដ្ឋាន ដាក់ប្រព័ន្ធលូ និងស្ថាបនាផ្លូវលេខ៧៧BT ប្រវែងជិត៣គីឡូម៉ែត្រ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសហែក្បួនមនុស្សជិត៥ម៉ឺននាក់ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងចេញដឹកនាំសមាជិកផ្ទាល់ជាង១៥ម៉ឺននាក់ មានប្រវែងពេលហែរជាង៣០គីឡូម៉ែត្រ ពេញរាជធានីភ្នំពេញ ពោលក្បាលក្បួននៅរង្វង់មូលស្ពានជ្រោយចង្វារ និងកន្ទុយក្បួននៅផ្លូវ៦០ម៉ែត្រឯណោះ។

អភិបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្បូនយុទ្ធនាការដ៏ធំសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល នឹងជួបជុំគ្នានៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ នឹងដង្ហែតាមដងវិថីពេញរាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសមាជិកចំនួនជាង១៥ម៉ឺននាក់ ហែក្បួនពេញរាជធានីភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។ នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬអ្នកដង្ហែបក្សនយោបាយនោះឡើយ។ ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕







សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ អំពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ននៅ ក្នុងការដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងធ្វើការដង្ហែរក្បួនមហាជនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖


លោក ជាវ ប៊ុនរិទ្ធ៖ រយៈពេល៨ឆ្នាំមកនេះ ប.ស.ស ចំណាយ​ថវិកាជាង​១៥លានដុល្លារ​ ដើម្បី​ទូទាត់ថ្លៃ​ព្យាបាល​ដល់កម្មករ​ដែលរង​គ្រោះថ្នាក់​ការងារ​

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឲ្យដឹងថារយៈពេល៨ឆ្នាំមកនេះ ប.ស.ស បានចំណាយថវិកាជាង១៥លានដុល្លារ ដើម្បីទូទាត់ការចំណាយថ្លៃព្យាបាលជនរងគ្រោះ ១៥៥,០៣៤នាក់ ដល់មន្ទីរពេទ្យ និងទូទាត់ថ្លៃឧបត្ថម្ភដល់ជនរងគ្រោះ គ្រួសារជនរងគ្រោះផងដែរ។
លោក ជាវ ប៊ុនរិទ្ធ បានឲ្យដឹងទៀតថា ថវិកាជាង ១៥លានដុល្លារនេះ ត្រូវបានចំណាយទៅលើ៖ ១- ថ្លៃដឹកជញ្ជូនជនរងគ្រោះ ២- ថ្លៃសង្គ្រោះបន្ទាន់ ៣- ថ្លៃព្យាបាលរហូតដល់ជាសះស្បើយ ៤- ឧបត្ថម្ភលុយប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ ៥- ឧបត្ថម្ភលុយប្រចាំថ្ងៃដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ ៦- ឧបត្ថម្ភលុយប្រចាំខែដល់ជនរងគ្រោះបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ៧- ផ្តល់ឧបករណ៍ និងសម្ភារៈ ដូចជា៖ ដៃជើង អវៈយវៈសិប្បនិមិត្ត ឈើច្រត់ រទេះរុញដល់ជនរងគ្រោះដែលពិការភាព ៨- ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា អ៊ុតសក់, សំអាង, ជួសជុលទូរស័ព្ទ, ជាងភ្លើងជាដើម។
ដោយឡែក ចំពោះជនរងគ្រោះ ដែលគ្រោះថ្នាក់ដល់ស្លាប់ ទទួលបាន៖ ១- ឧបត្ថម្ភលុយ៤លានរៀល សម្រាប់ធ្វើបុណ្យសព ២- ឧបត្ថម្ភលុយប្រចាំខែ សម្រាប់ចិញ្ចឹមកូនរបស់ជនរងគ្រោះដល់អាយុ១៨ឆ្នាំ។ ប្រសិនបើនៅរៀន ឬមានជំងឺ ផ្តល់លុយឧបត្ថម្ភប្រចាំខែរហូតដល់អាយុ២១ឆ្នាំ ៣- ឧបត្ថម្ភលុយប្រចាំខែដល់ ប្តី ឬប្រពន្ធ របស់ជនរងគ្រោះ ៤- ឧបត្ថម្ភលុយប្រចាំខែដល់ជនចាស់ជរា រួមមាន៖ ឪពុក ម្តាយ ជីដូន ជីតា សាច់ញ្ញាតិអ្នកនៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
លោក ជាវ ប៊ុនរិទ្ធ បានបន្តទៀតថា ប.ស.ស មានភារកិច្ចធានារ៉ាប់រងគ្រោះថ្នាក់ការងារ ធានារ៉ាប់រងសុខភាព និងប្រាក់សោធនដល់កម្មករនិយោជិតក្នុងវិស័យឯកជន។ គិតមកដល់ឆ្នាំ២០១៧នេះ ប.ស.ស បានចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន សរុបចំនួន ៩,០៣១សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ១,១៥៦,១៣៨នាក់៕






សមាជិកគណបក្សសង្គ្រោះជាតិទូទាំងខេត្តបន្ទាយមានជ័យជាង២ពាន់នាក់ ចាកចេញពីបក្ស មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដោយសារបាក់ទឹកចិត្ត និងអស់ជំនឿ

គិត​ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសល់តែ៤ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ហើយ ប៉ុន្ដែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ថ្នាក់ដឹកនាំ និងសកម្មជន​របស់គណបក្សសង្គ្រោះជាតិ ទូទាំងខេត្តបន្ទាយមានជ័យ ប្រមាណជាង២ពាន់នាក់ បានចាកចេញពីគណបក្សមួយនេះ ហើយសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សមានភាពចាស់ទុំ និងមិនចេះសន្យាខ្យល់។
លោក អាត់ ខែម បានបញ្ជាក់ថា ក្រោមការណែនាំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំផ្ទាល់ពី លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានធ្វើឱ្យថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សប្រឆាំង យល់ច្បាស់ពីគោលនយោបាយរបស់បក្សកាន់អំណាច ដែលមិនបោកប្រាស់ ភូតភរដូចបក្សប្រឆាំងឡើយ ពោលគណបក្សប្រឆាំង មិនដែលបានធ្វើអ្វីសម្រេចជូន​ពលរដ្ឋបានម្ដងនោះទេ មានតែយកសមិទ្ធផលរបស់បក្សកាន់អំណាចទៅអួតថារបស់ខ្លួនតែប៉ុណ្ណោះ កត្តាទាំងនេះហើយ ដែលធ្វើឱ្យសកម្មជនទាំងនោះ ភ្លឺភ្នែក និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក បានបន្ថែមថា លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងសកម្មជនទាំងនោះ យ៉ាងរួសរាយរាក់ទាក់ ប្រកបដោយភាពកក់ក្ដី ដែលនេះសបញ្ជាក់ឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបន្ទន់កាយចិត្ត ទទួលយកសមាជិកថ្មីជានិច្ច ដោយមិនប្រកាន់ពីនិន្នាការនយោបាយចាស់ឡើយ។
បើតាមលោក អាត់ ខែម ក្រៅពីសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏នៅមានគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិដែរ ដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សរុបជិត៣ពាន់នាក់។ សកម្មជន សមាជិក បានថ្លែងស្រដៀងៗគ្នាថា ការចាកចេញនោះដែរ ទន្ទឹមដែលថ្នាក់ដឹកនាំកំពូលគណបក្សប្រឆាំងមួយនេះ កំពុងមានរឿងអាស្រូវស្រីញី បែកធ្លាយ ការកំណត់ឱ្យចៅសង្កាត់ និងមេឃុំជាប់ឆ្នោត ត្រូវរកប្រាក់បង់ចូលបក្សសង្រ្គោះជាតិ រឿងអាស្រូវពុករលួយ យកប្រាក់បានមកពីការរៃអង្គាសប្រាក់ ពីសប្បុរសជនក្នុង និងក្រៅប្រទេសបើកទូរទស្សន៍ព្រះអាទិត្យ យកមកចាយវាយអស់ រឿងអាស្រូវអំពើអយុត្តិធម៌ ពាក់ព័ន្ធអ្នកមានប្រាក់ឱ្យឈរឈ្មោះ បេក្ខជនឃុំសង្កាត់ លំដាប់លេខរៀងទី១ បើអ្នកអត់លុយត្រូវដាក់លេខរៀង នៅតាមក្រោយអ្នកដែលបានបង់ប្រាក់ តាមលំដាប់ជាបន្តបន្ទាប់ ។

ការចេញនោះដែរខណៈដែលគណបក្សសង្រ្គោះជាតិ ដាក់ចេញនូវគោលនយោបាយដូរមេឃុំបម្រើបក្ស ដាក់មេឃុំបំរើរាស្រ្ត ដែលជាគោលនយោបាយបំបែកបំបាក់ឱ្យខ្មែរ និងខ្មែរបែកបាក់គ្នា និងមានការរើសអើង គណបក្សសង្រ្គោះជាតិ ក៏កំពុងបាត់បង់អ្នកគាំទ្រនៅខាងក្រៅប្រទេសផងដែរ៕







លោក ខៀវ កាញារីទ្ធ សរសើររដ្ឋាភិបាលវៀតណាម ដែល​ចេះប្រើ​លុយឲ្យអាមេរិក​ ផ្សព្វផ្សាយពីខ្លួន​ ធ្វើឲ្យចំណង​ទំនាក់ទំនង​ កាន់តែល្អប្រសើរ​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរចំពោះរដ្ឋាភិបាលវៀតណាម ដែលចេះប្រើលុយឲ្យអាមេរិក ផ្សព្វផ្សាយពីខ្លួន ធ្វើឲ្យចំណងទំនាក់ទំនងអាមេរិក និងវៀតណាម កាន់តែល្អប្រសើរ ដែលជាហេតុនាំឲ្យប្រធានាធិបតីអាមេរិកអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ទៅទស្សនកិច្ចនៅសេតវិមាន។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា លោក ង្វៀន សួនហ៊្វុក នឹងក្លាយជាមេដឹកនាំប្រទេសសមាជិកអាស៊ានដំបូងគេ ដែលនឹងត្រូវចេញទៅបំពេញទស្សនកិច្ចនៅសេតវិមានតបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ។ តាមការគ្រោងទុកលោក ង្វៀន សួនហ៊្វុក នឹងត្រូវជួបជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ (ម៉ោងនៅអាមេរិក)។ ក្នុងជំនួបនោះត្រូវបានគេរំពឹងថា បញ្ហាជាច្រើននឹងត្រូវលើកយកមកពិភាក្សា ជាពិសេសការពង្រឹងទំនាក់ទំនងរវាងអាមេរិក និងប្រទេសវៀតណាមតែម្តង។

ក្រៅពីនាយករដ្ឋមន្រ្តីវៀតណាម ប្រធានាធិបតីអាមេរិក ក៏ធ្លាប់បានអញ្ជើញនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា និងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ ឲ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។ តែមេដឹកនាំនៃប្រទេសដែលធ្លាប់មានសម្ព័ន្ធភាពដ៏ស្អិតល្មួតជាមួយអាមេរិកទាំងពីរនេះ ហាក់សម្តែងការព្រងើយកន្តើយចំពោះសំណើនេះ គ្រាពួកគេកំពុងបង្កើនចំណងទំនាក់ទំនងជាមួយប្រទេសចិន។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ការចេញផ្សាយរបស់ព័ត៌មានបរទេសមកថា ប្រទេសទាំងពីរនេះកំពុងតែស្តីបន្ទោសមន្រ្តីការទូតរបស់ពួកគេ មិនសូវសកម្មដូចមន្រ្តីការទូតរបស់វៀតណាម ជាហេតុធ្វើឲ្យមេដឹកនាំប្រទេសទាំងពីរនេះមានភាពយឺតយ៉ាវជាងប្រទេសវៀតណាម ក្នុងការចេញទៅទស្សនកិច្ចនៅសេតវិមាន។

តាមការស្រាវជ្រាវប្រភពព័ត៌មានពីបរទេសលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា ក្រៅពីភាពប៉ិនប្រសព្វ និងសកម្មលើការងារទូតហើយនោះ បច្ចុប្បន្នវៀតណាម បានចាយលុយក្នុងមួយខែបីម៉ឺនដុល្លារ ដើម្បីជួលក្រុមហ៊ុនរបស់អាមេរិក ជួយបញ្ចុះបញ្ចូលឃោសនាពីវៀតណាមនៅលើទឹកដីសហរដ្ឋអាមេរិកថែមទៀតផង។ លុយបីម៉ឺនដុល្លារជាចំនួនមួយដ៏ច្រើន ប៉ុន្តែផលប្រយោជន៍ដែលវៀតណាម ទទួលបានពីអាមេរិកមកវិញគឺមហាសាល។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ចង់ឲ្យមន្រ្តីការទូតខ្មែរពិចារណា និងគិតគូរលើចំណុចនេះផងដែរ៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ឈ្នះ​ គឺបងប្អូនឈ្នះ! ​សិទ្ធិសេរីភាព ​និងជំនឿ​សាសនារបស់​បងប្អូន​ ត្រូវបាន​គោរព​ស្មើភាពគ្នា​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបង្ហាញសារនៅលើ Facebook ផ្លូវការរបស់លោកថា គណបក្សប្រជាជន ឈ្នះ គឺបងប្អូនឈ្នះ! សិទ្ធិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា!
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសារអំពាវនាវទាំងស្រុងថា៖ «យើងជឿទុកចិត្ត និង បោះឆ្នោតឲ្យតែ “គណបក្សប្រជាជនកម្ពុជា” ១គត់ ! អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា! ដោយសារបងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗត្រូវ ទើប ប្រទេសជាតិយើងមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនឈ្នះ គឺបងប្អូនឈ្នះ! សិទ្ធិសេរីភាព និងជំនឿសាសនារបស់បងប្អូន ត្រូវបានគោរពស្មើភាពគ្នា។ គណបក្ស ប្រជាជនឈ្នះ គឺគ្រប់សាសនាទាំងអស់កាន់តែរីកចម្រើន!
លោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា មានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលយើងជឿទុកចិត្តតាំងពីដើមរហូតមក។ សូមបងប្អូនបោះឆ្នោតអោយបេក្ខជន ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ «គណបក្សប្រជាជនកម្ពុជា» យើងទាំងអស់គ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕




ហ្វេសប៊ុកចៅចាក់ស្មុក៖ យាយនៅស្រុកខ្មែរច្បាស់ជាងយាយនៅស្រុកបារាំង

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «យាយនៅស្រុកខ្មែរច្បាស់ជាងយាយនៅស្រុកបារាំង» ដែលមានខ្លឹមសារដូចខាងក្រោម៖
ប្រសាសន៍លោកយាយបីនាក់ ដែលត្រូវបានថតជាវីដេអូ និងបង្ហោះចែកចាយនៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងហ្វេសប៊ុក កំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសប្រសាសន៍លោកយាយពីរនាក់ដែលកំពុងរស់នៅស្រុកខ្មែរ។ លោកយាយពីររូបនេះបានថ្លែងកោតសរសើរពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងការសង្គ្រោះជាតិពីរបបខ្មែរក្រហម ការបញ្ចប់សង្គ្រាមស៊ីវិល នាំយកសន្តិភាពជូនជាតិ និងប្រជាជន និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាដោយចេញពីបាតដៃទទេ រហូតមកដល់កម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការសាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យនៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។
លោកយាយទាំងពីរបានថ្លែងថា គ្រប់ពេលបោះឆ្នោតទាំងអស់ ពួកគាត់បោះឆ្នោតឱ្យតែគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ហើយបានថា អ្នកដែលបោះឆ្នោតឱ្យបក្ស រង្ស៊ី និង កឹម សុខា ជាមនុស្សភ្លើ។ ភ្លើព្រោះសុខសន្តិភាព គ្មានចម្បាំងរយៈពេលជាង ២០ ទៅ៣០ ឆ្នាំ មកនេះ គឺជាការត្រួសត្រាយផ្លូវ និងជាកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មិនមែនចេញពីបាតដៃរបស់បក្សប្រឆាំងទេ ហើយ សម រង្ស៊ី ក៏ជាកូនអ្នកក្បត់ជាតិដែរ។ លោកយាយទាំងពីរ ក៏បានអំពាវនាវកូនចៅបងប្អូនខ្មែរបន្តគាំទ្រសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទៀតដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ ហើយពួកគាត់ចង់បានអាយុវែង មិនចង់បានសង្គ្រាមអាយុខ្លីទេ។
ចំណែកវីដេអូយាយម្នាក់ទៀតដែលកំពុងរស់នៅស្រុកបារាំងដែលថតយូរហើយ និងត្រូវបក្សប្រឆាំងយកមកទប់នឹង សម្តីមាសរបស់លោកយាយនៅស្រុកខ្មែរបាននិយាយរិះគន់សម្តេចតេជោ ហ៊ុន សែន ដឹកនាំមិនល្អ និងដឹកនាំយូរហើយម្តេចមិនព្រមចុះចេញពីតំណែង។ តាមពិតបើប្រៀបធៀបលោកយាយពីរនាក់នៅស្រុកខ្មែរ និងលោកយាយម្នាក់នៅស្រុកបារាំង ដែលលោកយាយពីរនាក់មានវ័យ ៩០ ឆ្នាំដូចគ្នា សុទ្ធតែបានឆ្លងកាត់ការផ្លាស់ប្តូររបបជាច្រើន នៅកម្ពុជា និងក៏បានដឹងពីប្រវត្តិសាស្ត្រ រឿងរ៉ាវជាច្រើនដែរ។
១-លោកយាយនៅស្រុកបារាំង មិនដឹងថាគាត់ចាកចេញពីស្រុកខ្មែរទៅតាំងពីពេលណាទេ ប៉ុន្តែអាចនៅមុនរបបខ្មែរក្រហមឡើងកាន់អំណាច ឬនៅក្រោយខ្មែរក្រហមធ្លាក់ពីអំណាច។ លោកយាយទំនងមិនបានមកលេង ស្រុកកំណើតយូរហើយ និងមានតែព័ត៌មាន និងរូបភាពអាក្រក់ពីកម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស ឬសំឡេងរបស់ក្រុមប្រឆាំង។ អ្វីដែលលោកយាយមានប្រសាសន៍ គឺមិនពិតឡើយ ព្រោះមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាបច្ចុប្បន្ន។ ចំណែកលោកយាយ និយាយថា សម្តេច ហ៊ុន សែន ដឹកនាំប្រទេសយូរ ហេតុអ្វីមិនចុះចេញពីតំណែង? តាមពិតលោកយាយរស់នៅស្រុកបារាំងយូរហើយ លោកយាយគួរយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យកម្ពុជា ក៏អនុវត្តលទ្ធិប្រជាធិបតេយ្យដែរ រាស្ត្រជាអ្នកបោះឆ្នោត បើប្រជាពលរដ្ឋច្រើនលើសលុបបោះឆ្នោតគាំទ្រ សម្តេច ហ៊ុន សែន បន្តដឹកនាំប្រទេសដើម្បីថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេស មតិភាគតិចត្រូវគោរពមតិភាគច្រើន។ ដូច្នេះលោកយាយកុំទើសទាល់អី ហើយបើអាចចៅចាក់ស្មុក សូមអញ្ជើញលោកយាយមកលេងស្រុកខ្មែរម្តង ដើម្បីបានឃើញពីការរីកចម្រើនរបស់កម្ពុជា ដែលទិដ្ឋភាពនេះលោកយាយមិនដែលបានឃើញទេ នៅអំឡុងទសវត្សរ៍ ឆ្នាំ ១៩៧០ ឬ ១៩៨០។
២-លោកយាយនៅស្រុកខ្មែរពីររូប ដែលបានលើកឡើង គឺច្បាស់ណាស់បញ្ជាក់ថា លោកយាយមិនដែលរត់ចោលស្រុកទេសភូមិកំណើតរបស់ខ្លួន ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនគាត់ទេ ពួកគាត់រួមសុខរួមទុក្ខជាមួយកូនៗក្រុមគ្រួសារ និងប្រទេសជាតិ។ ឆ្លងកាត់បទពិសោធន៍រាប់ភ្លេចតាំងពីការទម្លាក់គ្រាប់បែករបស់អាមេរិក របបខ្មែរក្រហមសង្គ្រាមស៊ីវិលជាដើម លោកយាយទាំងពីរពិតជាមិនអាចពិពណ៌នាបាននូវទុក្ខសោកវេទនា និងសោកនាដកម្ម ដែលក្រុមគ្រួសារគាត់បានជួប ប្រទេសជាតិបានរងគ្រោះនោះឡើយ។ រឿងរ៉ាវមានច្រើនឥតឧបមា។ ហេតុដូច្នេះ ហើយបានជាលោកយាយទាំងពីរនៅស្រុកខ្មែរដឹងច្បាស់ណាស់ថា តើនរណាជាអ្នកសង្គ្រោះជាតិ និងជីវិតប្រជាជនពិតប្រាកដ និងនរណាជាអ្នកបង្កចលាចលពិតប្រាកដ។ លោកយាយទាំងពីររូបនៅស្រុកខ្មែរបានភ្លក់គ្រប់រសជាតិ ជីវិត ហើយបច្ចុប្បន្នបាននិងកំពុងរស់នៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ មានវត្តអារាមធ្វើបុណ្យ មានព្រះសង្ឃជាស្រែបុណ្យ។ រាស្ត្រខ្មែរភាគច្រើនកំពុងសម្បូរសប្បាយ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបន្តគោលនយោបាយអភិវឌ្ឍដើម្បីឈានដល់ការលុបបំបាត់ភាពក្រីក្រទាំងស្រុង និងលើកកម្ពស់ ជីវភាពប្រជាជន សុខុមាលភាពជាដើម។
សរុបមកវិញ សូមទោសលោកយាយនៅស្រុកបារាំង អ្វីដែលលោកយាយមានប្រសាសន៍មិនឆ្លុះបញ្ចាំងពីការពិតទេ មិនដែលអញ្ជើញមកស្រុកខ្មែរ តែនិយាយពីស្ថានភាពឱ្យពលរដ្ឋខ្មែរក្នុងស្រុកស្តាប់។ គេមិនជឿលោកយាយទេ។ ប៉ុន្តែសម្រាប់លោកយាយពីររូបនៅស្រុកខ្មែរ ពិតជាបានហែលឆ្លងកាត់នូវរឿងរ៉ាវទាំងអស់ជាងលោកយាយនៅស្រុកបារាំង។ ដូច្នេះមានតែយាយនៅស្រុកខ្មែរទេដែលដឹងយល់ដឹងរឿងពិត ហើយអ្វីដែលគាត់និយាយគឺជាការពិត។ លោកយាយមិនចេះកុហក បោកប្រាសដូចបក្សប្រឆាំងទេ!
ដោយ៖ ចៅ ចាក់ស្មុក



លោក ម៉ៅ ភិរុណ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល

នៅថ្ងៃទី​៣០ ខែឧសភា​ ឆ្នាំ២០១៧​ លោក​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្តកណ្តា​ល​ រួមជាមួយ​ លោកស្រី​ ជ្រឹង​ បទុមរង្សី​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណី​យ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកោះអន្លង់ចិន​ បាន​អញ្ជើញជាអធិបតីក្នុងពិធី​បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ​ ក្នុងឃុំកោះអន្លង់ចិន​ ស្រុកស្អាង​ ខេត្តកណ្តាល​ ជាមួយនឹងវត្តមានពីអ្នកពាក់ព័ន្ធ​ និងប្រជាពលរដ្ឋចំនួន​ ១០៤១​ នាក់។ គួរបញ្ជាក់​ថា​ ផ្លូវដែលបើកការដ្ឋាននាថ្ងៃនេះ​ មានប្រវែង១០០០​ ម៉ែត្រ​ ទទឹង៤​ ម៉ែត្រ​ កម្រាស់​ ០,១៥​ ម៉ែត្រ​ សាងសង់ឡើងដោយប្រើប្រាស់ថវិកាគុណប្រយោជន៍​ឆ្នាំ២០១៧​ រយៈពេលសាងសង់​ ០៣​ ខែ។

នៅក្នុងឱកាសនោះ​ លោក​ ម៉ៅ​ ភិរុណ​ បានបញ្ជាក់ថា​ សមិទ្ធផលដែលយើងនឹងបើកការដ្ឋាននៅថ្ងៃនេះ​ គឺដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ។ ថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកោះអន្លង់ចិន​ ដែលនឹងទទួលបាននូវផ្លូវបេតុងថ្មីមួយខ្សែបន្ថែមលើសមិទ្ធផលជាច្រើនដែលកោះអន្លង់ចិនមាន​ ព្រមទាំងមានក្តីសង្ឃឹមជឿជាក់ថា​ ផ្លូវបេតុងថ្មីនេះ​ នឹងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ជាពិសេសជួយសម្រួលដល់ការធ្វើដំណើរ​ ទៅសិក្សា​ និងដឹកជញ្ជូនកសិផលទៅលក់នូវទីផ្សារ។

លោក​ ម៉ៅ​ ភិរុណ ក៏បានណែនាំដល់មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ត្រូវពិនិត្យ​ ណែនាំដល់ម្ចាស់កំពង់ចម្លង​ មិនត្រូវអោយយកលុយពីសិស្សានុសិស្ស​ ឆ្លងទៅរៀននោះទេ។ ​ លោក ក៏បានប្រ​កាសផ្តល់ផ្លូវបេតុងប្រវែង១០០០​ ម៉ែត្រ​ ដល់ឃុំកោះអន្លង់ចិន​ ប្រើប្រាស់ថវិកាគុណប្រយោជន៍ឆ្នាំ២០១៨ និងបានប្រគេនថវិកា​ ៤០០០​ ដុល្លារសម្រាប់ទិញឥដ្ឋការ៉ូ​ រៀបចំលម្អនៅក្នុងវត្តជោតិរង្សី​ ស្ថិតនៅភូមិក្បាលកោះ​ ព្រមទាំង​ប្រកាសផ្តល់ដីចំនួន​ ១០០​ ឡាន​ សម្រាប់ចាក់បំពេញទីធ្លា​សាលាបឋមសិក្សា​ ហ៊ុន​ សែន​ កណ្តាលកោះ​ ស្ថិតក្នុងភូមិកណ្តាលកោះ។

ជាទីបញ្ចប់ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា​ នាថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ ហើយសូមបងប្អូន​បោះឆ្នោតដើម្បីការពារសន្តិភាពយូរអង្វែង​ ការពង្រឹងប្រជាធិបតេយ្យ​ បន្តការអភិវឌ្ឍន៍ប្រទសជាតិយើងឱ្យរីកចម្រើន និងបន្តលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានយើងជាបន្តបន្ទាប់ទៀត៕





អ្នកនាំពាក្យគណបក្សប្រជាជន៖ ការប៉ុនប៉ងលុបក្រសួងអភិវឌ្ឍជនបទ បង្ហាញថា បក្សប្រឆាំងគ្មានគិតគូពីតម្រូវការរបស់ប្រជាជនឡើយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ដល់គណបក្សសង្រ្គោះជាតិ ដែលប្រកាសប៉ុនប៉ងលុប ក្រសួងអភិវឌ្ឍជនបទ បើសិនជា ពួកគេឈ្នះឆ្នោត។ លោក ចាត់ទុកថា ការប៉ុនប៉ងលុបក្រសួងអភិវឌ្ឍជនបទដែលបានខិតខំកសាងអភិវឌ្ឍនៅមូលដ្ឋាន បង្ហាញថា គំនិតគណបក្សប្រឆាំងគ្មានគិតគូពីតម្រូវការរបស់ប្រជាជនឡើយ។

លោក សុខ ឥសាន បានបញ្ជាក់ថា សកម្មភាពរបស់ក្រសួងអភិវឌ្ឈន៍ជនបទ បានជំរុញការស្ថាបនាសំណង់ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានា បានយ៉ាងច្រើនសន្ធឹកសន្ធាប់គួរកត់សម្គាល់។ ផ្ទុយទៅវិញ បែរជាគណបក្ស សាង្គ្រោះជាតិ ប្រកាសរំលាយចោលក្រសួង ដ៏មានសារៈសំខាន់នេះទៅវិញ នៅពេលគេឈ្នះឆ្នោត។ ទោះបីគណបក្សប្រឆាំង និយាយថា យកចិត្តទុកដាក់ពីប្រជាជន មូលដ្ឋានយ៉ាងណាក្តី ក៏ការសម្រេចលុបចោលក្រសួងនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា គណបក្សនេះ គ្មានគិតគូពីការលំបាក តម្រូវការរបស់ប្រជាជនឡើយ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានសន្យាទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា បើគណបក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោត នៅពេលខាងមុខ បានដឹកនាំប្រទេស ខ្លួននឹងរំលាយចោលនូវក្រសួងអភិវឌ្ឍន៍ជន ដើម្បីកុំឱ្យចំណាយលុយច្រើន ហើយទម្លាក់ កញ្ចប់លុយទាំងនោះទៅអភិវឌ្ឍន៍ទៅថ្នាក់ឃុំ-សង្កាត់ចាត់ចែងផ្ទាល់វិញ។ ក្រោយការប្រកាសនេះ មានអ្នកជំនាញ និងមន្រ្តីរាជរដ្ឋាភិបាលជាច្រើន សម្តែងការប្រតិកម្មថា មិនអាចទទួលយកបាន។

ក្នុងកិច្ចពិភាក្សាតុមូលស្ដីពីគោលនយោបាយរបស់គណបក្សសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក សុខ ទូច អ្នកស្រាវជ្រាវបញ្ហាសង្គម និងវិភាគនយោបាយនៅកម្ពុជា បានថ្លែងរិះគន់ជាខ្លាំងចំពោះបំណងលុបបំបាត់ ក្រសួងអភិវឌ្ឍន៍ជនបទនេះ។ លោក សុខ ទូច បញ្ជាក់ថា ការលុបបំបាត់ ក្រសួងអភិវឌ្ឍន៍ជនបទមិនមែនជាដំណោះស្រាយជួយឲ្យការអភិវឌ្ឍឃុំ សង្កាត់ បានល្អប្រសើរ និងរីកចម្រើននោះឡើយ។

រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានបង្កើតក្រសួងអភិវឌ្ឈន៍ជនបទ នៅក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ១៩៩៣ ដើម្បីរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ។ ជំហរនៃក្រសួងនេះ គឺបង្ហាញឱ្យឃើញនូវសារៈសំខាន់ក្នុងការយកចិត្តទុក ដាក់ទៅលើ «ការលើកស្ទួយកំរិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រជនបទ»។ ក្រសួងនេះទទួលខុសត្រូវលើការងារអភិវឌ្ឍជនបទចំរុះថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងក្របខណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើកស្ទួយកម្រិតនៃការរស់នៅ និងគុណភាពនៃជីវភាពរបស់ប្រជារាស្ត្រជនបទ ដោយកាត់បន្ថយ ភាពក្រីក្រតាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជា ផ្លូវលំជនបទ ការផ្គត់ផ្គង់ទឹក ជនបទជាដើម៕


(វីដេអូ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ គោលនយោបាយផ្តល់ថវិកា ៥០ម៉ឺនដុល្លារអាមេរិកទៅឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ មិនអាចធ្វើទៅបានឡើយ

លោកបណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានថ្លែងថា គោលនយោបាយផ្តល់ថវិកា ៥០ម៉ឺនដុល្លារអាមេរិកទៅឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ មិនអាចធ្វើទៅបានឡើយ សម្រាប់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។ លោក បានថ្លែងដូចនេះ នៅក្នុងវេទិកាតុមូលជជែកពីការអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។

លោកបណ្ឌិត ក៏បានបញ្ជាក់ថា នយោបាយនេះ ក៏មិនអាចធ្វើឱ្យការអភិវឌ្ឍឃុំ សង្កាត់ បានល្អប្រសើរនោះដែរ ប្រសិនបើចំណេះដឹងមេឃុំ ចៅសង្កាត់ នៅមានកម្រិតនោះ៕

សូមទស្សនាការបកស្រាយរបស់លោកបណ្ឌិតដូចខាងក្រោម៖


(វីដេអូ) យុវជនដែលរងការវាយដំទាត់ធាក់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ សម្រេចដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ

នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ យុវជនដែលរងការវាយដំទាត់ធាត់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ ក្នុងពេលកំពុងហែក្បួនឃោសនានៅម្តុំស្ទឹងមានជ័យ បាននឹងកំពុងដាក់ពាក្យបណ្តឹង ប្តឹងក្រុមអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិជាច្រើននាក់ នៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧នេះ។ យុវជនដែលរងគ្រោះ ដោយសារក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមានឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ។

ទស្សនវិភាគ៖ សន្លឹកឆ្នោតក្នុងតម្លៃរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍បន្តឬក៏ក្នុងតម្លៃសន្យាខ្យល់?

សន្លឹកឆ្នោតសម្រាប់បរិបទកម្ពុជា គឺមានជម្រើសពីរ៖ ១-គឺប្រជាពលរដ្ឋខ្មែរសម្តែងឆន្ទៈលើសន្លឹកឆ្នោតក្នុងសតិសម្បជញ្ញៈផ្តល់តម្លៃដល់ការថែរក្សាសន្តិភាព ដើម្បីសេចក្តីសុខក្សេមក្សាន្ត ជាមួយនឹងកិច្ចអភិវឌ្ឍន៍បន្ត និងធ្វើឱ្យកាន់តែប្រសើរឡើងតាមរយៈផ្លែផ្កានៃកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

ដើម្បីសម្រេចបាននូវវត្ថុបំណងនេះ គឺប្រជាពលរដ្ឋសម្រេចចិត្តគូសលើសន្លឹកឆ្នោតត្រង់រូបទេវតាបាចផ្កា ដែលប្រជាពលរដ្ឋហៅរត់មាត់ថា គណបក្សសម្តេច ហ៊ុន សែន ឈ្មោះផ្លូវការ «គណបក្សប្រជាជនកម្ពុជា»។ ពលរដ្ឋគ្រប់ៗរូបទទួលផលជាក់ស្តែងរៀងៗខ្លួន ពីសន្តិភាព និងការអភិវឌ្ឍន៍នៃទង្វើប្រកបដោយផ្លែផ្កាជាក់ស្តែង។

២-បើនរណាចង់ប្រថុយសាកល្បងរបស់ថ្មី ជាមួយនឹងការសន្យាខ្យល់នោះមានជម្រើសមួយទៀត គឺគណបក្សសង្គ្រោះជាតិ។ គណបក្សប្រឆាំងមួយនេះ មិនដែលទទួលស្គាល់សមិទ្ធផលជាតិដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងមកទល់ពេលនេះទេ។ ផ្ទុយទៅវិញ មេដឹកនាំគណបក្សសង្គ្រោះជាតិ សន្យាបើឈ្នះឆ្នោតកសាងអ្វីៗ គឺថ្មីស្រឡាង។ បើទោះបីលោក កឹម សុខា ធ្លាប់សន្យាកាលឆ្នាំ២០១២ ថាបើគណបក្សគាត់ឈ្នះបានមេឃុំ គឺចាស់ៗក្នុងឃុំនោះនឹងបានលុយបួនម៉ឺនរៀលក្នុងមួយខែ តែឥឡូវជិតផុតអាណត្តិមេឃុំចាស់របស់លោក កឹម សុខា ទៅហើយ ចាស់ៗអត់ឃើញលុយបួនម៉ឺនរៀលម្តងណាទាល់តែសោះ។

មិនតែប៉ុណ្ណោះចូលដល់បោះឆ្នោតអាណត្តិថ្មី លោក កឹម សុខា ស្ងាត់ឈឹងលែងនិយាយរឿងបួនម៉ឺនរៀល បែរជាមកសន្យារឿងលុយកន្លះលានដុល្លារមួយឆ្នាំសម្រាប់ឃុំនីមួយៗវិញម្តង។ ដូច្នេះសន្យាបួនម៉ឺនរៀលកាលប្រាំឆ្នាំមុន រួមទាំងសន្យាខ្យល់ផ្សេងៗទៀត វាពិតជា «សន្យាខ្យល់» មែន។ រីឯ អ្នកច្រឡំបោះឆ្នោតគាំទ្រគណបក្សលោក កឹម សុខា កាលឆ្នាំ២០១២ និង២០១៣ កំពុងខកចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ស្រាប់តែ២០១៧ ត្រូវការសន្លឹកឆ្នោតទៀត លោក កឹម សុខា និងជួរដឹកនាំគណបក្សសង្គ្រោះជាតិ ចូលដល់វោហារស័ព្ទសន្យាថ្មី ភ្លេចសន្យាចាស់។ ដូច្នេះអ្នកណាដែលមិនទាន់អស់ចិត្ត ចេះតែសង្ឃឹមជឿទៀតទៅ តែសម្រាប់អ្នកដែលខកចិត្ត និងអស់ចិត្តពិតជាសម្រេចចិត្តផ្សេង លែងប្រថុយនឹងវោហាស័ព្ទសន្យាខ្យល់របស់លោក កឹម សុខា តទៅទៀតហើយ៕

ដោយ៖ សម្លេងយើង


Friday, May 19, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនពរនគរបាលនៅទូទាំងប្រទេស ក្នុងឱកាសប្រារព្ធខួប ៧២ឆ្នាំថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូនពរកងកម្លាំង នគរបាលជាតិនៅទូទាំងប្រទេស នៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧២ឆ្នាំ នៃថ្ងៃបដិសន្ធិរបស់កម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងសារជូនពរថា «
ជួសមុខឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ សូមផ្ញើនូវការសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីនគរបាលជាតិនៅទូទាំងប្រទេស ដែលបាននឹងកំពុងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋពីដំណាក់កាលមួយទៅដំណាក់កាលមួយ ព្រមទាំងសម្រេចបាននូវស្នាដៃ និងសមិទ្ធផល ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន»។
សូមភ្ជាប់មកជាមួយនូវសារជូនពររបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើជូនកងកម្លាំងនគរបាលនៅទូទាំងប្រទេស៖



ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័តមានរួម រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដោយបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅប្រទេសចិន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗកន្លងមកនេះ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចតទៅ៖