Thursday, August 17, 2017

(សូមទស្សនាវីដេអូ)៖ បែកធ្លាយ NDI រៀបចំយុទ្ធសាស្ត្រ ជួយ CNRP ផ្តួលរំលំបក្សកាន់អំណាច

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង

បន្ទាប់ពីបានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជីវករផ្សារសាមគ្គី ខេត្តស្ទឹងត្រែង​រួចមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបន្ត ដំណើរជួបសំណេះ​សំណាល​ជាមួយ​ថ្នាក់​ដឹកនាំ បុគ្គលិក មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ​ខេត្តស្ទឹង​ត្រែង។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យ​សមិទ្ធ​ផល​ជាតិក្នុងខេត្តស្ទឹងត្រែង នៅក្នុងពិធីសំណេះសំណាលគ្នានោះ លោកនាយករដ្ឋមន្រ្តី បានផ្តល់អគារសិក្សាជូនដល់សាលាបឋមសិក្សាអនុវត្ត នូវអគារសិក្សាថ្មី១ខ្នង២ជាន់១២បន្ទប់ អគារទីចាត់​ការ១ខ្នង៣បន្ទប់។ ដោយឡែកសម្រាប់មជ្ឈមណ្ឌលគរុកោសល្យ លោកនាយក​រដ្ឋមន្រ្តី ជួយកសាងអគារសិក្សាថ្មី ១ខ្នង២ជាន់១២បន្ទប់ ជួសជុលអគារចាស់ៗឡើងវិញ ពិសេសបានផ្តល់ជូនគរុសិស្សបានទៅបំពេញទស្សនកិច្ចនៅខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឧបត្ថម្ភនូវថវិកាមួយចំនួនចែកជូនដល់លោកគ្រូអ្នកគ្រូ និង​សិស្សា​នុសិស្ស ពិសេសការថតរូបសែលហ្វីបង្ហោះក្នុងភាពស្និតស្នាលរ៉ាក់ទាក់។ នៅក្នុង ពិធីសំណេះសំណាលគ្នានោះដែរ លោកក៏បានប្រកាសនៅចំពោះមុខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងគរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ពីការប្រកាស​ផ្តល់និងពង្រីកអគារ បន្ថែមក្នុងនោះពង្រីកពីអគារ១ខ្នង២ជាន់២០បន្ទប់ ទៅកាន់អគារ១ខ្នង៣​ជាន់៣០បន្ទប់ អគារសិក្សាថ្មី១ខ្នង២ជាន់ ២០បន្ទប់ ពិសេសបាន​ជួយសាងសង់​ទីលានបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីប្រែក្លាយមជ្ឈមណ្ឌលនេះ ឲ្យ ក្លាយទៅជាទីកន្លែង​បណ្តះបណ្តាល​វិស័យកីឡា របស់ខេត្តស្ទឹងត្រែង ឲ្យមានភាពខ្លាំងក្លា និងមានការប្រកួតប្រជែងជា   មួយ​និងបណ្តារាជធានី ខេត្តទូទាំងកម្ពុជា៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដែលជាថ្ងៃទី២នៃការស្នាក់នៅបំពេញបេសកកម្មការងារ នៅខេត្តស្ទឹងត្រែង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ អាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដែលទើបស្ថាបនាសាងសង់រួចរាល់ និងបើកឲ្យប្រជាពលរដ្ឋចូលប្រកបមុខរបរធ្វើអាជីវកម្មជាថ្មីឡើងវិញ ដែលជាអំណោយសប្បរធម៌របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំណាយពេលប្រមាណ១ម៉ោង ក្នុងការជួបប្រាស្រ័យទាក់ទងជាមួយ អាជីវករប្រកបមុខរបរក្នុងផ្សារ។ នៅក្នុងពិធីនោះ លោកនាយករដ្ឋមន្រ្តី បានបង្ហាញ នូវភាពស្និតស្នាលរាក់ ទាក់ជាមួយ អាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង  តាមរយៈការប្រាស្រ័យទាក់ទង សំណេះសំណាលដោយផ្ទាល់ជាមួយអាជីវករទាំងនោះ ពិសេសធ្វើការសាកសួរដោយផ្ទាល់ពីការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់អាជីវករ បន្ទាប់ពីផ្សារសាមគ្គីខេត្តស្ទឹងត្រែងថ្មីនេះបានសាងសង់រួច និងបើកឲ្យប្រជាពលរដ្ឋប្រកបមុខរបរជាថ្មីឡើងវិញមកនោះ។
លោកនាយករដ្ឋមន្រ្តីបានភ្ជាប់នូវការទំនាក់ទំនង ដោយផ្ទាល់ជាមួយអាជីវករ តាមរយៈការសាកសួរពីការប្រកបរបរទទួលទានប្រចាំថ្ងៃ ក្នុងនោះលោកក៏បានធ្វើការសាកសួរពីការលក់ទំនិញក្នុងផ្សារ ដែលភាគច្រើននាំចូលមកពីបរទេស និងផលិតផលក្នុងស្រុក។ រយៈពេលជាង៣៨ឆ្នាំ បន្ទាប់ពីការរស់រានមានជីវិតជាថ្មីឡើងវិញ របស់ប្រទេសនិងប្រជាពលរដ្ឋកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាបានជំនះឆ្លងកាត់នូវឧបសគ្គតូចធំជាច្រើនរាប់មិនអស់ រហូតសំរេចបាននូវស្នាដៃធំៗជាប្រវត្តិសាស្រ្តដែលនឹកស្មានមិនដល់ ក្នុងការការពារកសាង ស្តារនិងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យ ជាពិសេសការនាំប្រទេសកម្ពុជា ពីស្ថានភាពនៃការរស់នៅក្នុងភាពបែកបាក់ ការភ័យក្លាច សង្រ្គាមផ្ទៃក្នុង ភាពឯកកោ ការហ៊ុពទ្ធ័សេដ្ឋកិច្ច និងនយោបាយ ពីបណ្តាប្រទេសនានាលើសកលលោក ឈានឆ្ពោះចូលទៅគ្រប់វេទិកាតំបន់ អន្តរជាតិ និងពិភពលោកខ្ពស់មុខខ្ពស់មាត់ ដោយស្មើសិទ្ធនិងស្មើភាព ដូចបានបង្ហាញឲ្យឃើញយ៉ាងប្រត្សក្ស នៅក្នុងបរិបទនៃសាកលភាវូបនីយកម្ម ទំនើម របស់ពិភពលោកក្នុងដំណាក់កាលបច្ចុប្បន្ននិងទៅអនាគត និងជាពិសេសទៅទៀតនោះ កម្ពុជាមិនគ្រាន់តែជាប្រទេសមួយ ដែលមានថាមពលរឹងមាំ ក្នុងការថែរក្សាការពារនិងកសាង នូវរាល់សមិទ្ធផលសង្គមនៅផ្ទៃក្នុងប្រទេស ប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកនូវថាមពល និងធនធានពិតប្រាកដ ក្នុងការចូលរួមចំណែកដល់ការបំរើបេសកកម្មមនុស្សធម៌ នៅក្នុងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ តាមរយៈប្រតិបត្តិការបោសសំអាតគ្រាប់មីន ប្រតិបត្តិការក្នុងវិស័យមនុស្សធម៌និងសុខាភិបាល នៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ដែលកំពុងហែកហួរទៅដោយសង្រ្គាម។ ជាការពិតណាស់ថា ពីមួយថ្ងៃទៅមួយកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ កម្ពុជាបានបោះជំហានយ៉ាង ស្វាហាប់ប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ក្នុងការដឹកនាំជោគវាសនាអនាគតប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ និងប្រកបដោយនិរន្តរភាពខ្ពស់។ មាតុភូមិអង្គរដ៏បវរនៃយើង បានប្រែប្រួលមុខមាត់ថ្មីឥតឈប់ឈរ ពីមួយអណត្តិទៅមួយអណត្តិ  ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមនៃកម្ពុជា។
ឆ្លងកាត់ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ លោកនាយករដ្ឋមន្រ្តីបានបំពេញ នូវបេសកកម្មជាប្រវត្តិសាស្រ្តធំៗជាច្រើនរាប់មិនអស់ ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបានខិតខំប្រឹងប្រែងយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការលះបង់នូវរាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការដឹកនាំស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ក្នុងការលុបបំបាត់នូវអង្គការចាត់ តាំងនយោបាយ និងយោធារបស់របបកម្ពុជាប្រជាធិបតេយ្យ ដែលនោះគឺជាការរួមចំណែកក្នុងតំលៃមិនអាចកាត់ថ្លៃបាន របស់ប្រជាជាតិកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។ ជាការពិតណាស់ថា នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី បានខិតខំពុះពារនូវរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ក្នុងការការពារការស្តារនិងកសាងសេដ្ឋកិច្ចដ៏ខ្ទេចខ្ទំរបស់ប្រទេសកម្ពុជាដែលបន្សល់ទុកពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ពិសេសជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិមួយដ៏ត្រឹមត្រូវ និងការកែទម្រង់ដ៏ស៊ីជំរៅ ពិសេសជាមួយនិងទេពកោសល្យ នៃការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វតាមរយៈសិល្បះនៃការកៀងគររកប្រភពថវិកានិងហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាមិត្តភក្តិនានាលើពិភពលោក ពីដៃគួអភិវឌ្ឍន៍របស់កម្ពុជា និងពីផ្នែកឯកជន ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាដ៏រឹងមាំ ឈរយ៉ាងខ្ពស់ត្រដែតក្នុងការប្រកួតប្រជែង ជាមួយនិងបណ្តាប្រទេសកម្ពុជាតំបន់និងពិភពលោក។

បន្ទាប់ពីបានចំណាយពេលជួបសំណេះសំណាលសាកសួរសុខទុក្ខ និងទស្សនាផ្សារស្ទឹងត្រែងនោះដែរ លោកនាយករដ្ឋមន្រ្តីបានបង្ហាញនូវភាពស្និតស្នាល តាមរយៈការថតបង្ហោះសែលហ្វីជាមួយអាជីវករក្នុងភាពស្និតស្នាលរ៉ាក់ទាក់ ពិសេសការបង្កបនូវស្នាមញញឹម និងការស្រឡាញ់ពេញចិត្ត រវាងថ្នាក់ដឹកនាំនិងអាជីវករ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីក៏បានដោះស្រាយនូវរាល់បញ្ហាមួយចំនួន ដែលជាសំណើរសុំពីអាជីវកម្មផ្សារស្ទឹងត្រែង ដែលទទួលរងគ្រោះដោយអគ្គិភ័យឆាប់ឆេះ កាលពីពេលកន្លងមក៕














មេឃុំ​មកពីកូតា​គណបក្សប្រជាជន​​ តែងតែ​យក​ចិត្តទុកដាក់​ពីសុខទុក្ខ​​ និងបញ្ហា​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​

ជាការពិតមិនអាចប្រកែកបាន លោក ពុធ សយ ជាមេឃុំគម្រូ នៅឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយលោកតែងតែដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កៀងគររកថវិការសប្បុរសជនជិតឆ្ងាយ នៅក្នុងសហគមន៍ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានដឹកនាំធ្វើការជួសជុលផ្លូវក្រាលថ្មចំនួនពីរខ្សែ នៅភូមិថ្លុកព្រីង មានប្រវែង៧គីឡូម៉ែត្រ និងមួយខ្សែទៀតនៅភូមិថ្នល់កែង មានប្រវែង១៦០០ម៉ែត្រ រួចមក លោកបានបន្តដឹកនាំសកម្មភាពជួសជុលផ្លូវលំមួយខ្សែទៀត ប្រកបដោយជោគជ័យ ដែលប្តូរពីផ្លូវដីសទៅជាផ្លូវក្រាលថ្មដូចគ្នា ចាប់ពីសាលាបឋមសិក្សា ថ្លុកព្រីង ទៅកាន់ភូមិទួលច្រេស ឃុំ ពពែត ស្រុកស្វាយទាប ពេលនេះកំពុងដំណើការដោយស្មារតីសាមគ្គីភាពទាំងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ។
ទាំងនេះសរបញ្ជាក់ឲ្យឃើញថា មេឃុំដែលមកពីកូតាគណបក្សប្រជាជន តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខ និងបញ្ហានានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទៅរបស់ខ្លួនដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ការខិតខំប្រឹងប្រែងទាំងអស់នេះហើយ គឺកើតចេញពីកម្លាំងឆន្ទះបម្រើរាស្រ្តពិតៗមិនដូចការសន្យា របស់គណបក្សប្រឆាំងមុនការបោះឆ្នោតឃុំ សង្កាត់ ថានិងអោយ៥០ម៉ឺនដុល្លារ បើខ្លួនឈ្នះឆ្នោត តែមកដល់ពេលនេះមហាជនទូទៅ មិនទាន់ឃើញមានឃុំណាដែលបក្សសង្គ្រោះជាតិឈ្នះឆ្នោត យកលុយកន្លះលានដុល្លាមកអភិវឌ្ឍន៍ភូមិ ឃុំ នៅមូលដ្ឋានរបស់ខ្លួននៅឡើយទេ។ សរុបសេចក្តីមកលុយទាំងនោះជាលុយបោកប្រាស់ ជាលុយខ្យល់ សន្យាដើម្បីអោយប្រជាពលរដ្ឋ បោះឆ្នោតអោយតែប៉ុណ្ណោះ៕


កូនកោងកាង ២៥០០០ដើម​ បានដាំស្តា​ នៅក្នុងសហគមន៍​តំបន់ការពារ​ធម្មជាតិ​បឹងកាឆាង​ ខេត្តកោះកុង​

សហគមន៍ការពារធម្មជាតិបឹងកាឆាង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានប្រារព្ឋពិធីដាំកូនកោងកាងក្រោមអធិបតីភាពលោក ជួប ប៉ារីស អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងមានការចូលរួមពីមន្រ្តីសាលាខេត្តកោះកុង មន្ទីរបរិស្ថានខេត្ត មន្ទីរសុខាភិបាល អាជ្ញាធរដែនដី ប្រជាសហគមន៍ យុវជនវិស័យបរិស្ថាន យុវជន សសយក ទូទាំងខេត្តកោះកុង ចំនួន៣០០នាក់។
លោក ជួប ប៉ារីស បានថ្លែងថា ការដាំកូនកោងកាងថ្ងៃនេះ គឺដើម្បីដាស់ស្មារតីយុវជនឱ្យចេះស្រឡាញ់ ថែរក្សាព្រៃឈើក៏ដូចជាព្រៃកោងកាងដែរ ព្រោះព្រៃកោងកាងបានរួម ចំណែកក្នុងការស្រូបកាបូន កាត់បន្ថយការប្រែប្រួលអាកាសធាតុ ម៉្យាងទៀត ព្រៃកោងកាងបានផ្តល់នូវធនធានមច្ឆជាតិ ក្នុងការលើកស្ទួយជីវភាពប្រជាសហគមន៍ សម្បូណ៌ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី ហើយព្រៃកោងកាងជាអង្គរក្សសមុទ្រដ៍ក្លាហានក្នុងការទប់ស្កាត់ខ្យល់ព្យុះ។

សូមបញ្ជាក់ថា កូនកោងកាងដែលដាំនេះ បានគាំទ្រថវិកាពីគម្រោងរបៀងជីវៈចម្រុះមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍវន៍អាស៊ី ADB ៕



រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនរួមគ្នាដោះស្រាយបញ្ហាទីផ្សារ


នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងបើកសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត និងផ្គត់ផ្គង់ផលិតផលខ្មែរ ជាមួយអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត ដែលរៀបចំឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យតំណាងវិស័យឯកជន ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីលើកជាសំណូមពរផ្សេងៗមកកាន់គណៈអធិបតី ធ្វើការដោះស្រាយតាមការសមស្រប។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា នេះជាលើកទីពីរហើយដែលក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ បានសហការរៀបចំឡើង ដើម្បីកំណត់នូវបញ្ហាប្រឈម និងដាក់ចេញវិធានការណ៍ឆ្លើយតបនានា សំដៅលើកកម្ពស់ចង្វាក់ផលិតកម្ម និងជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលខ្មែរ។
លោក ប៉ាន សូរស័ក្តិ ក៏បានលើកយកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានជាមធ្យម ៧% ក្នុងរយៈពេល ២ទសវត្សចុងក្រោយ និងការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្វែងរកទីផ្សារជូនសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា។ លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំហរគាំទ្រ ចំពោះការចាប់ដៃគូធុរកិច្ចរវាងម្ចាស់ផលិតផល និងអ្នកទទួលទិញនៅក្នុងសិក្ខាសាលា ដែលជាវឌ្ឍនភាពថ្មីមួយទៀត សម្រាប់លើកកម្ពស់កិត្យានុភាពផលិតផលកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ដែលបានរៀបចំដោយជោគជ័យ កាលពីឆ្នាំមុន បញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងការជំរុញផលិតផលកម្ពុជាចូលទីផ្សារក្នុង និងក្រៅប្រទេស ត្រូវបានដោះស្រាយមួយកម្រិត។ ដោយឡែកសិក្ខាសាលាឆ្នាំនេះ ក៏រំពឹងថានឹងអាចស្វែងរកដំណោះស្រាយកាន់តែច្រើនថែមទៀត ដើម្បីជួយសម្រួលការអភិវឌ្ឍន៍វិស័យឯកជន និងការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា៕







ការបាញ់មកវិញគ្មានត្រាប្រណី៖​ តួនាទី​របស់អាស៊ាន​ក្នុងការកាត់​បន្ថយភាពតានតឹង​រវាងកូរ៉េខាងជើង​ និងអាមេរិក​

ការកើនឡើងនៃភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងគឺជាកង្វល់សម្រាប់       អាស៊ាន។ នៅក្នុងវេទិកាតំបន់អាស៊ានលើកទី ២៤ (ARF) នាពេលថ្មីៗនេះនៅរដ្ឋធានីម៉ានីលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានអំពាវនាវឱ្យសមភាគីរបស់លោកយកប្រកាន់ជំហររឹងមាំប្រឆាំងកូរ៉េខាងជើង។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានឆ្លើយតបដោយជំរុញឱ្យកូរ៉េខាងជើងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិទាំងអស់ (UNSC) ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ៧ ខែសីហា ប្រធានវេទិកាតំបន់អាស៊ានក៏បានកត់សម្គាល់ផងដែរថា «រដ្ឋមន្រ្តីមួយចំនួនបានបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៃឧបទ្វីបកូរ៉េដោយសន្តិវិធី» ។
បើទោះបីត្រូវបានចាត់ទុកដោយប្រទេសជាច្រើនថា ជារដ្ឋផ្តាច់ការក៏ដោយ ក៏សមា ជិកអាស៊ានទាំង ១០ មានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងរក្សាស្ថានទូតនៅក្នុងរដ្ឋសមាជិកអាស៊ានចំនួនប្រាំបីលើកលែងតែប្រទេសហ្វីលីពីន និងប្រ៊ុយណេ។ អ្នកការទូតកូរ៉េខាងជើងក៏នៅតែមានវត្តមាននៅក្រៅប្រទេស សម្រាប់សកម្មភាពមិនមានលក្ខណៈការទូត។ ឧទាហរណ៏ដ៏សំខាន់គឺការធ្វើឃាតបងប្រុសរបស់លោក Kim Jong-un លោក Kim Jong-Nam នៅព្រលានយន្តហោះគូឡាឡាំពួកាលពីខែកុម្ភៈ ដែលនាំឱ្យមានទំនាក់ទំនងល្អក់កកររវាងទីក្រុងគូឡាឡាំពួរ និងក្រុងព្យុងយ៉ាង។ អ្នកការទូតជាន់ខ្ពស់ដែលត្រូវបានជឿជាក់ដោយប៉ូលិសថា បានរួមដៃនៅក្នុងការធ្វើឃាតត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងកិច្ចព្រមព្រៀងចរចារវាងប្រទេសទាំងពីរដើម្បីអនុញ្ញាតឱ្យអ្នកការទូតម៉ាឡេស៊ីនៅកូរ៉េខាងជើងត្រលប់មកផ្ទះវិញ។
ទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េខាងជើងគឺល្អ និងមានភាពស្មុគស្មាញ។ ប្រទេសឥណ្ឌូនេស៊ីពេញចិត្តនឹងទំនាក់ទំនងដ៏កក់ក្តៅ ជាមួយនឹងកូរ៉េខាងជើងតាំងពីទសវត្សរ៍ឆ្នាំ ៦០ ។ កាលពីខែមីនា អង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយដែលភ្ជាប់ក្រុមហ៊ុនសិង្ហបុរីទៅនឹងក្រុមហ៊ុនកូរ៉េខាងជើងដែលជាប់ពាក់ព័ន្ធក្នុងការលក់អាវុធ។ សិង្ហបុរីបានសន្យាស៊ើបអង្កេតឱ្យបានហ្មត់ចត់នូវការចោទប្រកាន់ទាំងនេះ។ ការនាំចូលពីប្រទេសថៃ និងហ្វីលីពីនបានធ្វើឱ្យប្រទេសទាំងពីរនេះ ស្ថិតក្នុងចំណោមអ្នកនាំចូលកំពូលទាំងប្រាំរបស់កូរ៉េខាងជើងដែលនៅពីក្រោយ ចិន ឥណ្ឌា និងរុស្ស៊ី។ ស្ថិតិពាណិជ្ជកម្មក្រៅប្រទេសរបស់អាស៊ានបានកំណត់ពាណិជ្ជកម្មសរុបរវាងអាស៊ាន និងកូរ៉េខាងជើងប្រហែល ១៨៤,៦ លានដុល្លារក្នុងឆ្នាំ ២០១៥ ។ ដោយតំណាងឱ្យមិត្តភក្តិមួយចំនួននៅកូរ៉េខាងជើងដែលនៅតែនៅក្នុងសហគមន៍អន្តរជាតិនោះ អាស៊ានដើរតួនាទីសំខាន់ក្នុងការដាក់សម្ពាធលើប្រទេសដ៏ឃោរ ឃៅនេះ ដោយរឹតបន្តឹងពាណិជ្ជកម្ម និងកាត់បន្ថយទំនាក់ទំនងការទូតដើម្បីបង្ខំឱ្យលោក Kim Jung-un វិលមកកាន់តុចរចាវិញ។
ប្រទេសហ្វីលីពីនដែលជាប្រធានអាស៊ាននៅឆ្នាំនេះ មានបន្ទុកធ្ងន់ដែលត្រូវដោះស្រាយ។ ដោយប្រយ័ត្នប្រយែងលើគោលការណ៍គ្រឹះរបស់អាស៊ាន ស្តីពីការមិនជ្រៀតជ្រែក និងការធ្វើសេចក្តីសម្រេចចិត្តតាមរយៈការមូលមតិគ្នាលោក Alan Peter Cayetano រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា លោកមានកម្រិតក្នុងការជជែកជាមួយសមភាគីរបស់លោកចំពោះអ្វីដែលជាការសម្រេចចិត្តដ៏លំបាកបំផុត»។
អ្នកជំនាញឥឡូវនេះបានលើកឡើងថា មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង (ICBM) មានសក្តានុពលបាញ់ទៅទីក្រុងដែលមានចម្ងាយ ៧០០០ ម៉ាយល៍ដែលអាចឈានដល់ដីគោកអាមេរិក។ មានសង្រ្គាមនុយក្លេអ៊ែរដ៏ធំដែលផ្ទុះឡើងនៅក្នុងតំបន់ជិតខាងអាស៊ាន។   ខណៈដែលលោក Tillerson បានធ្វើការអំពាវនាវជាច្រើនដងឱ្យប្រកាន់ជំហរតឹងរឹងប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានបង្ហាញសញ្ញានៃការចង់កាត់បន្ថយភាពតានតឹងនេះទេ។ ខណៈពេលដែលអាស៊ានដើរតួនាទីជាអ្នកកាត់បន្ថយភាពខ្វែងគំនិតគ្នា វាប្រហែលជាដល់ពេលដែលលោក Trump ឈប់ញុះញង់លោក Kim៕

ប្រភព: The Diplomat ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧

ស្នងការនគរបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងស្ថានភាពទឹកបានឡើងខ្លាំង

ព្រះសីហនុ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះថា ដោយសាររយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងបានធ្លាក់ជោគជាំ រហូតដល់ព្រឹកនេះ ស្ថានភាពទឹក បានឡើងខ្លាំង និងបានលិចហូរកាត់ថ្នល់មួយផ្នែកលើផ្លូវ ជាតិ៣ ក្នុងឃុំទឹកថ្លា  ឃុំទឹកល្អក់ ឃុំសាមគី្គ និងឃុំ មួយចំនួនទៀត តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់។
លោកបានបន្ថែមថា ប៉ុន្តែក្នុងអំឡុងពេលនេះ ការធ្វើចរាចរទៅមកបានជាធម្មតា។ ដោយលោកបញ្ជាក់ថា កម្លាំងមូលដ្ឋានកំពុងឈរជើងនៅកន្លែងដែលរងគ្រោះ បានផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេង និងចាស់ជរា។
បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានចាត់កម្លាំងមួយចំនួនចុះទៅជួយជាបន្ទាន់ និងមួយចំនួនទៀត បានប្រមូលផ្តុំនៅស្នងការដ្ឋាន និងមធ្យោយបាយមួយចំនួនត្រៀមចុះទៅជួយអន្តរាគមន៍ បើស្ថានភាពទឹក មិនថមថយ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។

តាមសេចក្ដីជូនដំណឹង ក៏បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ ៕








មន្ទីរផែនការខេត្ត និងនាយកដ្ឋានអត្តសញ្ញាណកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធី អត្តសញ្ញាកម្មគ្រួសារក្រីក្រថ្នាក់ខេត្ត


នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ មន្ទីរផែនការខេត្ត បានសហការជាមួយនាយកដ្ឋាន អត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ ក្រសួងផែនការ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអត្តសញ្ញាកម្មគ្រួសារក្រីក្រថ្នាក់ខេត្តរយៈ ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ក្រោមធិបតីភាព លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរផែនការខេត្តស្វាយរៀង មានប្រសាសន៍បើក វគ្គបណ្តុះបណ្តាលនេះលោក ប្រធានមន្ទីរបានមានប្រសាសន៍ថា ការចែករំលែកនូវបទពិសោធន៍ ដល់មន្រ្តីអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រមកពីក្រុង-ស្រុក នៅពេលនេះ ដើម្បីបណ្តុះបណ្តាលបន្ត ដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងគោលបំណងឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាចាំបាច់ និងបន្ទាន់ នៃការងារដឹកនាំ គ្រប់គ្រង របស់អភិបាលខេត្តស្វាយរៀង  និងដៃគូអភិវឌ្ឍន៍នានាចង់បាននោះគឺ ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលត្រូវបានកំណត់យ៉ាងជាក់លាក់ ប្រាកដប្រជា ធ្វើជាឧបករណ៍ សម្រាប់ប្រើប្រាស់ ដើម្បីផ្តល់សេវា ឬជំនួយផ្សេងៗ ដល់ជនក្រីក្រពិតប្រាកដ ប្រកបដោយសមភាព និងប្រសិទ្ធភាព ៕


អភិបាលខេត្តកំពង់ធំ ចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាលឃុំពពក ស្រុកស្ទោង

កំពង់ធំ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលា សាងសង់អគាររដ្ឋបាល ឃុំពពក ស្រុកស្ទោង​ ដែលមានការ​ចូលរួមពីលោក គង់ វិមាន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណជិត​៦០០នាក់។
លោក កែវ នន មេឃុំពពក បានអានរបាយការណ៍សង្ខេប អំពីស្ថានភាពភូមិសាស្ត្រ ឃុំពពក និងការសាងសង់អគាររដ្ឋបាលសាលាឃុំ ដែលត្រូវបញ្ចុះបឋមសិលា នៅពេលនេះ មានទំហំ ១៦.៥០ម៉ែត្រ គុណ៩ម៉ែត្រ។
​ជាមួយគ្នានោះ លោក​ សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិតំាងពីបាតដៃទទេរ​ រហូតដល់ប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ ហើយទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នា ថែរក្សាសន្តិភាពនេះឱ្យបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅ​។
កន្លងមកនេះថវិកាឃុំ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សាលាឃុំទេ គឺសម្រាប់តែចំណាយទៅលើការបម្រើសេវាសាធារណៈ ដូចជា សាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក​ជាដើម​ ប៉ុន្តែរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មិនទុកចោលរហូតនោះទេ គឺបានគិតគូរថា តើសាលាសង្កាត់គួរសាងសង់នៅពេលណា? ជា​ឱកាសដ៏ល្អក្នុងពេលមួយបច្ចុប្បន្ននេះ ដោយសេដ្ឋកិច្ចជាតិមានកំណើន ៧ភាគរយ ទើបធ្វើឱ្យកម្រិតថវិកាជាតិ សម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ត្រូវបានកើនឡើង ជាបន្តបន្ទាប់ ហេតុដូចនេះ ទើបខេត្តមានលទ្ធសាងសង់សំណង់ទាំងនេះបាន។
បើតាមអភិបាលខេត្ត ​សម្រាប់ឃុំពពក រដ្ឋបាលខេត្ត បានរៀបចំសាងសង់អគាររដ្ឋបាលឃុំ និងជួយសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំមួយទៀត ដើម្បីបម្រើសេវាធារណៈនៅតាមឃុំ ឱ្យមានលក្ខណៈល្អប្រសើរ និងមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងការទទួលយកនូវសេវា ហើយឥឡូវនេះនៅតាមភូមិនីមួយៗ គឺមានការអភិវឌ្ឍន៍ផ្លូវលំខ្វាត់ខ្វែង ចំពោះស្រុកផ្សេងទៀត ដែលមិនទាន់មានសាលាឃុំ រដ្ឋបាលខេត្ត នឹងរៀបចំធ្វើជាបន្តបន្ទាប់ ។

​ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានចែកអំណោយជានិមិត្តរូបដល់លោកគ្រូ អ្នកគ្រូ ចំនួន​២១នាក់ ក្នុងម្នាក់​ទទួលបាន សារ៉ុង​១ និងថវិកា​១០,០០០រៀល តាជី យាជី ចំនួន​៥០នាក់ ក្នុងម្នាក់​ទទួលបាន ក្រណាត់ស​១ដុំ និងថវិកា​៥​,០០០រៀល ប្រជាពលរដ្ឋ​៣០០នាក់ ក្នុងម្នាក់ទទួលបាន​សារ៉ុង​១ និងសិស្សានុសិស្ស ១០០នាក់​ក្នុងម្នាក់ទទួល សៀវភៅ ប៊ិច ខ្មៅដៃ ផងដែរ ៕