Thursday, December 05, 2019

កម្ពុជា-អាមេរិក ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យការងារ និងពាណិជ្ជកម្មកាន់តែល្អប្រសើរថែមទៀត

ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីទាំងពីរបានបង្ហាញការរំពឹងទុកថា កិច្ច សហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹងកាន់តែមានវឌ្ឍនភាពបន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ។ ជំ នួបពិភាក្សាខាងលើនេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រ សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងជំនួបពិភាក្សានោះ លោកបណ្ឌិត អ៉ិត សំហេង បានសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះលោក W. Patrick Murphy ដែលត្រូវបានរដ្ឋាភិបាលសហ រដ្ឋអាមេរិក សម្រេចឱ្យទទួលបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់លោក W. Patrick Murphy កម្ពុជា-អាមេរិក នៅតែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជា មួយគ្នាកាន់តែជិតស្និទ្ធថែមទៀត។
ជាមួយគ្នានោះ លោកបណ្ឌិត អ៉ិត សំហេង បានរៀបរាប់ពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋា ភិបាលសហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានារបស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលពេលថ្មីៗនេះ គម្រោ ងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត (២០២០-២០២២)។ លោក បានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានា ដែលសហរដ្ឋអាមេរិកបានចូលរួមផ្ដល់ឱ្យកម្ពុជាក្នុងការរៀបចំច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួន ក្នុងនោះច្បាប់ស្ដីពីការងារក៏ជាសមិទ្ធិផលមួយ ដែលសហរដ្ឋអាមេរិកបានចូលរួមជួយដល់កម្ពុជា។
លោក អ៉ិត សំហេង និងលោក W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅតែបន្តកិច្ចស ហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងសហ រដ្ឋអា មេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរ ដ្ឋាភិបាលកម្ពុជា និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារទំនាក់ទំនងការទូតឱ្យគ្នាទៅវិញទៅមក ប្រកបដោយភាពជិតស្និទ្ធផងដែរ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែរបស់មន្រ្តីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២០

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំ ខែរបស់មន្រ្តីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២០ ដោយបានដំឡើងពី ៦៥ម៉ឺនរៀល ទៅ៦៧ម៉ឺនរៀលក្នុងមួយខែដែលត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២០តទៅ។
សូមអានអនុក្រឹត្យខាងក្រោម៖


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការសម្រាប់ឆ្នាំ២០២០

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការនៃព្រះរា ជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០២០ ដោយបានដំឡើងពី ២៣៥០រៀល ទៅ២៥០០រៀលក្នុងមួយសន្ទស្សន៍ ដែលត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២០តទៅ។
សូមអានអនុក្រឹត្យខាងក្រោម៖





អបអរសាទរ! អង្គរវត្ត ជាប់លេខ១ នៅលើគេហទំព័របេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)

ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ លេខ១ របស់អាស៊ី នៅលើវេបសាយបេតិកភណ្ឌពិភពលោកនានារបស់អង្គការយូណេស្កូ ដែលជាគោលដៅទេសចរណ៍ធំបំផុតសម្រាប់ភ្ញៀវទេសចរមកពីបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក។ នេះបើយោងតាមប្រភពពីវេបសាយ Asian Correspondent ចុះផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។
ប្រភពដដែល បានចាត់ទុកប្រាសាទអង្គរវត្ត ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អង្គរវត្ត ក៏ជាប់ជាតំបន់ទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដែលជាគោលដៅរបស់ទេសចរ នៅលើវេបសាយ TripAdvisor ផងដែរ។
សូមរំលឹកផងដែរថា ប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ក្រៅពីអង្គរវត្ត មាន របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងប្រាសាទសំបូរព្រៃគុក ក៏ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូផងដែរ៕




ពិធីជួបពិភាក្សាការងារជាមួយក្រុមជំនាញស្តីពីការផលិតខ្សែភាពយន្ត “ជនដែលត្រូវបាញ់”

កោះកុង ៖ លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលពិភាក្សាការងារជាមួយក្រុមការងារផលិតខ្សែភាពយន្ត “ជនដែលត្រូវបាញ់” នៅក្នុងទឹកដីខេត្តកោះកុង។
នាឱកាសនោះដែរ លោកអភិបាលខេត្តស្តីទី បានសម្តែងនូវការអបអរសាទរចំពោះក្រុមការងារដែលបានយកខេត្តកោះកុង ជាគោលដៅសម្រាប់ការថតខ្សែភាពយន្ត “ជនដែលត្រូវបាញ់”។
ជាមួយគ្នានោះផងដែរ លោកបាន សំណូមពរ សូមអោយអភិបាលក្រុង ស្រុក លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ទាំងអស់ចូលរួមសហការអោយបានល្អដើម្បីអោយការថតខ្សែភាពយន្តនេះទទួលបានលទ្ធផលល្អ និងសម្រេចបានតាមគោលបំណងដែលបានរំពឹងទុក៕




វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ស្វាយរៀង ៖ នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលដល់ក្រុមការងារថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាស្រុកចន្ទ្រា ។
កម្មវិធី វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា លោក ប៉ែន សុវណ្ណនី អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកវរសេនីយ៍ឯក នេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនខេត្តស្វាយរៀង។
នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការចូលរួមពីលោកស្រី សំ ថាវី អភិបាលរងស្រុកទទូលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក លោកអធិការនគរបាលស្រុក មន្ត្រីការិយាល័យអប់រំយុវជននិងកីឡាស្រុក ការិយាល័យកិច្ចការនារីស្រុក ការិយាល័យសង្គមកិច្ចស្រុក លោកមេឃុំ ជំទប់ទី ជនបង្គោលឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលឃុំ សរុបវត្តមានចូលរួមចំនួន ៣៥នាក់៕



សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ធ្វើសន្និសីទសារព័ត៌មានស្ដីពីដំណើរការនៃមហាសន្និបាតលើកទី៣៩

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោយបញ្ចាប់ពិធីបើកជាផ្លូវការនៃមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅសណ្ឋារគាររ៉េសុីដង់ សុខាភ្នំពេញរួចរាល់ សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ភ្នំពេញ៤០ឆ្នាំ បានធ្វើសន្និសីទសារព័ត៌មានស្ដីពីដំណើរការនៃអង្គមហាសន្និបាតលើកទី៣៩។
សូម ជម្រាប ថា សន្និសីទ នេះ រៀបចំនៅរាជធានីភ្នំពេញ និងបានបញ្ចប់ដោយជោគជ័យ និងបានបង្កើនចំណងមិត្តភាពរវាងអភិបាលក្រុងនៃប្រទេសនីមួយៗកាន់តែជិតស្និទ្ធនឹងស្និទ្ធស្នាលបន្ថែមទៀត ហើយសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ និង បាន ថ្លែង អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកា នៃអង្គមហាសន្និបាតនេះបានយ៉ាងល្អឥតខ្ចោះ៕

 


អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមពិធីបើកមហាសន្និបាតលើកទី៣៩ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីតំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមមហាសន្និបាតលើកទី៣៩ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន (A.I.M.F) ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ ” ទីក្រុងដែលមានភាពធន់៖ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ ” ដោយថ្លែងបើកកម្មវិធីដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក ហោ ណាំហុង បានថ្លែងសុន្ទរកថា ដែលថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងមានកិត្តិយសដែលបានធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកមហាសន្និបាត AIMF លើកទី៣៩ ជាផ្លូវការ និងដើម្បីអបអរសាទរខួបលើកទី៤០ នៃសមាគមនេះផងដែរ។
លោក បានបន្តទៀតថា រដ្ឋាភិបាលមានកាតព្វកិច្ចដាក់ចេញនូវយុទ្ធសាស្ត្រពីរ៖
១-យុទ្ធសាស្ត្រទីមួយ មានឈ្មោះថា “កម្មវិធីដើម្បីអភិវឌ្ឍសហគមន៍ចំនួន១០០ក្នុងមួយឆ្នាំ” ដោយអនុវត្តគោលនយោបាយផ្ដល់សម្បទានដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅដ្ឋាននៅនឹងកន្លែងតាមរយៈផែនការប្រមូលផ្ដុំប្រជាជនក្នុងសហគមន៍ក្រីក្របញ្ចូលគ្នាតាមតំបន់។
២-យុទ្ធសាស្ត្រទី២ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយផ្អែកលើគោលការណ៍ “ស្វ័យអភិវឌ្ឍទីក្រុង” តាមរយៈមូលនិធិបដិភាគដែលចូលរួមដោយប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩ ៕