Thursday, December 05, 2019

អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមពិធីបើកមហាសន្និបាតលើកទី៣៩ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីតំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមមហាសន្និបាតលើកទី៣៩ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងហ្វ្រង់កូហ្វូន (A.I.M.F) ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ ” ទីក្រុងដែលមានភាពធន់៖ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ ” ដោយថ្លែងបើកកម្មវិធីដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) នៅសណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក ហោ ណាំហុង បានថ្លែងសុន្ទរកថា ដែលថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងមានកិត្តិយសដែលបានធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកមហាសន្និបាត AIMF លើកទី៣៩ ជាផ្លូវការ និងដើម្បីអបអរសាទរខួបលើកទី៤០ នៃសមាគមនេះផងដែរ។
លោក បានបន្តទៀតថា រដ្ឋាភិបាលមានកាតព្វកិច្ចដាក់ចេញនូវយុទ្ធសាស្ត្រពីរ៖
១-យុទ្ធសាស្ត្រទីមួយ មានឈ្មោះថា “កម្មវិធីដើម្បីអភិវឌ្ឍសហគមន៍ចំនួន១០០ក្នុងមួយឆ្នាំ” ដោយអនុវត្តគោលនយោបាយផ្ដល់សម្បទានដីសង្គម រួមនឹងការអភិវឌ្ឍទីលំនៅដ្ឋាននៅនឹងកន្លែងតាមរយៈផែនការប្រមូលផ្ដុំប្រជាជនក្នុងសហគមន៍ក្រីក្របញ្ចូលគ្នាតាមតំបន់។
២-យុទ្ធសាស្ត្រទី២ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយផ្អែកលើគោលការណ៍ “ស្វ័យអភិវឌ្ឍទីក្រុង” តាមរយៈមូលនិធិបដិភាគដែលចូលរួមដោយប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩ ៕



No comments:

Post a Comment