Thursday, December 31, 2020

ទិដ្ឋភាពផ្លូវមុខប្រាសាទអង្គរវត្ត ក្រោយស្ថាបនារួច

អាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ នារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច តូបលក់ដូរ ការដាំដើមឈើចម្រុះ និងដាំស្មៅលម្អ ដែលបង្កើតឱ្យបរិស្ថានខាងមុខនេះ មានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប៕





ពិធីជួបសំណេះសំណាល និងចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍

 ស្វាយរៀង៖ នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២០នេះ លោក ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ ចំនួន ៧២ គ្រួសារ មកពី ១១ ឃុំ ក្នុងស្រុកស្វាយជ្រំ ដែលពិធីនេះប្រារព្វធ្វើនៅសាលាឃុំកំពង់ចំឡង ឃុំឈើទាល ឃុំធ្លក និងនៅសាលាឃុំអង្គតាសូ ។

នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង បានផ្តល់អនុសាសន៍ ៦ ចំណុច របស់ប្រធាន រួមជាមួយនឹងការប្រឈមទៅនឹងការទប់ស្តាត់ការីករាលដាលជំងឺកូវីដ១៩ ដូចតទៅ ៖
១-សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ រស់នៅធម្មតាតាមបែបគន្លងថ្មី ។
២-សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកកន្លែងផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សង្គមស៊ីវិល ឯកជន ។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តក្នុងការថែទាំ និងព្យាបាលទាន់ពេលវេលា ។
៣-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារជម្លងមេរោគអេដស៍ទៅទារក ។
៤-សូមបញ្ឍប់ជាដាច់ខាត នូវគ្រប់ទម្រង់មាក់ងាយ និងរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាផង និង ទង្វើមនុស្សធម៌ ។
៥-សូមប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬមានការប្រព្រឹត្ត ប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០%នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ ។
៦- សូមបង-ប្អូនរួមជាតិ រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិ ជាកម្លាំងសាមគ្គីភាពរឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមិនឱ្យកើតមានក្នុងសហគមន៍ ។

សូមជម្រាបផងដែរថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ចំនួន ៧២ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ទឹកដោះគោខាប់ ៥ កំប៉ុង សាប៊ូក្រអូប ៤ ដុំ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រម៉ា) អាវយឺត ២ និងថវិកាថ្លៃធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៥០,០០០ រៀល ៕

នាឱកាសនោះ លោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែម ដល់អ្នករងគ្រោះទាំង ៧២ គ្រួសារ ក្នុង ១ គ្រួសារថវិកា ៣០,០០០ រៀល ឧបត្ថម្ភដល់ស្ត្រីមានកូនខ្ចី ១ នាក់ថវិកា ១០០,០០០ រៀល ឧបត្ថម្ភដល់អាជ្ញាធរភូមិ ឃុំ ប្រជាការពារ សរុបថវិកាអស់ចំនួន ៤,០០០,០០០ រៀល ៕





លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ វិមានឈ្នះ ឈ្នះ បានរំលេចឱ្យឃើញអំពីសមិទ្ធផលស្នាដៃទទួលបានពីសន្តិភាពពេញលេញនៅកម្ពុជា

 ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី២២ ទិវានយោបាយឈ្នះ ឈ្នះ និងខួប២ឆ្នាំ នៃវិមានឈ្នះ ឈ្នះ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរ រដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរង កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ អគ្គនាយក អគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត បានត្រួតពិនិត្យការដ្ឋានសាងសង់វិមានឈ្នះ ឈ្នះ ជំហាន ២ ដែលក្នុងជំហានទី២នេះ មានការសាងសង់សួនសមិទ្ធផលសម្តេចតេជោ និងការងារបំពាក់ចម្លាក់ ដែលនៅសេសសល់ជុំវិញវិមានឈ្នះ ឈ្នះ។ លើការងារចម្លាក់នេះ ត្រូវបានក្រុមការងារវិមានឈ្នះ ឈ្នះ បានខិតខំប្រឹងប្រែង ឆ្លាក់នូវរូបចំលាក់ ដែលនៅសេសសល់ សំរាប់បិទភ្ជាប់ជុំវិញជញ្ជាំងវិមានឈ្នះ ឈ្នះ ដូចជា៖ ចម្លាក់សមយុទ្ធនាគមាសឆ្នាំ២០២០, ចម្លាក់សុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា, ចំលាក់រូបនិមិត្តសញ្ញានៅតាមបណ្តាខេត្តនិមួយៗ និងចំលាក់ដែលនៅសេសសល់មួយចំនួនទៀត។

បន្ទាប់មកលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងក្រុមការងារវិមានឈ្នះ ឈ្នះ បានទៅត្រួតពិនិត្យមើលសំណង់ សួនសមិទ្ធផលតេជោចំនួន ៣ ក្នុងបរិវេណវិមានឈ្នះ ឈ្នះ ដែលបានដំណើរការសាងសង់ ក្នុងជំហានទី ២ នេះ ក្នុងនោះមាន៖ សួនឃឿនការពារជាតិ នៃខ.ភ.ម ដែលបានសាងសង់ដោយអគ្គបញ្ជាការ ខ.ភ.ម, សួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម សាងសង់ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ និងសួនកងកំលាំងរក្សាសន្តិភាព និង បោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ កសាងដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់។

សូមបញ្ជាក់ថា សួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា និងលើឆាកអន្តរជាតិ ដែលបានកសាងដោយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ស៊ីម៉ាក់។ សួននេះ បានសាងសង់ស្តូបមួយមាន បីថ្នាក់ ដែលបានធ្វើឡើងតាមទំរង់ ៣ ៥ និង៧ នៃនយោបាយឈ្នះ ឈ្នះ។ នៅផ្នែកខាងលើស្តូប មានជ្រុង៣ ដោយសង់រូបចម្លាក់មនុស្សពីរនាក់ ឈរកាន់ទង់ តំណាងឲ្យកងកម្លាំងអង្គការសហប្រជាជាតិ និងកាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យកងកម្លាំងកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងទិសដៅបំពេញបេសកម្មសកម្មភាពមនុស្សធម៌ ស្វែងរកសុខសន្តិភាពជូនពិភពលោក។ ក្រៅពីនេះសួនកងកំលាំងរក្សាសន្តិភាព និងបោសសំអាតមីននៅកម្ពុជា ក៏បានដាក់តាំងរូបចម្លាក់ តាំងសំភារៈដោះបំផ្លាញគ្រាប់មីន និងកាកសំណល់ កាលពីសម័យសង្រ្គាម។

ចំណែកសួនខឿនការពារជាតិ នៃកងយោធពលខេមរភូមិន្ទវិញ សួននេះ នៅផ្នែកខាងលើ មានរូបចំលាក់យុទ្ធជន ៧នាក់ កាន់ជ្រោងដងទង់ជាតិ តំណាងអោយកត្តាជ័យជំនះទាំង៧ នៃនយោបាយឈ្នះ ឈ្នះ និងយុទ្ធជនកាន់ជ្រោងដងទង់ជាតិ តំណាងអោយ ការពារជាតិ ការពារបូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សួនខឿនការពារជាតិ នៃខ.ភ.ម នេះ មានរាងចតុកោណមានបណ្ដោយ ៣០ម៉ែត្រ និងទទឹង២៦ ម៉ែត្រ។ សួននេះតំណាងឲ្យការចូលរួមការពារសុខសន្តិភាព ជូនប្រទេសជាតិ ដោយទប់ស្កាត់រាល់ការប៉ុនប៉ងគ្រប់រូបភាព និងភាពចលាចលផ្សេងៗ ដែលបង្កអោយមានអស្ថិរភាពសង្គម ឱ្យបរាជ័យ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

រីឯសួនសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលសាងសង់ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអគ្គស្នងការនគរបាលជាតិ ដែលបានសាងសង់ហើយនាពេលនេះ គឺរូបស្តូបទាំងមូល បែរទៅរកវិមានឈ្នះ ឈ្នះ តំណាងឱ្យទស្សនវិស័យរួមរបស់ នគរបាលជាតិ និងកងរាជអាវុធហត្ថ ក្នុងកិច្ចសហការសាមគ្គី មូលមិត្តគ្នាជាធ្លុងមួយ ស្របជាមួយនឹងគោលនយោបាយ កម្មវិធីយោបាយយុទ្ធសាស្ត្រនានា ជាមួយនឹងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ សួនសមិទ្ធផលទាំង៣ ដែលបានសាងសង់នេះ គឺបានសាងសង់នៅក្នុងតំបន់សមិទ្ធផលវិមានឈ្នះ ឈ្នះ និងជាសួនសមិទ្ធផលតេជោ ដែលបានរំលេចអំពីស្នាដៃទទួលបានពីសន្តិភាពពេញលេញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។

គួរកត់សំគាល់ថា ថ្ងៃនេះ កាលពី២២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា និងទទួលបានសន្តិភាពពេញលេញ ដែលជាឱកាសនៃការចាប់ផ្តើមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេលជាង២០ឆ្នាំមកនេះ គឺទទួលបានមកដោយលំបាក ដោយបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជ-សាសន៍ ដំណាក់កាលសង្គ្រាមផង ចរចារផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ ដែលជានយោបាយបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ដោយមិនមានការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ឯកភាពជាតិជាធំ ៕





អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើសុំពង្រីកផ្លូវធ្វើដំណើរ

កោះកុង៖ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នាឱកាសនោះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពាក់ព័ន្ធនឹងសំណើរបស់ ឧញ៉ា លី យ៉ុងផាត់ ស្នើសុំកែសម្រួលទំហំផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្លូវចេញចូល ចំណុចស្ពានយោល)។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា រួចមក អង្គប្រជុំសម្រេចឯកភាព គ្នាដូចខាងក្រោម ៖

១-ដើម្បី បង្កភាពងាយស្រួល ដល់ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ ពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅចំណុច ស្ពានយោល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេច កែសម្រួលផ្លូវមានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយកំណត់យកទទឹង ផ្លូវមានទំហំ ២០ម៉ែត្រ

២-អាជ្ញាធរមូលដ្ឋាន (ភូមិ ឃុំ ស្រុក) ស្នើសុំឱ្យឈូសឆាយ កែលម្អ ផ្លូវនេះឱ្យបានស្អាត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅចំណុចស្ពានយោលធ្វើដំណើរបានកាន់តែស្រួល

៣-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលស្រុក មេឃុំ និងម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត នឹងចុះពិនិត្យ និងចុចយកនិយាមកាផ្លូវទំហំ២០ម៉ែត្រ និងទំហំក្បាលដីរបស់អ្នកពាក់ព័ន្ធនឹងផ្លូវនេះ

៤-បន្ទាប់ពីក្រុមការងារចុះអនុវត្តការងាររួចហើយ ម្ចាស់ក្បាលដីពាក់ព័ន្ធនឹងផ្លូវនេះ ត្រូវដាក់ពាក្យស្នើសុំកែសម្រួលក្បាលដីរបស់ខ្លួនមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីរបស់ខ្លួន៕







លោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា

 ព្រះសីហនុ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកឧបនាយករដ្ឋ មន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបមនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ជាសមាជិកគណៈកម្មាធិការជាតិ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម័្ពន្ធមួយចំនួនទៀតនៅខេត្តព្រះសីហនុ។

សូមជម្រាបថា ការងាររៀបចំហេដ្ឋារចនសម្ព័ន្ធដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ ក្នុងខេត្តព្រះ សីហនុ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ សំរេចបានលទ្ធផលដូចជា៖

-ការងារប្រព័ន្ធលូរណប សម្រេចបាន ១០០%
-ការងារអ៊ុតកៅស៊ូ AC សម្រេចបាន ២០.៩០%
-ការងារក្រាលកម្រាលថ្មក្រានីត សម្រេចបាន ៩២.៤៣%
-ការងាររៀបខឿនថ្មក្រានីត សម្រេចបាន ៩៣.៧៥%
-ការងារដំឡើងបង្គោលអំពូលភ្លើងសម្រេចបាន ៩៣.០៥
-ការងារដំឡើងអំពូលភ្លើងសម្រេចបាន ៩១.២៥%
-ការដាំដើមឈើសម្រេចបាន ៨៦.១៩%៕




សេចក្តីជូនដំណឹងស្តីពី ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋានផ្លូវកំពុងសាងសង់ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប

 រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ឲ្យបានដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងដំណើរការសាងសង់តាមផែនការដែលបានគ្រោងទុក ដោយពុំមានបិទការធ្វើចរាចរណ៍នោះទេ។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបញ្ចៀសបានការកកស្ទះចរាចរក្នុងក្រុងសៀមរាប សមត្ថកិច្ចពាក់ព័ន្ធបានកំពុងសហការ និងសម្រួលដល់ការធ្វើចរាចរណ៍តាមដងផ្លូវដែលកំពុងស្ថាបនាជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរដោយរលូន។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់មានការយោគយល់អធ្យាស្រ័យចំពោះការរំខានដែលអាចកើតមានឡើងក្នុងអំឡុងពេលដំណើរការការដ្ឋានសាងសង់ផ្លូវទាំងនោះ៕







ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ២នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ចំនួន២នាក់ ខណៈករណីជាសះស្បើយមិនមាននោះទេ។

អ្នកទាំង២នាក់ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ នោះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៦១នាក់ និងអ្នកជំងឺ៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ៕