Monday, March 18, 2019

ព្រឹត្តិការណ៍សមរាត្រីនៅលើទឹកដីអង្គរសម្រាប់ឆ្នាំ២០១៩ មកដល់ទៀតហើយ!

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សមរាត្រីនារដូវប្រាំងនៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩នេះ នឹងត្រូវចំថ្ងៃទី២០ ខែមីនាខាងមុខ។សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេល​វែងជាង យប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ហៅសមរាត្រីព្រះអាទិត្យ នឹងរះទ្បើង​​ចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោង​ទ្វារ​កណ្តាល​នៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥ និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសក​រាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

នេះជាអច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយ មានការសិក្សាគន់គូរយ៉ាងល្អិតល្អន់​របស់​អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះគឺជាហេតុផល​វិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះ សំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្ត បែរមុខទៅទិសខាងលិច? ដើម្បីស្វែងយល់ពីអច្ឆរិយការណ៍នេះ សូមសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ អញ្ជើញទស្សនាតាមការគួរ ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ វៀតណាម និងថៃ ក៏ជួបបញ្ហាអគ្គិសនីដែរខណៈកម្ពុជាស្នើសុំជួយការផ្គត់ផ្គង់បន្ថែម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាបានស្នើសុំការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមពីប្រទេសវៀត​ណាម និងថៃ ប៉ុន្តែប្រទេសទាំងនេះក៏ជួបប្រទះបញ្ហាកង្វះខាតអគ្គិសនីដូ​ចកម្ពុជាដែរ ហើយលោកនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ចំពោះបញ្ហានេះ​។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និ​ងស​ញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិ​ស្សិ​តបរិញ្ញា​បត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ព​ស់វិទ្យាស្ថានខ្មែរជំនាន់ថ្មី​សរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ​ រាជធានីភ្នំពេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនីនេះបានវាយតម្លៃខុស ដោយសារតែកំណើននៃការប្រើប្រាស់កើនហួសលើសពីការរំពឹងទុក។ ទោះ​បីជាយ៉ាងណាក៏ដោយ លោក បានអះអាងថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពា​ល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថា​មពលអគ្គិសនីរហូតដល់ជាង ១ពាន់មេហ្គាវ៉ាត់ទៀតឯណោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងផងដែរពីកង្វះខាតទឹកប្រើប្រាស់។ ក្នុងន័យនេះ លោកបានប្រាប់ឱ្យស្ថាប័ននានា ត្រូវចេះកម្រិតក្នុងការបើកម៉ាស៊ីនត្រជាក់ ព្រោះវាអាចកា​ត់បន្ថយនៃការប្រើប្រាស់អគ្គិសនីបានមួយកម្រិតផងដែរ។ លោកបានមានប្រសាសន៍ថា បញ្ហាកង្វះទឹកនេះ ប្រទេសថៃក៏បានធ្លាប់ជួបប្រទះផងដែរ រហូតមានការកម្រិតឱ្យមានការប្រើប្រាស់ទឹកទៀតផង។ លោក បានថ្លែងថា កង្វះទឹក កង្វះថាមពលអគ្គិសនីនេះ មិនមែនជាគ្រោះមហ​ន្តរាយរហូតដល់គ្រប់គ្រងមិនបាននោះទេ។
សូមបញ្ជាក់ដែរថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិ​សេ​សក្នុងអំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែ​ការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
បើ​យោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹក ទុកទប់ទល់នឹងគ្រោះរាំងស្ងួត បានបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះក៏នឹងធ្វើឱ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ។ តាមរយៈសា​រាចរនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវវិធានការ សំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ រួមមាន៖
១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។

៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕






អគ្គិសនីកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការអភិវឌ្ឍប្រភពអគ្គិសនីរួមមាន វារីអគ្គិសនី រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងៗទៀត

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា ក្នុងគោលដៅនៃការអភិវឌ្ឍវិស័យអគ្គិសនីដល់ឆ្នាំ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការអភិវឌ្ឍប្រភពអគ្គិសនីរួមមាន វារីអគ្គិសនី រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងៗទៀតដូចជា ថាមពលពន្លឺព្រះអាទិត្យ ផ្គុំជាមួយនឹងការនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាង ដោយបានដាក់ឱ្យដំណើរការគម្រោងជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា កំណើនខ្ពស់នៃការវិនិយោគទុនពីក្នុ​ងនិងក្រៅប្រទេស ដោយសារស្ថិរភាពនយោបាយក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ ការបញ្ចុះថ្លៃអគ្គិសនីចាប់ពីខែមករា អាកាសធាតុក្តៅខ្លាំង និងការខ្វះទឹកខុសប្រក្រតី ធ្វើឱ្យត​ម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០១៩ បានកើនឡើងយ៉ាងគំហុកលើសការរំពឹងទុក។ ការខ្វះទឹកនេះធ្វើឱ្យសកម្មភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីថយចុះមិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងដូចសព្វមួយដង៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយដល់លោក រៀល ខេមរិន្ទ្រ

ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទានយោបាយដល់ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានលិខិតទូលថ្វាយដោយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
លោក រៀល ខេមរិន្ទ្រ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីរូបលោកត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយដោយតុលាការកំពូល ជាមួយនឹងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ១១៧រូបផ្សេងទៀត កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងលិខិតផ្លូវការរបស់លោក រៀល ខេមរិន្រ្ទ ពាក់ព័ន្ធនឹងការស្នើសុំសិទ្ធិធ្វើនយោបាយនេះ បានបញ្ជាក់ថា លោកមានបំណងចង់បង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ នាខាងមុខ។
លោក រៀល ខេមរិន្ទ្រ គឺជាអ្នកទី៤ នៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពីលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ។
លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយ បន្ទាប់ពីលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ការដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់របស់ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ បានធ្វើឡើងបន្ទាប់ពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ បានចូលជាធរមាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។ ច្បាប់នេះ បានបើកផ្លូវឱ្យជនទាំងឡាយណា ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយបិទផ្លូវតវ៉ានោះ មានច្រកដើម្បីសុំនីតិសម្បទានយោបាយឡើងវិញ តាមរយៈនាយករដ្ឋមន្រ្តី ៕



(សូមទស្សនាវីដេអូ)៖ តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិចំនួន ៨ រូប ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិ

អភិបាលខេត្តសៀមរាប ផ្តាំផ្ញើមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ភូមិឃុំមាន សុវត្ថិភាព និងបន្តពង្រឹងសណ្តាប់ធ្នាប់សាធារណៈសន្តិសុខទេសចរណ៍

សៀមរាប៖ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៩នេះ មានធ្វើពិធីបើកសន្និបាត បូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោក អឹង ហឿន ប្រធានក្រុម ប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការមេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ សរុបចំនួន ៥២៨នាក់ដែលបានចូលរួម ។
មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះលោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាល ខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
ម៉្យាងទៀត ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ យុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។
លោក ទៀ សីហា ក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និង ការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និង ធម្មជាតិ និងជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខទេសចរណ៍ និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និង លើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម ។
ក្នុងបរិការណ៍នេះ សន្និបាតខេត្តបានក្លាយជាយន្តការដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាព ដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្បប្រមូលផ្តុំនូវទស្សនៈបញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សារបស់អង្គសន្និបាត ក្នុងការស្វែងរកធាតុចូលជាគន្លឹះ សំខាន់ៗនូវបទពិសោធន៍ បញ្ហាប្រឈម និង ការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកែលម្អ ទាំងគោលការណ៍ និងការអនុវត្តជាដើម ។
លោក ទៀ សីហា ក៏បានសង្កត់ធ្ងន់លើការលុបបំបាត់ការធ្វើ ចរាចរណ៍គ្រឿងញៀន នៅក្នុងខេត្ត កត្តាសំខាន់គ្រប់សមត្ថកិច្ច ថ្នាក់ដឹកនាំទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីករណីគ្រឿងញៀន រួមគ្នាទប់ស្កាត់ បង្រ្កាបឲ្យខាងតែបានចំពោះករណីនេះ ។ ម៉្យាងវិញទៀតនៅពេលខាងមុខ នេះ នៅតាមតំបន់មួយចំនួនក្នុងខេត្ត នឹងរងនូវការខ្វះខាតទឹកប្រើប្រាស់ ប្រចាំថ្ងៃ។

ដូច្នេះទាំងអាជ្ញាធរ មន្ទីរ អង្គភាព សមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈបង្កា ក្នុងការចុះជួយអន្តរាគមន៍ ប្រជា ពលរដ្ឋឲ្យបានទាន់ពេលវេលា និង ស្នើសុំឲ្យអង្គសន្និបាតទាំងមូល រកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើការងារអភិវឌ្ឍន៍ទីក្រុង និងទីប្រជុំជនស្រុក និងការដោះស្រាយរាល់បញ្ហាដែលសេសសល់ ,ការគ្រប់គ្រងធនធានធម្មជាតិ និង វិធានការទប់ស្កាត់ , ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម , ការអនុវត្តគោលនយោបាយកំណែទម្រង់នៅថ្នាក់ក្រោមជាតិ និង ការផ្តល់សេវាសាធារណៈ ។ លោក ក៏មានការសង្ឃឹមជឿជាក់យ៉ាងម៉ុតមាំ តាមរយៈនៃអង្គសន្និបាតនេះ យើងនឹងទទួលបាននូវលទ្ធផលជាផ្លែផ្កា ជាវិជ្ជមានប្រកបដោយមោទនភាពខ្ពស់ ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ពន្លឿនការដោះស្រាយរឿងរ៉ាវស្ត្រីជាប់ឃុំឃាំងដើម្បីពិនិត្យលទ្ធភាពលើកលែងទោស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តជំរុញឱ្យក្រសួងយុត្តិធម៌ត្រូវពន្លឿនការដោះស្រាយរឿងរ៉ាវស្ត្រីដែលជាប់ឃុំឃាំងដើម្បីពិនិត្យមើលថាតើមាននរណាខ្លះដែលគួរត្រូវបានលើកលែងទោស ពីព្រោះបច្ចុប្បន្ននេះ លោកបានកំពុងដំណើរការនូវការបង្កើតក្រុមមេធាវីដើម្បីការពារក្តីដល់ស្ត្រីក្រីក្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះបន្ថែមទៀតឱ្យទាន់ពេលវេលាផងដែរ។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែនចំនួន១៤៤នាក់ផងដែរ៕






លោក ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងការជីកអណ្តូង ជីកស្រះ និងស្វែងរកប្រភពទឹក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះឱ្យបានច្រើនបន្ថែមទៀត ដើម្បីត្រៀមពេលដែលយើងខ្វះខាតទឹកសម្រាប់ប្រើប្រាស់បន្ទាន់នោះ។ ជាមួយគ្នានេះផងដែរ លោក បានអំពាវនាវឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជីកអណ្តូង ជីកស្រះ និងស្វែងរកប្រភពទឹកឱ្យហើយ ប្រសើរជាងការដឹកជញ្ជូនទឹកអោយគ្នាពេលដែលខ្វះខាតទឹកក្នុងគ្រាបន្ទាន់នោះ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែនចំនួន១៤៤នាក់ផងដែរ។
ពាក់ព័ន្ធរឿងអគ្គិសនីវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់បន្តិច ពីព្រោះពេលនេះកម្ពុជាយើងកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់រហូតដល់៤០០មេហ្គាវ៉ាត់ ដោយយើងខ្វះខាតទឹកក្នុងការទាញយកថាមពលពីវារីអគិ្គសនី។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកំពុងរងចាំការឆ្លើយតបពីប្រទេសទួកគី ក្នុងការទទួលកប៉ាល់ដែលផ្ទុកអគ្គិសនី ពីព្រោះយើងត្រូវការទាញថាមពលអគ្គិសនីពីកាប៉ាល់នេះដើម្បីផ្គត់ផ្គង់អគ្គិសនី។ លោក នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋក៏ដូចជាសហគ្រាសអាចប្រើម៉ាស៊ីនភ្លើងបាន សូមប្រើម៉ាស៊ីនភ្លើងជំនួសកាប្រើប្រាស់ភ្លើងអគ្គិសនីវិញដើម្បីចូលរួមសន្សំសំចៃទាំងអស់គ្នា នៅពេលដែលយើងកំពុងតែខ្វះខាតភ្លើងអគ្គីសនី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅថ្ងៃនេះ។ លោក ក៏បានថ្លែងកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ លោក ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងវិទ្យាស្ថានបានរក្សាកេរ្ត៍ឈ្មោះជាង១៥ឆ្នាំកន្លងមកនេះ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបប្រធានក្រុមហ៊ុន ហាប៊័រ រៀលអ៊ីស្ទេត (Harbour Real Estate)

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ឈិន ឈីវសុង (Chen Qiuxong) ប្រធានក្រុម Harbour Real Estate នៅវិមានសន្តិភាព ។
នាឱកាសនោះ លោក Chen Qiuxong បានជម្រាបជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកបានមកកាន់ប្រទេសកម្ពុជា ៥ឆ្នាំមកហើយ ហើយបានឃើញកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនលឿន។ លោក Chen ក៏បានបានឃើញកម្ពុជាមានសក្ដានុពល និងឱកាសវិនិយោគជាច្រើន។ ទន្ទឹមនឹងនោះ លោកបានឃើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់វិនិយោគិនអោយចង់មកទស្សនា និងមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក Chen ក៏បានឃើញពីសកម្មភាពមនុស្សធម៌របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងជួយពលរដ្ឋក្រីក្រ ជាពិសេសថ្មីៗនេះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីរងគ្រោះដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ ក្រុមហ៊ុនលោកបានសម្រេចចិត្តចូលរួមផ្តល់នូវវិភាគទានមូលនិធិមួយចំនួនបន្ថែមដល់កិច្ចការដ៏សំខាន់នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យ លោកប្រធានក្រុមហ៊ុន បន្តវិនិយោគនៅកម្ពុជាថែមទៀត ។ ចំពោះមូលនិធិ ដែលទទួលបានគឺសម្រាប់ប្រើប្រាស់ក្នុងការជួយដល់ស្ត្រីនៅក្នុងពន្ធនាគារដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រុមមេធាវីដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណាជួយដល់ស្ត្រីដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អោយរៀបចំពន្លឿនការកាត់ក្តីចំពោះអ្នកជាប់ចោទជាច្រើននាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋធនាគារដែលមកទល់ពេលនេះមិនទាន់បានកាត់ក្តីនៅឡើយ ជាពិសេសស្រ្តីក្រីក្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការឃុំខ្លួនជនជាប់ចោទរយៈពេលយូរដោយមិនបានកាត់ក្តី គឺខុសច្បាប់៕



រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្ដីណែនាំស្ដីពី វិធានការបន្ទាប់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េសជ្រូកអាហ្វិ

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានចេញសេចក្ដីណែនាំស្ដីពី ជម្ងឺប៉េសជ្រូកអាហ្វិកដែលជាជម្ងឺឆ្លងដ៏កាចសាហាវពិបាកលុបបំបាត់បំផុត និងបន្តឱ្យសត្វឈឺ និងងាប់ក្នុងអត្រាខ្ពស់ ហើយមេរោគ បង្កជម្ងឺជាវិរុសមិនទាន់មានវ៉ាត់សាំងការពារ កំពុងបន្តឆ្លងរាលដាលបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក។ ដោយឡែកនៅប្រទេសចិនបាននឹងកំពុងផ្ទុះរាលដាលចំនួន ២៥ខេត្ត និងដ្មីៗនេះតាមព័ត៌មានរ៉យទ័រ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសវៀតណាមបានផ្ទុះជម្ងឺនេះផងដែរ។ នៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៣កន្លែង នៅក្នុងខេត្ត២ គឺខេត្តហ៊ុងយេន និងខេត្តបៃប៊ិញ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺខាងលើនេះ សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងដូចខាងក្រោម ៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជប៉ុនតែងលើកឡើងនូវកង្វល់ចំនួន៣ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសជប៉ុនដែលបានមកជួបលោក ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា តែងបានបង្ហាញនូវកង្វល់ចំនួន៣គឺរួមមាន៖ ទី១- បញ្ហាប្រាក់ឈ្នួលនៅតាមប្រទេសនានាមានតម្លៃខ្ពស់ ទី២- គឺតម្លៃអគ្គិសនី និងទី៣- គឺបញ្ហាធនធានមនុស្ស ជាពិសេសគឺអ្នកបច្ចេកទេស។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកក៏សូមចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានជ័យលាភី ទាំងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលទទួលបាននូវសញ្ញាបត្រថ្ងៃនេះផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មជ្ឈដ្ឋានអគតិមួយចំនួនរិះគន់លើការបណ្តុះបណ្តាលចុងភៅ ប៉ុន្តែខ្លួនវិញរកតែម្ហូបឆ្ងាញ់ៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ថា មជ្ឈដ្ឋានជនអគតិមួយចំនួនបានលើកឡើងថាបណ្តុះបណ្តាលតែលើមុខជំនាញចុងភៅប៉ុន្តែពួកគេចូលហាងបរិភោគអាហារត្រូវការតែម្ហូបឆ្ងាញ់ៗ។ លោកក៏បានអំពាវនាវឱ្យគ្រឹះស្ថានអប់រំទាំងអស់ផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅពេលដែលខ្ញុំនិយាយពីរឿងបណ្តុះបណ្តាលចុងភៅ ស្រាប់តែគេសើចខ្ញុំ ប៉ុន្តែយើងត្រូវមើលឱ្យជ្រៅជាងនេះ បើសិនជាអត់ចុងភៅតាមភោជនីយដ្ឋាន តាមសណ្ឋាគារ តើយើងបានអីស៊ី ពួកថៅកែទាំងអស់នោះ អត់ចេះធ្វើម្ហូបទេ អញ្ចឹងបានគេថ្នាក់ថ្នមណាស់ជាមួយនឹងចុងភៅនេះ។ និយាយចឹងពួកអ្នកអគតិមួយចំនួននោះ ថាលោកហ៊ុន សែន ផ្តោតទៅលើចុងភៅ ប៉ុន្តែវាចូលទៅច្រាសដែរ»








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបំពេញតម្រូវការទីផ្សារការងារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដែលលោកតែងតែផ្តល់ការឧបត្ថម្ភគាំទ្រកន្លងមកដល់អង្គការចំនួន៤ផងដែរដើម្បីសំដៅទៅដល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់សិស្សទាំងអស់នោះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញា បត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការងារអ្វីក៏ដោយមិនមានអ្វីថោកទាបនោះទេ សំខាន់យើងចេះឱ្យវាប្រាកដ មានលុយហូរចូល មានការងារធ្វើហើយ។ ប៉ុន្តែពេលខ្លះយើងមានសញ្ញាបត្រព្យួរនៅជញ្ជាំងពេញ ក៏ប៉ុន្តែយើងដើររកការងារមិនបានព្រោះមិនត្រូវនឹងជំនាញនោះ។

ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ក៏នៅតែផ្តោតការយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលកម្រិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ លោកបានបន្តថា កម្ពុជាយើងបច្ចុប្បន្នមិនទាន់មានការផ្គត់ផ្គង់អ្នកបច្ចេកទេសគ្រប់គ្រាន់នោះទេដែលប្រការនេះហើយដែលជាចំណុចយើងត្រូវធ្វើការខិតខំបណ្តុះបណ្តាលអ្នកជំនាញរបស់យើងដើម្បីចូលរួមនៅពេលដែលមានការវិនិយោគចូលមកងាយដោះស្រាយការងារធ្វើ ហើយយើងអាចផ្តល់ធនធានមនុស្សដល់គេបានគ្រប់គ្រាន់៕