Monday, March 18, 2019

អភិបាលខេត្តសៀមរាប ផ្តាំផ្ញើមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ភូមិឃុំមាន សុវត្ថិភាព និងបន្តពង្រឹងសណ្តាប់ធ្នាប់សាធារណៈសន្តិសុខទេសចរណ៍

សៀមរាប៖ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០១៩នេះ មានធ្វើពិធីបើកសន្និបាត បូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និង លើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោក អឹង ហឿន ប្រធានក្រុម ប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការមេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ សរុបចំនួន ៥២៨នាក់ដែលបានចូលរួម ។
មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះលោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាល ខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
ម៉្យាងទៀត ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ យុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។
លោក ទៀ សីហា ក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និង ការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និង ធម្មជាតិ និងជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខទេសចរណ៍ និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និង លើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម ។
ក្នុងបរិការណ៍នេះ សន្និបាតខេត្តបានក្លាយជាយន្តការដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាព ដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្បប្រមូលផ្តុំនូវទស្សនៈបញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សារបស់អង្គសន្និបាត ក្នុងការស្វែងរកធាតុចូលជាគន្លឹះ សំខាន់ៗនូវបទពិសោធន៍ បញ្ហាប្រឈម និង ការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកែលម្អ ទាំងគោលការណ៍ និងការអនុវត្តជាដើម ។
លោក ទៀ សីហា ក៏បានសង្កត់ធ្ងន់លើការលុបបំបាត់ការធ្វើ ចរាចរណ៍គ្រឿងញៀន នៅក្នុងខេត្ត កត្តាសំខាន់គ្រប់សមត្ថកិច្ច ថ្នាក់ដឹកនាំទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីករណីគ្រឿងញៀន រួមគ្នាទប់ស្កាត់ បង្រ្កាបឲ្យខាងតែបានចំពោះករណីនេះ ។ ម៉្យាងវិញទៀតនៅពេលខាងមុខ នេះ នៅតាមតំបន់មួយចំនួនក្នុងខេត្ត នឹងរងនូវការខ្វះខាតទឹកប្រើប្រាស់ ប្រចាំថ្ងៃ។

ដូច្នេះទាំងអាជ្ញាធរ មន្ទីរ អង្គភាព សមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈបង្កា ក្នុងការចុះជួយអន្តរាគមន៍ ប្រជា ពលរដ្ឋឲ្យបានទាន់ពេលវេលា និង ស្នើសុំឲ្យអង្គសន្និបាតទាំងមូល រកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើការងារអភិវឌ្ឍន៍ទីក្រុង និងទីប្រជុំជនស្រុក និងការដោះស្រាយរាល់បញ្ហាដែលសេសសល់ ,ការគ្រប់គ្រងធនធានធម្មជាតិ និង វិធានការទប់ស្កាត់ , ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម , ការអនុវត្តគោលនយោបាយកំណែទម្រង់នៅថ្នាក់ក្រោមជាតិ និង ការផ្តល់សេវាសាធារណៈ ។ លោក ក៏មានការសង្ឃឹមជឿជាក់យ៉ាងម៉ុតមាំ តាមរយៈនៃអង្គសន្និបាតនេះ យើងនឹងទទួលបាននូវលទ្ធផលជាផ្លែផ្កា ជាវិជ្ជមានប្រកបដោយមោទនភាពខ្ពស់ ៕





No comments:

Post a Comment