Wednesday, September 21, 2022

កម្ពុជា និងអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍រួមអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក និងលោក Stephen Mathias ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍រួម អំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។


នៅថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការីអគ្គលេខាធិការ អ.ស.ប.ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។


សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា ចាប់តាំងពី អ.វ.ត.ក. បានបង្កើតឡើងនៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះជាង១០.៣០០ នាក់ បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួនជាង៣លានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញ នឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្ដើមនៅក្នុងឆ្នាំ២០២៣។


នៅក្នុងកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. បានស្វាគមន៍ចំពោះ វឌ្ឍនភាពការងារយ៉ាងធំធេងរបស់អ.វ.ត.ក.។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីមុខងារសេសសល់ដែលអ.វ.ត.ក.ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។ គោលបំណង មួយក្នុងចំណោមគោលបំណងសំខាន់នានា នៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់អ.វ.ត.ក. ឱ្យ បានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់អ.វ.ត.ក.។


សេចក្តីថ្លែងការណ៍រួម បានកត់សម្គាល់ទៀតថា «ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ យើងសូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការ ដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹងដំណើរការនាពេលខាងមុខ»។


ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ និងសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទជាយូរអង្វែងពីអ.ស.ប. និងម្ចាស់ជំនួយរបស់អ.វ.ត.ក. ហើយថាការងាររបស់អ.វ.ត.ក.មិនអាចដំណើរការទៅមុខ ដោយគ្មានជំនួយពីអ.ស.ប.និងម្ចាស់ជំនួយទាំងនោះបានឡើយ។ លោកបានជំរុញឱ្យបណ្ដារដ្ឋជាម្ចាស់ជំនួយមេត្តាផ្តល់ការគាំទ្រ ដើម្បីឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយដល់សាធារណជនកម្ពុជា ជាពិសេសជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយនៅកម្ពុជា គាំទ្រដល់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ និងបញ្ចៀសមិនឲ្យអំពើព្រៃផ្សៃពីអតីតកាលកើតឡើងសាជាថ្មី។


ឧបការីអគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកកិច្ចការច្បាប់បានសម្តែងនូវសេចក្ដីសោមនស្សដែល បានមកទស្សនកិច្ចនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញធ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវគណនេយ្យភាព ចំពោះឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកឧបការីក៏បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិផងដែរ ក្នុងការបន្តគាំទ្រដល់អ.វ.ត.ក, នៅក្នុងអំឡុងដំណាក់កាលអនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នូវ សារសំខាន់នៃការថែរក្សាកេរដំណែលអ.វ.ត.ក សម្រាប់ប្រជាជនកម្ពុជា។


លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. នឹងចូលរួមស្តាប់ការប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿងចុងក្រោយនៅអ.វ.ត.ក. ប្រឆាំងនឹងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរការនៅថ្ងៃស្អែក (ថៃ្ងព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ ២០២២)។ បន្ទាប់មក ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅបរិវេណអ.វ.ត.ក.៕


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ


(បាងកក)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូអមដំណើរ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅរាជធានីបាងកក។


ក្នុងជំនួបនេះ លោក ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូន ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។


ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ លោករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។


ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រ ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានា នៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យកម្ពុជា បន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២។


ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រ ដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរ ដែលកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗ ដែលកងទ័ពជើងគោកទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខ នៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្ត តាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នា ទៅវិញទៅមកឱ្យបានស្អិតរមួត។ ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើង សម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។


មួយវិញទៀត លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងផងដែរ អំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃប្រទេសទាំងពីរ ក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។


ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩៕

សម្តេចតេជោ ហ៊ុន សែន នាំចៅស្រីទៅជាមួយ ដើម្បីឲ្យរៀនធ្វើការ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត UN, បំពេញទស្សនកិច្ចនៅគុយបា និងចូលរួមបុណ្យសពលោក អាបេ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសបំពេញបេសកកម្មការងារនៅក្រៅប្រទេសរយៈពេលជិត១០ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បាននាំចៅស្រីច្បង ទៅជាមួយសម្តេចផងដែរ ដើម្បីឲ្យចេះរៀនធ្វើការងារ។

តាមរយៈ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាមួយចៅស្រី និងសរសេរខ្លឹមសារយ៉ាងដូច្នេះថា «យកចៅស្រីទៅជាមួយ ដើម្បីឱ្យរៀនធ្វើការ។ ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។


សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (ម.ស.អ.ស.ប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។


បន្ទាប់មក តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស លោកប្រធានាធិបតីគុយបា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។


សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនសម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៉ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមមហាសន្និបាត UN លើកទី៧៧, បំពេញទស្សនកិច្ចនៅគុយបា និងចូលរួមបុណ្យសពលោក អាបេ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គណៈប្រតិភូដែលអញ្ជើញអមដំណើរសម្តេចតេជោរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត។


* សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (ម.ស.អ.ស.ប)


សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។


សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់ ម.ស.អ.ស.ប។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការ គោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។


ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី សេក្ខ ហាស៉ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។


ខណៈពេលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមក្នុង ម.ស.អ.ស.ប លើកទី៧៧ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (IAMM) ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងឱកាសនៃ មសអសប លើកទី៧៧ ហើយនឹងមានជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសមួយចំនួន និងតំណាងស្ថាប័នអភិវឌ្ឍន៍ផងដែរ។


* សម្រាប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា


តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ ។


ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។


បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖


១៖ កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌

២៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ

៣៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា

៤៖ គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ

៥៖ អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។


សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបា ផងដែរ។


នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ។


* សម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនសម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៉ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។


លោក អេបេ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ខ្លួន លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ លោកត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។


ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងជួបជាមួយសមភាគីបរទេសរបស់សម្ដេច និងទទួលការជួបសម្តែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕

វីដេអូ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ជួបជាមួយឧបការីអគ្គលេខាធិការ ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ជួបជាមួយឧបការីអគ្គលេខាធិការ ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរ ក៏បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. ។


ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍រួម រវាង ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. និងលោក Stephen Mathias ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ ៖